២០២០
ទ្រង់​គឺ​ជា​ពន្លឺ
ខែ ធ្នូ ឆ្នាំ ២០២០


ទ្រង់គឺជា ពន្លឺ

អ្នក​និពន្ធ​រស់​នៅរដ្ឋ​យូថាហ៍ ស.រ.អា. ។

កាល​នៅចម្ងាយ​រាប់ពាន់គីឡូម៉ែត្រពីផ្ទះ ខ្ញុំបាន​​រៀន​មេ​រៀន​ពី​ចំណុច​តូចៗនៃ ពន្លឺដែល​នៅឆ្ងាយ​រាប់លាន​គីឡូម៉ែត្រ ។

រូបភាព
illustration of city at nighttime

រចនា​រូបភាព​ដោយ កាព្រីយ៉ែល ហ្គ្រាកូលីស៊ី

ស្តាប់​ទៅហាក់បី​ដូច​ជាចម្លែក ប៉ុន្តែ​ខ្ញុំ​តែង​តែរំភើប សម្រាប់​ថ្ងៃបុណ្យគ្រីស្ទម៉ាស់ នៅក្នុង​បេសកកម្ម​របស់ខ្ញុំ ដែល​មាន​ចម្ងាយ​រាប់រយ ឬ​រាប់ពាន់គីឡូម៉ែត្រ ត្រូវឃ្លាត​​ឆ្ងាយពីការឈ្លោះ​ប្រកែក​ក្នុង​គ្រួសារ និងការរំខាន​មក​ពី​​ពាណិជ្ជកម្ម ។ បុណ្យ​គ្រីស្ទម៉ាស់​គឺ​ជា​បុណ្យ​អំពី​ព្រះយេស៊ូវ តើអ្វីជា​វីធីដ៏ល្អ​បំផុត​ដើម្បី​អបអរ ជាជាងការជួយ​អ្នកដទៃ​ឲ្យ​មករកព្រះគ្រីស្ទទៀតនោះ ?

ល្ងាច​មួយនៅក្នុង​ខែ ធ្នូ ដៃគូ​និង​ខ្ញុំ​បាន​ត្រឡប់​មក​ផ្ទះវិញ បន្ទាប់ពីបាន​ធ្វើ​កិច្ច​ការ​ផ្សព្វផ្សាយ​ពេញ​មួយ​ថ្ងៃ​នៅ ឡា ប៉ាហ្ស ជា​កន្លែង​វេទមន្ត​មួយ នៅ​ជាយ​ក្រុង​នៃ ទីក្រុង ឡាអូហ្គ ប្រទេស ហ្វីលីពីន ។ ខ្ញុំកំពុង​អង្គុយនៅក្នុង​ម៉ូតូ​កង់បី​ប្រជ្រៀត​ក្បែរដៃគូ​របស់ខ្ញុំ​ដែល​មាន​កម្ពស់ ១,៨៣ ម៉ែត្រ ហើយ​ខ្ញុំ​ពេញ​ចិត្តនឹង​ជីវិត​ខ្ញុំ​ណាស់ ។ ខ្យល់ត្រជាក់​បក់ប៉ះយើង រំឭកខ្ញុំ ( ស្ទើរតែ​ដូច ) ពី​ព្រឹល​នា​ពេល​គ្រីស្ទ​ម៉ាស់​នៅឯ​ផ្ទះ—ប៉ុន្តែវានៅ​ត្រជាក់មិនដូច ខែធ្នូ ដូច​ដែល​ខ្ញុំធ្លាប់មានទេ ។

ពេលយើង​ជិះកាត់​ទី​ជនបទ ភ្នែក​របស់ខ្ញុំផ្តោត​ទៅលើ​មេឃ ។ នៅខាងលើ ឆ្ងាយពី​ពន្លឺ និងសំឡេងនៃទីក្រុង នៅទីនោះ​អាច​មើល​ឃើញ​ផ្កាយ​រាប់ពាន់ ។ ប៉ុន្តែយើង​អាច​មើលឃើញ​ផ្កាយម្តងពីរបីៗ ពេល​ដែល​យើង​មក​ដល់ក​ណ្តាលក្រុង រហូតដល់មាន​តែផ្កាយ​ដែល​មាន​ពន្លឺ​ខ្លាំង​ជាង​គេ​ប៉ុណ្ណោះ​ទើប​អាច​មើលឃើញ ។

ខ្ញុំបាន​គិត​អំពីពន្លឺមក​ពីផ្កាយ និង​ព្រះយេស៊ូវ គ្រីស្ទ ។ ខ្ញុំបាន​គិត​អំពី​ផ្កាយ​ដែល​បានប្រកាសនៅពេល​ដែល ទ្រង់ប្រសូត្រ និង ព្រះគ្រីស្ទ ទ្រង់ផ្ទាល់ « ជា​ផ្កាយ​ព្រឹក​ដ៏​ភ្លឺ​ចិញ្ចែង » ( វិវរណៈ ២២:១៦ ) ។ ទ្រង់​គឺជាផ្កាយ​ដែល​មានពន្លឺ​ខ្លាំង​ជាងគេ ជាពន្លឺ​ដ៏ភ្លឺចិញ្ចែង​សម្រាប់យើង​ទាំងអស់​គ្នា ។ ប៉ុន្តែយ៉ាង​ណាក្តី គឺដូច​ជា​ផ្កាយ​ទាំង​នេះ ដែល​ខ្ញុំ​បានឃើញ​ខណៈពេល​ដែល​ក្រឡេក​មើល​ពីលើកង់បី សូម្បីតែទ្រង់​ក៏​អាច​ត្រូវ​ស្រអាប់​ដោយ​ពន្លឺក្រខ្វក់​ផ្សេងៗ ។ នៅពេល​ដែល​មានការរំខាន​កាន់តែ​ច្រើន ពន្លឺសិប្បនិម្មិត​កាន់​តែច្រើន នោះ​យើង​អាច​មើល​ឃើញ​ពន្លឺធម្មជាតិ​កាន់​តែ​តិច ។ នៅតាម​បណ្តា​ខេត្ត​នៃប្រទេស​ហ្វីលីពិន ផ្កាយ​មួយ​ចំនួន​យើង​នៅ​តែ​អាច​មើល​ឃើញ សូម្បីតែនៅកណ្តាល​ក្រុងក្តី ប៉ុន្តែ​នៅទី​ក្រុង​ធំ​ដូច ម៉ានីល បងប្អូន​មិនអាច​មើល​ឃើញ​សូម្បី​តែមួយ ។ ពន្លឺមកពីការផ្សាយ​ពាណិជ្ចកម្ម អាជីវកម្ម និងគេហដ្ឋាន​ទាំង​ឡាយ បានរារាំង​ពន្លឺផ្កាយ​មកពីចម្ងាយ ។

ការណ៏ដូច​គ្នានេះ​កើតឡើង នៅពេល​ដែល​យើង​ហ៊ុំពទ័​ខ្លួន​យើង​ដោយ​ការរំខាន និងពន្លឺ​សិប្បនិម្មិត​ទាំងឡាយ ។ វាកាន់​តែពិបាក​ក្នុង​ការមើល​ឃើញ​ពន្លឺរបស់​ព្រះ​គ្រីស្ទ ។

ការ​ពិត​ជាពិសេស​នេះកើតឡើង​អំឡុង​គ្រានៃ​ពិធីបុណ្យ​គ្រីស្ទ​ម៉ាស់ ។ វាងាយ​ស្រួល​ណាស់ក្នុង​ការមើល​រំលង ថ្ងៃឈប់​សម្រាកបុណ្យ ហើយ​ធ្វើ​ឲ្យ​ខ្លួន​យើង​មាន​ការរវល់ ដូច​ជាក្រុង ម៉ានីល អំឡុង​ពេល​ដ៏​មមាញឹក ។ មានអំណោយ​ដែលយើង​ត្រូវរក មានផែនការ​កម្មវិធី​ជប់លៀង មានកាត​ដែលយើង​ត្រូវ​សរសេរ និង ការសម្តែង ព្រម​ទាំង​ព្រឹត្តិការណ៍​រាប់មិនអស់ដែល​ត្រូវចូលរួម ។ នៅពេល​ដែល​យើង​មាន​អារម្មណ៍​ថា គ្មាន​ពេល​ទំនេរ​ដើម្បីក្រឡេក​មើល​លើ យើងប្រហែល​ជាមិន​ទាំងដឹងថា ពន្លឺ​របស់​ព្រះគ្រីស្ទ​កាន់តែ​ស្រអាប់​នៅក្នុង​ជីវិត​យើង​របៀបណា​ទេ ។

យើង​បើកភ្លើង​ក្នុង​គេហដ្ឋាន និងដើមឈើ យើង​មិន​អាច​បំភ្លេច​ពន្លឺ​នៃព្រះគ្រីស្ទ​ក្នុង​ដួង​ចិត្ត​យើង​បាន​ទេ ។ យើង​ប្រហែល​ជាចង់​បញ្ឈប់​សកម្មភាព​អធិក​អធម​មួយ​ភ្លែត ដើម្បី​ចងចាំ ពីអ្វីដែល​យើង​កំពុង​តែ​ប្រារព្ធ ។ បុណ្យ​គ្រីស្ទម៉ាស់​គឺ​ជា​បុណ្យ​អំពី​ព្រះយេស៊ូវ ទ្រង់​ជាពន្លឺ ហើយ​ប្រសិនបើយើង​ បង្រួម​ការរំខាន ហើយ​ក្រឡេក​មើល​លើ នោះយើង​អាច​ឃើញ្​ទ្រង់ ពន្លឺទ្រង់​ខ្ជាប់​ខ្ជួន និង​បំភ្លឺពិភពលោក​ទាំងមូល​ឲ្យឃើញ​ជានិច្ច ។ ◼