ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ព្យាការី​យេរេមា


« ព្យាការី​យេរេមា » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ ( ឆ្នាំ ២០២២ )

« ព្យាការី​យេរេមា » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់

យេរេមា ១–៥២

ព្យាការី​យេរេមា

ត្រូវបាន​ហៅ​ពីមុន​កំណើត​របស់​លោក

រូបភាព
យេរេមា​ត្រូវបាន​ហៅ​ឲ្យធ្វើជា​ព្យាការី

យេរេមា​បាន​រស់នៅ​ក្នុង​ក្រុង​យេរូសាឡិម នៅពេល​លោក​នៅក្មេង ។ ថ្ងៃមួយ ព្រះអម្ចាស់​បាន​យាង​មកឯ​យេរេមា ហើយ​បានហៅ​លោក​ឲ្យ​ធ្វើជា​ព្យាការី ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅ​យេរេមា​ថា លោក​ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើជា​ព្យាការី ពីមុន​លោក​បាន​ចាប់​កំណើត​មកម្ល៉េះ ។ ព្រះអម្ចាស់​បាន​ជ្រាប​ថា ជីវិត​របស់​យេរេមា​នឹង​ពិបាក ។ ប៉ុន្តែ ទ្រង់​បាន​សន្យា​នឹង​យេរេមា​ថា ទ្រង់​នឹង​គង់នៅ​ជាមួយ​យេរេមា​ជានិច្ច ។

យេរេមា ១:១–១០

រូបភាព
យេរេមា​កំពុង​ព្រមាន​ប្រជាជន

ប្រជាជន​នៅ​ក្រុង​យេរូសាឡិម​មិនបាន​រក្សា​សេចក្ដី​សន្យា​របស់​ពួកគេ​ជាមួយនឹង​ព្រះអម្ចាស់​ឡើយ ។ ដោយសារតែ​អំពើ​ទុច្ចរិត​របស់​ពួកគេ នោះ​យេរេមា​បាន​ព្រមាន​ប្រជាជន​ថា ពួកគេ​នឹង​ត្រូវគេ​វាយ​បង្ក្រាប ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ប្រសិនបើ​ពួកគេ​រក្សា​ថ្ងៃឈប់​សម្រាក​ឲ្យ​បរិសុទ្ធ នោះ​ទីក្រុង​យេរូសាឡិម​នឹង​មិន​ត្រូវ​បំផ្លាញ​ឡើយ ។ ប៉ុន្ដែ ប្រជាជន​មិន​ស្ដាប់​នោះទេ ។

យេរេមា ៦:១–១៩; ៨–៩; ១៧:២១–២៧

រូបភាព
យេរេមា​នៅក្នុង​គុក

យេរេមា​បាន​បង្រៀន​ប្រជាជន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ។ ប៉ុន្ដែ ពួកគេ​មិន​បាន​ប្រែចិត្ត​ឡើយ ។ ផ្ទុយទៅវិញ ពួកគេ​បាន​ធ្វើឲ្យ​យេរេមា​ឈឺចាប់ ហើយ​បាន​ចាប់​លោក​ដាក់​គុក ។

យេរេមា ២០:២; ២៦:៨–៩; ៣៧:១៥–១៨; ៣៨:៦

រូបភាព
យេរេមា​មើល​ក្រុង​យេរូសាឡិម​ត្រូវបាន​បំផ្លាញ

យេរេមា​ស្រឡាញ់​ប្រជាជន​នេះណាស់ ។ លោក​បាន​យំសោក​ដោយសារតែ​អំពើបាប​របស់​ពួកគេ ។ គឺ​ដូចជា​អ្វី​ដែល​លោក​បាន​និយាយ ក្រុង​យេរូសាឡិម​ត្រូវបាន​បំផ្លាញ ហើយ​ប្រជាជន​ត្រូវ​គេ​ចាប់ជា​ឈ្លើយ ។

យេរេមា ៩:១–៨; ២៥:៩–១២; ៥២:១–១០

រូបភាព
យេរេមា​កត់ត្រា​ទុក​នូវ​ការព្យាករ

យេរេមា​ត្រូវបាន​គេ​នាំយក​ទៅ​ស្រុក​អេស៊ីព្ទ ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ឲ្យ​លោក​កត់ត្រា​នូវ​ការព្យាករ​របស់​លោក​ទុក ។ យេរេមា​បាន​គោរព​តាម​ព្រះអម្ចាស់ ទោះបីជា​នៅពេល​ពិបាក​ក្ដី ។ លោក​បាន​បន្ដ​ប្រាប់​ប្រជាជន​របស់​លោក ឲ្យ​រក្សា​ការសន្យា​របស់​ពួកគេ​ជាមួយ​នឹង​ព្រះអម្ចាស់ ។

យេរេមា ៣៦:១–២, ២៧–៣២