២០២០
ពរជ័យ​តូចៗ​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់
ខែ ធ្នូ ឆ្នាំ ២០២០


មាន​តែ​ឌីជីថល​ប៉ុណ្ណោះ

ពរជ័យ​តូចៗ​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់

ពរជ័យ​ទាំងឡាយ​ដែល​ខ្ញុំ​ទទួល​បាន​ពី​ការបង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ពុំ​មែន​ដូចជា​នំ​ម៉ាន៉ា​ដែល​ធ្លាក់​មក​ពី​ស្ថានសួគ៌​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ប្រាកដ​ណាស់​ថា​ពរជ័យ​ពិត​ជា​បាន​មក​មែន ។

ខ្ញុំ​មាន​អារម្មណ៍​ថា ពេលណា​ដែល​ខ្ញុំ​ឮ​ទីន្ទាល់​នានា​អំពី​ការបង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ពួកគេ​តែងតែ​រួម​បញ្ចូល​នូវ​បទពិសោធន៍​នៃ​អព្ភូតហេតុ​ដ៏​អស្ចារ្យ ។

ខ្ញុំ​មាន​អំណរគុណ​សម្រាប់​ទីបន្ទាល់​ទាំងនេះ ប៉ុន្តែ​ខ្ញុំ​មិន​ដែល​មាន​បទពិសោធន៍​ប្រភេទ​នេះ​ពី​មុន​មក​ទេ ។

ប៉ុន្តែ​ម្ដង​ទៀត ខ្ញុំ​ក៏​មិន​ដែល​មាន​ព្រះវិញ្ញាណ​គោះ​លើ​ក្បាល​ខ្ញុំ​នោះ​ដែរ—វា​តែងតែ​ជា​ពរជ័យ​ដែល​មិន​ជាក់​ស្ដែង​ច្រើន​ជាង ។

ខ្ញុំ​តែងតែ​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។ ខ្ញុំ​មិន​ដែល​បាន​ពិចារណា​ពី​ការអត់​បង់​វា​នោះ​ទេ ដើមឡើយ​គឺ​ដោយសារ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​រំពឹង​ឲ្យ​ខ្ញុំ​ធ្វើ​ដូច្នោះ បន្ទាប់​មក​ខ្ញុំ​បាន​ទៅ​មហាវិទ្យាល័យ​ដោយសារ​ខ្ញុំ​ត្រូវបាន​បំផុស​ឲ្យ​ធ្វើ​ដូច្នោះ ។ ហើយ​ពេល​ខ្ញុំ​រៀបការ និង​ចាប់ផ្ដើម​មាន​កូន ខ្ញុំ​បន្ត​ធ្វើ​វា ដោយសារ​ខ្ញុំ​មាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​មាន​ទីបន្ទាល់​រឹងមាំ​មួយ​អំពី​ពរជ័យ​ទាំងឡាយ​ដែល​អាច​បាន​មក​ពី​ការបង់​ដង្វាយ​ពេញលេញ ។

ពេល​ខ្ញុំ​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​ខ្ញុំ អ្វីៗ​ដំណើរការ ។ យើង​តែងតែ​មាន​ម្ហូប​គ្រប់គ្រាន់ ។ របស់របរ​មាន​តម្លៃ​ថោក​បន្តិច​ជាង​ដែល​ខ្ញុំ​បាន​គិត ឬ​ខ្ញុំ​អាច​រកឃើញ​របស់​គេ​លក់​បញ្ចុះ​តម្លៃ ឬ​បាន​ប័ណ្ណ​បញ្ចុះ​តម្លៃ ។ ខ្ញុំ​ត្រូវតែ​ខិតខំ​ដើម្បី​បាន​វា—វា​ត្រូវការ​ការប្រឹងប្រែង និង​សេចក្ដី​ជំនឿ ។ យើង​សន្សំ​សំចៃ ហើយ​យើង​ចាត់ចែង​ថវិកា ។ ប៉ុន្តែ​និយាយ​ឲ្យ​អស់​ទៅ នៅ​ចុង​បញ្ចប់​នៃ​ថ្ងៃ ខ្ញុំ​តែងតែ​ដឹង​ថា អ្វីៗ​នឹង​មិន​អី​ទេ ដោយសារ​ខ្ញុំ​បាន​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​ខ្ញុំ ហើយ​បាន​ធ្វើ​អស់​ពី​សមត្ថភាព​ដែល​ខ្ញុំ​អាច​ធ្វើ​បាន ហើយ​ទុក​អ្វី​ដែល​នៅ​សល់​នៅក្នុង​ព្រះហស្ដ​ព្រះ ។

ពេល​ខ្ញុំ​គិត​ត្រឡប់​ទៅក្រោយ​វិញ​អំពី​បទពិសោធន៍​ទាំងឡាយ​របស់​ខ្ញុំ និង​មូលហេតុ ដែល​ខ្ញុំ​មាន​ទីបន្ទាល់​ដ៏​រឹងមាំ​អំពី​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ខ្ញុំ​បាន​គិត​អំពី​រឿង​ក៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ ។ យ៉ាង​ហោច​ណាស់​សម្រាប់​ខ្ញុំ ពរជ័យ​ទាំងឡាយ​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ គឺ​មិន​ដូចជា​នំ​ម៉ាន៉ា​ពី​ស្ថានសួគ៌​នោះ​ទេ ។ ខ្ញុំ​មិន​ចេះ​តែ​ទទួល​បាន​មូលប្បទានប័ត្រ​ប្រាក់​នៅក្នុង​ប្រអប់​សំបុត្រ ឬ​អាហារ​មក​ពី​នរណា​ម្នាក់​ដែល​ត្រូវបាន​បំផុស​ឲ្យ​យក​មក​ឲ្យ​ខ្ញុំ​នោះ​ទេ ។ វា​មាន​ទំនង​ដូច​ជា​ពេល​ព្រះយេស៊ូវ​បាន​ផ្ដល់​ចំណី​ដល់​មនុស្ស ៥០០០​នាក់​ច្រើន​ជាង ( សូមមើល ម៉ាថាយ ១៤:១៤–២១ ) ។ បុរស​វ័យ​ក្មេង​ម្នាក់​បាន​ផ្ដល់​អាហារ​ទាំងអស់​ដែល​គាត់​មាន ។ ព្រះអម្ចាស់​បាន​ថ្លែង​អំណរ​ព្រះគុណ​ដល់​ព្រះ ហើយ​បន្ទាប់​មក​បាន​ប្រទាន​ចំណី​ដល់​មនុស្ស​គ្រប់គ្នា ជាមួយ​នឹង​នំប៉័ង​តែ​ប្រាំ​ចំណិត និង​ត្រី​តែ​ពីរ​ប៉ុណ្ណោះ ។ ហើយ​ដោយ​អព្ភូតហេតុ នោះ​មនុស្ស​គ្រប់​គ្នា​បាន​ឆ្អែត និង​មាន​អាហារ​សេសសល់​ទៀត​ផង ។

មាន​សប្ដាហ៍​ខ្លះ ដែល​ខ្ញុំ​មិន​ប្រាកដ​ពី​អ្វី​ដែល​ខ្ញុំ​នឹង​ញ៉ាំ ដោយសារ​ខ្ញុំ​ត្រូវការ​ផ្ដល់​ចំណី​ដល់​គ្រួសារ​ខ្ញុំ ។ ប៉ុន្តែ​ដោយហេតុ​ណា​នោះ តែងតែ​មាន​គ្រប់គ្រាន់​ជានិច្ច ។ អាហារ​មិន​គ្រាន់តែ​លេច​ឡើង​មក​នោះ​ទេ ។ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ស្កប់ស្កល់​នឹង​ចំណែក​ដ៏​តូច​មួយ ហើយ​ស្វាមី​ខ្ញុំ​ក៏​អញ្ចឹង​ដែរ ។ ខ្ញុំ​មិន​បាន​ទទួល​ប្រាក់​បន្ថែម​ទេ ប៉ុន្តែ​ខ្ញុំ​អាច​ប្រើប្រាស់​អ្វីៗ​ដោយ​សន្សំ​សំចៃ​បាន​កាន់តែ​យូរ ។

វា​អស្ចារ្យ​ណាស់​ចំពោះ​របៀប​ដែល​ព្រះវរបិតា​ធ្វើ​កិច្ចការ​ជាមួយ​យើង និង​ជាមួយ​អ្វី​ដែល​យើង​មាន ។ គ្រប់គ្នា​គឺ​ខុស​គ្នា ។ តម្រូវការ​របស់​មនុស្ស​គ្រប់គ្នា​គឺ​ខុស​គ្នា ។ ហើយ​ពរជ័យ​របស់​យើង​ក៏​ខុស​គ្នា​ដែរ ។ វា​អស្ចារ្យ​ណាស់​ទ្រង់​ដឹង​ពី​តម្រូវការ​របស់​យើង ទាំង​ខាង​រាងកាយ និង​ខាង​វិញ្ញាណ ។ ខ្ញុំ​បាន​ទទួល​ពរជ័យ​ដោយសារ​ការបង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​ខ្ញុំ ។ ខ្ញុំ​ចង់​ឲ្យ​អ្នក​ដឹង​ពី​រឿង​នេះ ។