ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ណូអេ និង​គ្រួសារ​របស់​លោក


« ណូអេ និង​គ្រួសារ​របស់​លោក » ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ( ឆ្នាំ ២០២២ )

« ណូអេ និង​គ្រួសារ​របស់​លោក » ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់

លោកុប្បត្តិ ៦–៩; ម៉ូសេ ៨

ណូអេ និង​គ្រួសារ​របស់​លោក

ទូក​ធំ ទឹកជំនន់ និង​សេចក្តីសន្យា​របស់​ព្រះអម្ចាស់

រូបភាព
ណូអេ សម្លឹង​មើល​ទៅ​ប្រជាជន

ណូអេ និង​គ្រួសារ​របស់​លោក​បានគោរពតាម​ព្រះអម្ចាស់ ។ មនុស្ស​ផ្សេងទៀត​សុទ្ធ​តែ​ទុច្ចរិត​ទាំងអស់ ។ ព្រះអម្ចាស់​បានមាន​បន្ទូល​ទៅ​ណូអេ ថា​ទឹកជំនន់​នឹង​គ្របដណ្តប់​លើ​ផែនដី ប្រសិនបើ​ប្រជាជន​មិនប្រែចិត្ត​ទេ ។

លោកុប្បត្តិ ៦:៥–១៣; ម៉ូសេ ៨:១៣–១៧

រូបភាព
ណូអេ ​បង្រៀន​ប្រជាជន

ណូអេ បានបង្រៀន​ប្រជាជន​ថា ព្រះអម្ចាស់​សព្វព្រះហឬទ័យ​នឹង​ពួកគេ ហើយ​មានព្រះទ័យ​ចង់​ឲ្យ​ពួកគេ​ប្រែចិត្ត ហើយ​មាន​សេចក្ដីជំនឿ​លើ​ព្រះ​យេស៊ូវគ្រីស្ទ ។ ពួកគេ​ពុំស្តាប់​ឡើយ ។

ម៉ូសេ ៨:១៩–៣០

រូបភាព
ណូអេ និង​ក្រុមគ្រួសារសាងសង​ទូក​ធំ

ណូអេ បានសោកសៅ​ដែល​ប្រជាជន​មិន​បាន​ប្រែចិត្ត ។ ព្រះអម្ចាស់​បានមាន​បន្ទូល​ណូអេ ឲ្យ​ធ្វើ​នាវា​ធំមួ​ហៅថា​ទូកធំ ។ ទូកធំ​នេះ​នឹង​រក្សា​ក្រុមគ្រួសារ​របស់​ណូអេ ឲ្យ​រួចផុត​ពី​ទឹកជំនន់ ។

លោកុប្បត្តិ ៦:១៤–១៨, ម៉ូសេ ៨:២៥

រូបភាព
សត្វទាំងពួង​ដើរ​ចូល​ក្នុង​ទូក​ធំ

ក្រុមគ្រួសារ​របស់​ណូអេ បាន​យក​អាហារ​ចូល​ទៅក្នុង​ទូក​ធំ​នេះ ។ ព្រះអម្ចាស់​បានបញ្ជូន​សត្វ​ពីអំបូរ​មួយៗ​យ៉ាងហោចណាស់​ពីរក្បាល​ទៅឲ្យ​ណូអេ ។ សត្វ​ទាំងពួង​បានដើរ​ចូលទៅ​ក្នុង​ទូកធំ ហើយ​ប្រាំពីរ​ថ្ងៃ​ក្រោយមក​ភ្លៀង​ក៏ធ្លាក់​មក ។

លោកុប្បត្តិ ៦:១៨–២២; ៧:១–៩

រូបភាព
ទូក​ធំ​អណ្ដែត​នៅលើ​សមុទ្រ

ដូច​អ្វី​ដែល​ព្រះអម្ចាស់​បានព្រមាន ភ្លៀង​បានធ្លាក់​អស់​រយៈពេល ៤០ ថ្ងៃ ៤០ យប់ ។ ទឹកជំនន់​គ្រប់ដណ្តប់​ផែនដី ។

លោកុប្បត្តិ ៧:៦–២៣

រូបភាព
ណូអេ និង គ្រួសារ

ក្រុមគ្រួសារ​របស់​ណូអេ និង​សត្វទាំងពួង​នៅក្នុង​ទូក​ធំ​អណ្តែត​លើ​ទឹក​ដោយ​សុវត្ថិភាព ។

លោកុប្បត្តិ ៧:២៤; ៨:១–៣

រូបភាព
ណូអេ ក្រុមគ្រួសារ និង​សត្វ​ទាំងពួង​នៅលើ​ដីគោក

នៅពេល​ឈប់​មាន​ទឹកជំនន់ ទូកធំ​នេះ​បាន​ចត​នៅលើ​ដីគោក ។ ណូអេ និង​គ្រួសារ​របស់​លោក​បាន​សង់​អាសនា​មួយ​ដើម្បី​ថ្វាយ​បង្គំ​ព្រះអម្ចាស់ និង​ថ្វាយ​អំណរគុណ​ដល់​ទ្រង់​សម្រាប់​ការការពារ​ពួកគេ ។ ព្រះអម្ចាស់​បាន​សន្យា​ថា​នឹង​មិន​ឲ្យ​មាន​ទឹកជំនន់​នៅ​លើ​ផែនដី​ម្តងទៀត​ឡើយ ។ ទ្រង់​បាន​បញ្ជូន​ឥន្ធនូ​មក​ដើម្បី​ជា​ការរំឭក​ដល់​សេចក្តីសន្យា​របស់ទ្រង់ ។

លោកុប្បត្តិ ៨:៣–២២; ៩:៨–១៧