ដំណើររឿង​ក្នុង​ព្រះគម្ពីរ
អ័ប្រាហាំ និង​ សារ៉ាយ


« អ័ប្រាហាំ និង ​សារ៉ាយ » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ ( ឆ្នាំ​២០២១ )

« អ័ប្រាហាំ និង ​សារ៉ាយ » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់

លោកុប្បត្តិ ១១–១៥; ១៧; អ័ប្រាហាំ ១–២

អ័ប្រាហាំ និង​ សារ៉ាយ

ការសន្យា​មួយ​ដើម្បី​ផ្ដល់​ពរជ័យ​ដល់​គ្រួសារ​មនុស្ស​លោក

រូបភាព
ទេវតា​សង្គ្រោះ​អ័ប្រាហាំ​ពី​សង្ឃ

អ័ប្រាហាំ​បាន​រស់​នៅ​ទីក្រុងអ៊ើរ ។ ពួក​សង្ឃ​ទុច្ចរិត​នៅ​ទី​នោះ​ចង់​ធ្វើ​យញ្ញបូជា​លោក​ដល់​ព្រះ​របស់​ពួកគេ ។ អ័ប្រាហាំ​បាន​អធិស្ឋាន ហើយ​ព្រះអម្ចាស់​បាន​សង្គ្រោះ​លោក ។

អ័ប្រាហាំ ១:១–២០

រូបភាព
អ័ប្រាហាំ និង​ សារ៉ាយ​ធ្វើ​ដំណើរ​ដោយ​ជិះ​លើ​សត្វ​អូដ្ឋ

បន្ទាប់​មក ព្រះអម្ចាស់​បាន​បង្គាប់​អ័ប្រាហាំ និង​ភរិយា​របស់​លោក ឈ្មោះ​សារ៉ាយ ឲ្យ​ចាកចេញ​ពី​ក្រុង​អ៊ើរ ហើយ​ធ្វើ​ដំណើរ​ទៅ​កាន់​ដែនដី​ដ៏​ឆ្ងាយ​មួយ ។ ទ្រង់​បាន​សន្យា​នឹង​ប្រទាន​ពរ​ដល់​ពួកគេ​ក្នុង​ការធ្វើដំណើរ​របស់​ពួកគេ ។

លោកុប្បត្តិ ១២:១–៣; អ័ប្រាហាំ ២:២–៤

រូបភាព
អ័ប្រាហាំ និង​សារ៉ាយ​ថែទាំ​សត្វចៀម

អ័ប្រាហាំ និង​សារ៉ាយ​បាន​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ ហើយ​បាន​ចាកចេញ​ពី​ក្រុង​អ៊ើរ ។ ប៉ុន្តែ​ពួកគេ​បាន​មាន​ចិត្ត​សោកសៅ ដោយសារ​ពួកគេ​មិន​អាច​មាន​កូន​បាន ។ ព្រះអម្ចាស់​បាន​លួងលោម​ចិត្ត​ពួកគេ ។ ទ្រង់​បាន​សន្យា​ថា ពួកគេ​នឹង​មាន​កូន​ម្នាក់ ។

លោកុប្បត្តិ ១១:៣០–៣១; ១៥:១–៦; ១៧:២–១៦; អ័ប្រាហាំ ២:៦–៩

រូបភាព
ព្រះ​បាន​បង្ហាញ​ព្រះកាយ​ដល់​អ័ប្រាហាំ

អ័ប្រាហាំ​បាន​អធិស្ឋាន​ទៅ​ព្រះអម្ចាស់ ដើម្បី​រៀន​បន្ថែម​ទៀត​ពី​ទ្រង់ ។ ព្រះអម្ចាស់​បាន​មក​ជួប​អ័ប្រាហាំ ហើយ​ហៅ​អង្គ​ទ្រង់​ថា​ជា​ព្រះយេហូវ៉ា ។ ព្រះយេហូវ៉ា​បាន​ចុះ​សេចក្ដីសញ្ញា​ជាមួយ​នឹង​អ័ប្រាហាំ ។ ទ្រង់​បាន​សន្យា​ថា អ័ប្រាហាំ​នឹង​មាន​បព្វជិតភាព ។ ទ្រង់​ក៏​សន្យា​ផង​ដែរ​ថា តាមរយៈ​គ្រួសារ​របស់​អ័ប្រាហាំ នោះ​ក្រុមគ្រួសារ​ទាំងអស់​នៃ​ផែនដី​នឹង​មាន​ពរ ។

អ័ប្រាហាំ ២:៦–១១

រូបភាព
អ័ប្រាហាំ និង​សារ៉ាយ​ធ្វើ​ដំណើរ​ដោយ​សត្វ​អូដ្ឋ

ពេល​អ័ប្រាហាំ និង​សារ៉ាយ​បាន​ធ្វើ​ដំណើរ នោះ​ពួកគេ​ត្រូវ​ស្វែងរក​អាហារ ។ ពួកគេ​បាន​ព្យាយាម​រស់​នៅ​ក្នុង​ដែនដី​មួយ​ដែល​មាន​ឈ្មោះ​ថា កាណាន ។ គ្មាន​អាហារ​នៅ​ទីនោះ​ទេ ដូច្នេះ​ពួកគេ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ស្រុក​អេស៊ីព្ទ ។ ប៉ុន្ដែ​ការរស់នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​មាន​គ្រោះថ្នាក់​ចំពោះ​ពួកគេ ។

លោកុប្បត្តិ ១២:១០–២០; អ័ប្រាហាំ ២:២១–២៥

រូបភាព
អ័ប្រាហាំ និង​សារ៉ាយ​មើល​ទៅ​សត្វ

អ័ប្រាហាំ និង​សារ៉ាយ​បាន​ចាក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ហើយ​បាន​ត្រឡប់​ទៅ​រស់​នៅ​ក្នុង​ស្រុក​កាណាន​វិញ ។ ពួកគេ​បាន​នាំយក​អាហារ និង​សត្វ​មួយ​ចំនួន​មក​ពី​ស្រុក​អេស៊ីព្ទ​ជាមួយ​នឹង​ពួកគេ ។ ស្រុក​កាណាន​គឺ​ជា​ផ្នែក​មួយ​នៃ​ដែនដី ដែល​ព្រះអម្ចាស់​បាន​សន្យា​ដល់​ពួកគេ ។

លោកុប្បត្តិ ១៣:១–៤, ១២; អ័ប្រាហាំ ២:១៩

រូបភាព
ម៉ិលគីស្សាដែក​និយាយ​ទៅកាន់​អ័ប្រាហាំ និង​សារ៉ាយ

ព្រះអម្ចាស់​ក៏​បាន​រក្សា​ការសន្យា​របស់​ទ្រង់​ថា អ័ប្រាហាំ​នឹង​ទទួល​បាន​បព្វជិតភាព ។ មាន​ថ្ងៃ​មួយ អ័ប្រាហាំ និង​សារ៉ាយ​បាន​ជួប​នឹង​ស្ដេច​ដ៏​សុចរិត​មួយ​អង្គ​ដែល​មាន​ព្រះនាម​ថា ម៉ិលគីស្សាដែក ។ អ័ប្រាហាំ​បាន​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ទៅកាន់​ទ្រង់ ។

លោកុប្បត្តិ ១៤:១៨–២៤; អាលម៉ា ១៣:១៥

រូបភាព
ម៉ិលគីស្សាដែក​កំពុង​ប្រសិទ្ធពរ​ដល់​អ័ប្រាហាំ

អ័ប្រាហាំ​បាន​ទទួល​បព្វជិតភាព​ពី​ម៉ិលគីស្សាដែក ។ នេះ​គឺ​ជា​បព្វជិត​ភាព​ដូច​គ្នា​ដែល​ព្យាការី​អ័ដាម និង​ណូអេ​បាន​ទទួល ។

ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ, លោកុប្បត្តិ ១៤:៣៦–៤០; អ័ប្រាហាំ ១:២–៤; គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:១៤

រូបភាព
អ័ប្រាហាំ និង​ សារ៉ាយ

អ័ប្រាហាំ និង​សារ៉ាយ​មាន​ចិត្ត​រីករាយ​នៅ​ស្រុក​កាណាន ប៉ុន្តែ​ពួកគេ​នៅ​តែ​មាន​ចិត្ត​បារម្ភ ដោយសារ​ពួកគេ​គ្មាន​កូន​មួយ​សោះ ។ ពួកគេ​ត្រូវ​ទុកចិត្ត​លើ​ការសន្យា​របស់​ព្រះអម្ចាស់​ថា នៅ​ថ្ងៃ​ណាមួយ គ្រួសារ​របស់​ពួកគេ​នឹង​មាន​កូន​ជាច្រើន ហើយ​ប្រទាន​ពរជ័យ​ដល់​ផែនដី​ទាំងមូល ។

លោកុប្បត្តិ ១៣:១២; ១៥:៣–៦