២០២០
អំណាច​នៃ​ការ​អធិស្ឋាន​នៅ​ក្នុង​ពន្ធនាគារ
ខែ ធ្នូ ឆ្នាំ ២០២០


អំណាច​នៃ​ការ​អធិស្ឋាន​នៅ​ក្នុង​ពន្ធនាគារ

ខ្ញុំតែង​ចងចាំជានិច្ច នៅយប់​មុន​ថ្ងៃ​បុណ្យគ្រីស្ទម៉ាស់នេះ ។

រូបភាព
small Nativity with a silhouette of children in the background

រចនា​រូបភាព​ដោយ ហ្វីល​អាត

ខ្ញុំបានជាប់ទោស​ឃុំខ្លួន​ចំនួន​បួន​ឆ្នាំកន្លះ នៅក្នុង​ពន្ធនាគារ​សហពន្ធ័​ទាក់ទង​នឹង​ការក្លែង​បន្លំ​ផ្នែកអចលនទ្រព្យ ។ ស្រ្តីភាគ​ច្រើននៅទីនោះ​ស្ងប់ស្ងាត់ និងមានការ​គោរព ។ បន្ទាប់មក​ស្រ្តី ១០ នាក់បាន​ផ្លាស់ចូល នៅបន្ទប់ទល់មុខ​យើង ។

ពួកគេ​នៅរហូតដល់យប់ជ្រៅ សើចក្អាក​ក្អាយ និង​ស្តាប់​តន្រ្តី​ខ្លាំងៗ ។ ពួកគេហាក់​បី​ដូចជា​មិនខ្វល់ថា ឥរិយាបទពួកគេ​បានប៉ះ​ពាល់​ដល់​អ្នក​ទោសដទៃឡើយ ។ មិត្តរួម​បន្ទប់​របស់​ខ្ញុំ​បាន​សុំឲ្យ​ខ្ញុំ​និយាយ​ជាមួយ​ពួកគេ ប៉ុន្តែ​ការសុន្ទនា​បែបនេះ​មិន​រលូន​ទេ​នៅក្នុង​ពន្ធនាគារ ។ ខ្ញុំបាន​អធិស្ឋានជំនួសវិញ​ដើម្បី​ឲ្យស្ត្រីទាំងនោះ​ផ្លាស់​ប្តូរ​ឥរិយាបទ និង​ស្តារភាពសុខសាន្តឡើងវិញ ប៉ុន្តែ​ស្ថាន​ភាព​កាត់តែអាក្រក់​ឡើងៗ​ទៅវិញ ។

រាត្រី​មួយ​អំឡុងពេល​កំពុងអធិស្ឋាន ខ្ញុំចាប់ផ្តើម​ដឹងថា​ ខ្ញុំមិន​បាន​ដាក់ចិត្ត​ខិតខំ​ស្គាល់​អ្នក​ជិត​ខាង​របស់​ខ្ញុំទេ ។ នៅថ្ងៃបន្ទាប់​ខ្ញុំបាន​ទៅ​បន្ទប់​ពួកគេ ហើយ​និយាយ​ជាមួយ​ពួកគេ ។ ពួកគេ​បាន​បង្ហាញ​រូបថតក្រុម​គ្រួសារ និងមនុស្ស​ជា​ទីស្រឡាញ់​របស់​ពួកគេ ។ ពួកគេ​បាន​សុំទោស​ដែលឡូឡា ។ ចាប់តាំង​ពីពេលនោះមក ពួកគេ​បានលើក​ដៃគ្រវី និង​មើល​ទៅ​ហាក់​ដូច​ជារីក​រាយ​ណាស់​ពេល​ពួកគេ​ឃើញ​ខ្ញុំ ។

ពីរបី​ថ្ងៃ​មុន​យប់​ថ្ងៃបុណ្យ​គ្រីស្ទម៉ាស់ ពួកគេ​អញ្ជើញ​ខ្ញុំចូល​រួម​អាហារ​ពេលល្ងាច​នៃយប់​មុន​ថ្ងៃ​បុណ្យគ្រីស្ទម៉ាស់​ជាមួយ​ពួកគេ ។ យើង​បាន​គ្រោង​ចែកចាយ​បទពិសោធន៍​ខាងវិញ្ញាណ​ដែល​យើងមាន​ដល់គ្នាទៅវិញ​ទៅមក ។ នៅយប់​ឆ្លង​ចូល​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់ យើង​បានជួបជុំ​គ្នា ហើយព្យួរ​ក្រដាស់​តែងលម្អពីរបី ។ ពួកយើង​គ្មាន​ដើមគ្រីស្ទម៉ាស់ទេ ប៉ុន្តែ​យើង​ទាំងអស់​គ្នាទទួលអារម្មណ៍​នៃ​ភាព​សុខសាន្ដ​ខាងវិញ្ញាណ ។ បន្ទាប់ពីអាហារ​ពេលល្ងាច​ដ៏សាមញ្ញ​ដែលមានតែ​ត្រីធូណា និង​ដំឡូង​បំពង​រួចមក យើង​បាន​ចែកចាយ​បទ​ពិសោធន៍​របស់យើង ។ យើង​ទាំងអស់គ្នា​មាន​ប្រវត្តិ​សាសនា​ខុសៗគ្នា ហើយ​រឿង​របស់​យើង​ម្នាក់ៗ​មានលក្ខណៈពិសេស ប៉ុន្តែ​បេះដូង​របស់យើងបានត​ភ្ជាប់គ្នា ហើយ​ព្រះវិញ្ញាណ​ក៏បាន​នៅទីនោះ ។

អេព្រិល​បាន​ប្រាប់យើងថា ម្តាយ​របស់គាត់​បានស្លាប់​មកពី​ការប្រើ​ថ្នាំ​ញៀន​លើស​ចំណុះ​នៅពេល​គាត់​មានអាយុ ១៤ ឆ្នាំ ។ អេព្រិលបាន​រស់នៅតាម​ចិញ្ជើម​ថ្នល់ ហើយ​គាត់​បាន​មានទម្ងន់ គាត់​បាន​យក​កូន​ឲ្យ​គេចិញ្ជឹម​នៅពេល​គាត់​មាន​អាយុ ១៥ ឆ្នាំ ។ គាត់ផ្ទាល់​ក៏មាន​បញ្ហា​ញៀននឹងគ្រឿងញៀនដែរ គាត់បាន​ចាប់ផ្តើម​ជួញ​ដូរ​ថ្នាំញៀន ហើយ​នៅទីបញ្ចប់​ក៏ត្រូវបាន​ចាប់ដាក់​គុក ។

អេព្រិល បាន​និយាយថា « ថ្ងៃមួយ​ខ្ញុំបាន​ងឿង​ឆ្ងល់​ថា​ខ្ញុំមិន​គួរ​មាន​ជីវិតទេ » ។ « វាមិន​ធ្វើឲ្យ​មានការ​ខុសប្លែក​អ្វីទេ​បើ​ខ្ញុំស្លាប់ ។ គ្មាននរណា​ម្នាក់​ដឹងថា​ខ្ញុំជាប់​គុកទេ ។ គ្មាន​នរណា​ម្នាក់ដឹង​ថា​បាត់ខ្ញុំទេ » ។ បន្ទាប់មក​គាត់​បាន​អធិស្ឋាន ហើយ​សួរព្រះ ថា​ប្រសិនបើ​ទ្រង់​ស្គាល់​គាត់ ។

នៅអាទិត្យ​បន្ទាប់ អ្នក​ផ្តល់​ប្រឹក្សា​នៅក្នុង​ពន្ធនាគារ បាន​ហុច​សំបុត្រ​ឲ្យ​គាត់​មកពី​ក្មេងស្រី ដែលគាត់​បាន​យកឲ្យ​គេ​ចិញ្ចឹម ។

អ្នកផ្តល់​ប្រឹក្សា​បាន​និយាយថា « ព្រះពិត​ជាកំពុង​ទត​មើល​អ្នកហើយ » ។

អេព្រិល បាន​និយាយថា « ឥឡូវនេះ​ខ្ញុំបាន​សរសេរ​សំបុត្រ​ទៅកូន​ស្រីរបស់ខ្ញុំ នាងបាន​មកសួរសុខទុក្ខ​ខ្ញុំម្តង » ។ « ខ្ញុំ​មិនបាន​ដឹង​ច្រើន​អំពី​សាសនាទេ​ប៉ុន្តែ​ខ្ញុំដឹង​ថា​ព្រះ​ខ្វល់​ខ្វាយ​ពី​ខ្ញុំ ពីព្រោះ​ទ្រង់​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​ខ្ញុំ » ។

អេព្រិល បាន​ចែក​ចាយ​រឿង​របស់គាត់ យើង​ទាំងអស់​គ្នា​អង្គុយ​ដោយ​ស្ងៀម​ស្ងាត់​ទាំងហូរ​ទឹក​ភ្នែក ។

អំឡុងពេល​ដែល​ខ្ញុំនៅក្នុង​ពន្ធនាគារ ខ្ញុំ​បាន​បើក​ដួងចិត្ត​ខ្ញុំ​អធិស្ឋាន​សូម​ព្រះវរបិតាសួគ៌​ឲ្យថែទាំ និងការពារ​ក្រុមគ្រួសារ​របស់ខ្ញុំ ។ ប៉ុន្តែ​នៅពេល​ខ្ញុំអធិស្ឋាន​សម្រាប់​អ្នក​ជិតខាង​របស់ខ្ញុំ​នៅក្នុង​ពន្ធនាគារ ខ្ញុំទូល​អង្វរទ្រង់ឲ្យទ្រង់​ជ្រាប​ពីសក្តានុពល​ដ៏ទេវភាព​របស់ពួកគេ និង​បាន​ទទួល​អារម្មណ៍​ដែលកាន់​តែពោរពេញ​ដោយក្តីស្រឡាញ់ និង​មេត្តាករុណា​នៃព្រះអង្គសង្គ្រោះ​របស់យើង ។

យប់​ឆ្លង​បុណ្យ​គ្រីស្ទម៉ាស់​នៅក្នុង​ពន្ធនាគារ​ថ្ងៃ​នោះ ពិត​ជា​ស្រស់​ស្អាតណាស់ ។ ◼