២០១៩
បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ
ខែ មករា ឆ្នាំ ២០១៩


បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ

រូបភាព
Young Women General Presidency

បាវចនា​យុវវ័យ​ប្រចាំ​ឆ្នាំ ២០១៩ គឺ​ជា​ការហៅ​ឲ្យ​ធ្វើ​សកម្មភាព—ជា​ការអញ្ជើញ​ដោយ​ផ្ទាល់​ពី​ព្រះអង្គសង្គ្រោះ​របស់​យើង ។ តើអ្នក​មាន​ការតាំង​ចិត្ត​ទាំងស្រុង​ដែរ​ឬ​ទេ ? តើ​អ្នក​ស្រឡាញ់​ទ្រង់​ដែរ​ឬ​ទេ ? តើ​អ្នក​មាន​ឆន្ទៈ​ដើរ​តាម​ស្នាម​ព្រះបាទ​ទ្រង់​ដែរ​ឬ​ទេ?

ព្រះអង្គសង្គ្រោះ​យេស៊ូវគ្រីស្ទ​របស់​យើង​បាន​ធ្វើ​អ្វីៗ​សម្រាប់​យើង ដែល​យើង​ពុំ​អាច​ធ្វើ​សម្រាប់​ខ្លួន​យើង​បាន ។ តើ​ទ្រង់​បាន​ស្នើ​ឲ្យ​យើង​ធ្វើ​អ្វី​ខ្លះ​ដើម្បី​តបស្នង​វិញ​នោះ ? ទ្រង់​បាន​ស្នើ​ថា យើង​ត្រូវ​គោរព​បទបញ្ញត្តិ​របស់​ទ្រង់ ដើម្បី​យើង​អាច​បាន​ពរ ដោយ​មាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​នៅ​ជាមួយ​ពួកយើង​ជានិច្ច ( សូមមើល មរ៉ូណៃ ៤:៣ ) ។

បទបញ្ញត្តិ​គឺ​ជា​អំណោយ​នៃ​សេចក្តីស្រឡាញ់ ។ ព្រះអង្គសង្គ្រោះ​បាន​មាន​ព្រះបន្ទូល​យ៉ាង​សាមញ្ញ​ថា « បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្តិ​របស់​ខ្ញុំ​ចុះ » ប៉ុន្តែ ហេតុអ្វី ? ដោយសារ​ទ្រង់​ស្រឡាញ់​ប្អូនៗ ! ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ ប្អូនៗ សប្បាយ​រីករាយ ។ ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​ជីវិត របស់​ប្អូនៗ ពោរពេញ​ដោយ​អំណរ និង​លទ្ធភាព​នានា​រាប់​មិន​អស់ ។ ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ ប្អូន មាន​សុវត្ថិភាព ហើយ​ត្រូវ​បាន​ការពារ​ពី​សេចក្តីអាក្រក់​នៃ​ពិភពលោក ។ ទ្រង់​សព្វ​ព្រះទ័យ​ចាក់​ព្រះពរ​លើ ប្អូន ដែល​ច្រើន​លើសលុប « ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ » ( នីហ្វៃ​ទី ៣ ២៤:១០ ) ។ ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ ប្អូន ត្រឡប់​ទៅ ហើយ​រស់នៅជាមួយ​ទ្រង់​ម្តង​ទៀត និង​ក្លាយ​ជា​អ្នក​ទទួលទាន​នូវ​ពរជ័យ ទាំងអស់ ដែល​ព្រះវរបិតាសួគ៌​បាន​សន្យា ។

សូម​ចាំ​ជានិច្ច​ពី​ទំហំ​ដែល​ព្រះ​វរបិតា​សួគ៌​ស្រឡាញ់​បុត្រាបុត្រី​របស់​ទ្រង់ ។ ទ្រង់​មាន​សេចក្តីស្រឡាញ់​ដ៏​ល្អ​ឥតខ្ចោះ​សម្រាប់​ប្អូន ។ ប្អូន​អាច​បង្ហាញ​សេចក្ដីស្រឡាញ់​របស់​ប្អូន​ចំពោះ​ព្រះ​តាមរយៈ​ការគោរព​បទបញ្ញត្តិ​របស់​ទ្រង់ ។ សកម្មភាព​សុចរិត​របស់​ប្អូន​នឹង​នាំ​មកនូវ​ពរជ័យ​ដ៏​មហិមា​ដល់​ប្អូន និង​អស់​អ្នក​ដែល​នៅ​ជុំវិញ​ប្អូន ។

ដូច​ព្យាការី​របស់​យើង ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា ៖ « ពួក​យើង​ត្រូវ​ការ​ប្អូនៗ​នៅ​ជាមួយ​យើង​នៅក្នុង​កងទ័ព​យុវវ័យ​របស់​ព្រះអម្ចាស់​នេះ ។ អ្វីៗ​នឹង​មិន​នៅ​ដដែល​ទេ​បើ​គ្មាន​ប្អូនៗ ! » លោក​បាន​អញ្ជើញ​ប្អូន​ឲ្យ « ក្រោក​ឈរ​ឡើង [ ហើយ ] ធ្វើ​ផ្សេង​ពី​ពិភពលោក » តាមរយៈ​ការរស់នៅ​តាម​បទដ្ឋាន​នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន និង​តាមរយៈ​ការគោរព​តាម​បទបញ្ញត្តិ—ដើម្បី « មើល​ឲ្យ​ដូច មាន​សំឡេង​ដូច ធ្វើ​សកម្មភាព​ដូច និង​ស្លៀកពាក់​ដូច​សិស្ស​ដ៏​ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ » ( « Hope of Israel » [ ការប្រជុំធម្មនិដ្ឋាន​យុវវ័យ ថ្ងៃ​ទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ] ទំព័រ ៨ HopeOfIsrael.lds.org ) ។

នៅពេល​ប្អូន​ព្យាយាម​គោរព​តាម​ព្រះអម្ចាស់ និង​ពួកព្យាការី​របស់​ទ្រង់ នោះ​អំណាច​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បំពេញ​ប្អូន ដោយ​សេចក្តីស្រឡាញ់​របស់​ព្រះ ហើយ​ថ្លែង​ទីបន្ទាល់​ដល់​ប្អូន​អំពី​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​ប្អូន ថា​ជា​បុត្រា ឬ​បុត្រី​របស់​ព្រះ ។ ពរជ័យ​ទាំង​នោះ​រីកចម្រើន​នៅពេល​ប្អូន​ព្យាយាម​រស់នៅ​ដោយ​សុចរិត ។ ព្រះអម្ចាស់ និង​ព្យាការី​ទុកចិត្ត​លើ​ប្អូន ។ ទ្រង់ និង​លោក​ស្រឡាញ់​ប្អូន ។ យើង​សន្យា​ថា ទំនុកចិត្ត ការធានា​អះអាង​ដល់​ខ្លួន​ឯង និង​ការលួងលោម​ដ៏​អស្ចារ្យ​កើត​មាន​ឡើង នៅពេល​ប្អូន​គោរព និង​រក្សា​បទបញ្ញត្តិ ។