ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ហោរា​ស្រី ដេបូរ៉ា


« ហោរា​ស្រី ដេបូរ៉ា » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ ( ឆ្នាំ ២០២២ )

« ហោរា​ស្រី ដេបូរ៉ា » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់

ពួកចៅហ្វាយ ៤–៥

ហោរា​ស្រី ដេបូរ៉ា

អ្នកដឹកនាំ​ដែល​បាន​ជួយ​អ៊ីស្រាអែល​ឲ្យ​ទុកចិត្ត​លើ​ព្រះអម្ចាស់

រូបភាព
ហោរា​ស្រី ដេបូរ៉ា

ដេបូរ៉ា គឺជា​ហោរា​ស្រី​ម្នាក់ ជា​អ្នកដឹកនាំ​ដ៏ស្មោះត្រង់​ម្នាក់​ដែល​ត្រូវ​បាន​បំផុស​គំនិត​ដោយ​ព្រះអម្ចាស់ ។ ប្រជាជន​របស់​នាង​បាន​ឈប់​កាន់តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះអម្ចាស់ ហើយ​ពួកសាសន៍​កាណាន​បាន​គ្រប់គ្រង​លើ​ពួកគេ ។ ម្ភៃ​ឆ្នាំ​ក្រោយមក ពួកសាសន៍​អ៊ីស្រាអែល​បាន​ចាប់ផ្ដើម​អធិស្ឋាន​សូម​ជំនួយ​ពី​ព្រះអម្ចាស់ ។

ពួកចៅហ្វាយ ៤:១–៥

រូបភាព
ដេបូរ៉ា កំពុង​អធិស្ឋាន

ព្រះអម្ចាស់​បាន​ស្តាប់ឮ​ការអធិស្ឋាន​របស់​ពួកគេ ។ ទ្រង់​បាន​មាន​បន្ទូល​ឲ្យ ដេបូរ៉ា កេណ្ឌ​កងទ័ព​អ៊ីស្រាអែល ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួកសាសន៍​កាណាន ។

ពួកចៅហ្វាយ ៤:៦

រូបភាព
ដេបូរ៉ា និយាយ​ទៅកាន់​ពួក​ទាហាន

កងទ័ព​សាសន៍​កាណាន​មាន​ទាហាន និង​រទេះ​ចម្បាំង​ជាច្រើន ។ ការណ៍​នេះ​ធ្វើឲ្យ​កងទ័ព​សាសន៍​អ៊ីស្រាអែល​ភ័យខ្លាច ប៉ុន្ដែ​ដេបូរ៉ា មិន​ខ្លាច​សោះ​ឡើយ ។ នាង​បាន​ដឹង​ថា ព្រះអម្ចាស់​នឹង​ជួយ​ពួកគេ ។

ពួកចៅហ្វាយ ៤:៣, ៧

រូបភាព
បារ៉ាក បាន​សូមឲ្យ ដេបូរ៉ា មក​ជាមួយ

បារ៉ាក គឺជា​មេទ័ព​នៃ​កងទ័ព​អ៊ីស្រាអែល ។ គាត់​មិន​ចង់​ទៅច្បាំង​ឡើយ ។ ប៉ុន្ដែ​គាត់​បាន​គិត​ថា ប្រសិនបើ ដេបូរ៉ា ទៅ​ជាមួយ​នឹង​កងទ័ព នោះ​ព្រះអម្ចាស់​នឹង​ការពារ​ពួកគាត់ ។ ដេបូរ៉ា បាន​យល់ព្រម​ទៅ​ជាមួយ ។ នាង​បាន​ព្យាករ​ថា ស្ដ្រី​ម្នាក់​នឹង​បង្ក្រាប ស៊ីសេរ៉ា ដែលជា​មេទ័ព​សាសន៍​កាណាន ។

ពួកចៅហ្វាយ ៤:៨–៩

រូបភាព
ដេបូរ៉ា និង​កងទ័ព​នៅលើ​កំពូល​ភ្នំ

កងទ័ព​សាសន៍​អ៊ីស្រាអែល​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅលើ​ភ្នំ​មួយ ហើយ​ទ័ព​សាសន៍​កាណាន​ប្រមូល​ផ្ដុំ​គ្នា​នៅឯ​ជ្រលង​ភ្នំ ។ ដេបូរ៉ា បាន​ប្រាប់ឲ្យ បារ៉ាក ចុះពី​លើ​ភ្នំ ។ នាង​បាន​សន្យា​ថា ព្រះអម្ចាស់​នឹង​គង់នៅ​ជាមួយ​នឹង​ពួកគេ ។

ពួកចៅហ្វាយ ៤:១២–១៤

រូបភាព
រទេះ​ចម្បាំង​ត្រូវ​លិចលង់​នៅក្នុង​ព្យុះ

ព្រះអម្ចាស់​បាន​បញ្ជូន​ភ្លៀង​មក ហើយ​រទេះ​ចម្បាំង​របស់​ពួកសាសន៍​កាណាន​ត្រូវ​លិចលង់​នៅក្នុង​ទឹក ។ ពួកសាសន៍​កាណាន​ជាច្រើន​បាន​លង់​ទឹក​ទន្លេ​នោះ ប៉ុន្ដែ ស៊ីសេរ៉ា បាន​រត់​គេច​ខ្លួន ។

ពួកចៅហ្វាយ ៤:១៥, ១៧; ៥:៤–៥, ១៩–២២

រូបភាព
យ៉ាអែល អញ្ជើញ ស៊ីសេរ៉ា​ឲ្យចូល​ទៅក្នុង​ត្រសាល

ស្ដ្រី​ម្នាក់​ឈ្មោះ យ៉ាអែល បាន​រស់នៅ​ក្នុង​ត្រសាល​មួយ​នៅក្បែរ​នោះ ។ នាង​បាន​ឃើញ ស៊ីសេរ៉ា​កំពុង​រត់ ហើយ​បាន​ប្រាប់​គាត់​ឲ្យទៅ​លាក់ខ្លួន​នៅក្នុង​ត្រសាល​របស់​នាង ។ យ៉ាអែល បាន​ដឹង​ថា គាត់​គឺជា​មេទ័ព​សាសន៍​កាណាន ហើយ​នាង​បាន​សម្លាប់​គាត់ ដើម្បី​កុំឲ្យ​គាត់​ទៅ​ធ្វើបាប​មនុស្ស​ជាច្រើន​ទៀត ។

ពួកចៅហ្វាយ ៤:១៥–២១

រូបភាព
ដេបូរ៉ា កំពុង​គន់​មើល​ទីក្រុង​ដ៏សុខសាន្ដ

ការព្យាករ​របស់ ដេបូរ៉ា បាន​ក្លាយជា​ការពិត ។ ស៊ីសេរ៉ា ត្រូវបាន​បង្ក្រាប​ដោយ​វីរនារី​ម្នាក់ ។ ដេបូរ៉ា បាន​ច្រៀង​ចម្រៀង​មួយបទ ដើម្បី​ជួយ​ពួកសាសន៍​អ៊ីស្រាអែល​ឲ្យ​ចងចាំ​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​សង្គ្រោះ​ពួកគេ ។ ពួកសាសន៍​អ៊ីស្រាអែល​បាន​កាន់តាម​បទបញ្ញត្តិ​ទាំងឡាយ ហើយ​បាន​រស់នៅ​ក្នុង​សេចក្ដី​សុខសាន្ដ​អស់​រយៈពេល ៤០ ឆ្នាំ ។

ពួកចៅហ្វាយ ៥:១, ២៤–២៧, ៣១