២០២០
រឿង​ប្រសូត្រកម្ម​របស់​អ្នក​ជិត​ខាង​
ខែ ធ្នូ ឆ្នាំ ២០២០


រឿង​ប្រសូត្រកម្ម​របស់​អ្នក​ជិត​ខាង​

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​តិចសាស ស.រ.អា. ។

« ត្បិត​មាន​បុត្រ​មួយ​កើត​ដល់​យើង » ។ ( នីហ្វៃទី២ ១៩:៦ ) ។

រូបភាព
A Neighbor Nativity

រ៉ូស បាន​លោតក្រោកឈរឡើង ពេល​នាង​លួច​មើល​តាម​បង្អួច ។ មិត្ត​របស់ពួកគេ​នឹងមកដល់​ឆាប់ៗ !

ក្នុង​ថ្ងៃបុណ្យ​គ្រីស្ទម៉ាស់ជារៀងរាល់​ឆ្នាំ​រ៉ូស និងគ្រួសារ​របស់នាង បាន​សម្តែង​រឿង​ប្រសូត្រកម្ម ។ ពួកគេ​អញ្ជើញ​មនុស្ស​មកលេង និង​ចូលរួម​នឹងពួកគេ ។ ពេល​នេះ​ពួក​គេ​បានអញ្ជើញ​អ្នកជិតខាង​របស់ពួកគេ និង​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា ! រ៉ូស រំភើប​យ៉ាង​ខ្លាំង​ពីព្រោះអ្នក​ជិត​ខាង​ពួកគេ​មាន​ទារក​តូច ដើម្បី​សម្តែង​ជាព្រះឱរស​យេស៊ូវ ។

អ្វីៗទាំងអស់​ជិត​រួចរាល់ហើយ ។ ម៉ាក់​បាន​យកនំចេញ​ពីចង្ក្រាន ។ ប្អូនប្រុស​ទាំងឡាយ​របស់ រ៉ូស បានប្រមូល ប្រដាប់​លេង​របស់ពួកគេ ។ អេលែន កំពុង​ស្លៀក​សំលៀក​បំពាក់​ប្រពៃណី ។ ហើយ​រ៉ូស ក៏បាន​តុបតែងបិទ​រូបផ្កាយ​ពណ៌លឿង​យ៉ាង​ធំមួយ​នៅលើ​ជញ្ជាំង ។

ម៉ាក់​បាន​ស្រែកហៅ​ពីចង្ក្រាន​បាយ​ថា « រ៉ូស » ។ « តើកូន​អាចជួយ​រៀបចំសម្លៀកបំពាក់​ឲ្យ អេលែន បានទេ ? »

« ចាស៎​ម៉ាក់ ! » រ៉ូស បានត្រឡប់​ទៅជួយ​ប្អូនស្រី​របស់នាង ដែលកំពុង​កាន់ភួយ​នៅក្នុង​ដៃ ។

អេលែន និយាយថា « យើង​មានភួយ កន្សែងពោះគោ សម្លៀក​បំពាក់​ចេញពីក្នុង​ទូ » ។ « ហើយ​យើង​ក៏អាច​ប្រើ​កន្ត្រកនេះ​ជំនួស​ស្នូក​ផង​ដែរ » ។ នាង​បាន​ហុច​កន្ត្រក​ដ៏​ធំ​នោះ​ឲ្យ រ៉ូស ។ រ៉ូស ដាក់​ភួយ​ទន់ៗ នៅក្នុង​កន្ត្រក​សម្រាប់​ទារក ។

រ៉ូស និយាយ​ថា « ល្អណាស់ » ។

ប្អូន​ប្រុស​របស់ រ៉ូស ឈ្មោះ​ជែកឃ៍ បាន​ទាញ​ភួយពណ៌​ប្រផេះ​គ្រប​ក្បាល​របស់គាត់ ហើយ​ធ្វើ​មុខ​កំប្លែង ។ « តើ​ខ្ញុំ​អាច​ធ្វើ​ជា​សត្វលា​បាន​ទេ ?

រ៉ូស​បាន​សើច ។ « ទេ ប្អូន​ឆ្កួត ! ចាំទេ ប្អូនឯង​ចង់ធ្វើ​ជា​ហោរា ? »

ជែកឃ៍​និយាយថា « អូ៎ មែនហើយ ! » គាត់​បាន​ចាប់​ម្កុដ ហើយ​ពាក់​លើក្បាល ។

បន្ទាប់​មក មាន​សំឡេង​គោះទ្វារ ។

រ៉ូស និយាយថា « ពួកគេ​មកហើយ​! » « ខ្ញុំនឹង​ទៅ​បើក​ទ្វារ » ។

មិន​យូរប៉ុន្មាន​ផ្ទះ​ទាំងមូល​មាន​ពោរពេញ​ដោយ​មនុស្ស​រីករាយ ។ រ៉ូស ជួយ​ស្លៀកសម្លៀក​បំពាក់ឲ្យ​គ្រប់​គ្នា ។ ស៊ីស្ទើរ​ផ្សព្វផ្សាយសាសនា​ជាអ្នក​គង្វាល ។ បងប្អូនប្រុសស្រី​របស់​នាង ជាហោរា ។ ទារក​ដ៏គួរឲ្យ​ស្រឡាញ់​គឺជាព្រះឱរស​យេស៊ូវ ហើយ​ឪពុក​ម្តាយ​គាត់​ដើរតួជា ម៉ារា និង​យ៉ូសែប ។

រ៉ូស បាន​ពាក់មួក​ទន់ៗ​ពណ៌ស ។ នាង​គឺ​ជាកូន​ចៀម ។

នៅ​ទីបញ្ចប់ គ្រប់គ្នា​បាន​ស្លៀកពាក់​រួច​រាល់ ដើម្បី​ចាប់​ផ្តើម​ការសម្តែង ។ អែលឌើរ និង​ស៊ីស្ទើរ យេនស៊ី គូស្វាមី​ភរិយា​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​មកពីវួដ​របស់យើង បានបើក​ព្រះគម្ពីរ​សញ្ញាថ្មី​ទៅកាន់​ដំណើរ​រឿង​ប្រសូត្រកម្ម ។ ពួកគាត់​បាន​អាន​ខគម្ពីរ​ទាំងនោះ​ឮៗ ។ គ្រប់គ្នា​សម្តែង​តាម​ផ្នែក​រៀង​ខ្លួន ។

នៅ​ចុង​បញ្ចប់​នៃ​ដំណើរ​រឿង​គ្រប់គ្នា​បាន​ច្រៀង​បទ « យប់​សុខសាន្ត » ។ រ៉ូស​បាន​ទទួល​អារម្មណ៍​កក់ក្តៅ និង​រីករាយ​ក្នុង​ចិត្ត ។ នាង​ដឹងថា នាងទទួល​អារម្មណ៍​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ វា​មានអារម្មណ៍​ដូចជា​ព្រះយេស៊ូវ នៅជិត​ដួង​ចិត្ត​របស់នាង ។

បន្ទាប់ពី​ចម្រៀង ម៉ាក់​បានចាក់​វីដេអូ « សាំយូអែល និង ផ្កាយ » ។ អេលែន នឹង​ពោល​ពាក្យ​អធិស្ឋាន ។ បន្ទាប់​មក​ពួកគេ​បាន​យក​អាហារ​ចេញមក ។ គ្រប់គ្នា​មាន​ការ​ជួបជុំ​ដ៏​រីករាយ ។

ស៊ីស្ទើរ យេនស៊ី បាន​សួរថា « តើ​ផ្នែក​មួយ​ណា​ដែល​ប្អូនៗទាំងអស់​គ្នា​ពេញ​ចិត្ត​ជាងគេ ? »

អេលែន និយាយថា « ខ្ញុំ​ចូលចិត្ត​ច្រៀង​ចម្រៀង » ។ « និង​លេង​ជាមួយ​នឹង​ព្រះឱរស​យេស៊ូវ » អេលែនបាន​បីអង្រួនទារកថ្នមៗ នៅលើ​ភ្លៅនាង ។ នាង​បាន​លេង​ជាមួយ​គាត់​ចាប់​តាំងពី​ច្រៀង​ចប់ ។

ជែកឃ៍ និយាយថា « ខ្ញុំ​ចូលចិត្ត​ផ្នែក​យក​អំណោយ​ឲ្យ​ព្រះយេស៊ូវ » ។ គាត់​នៅតែពាក់​ម្កុដ​ជ័រ ។

« រ៉ូស ចុះ​ក្មួយ​វិញ » ?

រ៉ូស បាន​លាត​ដៃនាង​យ៉ាង​ធំ ។ នាង​បាន​និយាយ​ខ្លាំងៗ​ថា « ខ្ញុំពេញ​ចិត្ត​គ្រប់យ៉ាង ! » « ប៉ុន្តែ​អ្វី​ដែល​ពិសេស​ជាងគេ គឺបងប្អូន​ទាំងអស់​គ្នា​ដែល​មក​ទីនេះ​ដើម្បី​ប្រារព្ធ​ពិធីអបអរ​ព្រះយេស៊ូវ ។ ព្រោះ​បុណ្យ​គ្រីស្ទម៉ាស់​គឺ​អំពី​ទ្រង់ » ។ ●