២០១៩
យ៉ូហាន​សិស្ស​ដែល​ព្រះយេស៊ូវ​ស្រឡាញ់
ខែ មករា ឆ្នាំ ២០១៩


យ៉ូហាន សិស្ស​ដែល​ព្រះយេស៊ូវ​ស្រឡាញ់

ការសរសេរ​នៃ​ព្រះគម្ពីរ​សញ្ញា​ថ្មី​ដែល​មាន​ទាក់ទង​ជាមួយ​នឹង​យ៉ូហាន​សំណព្វ​បង្ហាញ​ថា លោក​គឺជា​គ្រូ​បង្រៀន និង​ជា​គំរូ​សម្រាប់​ភាពជា​សិស្ស​ផ្ទាល់​ខ្លួន​យើង​ផង ។

រូបភាព
John at the Last Supper

រូបភាព​លម្អិត​ដកស្រង់​ពី អាហារ​យប់​ថ្ងៃ​ចុង​ក្រោយ ដោយ ខាល ប្លច

បន្ទាប់​ពី​ពេត្រុស នោះ​យ៉ូហាន​គឺ​ប្រហែល​មាន​គេ​ស្គាល់​ច្បាស់​ថា ជា​សាវក​ដំបូង​របស់​ព្រះយេស៊ូវគ្រីស្ទ ។ លោក និង​យ៉ាកុប​ជា​បងប្រុស​របស់​លោក បាន​នៅ​ជាមួយ​ពេត្រុស​នៅ​ក្នុង​គ្រា​សំខាន់ៗ​បំផុត​មួយ​ចំនួន​នៃ​ការងារ​បម្រើ​របស់​ព្រះអង្គសង្គ្រោះ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ហើយ​លោក​ត្រូវបាន​គេ​លើក​ឡើង​នៅក្នុង​គម្ពីរ​ប្រាំ​ផ្សេងៗ​គ្នា​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ។ ភាព​ស្និទ្ធស្នាល​ផ្ទាល់​របស់​លោក​ចំពោះ​ព្រះអម្ចាស់​ត្រូវ​បាន​ប្រាប់​តាមរយៈ យ៉ូហាន ១៣:២៣ ៖ « មាន​សិស្ស​ម្នាក់​ដែល​ព្រះយេស៊ូវ​ស្រឡាញ់ គាត់​អង្គុយ​នៅ​តុ​ផ្អែក​លើ​ព្រះឱរា​ទ្រង់ » ។ ពេញ​ក្នុង​ប្រវត្តិសាស្ត្រ គំនូរ​ពួក​គ្រិស្តសាសនិក​បាន​បង្ហាញ​អំពី​រូបភាព​នេះ ជា​រូប​ភាពដែល​យ៉ូហាន​វ័យ​ក្មេង​សម្រាក​លើ​ព្រះហស្ត​របស់​ព្រះអង្គសង្គ្រោះ ។ នេះ​គឺជា​ងារ​ពិសេស​ដើម​របស់​លោក​យ៉ូហាន​សំណព្វ ប៉ុន្តែ​សាក្សី និង​បេសកកម្ម​របស់​លោក​បើក​សម្តែង​ទិដ្ឋភាព​ទូទៅ​អំពី​ភាព​ជា​សិស្ស ដែល​យើង​ទាំងអស់​គ្នា​អាច​ចែកចាយ​បាន ។

យ៉ូហាន​កូន​សេបេដេ

ឈ្មោះ​ជា​ភាសា​ហេព្រើរ​របស់​យ៉ូហាន​គឺ Yohanan មាន​ន័យ​ថា « ព្រះ​មាន​សេចក្តីមេត្តា​ករុណា » ។ ព័ត៌មាន​លម្អិត​បំផុត​ដែល​យើង​ដឹង​អំពី​លោក​មាន​នៅក្នុង​ដំណឹងល្អ​បី​ដំបូង ដែល​ប្រាប់​អំពី​រឿង​នៃ​ការងារ​បម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ព្រះអង្គសង្គ្រោះ​យ៉ាង​ច្រើន​មក​ពី​ទស្សនវិស័យ​ដូចគ្នា ។ គម្ពីរ​ទាំង​នោះ​យល់​ស្រប​ថា យ៉ូហាន​គឺជា​កូន​របស់​អ្នក​នេសាទ​ត្រី​ដ៏​មាន​ស្តុកស្តម្ភ​ម្នាក់​នៅ​ស្រុក​កាលីឡេ​ឈ្មោះ​សេបេដេ ដែល​មាន​សំពៅ​ផ្ទាល់​ខ្លួន​គាត់ ហើយ​អាច​ជួល​កម្មករ​ធ្វើការ​ប្រចាំ​ថ្ងៃ ដើម្បី​ជួយ​គាត់ និង​កូនប្រុស​របស់​គាត់​នៅក្នុង​ការងារ ។ យ៉ូហាន និង​យ៉ាកុប​បងប្រុស​របស់​លោក ក៏​មាន​ដៃគូ​ជាមួយ​បងប្អូន​ប្រុស​ពេត្រុស និង​អនទ្រេ​ផងដែរ ហើយ​ពួកលោក​ទាំង​បួន​នាក់​បាន​ចាកចោល​ពី​ការនេសាទ​ត្រី​របស់​ពួកលោក នៅពេល​ព្រះយេស៊ូវ​ហៅ​ពួកលោក​ឲ្យ​ដើរ​តាម​ទ្រង់​នៅក្នុង​ភាពជា​សិស្ស​ពេញ​ម៉ោង ។

រូបភាព
Jesus calling fishermen

ព្រះគ្រីស្ទ​ហៅ​ពួកសាវក​យ៉ាកុប និង យ៉ូហាន អែតវើដ អាមីថេច ( ១៨១៧–១៨៩៦ ) / Sheffield Galleries and Museums Trust, UK / © Museums Sheffield / The Bridgeman Art Library International

ទោះបី​ដំណឹងល្អ​ពុំ​បាន​លើក​ឡើង​ជាថ្មី​ទៀត​អំពី​សេបេដេ​ក្តី ក៏​ម្តាយ​របស់​យ៉ាកុប និង យ៉ូហាន បាន​ក្លាយ​ជា​អ្នក​ដើរ​តាម​ព្រះយេស៊ូវ ដោយ​ចូលរួម​ជាមួយ​ព្រះយេស៊ូវ​ជំនួស​ឲ្យ​កូនៗ​របស់​គាត់ ហើយ​មាន​វត្តមាន​នៅ​ឯ​ការឆ្កាង ។ ជា​ទូទៅ​ត្រូវ​បាន​សម្គាល់​ដោយ​ឈ្មោះ​សាឡូមេ នោះ​ម្តាយ​របស់​យ៉ាកុប និង យ៉ូហាន ក៏​អាច​ជា​បងស្រី​របស់​ម៉ារា​ដែល​ជា​មាតា​របស់​ព្រះយេស៊ូវ ដែល​ធ្វើ​ឲ្យ​ពួកលោក​ក្លាយ​ជា​បងប្អូន​ជីដូន​មួយ​ដំបូង​របស់​ព្រះយេស៊ូវ និង​ជា​សាច់ញាតិ​នឹង យ៉ូហាន បាទីស្ទ​ដែរ ។

មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ការហៅ​របស់​លោក យ៉ូហាន​បាន​ឃើញ​អព្ភូតហេតុ និង​ការបង្រៀន​ដំបូងៗ​ជា​ច្រើន​របស់​ព្រះអម្ចាស់ ។ ដោយ​ឃើញ​អព្ភូតហេតុ​ទាំង​នេះ និង​ស្តាប់​ការថ្លែង​នានា ដូចជា​ទេសនាកថា​នៅលើ​ភ្នំ នោះ​គ្មាន​ការសង្ស័យ​ឡើយ ដែល​យ៉ូហាន​ត្រូវបាន​រៀបចំ​សម្រាប់​គ្រា​នោះ នៅពេល​ព្រះ​យេស៊ូវ​បាន​ហៅ​លោក​ឲ្យ​ធ្វើ​ជា​សាវក​ម្នាក់​នៃ​សាវក​ដប់ពីរនាក់ ។ ស្តីពី​សាក្សី​ពិសេស​ទាំង​នេះ ពេត្រុស, យ៉ាកុប និង យ៉ូហាន បង្កើត​បាន​ជា​សិស្ស​ដ៏​ស្និទ្ធស្នាល​បំផុត ដែល​មាន​វត្តមាន​នៅក្នុង​គ្រា​សំខាន់ៗ​នៃ​ការងារ​បម្រើ​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅលើ​ផែនដី ៖

  • នៅពេល​ប្រោស​កូនស្រី​របស់​យ៉ៃរុស​ឲ្យ​រស់​ឡើង​វិញ ដោយ​ឃើញ​ព្រះចេស្តា​របស់​ព្រះអម្ចាស់​ឈ្នះ​លើ​សេចក្តីស្លាប់​មុន​គេ ។

  • នៅលើ​ភ្នំ​ប្រែរូប ជា​កន្លែង​ដែល​ពួកលោក​បាន​ឃើញ​ព្រះយេស៊ូវ​បើក​សម្តែង​នូវ​សិរី​ល្អ​របស់​ទ្រង់ និង​ស្តាប់​ឮ​សំឡេង​របស់​ព្រះវរបិតា​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះរាជបុត្រា​របស់​ទ្រង់ ដែល​ជា​ទីគាប់​ព្រះទ័យ​ដល់​ទ្រង់​ណាស់ ។

  • នៅលើ​ភ្នំ​ដើម​អូលីវ​សម្រាប់​ការព្យាករ​ចុង​ក្រោយ​របស់​ទ្រង់​អំពី​ជំនាន់​ចុង​ក្រោយ​នេះ ។

  • នៅក្នុង​សួន​ច្បារ​គែតសេម៉ានី ជា​កន្លែង​ដែល​ពួកលោក​បាន​នៅ​ក្បែរ​នោះ នៅពេល​ព្រះអង្គសង្គ្រោះ​បាន​ចាប់ផ្តើម​កិច្ចការ​នៃ​ដង្វាយធួន​ដ៏​អស្ចារ្យ​របស់​ទ្រង់ ។១០

ដូច​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រទាន​ឈ្មោះ​បន្ថែម​ឲ្យ​ស៊ីម៉ូន ឬ​ពេត្រុស នូវឈ្មោះ កេផាស ដែល​មានន័យ​ថា « ថ្ម » នោះ​ទ្រង់​បាន​ប្រទាន​ឈ្មោះ​ឲ្យ យ៉ាកុប និង យ៉ូហាន នូវ​ឈ្មោះ​ បោនអ៊ើកេ ឬ « កូន​ផ្គរលាន់ » ។១១ ដោយសារ​ពួកលោក​បាន​សួរ​ព្រះយេស៊ូវ​ថា តើ​ពួកលោក​គួរ​ហៅ​ភ្លើង​ឲ្យ​ធ្លាក់​លើ​ភូមិ​មួយ​របស់​សាសន៍​សាម៉ារី​ដែល​បាន​បដិសេធ​ទ្រង់ ( សូមមើល លូកា ៩:៥១–៥៦ ) ឈ្មោះ​ហៅ​ក្រៅ​នេះ អាច​ផ្តល់​ជា​យោបល់​ថា ពួកលោក​ងាយ​នឹង​ខឹង ឬ​យ៉ាង​ហោច​ណាស់​មាន​ឆន្ទៈ​រឹងប៉ឹង ។ ប៉ុន្តែ ទំនង​ដូចជា​ឈ្មោះ​នេះ​ត្រូវ​បាន​គិត​ទុកជា​មុន​អំពី​សាក្សី​ដ៏​ពោរពេញ​ដោយ​អំណាច ដែល​ពួកលោក​អាច​ប្រែក្លាយ នោះ​ឈ្មោះ​របស់​ពេត្រុស​ក៏​ប្រហែល​ជា​បង្ហាញ​អំពី​ភាព​មិន​លះបង់​ច្រើន​ដំបូង​របស់​លោក​ប៉ុន្តែ​ជា​ភាព​រឹងប៉ឹង និង​រឹងមាំ​របស់​លោក បន្ទាប់​ពី​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ ។១២

នៅក្នុង​ការបង្ហាញ​អំពី​យ៉ូហាន​នៅ​ក្នុង​គម្ពីរ​កិច្ចការ នោះ​គេ​ពិពណ៌នា​ពី​លោក​ថា ជា​ដៃគូ​ដ៏​រឹងប៉ឹង និង​ខ្ជាប់ខ្ជួន​របស់​ពេត្រុស ។ យ៉ូហាន​បាន​នៅ​ជាមួយ​ពេត្រុស នៅពេល​លោក​បាន​ព្យាបាល​បុរស​ខ្វិន​ម្នាក់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​ពួកលោក​បាន​ប្រកាស​ដោយ​ក្លាហាន​ជាមួយ​គ្នា នៅ​ចំពោះ​មុខ​ថ្នាក់​ដឹកនាំ​សាសន៍​យូដា​នៅ​ទីក្រុង​យេរូសាឡិម ។ ពួកសាវក​ទាំងពីរ​នាក់​បាន​ធ្វើ​ដំណើរ​ជាមួយ​គ្នា​ទៅ​ស្រុក​សាម៉ារី ដើម្បី​ប្រគល់​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​លើ​ពួកសាសន៍​សាម៉ារី ដែល​ហ្វីលីព​បាន​បង្រៀន ហើយ​ជ្រមុជទឹក ។១៣

ប៉ុន្តែ គឺ​នៅក្នុង​ការសរសេរ​ដែល​ទាក់ទង​ជាមួយ​យ៉ូហាន​នោះហើយ ដែល​លោក​ត្រូវបាន​មើល​ឃើញ​ច្បាស់​បំផុត​ថា​ជា​សាក្សី​ដ៏​មាន​ឥទ្ធិពល​អំពី​ភាព​ជា​ព្រះ​នៃ​ចៅហ្វាយ និង​មិត្តភក្តិ​របស់​លោក​គឺ​ព្រះយេស៊ូវគ្រីស្ទ ។ គម្ពីរ​ទាំង​នេះ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​បង្ហាញ​យ៉ូហាន​ថា លោក​គឺ​ជា​គ្រូ​បង្រៀន និង​ជា​គំរូ​សម្រាប់​ភាពជា​សិស្ស​ផ្ទាល់​ខ្លួន​យើង​ផង ។

សិស្ស​សំណព្វ

គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ យ៉ូហាន​ពុំ​ធ្លាប់​ត្រូវបាន​គេ​ដាក់​ឈ្មោះ​នៅក្នុង​ដំណឹង​ល្អ ដែល​ត្រូវបាន​សន្មត់​ថា​ជា​លោក​តាម​ទម្លាប់​ឡើយ ។ ដំណឹងល្អ​របស់​យ៉ូហាន​លើក​ឡើង​ពី​កូន​ប្រុស​ពីរ​នាក់​របស់​សេបេដេ​តែ​ម្តង​ប៉ុណ្ណោះ នៅក្នុង​ជំពូក​ចុ​ងក្រោយ​បំផុត ជា​កន្លែង​ដែល​ពួកលោក​ទាំងពីរ​ក្នុង​ចំណោម​ពួកសិស្ស​ទាំង​ប្រាំពីរ​បាន​ជួប​ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ នៅ​ជិត​សមុទ្រ​កាលីឡេ ។ ប៉ុន្តែ សូម្បី​តែ​នៅ​ត្រង់​នោះ​គេ​ក៏​ពុំ​បាន​លើក​ឡើង​ពី​ឈ្មោះ​របស់​ពួកលោក​ផងដែរ ។ ផ្ទុយ​ទៅវិញ ទម្លាប់​ដែល​គាំទ្រ​ដោយ​ឯកសារ​យោង​នៅក្នុង​ព្រះគម្ពីរ​នៃ​ការស្តារ​ឡើង​វិញ១៤ បាន​កំណត់​អត្តសញ្ញាណ​ថា យ៉ូហាន​ត្រូវបាន​ហៅ​ដោយ​អនាមិក​ថា​ជា « សិស្ស​ម្នាក់​ដែល​ព្រះយេស៊ូវ​ស្រឡាញ់ » ដែល​មាន​វត្តមាន​នៅពេល​អាហារ​ចុង​ក្រោយ ពេល​ឆ្កាង ពេល​ផ្នូរ​នៅ​ទទេ និង​នៅពេល​ព្រះយេស៊ូវ​បង្ហាញ​ព្រះកាយ​ចុងក្រោយ​នៅ​សមុទ្រ​កាលីឡេ ។១៥

លោក​ក៏​ជា « សិស្ស​ម្នាក់​ទៀត » ដែល​នៅ​ជាមួយ​អនទ្រេ ដែល​ជា​អ្នក​ដើរតាម យ៉ូហាន បាទីស្ទ ហើយ​ស្តាប់​ឮ​លោក​បាន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​ថា ជា​កូន​ចៀម​នៃ​ព្រះ ( សូមមើល យ៉ូហាន ១:៣៥–៤០ ) ហើយ​លោក​ទំនង​ជា​សិស្ស​ដែល​បាន​អមដំណើរ​ពេត្រុស បន្ទាប់​ពី​គេ​ចាប់​ព្រះកាយ​ព្រះយេស៊ូវ ហើយ​បាន​ជួយ​ពេត្រុស​ឲ្យ​ចូលទៅ​ក្នុង​សាលា​សម្តេច​សង្ឃ ( សូមមើល យ៉ូហាន ១៨:១៥–១៦ ) ។

នៅក្នុង​ដំណឹងល្អ​របស់​យ៉ូហាន សិស្ស​សំណព្វ​ត្រូវបាន​ពិពណ៌នា​ថា ជា​មិត្តភក្តិ​ជិតស្និទ្ធ​ផ្ទាល់​នឹង​ព្រះអម្ចាស់ ។ ជាមួយ​នឹង​ម៉ាថា, ឡាសារ និង ម៉ារា នោះ​យ៉ូហាន​ត្រូវបាន​ពិពណ៌នា​យ៉ាង​ច្បាស់​នៅក្នុង​ដំណឹងល្អ​នេះ​ថា ជា​មនុស្ស​ម្នាក់​ដែល​ព្រះយេស៊ូវ​ស្រឡាញ់ ( សូមមើល យ៉ូហាន ១១:៣, ៥ ) ។ តួនាទី​របស់​លោក​នៅ​ឯ​ពេល​ទទួលទាន​អាហារ​យប់​ចុងក្រោយ ពុំ​គ្រាន់តែ​ឆ្លុះ​បញ្ជាំង​ពី​កិត្តិយស​ប៉ុណ្ណោះ​ទេ ថែមទាំង​ឆ្លុះ​បញ្ជាំង​ពី​ភាព​ស្និទ្ធស្នាល​ផង​ដែរ ។

ក្រៅពី​មិត្តភាព​របស់​លោក​ជាមួយ​ព្រះអង្គសង្គ្រោះ វគ្គបទ​គម្ពីរ​ផ្សេង​ទៀត​បង្ហាញ​ថា លោក​គឺជា​សាក្សី​ដ៏​មាន​ឥទ្ធិពល​ម្នាក់​នៃ​ព្រឹត្តិការណ៍​សំខាន់ៗ​បំផុត​នៃ​បេសកកម្ម​របស់​ព្រះយេស៊ូវ ៖ លោក​បាន​ឈរ​នៅ​ឯ​គល់​នៃ​ដង​ឈើ​ឆ្កាង ដើម្បី​មើល​ការសុគត​របស់​ព្រះអម្ចាស់​ទុក​ជា​ការបូជា​ជំនួស​អំពើ​បាប បាន​រត់​ទៅ​ផ្នូរ​បន្ទាប់​ពី​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ ដើម្បី​បញ្ជាក់​ថា ផ្នូរ​នោះ​នៅ​ទទេ ហើយ​បាន​ឃើញ​ព្រះអង្គសង្គ្រោះ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ ។

ដំណឹងល្អ​របស់​យ៉ូហាន​លើក​ឡើង​ចំនួន​ពីរ​ដង ដែល​វា​ផ្អែក​ទៅលើ​ទីបន្ទាល់​នៃ​សិស្ស​សំណព្វ ហើយ​គូស​បញ្ជាក់​ថា ទីបន្ទាល់​របស់​លោក​គឺ​ពិត១៦ ជា​អ្វី​មួយ​ដែល​បង្ហាញ​ដោយ​ការដាក់​ចំណងជើង​ជា​ថ្មី​របស់ យ៉ូសែប ស្ម៊ីធ អំពី​ដំណឹងល្អ​ថា « ទីបន្ទាល់​របស់​យ៉ូហាន » ។​១៧

ដោយសារ​តែ​ពួក​អ្នក​ប្រាជ្ញ​នៅតែ​ជជែក​វែកញែក​អំពី​អត្តសញ្ញាណ​នៃ​សិស្ស​សំណព្វ ប្រសិនបើ​លោក​គឺជា​សាវក​យ៉ូហាន នោះ​លោក​គឺជា​ប្រភព​នៃ​ឯកសារ​នៅក្នុង​ដំណឹងល្អ ប្រសិនបើ​លោក​ពុំមែន​ជា​អ្នក​និពន្ធ​ដើម​របស់​គម្ពីរ​នោះ​ទេ ។១៨ ហេតុអ្វី​លោក​នៅ​តែ​បន្ត​អត់​មាន​ឈ្មោះ ពុំ​ធ្លាប់​ត្រូវបាន​គេ​កំណត់​អត្តសញ្ញាណ​ដោយ​ផ្ទាល់​ថា​ជាសាវក​យ៉ូហាន ? ចម្លើយ​អាច​មាន​ដូចជា ដោយសារ​លោក​មាន​ចេតនា​ឲ្យ​បទពិសោធន៍​ផ្ទាល់​របស់​លោក​ក្លាយ​ជា​បទពិសោធន៍​សម្រាប់​អ្នក​ជឿ និង​ពួកសិស្ស​នៅគ្រប់​ជំនាន់ ។ តាមរយៈ​ការនៅ​ជា​អនាមិក នោះ​លោក​អាច​ធ្វើ​ឲ្យ​យើង​ស្រមៃ​ថា ខ្លួន​យើង​នៅក្នុង​បទពិសោធន៍​របស់​លោក រៀន​អំពី​របៀប​ស្រឡាញ់ និង​ត្រូវបាន​ព្រះអម្ចាស់​ស្រឡាញ់ ហើយ​បន្ទាប់​មក​ទទួល​បាន​ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់​យើង ដែល​ក្រោយ​មក​ទៀត​យើង​ត្រូវបាន​ហៅ​ឲ្យ​ចែកចាយ​ជាមួយ​មនុស្ស​ដទៃ ។

សំបុត្រ ៖ ទី១ ទី២ និង ទី៣ របស់​យ៉ូហាន

ដូច​ដំណឹងល្អ​របស់​យ៉ូហាន​ដែរ សំបុត្រ​ទាំងបី​ដែល​សន្មត់​ថា​ជា​របស់​យ៉ូហាន​ក៏​គ្មាន​សំបុត្រ​ណា​មួយ​ដែល​ដាក់​ឈ្មោះ​លោក​ផ្ទាល់​ដែរ ។ ទោះជាយ៉ាង​ណា​ក៏​ដោយ យ៉ូហាន​ទី ១ ដែល​មាន​នូវ​ការសេរសេរ​ខាង​គោលលទ្ធិ​កាន់តែ​ច្រើន​ជាមួយ​នឹង​ដំណឹងល្អ​នៅក្នុង​របៀប និង​ប្រធានបទ​នៃ​សំបុត្រ​នោះ ដែល​ដាក់​បញ្ចូល​នូវ​សារៈសំខាន់​អំពី​សេចក្តីស្រឡាញ់ និង​ការគោរព​ប្រតិបត្តិ មាន​នូវ​ប្រធាន​បទ​នានា​ដែល​ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​នៅក្នុង​ដំណើរ​រឿង​របស់​យ៉ូហាន​អំពី​អាហារ​យប់​ចុង​ក្រោយ ។

ដោយ​បាន​សរសេរ​បន្ទាប់​ពី​ដំណឹងល្អ នោះ​យ៉ូហាន​ទី ១ ចាប់ផ្តើម​ដោយ​ការប្រកាស​ទីបន្ទាល់​អំពី​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ​របស់​អ្នក​និពន្ធ « ឯ​សេចក្តី​ដែល​មាន​តាំង​ពី​ដើម​មក ដែល​យើង​ខ្ញុំ បាន​ឮ ហើយ​ភ្នែក បាន​ឃើញ ក៏​បាន​មើល ហើយ​ដៃ​បាន​ប៉ះពាល់ ខាង​ឯ​ព្រះបន្ទូល​នៃ​ជីវិត » ( យ៉ូហាន​ទី ១ ១:១ ការគូស​បញ្ជាក់​បាន​បន្ថែម ) ។ ក្រៅពី​ថ្លែង​ជា​ថ្មី​អំពីបន្ទាត់​ចាប់ផ្តើម​នៃ​ដំណឹងល្អ​របស់​យ៉ូហាន នោះ​អ្នក​និពន្ធ​បាន​សង្កត់ធ្ងន់​លើ​ទីបន្ទាល់​ដ៏​មាន​ឥទ្ធិពល ផ្ទាល់​ខ្លួន ខាង​រូបកាយ​អំពី​ព្រះយេស៊ូវគ្រីស្ទ ជា​អង្គ​ដែល​ព្រះបន្ទូល​នៃ​ព្រះ​បាន​បង្កើត​មក ។

ពួក​គ្រិស្តសាសនិក​ជំនាន់​ដើម ដែល​ជា​អ្នក​អាន​ព្រះគម្ពីរ​នេះ​ដំបូង​គេ ហាក់​ដូចជា​រង​ការឈឺចាប់​ដោយសារ​ការ​បែកបាក់​ផ្ទៃក្នុង​ជាមួយ​ក្រុម​មួយ​ដែល​ជឿ​លើ​ជំនឿ​ខុស​ឆ្គង​អំពី​ព្រះយេស៊ូវ​បាន​ចាកចេញ​ពី​សាសនាចក្រ ។១៩ នៅក្នុង​យ៉ូហាន​ទី ១ អ្នក​និពន្ធ​ពុំ​គ្រាន់តែ​ជា​សាក្សី​ម្នាក់​ប៉ុណ្ណោះ​ទេ លោក​ថែមទាំង​ជា​អ្នក​មាន​សិទ្ធិ​អំណាច​ដែល​អំពាវនាវ​ឲ្យ​កែតម្រូវ​គោលលទ្ធិ​ខុសឆ្គង ហើយ​ប្រឈមមុខ​នឹង​ការគំរាមកំហែង​នានា​ចំពោះ​សេចក្តីជំនឿ មក​ពី​ពួក​ប្រឆាំង​នឹង​ព្រះគ្រីស្ទ ព្រម​ទាំង​វិញ្ញាណ​ខុសឆ្គង​ដែរ ( សូមមើល យ៉ូហាន​ទី ១ ២:១៨–២៧; ៤:១–៦ ) ។ បេសកកម្ម​របស់​លោក​ក៏​ដើម្បី​លើក​ទឹកចិត្ត​ដល់​អស់​អ្នក​ដែល​បន្ត​ស្មោះត្រង់ តាមរយៈ​ការចែកចាយ​សេចក្តីពិត​ដ៏​មាន​អត្ថន័យ​អំពី​ព្រះ និង​ព្រះគ្រីស្ទ ព្រមទាំង​សារៈសំខាន់​នៃ​សេចក្តីជំនឿ និង​សេចក្តីសុចរិត​ដែល​បន្ត​មាន ។

នៅក្នុង​យ៉ូហាន​ទី ១ និង យ៉ូហាន​ទី ៣ លោក​បាន​បង្ហាញ​អត្តសញ្ញាណ​របស់​លោក​យ៉ាង​សាមញ្ញ​ថា​ជា « អ្នក​ចាស់​ទុំ » ហើយ​បន្ត​សង្កត់​ធ្ងន់​លើ​សារៈសំខាន់​នៃ​សេចក្តីស្រឡាញ់ និង​ការគោរព​ប្រតិបត្តិ និង​គ្រោះថ្នាក់​នៃ​ការបង្រៀន​ខុសឆ្គង ព្រម​ទាំង​អស់​អ្នក​ដែល​បដិសេធ​សិទ្ធិអំណាច​ត្រឹមត្រូវ​របស់​សាសនាចក្រ ។២០

គម្ពីរ​ទាំងបី​ក្បាល​នេះ​បង្រៀន​យើង​អំពី​សារៈសំខាន់​នៃ​ការបូជា​ដែល​បន្ត​មាន​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​បើក​សម្តែង ។

អ្នក​ទទួល​វិវរណៈ

ក្នុង​ចំណោម​គម្ពីរ​ប្រាំ​ក្បាល​ដែល​កំណត់​ថា​ជា​របស់​លោក មាន​តែ​គម្ពីរ​វិវរណៈ​ទេ​ដែល​ពិតជា​ប្រើ​ឈ្មោះ​របស់​យ៉ូហាន ដោយ​បង្ហាញ​អំពី​អត្តសញ្ញាណ​របស់​អ្នក​និពន្ធ​បី​ដង​ដោយ​ដាក់​ឈ្មោះ​នោះ​នៅ​ក្នុង​ខគម្ពីរ​ដំបូង​របស់​គម្ពីរ​នោះ ( សូមមើល វិវរណៈ ១:១, ៤, ៩ ) ។ លើស​ពី​ការ​បង្ហាញ​អត្តសញ្ញាណ​ខ្លួន​លោក​ថា​ជា​អ្នក​បម្រើ​របស់​ព្រះ នោះ​អ្នក​និពន្ធ​ផ្តល់​នូវ​ការបង្ហាញ​មួយ​ផ្សេង​ទៀត​អំពី​តួនាទី ឬ​ការហៅ​របស់​លោក ប៉ុន្តែ​ភាគច្រើន​នៃ​ពួក​អ្នក​មាន​សិទ្ធិអំណាច​គ្រិស្តសាសនិក​ជំនាន់​ដើម​បាន​ជឿ​ថា លោក​គឺ​ជា​យ៉ូហាន​កូន​សេបេដេ ។

ព្រះគម្ពីរ​មរមន និង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តីសញ្ញា​បញ្ជាក់​ថា សាវក​យ៉ូហាន​ត្រូវបាន​ប្រទាន​ឲ្យ​នូវ​បេសកកម្ម​ពិសេស​មួយ ដើម្បី​ទទួល និង​សរសេរ​ការនិមិត្ត​ដែល​លោក​បាន​ទទួល ។២១ គម្ពីរ​វិវរណៈ​ដែល​ពោរពេញ​ដោយ​ភាព​ស្មុគស្មាញ នឹង​មាន​និមិត្តរូប​ដ៏​ច្រើន​លើសលប់​នោះ មាន​បំណង​ដើម្បី​លួងលោម និង​បញ្ជាក់​ដល់​ពួកគ្រិស្តសាសនិក​ដែល​រង​ការឈឺចាប់​ដោយ​ការបៀតបៀន ឬ​ការសាកល្បង​នៅ​គ្រប់​ជំនាន់ ព្រមទាំង​ក្នុង​ពេល​ដំណាល​គ្នា​នោះ​បើក​បង្ហាញ​អំពី​តួនាទី​របស់​ព្រះយេស៊ូវគ្រីស្ទ​ពេញ​មួយ​ប្រវត្តិសាស្ត្រ​ផងដែរ ។

ទោះបី​ជា​កាលបរិច្ឆេទ​ពីរ​ផ្សេង​គ្នា​ត្រូវបាន​ស្នើសុំ​ឡើង​អំពី​ពេលវេលា​ដែល​យ៉ូហាន​បាន​សរសេរ​គម្ពីរ​វិវរណៈ​ក្តី—កាលបរិច្ឆេទ​ដំបូង​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ ៦០ នៃ​គ.ស. អំឡុងពេល​គ្រង​រាជ​នៃ​ព្រះចៅ​អធិរាជ្យណេរូ និង​កាលបរិច្ឆេទ​ចុង​ក្រោយ​នៅ​ទសវត្សរ៍​ឆ្នាំ ៩០ នៃ គ.ស. អំឡុង​ពេល​គ្រងរាជ​នៃ​ព្រះចៅ​អធិរាជ្យ​ដូមីធៀន—កាលបរិច្ឆេទ​ទាំង​ពីរ​នេះ​បាន​មាន បន្ទាប់​ពី​ការស្លាប់​របស់​ពេត្រុស​ដោយសារ​តែ​បុព្វហេតុ​សាសនា ដោយ​ទុក​ឲ្យ​យ៉ូហាន​ជា​សាវក​ច្បង​បន្ត​នៅ​រស់រាន​មាន​ជីវិត ។

ប៉ុន្តែ​ការហៅ​របស់​លោក​ពុំគ្រាន់តែ​ដើម្បី​ទទួល និង​កត់ត្រា​ការនិមិត្ត​ដែល​មាន​នៅក្នុង​គម្ពីរ​នោះ​ប៉ុណ្ណោះ​ទេ ។ នៅក្នុង​ការនិមិត្ត​មួយ​ក្នុង​ការនិមិត្ត​នានា ទេវតា​បាន​ប្រាប់​យ៉ូហាន​អំពី​អ្នក​ទទួល​វិវរណៈ​ឲ្យ​យក​គម្ពីរ ឬ​រមូរ​ក្រដាស​តូច​មួយ ហើយ​បរិភោគ​វា ។ ដំបូង​វា​ផ្អែម​នៅក្នុង​មាត់​របស់​លោក វា​ធ្វើ​ឲ្យ​ពោះ​របស់​លោក​ល្វីង ដែល​យ៉ូសែប ស្ម៊ីធ បាន​បកប្រែ​ថា តំណាង​ឲ្យ​បេសកកម្ម​របស់​លោក ដើម្បី​ជួយ​ប្រមូល​ពួក​សាសន៍​អ៊ីស្រាអែល ជា​ផ្នែក​មួយ​នៃ​ការស្តារ​ឡើង​វិញ​នៃ​អ្វីៗ​គ្រប់​យ៉ាង​ទាំងអស់ ( សូមមើល វិវរណៈ ១០:៩–១១; គោលលទ្ធិ និង​សេចក្តីសញ្ញា ៧៧:១៤ ) ។ បេសកកម្ម​នេះ​អាច​ធ្វើ​ទៅ​បាន ដោយសារ​ការងារ​បម្រើ​បន្ត​របស់​យ៉ូហាន​បន្ទាប់​ពី​លោក​បាន​ប្រែរូប ។ ខណៈ​ដែល​ពួក​អ្នក​អធិប្បាយ​ទាំង​សម័យ​បុរាណ និង​ទំនើប​ត្រូវបាន​បែងចែក​ទាក់ទង​នឹង​អត្ថន័យ​នៃ​សេចក្តីថ្លែង​របស់​ព្រះយេស៊ូវ​ទៅ​ពេត្រុស អំពី​ជោគវាសនា​របស់​យ៉ូហាន​នៅចុង​បញ្ចប់​នៃ​ដំណឹងល្អ ( សូមមើល យ៉ូហាន ២១:២០–២៣ ) នោះ យ៉ូសែប ស្ម៊ីធ បាន​ទទួល​វិវរណៈ​មួយ​បញ្ជាក់​ថា បេសកកម្ម​របស់​យ៉ូហាន​នឹង​បន្ត​ ក្នុង​ស្ថានភាព​ជា​បុគ្គល​ដែល​ប្រែរូប រហូត​ដល់​ព្រះអង្គសង្គ្រោះ​យាង​ត្រឡប់​មក​វិញ ( សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ៧:១–៦ ) ។ ម្យ៉ាង​វិញ​ទៀត លោក​ពុំ​គ្រាន់​តែ​បាន​ព្យាករ​អំពី​នាទី​ចុងក្រោយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បេសកកម្ម​របស់​លោក​រួមមាន​ទាំង​ការជួយ​បំពេញ​ការព្យាករ​ទាំង​នេះ ព្រមទាំង​មើល​ឃើញ​ការបំពេញ​នៃ​កិច្ចការ​ទាំង​នោះ ដែល​ត្រូវបាន​បើក​សម្តែង​ដល់​លោក ។

ទោះបី​បេសកកម្ម​ផ្ទាល់​របស់​យើង​មិន​ធំ​ដុំ​ក្តី គំរូ​របស់​យ៉ូហាន​បង្រៀន​ថា សេចក្តីស្រឡាញ់​របស់​យើង​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ​ដឹកនាំ​យើង​ឲ្យ​ទទួល​យក​ការហៅ​ផ្ទាល់​របស់​យើង និង​ឧបសគ្គ​នានា​ក្នុង​ជីវិត​យើង មិន​ថា មាន​រឿង​ល្អ ឬ​អាក្រក់​បែប​ណា​នោះ​ឡើយ ។

រូបភាព
John and Peter at the tomb

សាក្សី​ដ៏​មាន​ឥទ្ធិពល​ម្នាក់​នៃ​ព្រឹត្តិការណ៍​សំខាន់ៗ​បំផុត​នៃ​បេសកកម្ម​របស់​ព្រះយេស៊ូវ នោះ​យ៉ូហាន​បាន​ឈរ​នៅ​ឯ​គល់​នៃ​ដង​ឈើ​ឆ្កាង ដើម្បី​មើល​ការសុគត​របស់​ព្រះអម្ចាស់ បាន​រត់​ទៅ​ផ្នូរ​បន្ទាប់​ពី​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ ដើម្បី​បញ្ជាក់​ថា ផ្នូរ​នោះ​នៅ​ទទេ ហើយ​បាន​ឃើញ​ព្រះអង្គសង្គ្រោះ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ ។

យ៉ូហាន និង ពេត្រុស នៅ​ឯ​ផ្នូរ ដោយ រ៉ូបើត ស្សៀអូឌ័រ បារ៉ែត

ការធ្វើ​ឲ្យ​ខ្លួន​យើង​ក្លាយ​ជា​សិស្ស​សំណព្វ

យ៉ូហាន​គឺ​ជា​សមាជិក​ដឹកនាំ​ម្នាក់​នៅក្នុង​ពួកដប់ពីរ​នាក់​ដើម​របស់​ព្រះយេស៊ូវ ជា​បុគ្គល​ម្នាក់​ដែល​មាន​ទំនាក់ទំនង​ស្និទ្ធស្នាល​យ៉ាង​ផ្ទាល់​ជាមួយ​ព្រះអង្គសង្គ្រោះ ហើយ​បាន​បម្រើ​តួនាទី​សំខាន់ៗ​ក្នុងនាម​ជា​សាក្សី​របស់​ទ្រង់ ជា​ថ្នាក់ដឹកនាំ​សាសនាចក្រ និង​ជា​អ្នក​ទទួល​វិវរណៈ ។ ប៉ុន្តែ​របៀប​ដែល​លោក​បាន​ជ្រើសរើស​ដើម្បី​បង្ហាញ​ខ្លួន​លោក​ថា​ជា សិស្ស​សំណព្វ​នៅក្នុង​ដំណឹងល្អ​ដែល​មាន​ឈ្មោះ​របស់​លោក ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​គំរូ​មួយ​សម្រាប់​ពួកយើង​ទាំងអស់​គ្នា​នៅក្នុង​ភាពជា​សិស្ស​ផ្ទាល់​ខ្លួន​របស់​យើង ។ យើង​រៀន​ពី​លោក​ថា ក្នុង​នាម​ជា​អ្នក​ដើរតាម​ព្រះ​យេស៊ូវគ្រីស្ទ នោះ​យើង​ទាំងអស់​គ្នា​អាច​សម្រាក​នៅក្នុង​ព្រះពាហុ​នៃ​សេចក្តីស្រឡាញ់​របស់​ទ្រង់ ជា​សេចក្តីស្រឡាញ់​ដែល​យើង​ទទួល​ស្គាល់​យ៉ាង​ពេញលេញ តាមរយៈ​ពិធីបរិសុទ្ធ​នានា​ដូចជា​ទ្រង់​បាន​បង្កើត​ឡើង​នៅ​ឯ​អាហារ​យប់​ចុងក្រោយ ។ យើង​ក៏​អាច​ឈរ​នៅ​គល់​នៃ​ដង​ឈើឆ្កាង​ជា​និមិត្តរូប​ផងដែរ ដោយ​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​បាន​សុគត​សម្រាប់​ពួកយើង ហើយ​រត់​ដោយ​ក្តីសង្ឃឹម ដើម្បី​រៀន​ឲ្យ​ដឹង​ដោយ​ខ្លួន​យើង​ថា ព្រះអម្ចាស់​មាន​ព្រះជន្មរស់ ។ ដូចជា​យ៉ូហាន​ដែរ ក្នុងនាម​ជា​សិស្ស​សំណព្វ នោះ​ការហៅ​របស់​យើង​គឺ​ដើម្បី​ចែកចាយ​ទីបន្ទាល់​នោះ​ជាមួយ​មនុស្ស​ដទៃ ដោយ​ការ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្តីពិត និង​ការបំពេញ​ការហៅ​ណា​ក៏​ដោយ​ដែល​យើង​ត្រូវ​បាន​ហៅ រហូត​ដល់​ពេល​ដែល​ព្រះអម្ចាស់​យាង​មក​ម្តង​ទៀត ។

កំណត់​ចំណាំ

  1. គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ មាន​តែ​គម្ពីរ​វិវរណៈ​មួយ​គត់​ដែល​ថ្លែង​ដោយ​ផ្ទាល់​ថា អ្នក​សរសេរ​គម្ពីរ​នោះ​គឺជា​យ៉ូហាន ( សូមមើល វិវរណៈ ១:១, ៤ ) ។ គ្មាន​ដំណឹង​ល្អ​ណា​ផ្សេង​ទៀត រួមទាំង​ដំណឹងល្អ​របស់​យ៉ូហាន បាន​បង្ហាញ​អត្តសញ្ញាណ​របស់​អ្នក​និពន្ធ​ឡើយ ។ ប៉ុន្តែ​ទម្លាប់​នៃ​ពួកគ្រិស្តសាសនិក​ជំនាន់​ដើម បាន​កំណត់​អត្តសញ្ញាណ​រូបភាព​នៃ​សិស្ស​សំណព្វ​នៅក្នុង​ដំណឹងល្អ​របស់​យ៉ូហាន​ជាមួយ​នឹង​សាវក​នៃ​ឈ្មោះ​នោះ ។ សម្រាប់​ការពិភាក្សា​អំពី​ភស្តុតាង​នេះ ការពិភាក្សា​នៃ​ពួក​អ្នក​ប្រាជ្ញ និង​ការយល់​ដឹង​អំពី​ការស្តារ​ឡើង​វិញ​ទាក់ទង​នឹង​ការបង្ហាញ​អត្តសញ្ញាណ​នេះ សូមមើល កំណត់​ចំណាំ​ទី ១៧ ។ ស្រដៀង​គ្នា​នេះ គម្ពីរ​យ៉ូហាន​ទី ១ ពុំ​បង្ហាញ​អត្តសញ្ញាណ​អ្នក​និពន្ធ​គម្ពីរ​នេះ​ឡើយ ប៉ុន្តែ​របៀប​សរសេរ និង​ប្រធាន​បទ​ក្នុង​គម្ពីរ​នោះ​ទាក់ទង​គ្នា​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ដំណឹង​ល្អ​របស់​យ៉ូហាន ។ គម្ពីរ​យ៉ូហាន​ទី ២ និង យ៉ូហាន​ទី ៣ ទាក់ទង​នឹង « អ្នក​ចាស់ទុំ » ប៉ុន្តែ​ទម្លាប់​ពួក​គ្រិស្តសាសនិក​ជំនាន់​ដើម​បាន​ភ្ជាប់​គម្ពីរ​ទាំង​នេះ​ជាមួយ​នឹង​អ្នកនិពន្ធ​នៃ​យ៉ូហាន និង​យ៉ូហាន​ទី ១ ។

  2. សូមមើល ម៉ាកុស ១:១៩–២០ សូមមើល​ផងដែរ ម៉ាថាយ ៤:២១–២២; លូកា ៥:១០–១១ ។ ពួក​អ្នក​ប្រាជ្ញ​ភាគច្រើន​យល់​ស្រប​ថា ម៉ាកុស​បាន​សរសេរ​មុន អំឡុងពេល​ពាក់​កណ្តាល​ទសវត្សរ៍​ឆ្នាំ ៦០ នៃ គ.ស ជាមួយ​ម៉ាថាយ និង លូកា បាន​សរសេរ​អំឡុង​ទសវត្សរ៍​ឆ្នាំ ៧០ ឬ​ដើម​ទសវត្សរ៍​ឆ្នាំ ៨០ នៃ គ.ស ។ ជា​លទ្ធផល ការអាន​សេចក្តីយោង​នានា​មក​ពី​ម៉ាកុស ដំបូង​ធ្វើ​ឲ្យ​យើង​ឃើញ​អំពី​របៀប​ដែល​ម៉ាថាយ និង លូកា បាន​បន្ថែម ឬ​កែសម្រួល​ដំណើរ​រឿង​ពីមុនៗ ។

  3. ខណៈ​ដែល ម៉ាកុស ១០:៣៥–៣៧ កត់ត្រា​ថា យ៉ាកុប និង យ៉ូហាន ត្រូវ​បាន​សុំ​ឲ្យ​អង្គុយ​នៅ​ខាង​ស្តាំ និង​ខាង​ឆ្វេង​របស់​ព្រះយេស៊ូវ​នៅក្នុង​នគរ​របស់​ទ្រង់ នោះ ម៉ាថាយ ២០:២០–២១ បន្ថែម​ថា តាមពិត​ទៅ​សំណើ​នេះ​គឺ​កើត​មក​ពី​ម្តាយ​របស់​ពួកគេ​ទេ ។ ដោយសារ​វត្តមាន​របស់​ម្តាយ​គាត់​នៅ​ឯ​ការឆ្កាង និង​ក្រោយ​មកទៀត​នៅ​ឯ​ផ្នូរ​ទទេ សូមមើល ម៉ាកុស ១៥:៤០; ១៦:១–៨ សូមមើល​ផងដែរ ម៉ាថាយ ២៧:៥៥–៥៦; លូកា ២៣:៤៩, ៥៥; ២៤:១–១០ និង យ៉ូហាន ១៩:២៥ ។

  4. សម្រាប់​ការពិភាក្សា​បន្ថែម​ទៀត​អំពី​ទំនាក់ទំនង​ទាំង​នេះ​ដែល​អាច​មាន​របស់​សាឡូមេ ព្រមទាំង​ប្រវត្តិ​ជាច្រើន​ទៀត​ស្តីពី​គ្រួសារ​នេះ និង​អាជីវកម្ម​នេសាទ​ត្រី​របស់​សេបេដេ សូមមើល R Alan Culpeppe,r John, the Son of Zebedee: The Life of a Legend ( ឆ្នាំ ២០០០ ) ទំព័រ ៧–២៣ ។

  5. សូមមើល ម៉ាកុស ១:២១–៣១, ៤០–៤៥; ២:១–១២; ៣:១–៦ សូមមើល​ផងដែរ ម៉ាថាយ ៨:១–៤; ៩:១–៨; ១២:៩–១៤; លូកា ៤:៣៣–៣៩; ៥:១២–១៥, ១៧–២៦; ៦:៦–១១ ។

  6. សម្រាប់​ទេសនកថា​នៅ​លើ​ភ្នំ សូមមើល ម៉ាថាយ ៥–៧ ។ សម្រាប់​ការហៅ​របស់​យ៉ូហាន និង​ពួកសាវក​ដំបូង​ដទៃ​ទៀត សូមមើល ម៉ាកុស ៣:១៣–១៩ សូមមើល​ផងដែរ ម៉ាថាយ ១០:២–៤; លូកា ៦:១៣–១៦ ។

  7. សូមមើល ម៉ាកុស ៥:៣៧ សូមមើល​ផងដែរ ម៉ាថាយ ៩:២៣–២៦; លូកា ៨:៥១  ទោះបីជា​យ៉ាង​ណា​ក្តី ម៉ាថាយ​ពុំ​បាន​ដាក់​ឈ្មោះ ពេត្រុស, យ៉ាកុប និង យ៉ូហាន ឡើយ ។

  8. សូមមើល ម៉ាកុស ៩:២–១០ សូមមើល​ផងដែរ ម៉ាថាយ ១៧:១–៨; លូកា ៩:២៨–៣៦ ។

  9. សូមមើល ម៉ាកុស ១៣:៣–៣៧ ។

  10. សូមមើល ម៉ាកុស ១៤:៣២–៣៤ សូមមើល​ផងដែរ ម៉ាថាយ ២៦:៣៦–៣៨ ។

  11. សូមមើល ម៉ាកុស ៣:១៧ ។ បោនអ៊ើកេ គឺ​ជាពាក្យ​ក្រិក​ដែល​ប្រើ​ជំនួស​អក្សរ​អារ៉ាប់ bene regeshr’m មាន​ន័យ​ថា « កូន​នៃ​ការរំជើបរំជួល ឬ​ផ្គរលាន់ » ។

  12. សូមមើល Culpepper John, the Son of Zebedee ទំព័រ ៣៨–៤០, ៥០ ។

  13. សូមមើល កិច្ចការ ៣:១–១១; ៤:១–២១; ៨:១៤–១៧ ។

  14. សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ៧; ៧៧; ៨៨:១៤១ ។

  15. សូមមើល យ៉ូហាន ១៣:២៣; ១៩:២៦, ៣៤–៣៥; ២០:២–១០; ២១:១–១៤, ២០–២៥ សូមមើល​ផងដែរ Culpeppe,r John, the Son of Zebedee ទំព័រ ៥៧–៦៩ ។

  16. សូមមើល យ៉ូហាន ១៩:៣៥; ២១:២៤–២៥ សូមមើល​ផងដែរ យ៉ូហាន ២០:៣០–៣១ ។

  17. សូមមើល Joseph Smith’s New Translation of the Bible: Original Manuscripts កែសម្រួល​ដោយ Scott H. Faulring, Kent P. Jackson និង Robert J. Matthews ( ឆ្នាំ ២០០៤ ) ទំព័រ ២៣៤ ។

  18. ឧទាហរណ៍​អំពី​ការពិភាក្សា​របស់​ពួក​អ្នក​ប្រាជ្ញ​ស្តីពី​អត្តសញ្ញាណ​នៃ​សិស្ស​សំណព្វ សូមមើល Culpepper John, the Son of Zebedee ទំព័រ ៧២–៨៥ និង Raymond E. Brow,n An Introduction to the Gospel of John កែសម្រួល​ដោយ Francis J. Moloney ( ឆ្នាំ ២០០៣ ) ទំព័រ ១៨៩–១៩៩ ។ សម្រាប់​សាវក​យ៉ូហាន​ជា​ប្រភព ឬ​ជា​អ្នកនិពន្ធ​ដំណឹងល្អ​របស់​យ៉ូហាន សូមមើល Richard Neitzel Holzapfel, Eric D. Huntsman និង Thomas A. Wayment, Jesus Christ and the World of the New Testament ( ឆ្នាំ ២០០៦ ) ទំព័រ ១២៦–១២៧ និង​ការសរសេរ​ថ្មីៗ​ផ្ទាល់​របស់​ខ្ញុំ​នៅក្នុង « The Gospel of John » នៅក្នុង New Testament History, Culture, and Society ( ឆ្នាំ ២០១៨ ) កែសម្រួល​ដោយ Lincoln Blumell ។

  19. សូមមើល Raymond E. Brown, The Epistles of John (The Anchor Bible វ៉ុល​ទី ៣០ [ ឆ្នាំ ១៩៨២ ] ) ទំព័រ ៤៩–៥៥, ៧១ ។

  20. សូមមើល Culpepper John, the Son of Zebedee ទំព័រ ៩០–៩៥ និង Holzapfel, Huntsman និង Wayment, Jesus Christ and the World of the New Testament ទំព័រ ២៧៤–២៧៧ ។

  21. សូមមើល Holzapfel, Huntsman និង Waymen,t Jesus Christ and the World of the New Testament, ទំព័រ ២៨១–២៨២ ជាពិសេស នីហ្វៃ​ទី ១ ១៤:១៨–២៧; អេធើរ ៤:១៦ និង គោលលទ្ធិ និង​សេចក្តីសញ្ញា ៧:១–៣; ៧៧ ។