២០១៩
សេចក្ដីជំនឿ​ពីរ​កម្រិត
ខែ មករា ឆ្នាំ ២០១៩


សេចក្ដីជំនឿ​ពីរ​កម្រិត

ដកស្រង់​ចេញ​មកពី​សុន្ទរកថា​ការប្រជុំ​ធម្មនិដ្ឋាន « The Faith to Reap » បាន​ថ្លែង​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់-អៃដាហូ នៅថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០១៥ ។

សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់​គឺជា​សេចក្តីជំនឿ​ដើម្បី​ច្រូត​កាត់ ។ វា​​ជា​សេចក្តីជំនឿ​នៅក្នុង​ព្រះចេស្តា​របស់​ទ្រង់ ពុំមែន​ក្នុង​អំណាច​របស់​អ្នក​ទេ ។

រូបភាព
paintings of wheat and Jesus in Gethsemane

ចម្រូត​មាស ដោយ ដាវីឌ មើរីល ទទួល​បាន​សិទ្ធិ​អនុញ្ញាត​ពី​សារមន្ទីរ​ប្រវត្តិសាស្រ្ត​សាសនាចក្រ

ព្រះគ្រីស្ទ​អធិស្ឋាន​នៅក្នុង​សួនច្បារ​គែតសេម៉ានី ដោយ ហែរម៉ាន់ ក្លេមិនហ្ស៍

លីហៃ និង​គ្រួសារ​របស់​លោក​បាន​នៅ​ក្នុង​ទីរហោស្ថាន​​អស់រយៈពេលពីរបី​ថ្ងៃ នៅពេល​ព្រះអម្ចាស់​បាន​ប្រាប់​លោក​ឲ្យ​បញ្ជូន​ពួកកូនប្រុស​របស់​លោក​ត្រឡប់​ទៅកាន់​ទីក្រុង​យេរូសាឡិម ដើម្បី​ទទួល​យក​ផ្ទាំង​លង្ហិន​ពី​ឡាបាន់ ។ ជារឿយៗ យើង​ពុំ​សរសើរ​កូន​ប្រុសពីរនាក់​របស់​លីហៃ​ដែល​បះបោរ​នោះ​ទេ គឺ​លេមិន និង​លេមយួល ប៉ុន្តែ​ពួកគេ​ពិតជាមាន​ឆន្ទៈ​ទៅ ។ ពួកគេ​មាន​សេចក្តីជំនឿ​គ្រប់គ្រាន់​ដើម្បី​សាកល្បង ។

លេមិន ហើយ​ក្រោយ​មក​លេមយួល​ជាមួយ​បងប្អូន​របស់​គាត់​បាន​សូម​ផ្ទាំង​ពី​ឡាបាន់ ។ ពួកបងប្អូន​ទាំង​នេះ​បាត់បង់​ទ្រព្យ​សម្បត្តិគ្រួសារ​របស់​ពួកគេ ហើយ​ស្ទើរតែ​បាត់បង់​ជីវិត​នៅក្នុង​ការប៉ុនប៉ង​នោះ ។ នៅ​ត្រង់​ចំណុច​នេះ សេចក្តីជំនឿ​របស់​លេមិន និង លេមយួល បាន​ធ្វើ​ឲ្យ​ពួកគេ​បរាជ័យ ហើយ​ពួកគេ​បម្រុង​នឹង​ឈប់ ។ ប៉ុន្ដែ​នីហ្វៃ​មាន​ជំនឿ​ឈ្នះ​លើ​គ្រោះថ្នាក់ និង​ការបាក់​ទឹកចិត្ត​នោះ ៖

« ប្រាកដ​ដូច​ជា​ព្រះ​អម្ចាស់ ទ្រង់​មាន​ព្រះជន្ម​រស់នៅ ហើយ​ប្រាកដ​ដូច​ជា​យើង​នៅ​មាន​ជីវិត នោះ​យើង​នឹង​មិន​ចុះ​ទៅ​រក​ឪពុក​យើង​នៅ​ក្នុង​ទីរហោស្ថាន​ឡើយ ទាល់តែ​យើង​បាន​សម្រេច​នូវ​កិច្ចការ ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា​យើង​សិន ។

ហេតុ​ដូច្នោះ​ហើយ ចូរ​យើង​មាន​ចិត្ត​ស្មោះត្រង់ ក្នុង​ការ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ » ( នីហ្វៃ​ទី ១ ៣:១៥–១៦ ) ។

ក្រោយ​មក នីហ្វៃ​បាន​អនុវត្ត​សេចក្តីជំនឿ​ដ៏​អស្ចារ្យ​របស់​លោក យក​បាន​ផ្ទាំង​លង្ហិន​ពី​ឡាបាន់ ហើយ​បាន​ត្រឡប់​មក​រក​បងៗ​របស់​លោក​វិញ ហើយ​ត្រឡប់​ទៅកាន់​ឪពុក​របស់​ពួកគេ​នៅក្នុង​ទីរហោស្ថាន​វិញ ។

វា​ហាក់បីដូចជា​មាន​កម្រិត​នៃ​សេចក្តីជំនឿ​ពីរ​ដាច់​ពី​គ្នា ។ កម្រិត​ទីមួយ​គឺ​សេចក្តីជំនឿ​ដើម្បី​សាកល្បង ជា​ជំនឿ​ដើម្បី​លូកកណ្តៀវ​របស់​យើង ។ កម្រិត​ទីពីរគឺ​សេចក្តីជំនឿ​ដើម្បី​ធ្វើ ។ វា​មាន​ច្រើន​ជាង​សេចក្តីជំនឿ​ដើម្បី​លូកកណ្ដៀវ​របស់អ្នក—វា​ជា​សេចក្តីជំនឿ​ដើម្បី​ច្រូតកាត់ ។

លេមិន និង លេមយួល​មាន​សេចក្តីជំនឿ​ដើម្បី​សាកល្បង ប៉ុន្តែ​នីហ្វៃ​មាន​សេចក្តីជំនឿ​ដើម្បី​ធ្វើ ។ លេមិន និង​លេមយួល​​មាន​សេចក្តីជំនឿ​គ្រប់គ្រាន់​ដើម្បី​សាកល្បង​លូក​កណ្តៀវ​របស់​ពួកគេ ប៉ុន្តែ​នីហ្វៃ​មាន​សេចក្តីជំនឿគ្រប់គ្រាន់​​ដើម្បី​​ច្រូតកាត់ ។

ភាពប៉ិនប្រសប់​ដាច់​ដោយឡែក​ពី​គ្នា​រវាង​សេចក្តីជំនឿ​ដើម្បី​លូកកណ្ដៀវ​របស់អ្នក និង​សេចក្តីជំនឿ​ដើម្បី​ច្រូតកាត់​នឹង​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​នៅក្នុង​ជីវិត​របស់​អ្នក ។ ដើម្បី​រស់នៅ​ម្តង​ទៀត​ជាមួយ​ព្រះវរបិតាសួគ៌​យើង និង​ដើម្បី​រស់នៅ​ក្នុង​ជីវិត​ដ៏​មាន​ប្រយោជន៍ និង​រីករាយ​នៅ​លើ​ផែនដី​នេះ យើង​ត្រូវ​តែ​អភិវឌ្ឍ​នូវ​ជំនឿ​ដើម្បី​ច្រូតកាត់ ។

យើង​បាន​ទទួល​ការសន្យា​ដ៏​អស្ចារ្យ​មក​ពី​ព្រះអម្ចាស់—ការសន្យា​នៃ​សុភមង្គល និង​អំណរ​នៅក្នុង​ជីវិត​នេះ និង​ភាពតម្កើង​ឡើង​នៅក្នុង​ជីវិត​បន្ទាប់ ។ ប៉ុន្តែ​ឧបសគ្គ និង​បញ្ហា​នានានៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង ទំនងជា​បំផ្លាញ​សេចក្តីសង្ឃឹម​របស់យើង ។ ដែនដី​សន្យា​របស់​យើង​ហាក់ដូចជា​នៅ​សែន​ឆ្ងាយ ដែល​មិន​អាច​ទៅដល់ ហើយ​យើង​ចាប់ផ្តើម​មាន​ចិត្ត​សង្ស័យ ។

យើង​គិត​ថា « ខ្ញុំ​ពុំ​អាច​ទៅដល់​គោលដៅ​នោះ​ទេ ឬ​ទទួល​បាន​ពរជ័យនោះ​ទេ ។ ប្រាកដ​ណាស់ ព្រះអម្ចាស់​កំពុង​ព្រះតម្រិះ​អំពី​មនុស្ស​ម្នាក់​ទៀត នៅពេល​ទ្រង់​ចុះ​កិច្ចសន្យា​ទាំង​នោះ » ។

អត់ទេ ទ្រង់ កំពុង ព្រះតម្រិះ​ពី​បងប្អូន និង​ខ្ញុំ ។ យើង​ត្រូវតែ​មាន​សេចក្តីជំនឿ​គ្រប់គ្រាន់​ដើម្បី​ទទួល​ពរជ័យ​របស់​យើង—ជាជំនឿ​ដ៏​ខ្លាំង​ថា វា​អាច​ផ្លាស់ប្តូរ​ការសន្យា​នាពេលអនាគត​របស់​យើង​ឲ្យ​ទៅជា​ភាពពិត​ប្រាកដ​ក្នុង​ពេល​បច្ចុប្បន្ន ។ យើង​ត្រូវការ​សេចក្តីជំនឿ​ដើម្បី​​ច្រូតកាត់ ។

តើ​អ្វី​ជាសេចក្តីជំនឿនេះ​ឲ្យ​ពិត​ប្រាកដ ហើយ​តើ​យើង​អាច​​អភិវឌ្ឍ​វា​ដោយ​របៀប​ណា ?

ចូរមាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ

ទីមួយ មិនដូចជា​សេចក្តីជំនឿ​ដើម្បី​លូកកណ្ដៀវ​របស់អ្នក​ឡើយ សេចក្តីជំនឿ​ដើម្បី​ច្រូតកាត់​គឺ​ពុំមែន​ជា​សេចក្តីជំនឿ​លើ​ខ្លួន​អ្នក​ឡើយ ។ វា​ពុំដូច​គ្នា​នឹង​ការមានទំនុកចិត្ត​លើ​ខ្លួន​ឯង ឬ​មាន​ឥរិយាបថ​ផ្លូវ​ចិត្ត​វិជ្ជមាន​ឡើយ ។ វា​ក៏​ពុំមែន​ជា​សេចក្តីជំនឿ​លើ​គ្រួសារ ឬ​មិត្តភក្តិ​របស់​អ្នកទេ—ទាំង​នេះ​គឺ​សុទ្ធ​តែ​ល្អ ។ សេចក្តីជំនឿ​ដើម្បី​ច្រូតកាត់​គឺ​ជាសេចក្តីជំនឿ​លើ​​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយ​ធួន​របស់​ទ្រង់ ។ វា​​ជា​សេចក្តីជំនឿ​នៅក្នុង​ព្រះចេស្តា​របស់​ទ្រង់ ពុំមែន​ក្នុង​អំណាច​របស់​អ្នក​ទេ ។

កាល​ខ្ញុំ​ត្រូវបាន​ហៅ​ឲ្យបម្រើជា​ប្រធាន​ស្តេក​នៅ​ស្តេក​មេសា អារីស្សូណា ម៉ារីកូប៉ា អែលឌើរ ដុបលយូ ម៉ាករ ឡរិន កាល​នោះ​ជា​ពួកចិតសិបនាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ បាន​អញ្ជើញ​ខ្ញុំ និង​ភរិយា​ខ្ញុំ​ឲ្យ​ទៅ​ការិយាល័យ​ប្រធាន​ស្តេក ហើយ​ផ្តល់​ការហៅ​បម្រើ​នោះ ។ ខ្ញុំ​បាន​ទទួលយក​វា​ដោយ​ស្មោះស្ម័គ្រ ។ បន្ទាប់​មក លោកបាន​អញ្ជើញ​យើង​ឲ្យ​ចូល​ទៅក្នុង​បន្ទប់​ក្រុមប្រឹក្សា​ជាន់ខ្ពស់ ហើយ​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​អំពី​បុរស​ដែល​ត្រូវ​ផ្តល់​អនុសាសន៍​ធ្វើជា​ទីប្រឹក្សា​របស់​ខ្ញុំ ។ នៅពេល​ខ្ញុំ​ចូលទៅក្នុង​បន្ទប់​នោះ ខ្ញុំ​បាន​ឃើញ​រូបថត​នៃ​ប្រធាន​ស្តេក​ទាំងអស់ ដែល​បាន​បម្រើ​កាលពីមុន​នៅក្នុង​ស្តេក តាំង​ពី​ពេល​ដែលស្តេក​បាន​បង្កើត​ឡើង ហើយ​​ខ្ញុំ​បានបាត់​បង់​ទំនុកចិត្ត ។ ពួកលោក​គឺជា​ថ្នាក់ដឹកនាំ​ដ៏អស្ចារ្យ​ទាំង​នៅ​ក្នុង​សាសនាចក្រ និង​ក្នុង​សហគមន៍ ។

ខ្ញុំ​បាន​មើល​ទៅភរិយា​របស់​ខ្ញុំ ហើយ​និយាយ​ថា « ខាធ្លីន បងគិត​ថា បង​មិនអាច​បម្រើក្នុង​មុខងារ​នេះ​បានទេ ។ បង​មិន​ល្អ​ដូច​ពួកលោក​ឡើយ » ។

ខាធ្លីន​បាន​និយាយ​ថា « បង​មិន​បាច់​ប្រាប់​ខ្ញុំ​ទេ ។ បង​គួរតែ​និយាយ​ប្រាប់​អែលឌើរ​ឡរិន​ទៅ » ។

ដោយ​ក្តី​ភ្ញាក់ផ្អើល នៅពេល​ខ្ញុំ​បានប្រាប់​លោក​ថា ខ្ញុំគិត​ថា ខ្ញុំ​ពុំ​អាច​បំពេញ​ការហៅ​បម្រើ​នេះ​ទេ នោះ​អែលឌើរ​ឡរិន​បាន​តប​ថា « ខ្ញុំ​គិត​ថា ប្អូន​គិត​ត្រូវ​ហើយ » ។

ប៉ុន្តែ​ក្រោយ​មក​លោក​មាន​ប្រសាសន៍​ថា « ប្អូន​មិន​អាច​ធ្វើវា​បាន​ទេ ប៉ុន្តែ​ព្រះអម្ចាស់​អាច ។ ទ្រង់​មាន​ព្រះចេស្តា​ដើម្បី​ធ្វើ​កិច្ចការ​របស់ទ្រង់ ហើយ​ប្រសិន​បើ​ប្អូន​នឹង​មាន​ភាពសក្តិសម ហើយ​ខិតខំ​ធ្វើ​ការ នោះ​ទ្រង់​នឹង​ធ្វើ​កិច្ចការ​នោះ ។ ប្អូន​នឹង​ឃើញ​រឿង​នោះ » ។

ហើយ​ទ្រង់​ពិតជា​បាន​ធ្វើ​រឿងនោះ​មែន ។

សេចក្តីជំនឿ​ដើម្បី​លូក​កណ្ដៀវ​របស់​អ្នក​គឺជា​សេចក្តីជំនឿ​ដើម្បី​សាកល្បង ។ វា​ជាសេចក្តីជំនឿ​លើ​ខ្លួន​ឯង ហើយ​វា​នឹង​រសាយ​បាត់​ទៅ នៅពេល​ដែល​ស្ថានភាព​នោះ​វា​ប្រែ​កាន់តែ​ពិបាក ។ បន្ទាប់​មក យើង​ចាប់ផ្តើម​មាន​ចិត្ត​សង្ស័យ ។ ​ប៉ុន្តែ​សេចក្តីជំនឿ​ដើម្បី​ច្រូតកាត់​គឺជា​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់​ព្រះ​យេស៊ូវគ្រីស្ទ ។ វា​ពុំ​ទោរទន់​ឡើយ ។

សម្រប​ឆន្ទៈ​របស់​អ្នក​ជាមួយ​នឹង​ព្រះទ័យ​របស់​ព្រះ

រូបភាព
woman looking up

ដើម្បី​អនុវត្ត​សេចក្តីជំនឿ​ដើម្បី​ច្រូតកាត់ យើង​ត្រូវ​ប្រាកដ​ចិត្ត​ថា បំណង​ប្រាថ្នា និង​គោលបំណង​របស់​យើង​​ត្រូវ​គ្នា​នឹង​ព្រះទ័យ​របស់​ព្រះ ។ យើង​ពុំ​អាច​អនុវត្ត​សេចក្ដីជំនឿ​ដើម្បី​​ច្រូតកាត់​បាន​ឡើយ ប្រសិនបើ​ព្រះ​ពុំ​យល់​ស្រប​នឹង​លទ្ធផល​នោះ ។ ដើម្បី​ទទួល​បាន​ជំនួយ​របស់​ទ្រង់ យើង​​ត្រូវតែ​សម្រប​ឆន្ទៈ​របស់​យើង​ជាមួយ​ព្រះទ័យ​របស់​ទ្រង់ ។

ដោយសារ​ព្យាការី​នីហ្វៃ​នៅក្នុង​ព្រះគម្ពីរ​​ហេលេមិន​​ជា​មនុស្ស​សុចរិត និង​ស្មោះត្រង់ ព្រះអម្ចាស់​ប្រាប់​លោក​ថា « យើង​នឹង​ប្រទាន​ពរ​ឲ្យ​អ្នក​រហូត​ត​ទៅ ហើយ​យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ខ្លាំង​ពូកែ​នៅ​ក្នុង​សម្ដី និង​ក្នុង​ចរិយា ក្នុង​សេចក្ដី​ជំនឿ និង​ក្នុង​កិច្ចការ​ទាំង​ឡាយ មែន​ហើយ គឺ​ដើម្បី​ឲ្យ​គ្រប់​ការណ៍​ទាំង​អស់ ត្រូវ​បាន​សម្រេច​ដល់​អ្នក ស្រប​តាម​ពាក្យ​របស់​អ្នក » ។ នោះ​គឺ​ជា​ការសន្យា​ដ៏អស្ចារ្យ ។ បន្ទាប់​មក​ព្រះអម្ចាស់​បន្ថែម​ថា « ព្រោះ​អ្នក​នឹង​ពុំ​ប្រាថ្នា​អ្វី ដែល​ផ្ទុយ​ពី​បំណង​របស់​យើង​ឡើយ » ( ហេលេមិន ១០:៥ ) ។

ហើយ​មរ៉ូណៃ​ប្រាប់​យើង​ដូច្នេះ ៖ « បើ​សិន​ជា​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​មាន​អំណាច ប្រយោជន៍​នឹង​ធ្វើ​នូវ​អ្វីៗ​ដែល​ជា​ការចំបាច់​ដល់​យើង » ( មរ៉ូណៃ ៧:៣៣ ) ។

ការសម្រប​បំណង​ប្រាថ្នា​របស់​យើង​ទៅនឹង​ព្រះទ័យ​របស់​ព្រះ​គឺត្រូវ​កើត​ឡើង​មុន​សេចក្តីជំនឿ​ដើម្បី​ច្រូតកាត់ ។

កាល​ពួកកូនប្រុស​របស់​យើង​នៅ​ក្មេង ពួកគេ​បាន​លេង​នៅក្នុង​ក្រុម​កីឡាវាយកូនបាល់​ នៅ​វិទ្យាល័យ ។ កាលនោះ​ពួកគេ​ធ្លាប់​បាន​អធិស្ឋាន​ជា​ក្រុម​ពីមុន​ចាប់ផ្តើម​ការប្រកួត​នីមួយៗ ។ នៅពេល​ខ្ញុំ​បាន​មើល​ពី​លើ​វេទិកា នោះ​ខ្ញុំ​​ធ្លាប់​ឆ្ងល់​ថា តើ​ពួកគេ​អធិស្ឋាន​ទូល​សូម​អ្វី ។ ប្រសិនបើ​ពួកគេ​អធិស្ឋាន​ទូលសូម​ឲ្យ​ឈ្នះ​ការប្រកួត នោះ​ការអធិស្ឋាន​របស់​ពួកគេ​គឺ​ខ្វះ​សេចក្តីជំនឿ​ដើម្បី​ច្រូតកាត់​ហើយ ។ ការណ៍​នេះត្រូវបាន​បង្ហាញ​យ៉ាង​ច្បាស់​ដោយ​ពួកគេ​បាន​ចាញ់​ការប្រកួត​ជា​ច្រើន​ដង ។​ ព្រះអម្ចាស់​ទំនង​ជា​ពុំ​ចូលរួម​នឹង​បំណង​ប្រាថ្នា​របស់​ពួកគេ​ថា ពួកគេ​ចាំបាច់​ត្រូវ​ឈ្នះ​គ្រប់​ការប្រកួត​នោះ​ទេ ។

ម្យ៉ាង​ទៀត ព្រះ​នឹង​ជួយ​ពួកយើង​ឲ្យ​សម្រេច​បាននូវ​គោលបំណង​តែ​មួយ​គត់​​ដែល​ល្អ​សម្រាប់​យើង ។ នោះ​គឺ​ដោយសារ​ទ្រង់​ស្រឡាញ់​យើង ហើយ​ទ្រង់​ស្គាល់​ច្បាស់ជាង​យើង នូវ​អ្វី​ដែល​នឹង​ក្លាយ​ជា​សេចក្តីល្អ​សម្រាប់យើង ។ ហើយ​តើ​យើង​ពុំ​មាន​អំណរគុណ​ចំពោះ​រឿង​នេះទេ​​ឬ ។ យើង​គួរតែ​អធិស្ឋាន​រៀងរាល់​ថ្ងៃ​ទូល​សូម​ថា​ព្រះវរបិតាសួគ៌​នឹង​ប្រទាន​ពរ​ដល់​យើង ជាមួយ​នឹង​បំណង​ប្រាថ្នា​សុចរិត​ដើម្បី​សម្រប​ឆន្ទៈ​របស់​យើង​ទៅនឹង​ព្រះទ័យ​របស់​ទ្រង់ ។ យើង​ត្រូវតែ​រៀន​អធិស្ឋាន ដូច​ព្រះអម្ចាស់បាន​អធិស្ឋាន​នៅក្នុង​សួន​ច្បារ​គែតសេម៉ានី​ថា សូមតាម​តែ​ព្រះទ័យ​របស់ព្រះចុះ កុំតាម​ចិត្ត​យើង​ឡើយ ( សូមមើល លូកា ២២:៤២ ) ។ បន្ទាប់​ពី​នោះ យើង​អាចអនុវត្ត​សេចក្តីជំនឿ​ដើម្បី​​ច្រូតកាត់ ។

ចេញ​ទៅ​ធ្វើការ

ចំណុច​ទីបី​ដែល​ត្រូវធ្វើ​មុន​សេចក្តីជំនឿ​ដើម្បី​ច្រូតកាត់​នោះ​គឺ​ការធ្វើការ ។ សាវក​យ៉ាកុប​បាន​ថ្លែង​យ៉ាង​ច្បាស់​ថា សេចក្តីជំនឿ​ដែល​ឥត​មាន​ការប្រព្រឹត្ត​តាម នោះ​ឈ្មោះ​ថា​ស្លាប់​ហើយ ។ សេចក្តីជំនឿ​ដើម្បី​លូក​កណ្ដៀវ​របស់​យើង​តម្រូវ​ឲ្យ​មាន​ជំនឿ ប៉ុន្តែ​សេចក្តីជំនឿ​ដើម្បី​ច្រូតកាត់​តម្រូវ​ឲ្យ​មាន​លើស​ពី​ជំនឿ ។ សាវក​យ៉ាកុប​សរសេរ​ថា ទោះ​ទាំង​ពួក​អារក្ស​ក៏​ជឿ​ដូច្នោះ ព្រម​ទាំង​ព្រឺ​ខ្លាច​ដែរ ( សូមមើល យ៉ាកុប ២:១៧, ១៩ ) ។

ខ្ញុំ​បាន​ស្តាប់​រឿង​មួយ​អំពី​ឪពុក​ម្នាក់​ដែល​បាន​កត់​សម្កាល់​ឃើញ​កូនស្រី​របស់​គាត់​លុត​ជង្គង់​អធិស្ឋាន​នៅ​ក្បែរ​គ្រែ​របស់​នាង ដោយ​អធិស្ឋាន​​ទូល​សូម​​ឲ្យ​ព្រះវរបិតាសួគ៌​នឹង​ការពារ​កូន​បក្សី​​​ពី​ការចូល​ក្នុង​អន្ទាក់ ដែល​បងប្រុស​របស់​នាង​បាន​ធ្វើ ហើយ​ដាក់​វា​នៅ​រាលហាល​ខាង​ក្រោយ​ផ្ទះ ។ ក្រោយ​មក​ទៀតនៅ​ថ្ងៃ​នោះ ឪពុក​នោះ​កាន់តែមានកង្វល់​ឡើង ។ គាត់​ដឹង​ថា អន្ទាក់​នោះ​គឺជា​អន្ទាក់​ល្អ​មួយ ។ គាត់​បាន​ជួយ​កូនប្រុស​របស់​គាត់​ធ្វើ​អន្ទាក់​នោះ ។

គាត់​បាន​និយាយ​ទៅកាន់​កូនស្រី​របស់​គាត់​ថា « ប៉ា​ឮ​កូន​អធិស្ឋាន​ព្រឹក​មិញ​​សូម​ឲ្យ​ព្រះវរបិតាសួគ៌​នឹង​ការពារ​កូន​បក្សី​ពី​ការជាប់​អន្ទាក់​បងប្រុស​របស់​កូន ។ ប៉ុន្តែ​ជួនកាល​រឿង​ដ៏​សោកសៅ​កើត​ឡើង នៅពេល​យើង​អធិស្ឋាន​សូម​កុំ​ឲ្យ​វា​កើត​ឡើង​បែប​នោះ » ។

នាង​បាន​តប​ថា « ប៉ា​កូន​ដឹង​ថា បងប្រុស​នឹងពុំ​​ចាប់បាន​បក្សី​ណា​មួយឡើយ » ។

ឪពុក​និយាយ​ថា « ប៉ា​សូម​សរសើរ​ដល់​សេចក្តីជំនឿ​របស់​កូនសំឡាញ់ ។ ប៉ុន្តែ​ប្រសិនបើ​បងប្រុស​កូន​ចាប់​បាន​បក្សី​មួយ​ចំនួន​នោះ ប៉ា​សង្ឃឹម​ថា បងប្រុស​កូននឹង​ពុំ​ធ្វើ​ឲ្យ​បះពាល់​ដល់​សេចក្តី​ជំនឿ​របស់​កូន​ទេ » ។

នាងបានពោលថា « ​បងប្រុស​នឹង​ពុំ​ចាប់​បាន​បក្សី​ទេ ។ ខ្ញុំ​ដឹង​ថា គាត់​នឹង​ពុំ​ចាប់​បានឡើយ » ។

ឪពុក​បាន​សួរ​ថា « តើ​កូន​អាច​មាន​សេចក្តីជំនឿ​ដ៏​ខ្លាំង​បែប​នោះ​ដោយ​របៀប​ណា ? »

កូន​ស្រី​របស់​គាត់​បាន​តប​ថា « ដោយសារ​បន្ទាប់​ពី​កូន​បាន​អធិស្ឋាន​រួច កូន​បាន​ដើរ​ចេញទៅក្រោយ​ផ្ទះ ហើយ​ទាត់​អន្ទាក់​ដាក់​សត្វបក្សី​របស់​គាត់​ឲ្យ​បែក​អស់ » ។

វា​ជា​រឿង​ល្អ​ដើម្បី​អធិស្ឋានទូល​សូម​ពរជ័យ​ពី​ព្រះវរបិតាសួគ៌ ។ ប៉ុន្តែ​បន្ទាប់​ពី​យើង​អធិស្ឋាន​រួច យើង​ត្រូវ​ចេញទៅធ្វើការ ។ យើង​មិន​អាច​រំពឹង​ថា ព្រះអម្ចាស់​ដឹកនាំ​ដំណើរ​របស់​យើង​ឡើយ ប្រសិនបើ​អ្នក​គ្មាន​ឆន្ទៈ​រំកិល​ជើង​របស់យើង​នោះ ។ ហើយ​យើង​ក៏​មិន​អាច​សូម​ឲ្យ​ទ្រង់​ធ្វើ​កិច្ចការ​សម្រាប់​យើង​នូវ​អ្វី​ដែល​យើង​អាច និង​គួរធ្វើ​សម្រាប់​ខ្លួន​យើង​ឡើយ ។

យើង​ត្រូវ​ធ្វើការ​ដើម្បី​សម្រេច​គោលដៅ​សុចរិត​របស់​យើង ហើយ​យើង​ត្រូវតែ​ខិតខំ​ធ្វើការ​ក្នុងការ​គោរព​បទបញ្ញត្តិ ។ អំណាច​ដ៏​ពិត​នៅក្នុង​សេចក្តីសញ្ញា​របស់​យើង និង​អំណាច​ដ៏ពិត​នៅក្នុង​សេចក្តីជំនឿ​ដើម្បី​ច្រូតកាត់ គឺ​ពុំ​ត្រូវបាន​ទទួល​ស្គាល់​នៅពេល​យើង​បញ្ចប់​ដោយ​ប្រាកដ​ប្រជា​ថា ព្រះ​រក្សា​ការសន្យា​របស់​ទ្រង់​ឡើយ ប៉ុន្តែ​ផ្ទុយទៅវិញ​គឺ​នៅពេល​យើង​បញ្ចប់​ដោយ​ប្រាកដ​ប្រជាដើម្បី​រក្សា​ការសន្យា​របស់​យើង ។ សេចក្តីពិត​ដ៏អស្ចារ្យ​នោះ​គឺ​ជាអ្វី​ដែល​ផ្លាស់ប្តូរ​ការសន្យា​នាពេល​ខាង​មុខ​របស់​យើង​ឲ្យ​ទៅ​ជា​ភាពពិតប្រាកដ​ក្នុងពេល​បច្ចុប្បន្ននេះ ។ យើង​ត្រូវតែ​ធ្វើការ ។

សូម​កុំ​បាក់ទឹកចិត្តចំពោះ​បរាជ័យ ឬ​កំហុស​របស់​អ្នក​ឡើយ ប៉ុន្តែ​សូម​មាន​ភាពខ្ជាប់ខ្ជួន​នៅក្នុង​កិច្ចខិតខំ​របស់​អ្នក ហើយ​មាន​ការប្តេជ្ញាចិត្ត ។ សេចក្តីជំនឿ​ដើម្បី​ច្រូតកាត់​​ពុំ​តម្រូវ​ឲ្យ​មាន​ភាព​ល្អ​ឥតខ្ចោះ​នោះទេ ប៉ុន្តែ​វា​តម្រូវ​ឲ្យ​មាន​ភាពខ្ជាប់ខ្ជួន ។

ខ្ញុំ​សូម​អញ្ជើញ​អ្នក​ឲ្យ​អភិវឌ្ឍ​សេចក្តីជំនឿ​ដើម្បី​​ច្រូតកាត់ ។ សូម​ដាក់​សេចក្តីជំនឿ​របស់​អ្នក​ឲ្យ​រឹងមាំ​លើ​ព្រះអង្គសង្គ្រោះ​របស់យើង​គឺ​​​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយ​ធួន​របស់​ទ្រង់ ។ សូម​ប្រាកដ​ថា បំណង​ប្រាថ្នា​របស់​អ្នក​ស្រប ហើយ​ធ្វើ​តាម​ព្រះទ័យ​របស់​ទ្រង់ ។ បន្ទាប់​មក​ទៅធ្វើការ​ដោយ​អស់​ពី​ចិត្ត គំនិត កម្លាំង និង​ពលំ​របស់​​អ្នក ដោយ​ការប្តេជ្ញាចិត្ត​ពុំចុះចាញ់ ហើយ​ខ្ជាប់ខ្ជួន ។ គ្មាន​ឧបសគ្គ គ្មាន​បញ្ហា គ្មាន​រនាំង​ណា​ដែល​នឹងមិន​តម្រូវ​ឲ្យ​មាន​សេចក្តីជំនឿ​ដើម្បី​ច្រូតកាត់​នោះ​ទេ ។