ថ្នាក់​វិទ្យាស្ថាន
ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀនទី ២១៖ គោលលទ្ធិ​នៃ​អាពាហ៍ពិពាហ៍ និង​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច


« ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀនទី ២១៖ គោលលទ្ធិ​នៃ​អាពាហ៍ពិពាហ៍ និង​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ២១ » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ

ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ២១

គោលលទ្ធិ​នៃ​អាពាហ៍ពិពាហ៍ និង​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច

រូបភាព
គូស្វាមីភរិយា​នៅ​ក្រៅ​ព្រះវិហារ​បរិសុទ្ធ

ប្រធាន ដាល្លិន អេក អូក បាន​បង្រៀន​ថា « គោលបំណង​នៃ​ជីវិត​រមែង​ស្លាប់ និង​បេសកកម្ម​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ គឺ​ដើម្បី​រៀបចំ​ពួក​បុត្រា និង​បុត្រី​របស់​ព្រះ​សម្រាប់​ជោគវាសនា​ដ៏​អស់កល្ប​របស់​ពួកគេ—ដើម្បី​ក្លាយ​ដូចជា​ព្រះវរមាតា​បិតា​សួគ៌​របស់​យើង » ( « Same-Gender Attraction » Ensign ខែ តុលា ឆ្នាំ ១៩៩៥ ទំព័រ ៧ ) ។ នៅពេល​បងប្អូន​សិក្សា​ពី​គោលលទ្ធិ​នៃ​អាពាហ៍ពិពាហ៍ និង​គ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច សូម​រកមើល​គោលការណ៍​នានា ដែល​អាច​ជួយ​បងប្អូន​ឲ្យ​យល់​ពី​របៀប​ដែល​អាពាហ៍ពិពាហ៍ និង​គ្រួសារ​រៀបចំ​យើង​ឲ្យ​ក្លាយ​កាន់តែ​ដូចជា​ព្រះវរមាតា​បិតា​សួគ៌​របស់​យើង ។

ផ្នែក​ទី ១

តើ​អ្វី​ទៅ​ជា​គោលបំណង​នៃ​អាពាហ៍ពិពាហ៍​នៅក្នុង​ផែនការ​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​ព្រះ ?

នៅ​ឆ្នាំ ១៨៣១ សមាជិក​សាសនាចក្រ​ដែល​ទើប​បាន​ជ្រមុជ​ទឹក​ថ្មី​ម្នាក់​ឈ្មោះ លីម៉ាន ខូព្លី បាន​ទៅ​លេង​ព្យាការី យ៉ូសែប ស្ម៊ីធ ។ លីម៉ាន​ធ្លាប់​ជា​សមាជិក​ជំនឿ​ពួក​សេកើរ ជា​ក្រុម​សាសនា​មួយ​ដែល​បដិសេធ​អាពាហ៍ពិពាហ៍ ហើយ​ជឿ​ថា ភាពនៅលីវ​ទាំងស្រុង ( ការវៀរចាក​ពី​ទំនាក់ទំនង​ផ្លូវ​ភេទ ) គឺ​ជា​ទម្រង់​គោរព​របស់​ពួកគ្រីស្ទាន​ដ៏​ខ្ពស់​បំផុត​មួយ ។ បន្ទាប់ពី​ការទៅលេង​របស់​លីម៉ាន ព្យាការី យ៉ូសែប ស៊្មីធ​បាន​ទូល​សួរ​ព្រះអម្ចាស់​អំពី​ការបង្រៀន​របស់​ពួកសេកើរ ហើយ​ទទួល​បាន​វិវរណៈ​ដែល​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៩ នា​ពេល​នេះ ។ ( បងប្អូន​អាច​ឃើញ​ថា​វា​មាន​ប្រយោជន៍​ដើម្បី​ដើម្បី​អាន​សេចក្ដីផ្ដើម​នៃ​កណ្ឌ​នោះ ) ។ សូម​ពិចារណា​គូស​ចំណាំ​ពាក្យ និង​ឃ្លា​នៅក្នុង​វគ្គ​បទគម្ពីរ​ខាងក្រោម​នេះ ដែល​បង្រៀន​អំពី​គោលលទ្ធិ​នៃ​អាពាហ៍ពិពាហ៍​របស់​ព្រះអម្ចាស់ ។

រូបភាព
រូបតំណាង​ការសិក្សា

សិក្សា​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៩:១៥–១៧ ( សូមមើល​ផង​ដែរ យ៉ាកុប ២:២៧–៣០ ) ។

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់​អំពី​មូលហេតុ​ដែល​អាពាហ៍ពិពាហ៍​ត្រូវបាន​តែងតាំង​មកពី​ព្រះ ។ សូម​ពិចារណា​គូស​ចំណាំ​អ្វី​ដែល​បងប្អូន​ចាប់​អារម្មណ៍​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​លោក ។

ហេតុផល​ខាង​គោលលទ្ធិដ៏​​មាន​ឥទ្ធិពល​​​ចំនួន​ពីរ​ ជួយ​យើង​ឲ្យ​យល់​ដឹង​ពី​ហេតុផល​ដែល​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច​គឺ​ជា​រឿង​ដ៏​សំខាន់​នៅ​ក្នុង​ផែនការ​របស់​ព្រះវរបិតា ។

ហេតុផល​ទី ១ ៖ធម្មជាតិ​នៃ​វិញ្ញាណ​បុរស និង ស្ត្រី​បំពេញ ហើយ​ធ្វើ​ឲ្យភាគី​​ទាំង​សងខាង​បាន​ល្អ​ឥតខ្ចោះ ហេតុដូច្នេះហើយ បុរស និង ស្ត្រី​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​រីកចម្រើន​រួមគ្នា​ឆ្ពោះ​ទៅកាន់​ភាព​តម្កើង​ឡើង ។ …

… ការ​រួមបញ្ចូលគ្នា​ដ៏ពិសេស​នៃ​សមត្ថភាព​ខាង​វិញ្ញាណ រូបកាយ មនសិការ និង​សតិ​អារម្មណ៍​របស់​មនុស្ស​ទាំង​ប្រុស និង​ស្រី​គឺ​ជា​ការចាំបាច់​ដើម្បី​អនុវត្ត​នៅក្នុង​ផែនការ​នៃ​សុភមង្គល ។ បើ​តែ​ឯកឯង មិនថា​បុរស ឬ​ស្ត្រី​ទេ គេពុំអាច​បំពេញ​គោលបំណង​នៃ​ការ​បង្កបង្កើត​របស់​ពួកគេ​បានឡើយ ។ …

ហេតុផល​ទី ២ ៖តាមរយៈ​ការរៀបចំ​របស់​ព្រះ ទាំង​បុរស និង​ស្ត្រី​ត្រូវ​មាន​ជា​ចាំបាច់​ដើម្បី​នាំ​យក​កូនចៅ​មក​ក្នុង​ជីវិត​រមែង​ស្លាប់ ហើយ​ផ្ដល់​មជ្ឈដ្ឋាន​ដ៏​ល្អ​បំផុត​សម្រាប់​ការ​ចិញ្ចឹមបីបាច់​កូនចៅ ។

បទបញ្ញត្តិ​ត្រូ​វបាន​ប្រទាន​តាំង​ពីបុរាណ​ដល់​អ័ដាម និង​អេវ៉ា ដើម្បី​ចម្រើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពាសពេញ​លើ​ផែនដី នៅតែ​បន្ដ​មាន​សព្វថ្ងៃនេះ ។ … ដូច្នេះ អាពាហ៍ពិពាហ៍រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ គឺ​ជា​ច្រក​ដែល​ត្រូវ​បាន​អនុញ្ញាត​ដែល​អាច​ឲ្យវិញ្ញាណ​មុនជីវិត​លើ​ផែនដី​នេះ​ចូល​មក​ក្នុង​ជីវិត​រមែង​ស្លាប់​បាន ។ …

គេហដ្ឋាន​មួយ​ដែល​មាន​ស្វាមីភរិយា​ដែល​ស្មោះត្រង់ ហើយ​ចេះស្រឡាញ់​គ្នា​គឺជា​ទីជម្រក​ដ៏​ល្អ​ខ្ពង់ខ្ពស់​ដែល​កូនចៅ​អាច​ត្រូវ​បាន​ចិញ្ចឹម​​ធំធាត់​ឡើង​ដោយ​សេចក្ដី​ស្រឡាញ់ និង សេចក្ដី​សុចរិត ហើយ​ដែល​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម​របស់​កូនចៅ​អាច​ត្រូវ​បាន​បំពេញ ។ គឺ​ដូចជាលក្ខណៈ​ពិសេស​របស់​បុរស​និង​ស្ត្រី ដែល​បរិច្ចាគ​ដើម្បី​បំពេញបង្គ្រប់​នូវ​ទំនាក់ទំនង​អាពាហ៍​ពិពាហ៍​ដែរ ដូច្នេះ​លក្ខណៈ​ដដែល​នោះ គឺ​សំខាន់​ដើម្បីចិញ្ចឹម​បីបាច់ ថែទាំ និង​បង្រៀន​ដល់​កូនចៅ ។ ( ដាវីឌ អេ បែដណា « Marriage Is Essential to His Eternal Plan » Ensign ខែ មិថុនា ឆ្នាំ ២០០៦ ទំព័រ ៨៣–៨៤ )

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​បងប្អូន​នឹង​ពន្យល់​ពី​មូលហេតុ​ដែល​អាពាហ៍ពិពាហ៍​រវាង​បុរស និង ស្ត្រី​គឺ​សំខាន់​ចំពោះ​ផែនការ​របស់​ព្រះវរបិតាសួគ៌​ដោយ​របៀប​ណា ?

ផ្នែក​ទី ២

តើ​ពរជ័យ​ណាខ្លះ​មក​ពី​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច ?

នៅ​ទីក្រុង​ណៅវូ យ៉ូសែប ស៊្មីធ​បាន​ចាប់ផ្ដើម​បង្រៀន​កាន់តែ​ទូលំទូលាយ​អំពី​គោលលទ្ធិ​នៃ​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ នេះ​គឺជា​គោលលទ្ធិ​ថ្មី និង​អស្ចារ្យ​មួយ​សម្រាប់​ពួកបរិសុទ្ធ ។ ពួកគេ​ភាគច្រើន​បាន​ជឿ​ថា អាពាហ៍ពិពាហ៍​បាន​បញ្ចប់​នៅ​ពេល​ស្លាប់ ។

រូបភាព
យ៉ូសែប និង អិមម៉ា ស្ម៊ីធ

រូបភាព យ៉ូសែប និង អិមម៉ា ស្ម៊ីធ ដែល​បាន​ផ្សារភ្ជាប់​ជាមួយ​គ្នា​សម្រាប់​ភាពអស់កល្ប​នៅ​ខែ ឧសភា ឆ្នាំ ១៨៤៣ ។

អែលឌើរ ប៉ាលី ភី ប្រាត្ត ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពិពណ៌នា​អំពី​អារម្មណ៍​របស់​លោក នៅពេល​ព្យាការី​បាន​បង្រៀន​លោក​អំពី​ភាពអាច​ទៅរួម​នៃ​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

« វា​ចេញពី [ យ៉ូសែប ស្ម៊ីធ ] ដែល​ខ្ញុំ​បាន​រៀន​ថា ភរិយា​ជាទីស្រឡាញ់​របស់​ខ្ញុំ​អាច​ត្រូវបាន​រក្សាទុក​ដល់​ខ្ញុំ​សម្រាប់​ក្នុង​កាលវេលា និង​រហូតដល់​អស់​ទាំង​ភាព​អស់កល្ប​ជានិច្ច ។ … ខ្ញុំបាន​រៀន​អំពីលោក​ថា យើង​អាច​បណ្ដុះ​បង្កើត​នូវ​សេចក្ដីស្រឡាញ់​ទាំងនេះ ហើយ​វា​លូតលាស់ និង​រីកចម្រើន​ឡើង​ដូចគ្នា​នៅក្នុង​ពេល​អស់កល្ប​អស់កាល​ជានិច្ច ខណៈ​លទ្ធផល​នៃ​ការរួមគ្នា​ដ៏​មិន​ចេះចប់​របស់​យើង​នឹង​បង្កបង្កើត​ជា​កូន​ជាចៅ​រាប់​មិន​អស់​ដូច​ផ្កាយ​នៅលើ​ស្ថានសួគ៌ ឬ​ខ្សាច់​នៅលើ​ឆ្នេរ​សមុទ្រ ។ …

ខ្ញុំ​បាន​ស្រឡាញ់​វា​ពីមុនមក តែ​មិន​ដឹង​ថាជា​មូលហេតុ​អ្វី​នោះទេ ។ ប៉ុន្ដែ​ឥឡូវ​ខ្ញុំ​ស្រឡាញ់​—ដោយ​ចិត្ត​បរិសុទ្ធ​—​ជា​អារម្មណ៍​លើក​ឡើង និង​តម្កើង​ឡើង​យ៉ាង​ខ្លាំង ។( Autobiography of Parley P. Pratt ed. Parley P. Pratt Jr. [ ឆ្នាំ ២០០៧ ] ទំព័រ ២៦០ )

នៅ​ឆ្នាំ ១៨៤៣ ព្យាការី​បាន​ហៅ​ឲ្យ​កត់ត្រា​វិវរណៈ​ដែល​ឥឡូវ​នេះ​មាន​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២ ដែល​រួមមាន​នូវ​គោលលទ្ធិ​នៃ​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

រូបភាព
រូបតំណាង​ការសិក្សា

សិក្សា​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:១៩–២០ ។

ប្រធាន រ័សុល អិម ណិលសុន បាន​ពន្យល់​ថា ៖

ដើម្បី​សក្តិសម​ទទួល​បាន​ជីវិត​ដ៏​អស់កល្ប​ជានិច្ច យើង​ត្រូវតែ​ធ្វើ​សេចក្ដីសញ្ញា​ដ៏​អស់កល្ប​អស់​កាល​ជានិច្ច​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​របស់​យើង [ សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:១៩ ] ។ ការណ៍​នេះ​មាន​ន័យ​ថា អាពាហ៍ពិពាហ៍​ក្នុង​ព្រះវិហារ​បរិសុទ្ធ​គឺ​មិនមែន​តែ​រវាង​ស្វាមី និង​ភរិយា​ប៉ុណ្ណោះ​ទេ តែ​វា​ឱប​ក្រសោប​ភាពជាដៃគូ​ជាមួយ​នឹង​ព្រះ [ សូមមើល ម៉ាថាយ ១៩:៦ ]. …

… ពេល​គ្រួសារ​មួយ​ ត្រូវ​បាន​ផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ គ្រួសារ​នោះ​អាច​ប្រែក្លាយ​ជា​អស់កល្ប​ជានិច្ច​ដូច​នឹង​នគរ​ព្រះ​ផង​ដែរ [ សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:១៩–២០ ] ។ ( រ័សុល អិម ណិលសុន « Celestial Marriage » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៩២–៩៣ )

ពរជ័យ​នៃ​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច​គឺ​មិនមែន​តែ​សម្រាប់​ជីវិត​ក្រោយ​ប៉ុណ្ណោះ​ទេ ។ អស់​អ្នក​ដែល​ខិតខំ​រក្សា​សេចក្ដី​សញ្ញា​របស់​ពួកគេ​ដោយ​ស្មោះត្រង់​ក៏​អាច​រីករាយ​នឹង​ពរជ័យ​នៃ​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៅក្នុង​ជីវិត​នេះ​បាន​ផងដែរ ។ ប្រធាន ថូម៉ាស អេស ម៉នសុន បាន​បង្រៀន ៖

ប្រសិនបើ​អ្នក​ជ្រើស​ដោយ​ឈ្លាសវៃ ហើយ​ប្រសិនបើ​អ្នក​ប្តេជ្ញាចិត្ត​នឹង​ចង់​បាន​ជោគជ័យ​ក្នុង​អាពាហ៍ពិពាហ៍ គ្មាន​អ្វី​នៅក្នុង​ជីវិត​នេះ​ដែល​នាំមក​ដល់​អ្នក​នូវ​សុភមង្គល​ដ៏​ធំ​ជាង​អាពាហ៍ពិពាហ៍​ឡើយ ។ ( « Priesthood Power » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៦៧ )

សមាជិក​សាសនាចក្រ​មួយ​ចំនួន​មាន​សំណួរ​អំពី​ស្ថានភាព ដែល​មិន​អាច​ធ្វើឲ្យ​បុគ្គល​ម្នាក់ៗ​ទទួល​បាន​ពរជ័យ​នៃ​អាពាហ៍ពិពាហ៍ និង​គ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច​នា​ពេល​ឥឡូវ​នេះ ។ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ថ្លែង​ពី​បញ្ហា​នេះ ៖

ដើម្បី​ប្រកាស​អំពី​សេចក្ដីពិត​ជា​គ្រឹះ​អំពី​អាពាហ៍ពិពាហ៍ និង​គ្រួសារ គឺ​មិន​ត្រូវ​មើល​រំលង ឬ​បន្ថយនូវ​ការលះបង់ និង​ភាពជោគជ័យ​នៃ​អ្នកទាំងឡាយ​ដែល​ពុំ​មាន​ភាពល្អ​ឥតខ្ចោះ​នោះ​ឡើយ ។ អ្នក​ខ្លះ​ត្រូវបាន​បដិសេធ​ពរជ័យ​នៃ​អាពាហ៍ពិពាហ៍ ដោយសារ​មាន​ហេតុផល​ដូចជា​កង្វះខាត​នូវ​លទ្ធភាព​មាន​កូន ការទាក់ទាញ​ចំណង់​ផ្លូវ​ភេទ​ដូចគ្នា ពិការភាព​ខាង​រាងកាយ ឬ​សតិអារម្មណ៍ ឬក៏​គ្រាន់តែ​ភ័យខ្លាច​បរាជ័យ ដែល​យ៉ាងហោច​ណាស់​ពេល​នោះ​ធ្វើ​ឲ្យ​សេចក្ដីជំនឿ​ស្រអាប់ ។ ឬ​ថា អ្នក​អាច​បាន​រៀបការ​ហើយ ប៉ុន្ដែ​អាពាហ៍ពិពាហ៍​នោះ​បាន​ចប់ ហើយ​អ្នក​ត្រូវ​ទុក​ឲ្យ​ចាត់ចែង​តែម្នាក់​ឯង​នូវ​អ្វី​ដែល​មនុស្ស​ពីរនាក់​រួមគ្នា​ស្ទើរតែ​មិន​អាច​ទ្រាំទ្រ​បាន ។ អ្នកខ្លះ​ដែល​បាន​រៀបការ​ហើយ មិន​អាច​មាន​កូនចៅ​បាន ទោះបីជា​ចង់​បាន​កូន​យ៉ាងខ្លាំង ហើយ​ទូល​អង្វរ​សុំ​ក្នុង​ការអធិស្ឋាន​ជាខ្លាំង​ក្ដី ។

… យើង​សូម​ថ្លែង​ទីបន្ទាល់​ដោយ​មាន​ទំនុកចិត្ត​ថា ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ បានធ្វើ​ទុក​ជា​មុន ហើយ​នៅ​ទីបញ្ចប់​នឹង​តបស្នង​នូវ​ការខ្វះខាត និង​ការបាត់បង់​ទាំងអស់​ដល់​អ្នក​ដែល​បែរ​ទៅរក​ទ្រង់ ។ គ្មាន​នរណា​ម្នាក់​ត្រូវបាន​តាំង​ជាមុន​ដើម្បី​ទទួល​តិចជាង​នូវ​អ្វីៗ​ទាំងអស់​ដែល​ព្រះបិតា​មាន​សម្រាប់​កូនចៅ​របស់​ទ្រង់​ឡើយ ។ ( ឌី ថត គ្រីស្តូហ្វឺសិន « ហេតុអ្វី​អាពាហ៍ពិពាហ៍ ហេតុអ្វី​ក្រុមគ្រួសារ » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៥២ )

រូបភាព
រូបតំណាង​ការពិភាក្សា

ពិភាក្សា​រៀបចំ​សម្រាប់​ថ្នាក់រៀន

អាពាហ៍ពិពាហ៍​ទាំងអស់ ជាពិសេស​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច តម្រូវ​ឲ្យ​មាន​កិច្ច​ខំប្រឹង និង​ការប្ដេជ្ញា​ចិត្ត​ពី​ប្ដីប្រពន្ធ​ទាំងពីរ​នាក់ ។ សូម​ជជែក​ជាមួយ​ប្ដីប្រពន្ធ​ដែល​បាន​រៀបការ​រួច​មួយគូ ដែល​បងប្អូន​ស្គាល់​ដែល​មាន​ចំណង​អាពាហ៍ពិពាហ៍​ដ៏​រឹងមាំ និង​ពោរពេញ​ដោយ​ក្ដី​ស្រឡាញ់​មួយ ហើយ​សូម​សួរ​ពួកគេ​ពី​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​ដើម្បី​កសាង​អាពាហ៍ពិពាហ៍​នេះ ។ សូម​សួរ​ពួកគេ​ផងដែរ​ថា តើ​ជាលទ្ធផល​អាពាហ៍ពិពាហ៍​របស់​ពួកគេ​បាន​ពង្រីក​ជីវិត​របស់​ពួកគេ​យ៉ាង​ដូចម្ដេច​ដែរ ។ សូម​ត្រៀម​ខ្លួន​ឲ្យ​រួចរាល់​ដើម្បី​ចែកចាយ​អ្វី​ដែល​បងប្អូន​បាន​រៀន​នៅក្នុង​ថ្នាក់រៀន ។

ផ្នែក​ទី ៣

ហេតុអ្វី​ខ្ញុំ​គួរតែ​ក្រោកឈរ​សម្រាប់​គោលលទ្ធិ​នៃ​អាពាហ៍ពិពាហ៍ និង​គ្រួសារ​របស់​ព្រះអម្ចាស់ ?

កាល​ការស្ដារ​ឡើងវិញ​ចេះ​តែ​បន្ដ​បើក​សម្ដែង​ឡើង នោះ​ព្រះអម្ចាស់​បាន​បំផុស​គំនិត​ឲ្យ​ព្យាការី​របស់​ទ្រង់​គូស​បញ្ជាក់​លើ​គោលលទ្ធិ​នៃ​អាពាហ៍ពិពាហ៍ និង​គ្រួសារ ។ នៅ​ខែ កញ្ញា ឆ្នាំ ១៩៩៥ នៅក្នុង​ការប្រជុំ​សមាគម​សង្គ្រោះ​ទូទៅ​មួយ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ណែនាំ​អំពី « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ។ សេចក្ដីបញ្ចប់​នៃ​ការប្រកាស​នេះ​បង្រៀន​ពី​មូលហេតុ​ដែល​យើង​ត្រូវតែ​ក្រោកឈរ​សម្រាប់​គោលលទ្ធិ​នៃ​អាពាហ៍ពិពាហ៍ និង​គ្រួសារ​របស់​ព្រះអម្ចាស់ ។

យើង​សូមព្រមាន​ថា ការបែកបាក់​នៅក្នុង​គ្រួសារ​នឹង​នាំមក​នូវ​មហន្តរាយ​ដល់​បុគ្គល​នោះ សហគមន៍ និង​ជាតិសាសន៍ ដូច​ដែល​បាន​ទាយទុក​ជាមុន​ដោយ​ពួកព្យាការី​សម័យ​បុរាណ និង​ពួក​ព្យាការី​សម័យ​ទំនើប ។

យើង​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​មន្ត្រី​រាជការ​ទាំងឡាយ​នៅក្នុង​រដ្ឋាភិបាល ដែល​ទទួលខុសត្រូវ​នៅ​គ្រប់​ទីកន្លែង​ទាំងអស់ សូម​ឱ្យ​គាំទ្រ​នូវ​អ្វីៗ​ទាំងនេះ ដែល​បាន​រៀបរាប់​ឡើង​ដើម្បីទ្រទ្រង់ និង​ធ្វើឱ្យ​ក្រុមគ្រួសារ​មាំមួន​ដូចជា​អង្គភាព​មួយ​ដ៏​សំខាន់​នៃ​សង្គម ។ ( « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​គេហទំព័រ ChurchofJesusChrist.org )

ស៊ិស្ទើរ ជូលី ប៊ី ប៊េក អតីត​ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ បាន​ពន្យល់​ពី​តម្រូវការ​ដើម្បី​សិក្សា​ពី​គោលលទ្ធិ​នៃ​គ្រួសារ​ដែល​មាន​នៅក្នុង « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ។

ជំនាន់​នេះ​នឹង​ត្រូវបាន​ហៅ​ឲ្យ​ការពារ​គោលលទ្ធិ​នៃ​ក្រុមគ្រួសារ​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក ។ ប្រសិនបើ​ពួកគេ​មិន​ដឹង​ពី​វា​ទេ នោះ​ពួកគេ​មិន​អាច​ការពារ​វា​បាន​ឡើយ ។ …

ប្រធាន [ ស្ពែនស៊ើរ ដបុលយូ ] ឃឹមបឹល បាន​មាន​ប្រសាសន៍​ថា ៖

« ភាពតឹងរឹង​ខាង​សង្គម​ជាច្រើន​ដែល​បាន​ជួយ​រឹត​បន្ដឹង និង​ពង្រឹង​ដល់​ក្រុម​គ្រួសារ​ពី​ដើម​មក កំពុង​តែ​រលាយ និង​បាត់​រូបរាង​បណ្ដើរៗ​ហើយ ។ ពេល​នោះ​នឹង​មក​ដល់ នៅពេល​មាន​តែ​អ្នក​ដែល​ជឿ​លើ​គ្រួសារ​យ៉ាង​ខ្លាំង និង​យ៉ាង​សកម្ម​នឹង​អាច​ថែរក្សា​ក្រុមគ្រួសារ​របស់​ពួកគេ​នៅ​ក្នុង​ចំណោម​ការប្រជុំ​ពួកមនុស្ស​អាក្រក់​នៅ​ជុំវិញ​ខ្លួន​យើង » [ ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល « Families Can Be Eternal » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨០ ទំព័រ ៤ ] ( ជូលី ប៊ី ប៊េក « Teaching the Doctrine of the Family » Ensign ខែ មីនា ឆ្នាំ ២០១១ ទំព័រ ១៧ )

ស៊ិស្ទើរ បូនី អិល អូស្ការសុន អតីត​ប្រធាន​យុវនារី​ទូទៅ​បាន​បង្រៀន ៖

យើង​ចាំបាច់​ត្រូវ​ការពារ​គោលលទ្ធិ​របស់​ព្រះអម្ចាស់​ដែល​បាន​បើក​សម្ដែង​ដោយ​អង់អាច ដែល​បាន​ពិពណ៌នា​អំពី​អាពាហ៍ពិពាហ៍ ក្រុមគ្រួសារ តួនាទី​ដ៏​ទេវភាព​របស់​បុរស និង​ស្ត្រី និង​សារៈសំខាន់​នៃ​គេហដ្ឋាន ជា​កន្លែង​ពិសិដ្ឋ ទោះជា​ពេល​ពិភពលោក​កំពុង​ស្រែក​ដាក់​ត្រចៀក​យើង​ថា គោលការណ៍​ទាំងនេះ​បាន​ហួស​សម័យ មាន​កម្រិត ឬ​ឈប់​ទាក់ទង​ហើយ​ក្ដី ។ មនុស្ស​គ្រប់គ្នា មិន​ថា​មាន​ស្ថានភាព​អាពាហ៍​ពិពាហ៍​យ៉ាងណា ឬ​មាន​កូន​ប៉ុន្មាន​ទេ អាច​ធ្វើជា​អ្នកការពារ​ផែនការ​របស់​ព្រះអម្ចាស់ ដែល​បាន​ពិពណ៌នា​នៅក្នុង​សេចក្ដី​ប្រកាស​អំពី​គ្រួសារ​បាន ។ បើ​វា​គឺជា​ផែនការ​របស់​ព្រះអម្ចាស់ វា​គួរតែ​ជា​ផែនការ​របស់​យើង​ដែរ ! …

…​ចូរ​យើង​ធ្វើជា​អ្នកការពារ​អាពាហ៍ពិពាហ៍ ដូច​ដែល​ព្រះអម្ចាស់​បាន​តែងតាំង​វា​ឡើង ដោយ​បន្ដ​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង​មេត្តា​ករុណា​ដល់​អ្នកទាំងឡាយ​ដែល​មាន​ទស្សនៈ​ខុសពី​យើង ។ ( បន្នី អេល អូស្កាសឹន « អ្នកការពារ​សេចក្ដី​ប្រកាស​ក្រុមគ្រួសារ » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១៥ )

រូបភាព
រូបតំណាង​ការកត់ត្រា

កត់ត្រា​គំនិត​របស់​បងប្អូន

នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់​បងប្អូន ឬ​នៅ​កន្លែង​ដែល​ផ្ដល់​មក សូម​សរសេរ​យោបល់​របស់​បងប្អូន​អំពី​របៀប​ដែល​យុវមជ្ឈិមវ័យ​ម្នាក់​អាច​ធ្វើ​ជា​អ្នកការពារ​អាពាហ៍ពិពាហ៍ និង​គ្រួសារ​បាន ។ តើ​បងប្អូន​ធ្លាប់​បាន​ការពារ​គោលលទ្ធិ​នៃ​អាពាហ៍ពិពាហ៍​ដែរ​ឬ​ទេ ? តើ​បងប្អូន​មាន​បទពិសោធន៍​យ៉ាង​ដូចម្ដេច ?