២០១៩
ចូរ​កាន់​តាម​បញ្ញត្តិ​របស់​ខ្ញុំ​ចុះ
ខែ មករា ឆ្នាំ ២០១៩


ចូរ​កាន់​តាម​បញ្ញត្តិ​របស់​ខ្ញុំ​ចុះ

រូបភាព
Young Men General Presidency

តើ​ប្អូន​ធ្លាប់​គិត​ថា « តើ​ខ្ញុំ​អាច​បង្ហាញ​ព្រះវរបិតាសួគ៌​ថា ខ្ញុំ​ពិតជា​ចង់​ឲ្យ​ទ្រង់​ឆ្លើយ​តប​ការអធិស្ឋាន និង​ប្រទាន​ពរ​ដល់​ខ្ញុំ​ដោយ​របៀប​ណា ? » ដែរ​ឬ​ទេ ? ព្រះអង្គសង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រទាន​គន្លឹះ​មួយ​នៅពេល​ទ្រង់​មាន​បន្ទូល​ថា « បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្តិ​របស់​ខ្ញុំ​ចុះ » ( យ៉ូហាន ១៤:១៥ ) ។

និយាយ​ម្យ៉ាង​ទៀត គឺ​យើង​បង្ហាញ​សេចក្ដីស្រឡាញ់​របស់​យើង​ចំពោះ​ព្រះវរបិតាសួគ៌ ដោយ​ការគោរព​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។

ជួលកាល​ចម្លើយ​ពុំ​ត្រូវ​បាន​ឆ្លើយ​តប​ទៅតាម​ពេលវេលា ឬ​តាម​របៀប​ដែល​យើង​រំពឹង​ចង់​បាន​ឡើយ ហើយ​យើង​អាច​ត្រូវបាន​ល្បួង​ឲ្យ​បោះបង់ ឬ​ឈប់​គោរព​ប្រតិបត្តិ ។ ប៉ុន្តែ​ប្រសិនបើ​យើង​អត់ធ្មត់ ហើយ​ស្តាប់ នោះ​ព្រះអម្ចាស់​នឹង​ឆ្លើយ​តប​តាម​ពេលវេលា និង​តាម​របៀប​របស់​ទ្រង់ ។ ទ្រង់​ឆ្លើយ​តប​ការ​អធិស្ឋាន​ដ៏​សុចរិត​ជានិច្ច ។ ទ្រង់​ប្រទានពរ​ដល់​មនុស្ស​ដែល​គោរព​ប្រតិបត្តិ​ជានិច្ច ( សូមមើល ម៉ូសាយ ២:២១–២៤ ) ។

ពិភពលោក​បង្រៀន​ថា សេចក្តីស្រឡាញ់​ពុំមាន​ការទទួល​ខុស​ត្រូវ​ឡើយ ។ ផ្ទុយ​ទៅ​វិញ ការនោះ​មិន​ពិត​ទេ ។ សេចក្តីស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ ត្រូវ​បាន​បង្ហាញ​តាមរយៈ​ឆន្ទៈ និង​ភាព​ឧស្សាហ៍​របស់​យើង​ក្នុង​ការ​កាន់តាម​បទបញ្ញត្តិ​របស់​ទ្រង់ ។

ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​ថា « សេចក្ដី​ពិត​នោះ​នឹង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច » ( យ៉ូហាន ៨:៣២ ) ។ ព្យាការី​អាលម៉ា​បាន​ប្រកាស​បន្ថែម​ថា « សេចក្ដី​ទុច្ចរិត​ពុំ​ដែល​ជា​សុភមង្គល​ឡើយ » ( អាលម៉ា ៤១:១០ ) ។ ហើយ​តាម​រយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ នោះ​ព្រះអម្ចាស់​បាន​បង្រៀន​ថា « មាន​ក្រឹត្យវិន័យ​មួយ​ដ៏​ពុំ​អាច​ដក​ចេញ​បាន ដែល​បាន​ធ្វើ​នៅ​ឋានសួគ៌ មុន​កំណើត​លោកិយ​មក​ម៉្លេះ ដែល​គ្រប់​ព្រះពរ​ទាំងអស់​ផ្អែក​ទៅ​លើ—ហើយ​កាលណា​យើង​បាន​ព្រះ​ពរ​ណាមួយ​ពី​ព្រះ នោះ​គឺ​ដោយសារ​ការគោរព​ដល់​ក្រឹត្យវិន័យ​នោះ ដែល​ព្រះពរ​នោះ​ផ្អែក​ទៅ​លើ » ( គោលលទ្ធិ និង​សេចក្តីសញ្ញា ១៣០:២០–២១ ) ។

សុភមង្គល ពរជ័យ និង​ការណែនាំ​កើត​ឡើង​តាមរយៈ​ការគោរព​ប្រតិបត្តិ ។ ព្រះវរបិតាសួគ៌​សព្វព្រះទ័យ​ឲ្យ​អ្នក​រីករាយ ហើយ​មាន​សេរីភាព ដោយសារ​ទ្រង់​ស្រឡាញ់​អ្នក ហើយ​ថា​នោះ​ជា​មូលហេតុ​ដែល​ទ្រង់​បាន​ប្រទាន​បទបញ្ញត្តិ​របស់​ទ្រង់ ។ ដើម្បី​ស្វែងរក​ភាព​សុខសាន្ត​ដែល​ពិភពលោក​នេះ​គ្មាន យើង​ត្រូវតែ​រៀន​ថា ការចុះចូល​ទៅ​នឹង​ព្រះទ័យ​របស់​ព្រះ​វរបិតាសួគ៌​គឺជា​របៀប​តែ​មួយ​គត់​ឆ្ពោះ​ទៅ​កាន់​សុភមង្គល ។

ព្រះវរបិតា​សព្វ​ព្រះ​ទ័យ​ឲ្យ​ប្អូន​ស្វែងរក​សុភមង្គល​អស់កល្ប​ជានិច្ច ។ ពួកព្យាការី​របស់​ទ្រង់​ចង់​ឲ្យ​ប្អូន​រកឃើញ​អំណរ​ដ៏​ច្រើន​លើសលុប ។ យើង​ចង់​ឲ្យ​ប្អូន​រក​ឃើញ​ភាពសុខសាន្ត ដែល​យើង​បាន​រកឃើញ​នៅក្នុង​ការធ្វើ​តាម​ព្រះអង្គសង្គ្រោះ ។ ដើរ​លើ​ផ្លូវ​ដែល​ទ្រង់​បាន​គូស ( សូម​មើល « ខ្ញុំ​នឹង​ដើរ​តាម​ព្រះអង្គ » ទំនុកតម្កើង លេខ ១៣៥ ) ។ ចូរ​ជ្រើសរើស​គោរព​ប្រតិបត្តិ ឆន្ទៈ​របស់​ប្អូន​ដើម្បី​គោរព​ប្រតិបត្តិ​នឹង​ដឹកនាំ​ទៅរក​សេរីភាព និង​សុភមង្គល ។