២០២០
របៀប​ដែល​ព្រះគម្ពីរ​មរមន​បាន​ជួយ​ខ្ញុំ​ឆ្លងកាត់​ការដាក់​ឲ្យ​នៅ​ដាច់​ពី​សង្គម
ខែ ធ្នូ ឆ្នាំ ២០២០


មាន​តែ​ឌីជីថល​ប៉ុណ្ណោះ

របៀប​ដែល​ព្រះគម្ពីរ​មរមន​បាន​ជួយ​ខ្ញុំ​ឆ្លងកាត់​ការដាក់​ឲ្យ​នៅ​ដាច់​ពី​សង្គម

ខ្ញុំ​បាន​អាន​ព្រះគម្ពីរ​មរមន​ជា​ច្រើន​ដង ប៉ុន្តែ​ពេលនេះ ខ្ញុំ​បាន​ដឹង​កាន់តែ​ច្បាស់​ពី​អំណាច​ដ៏​ពេញលេញ ដែល​ព្រះគម្ពីរ​នេះ​អាច​នាំ​ចូល​មក​ក្នុង​ជីវិត​យើង ។

ខ្ញុំ​បាន​អាន​ជំពូក​ទាំងឡាយ​ក្នុង​គម្ពីរ​មរ៉ូណៃ​នៅក្នុង​ព្រះគម្ពីរ​មរមន​ជា​ច្រើន​ដង ប៉ុន្តែ​ឆ្នាំ​នេះ ខ្ញុំ​មាន​អារម្មណ៍​ជាប់​ទាក់ទង​នឹង​គាត់​ណាស់ ។ នៅ​ចុង​បញ្ចប់ គាត់​ត្រូវបាន​បំបែក​ចេញ​ពី​មនុស្ស​គ្រប់គ្នា​ដែល​គាត់​ស្រឡាញ់ ។ គាត់​ប្រាកដ​ជា​ឯកោ​ខ្លាំងណាស់​អំឡុង​ពេល​ចុងក្រោយ​នៃ​ជីវិត​គាត់ ។ ប៉ុន្តែ សូម្បី​តែ​នៅ​កណ្ដាល​នៃ​ភាពឯកោ គាត់​បាន​ចងចាំ​ពី​អ្វី​ដែល​ឪពុក​គាត់​បាន​បង្រៀន​គាត់​ថា​មាន​កិច្ចការ​មួយ​ត្រូវធ្វើ ( សូមមើល មរ៉ូណៃ ៩:៦ ) ។ វា​គឺ​នៅពេល​ដែល​កំពុង​តែ​ប្រឈម​នឹង​អនាគត​ដ៏​មិន​ច្បាស់លាស់​មួយ ដែល​គាត់​បាន​សង្ខេប​បញ្ជី​ទាំងឡាយ​របស់​ពួក​ប្រជាជន​យ៉ារេឌ ហើយ​បាន​បញ្ចូល​នូវ​សារ​ដ៏​បំផុស​គំនិត​សម្រាប់​យើង អំពី​សេចក្ដី​ជំនឿ ក្ដីសង្ឃឹម និង​សេចក្ដី​សប្បុរស ។

ខ្ញុំ​ត្រូវបាន​បំផុស​ដោយ​ភាពក្លាហាន​របស់​មរ៉ូណៃ ដោយសារ​តែ​ការសាកល្បង​ជាច្រើន​ដែល​ពិភពលោក​នេះ​មិន​ធ្លាប់​បាន​ឃើញ​នៅ​ឆ្នាំ​នេះ រួម​ទាំង​ជំងឺ​រាតត្បាត​កូវីដ-១៩ ផងដែរ ។ មនុស្ស​ជា​ច្រើន​នៅ​ជុំ​វិញ​ពិភពលោក​ត្រូវ​បង្ខំ​ឲ្យ​នៅ​ដាច់​ពី​សង្គម​នៅ​ឆ្នាំ​នេះ ពួក​យើង​មួយ​ចំនួន​ត្រូវ​ដាក់​ខ្លួន​យើង​ឲ្យ​នៅ​ដោយ​ឡែក​ពី​មនុស្ស​ដែល​យើង​ស្រឡាញ់​បំផុត ។ ខ្ញុំ​ក៏​ត្រូវតែ​ធ្វើ​ជម្រើស​ដ៏​ពិបាក​នោះ​ផងដែរ ។

ខ្ញុំ​ជា​វេជ្ជបណ្ឌិត​ខាង​កុមារ ហើយ​ខ្ញុំ​ធ្វើការ​នៅ​ជួរ​មុខ ដើម្បី​ផ្ដល់​ការថែទាំ​បន្ទាន់​ដល់​កុមារ​នៅក្នុង​ទីក្រុង ម៉ារ៉ានហៅ ប្រទេស​ប្រេស៊ីល ។ អំឡុង​ជំងឺ​រាតត្បាត​នេះ ខ្ញុំ​បាន​ធ្វើ​ការសម្រេច​ចិត្ត​ដ៏​ពិបាក​នោះ ដើម្បី​ចៀសវាង​ពី​ទំនាក់ទំនង​ខាង​រាងកាយ​ជិតស្និត​ជាមួយ​នឹង​ស្វាមី​ជា​ទី​ស្រឡាញ់ កូនស្រី​អាយុ​ពីរ​ឆ្នាំ ម្ដាយ​ក្មេក និង​ក្មួយប្រុស​របស់​ខ្ញុំ ( ដែល​ទាំងអស់​គ្នា​រស់នៅ​ក្នុង​ផ្ទះ​ខ្ញុំ ) ព្រមទាំង​ជាមួយ​នឹង​គ្រួសារ និង​មិត្តភក្ដិ​ផ្សេងៗ​ទៀត​ទាំងអស់​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ដាក់​ខ្លួន​ឯង​ឲ្យ​នៅ​ដោយ​ឡែក ដើម្បី​ចៀសវាង​ពី​ការចម្លង​ជំងឺ​ដោយ​យថាហេតុ​ណាមួយ ។

ការដាក់​ឲ្យ​នៅ​ដាច់​ពី​សង្គម​គឺ​ពិបាក​ណាស់ ដោយសារ​គ្រួសារ​ខ្ញុំ​ជិតស្និត​នឹង​គ្នា​ណាស់ ។ ជា​រៀងរាល់​ថ្ងៃ​អាទិត្យ យើង​ជួបជុំ​គ្នា​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់ ។ យើង​ក៏​មាន​រាត្រី​គ្រួសារ​ជា​ទៀងទាត់​ផងដែរ ។ មិន​យូរ​ប៉ុន្មាន ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​មាន​អារម្មណ៍​សោកសៅ និង​ឯកោ ដែល​គ្មាន​ពួកគេ ។ ទោះជា​យ៉ាង​ណា ខ្ញុំ​បាន​សម្រេច​ចិត្ត​ចំណាយ​ពេល​ជា​ច្រើន​អាន​ព្រះគម្ពីរ​មរមន ដើម្បី​យាង​អញ្ជើញ​ព្រះវិញ្ញាណ​ចូល​ក្នុង​ជីវិត​ខ្ញុំ ។ ខ្ញុំ​បាន​រៀន​ថា ការមាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​ដៃគូ​ខ្ជាប់ខ្ជួន​របស់​ខ្ញុំ ជួយ​ខ្ញុំ​ឲ្យ​ផ្ដោត​លើ​ការដឹង​គុណ និង​សេចក្ដី​ល្អ បង្ហាញ​ខ្ញុំ​ពី​របៀប​ដើម្បី​បម្រើ​អ្នក​ដទៃ និង​ឡោមព័ទ្ធ​ខ្លួន​ខ្ញុំ​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ អំឡុង​គ្រា​ដ៏​ពិបាកៗ​នានា ។

ជួនកាល ខ្ញុំ​ឆ្ងល់​ថា​តើ​វា​ប្រកប​ដោយ​ការលួងលោម​យ៉ាង​ណា​ចំពោះ​មរ៉ូណៃ ដែល​បាន​អាន​ពាក្យ​ពេចន៍​របស់​មរមន​ជា​ឪពុក​គាត់ បន្ទាប់​ពី​លោក​បាន​ចាកចេញ​ទៅ ។ ខ្ញុំ​បាន​ព្យាយាម​អនុវត្ត​តាម​ពាក្យពេចន៍​របស់​លោក​ចំពោះ​ខ្លួន​ខ្ញុំ ៖ « [ ឱ​កូន​ស្រី​របស់​ឪពុក​អើយ ] ចូរ​នៅ​ស្មោះត្រង់​ចំពោះ​ព្រះ​គ្រីស្ទ​ចុះ …សូម​ឲ្យ​ព្រះ​គ្រីស្ទ​លើក​កូន​ឡើង » ( មរ៉ូណៃ ៩:២៥ ) ។ ខ្ញុំ​បាន​រៀន​ថា ទ្រង់​តែងតែ​នឹង​ធ្វើ​ដូច្នោះ ! ព្រះអង្គ​សង្គ្រោះ​អាច​ប្រទាន​អំណាច​ដល់​យើង​ដែល​ធំធេង​ជាង​បញ្ហា​ទាំងអស់ ដែល​យើង​អាច​ប្រឈម​មុខ​នៅក្នុង​ពិភពលោក​ដ៏​មាន​បញ្ហា​នេះ ហើយ​ជួយ​យើង​ឲ្យ​តោង​ជាប់​នឹង​សេចក្ដី​សង្ឃឹម ។

ទោះ​ជា​ឆ្នាំ​នេះ​ពិបាក​ខ្លាំង ក៏​ខ្ញុំ​មាន​អំណរគុណ​ខ្លាំង​ណាស់ ដែល​បទពិសោធន៍​នេះ​បាន​ពង្រឹង​ទីបន្ទាល់​របស់​ខ្ញុំ​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ ហើយ​បាន​បង្រៀន​ខ្ញុំ​ឲ្យ​ដាក់​ការទុកចិត្ត​ទាំងស្រុង​របស់​ខ្ញុំ​លើ​ទ្រង់ ដូចជា​មរ៉ូណៃ​បាន​ធ្វើ​ដែរ ។ កាលដែល​ខ្ញុំ​បាន​អាន​បញ្ជី​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ទ្វីប​អាមេរិក ខ្ញុំ​បាន​ដឹង​ថា ពីមុន​ពេល​ការយាង​មក​ដល់​របស់​ទ្រង់ ដែនដី​នីហ្វៃ​កំពុង​ឆ្លងកាត់​ការផ្លាស់ប្ដូរ​ដ៏​អស្ចារ្យ និង​ល្អប្រពៃ ( សូមមើល នីហ្វៃទី៣ ១១:១ ) ។ ប្រាកដ​ណាស់ ពីមុន​ពេល​នៃ​ការយាង​ត្រឡប់​មក​វិញ​របស់​ព្រះអង្គ​សង្គ្រោះ យើង​នឹង​អាច​ឆ្លងកាត់​នូវ​ការផ្លាស់ប្ដូរ​របស់​យើង​ផ្ទាល់ ដោយ​ការរៀបចំ​ខ្លួន​យើង​ដើម្បី​ជួប​ទ្រង់​ម្ដង​ទៀត ។ ខ្ញុំ​ដឹង​ថា ឧបសគ្គ​ទាំងអស់​ដែល​យើង​កំពុង​ជួប ផ្ដល់​ឱកាស​ដល់​យើង​ដើម្បី​ជួយ​យើង​ឲ្យ​រៀបចំ​ទៅជួប​នឹង​ទ្រង់ ។

ខ្ញុំ​ដឹង​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះអង្គ​សង្គ្រោះ​របស់​ខ្ញុំ ។ ទ្រង់​គឺ​ជា​ពន្លឺ​ដែល​ខ្ញុំ​ត្រូវការ ដើម្បី​ដឹកនាំ​ខ្ញុំ​ពេល​ផ្លូវ​នោះ​មិន​មាន​ភាពច្បាស់លាស់ ។ ហើយ​ខ្ញុំ​ដឹង​ថា ព្រះគម្ពីរ​មរមន​គឺជា​ទីបន្ទាល់​អំពី​ទ្រង់ ។ សេចក្ដី​ពិត​ដែល​មាន​នៅក្នុង​ព្រះគម្ពីរ​នោះ ពិត​ជា​អាច​ជួយ​យើង​ឲ្យ​បែរ​ទៅរក​ទ្រង់ ហើយ​ដើម្បី​មាន​កម្លាំង និង​ភាពក្លាហាន ព្រម​ទាំង​សេចក្ដី​ជំនឿ​នៅក្នុង​គ្រា​នៃ​វិបត្តិ​នានា ។ ខ្ញុំដឹង​ថា វា​បាន​ជួយ​ខ្ញុំ ។