២០២០
ទទួលអំណោយ
ខែ ធ្នូ ឆ្នាំ ២០២០


ទទួល​អំណោយ

ការសិក្សា​ព្រះបន្ទូល​នៃ​ព្រះ ការបម្រើ ការប្រែចិត្ត និង​ការទៅ ព្រះវិហារ​បរិសុទ្ធ នឹងជួយយើងឲ្យ​ទទួល​អារម្មណ៍​នៃ​ក្ដីស្រឡាញ់​របស់​ព្រះ​ក្នុងពិធីបុណ្យគ្រីស្ទម៉ាស់នេះ ។

រូបភាព
illustraton of the tree of life

នាល្ងាចមួយ​ក្នុង​ខែវិច្ឆិកា ខ្ញុំបាន​ត្រឡប់​មក​ផ្ទះវិញ​ដោយ​ឃើញ​កូនៗ​របស់ខ្ញុំ​ដែលបាន​កែប្រែបន្ទប់​ដេករបស់ពួកគេ​ទៅជា​បន្ទប់ គ្រីស្ទម៉ាស់​ដ៏​ជាទីមនោរម្យ ។ មាន​ដើមគ្រីស្ទម៉ាស់ កម្រងផ្កាផ្លេកៗ ខ្សែអំពូលភ្លើង និង​ក្រដាស​រូបកាត់តូចៗមានរាងដូចជាផ្កាព្រឹល តែងលម្អ​តាម​កន្លែង​កាច់ជ្រុងៗ ស៊ុមគ្រែ ជញ្ជាំង និង ពិដាន ។ ចង្ក្រាន​កម្តៅក្នុង​ផ្ទះ​ដាក់អុសពេញ អំពូលភ្លើង និង ស្រោមជើង បានដាក់​បង្ហាញ​រួចជាស្រេច ។ ទស្សនីយភាព​នៃ​ពិធីបុណ្យគ្រីស្ទម៉ាស់​ដ៏ឧត្តុង​ឧត្តមនេះ បានធ្វើ​ឲ្យ​គេហដ្ឋាន និង​បេះដូងយើង​កក់ក្តៅ ។

ទស្សនីយភាព​នៃពិធីបុណ្យគ្រីស្ទម៉ាស់ ដែលជាទីពេញចិត្ត​របស់​ខ្ញុំមួយទៀត ត្រូវបាន​ពិពណ៌នា​ដោយ​​ព្យាការី នីហ្វៃ ។ ឳពុក​របស់នីហ្វៃ ឈ្មោះលីហៃបាន​ចែកចាយសុបិនដែល​លោក​បានឃើញ ដើមឈើដ៏ស្រស់ស្អាត​មួយ ដែលផល​ផ្លែនៃ​ដើមនោះ បំពេញ​ព្រលឹងគាត់​ដោយ​ក្តីរីករាយ ( សូម​មើល នីហ្វៃទី១ ៨:១២ ) ។ នីហ្វៃក៏​មាន​បំណង​ប្រាថ្នាចង់ឃើញ​ដើមឈើ ដែល​ឪពុកលោក​បានពិពណ៌នា​ផងដែរ ។ នីហ្វៃ បាន​ឃើញ​ទស្សនៈនិមិត្តមួយ​ជា​ការឆ្លើយ​តបនឹង​ការអធិស្ឋាន ។ សម្រាប់ខ្ញុំ បទពិសោធន៍​នៃដំណើរ​រឿង​របស់នីហ្វៃ គឺជាដំណើរ​រឿងគ្រីស្ទម៉ាស់​ដ៏អស្ចារ្យ ។ គាត់​បាន​សរសេរ​ថា ៖

« ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់ពី​ខ្ញុំ​បាន​ឃើញ​ដើមឈើ​នោះ​ហើយ ខ្ញុំ​ក៏​ទូល​ទៅ​ព្រះ​វិញ្ញាណ​ថា ៖ ទូលបង្គំ​បាន​ឃើញ​ថា ព្រះ​អង្គ​បាន​បង្ហាញ​ឲ្យ​ទូលបង្គំ​ឃើញ​ដើមឈើ ដ៏​មាន​តម្លៃ​លើស​ជាង​អ្វីៗ​ទាំង​អស់។

« ហើយ​ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា ៖ តើ​អ្នក​ប្រាថ្នា​អ្វី​ទៀត ?

« ហើយ​ខ្ញុំ​បាន​ទូល​ទ្រង់​ថា ៖ ទូលបង្គំ​ប្រាថ្នា​ចង់​ដឹង​ពី​ការ​បកស្រាយ​នៃ​រឿង​នេះ …

« … ហើយ​ខ្ញុំ​បាន​ឃើញ​ភូមិ​ណាសារ៉ែត ហើយ​នៅ​ភូមិ​ណាសារ៉ែត ខ្ញុំ​បាន​ឃើញ​នាង​ព្រហ្មចារី​ម្នាក់ … ។

« … ហើយ​ទេវតា​មាន​បន្ទូល​មក​ខ្ញុំ​ថា ៖ មើល​ចុះ នាង​ព្រហ្មចារី​ដែល​អ្នក​ឃើញ​នោះ គឺ​ជា​មាតា​របស់​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ស្រប​តាម​ខាង​ឯ​សាច់ឈាម ។

« … ហើយ​ខ្ញុំ​ក៏​មើល​ហើយ​បាន​ឃើញ​នាង​ព្រហ្មចារី​ម្តង​ទៀត​នាង​កំពុង​តែ​បី​ព្រះ​ឱរស​ក្នុង​ដៃ​របស់​នាង ។

« ហើយ​ទេវតា​មាន​បន្ទូលមក​ខ្ញុំ​ថា ៖ មើលន៍ កូនចៀម​នៃ​ព្រះ មែន​ហើយ គឺ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ វរបិតា​ដ៏​នៅ​អស់កល្ប​ជានិច្ច ! » ( នីហ្វៃទី១ ១១:៩–១១, ១៣, ១៨, ២០–២១ ) ។

ខ្ញុំគិតថា​វាសំខាន់​ខ្លាំងណាស់ នៅពេល​ដែលនីហ្វៃបានទូលសូម​​ចង់ដឹង​អំពីអត្ថន័យ នៃដើមឈើ ដែលបាន​បង្ហាញ​ដល់លោក​នូវ​ពិធីបុណ្យគ្រីស្ទម៉ាស់​ដំបូង ។ បន្ទាប់មកព្រះវិញ្ញាណ​បានសួរ​នីហ្វៃថា ប្រសិន​បើលោកយល់​អំពី​អត្ថន័យ​នៃដើមឈើ ។ នីហ្វៃ បាន​ផ្ដល់ចម្លើយ​ដ៏​បំផុសគំនិតរបស់លោក ៖

« ព្រះ​ពរ នោះ​គឺជា​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ ដែល​មាន​សាយ​សព្វ​នៅ​ក្នុង​ចិត្ត​នៃ​កូន​ចៅ​មនុស្ស ហេតុ​ដូច្នោះ​ហើយ នោះ​គឺជា​សេចក្ដី​ស្រឡាញ់ ដែល​គួរ​ឲ្យ​ប្រាថ្នា​ដ៏​លើសលប់​ជាង​អ្វីៗ​ទាំង​អស់ » ។

ព្រះវិញ្ញាណ​បានបន្ថែមថា « មែន​ហើយ គឺ​ជា​សេចក្ដី​រីករាយ​បំផុត​ដល់​ព្រលឹង ។ » ( នីហ្វៃទី១ ១១:២២–២៣ ) ។

តាមរយៈ​បទពិសោធន៍នេះ នីហ្វៃបានរៀនថាសេចក្តីអំណរ និង ដែលគួរឲ្យ​ប្រាថ្នាចង់បាន​ជាងគេ​សម្រាប់​ព្រលឹងរបស់យើង គឺជាអារម្មណ៍​នៃសេចក្តីស្រឡាញ់ នៃព្រះតាមរយៈ​ព្រះរាជបុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវ គ្រីស្ទ ។ ដែល​នោះ​គឺ​ជាអំណោយ​ដ៏ពិត​នៃ​បុណ្យ​គ្រីស្ទម៉ាស់ ។ ទោះបីជាយ៉ាងណាក្តី យើងភាគច្រើនលំបាក​នឹងទទួល​អារម្មណ៍​នៃសេចក្តី​ស្រឡាញ់​ពីព្រះ នៅក្នុង​ជីវិត​របស់យើង—​សូម្បីតែ​នៅក្នុង​អំឡុងពេល​នៃរដូវកាល​បុណ្យនេះក្តី ។ ខាងក្រោមនេះ​គឺជា​យោបល់ចំនួនបួន ដែលយើង​អាចធ្វើ​ដើម្បី​ទទួលបាន​អំណោយ​នៃសេចក្តីស្រឡាញ់​របស់ព្រះ ក្នុង​រដូវកាល​បុណ្យគ្រីស្ទម៉ាស់នេះ ។

១. សិក្សា​ព្រះបន្ទូល​របស់​ព្រះ​

សូម​ចាប់ផ្តើម ឬរំឭកឡើងវិញពីការសិក្សា​ជាទៀងទាត់នូវ​ព្រះគម្ពីរ និង​ប្រសាសន៍​របស់​ព្យាការី​ដែលនៅរស់​ ។ នៅក្នុងការ​និមិត្ត​របស់​លីហៃ លោក « បាន​ឃើញ​ដំបង​ដែក » ( នីហ្វៃទី១ ៨:១៩ ) ដែលដឹកនាំ​ទៅរក​ដើមឈើ ។ អស់អ្នក​ដែល​បាន​ទទួល​បទពិសោធន៍ នៃសេចក្តីស្រឡាញ់របស់​ព្រះ បានចាប់ដំបងនោះជាប់ កាន់យ៉ាងខ្ជាប់ខ្ជួន ហើយ​ឆ្ពោះទៅ​មុខ រហូតដល់​ពួកគេ បានទទួលទាន​ផ្លៃនៃដើមនោះ ( សូម​មើល នីហ្វៃទី ១ ៨:៣០ ) ។ នីហ្វៃ​បានរៀនថា ដំបងនេះ​តំណាងឲ្យ​ព្រះបន្ទូល​នៃព្រះ ( សូមមើល នីហ្វៃទី១ ១១:២៥ ) ។

យើង​អាចអញ្ជើញព្រះអម្ចាស់​ចូលក្នុង​ជីវិត​របស់យើង តាមរយៈ​ការសិក្សា​ព្រះបន្ទូល​របស់ទ្រង់ ។ យើង​ពុំចាំបាច់​មាន​ការតាំងចិត្តលើសលប់​ពេកទេ ។ នៅពេលមិត្តភក្តិសួរថា​តើពួកគេត្រូវការសិក្សា​ព្រះគម្ពីរ​រយៈ​ពេល​ប៉ុន្មាន ជាញឹកញប់​ខ្ញុំតែង​ឆ្លើយថា « អានរហូតដល់​អ្នក​ទទួល​អារម្មណ៍ពីព្រះវិញ្ញាណ បន្ទាប់មក​អ្នកមាន​អារម្មណ៍​ចង់​បន្ត​ទៅ​ទៀត » ។ វាមិនអាស្រ័យ​លើចំនួន​នាទី ខគម្ពីរ ឬ​ជំពូក ដែលយើង​អាន​នោះ​​ទេ ។ អ្វីដែលកាន់តែសំខាន់នោះគឺជាបទពិសោធន៍ ដែលយើង​ស្វែងរក​ជាមួយ​នឹង​ការសិក្សា​ប្រកប​ដោយ​ព្រះវិញ្ញាណ ។ ព្រះអម្ចាស់​នឹង​ប្រទានពរដល់​យើងនូវ​រាល់គ្រប់កិច្ច​ខិតខំប្រឹង​ប្រែង​តូចៗ​ដែលយើង​បានធ្វើ ។

សៀវភៅសិក្សា ចូរ​មក​តាម​ខ្ញុំ សម្រាប់ខែ ធ្នូ រួមមានគម្ពីរ មរ៉ូណៃ និង​ជំពូកពិសេស​ដែល​មាន​ចំណង​ជើងថា « ពិធីបុណ្យគ្រីស្ទម៉ាស់ » ។ តើ​អ្វី​ដែលជា​ឱកាស​​ប្រសើរ​ជាង​ការជ្រមុជខ្លួន​យើងទៅក្នុង ព្រះគម្ពីរ ជាជាងការសិក្សា​ពាក្យអធិស្ឋាន​ក្នុង​ពិធី​សាក្រាម៉ង់ និងពាក្យសម្តីព្យាការី ដូចជាព្យាការី មរ៉ូណៃ ដែល​បានថ្លែង​ដោយ​ព្រះចេស្តា និងជាសាក្សីផ្ទាល់​នៃព្រះយេស៊ូវ​គ្រីស្ទ​នោះ ?

យើងក៏អាចសិក្សាពាក្យសម្តីនៃព្យាការី​ដែលនៅរស់ តាមរយៈ​ការអាន សន្និសីទ ទូទៅ នៃ​​លេខ ទស្សនាវដ្តី លីអាហូណា ឬតាមរយៈ​ការស្តាប់​​សុន្ទរកថា​របស់​ពួកលោក នៅក្នុងបណ្ណាល័យ​ដំណឹងល្អ​ផង​ដែរ ។ ដូច​ដំបង​ដែក​នៅក្នុងសុបិន​របស់​ លីហៃ​ការសិក្សា​ដោយ​តាំងចិត្តសារជាថ្មី​នូវព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ អាច​ដឹកនាំ​យើង​ទៅរក​បទពិសោធន៍​នៃសេចក្តី ស្រឡាញ់របស់​ព្រះ ក្នុង​រដូវកាលគ្រីស្ទម៉ាស់នេះ ។

២​.ការបម្រើ

បុណ្យគ្រីស្ទម៉ាស់ដ៏រីករាយ​ជាង​គេបំផុត​​ក្នុង​យុវវ័យ​របស់ខ្ញុំ​ប្រហែល​ជានៅក្នុង​ឆ្នាំ​ដែលក្រុមគ្រួសារ​របស់យើង​បាន​ជុំ​គ្នា​ជាមួយពូមីង និង​បងប្អូន​ជីដូន​មួយ ធ្វើការបរិច្ចាគ​សម្លៀកបំពាក់ ម្ហូបអាហារ របស់លេង វ៉ែនតា និង​សម្ភារផ្ទះបាយ ដល់ក្រុមគ្រួសារ​ដែលស្ថិត​នៅក្នុងសេច​ក្តីត្រូវ​ការក្នុងតំបន់ ។ ខ្ញុំមិនដែល​ភ្លេច ក្នុងការធ្វើជាផ្នែកមួយ​ក្នុងចំណោម​មនុស្ស​ជាច្រើន ដែលបាន​នាំយក គ្រីស្ទម៉ាស់​ទៅផ្ទះ​របស់គេឡើយ ។​ អារម្មណ៍បែបនេះ​នៅបន្តមាន​យ៉ាងយូរ បន្ទាប់​ពីពិធីបុណ្យគ្រីស្ទម៉ាស់​បាន​កន្លងផុតទៅ និងការសម្តែង​នូវអំណរគុណ​របស់​អ្នកម្តាយម្នាក់ និងកូនទាំងបួនរបស់គាត់ បន្តនៅក្នុង​ការចងចាំ​របស់ខ្ញុំ ។ ការបម្រើដល់ក្រុមគ្រួសារនោះ បានអនុញ្ញាតឲ្យសេចក្តី​ស្រឡាញ់​របស់ព្រះ « [ ដែលមាន ] សាយសព្វ » ( នីហ្វៃទី១ ១១:២២ ) នៅក្នុងចិត្ត​របស់ខ្ញុំ ។

ការបម្រើ​របស់យើង​ដល់​អ្នកដទៃ មិន​ចាំបាច់ត្រូវធំដុំ​ ឬ​ស្មុគស្មាញ​​ពេកនោះទេ ។ ក្នុងអំឡុង​ពេលបម្រើជាប៊ីស្សព ខ្ញុំបាន​រៀនថា​ មានមនុស្ស​ជាច្រើន​នៅក្នុងវួដ និង​ក្នុង​សហគមន៍​របស់​យើង ក្នុងថ្ងៃខ្លះ មានអារម្មណ៍ឯកោ ថប់អារម្មណ៍ ឬលើសលុប ។ គ្រាន់តែការហៅទូរសព្ទ ការផ្ញើសារ​ដែលយកចិត្តទុកដាក់ សារល្អ ខ្លីៗ នំចំណីដែល​ធ្វើ​ផ្ទាល់ដៃ ការដើរជាមួយ​អ្នកជិតខាង ឬក៏​ស្ម័គ្រចិត្ត​ជួយ​មើលកូន អាចក្លាយជា​អព្ភូតហេតុ​ដែល​បញ្ជូន​មកពីស្ថានសួគ៌ និងឆ្លើយ​តបចំពោះ​ការអធិស្ឋាន ។

ប្រសិនបើយើង​ទូលសួរ​ព្រះវបិតាសួគ៌​របស់យើង « តើមាន​នរណា​ម្នាក់​ដែល​អាច​ឲ្យ​ខ្ញុំជួយ​ទេថ្ងៃនេះ ? » អាចមានឈ្មោះ ឬ​ឃើញមុខ​ប្រាកដ​ឡើង​ក្នុង​គំនិត​របស់យើង ហើយ​នឹងការបំផុស​គំនិត​ពីព្រះវិញ្ញាណ​បរិសុទ្ធ នឹងជួយឲ្យ​យើង​យល់ពីរបៀប​ដែល​យើង​អាច​ប្រទាន​ពរដល់មនុស្ស​ទាំងនោះ ។ កាល​ដែលយើង​អនុវត្ត​តាម​ការបំផុស​គំនិត​ទាំងនោះ យើង​នឹង​ទទួល​បទពិសោធន៍​នៃសេចក្តី​ស្រឡាញ់​របស់ព្រះសម្រាប់យើង ។

កម្មវិធី « បំភ្លឺ​ពិភពលោក » ​របស់​សាសនាចក្រ គឺជាយោបល់ផ្តួច​ផ្តើម​ នៃសកម្មភាពសាមញ្ញៗ​នៃការបម្រើ​ដើម្បី​ជួយ​អ្នកដទៃ​ឲ្យ​ទទួល​អារម្មណ៍​នៃសេចក្តីស្រឡាញ់​របស់ព្រះ ។ ប្រសិនបើព្រះវិញ្ញាណបំផុសគំនិតអ្នកឲ្យទទួល​អំណោយ​នៃសេចក្តី​ស្រឡាញ់​របស់ព្រះ នៅក្នុងជីវិត​របស់​បងប្អូន តាមរយៈការបម្រើ នារដូវ​កាលគ្រីស្ទម៉ាស់នេះ នោះ​កម្មវិធី​បំភ្លឺ​ពិភពលោក អាចជួយ​ឲ្យ​អ្នក​ចាប់ផ្តើម បាន ( សូម​ទស្សនាគេហទំព័រ ComeuntoChrist.org ) ។

៣. ប្រែចិត្ត

ការអញ្ជើញទីបី គឺការទទួល​អំណោយទានពីព្រះអង្គសង្គ្រោះ​ តាមរយៈការប្រែចិត្ត ។ អែលឌើរ លីន ជី រ៉ូប៊ីននៃ​ពួកចិតសិននាក់ បានបង្រៀនថា ៖ « ការប្រែចិត្ត​គឺ​ជា​អំណោយទាន​ដែល​អាច​ទទួល​បាន​រហូត​របស់​ព្រះ​ដែល​ធ្វើ​ឲ្យ និង​អាច​ឲ្យ​យើង​ចេញ​ពី​ភាពបរាជ័យ​មួយ​ទៅកាន់​ភាពបរាជ័យ​មួយ​ទៀត​ដោយ​គ្មាន​ការបាត់បង់​នូវ​ភាពរីក​រាយ​ឡើយ ។ ការប្រែចិត្ត​ពុំ​មែន​ជា​ផែនការ​បម្រុង​នៅក្នុង​ព្រឹត្តិការណ៍​ដែល​យើង​អាច​បរាជ័យ​ឡើយ ។ ការប្រែចិត្ត​គឺ​ជាផែនការ​របស់​ទ្រង់ ដោយ​ដឹង​ថា យើង​នឹង​មាន​កំហុស » ។

ជីវិតនេះ​ពិបាក​ណាស់ ។ នៅពេល​ដែលយើង​ខិតខំឆ្ពោះទៅរកគោលដៅនៃជីវិតដ៏នៅ​អស់កល្ប​ជានិច្ច យើង​ទាំងអស់គ្នា​នឹង​មានកំហុស ហើយត្រូវ​ការ​ព្រះចេស្តា​ប្រោសលោះ​នៃ​ដង្វាយ​ធួនរបស់​ព្រះគ្រីស្ទ ។ នេះ​ជា​មូលហេតុ​មួយ​ដែល ព្រះអង្គសង្គ្រោះសព្វព្រះទ័យជ្រើស​រើស​ទទួល​យក​បទពិសោធន៍ និងការដាក់ទោស​ចំពោះ​អំពើបាប​របស់យើង ដូច្នេះទើប​ទ្រង់​អាច​ផ្តល់​អំណោយ​នៃការប្រែចិត្ត​ដល់យើង ។ ទ្រង់​បាន​បង់​ថ្លៃ​សម្រាប់​បងប្អូន​រួចហើយ ។ អ្វីដែល​បន្សល់ទុក​សម្រាប់យើង គឺការជ្រើសរើសរបស់​យើង នឹងទទួល​យក​ការ​អញ្ជើញ​របស់​ទ្រង់​ឬអត់ ៖ 

« ហេតុ​ដូច្នេះ​ហើយ អ្នក​ណា​ដែល​ប្រែចិត្ត ហើយ​មក​រក​យើង ដូច​ជា​កូន​ក្មេង​តូច​ម្នាក់ អ្នក​នោះ​ហើយ​ដែល​យើង​នឹង​ទទួល ត្បិត​នគរ​របស់​ព្រះ​ជា​របស់​ផង​អ្នក​នោះ ។ មើល​ចុះ ជំនួស​អ្នក​ទាំង​នោះ​ហើយ​ដែល​យើង​បាន​ប្ដូរ​ជីវិត​របស់​យើង ហើយ​បាន​យក​ជីវិត​យើង​ឡើង​វិញ ហេតុ​ដូច្នោះ​ហើយ ចូរ​ប្រែចិត្ត ហើយ​មក​រក​យើង ឱ​អ្នក​រាល់​គ្នា​នៅ​ចុង​ផែនដី​អើយ ហើយ​ចូរ​បាន​សង្គ្រោះ​ចុះ » ។ ( នីហ្វៃទី ៣ ៩:២២ ) ។

ខ្ញុំប្រាកដ​ថា​យើង​ទាំងអស់គ្នាបាន​សែង​បន្ទុក​នៃអំពើបាប​មួយ​ចំនួន តិច ឬច្រើន ហើយ​ព្រះវិញ្ញាណ​បាន​បំផុស​យើង​ឲ្យ​ទម្លាក់ចុះ ។ ប៊ីស្សព និង​ប្រធាន​ស្តេក​របស់យើងអាចជួយបាន ។ ព្រះអង្គសង្គ្រោះមាន​ព្រះទ័យ​មេត្តា និង ការអភ័យទោស ហើយ​ទ្រង់​ចែក​រំលែក​ព្រះទ័យ​ស្រដៀងគ្នានេះ​ជាមួយ​អ្នកបម្រើ​របស់ទ្រង់ដែរ ។ ពួកលោក​ស្រឡាញ់យើង ហើយ​អាចជួយ​ព្យាបាល​យើង តាម​រយៈ​ដង្វាយ​ធួន​របស់​ព្រះអង្គសង្គ្រោះ ។ យើងម្នាក់ៗ​ព្រម​​ទទួលយក​ការ​អញ្ជើញ​របស់ព្រះអង្គសង្គ្រោះ​ ឲ្យចូល​មករក​ទ្រង់ ហើយ​ធ្វើ​ឲ្យគ្រីស្ទម៉ាស់​ឆ្នាំនេះបាន​បរិសុទ្ធ ។

៤ .​ទៅលេង​ដំណាក់​របស់ព្រះអម្ចាស់

អំឡុងពេលខ្លះ​ដែលខ្ញុំ​មាន​អារម្មណ៏នៃ​សេចក្តី​ស្រឡាញ់​របស់ព្រះ​បំផុត គឺនៅពេល​នៅក្នុង​ព្រះវិហារបរិសុទ្ធ​របស់ទ្រង់ ។ នៅទីនោះ​ ភរិយា​ជាទីស្រឡាញ់របស់ខ្ញុំ និង​ខ្ញុំបាន​ផ្សារភ្ជាប់​ជាមួយ​គ្នា​សម្រាប់​វេលាកាល​នេះ និង សម្រាប់​​ភាព​អស់​កល្ប​ជានិច្ច ។ ខ្ញុំបានទៅទីនោះស្វែងរកការណែនាំ ដើម្បីធ្វើការ​សម្រេច​ចិត្ត និង​ស្វែងរកភាពសុខសាន្ត ក្នងអំឡុងគ្រាមាន​ទុក្ខព្រួយ ។ នៅក្នុង​ព្រះវិហារបរិសុទ្ធ ស្ថានសួគ៌ហាក់នៅជិត ហើយ​វិវរ​ណៈ​ហាក់​ដូចជាហូរចូលមក​កាន់តែស្រួល ។

យោងទៅលើ​ពិធីបរិសុទ្ធ​ទាំងឡាយ នៃបព្វជិតភាព​មិលគីស្សា​ដែក ដែលរួមទាំងពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូលថា « នៅក្នុង​ពិធីបរិសុទ្ធ​ទាំងឡាយ អំណាច​នៃ​ព្រះ​ត្រូវ​បាន​សម្ដែង​ឲ្យ​ឃើញ » ( គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៤:២០ ) ។

កាលដែលយើង​ចូលរួម​នៅក្នុងពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ យើង​បាន​ស្គាល់ព្រះ ព្រមទាំងភាពសុខ​សាន្ត និង​ព្រះចេស្តានៃ​ជីវិត​ដូចព្រះ គឺបាន​បើកសម្តែង​នៅក្នុង​ជីវិត​របស់យើង ។

ប្រធាន​ថូម៉ាស អេស. ម៉នសុន ( ១៩២៧–២០១៨ ) បាន​សន្យាថា ៖ « នៅពេល​យើង​ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ នោះ​អាច​មាន​កម្រិត​នៃ​ជីវភាព​ខាង​វិញ្ញាណ និង​អារម្មណ៍​សុខសាន្ដ ដែល​នឹង​លើស​អស់​អារម្មណ៍​ផ្សេងទៀត ដែល​អាចនឹង​កើត​មាន​ក្នុង​ចិត្តមនុស្ស » ។

ប្រសិនបើ​អារម្មណ៍​នៃ​ភាពសុខសាន្ត បាន​កន្លងទៅមួយ​រយៈ​ពេលហើយ ហេតុអ្វីមិនអនុញ្ញាតឲ្យ​រដូវកាល​នៃបុណ្យគ្រីស្ទម៉ាស់នេះ ចាប់ផ្តើម​ជាថ្មី នៃ​ការ​ប្តេជ្ញាចិត្ត ដើម្បី​ចូល​រួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ នៅ​ពេល​បើក​ឡើង​វិញ ? ប្រសិន​បើ​បងប្អូន​ពុំ​ទាន់បាន​ទទួលអំណោយទាន​ពិសិដ្ឋទេ ថ្នាក់​ដឹកនាំ​ សាខា និង វួដបស់បងប្អូនអាច​ជួយ​បងប្អូន​រៀបចំបាន ។ យើងអាច​ទទួល​អារម្មណ៏​នៃសេចក្តី​ស្រឡាញ់​របស់​ព្រះ កាលណា​យើង​ស្វែងរក ហើយ​បញ្ជូន​ឈ្មោះ​បុព្វការីជន​របស់យើង ដើម្បី​ទទួល​ពរជ័យ​ទាំង​ឡាយ​នៃ​ព្រះវិហារបរិសុទ្ធ ។

អំណោយពិត

ព្រះបន្ទូល​នៃ​ព្រះ ការបម្រើចេញពីបេះដូង ការប្រែចិត្ត និង​ការចូលរួមក្នុង​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ គឺជាឱកាស​​ទាំងអស់​ដើម្បី​ទទួល​អំណោយ​ពិត​នៃ​ពិធីបុណ្យគ្រីស្ទម៉ាស់ ។ សាវកយ៉ូហានបានសរសេរថា « ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក​ដល់​ម្ល៉េះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជ​បុត្រា​ទ្រង់​តែ​មួយ » ( យ៉ូហាន ៣:១៦ ) ។ ក្នុង​ពិធីបុណ្យគ្រីស្ទ​ម៉ាស់​នេះ ខ្ញុំសូមអធិស្ឋានថា​យើង​ម្នាក់ៗ នឹងត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ ដើម្បីជ្រើសរើសការណ៍​ទាំងឡាយដែល​នឹងជួយយើង ទទួល​បទពិសោធន៍​នៃអំណោយអស្ចារ្យ​នៃ​សេចក្តីស្រឡាញ់របស់ព្រះ តាមរយៈ​ព្រះរាជបុត្រ​របស់ទ្រង់ ព្រះ​យេស៊ូវ គ្រីស្ទ ។ ◼

កំណត់​ចំណាំ

  1. លីន ជី រ៉ូប៊ីន « Until Seventy Times Seven » ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ២២ ។

  2. ថូម៉ាស អេស ម៉នសុន « Blessings of the Temple » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៩១–៩២ ។