២០២០
ពរជ័យ​នៃទំនៀម​ទម្លាប់​បុណ្យគ្រីស្ទម៉ាស់
ខែ ធ្នូ ឆ្នាំ ២០២០


ពរជ័យ​នៃ ទំនៀម​ទម្លាប់​បុណ្យគ្រីស្ទ​ម៉ាស់

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​យូថាហ៍ ស.រ.អា. ។

វាគ្មានអ្វី ពិសេស​ទេក្នុង​ការ​ចំណាយ​ពេល​បុណ្យគ្រីស្ទ​ម៉ាស់​នៅក្នុង​ផ្ទះថ្មី នោះ​ប៉ុន្តែ​ពរជ័យ​បព្វជិតភាព​ធ្វើឲ្យ​គ្រប់យ៉ាង​ផ្លាស់ប្តូរ ។

រូបភាព
girl receiving a priesthood blessing

រចនា​រូបភាព​ដោយ ត្រេស៊ី វកឃឺ ។

ខ្ញុំ​បាន​ទទួល​បទ​ពិសោធន៍​ថ្ងៃ​គ្រីស្ទម៉ាស់​ដោយ​គ្មាន​ព្រឹល​ជា​លើក​ទីមយយ កាល​ខ្ញុំ​មាន​អាយុ ១៤ ឆ្នាំ ។ ក្រុមគ្រួសារ​របស់​ខ្ញុំ​ទើប​ផ្លាស់​ទីលំនៅ​ពី​លើ​ភ្នំ រដ្ឋ យូថាហ៍ ទៅ​រដ្ឋ​តិចសាស ស.រ.អា ។ ខ្ញុំ​មាន​អារម្មណ៍​ថា រដ្ឋ​តិចសាស គឺជា​វាល​ទំនាប និង​ក្តៅ​ពេក​សម្រាប់​ខ្ញុំ ។ វាពិបាក​ក្នុង​ការទទួល​អារម្មណ៍​នៃ​ស្មារតី​នៃ​បុណ្យ​គ្រីស្ទម៉ាស់​នៅ​ពេល​ដែល​គ្មាន​មិត្តភក្តិ​នៅ​សាលា​រៀន​ថ្មី និង​ជាពិសេស​នៅពេល​ដែល​គ្មាន​ព្រឹល​នៅលើ​ដី ។ ខ្ញុំ​មាន​អារម្មណ៍​ថា ចូល​គេ​មិនចុះ​នៅកន្លែង​ណាមួយ ដូច្នេះ​ជាញឹកញាប់​ខ្ញុំ​តែ​មានអារម្មណ៍​ឯកោ និង​សោកសៅ ។

នៅ​តែ​មួយ​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​ដល់​ថ្ងៃ​បុណ្យគ្រីស្ទ​ម៉ាស់​ហើយ ខ្ញុំ​រំពឹង​ទៅលើ​ទំនៀម​ទម្លាប់​ពិធីបុណ្យ​គ្រីស្ទម៉ាស់​ក្នុង​គ្រួសារ​ដែល​ធ្វើឲ្យ​វិញ្ញាណ​របស់​ខ្ញុំ​លើក​តម្កើង ចេញ​ពីភាព​សោក​សៅ ។ សកម្មភាព​សប្បាយៗ​ដែល​យើង​បាន​ធ្វើ​រួមគ្នា​ក្នុង​គ្រួសារ កាល​ពី​ឆ្នាំ​កន្លង​មក​តែធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ខ្លាំង​ណាស់ ។ ទំនៀមទម្លាប់​ជាផ្នែក​មួយ​ដ៏សំខាន់​ពីរបៀប​ដែល​យើង​អបអរ​បុណ្យគ្រីស្ទម៉ាស់​ដូច្នេះ​ខ្ញុំ​គិត​ថា​គ្មាន​អ្វី​គួរ​ឲ្យ​បារម្មណ៍​ទេ ។ វាត្រូវ​បាន​គេហៅ​ថា ទំនៀមទម្លាប់​សម្រាប់​មូលហេតុ​មួយ ដូច្នេះ​ខ្ញុំដឹង វា​ត្រូវតែ​ត្រូវបាន​រក្សា​ទុក ។

ការរក្សា​ស្មារតី​នៃ​បុណ្យគ្រីស្ទម៉ាស់​ឲ្យមាន​ភាពរស់​រវើក

ថ្ងៃ​បុណ្យគ្រីស្ទម៉ាស់​ឈាន​ចូល​សន្សឹមៗ ។ យើង​មិនទាន់​បាន​ធ្វើ​អ្វី​មួយ​ជាលក្ខណៈ​គ្រួសារ​ដើម្បី​អបអរ ដូច្នេះ​ខ្ញុំមាន​អារម្មណ៍​ខូច​ចិត្ត​ណាស់ ។ នៅ​ទីបញ្ចប់ យប់​មុន​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់​ឈាន​ចូល​មកដល់ ខ្ញុំ​រង់​ចាំពេញ​មួយថ្ងៃ ចាំ​អ្វី​មួយ​ដែល​នឹង​កើត​ឡើង—សកម្មភាព​អ្វី​មួយ​ដែល​បង្ហាញ​ថា ទំនៀម​ទម្លាប់​ដ៏​រីករាយ​នៃគ្រួសារ​យើង អាច​នៅតែ​បន្ត​មាន​ក្នុង​គេហដ្ឋាន​ថ្មីយើង ។ ខ្ញុំ​ប្រាដក​ថា​ខ្ញុំអាច​ចាប់ផ្តើម​ទំនៀម​ទម្លាប់​ដ៏មាន​តម្លៃនេះ​ដោយ​ខ្លួន​ឯងបាន ប៉ុន្តែ​ខ្ញុំ​មិនចង់ ។ ផ្ទុយ​ទៅវិញ ខ្ញុំ​កំពុង​រកមើល​សញ្ញាសំគាល់​ដើម្បី​បង្ហាញ​ខ្ញុំថា ស្មារតី​នៃ​បុណ្យគ្រីស្ទម៉ាស់​គឺនៅមាន​ភាព​រស់រវើក ។

តាំង​​ពីថ្ងៃ​ដល់​យប់​ស្វិត​ស្រពោន ហើយ​ខ្ញុំកាន់​តែសោក​សៅ ។ នៅពេល​ក្រុម​គ្រួសារ​ជុំគ្នា​អធិស្ឋាន​ល្ងាចនោះ ខ្ញុំ​បាន​ស្រក់​ទឹក​ភ្នែក ។ មាន​អារម្មណ៍​ថា​ផ្ទះ​ទាំង​មូល​របស់ខ្ញុំ​រងារ ហើយ​ទទេស្អាត ទោះ​បី​មាន​យើង​រស់នៅ​ក្នង​ផ្ទះ​នោះក្តី ។ រំពេច​នោះ​ប៉ា​របស់ខ្ញុំ​បាន​ប្តូរបរិយាកាស ស្ងប់ស្ងាត់​ជាមួយ​សំណួរ​មួយថា ។

តើ​មាន​អ្នកណា​ចង់​ទទួល​ពរជ័យ​បព្វជិត​ភាពដែរ​ទេ ?

បេះដូង​របស់​ខ្ញុំ​គាំង​មួយ​សន្ទុះ ។ ខ្ញុំខ្វល់​ខ្លាំង​ពេក​អំពី​តើ​គួរ​ដាក់​អំពូល​ភ្លើង​គ្រីស្ទម៉ាស់ ឬ​ដុត​នំ​ឃុកគី ឬអត់ វាបាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្លេច​អំពី​ទំនៀម​ទម្លាប់​ពិសេស ដែល​ពួកយើង​បាន​ធ្វើ​ជារៀងរាល់​យប់​មុន​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់—គឺយើង​ទាំងអស់​គ្នា​ទទួល​ពរជ័យ​នៃបព្វជិតភាព ។ កាល​ពីមុន​រាល់​ពេល​ទទួល​ពរជ័យ​ពី​ប៉ា គឺ​តែង​ផ្តល់​សន្តិភាព​ដល់​ខ្ញុំ ប៉ុន្តែ​មិន​មែន​គ្រប់គ្នា​នៅក្នុង​គ្រួសារ​ខ្ញុំ ចូលចិត្ត​ទទួល​ពរជ័យ​នោះ​ទេ ។ ពេល​ខ្លះ បងប្អូន និង​ម៉ាក់​របស់​ខ្ញុំ​និយាយថា ពួកគាត់​មាន​អារម្មណ៏ថា​មិនត្រូវ​ការទេ ។ ខ្ញុំ​មិន​ចង់​មាន​សេចក្តី​សង្ឃឹម​ជាថ្មី​ម្តង​ទៀត​ទេ បើគ្រប់​គ្នា​ច្រាន​ចោលនោះ ។

ប៉ុន្តែ​ពេល​នេះ ខុស​ពីមុន ។ ម៉ាក់​បានក្រោក​ឡើង​ហើយ​ទៅអង្គុយ​លើ​កៅអី​ដែល​ប៉ា​យក​មក​សម្រាប់​យើង ។

ម៉ាក់​និយាយ​យ៉ាង​ទន់​ភ្លន់ថា « អូន​ចង់​បាន​ការប្រសិទ្ធ​ពរ » ។

យើង​ទាំងអស់​គ្នា​មាន​ការភ្ញាក់​ផ្អើល ប៉ុន្តែ​ប៉ា​មិន​ស្ទាក់​ស្ទើ​ទេ ។ គាត់បាន​ដាក់ដៃ​គាត់​លើ​ក្បាល​ម៉ាក់ ហើយ​ចាប់ផ្ដើម​និយាយ ។ ខ្ញុំ​អាច​ញាណ​ដឹង​តាម​រយៈ​ពាក្យ​សម្ដី​ប៉ា​ថា ម៉ាក់​របស់​ខ្ញុំ​ក៏មាន​អារម្មណ៍​ស្មុគ​ស្មាញ និង​មានរឿង​ផ្ទាល់​ខ្លួន​ផង​ដែរ ។ គាត់​បាន​ពោល​ពាក្យ​លួងលោម និង​ភាពសុខ​សាន្ត​ដល់់ម៉ាក់​អំឡុង​គ្រា​នៃ​ការផ្លាស់​ប្តូរ​នេះ ។

ភ្លាម​នោះ​ខ្ញុំ​មាន​អារម្មណ៍​ដូចជា ភ្លើង​កំពុង​ឆេះ​ក្នុង​ទ្រូង​របស់ខ្ញុំ—ដូច​ជានរណា​ម្នាក់​អុច​ឈើគូស​ក្នុង​ពោះ​ខ្ញុំ ។ ខ្ញុំ​ដឹង​ថា​ខ្ញុំ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ទោះ​បី​ជា​ការ​ឆេះ​ក្នុង​ទ្រូង គឺ​មិន​ដូច​ជាអ្វី​ដែល​ខ្ញុំ​ធ្លាប់​ទទួល​អារម្មណ៏​ពីព្រះវិញ្ញាណ​ពីមុន​ក្តី ។ វាគឺដូច​ជាអ្វី​ដែល​ព្រះវរបិតា​សួគ៌​បាន​មាន​ព្រះ​បន្ទូល​មក​កាន់ខ្ញុំ ហើយ​សូម្បី​តែ​វាមិន​មែន​ជា​ពរជ័យ​នៃបព្វជិត​ភាព​របស់ខ្ញុំក្តី !

នៅពេល​ឳពុក​ខ្ញុំពោល​ពាក្យ « អាម៉ែន » ថ្នមៗ​ចប់​ខ្ញុំ​បាន​បើក​ភ្នែក​ឡើង​ទាំង​ទឹក​ភ្នែក ខ្ញុំ​ដឹង​ថា​គ្រួសារ​ទាំង​មូល​របស់​ខ្ញុំ កំពុង​យំ​ទាំងអស់គ្នា ។ យើង​ទាំងអស់​គ្នា​បាន​ឮ​ព្រះវិញ្ញាណ និយាយ​មក​កាន់​យើង នៅក្នុង​របៀប​ដែល​ពោរពេញ​ដោយ​ក្តីស្រឡាញ់ ថា​គ្រប់យ៉ាង​នឹង​មិន​អី​ទេ ។ ម៉ាក់​ប៉ា​របស់​ខ្ញុំ​បាន​ឱប​គ្នា ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា ពពកខ្មៅ​ដែល​នៅលើ​ក្បាល​របស់​ខ្ញុំ ជាយូរ​មក​ហើយ​នោះ នៅ​ទី​បំផុត​បាន​ប្រែ​ទៅ​ជា​ពន្លឺ​ព្រះអាទិត្យ ៕

យើង​ទាំង​អស់​គ្នាទទួល​ពរជ័យ​រួម​ទាំងខ្ញុំ​ផងដែរ ។ នៅក្នុង​ការប្រសិទ្ធ​ពរ​របស់​ខ្ញុំ ព្រះអម្ចាស់​បាន​ធានា​ដល់​ខ្ញុំ​ថា ទ្រង់​តែង​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​ខ្ញុំ ហើយ​ទ្រង់​ចង់​ឲ្យ​ខ្ញុំ​រីករាយ ។ វាផ្តល់​អារម្មណ៍​នៃសន្តិភាព និង​ភាពកក់​ក្តៅ ដែល​ខ្ញុំមិន​ធ្លាប់​មាន​ចាប់​តាំង​ពីពេល​ដែល​យើង​ផ្លាស់​ទីលំនៅ​មក​រដ្ឋ​តិចសាស ។

អំណាច​បព្វជិតភាព​គឺជាការពិត

យើង​ប្រហែល​ជាមិន​អាច​រក្សា​ទំនៀម​ទម្លាប់​គ្រប់យ៉ាង​នៅ​ឆ្នាំ​នោះ​បានទេ ប៉ុន្តែ​យើង​តែង​ចងចាំ តើ​វាមាន​អារម្មណ៍​បែបណា ក្នុង​ការធ្វើ​ជាសាក្សី ចំពោះ​អំណាច​នៃព្រះ ដែល​ហូរ​មក​តាមរយៈ​ពរជ័យ​បព្វជិតភាព​របស់​ប៉ា​ខ្ញុំ ។ ខ្ញុំតែង​ចងចាំ​ពី​របៀប​ដែល​វា​បានផ្លាស់ប្តូរ​អារម្មណ៍​ខ្ញុំ ពី​ភាព​សោកសៅ​ទៅរក​ភាព​សុខសាន្ត និង​ក្តីអំណរ ។ ខ្ញុំ​ក៏បាន​រៀន​មេរៀន​ដ៏មាន​តម្លៃ​អំពី​អំណាច​បព្វ​ជិត​ភាព​ផងដែរ ។ នៅពេល​គ្រប់យ៉ាង​ជុំវិញ​បងប្អូន​ហាក់​ដូចជា ទៅ​ខុស​ទិស​ដៅ នោះ​ពរជ័យ​នៃបព្វជិតភាព​អាច​រំឭក​បងប្អូន ពី​ការយក​ព្រះទ័យ​ទុកដាក់​របស់​ព្រះអម្ចាស់ និង​វត្តមាន​នៃ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ក្នុង​ជីវិត​បងប្អូន ។ ◼