ដំណើររឿង​ក្នុង​ព្រះគម្ពីរ
គ្រោះកាច​នៅ​ស្រុក​អេស៊ីព្ទ


« គ្រោះកាច​នៅ​ស្រុក​អេស៊ីព្ទ » ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ( ឆ្នាំ ២០២២ )

« គ្រោះកាច​នៅ​ស្រុក​អេស៊ីព្ទ » ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់

និក្ខមនំ ៤–៥; ៧–១២

គ្រោះកាច​នៅ​ស្រុក​អេស៊ីព្ទ

ជម្រើស​របស់​ស្តេចផារ៉ោន​ជំទាស់​នឹង​ព្រះអម្ចាស់

រូបភាព
ម៉ូសេ និង អើរ៉ុន កំពុង​ទូល​ទៅកាន់​ស្តេចផារ៉ោន

ម៉ូសេ បាន​ដាក់ទីទុក​ចិត្ត​លើ​ព្រះអម្ចាស់ ហើយ​ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ​វិញ ។ ម៉ូសេ និង អើរ៉ុន បងប្រុសរ​បស់​លោក​បាន​ទៅ​គាល់​ស្តេចផារ៉ោន ហើយ​បាន​ទូល​ទ្រង់​ឲ្យ​ដោះលែង​សាសន៍​អ៊ីស្រាអែល​ឲ្យ​មាន​សេរីភាព និង​ចាកចេញ​ពី​ស្រុក​អេស៊ីព្ទ ។ ស្តេចផារ៉ោន បាន​ខ្ញាល់ ហើយ​បាន​បដិសេធ ។ ទ្រង់​ថែមទាំង​បង្ខំ​ឲ្យ​សាសន៍​អ៊ីស្រាអែល​ធ្វើការ​កាន់តែ​ខ្លាំងឡើង​ទៀត​ផង ។

និក្ខមនំ ៤:១០–១៦; ៥:១–១៨

រូបភាព
ទឹក​ទន្លេ​ប្រែ​ជា​ឈាម

ពីព្រោះ ស្តេចផារ៉ោន មិន​បាន​ស្តាប់​តាម​ព្រះអម្ចាស់ នោះ​សាសន៍​អេស៊ីព្ទ បាន​ជួប​គ្រោះកាច​យ៉ាងខ្លាំង ។ ដំបូង ទឹក​នៅ​ស្រុក​អេស៊ីព្ទ​​ទាំងអស់​ប្រែ​ទៅ​ជា​ឈាម ។ ម៉ូសេ បាន​ទូល​ទៅ ស្តេចផារ៉ោន ជា​ថ្មី​ម្តងទៀត​ឲ្យ​ដោះលែង​សាសន៍​អ៊ីស្រាអែល ប៉ុន្តែ ស្តេចផារ៉ោន បាន​បដិសេធ ។

និក្ខមនំ ៧:១៤–២៥

រូបភាព
សត្វ​កង្កែប​លោត​លើ​សាសន៍​អេស៊ីព្ទ

បន្ទាប់​មក ព្រះអម្ចាស់​បាន​ធ្វើ​ឲ្យ​មាន​សត្វកង្កែប​ពេញ​ស្រុក​អេស៊ីព្ទ ។ វា​មាន​ពាសពេញ​នៅ​គ្រប់​ទីកន្លែង​ទាំងអស់ ។ ស្តេចផារ៉ោន មាន​បន្ទូល​ថា​នឹង​ដោះលែង​សាសន៍​អ៊ីស្រាអែល​ឲ្យ​ចេញ​ទៅ ប្រសិនបើ​សត្វកង្កែប​បាត់​អស់ ។ ព្រះអម្ចាស់​បាន​ដក​យក​សត្វកង្កែប​ទាំងអស់​ចេញ ប៉ុន្តែ ស្តេចផារ៉ោន មិន​ដោះលែង​សាសន៍​អ៊ីស្រាអែល​ឲ្យ​ចេញទៅ​ទេ ។ បន្ទាប់​មក ព្រះអម្ចាស់​បាន​ធ្វើ​ឲ្យ​មាន​សត្វចៃ និង រុយ ។

និក្ខមនំ ៨:១–៣២

រូបភាព
សាសន៍​អេស៊ីព្ទ និង​សត្វ​ងាប់

បន្ទាប់​មក សត្វ​ពាហៈនៈ​ក្នុង​កសិដ្ឋាន​របស់​ពួក​សាសន៍​អេស៊ីព្ទ​ទាំងអស់​បាន​ងាប់ ប៉ុន្តែ​សត្វ​ពាហៈនៈ​របស់​សាសន៍​អ៊ីស្រាអែល​មិន​បាន​ងាប់​ឡើយ ។ បន្ទាប់​មក សាសន៍​អេស៊ីព្ទ​បាន​ឈឺ​ចុកចាប់​ពេញ​រាងកាយ ។

និក្ខមនំ ៩:៣–១២

រូបភាព
ព្យុះព្រិល និង​ព្យុះភ្លើង​បាន​បំផ្លាញ​ស្រុក​អេស៊ីព្ទ

ខ្យល់​ព្យុះ​ព្រិល និង​ភ្លើង​ដ៏​កំណាច​ក៏​បាន​បោកបក់​មក​ស្រុក​អេស៊ីព្ទ​ដែរ ។ ហេតុការណ៍​នេះ​បណ្តាល​ឲ្យ​មាន​ការខូចខាត​យ៉ាងខ្លាំង ។

និក្ខមនំ ៩:២២–៣៥

រូបភាព
សត្វកណ្តូប​ស៊ី​ដំណាំ

ស្តេចផារ៉ោន នៅ​តែ​មិន​ដោះលែង​សាសន៍​អ៊ីស្រាអែល​ឲ្យ​ចេញ​ទៅ ។ បន្ទាប់​មក ព្រះអម្ចាស់​បាន​ធ្វើ​ឲ្យ​មាន​សត្វកណ្តូប​មក ហើយ​វា​ស៊ី​អាហារ​របស់​ប្រជាជន​ទាំងអស់ ។

និក្ខមនំ ១០:១២–២០

រូបភាព
ស្តេចផារ៉ោន

បន្ទាប់​មក មាន​យប់ងងឹត​រយៈពេល​បីថ្ងៃ ។ នៅ​អំឡុង​ពេល​នៃ​គ្រោះកាច​ទាំង​នេះ ស្តេចផារ៉ោន បាន​សន្យា​ថា​នឹង​ដោះលែង​សាសន៍​អ៊ីស្រាអែល​ឲ្យ​ចេញ​ទៅ ប្រសិនបើ​គ្រោះកាច​នេះ​នឹង​ឈប់ ប៉ុន្តែ​ទ្រង់​បាន​កុហក​គ្រប់​ពេល ។

និក្ខមនំ ១០:២១–២៣, ២៧

រូបភាព
ម៉ូសេ និង​ក្រុមគ្រួសារ

បន្ទាប់​ពី​គ្រោះកាច​ចំនួន​ប្រាំបួន​ខុសៗ​គ្នា​បាន​កើត​ឡើង ស្តេចផារ៉ោន នៅ​តែ​មិន​ដោះលែង​សាសន៍​អ៊ីស្រាអែល​ឲ្យ​ទៅ​ដដែល ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ប្រាប់​ម៉ូសេ​ថា គ្រោះកាច​ដ៏​ខ្លាំង​មួយ​ទៀត​នឹង​កើត​មាន ។ ព្រះអម្ចាស់​បាន​ដឹកនាំ និង​ការពារ​សាសន៍​អ៊ីស្រាអែល នៅ​ពេល​ដែល​​ពួកគេ​រង់ចាំ​សម្រាប់​សេរីភាព​របស់​ពួកគេ ។

និក្ខមនំ ១១:៤–៧; ១២:១–១៣