២០២០
បុណ្យ​គ្រីស្ទ​ម៉ាស់​ដ៏ភ្ញាក់​ផ្អើល
ខែ ធ្នូ ឆ្នាំ ២០២០


បុណ្យ​គ្រីស្ទ​ម៉ាស់​ដ៏ភ្ញាក់​ផ្អើល

អ្នក​និពន្ធ​រស់​នៅ​ក្នុង​រដ្ឋ​ខូឡូរ៉ាដូ ស.រ.អា. ។

« Have a happy family Christmas! … Wrap your hearts in love this year » ។ ( Children’s Songbook, ទំព័រ ៥១ ) ។

រូបភាព
A Christmas Surprise

ពេល​អាណា​ដើរ​ចូល​បន្ទប់​ហើយ​ឃើញ​ដើម​គ្រីស្ទម៉ាស់​បេះ​ដូង​នាង​ញាប់ញ័រ ។ បំពង់​ទឹក​ក្តៅ​ក្នុង​ផ្ទះ​របស់​ពួកគេ​ផ្ទុះ ហើយ​ទឹក​លិច​គ្រប់​កន្លែង ។ ប៉ា​កំពុង​ព្យាយាម​សម្អាត​របស់របរ​រ៉ាយប៉ាយ ។ អំណោយ​ក្រោម​ដើម​គ្រីស្ទម៉ាស់​ទទឹក​ជោក​អស់ ។

អាណា និង​ប្អូនប្រុស​របស់នាង​យក​ន្សែង​ពោះគោ​ជូតសម្ងួត​អំណោយ ។ ប៉ុន្តែ​មិនបាន​ការទេ ។ វាខ្ទេច​អស់ហើយ ។

គ្រួសារ​របស់​អាណា កំពុង​ឆ្លងកាត់​គ្រាលំបាក​មួយ ។ ប៉ា​របស់​នាង​អត់​មាន​ការងារ​ធ្វើ​ទេ​ពេលនេះ ។ ម្តាយ​របស់នាង​នឹង​ឆ្លង​ទន្លេ​ឆាប់ៗ ហើយ​គាត់​មិន​សូវ​ស្រួល​ខ្លួន​ទេ ។ ហើយ​ឥឡូវ​ពួកគេ​គ្មាន​អំណោយ​សម្រាប់​បុណ្យ​គ្រីស្ទម៉ាស់​ទេ ។

នៅយប់​នោះ​ពេល​អាណា​រៀប​ចូល​គេង នាង​បាន​ឮម៉ាក់​ប៉ា​នាង​និយាយ​គ្នាក្នុង​ផ្ទះបាយ ។

ម៉ាក់​បាន​សួរ​ថា « តើ​យើង​ធ្វើ​យ៉ាង​ម៉េចទៅ ? » ឮ​សម្លេង​ដូច​ម៉ាក់​កំពុង​យំ ។ « យើង​គ្មាន​ប្រាក់​គ្រប់​គ្រាន់​សម្រាប់​បង់​ថ្លៃផ្ទះ​ទេ ហើយ​ពេល​នេះ​យើង​គ្មាន​អំណោយ​សម្រាប់​កូនៗ​ទៀត » ។ អាណា​មាន​អារម្មណ៍​ច្របូក​ច្របល់​បុកពោះ ។

ប៉ា​បាន​ឆ្លើយថា « យើង​នឹង​រក​មធ្យោបាយ​ » ។

អាណា​បាន​ដើរ​ចូល​ផ្ទះបាយ ។ ម៉ាក់​បាន​លូកដៃ​ឱបនាង ។ ពេល​ដៃរបស់​នាង​ប៉ះ​ពោះ​ម៉ាក់​អាណា​មាន​អារម្មណ៍​ថា​ទារក​កំពុង​រើ ។ នាង​បាន​ញញឹម ។ « យើង​កំពុង​មាន​ប្អូន​តូច​ជិត​កើត​ហើយ ។ ម៉ាក់​តែង​និយាយ​ថា​ទារក​គឺជា​អព្ភូតហេតុ » ។

ម៉ាក់ បាន​ញញឹម​ដាក់​នាង​វិញ ។ « ត្រឹមត្រូវ​ហើយ ។ យើង​មាន​ហេតុផល​ជាច្រើន​ដើម្បី​មាន​អំណរ​គុណ » ។

ប៉ា​បាន​ឆ្លើយថា « យើង​មាន​គ្នា​ទៅវិញ​ទៅមក » ។ គាត់​បាន​ថើប​ក្បាល​អាណា ។ « វា​មិន​អី​ទេ » ។

ពេល​នាង​ដើរ​ចូល​បន្ទប់ អាណា​បាន​ឮ​សម្លេង​ប្អូន​ប្រុស​នាង​កំពុង​យំ ។ នាង​ក៏បាន​អង្គុយ​លើ​គ្រែ​ដេវីឌ ។

ដេវីឌ បាន​និយាយ​ខ្សឹបៗ​ថា « អ្នក​គ្រប់គ្នា​ពិត​ជា​សោកសៅ​ណាស់ » ។

រ៉ូប៊ី និយាយ​ទាំង​អួល​ដើមក​ថា « ហើយ​ឥឡូវ​នេះ​យើង​គ្មាន​អំណោយ​អ្វី​សម្រាប់​បុណ្យ​គ្រីស្ទម៉ាស់​ទេ » ។

អាណា បានតប​ម្តងទៀតថា « វា​មិន​អី​ទេ » ។ « ប្អូន​នឹង​ឃើញ » ។

មុនពេល​អាណា​ចូលគេង​នាង​បាន​លុតជង្គង់​ចុះ ហើយ​ទូល​សួរ​ព្រះវបិតា​សួគ៌​នូវ​អ្វី​ដែល​នាង​អាច​ធ្វើ​សម្រាប់​គ្រួសារ​នាង ។ នាង​ពុំ​មាន​ប្រាក់​សម្រាប់​ទិញ​អំណោយ​ទេ ប៉ុន្តែ​នាង​មាន​អារម្មណ៍នៃ​ភាពកក់ក្តៅ និង​ការលួង​លោម​ក្នុង​ចិត្ត​នាង ។

ព្រឹក​ឡើង​នាង​គេង​លើគ្រែ គិត​ពីរបី​នាទី​មុន​ពេល​រៀបចំ​ចេញ​ទៅ​សាលារៀន ។ ស្រាប់​តែ​មាន​គំនិត​មួយ​បាន​ផុសឡើង ! រសៀល​ថ្ងៃនោះ​នាង​ប្រញាប់​មកផ្ទះ ហើយ​នាង​បាន​ធ្វើ​ការងារ​ផ្ទះ និង​ការងារ​សាលា ។ ហើយ​នាង​បាន​រកឃើញ​ក្រដាស ខ្សែ ហ្វឺតពីរ​បី និង​ក្រដាសបិទរូប​ដែល​ជា​អំណោយ​ថ្ងៃ​កំណើត​នាង ។ នាង​ប្រមូល​របស់​របរ​ទាំងនោះ​ចូល​បន្ទប់​គេង ហើយ​បិទទ្វារ ។

អាណា​ស្ទើរ​តែអស់​សំណើច ពេលនាង​គិត​ស្រមៃ​ថា​តើ​គ្រួសារ​នាង​នឹង​ភ្ញាក់​ផ្អើល​យ៉ាង​ណា ។ ដំបូង​នាង​បត់​ក្រដាស​ហើយ​ចង​វាភ្ជាប់​គ្នា​ជាមួយ​ខ្សែ​ដើម្បី​ធ្វើ​កូនសៀវភៅ​បួន​ក្បាល ។ នាង​នឹង​យក​រូប​ផ្កាយ​របស់នាង​បិទលើ​កូន​សៀវភៅ​របស់​ម៉ាក់ ហើយ​រូបភាព​ផែនដី​បិទ​លើ​កូន​សៀវភៅ​របស់ប៉ា ។ នាង​បិទ​រូប​ឆ្កែ​លើ​កូន​សៀវ​ភៅ​ដេវីឌ និង​កាំជ្រួច​លើ​កូន​សៀវភៅ រ៉ូប៊ី ។

បន្ទាប់​មក​អាណា​ចាប់ផ្តើម​គូរ​គំនូរ ។ សម្រាប់​ម៉ាក់​នាង​បាន​គូរ​រូប​ខ្លួន​ឯង​កំពុង​បោសដី ។ នាង​បាន​គូរ​រូប​ខ្លួន​ឯង​កំពុង​ចម្អិន​អាហារ​ជា​មួយ​ប៉ា មួយ​ទៀត​នាង​កំពុង​លេង​បាល់​ទាត់​ជាមួយ​ដេវីឌ និង​រូប​មួយ​ទៀត​នាងកំពុង​អាន​សៀវភៅ​ជាមួយ​រ៉ូប៊ី ។ នាង​ចំណាយ​ពេល​បីបួន​ថ្ងៃ ដើម្បី​បញ្ចប់​សៀវភៅ​មួយ​ក្បាលៗ​ព្រម​ជាមួយ​នឹង​រូបភាព ។

នៅទីបំផុត​ល្ងាច​យប់​មុន​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់​មកដល់ ហើយ​អាណា​បាន​ដាក់​កូនសៀវ​ភៅ​ក្រោម​ដើម​ឈើ​ដោយ​ប្រុងប្រយ័ត្ន ។

ព្រឹក​ឡើង​នាង​ឲ្យ​កូនសៀវភៅ​ដល់​សមាជិក​គ្រួសារ​នាង ។ ប៉ា​បាន​និយាយថា « ប៉ាចូលចិត្ត​រូបនេះ » ។ « កូន​ចូល​ចិត្ត​លេង​បាល់ទាត់ » ។

អាណា​បានតប​ទាំង​រលីងរលោង​ទឹកភ្នែក​ថា « ពួកវា​មិនមែន​ត្រឹម​តែ​រូបភាព​ប៉ុណ្ណោះទេ ។ វាគឺ​ជា​បណ្ណ​គូប៉ុង ! រូបភាព​ទាំងនោះ​បង្ហាញ​អំពី​កិច្ចការ​ដែល​កូន​និង​ធ្វើ​សម្រាប់​ប៉ា » ។

ម៉ាក់​បាន​តបថា « នេះគឺ​ជាអំណោយ​ដែល​ស្អាត​ជាង​គេ​ដែល​កូន​ធ្វើ​ឲ្យ​យើង​ទាំងអស់គ្នា ។ អាណា បាន​ថ្លែង​អំណរគុណ​ដល់​ព្រះវបិតាសួគ៌​ដែល​បាន​ជួយ​នាង​ឲ្យ​គិតឃើញ ពី​បណ្ណ​គូប៉ុង​គ្រីស្ទម៉ាស់ ។ ទារក​ថ្មី​នឹង​កើត​មក ហើយ​ដោយ​មាន​ជំនួយ​ពីព្រះវរបីតាសួគ៌​ គ្រប់យ៉ាង​នឹង​មិនអី ។ ●