២០១៩
ដំណាំ​នៃ​ទីបន្ទាល់
ខែ មករា ឆ្នាំ ២០១៩


ដំណាំ​នៃ​ទីបន្ទាល់

តើ​ការ​មាន​ទីបន្ទាល់​មួយ​មាន​ន័យ​ដូម្តេច ?

រូបភាព
Testimony Plants

អេលីសា​បាន​ដើរ​ចូល​ទៅក្នុង​ថ្នាក់​អង្គការ​បឋម​សិក្សា ហើយ​អង្គុយ​នៅ​ក្បែរ​មិត្ត​របស់​នាង​ឈ្មោះ​អាម៉ានដូ ។

បងស្រី​រ៉ូសូ​បាន​និយាយ​ថា « សូម​ស្វាគមន៍ ! ។ សូម​ចាប់ផ្តើម​ដោយ​ការច្រៀង​ចម្រៀង » ។

អេលីសា​បាន​ច្រៀង​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។ « ជំនឿ​គឺ​ដូចជា​គ្រាប់​ពូជ ៖ បើ​ដាំ វា​នឹង​ដុះ​ឡើង » ( សៀវភៅ​ចម្រៀង​កុមារ លេខ ៥០ ) ។

បងស្រី​រ៉ូសូ​បាន​ចែក​ក្រដាស និង​ខ្មៅដៃ ។ គាត់​បាន​និយាយ​ថា « សូម​គិត​អំពី​អ្វី​ដែល​យើង​បាន​ច្រៀង ។ នៅពេល​ប្អូនៗ​ដាំ​គ្រាប់​ពូជ​នៃ​សេចក្តីជំនឿ​របស់​ប្អូនៗ នោះ​វា​នឹង​ដុះ​ឡើង​ទៅ​ជា​ទីបន្ទាល់​មួយ ។ ឥឡូវ​នេះ សូម​គូរ​រូបភាព​នៃ​ទីបន្ទាល់ របស់​ប្អូន​ថា វា​មាន​សភាព​ដូចម្តេច ប្រសិនបើ​វា​គឺជា​ដំណាំ​មួយ » ។

អេលីសា​បាន​សម្លឹង​មើល​ក្រដាស​ទទេ ស្អាត​របស់​នាង ។ កុមារ​ផ្សេង​ទៀត​បាន​ចាប់ផ្តើម​គូរ​គំនូរ ។ អេលីសា​ក្រឡេក​មើល​គំនូរ​របស់​អាម៉ានដូ ។ ដំណាំ​របស់​គាត់​មាន​គល់​ត្រង់​ដែល​មាន​ស្លឹក​ជា​ច្រើន ។ វា​ដូចជា​រូប​ដើម​ជីរ​នៅលើ​រាលហាល​នៅផ្ទះ​របស់​នាង ។ ទីបន្ទាល់​របស់​នាង​ប្រហែល​ជា​មាន​សភាព​ដូច្នេះ​ផងដែរ ! នាង​បាន​ក្តាប់​ខ្មៅដៃ ហើយ​គូរ​គំនូរ​មួយ​ដូច​អាម៉ានដូ​ផងដែរ ។

បងស្រី​រ៉ូសូ​បាន​និយាយ​ថា « សូម​បើក​គម្ពីរ​របស់​ប្អូនៗ​ទៅ អាលម៉ា ៣២ » ។

ពួកគេ​បាន​អាន​អំពី​ការដាំ​គ្រាប់ពូជ​នៅក្នុង​ចិត្ត​របស់​អ្នក ហើយ​ទទួល​អារម្មណ៍​នៃ​រីកលូតលាស់​របស់​វា ។ អេលីសា​បាន​សម្លឹង​មើល​ដំណាំ​នៃ​ទីបន្ទាល់​របស់​នាង ។ តើ នាង​មាន​ទីបន្ទាល់​ដែរ​ឬ​ទេ ? តើ​នោះ​មាន​ន័យ​យ៉ាង​ណា​ដែរ ? នាង​ចង់​សួរ ប៉ុន្តែ​មាន​អារម្មណ៍​ខ្មាស​អៀន ។

ពេល​ចប់​ថ្នាក់ បងស្រី​រ៉ូសូ​បាន​មក​រក​អេលីសា ។

បងស្រី​រ៉ូសូ​បាន​សួរ​ថា « មើល​ទៅ​ប្អូន​ដូចជា​បែក​អារម្មណ៍ ។ តើ​ប្អូន​មាន​រឿង​អ្វី​ទៅ ? »

អេលីសា​បាន​មើល​ទៅ​គំនូរ​របស់​នាង​ម្តង​ទៀត ។ « ខ្ញុំ​ពុំ​ប្រាកដ​ចិត្ត​ថា ខ្ញុំ​មាន​ទីបន្ទាល់​មួយ​ឬ​អត់​នោះ​ទេ ។ ខ្ញុំ​ពុំ​ដឹង​ថា វា​មាន​ន័យ​យ៉ាង​ណា​នោះ​ទេ » ។

បងស្រី​រ៉ូសូ​បាន​ញញឹម​ដាក់​អេលីសា ។ « វា​មិន​អី​នោះ​ទេ ។ តើ​ប្អូន​ចាំ​ថា សេចក្តីជំនឿ​ជា​អ្វី​ទេ ? »

អេលីសា​បាន​ងក់​ក្បាល ។ « ការជឿ​ទៅលើ​អ្វី​មួយ​ដែល​យើង​មើល​មិន​ឃើញ ? »

បងស្រី​រ៉ូសូ​បាន​និយាយ​ថា « ត្រឹមត្រូវ​ហើយ ។ តើ​ប្អូន​ជឿ​លើ​អ្វី​ខ្លះ ? »

នោះ​គឺ​ជា​សំណួរ​ងាយ​ស្រួល​មួយ ។ « ខ្ញុំ​ជឿ​ទៅលើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ ខ្ញុំ​ដឹង​ថា ពួកទ្រង់​ស្រឡាញ់​ខ្ញុំ » ។

បងស្រី​រ៉ូសូ​បាន​ញញឹម ។ « ប្អូន​ទើបតែ​ចែកចាយ​ទីបន្ទាល់​របស់​ប្អូន ! ទីបន្ទាល់​គឺជា​អ្វី​ដែល​ប្អូន​ជឿ​អំពី​ដំណឹងល្អ » ។

អេលីសា​បាន​គិត​អំពី​រឿង​នោះ ។ « ដូច្នេះ​ខ្ញុំ​មាន​ទីបន្ទាល់​មួយ​រួច​ទៅ​ហើយ​មែនទេ ? »

« ចាស៎ ! » បងស្រី​រ៉ូសូ​បាន​ជួយ​បើក​ខគម្ពីរ​របស់​នាង ។ « តើ​ប្អូន​ចាំ​ពី​អ្វី​ដែល​យើង​បាន​អាន​នៅ​ថ្ងៃ​នេះ​ទេ ? ប្អូន​ចិញ្ចឹម​បីបាច់​គ្រាប់ពូជ​តាមរយៈ​ការធ្វើ​កិច្ចការ​ដូចជា ការមក​ព្រះវិហារ ។ នោះ​ទីបន្ទាល់​របស់​ប្អូន​នឹង​រីកដុះដាល​ខ្លាំង​ឡើងៗ » ។

អេលីសា​មាន​អារម្មណ៍​ថា នាង​ដូចជា​យល់​ហើយ ។ « ដូច្នេះ នោះ​ជា​មូលហេតុ​ដែល​យើង​គូរ​រូបភាព​នៃ​ទីបន្ទាល់​របស់​យើង​ដូចជា​ដំណាំ​មួយ​មែន​ទេ ?

បងស្រី​រ៉ូសូ​បាន​និយាយ​ថា « ប្រាកដ​ណាស់ ។ ដោយសារ​ដំណាំ​លូតលាស់​ឡើង​បន្តិច​ម្តងៗ ។ ទីបន្ទាល់​ក៏​ដូចគ្នា​ផងដែរ ។ ទីបន្ទាល់​ពុំ​កើត​ឡើង​ក្នុង​ពេល​តែ​មួយ​ឡើយ ។ ទីបន្ទាល់​រីក​លូតលាស់​បន្តិច​ម្តងៗ ។

អេលីសា​មាន​អារម្មណ៍​ល្អ​ជាង​មុន​អំពី​ដំណាំ​ដែល​នាង​បាន​គូរ ។ នៅពេល​នាង​ទៅដល់​ផ្ទះ នាង​បាន​សរសេរ​ថា « ដំណាំ​នៃ​ទីបន្ទាល់​របស់​ខ្ញុំ » នៅ​ជាប់​នឹង​គំនូរ​របស់​នាង ។ នាង​បាន​ព្យួរ​រូប​គំនូរ​នោះ​នៅ​ក្បែរ​គ្រែ​របស់​នាង ។ នាង​បាន​ដឹង​ថា ទីបន្ទាល់​របស់​នាង​កំពុង​តែ​លូតលាស់ ។ ហើយ​នាង​ចង់​បន្ត​ធ្វើ​តាម​ព្រះយេស៊ូវ ដើម្បី​ឲ្យ​វា​អាច​រីកលូតលាស់​កាន់​តែ​ធំ​ឡើងៗ !