២០២០
ការងារបម្រើដល់មនុស្ស​ទូទៅ 
ខែ ធ្នូ ឆ្នាំ ២០២០


ការងារបម្រើ ដល់មនុស្ស​ទូទៅ 

តើការអញ្ជើញ​របស់​អែលឌើរ អុជដូហ្វ ឲ្យ​ធ្វើ​ការងារបម្រើ​នៅក្នុង​របៀប​ងាយ​ស្រួល​ និង​សាមញ្ញ បាន​ធ្វើ​ឲ្យ​ការចែកចាយ​ដំណឹងល្អ​មាន​ការ​ផ្លាស់​ប្តូរ​សម្រាប់​បងប្អូន​ដោយ​របៀប​ណា ?

រូបភាព
young adult woman looking at a smartphone held by an older woman

រូបភាព​មក​ពី Getty Images

ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​របស់​យើង ដើម្បី​ធ្វើ​ការ​ងារ​បម្រើ​តាម​វិធី​កាន់តែ​ខ្ពស់ និង​កាន់តែ​បរិសុទ្ធ ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​បាន​ចាប់​ផ្តើម​និយាយ​អំពី​កិច្ចការ​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​របស់​សមាជិក ដើម្បី​ធ្វើ​ការងារ​បម្រើ​ដល់​មនុស្ស​ទូទៅ « មិន​ថា​ពួកគេ​មាន​ឈ្មោះ​នៅលើ​បញ្ជី​បងប្អូនប្រុសស្រី​ដែល​​បងប្អូន​ផ្ដល់​ការងារ​បម្រើ​ឬអត់​នោះទេ » ។ វិធីសាស្រ្តដ៏​កាន់តែ​វិសេស​វិសាល​នេះ គឺ​ជា​ការ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត—ជំរុញ​ការអនុវត្ត​ដែល​អាច​ផ្លាស់​ប្តូរ​គ្រប់យ៉ាង​អំពី​របៀប និង​មូលហេតុ​ដែលយើង​ធ្វើការងារ​បម្រើ​អ្នក​ដទៃ ។

អែលឌើរ ឌៀថើរ អេស្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​បាន​សង្កេត​ឃើញថា ៖ « តាម​វិធីណា​ក៏ដោយ​ដែល​វា​ងាយស្រួល និង​សាមញ្ញ​សម្រាប់​បងប្អូន សូម​ចែកចាយ​ជាមួយ​នឹង​មនុស្ស​អំពី​មូលហេតុ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ និង​សាសនាចក្រ​របស់​ទ្រង់​សំខាន់​ចំពោះ​បងប្អូន ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ  ‹ មក ហើយ​មើល › ។  បន្ទាប់​មក​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ មកហើយ​ជួយ  ។ មាន​ឱកាស​ជាច្រើន​សម្រាប់​មនុស្ស​ដើម្បី​ជួយ​នៅក្នុង​សាសនាចក្រ​របស់​យើង ។

« មិន​អធិស្ឋាន​សម្រាប់​តែ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដើម្បី​ស្វែងរក​មនុស្ស​ជម្រើស​ប៉ុណ្ណោះ​នោះទេ ។​ សូម​អធិស្ឋាន​ជា​ប្រចាំ​ថ្ងៃ​ដោយ​អស់​ពី​ដួងចិត្ត​បងប្អូន ដើម្បី​បងប្អូន​នឹង  រកឃើញ​អ្នកទាំងឡាយ​ដែល​នឹង​មក​ហើយ​មើល មក​ហើយជួយ និង មក​ហើយ​នៅ » ។

ការងារ​បម្រើ​ គឺជា​ការដែល​មាន​ការលះបង់ ​និង​ប្រែក្លាយ​ជា​សិស្ស​​របស់ព្រះយេស៊ូវ​ គ្រីស្ទ ដែល​មាន​ដួង​ចិត្ត និង​សេចក្តី​មេត្តា​ករុណា​ដូច​ព្រះអង្គសង្គ្រោះ ។ ព្រះអម្ចាស់បាន​អញ្ជើញ​យើងឲ្យកែលម្អ​ការងារបម្រើរបស់​យើង​ដល់​អ្នកដទៃក្នុង​របៀបមួយ​ដែលងាយស្រួល​ និង​សាមញ្ញ​ដែល​ផុស​ចេញ​ពីសេចក្តី​ស្រឡាញ់ ។ វាពុំមែន​គ្រាន់តែ ធ្វើ ការងារ​បម្រើ​ប៉ុណ្ណោះ​ទេ ។ វាគឺជាការ ប្រែក្លាយ ជា​អ្នក​ធ្វើ​ការងារបម្រើ ដូចជា​ព្រះយេស៊ូវ គ្រីស្ទ ។

ការរៀន​ធ្វើការងារ​បម្រើ​ដល់​មនុស្ស​ម្នាក់ ( ដែល​បាន​ចាត់តាំង )

យើង​ទាំងអស់​គ្នា​នៅតែកំពុង​តែរៀន ដើម្បី​ប្រែក្លាយ​ជាបងប្អូន​ប្រុស​ស្រី​ដែល​ផ្ដល់​ការងារ​បម្រើ ។ ការផ្លាស់​ប្តូរ​ទាំងនេះ​អាច​ត្រូវការ​ពេលវេលា ហើយ​យើង​ទាំងអស់​គ្នា​ភាគ​ច្រើន​មាន​កំហុស ។ ខ្ញុំមាន​អារម្មណ៍​ថា កំហុសឆ្គង​​មួយ​ក្នុង​ចំណោមនោះគឺការគិត​ថា ការចាត់តាំង​ការងារ​បម្រើដូចជា​មិត្តភាព « ក្លែង​បន្លំ » ឬ « បង្ខិតបង្ខំ »—នៅក្នុង​របៀប​មួយដែល​មិន​ធម្មតា ឬ​មិន​ធម្មជាតិ ។ ប៉ុន្តែ​ ព្រះអម្ចាស់បាន​ប្រទាន​ការចាត់​តាំង​ជាក់ច្បាស់ដល់​យើង ជា​បងប្អូន​ប្រុស​ស្រី​ដែល​​ផ្តល់ការងារ​បម្រើ ។ ការ​ធ្វើ​តាម​របៀប​នេះ ទ្រង់​ប្រាកដ​ថា​គ្មាន​នរណា​ម្នាក់​ត្រូវ​ទុក​ចោល​ឡើយ ។​

នៅពេល​គ្រោះ​ធម្មជាតិ​បាន​វាយ​ប្រហារ​សហរដ្ឋ​អាមេរិក កាកបាទក្រហម និង​ក្រុម​កងទ័ព​ការពារជាតិ បាន​កោះហៅពួកអ្នក​ស្ម័គ្រចិត្ត ហើយ​ចាត់តាំងពួកគេ​ទៅតំបន់​ជាក់លាក់​មួយចំនួន ដើម្បី​ប្រមូល​គ្នាឲ្យ​បាន​ច្រើន ។ ការ​ទទួល​បាន​នូវការចាត់តាំង​មួយ ​ធ្វើឲ្យ​អំណោយ​ទាន​នៃពេលវេលា និង​សេចក្តីស្រឡាញ់​របស់​ពួកអ្នក​ស្ម័គ្រចិត្ត នៅតែ​ជា​ការស្ម័គ្រចិត្ត ទោះ​បី​វាជា​ការចាត់តាំង​ក្តី ។ គ្មាន​នរណាម្នាក់​ដែលធ្លាប់​មាន​បទ​ពិសោធន៍​ជួបនឹង​មហន្តរាយ​នៅក្នុង​ជីវិត​ពួក ដែល​ហាក់​ដូច​ជាមាន​ចម្ងល់​អំពីការ​ចាត់​តាំងនេះ ។ អ្នក​ដែល​បាន​ទទួល​ជំនួយ​មាន​អំណរគុណ​យ៉ាងខ្លាំង ដែល​មាន​មនុស្ស​មកជួយ !

ក៏ដូចជា​អ្នក​ស្ម័គ្រចិត្ត​ជាមួយ​នឹង​កងទ័ព​ការពារជាតិ ឬ​កាកបាទក្រហម​ដែរ នៅពេលដែល​យើងក្លាយជាសិស្សនៃព្រះយេស៊ូវ​ ​គ្រីស្ទ តាមរយៈ​ការ​ធ្វើសេចក្តីសញ្ញាពិសិដ្ឋ​ គឺយើងស្ម័គ្រចិត្ត​បំពេញ​ការចាត់តាំងជាក់​លាក់​គ្រប់ទីកន្លែង ដើម្បី​ជួយ​ដល់​អ្នកដទៃ ។

ការចាត់តាំង​ទាំងនេះ​ផ្តល់ឱកាសឲ្យ​យើងរៀន និងរីកចម្រើន​សមត្ថភាពក្នុងការងារ​បម្រើជាញឹកញប់​គឺតាម​រយៈ​ការ​បរាជ័យ​របស់យើង ។ ប៉ុន្តែ​មិនយូរ​ប៉ុន្មាន ការងារ​បម្រើ​របស់យើង និងប្រែជា​ « ធម្មជាតិ ទីពីរ​ » របស់យើង​—​ដូចជានៅពេលដែលយើង​រៀន​ដើរ រៀននិយាយ រៀន​ជិះកង់ រៀនលេង​ឧបករណ៍តន្ត្រី ឬ​ រៀន​លេងកីឡា ។

រូបភាព
two men seated by a building talking to each other

រូបភាព​មក​ពី Getty Images

តើ​អ្វីទៅ​ជា​​ការងារបម្រើដល់មនុស្ស​ទូទៅ « ដោយធម្មជាតិ និង​សាមញ្ញ » នោះ ?

ការ​ចាត់តាំង​ឲ្យ​ផ្ដល់ការងារបម្រើរបស់យើងម្នាក់ៗ គឺរៀបចំ​យើង​ដើម្បី ​« ផ្តល់​​ការងារបម្រើដល់មនុស្ស​ទូទៅ » ​តាមរបៀបងាយ​ស្រួល និងធម្មជាតិ ។ ការផ្តល់​ការងារ​បម្រើ​ដល់​មនុស្ស​ទូទៅ តម្រូវឲ្យមានចិត្ត​ស្មោះស្ម័គ្រ និង​ កែវភ្នែក​សម្លឹង​មើល​អស់​អ្នក​ដែលនៅ​ជុំវិញ​យើង—​គឺជាមនុស្ស​ដែល​ព្រះអម្ចាស់​បាន​ដាក់​នៅលើផ្លូវ​របស់យើង ។ « ការងារបម្រើ​ » ត្រង់​ចំណុចនេះអាចជាការអញ្ជើញ​ពួកគេ—នៅក្នុង​របៀប​មួយ​ដោយធម្មជាតិ និង សាមញ្ញ « មក ហើយ​មើល » ឬ « មក ហើយ​ជួយ » ។

ព្រះអង្គសង្គ្រោះ​បាន​ផ្តល់ឧទាហរណ៍មួយ ។ នៅពេលព្រះ​យេស៊ូវបានយាងមកចំពោះ​ប្រជាជន នៅក្នុង​ព្រះវិហារ​បរិសុទ្ធ បោនទីហ្វុល ទ្រង់​មាន​​បន្ទូល​ប្រាប់​ពួកគេថា « ប៉ុន្តែ​ឥឡូវ​នេះ យើង​យាងទៅ​ឯ​ព្រះ​វរបិតា​វិញ ហើយ​ទៅ​បង្ហាញ​ខ្លួន​ដល់​ពួក​ពូជ​អំបូរ​ដែល​បាត់​នៃ​សាសន៍​អ៊ីស្រាអែល » ( នីហ្វៃទី​៣ ១៧:៤ ) ។

ព្រះអង្គសង្គ្រោះក៏មាន​កន្លែង ដែលទ្រង់ត្រូវ​យាង​ទៅ​ដូច​យើងដែរ ។ ដំណើររឿង​បាន​​បន្ដថា ៖ 

« ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ព្រះ​យេស៊ូវ​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នោះ​ហើយ នោះ​ទ្រង់​ទត​មើល​ជុំវិញ​ហ្វូង​មនុស្ស ហើយ​ឃើញ​ថា ពួក​គេ​ស្រក់​ទឹកភ្នែក ហើយ​បាន​សម្លឹង​មក​រក​ព្រះ​អង្គ​យ៉ាង​ខ្ជាប់ ហាក់​បី​ដូច​ជា​ពួក​គេ​សូម​ឲ្យ​ទ្រង់​ទ្រាំ​នៅ​ជាមួយ​នឹង​គេ​បន្តិច​ទៀត ។

« ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​ពួក​គេ​ថា ៖ មើល​ចុះ ចិត្ត​យើង​ពោរពេញ​ទៅ​ដោយ​សេចក្ដី​អាណិត​មេត្តា​ដល់​អ្នក​រាល់​គ្នា » ( នីហ្វៃ​ទី៣ ១៧:៥–៦; បាន​​បន្ថែម​ការសង្កត់​ន័យ ) ។

ទោះបីជាទ្រង់​មានគម្រោង​យាងទៅ​ទីណាក្តី ក៏ព្រះអង្គសង្គ្រោះ​អាច​ទតឃើញ និង​ព្រះទ័យញ្ញាណ​ដឹង ដូច្នេះទ្រង់​បាន​ឈប់​បន្តិច ដើម្បីធ្វើការ​បម្រើ​ដល់ប្រជារាស្រ្ត ៖

« តើ​នៅក្នុង​ចំណោម​អ្នក​រាល់​គ្នា​មាន​អ្នក​ណា​ឈឺ​ទេ ? ចូរ​នាំ​អ្នក​ទាំង​នោះ​មក​ទីនេះ​ចុះ ។ តើ​មាន​នរណា​ខ្វិន ឬ​ខ្វាក់ ឬ​គ ឬ​បាក់​ដៃ​បាក់ជើង ឬ​ឃ្លង់ ឬ​ស្ពឹក​ស្រពន់ ឬ​ថ្លង់ ឬ​ក៏​ត្រូវ​រង​ទុក្ខ​ដោយ​ហេតុ​ណា​ផ្សេង​ទៀត ? ចូរ​នាំ​ពួក​គេ​មក​ទី​នេះ​ចុះ ហើយ​យើង​នឹង​ប្រោស​ឲ្យ​ពួក​គេ​បាន​ជា ដ្បិត​យើង​មាន​ចិត្ត​អាណិតអាសូរ​ដល់​ពួក​អ្នក​រាល់​គ្នា ចិត្ត​យើង​ពោរពេញ​ទៅ​ដោយ​សេចក្ដី​មេត្តាករុណា » ( នីហ្វៃ​ទី៣ ១៧:៧ ) ។

ដូច​យើងធ្លាប់ដឹងពីព្រះអង្គសង្គ្រោះហើយថា សម្រាប់ទ្រង់​ការ​ឆ្លៀតពេលដើម្បី​ព្យាបាលមនុស្សឈឺ មុនពេល​ទ្រង់​យាងទៅ​កន្លែង​ណាត់ផ្សេងទៀត គឺជារឿង​សាមញ្ញ ។ សម្រាប់យើង ការងារបម្រើដល់មនុស្ស​ទូទៅ ដោយ​ធម្មជាតិ និង​សាមញ្ញ អាច​រួម​បញ្ជូលទាំងការអញ្ជើញ​នរណាម្នាក់ឲ្យធ្វើ​អ្វីមួយ ​ឬទៅ​ជាមួយបងប្អូន​ក្នុង​ព្រឹត្តិការណ៍​មួយ ដែល​បងប្អូន​មាន​ផែនការណ៍​ថា​នឹងចូល​រួម​រួច​ហើយ ។ 

ប្រសិនបើ​បងប្អូន​សិក្សា​វគ្គ​ខ្លួន​ទី​ពឹង​ខ្លួន សូមអញ្ជើញ​អ្នក​ជិត​ខាង​ទៅជាមួយ ។ ប្រសិនបើ​បងប្អូន ទៅចូល​រួម​សកម្មភាព​វួដ សូមអញ្ជើញអ្នក​ធ្វើការ​ជាមួយ​បងប្អូន​ទៅ​ជាមួយ ។ ប្រសិនបើ​បងប្អូនមាន​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ ឬ​រាត្រី​ក្រុមគ្រួសារ​រួចហើយសូមអញ្ជើញ​មិត្តភក្តិ​របស់​បងប្អូន​ចូលរួម​ដែរ ។ នោះ​ហើយគឺ​ជា​អត្ថន័យនៃការ ​« មក ហើយ​មើល » ។ វាពុំ​ចាំបាច់​តម្រូវ​ឲ្យ​យើង បន្ថែម​សកម្មភាព​មួយ​ទៀត​ក្នុង​កាលវិភាគ​ដ៏រវល់​របស់​យើង​នោះទេ ។ ហើយ​នៅ​ពេល​ដែល​​ការសួរសុខទុក្ខ មិន​អាច​ធ្វើ​ទៅ​បាន ការងារបម្រើ អាច​ធ្វើ​ទៅ​បាន​តាម​រយៈ ការ​ផ្ញើ​សារ ផ្ញើ​អ៊ីម៉ែល ឬ តាម​រយៈ​ការ​ហៅ ទូរសព្ទ័ ។

ត្រូវបាន​ទុកចិត្ត​ឲ្យ​ផ្ដល់​ការងារ​បម្រើ

នៅពេល​ប្រធាន អិម រ័សុល បាឡឺដ បាន​ញែក​ខ្ញុំជាប្រធានថ្មី សម្រាប់​ស្តេក​យុវ​មជ្ឈិម​វ័យ​នៅ​លីវ នៅ​ទីក្រុង ប្រូវ៉ូ រដ្ឋ យូថាហ៍ ទីមួយ លោកបាន​ផ្តល់ការចាត់តាំងដែលងាយស្រួល និង​ជាក់លាក់​ថា ៖ « សូមចេញ​ទៅ​សួរ​សុខទុក្ខថ្នាក់ដឹកនាំ និង​ សមាជិក​របស់​អ្នក​នៅក្នុងគេហដ្ឋាន​របស់​ពួកគេ ! » គឺមាន​តែប៉ុណ្ណឹង លោក​មិនបាន​ផ្តល់​ការបំពាក់​បំប៉ន ឬ​ការចាត់តាំង​អ្វី​ផ្សេង​ទៀត​ទេ ។

យើង​បាន​ចាប់​ផ្តើម​នៅថ្ងៃ​អង្គារ៍ សម្របសម្រួល​កិច្ច​ខិតខំ​របស់យើង​ជាមួយ​ប៊ីស្សព រយៈពេល​ពីរថ្ងៃ​បន្ទាប់​ពី​សន្និសីទ​ស្តេក​របស់​យើង ។ នៅពេល​យើង​បាន​ផ្តល់​ការងារបម្រើ ​ក្នុង​ស្តេក​របស់យើង យើង​បាន​ធ្វើខុស បាត់បង់​ឱកាស ហើយ​ជាញឹកញាប់​តែងគិតថា « ខ្ញុំគួរតែ​និយាយ​បានល្អ​ជាងនេះ » ឬ « ខ្ញុំសង្ឃឹម​ថា​ខ្ញុំ​នឹង​សួរ​សំណួរ​បាន​ល្អ​ជាងនេះ » ។

ប្រធាន ខេវិន ជេ វើថិន នៃសាកលវិទ្យា​ល័យ ព្រិកហាំ យ៉ង់ បាន​សង្កេត​ឃើញ​ថា « ការបរាជ័យ​គឺជាសមាសភាព​ដ៏ចាំបាច់ នៃការ​រីក​ចម្រើន​ដ៏អស់កល្ប​របស់យើង—គឺជាកិច្ចខិត​ខំ​ដើម្បី​បាន​ល្អ​ឥតខ្ចោះរបស់​យើង ។ ហើយ​ពីព្រោះ​តែ​ដង្វាយធួននោះយើងអាច—បាន​ពរជ័យ​ដោយ​បានរៀនសូត្រនូវអ្វីដែលថ្មី ដែលអនុញ្ញាតិ​ឲ្យភាព​បរាជ័យ​របស់យើង​ប្រែក្លាយ​ជាផ្នែកមួយ​នៃដំណើរ​ការ​ដ៏ឥតខ្ចោះ​ទៅវិញ—ប្រសិន​បើយើង​ឆ្លើយ​តប ទៅនឹងការបរាជ័យ​តាមវិធី​ត្រឹមត្រូវ » ។

វាគឺជា​បទពិសោធន៍​របស់យើង នៅពេលដែល​យើងបានរៀន ដើម្បី​ផ្តល់​ការងារ​បម្រើ ដល់ថ្នាក់ដឹកនាំ និង​សមាជិកស្តេក​របស់​យើង និង​មនុស្ស​ដទៃ​ដែលយើង​ជួប ។ នៅពេល​ដែល​យើង​បាន​បន្ត​ការងារ​បម្រើ​របស់យើង នោះ​ព្រះអម្ចាស់​បាន​ចាប់​ផ្តើ​ម​​ដាក់មនុស្ស​កាន់តែច្រើន​នៅលើ​​​ផ្លូវ​របស់យើង ។

មាន​ពេល​មួយ ទីប្រឹក្សាម្នាក់​របស់ខ្ញុំ ជេ ប៊ី ហស៍ និង​ខ្ញុំ បានដើរ​​ចន្លោះ​ផ្ទះល្វែង​មួយកន្លែង នៅពេលយើង​ជួបយុវជន​ម្នាក់​នៅចំណតឡាន​ ។ យើង​ឈប់​ហើយ​បាននិយាយ​សួស្តី​ទៅកាន់​គាត់ ហើយ​បាន​ដឹង​ថា គាត់កំពុង​រើចេញ​ពីស្តេក​របស់យើង ។ យើង​បាន​និយាយ​មួយភ្លែត ហើយ​រកឃើញ​ថា​គាត់​គឺជា​អ្នក​ដែល​ទើបត្រឡប់​មកពីបេសកកម្មវិញ ដែលមានមន្ទិល​សង្ស័យ​អំពី​សេចក្តី​ជំនឿរបស់​គាត់ ។ ទីប្រឹក្សារបស់​ខ្ញុំគឺជា​គ្រូបង្រៀន​ដ៏​ឆ្នើម ដែល​ទំនាក់​ទំនង​ជាមួយ​មនុស្ស​បាន​យ៉ាងងាយស្រួល ។ ដោយ​ឆ្លើយ​នឹង​សំណួរ​ទំាងឡាយ​​ដូច្នេះ គឺជារឿង​ងាយស្រួល និង​សាមញ្ញ សម្រាប់​ ជេ ប៊ី ខ្ញុំអាច​ឃើញ​ពន្លឺនៅក្នុង​កែវភ្នែក​របស់​យុវជន​​ម្នាក់​នេះ ដែល​បាន​បាត់បង់មួយ​រយៈ ហើយ​នៅពេល​ដែល​ពួកគេ​និយាយ​គ្នា​វាបាន​ត្រឡប់មកវិញ ។

ប្រាកដណាស់ជេ ប៊ី បាន​ចាប់អារម្មណ៍ទៅលើគាត់ និង​ទៅលើ​សំណួរ និង​កង្វល់របស់គាត់ ។ យុវជន​នោះ​បាននិយាយដោយស្មោះស្ម័គ្រ ពីព្រោះ ជេ ប៊ី បង្ហាញ​សេចក្ដី​អាណិត​មេត្តា ។ ទីប្រឹក្សារបស់ខ្ញុំ « ពោរពេញ​ទៅដោយ​សេចក្តី​អាណិតមេត្តា » ជាមួយ​នឹងសចក្តីស្រឡាញ់ ហើយ​លោក​មានបំណង​ប្រាថ្នា​ស្វែងយល់​ពីយុវជន​ម្នាក់នេះ ដោយមិនវិនិច្ឆ័យ​គាត់ ។ ជេ ប៊ី បាន​សួរថា​ប្រសិន​បើ​យើង​អាច​ទៅលេងគាត់ នៅពេល​គាត់​រៀបចំចូល​ផ្ទះជួលថ្មីហើយ ។ យុវជន​នោះបានងក់ក្បាល ហើយ​បានប្តូរ​លេខ​ទូរសព្ទគ្នា ហើយ​បាន​ធ្វើ​ការ​សន្យាថា​នឹងតាម​ដាន​ជាមួយ​គាត់ ។

មុនពេល​យើង​ចាកចេញ យើង​បាន​សួរថា​តើមានអ្វី​ដែ​ល​យើង​អាច​ធ្វើ​ដើម្បី​ជួយគាត់ ។ គាត់​បាន​និយាយថា « ការឈប់ និងនិយាយ​សួស្តី​មកកាន់ខ្ញុំ គឺសំខាន់​បំផុត​ដែល​​បង បានធ្វើសម្រាប់ខ្ញុំថ្ងៃនេះ » ។ ក្រោយ​មកនាល្ងាច​នោះ ខ្ញុំបាន​គិតថា « ប្រសិនបើ ជេ ប៊ី និង​ខ្ញុំ​មិនបានចេញ​ក្រៅ​ធ្វើ​ការងារ​បម្រើទេ នោះយើង​នឹង​មិនអាច​ជួប​យុវជន​ម្នាក់នោះទេ » ។

វាហាក់បីដូចជាព្រះអម្ចាស់បាន​ដឹងថា យើងត្រូវ​តែ​ចេញ​ទៅធ្វើ​ការងារ​បម្រើនាល្ងាច​នោះ ដូច្នេះ​ទ្រង់បាន​ដាក់យុវជននោះ នៅលើ​ផ្លូវ​​របស់យើ​ង—យើង​ទុកចិត្តថា យើង​នឹងជួបគាត់ ហើយនឹង​ផ្តល់ការងារ​បម្រើ​ដល់គាត់ ។

នៅពេលយើង​មានបំណង​ប្រាថ្នា​ ដើម្បី​ផ្តល់​ការងារ​បម្រើ​ដល់​មនុស្ស​គ្រប់រូប​ នោះ​នៅពេល​ដែល​យើង​ចេញ​ទៅបំពេញ​កិច្ចការ​ប្រចាំថ្ងៃ​របស់យើង នោះ​ព្រះអម្ចាស់​នឹងដាក់​មនុស្ស នៅតាមផ្លូវ​របស់​យើង ព្រោះទ្រង់​ទុកព្រះទ័យ​ថា យើង​នឹងងាក​ចេញ​ពី​ទូរសព្ទ​ដៃ​យើង​បន្តិច ហើយ​ឆ្លៀតពេល​បន្តិច ដើម្បី​ញញឹម​ដាក់​មនុស្ស​មិនដែល​ស្គាល់ ឬសួរ​សំណួរ​ពីមនុស្ស​ដែលយើង​ជួប​នៅផ្សារ ឬកន្លែង​ណា​ក៏បាន​ដែលយើង​ទៅ​ដូចជា​នៅសាលារៀន កន្លែងធ្វើការ ឬ នៅព្រះវិហារ ។

រូបភាព
three people pushing a car that was stranded

រូបភាព​មក​ពី Getty Images

លទ្ធផល​ដ៏អស្ចារ្យ​នៃការងារបម្រើ

សូមក្រឡេកមើល​ គំរូ​របស់​ព្រះអង្គសង្គ្រោះជាថ្មីនៅក្នុង នីហ្វៃទី ៣ ដែល​ខ្ញុំបាន​រកឃើញ គោលការណ៍ដ៏សំខាន់​អំពីការងារបម្រើ ។ ដូចដែល​បងប្អូន​នឹង​ចងចាំថា ៖ 

« ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នោះ​ហើយ នោះ​ហ្វូង​មនុស្ស​ទាំង​អស់ ក៏​ដើរ​ឆ្ពោះ​ទៅ​មុខ​ព្រម​គ្នា​ជាមួយ​នឹង​អ្នក​ឈឺ​របស់​គេ និង​អ្នក​រង​ទុក្ខ​របស់​គេ និង​អ្នក​ខ្វិន​របស់​គេ និង​អ្នក​ខ្វាក់​របស់​គេ និង​អ្នក​ថ្លង់​របស់​គេ និង​អស់​ទាំង​អ្នកដែល​រង​ទុក្ខ​ដោយ​ជំងឺ​ណា​ក៏​ដោយ ហើយ​ទ្រង់​បាន​ប្រោស​ឲ្យ​ជាសះស្បើយ​គ្រប់ៗ​គ្នា នៅ​ពេល​ពួក​គេ​ត្រូវ​នាំ​មក​រក​ទ្រង់ ។

« ហើយ​គេ​ទាំង​អស់​គ្នា ទាំង​អ្នក​ដែល​បាន​ធ្វើ​ឲ្យ​បាន​ជា​ទាំង​អស់ និង​អ្នក​ដែល​មាន​សុខ​ភាព​ល្អ បាន​ក្រាប​ចំពោះ​ព្រះ​បាទា​ទ្រង់ ហើយ​បាន​ថ្វាយបង្គំ​ទ្រង់ ហើយ​អស់​អ្នក​ណា​ដែល​អាច​មក​បាន​ជំនួស​ហ្វូង​មនុស្ស ក៏​បាន​ថើប​ព្រះ​បាទា​ទ្រង់ ដរាប​ដល់​ព្រះ​បាទា​ទ្រង់​សើម ជោកជាំ​ដោយ​ទឹកភ្នែក​របស់​ពួក​គេ » ។ ( នីហ្វៃ​ទី ៣ ១៧:៩–១០ ការសង្កត់​ន័យ​ត្រូវបាន​បន្ថែម ) ។

សូមកត់សម្គាល់ថា បងប្អូន​ប្រុសស្រី​ដែល​ផ្តល់ការងារ​បម្រើ​ទាំងនោះ ដែល​បានជួយ​នាំមនុស្ស​ដែល​ពួកគេ​បាន​ស្គាល់ និង​​ស្រឡាញ់ ឲ្យ​ខិតកាន់តែជិត ព្រះ​យេស៊ូវ គ្រីស្ទ ក៏បាន​ឃើញថា​ខ្លួន​របស់គេបាន​ក្រាប​ចំពោះ​ព្រះ​បាទា​ព្រះអង្គសង្គ្រោះ ហើយ​បាន​ថ្វាយបង្គំ​ទ្រង់ ហើយក៏​បាន​ថើប​ព្រះ​បាទា​ទ្រង់ ដរាប​ដល់​ព្រះ​បាទា​ទ្រង់​សើមជោកជាំ​ដោយ​ទឹកភ្នែក​របស់​ពួក​គេ ។

កាល​ដែល​យើង​ផ្តល់​ការងារ​បម្រើ​​ដល់មនុស្ស​ទាំងអស់ យើង​នឹង​ឃើញ​ព្រះគ្រីស្ទកំពុងព្យាបាលរបួសខាង​ផ្លូវ​ចិត្ត ខាង​វិញ្ញាណ និង​ខាងរូបកាយ ។ ហើយ​កាលណា​យើង​អញ្ជើញ​អ្នកដទៃ​ឲ្យ « មក ហើយ​មើល » និង « មក ហើយ​ជួយ » ក្នុង​របៀប​ដែល​ងាយស្រួល និង សាមញ្ញ យើង​នឹង​ឃើញ​ថា​របួស​យើង​ក៏ត្រូវបាន​ព្យាបាល​ផងដែរ ។ ◼

កំណត់​ចំណាំ

  1. ឌៀថើរ អេស្វ អុជដូហ្វ « Missionary Work: Sharing What Is in Your Heart » Liahona, ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១៦ ។

  2. ឌៀថើរ អេស្វ អុជដូហ្វ « Missionary Work: Sharing What Is in Your Heart » ទំព័រ ១៧ ។

  3. សូមមើល​ផងដែរ ពីរបៀប​ដែល ព្រះ​យេស៊ូវ គ្រីស្ទ បានផ្តល់ការងារ​បម្រើ​ដល់​ស្រ្តីមេម៉ាយ នៅក្រុងណាអ៊ីន នៅក្នុងលំនាំ​ដូចគ្នា លូកា ៧:១១–១៦ ។

  4. ខេវិន ជេ វើថិន « Successfully Failing: Pursuing Our Quest for Perfection » ( ការ​ប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ នៅថ្ងៃ​ទី ៦ ខែ មករា ឆ្នាំ ២០១៥ ) ទំព័រ ៣ speeches.byu.edu ។