២០២២
តើ​ខ្ញុំ​ជា​យុវមជ្ឈិមវ័យ​តែ​ម្នាក់​គត់​ដែល​ពុះពារ​នឹង​ការស្វែងរក​គោលបំណង​របស់​ខ្ញុំ​ឬ ?
ខែ កញ្ញា ឆ្នាំ ២០២២


« តើ​ខ្ញុំ​ជា​យុវមជ្ឈិមវ័យ​តែ​ម្នាក់​គត់​ដែល​កំពុង​ពុះពារ​ដើម្បី​ស្វែងរក​គោលបំណង​របស់​ខ្ញុំ​ឬ ? » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២២ ។

យុវមជ្ឈិមវ័យ

តើ​ខ្ញុំ​ជា​យុវមជ្ឈិមវ័យ​តែ​ម្នាក់​គត់​ដែល​ពុះពារ​នឹង​ការស្វែងរក​គោលបំណង​របស់​ខ្ញុំ​ឬ ?

ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខូច​ផែនការ​អស់—ផែនការ​របស់​ខ្ញុំ​សម្រាប់​ខ្លួន​ខ្ញុំ និង​ផែនការ​របស់​ព្រះ​សម្រាប់​ខ្ញុំ ។

រូបភាព
ស្រ្តី​យុវមជ្ឈិមវ័យ​កំពុង​ឡើង​ផ្ទាំង​ថ្ម

នៅ​ខួប​កំណើត​គម្រប់ ២៥ ឆ្នាំ​របស់​ខ្ញុំ ខ្ញុំ​បាន​រៀបចំ​បន្ទប់គេង​របស់​ខ្ញុំ ។ បន្ទប់គេង​របស់​ខ្ញុំ​មិនមាន​សណ្ដាប់ធ្នាប់​ទេ ហើយ​ខ្ញុំ​បាន​គិត​អំពី​របៀប​ដែល ជីវិត របស់ខ្ញុំ​គ្មាន​របៀប​រៀបរយ​ដែរ ។ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ដែល​ខ្ញុំ​គិតថា​នឹង​ធ្វើ​នៅពេល​អាយុ ២៥ ឆ្នាំ​ឡើយ ។ ខ្ញុំ​មិនបាន​ស្ថិត​នៅ​ចំណុច​ដែល​ខ្ញុំ ត្រូវ​នៅ នោះ​ទេ ។

ខ្ញុំ​បាន​គិត​អំពី​អារម្មណ៍​របស់​ខ្ញុំ​កាលពីនៅ​វ័យ​ជំទង់ នៅពេល​ដែល​ខ្ញុំ​បាន​ទទួល​ពរជ័យ​លោក​អយ្យកោ​របស់​ខ្ញុំ ។ នៅពេល​ណា​ដែល​ខ្ញុំ​អានអំពី​អនាគត​របស់​ខ្ញុំ ខ្ញុំ​បាន​ស្រមៃ​ឃើញ​ពី​មនុស្ស​ដែល​មាន​លក្ខណៈ​ស្ទើរតែ​ល្អ​ឥតខ្ចោះ​ម្នាក់ ។ ប៉ុន្តែ​ខ្ញុំ​ដឹងថា ខ្ញុំ​មិន​បាន​ធំឡើង​ធ្វើជា​មនុស្ស​ដែល​ខ្ញុំ​បាន​ស្រមៃ​ឃើញ​នោះទេ ។ ហើយ​ខ្ញុំ​បាន​ឆ្ងល់ថា ប្រសិនបើ​រូប​ខ្ញុំ​កាល​ពីក្មេង​បាន​ឃើញ​ខ្ញុំ​ឥឡូវ​នេះ តើ​នាង​នឹង​ខក​បំណង​ដែរ​ឬទេ ?

នៅ​រំពេចនោះ ខ្ញុំ​បាន​ស្រក់​ទឹកភ្នែក ។ ខ្ញុំ​បាន​មាន​អារម្មណ៍​ថា ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខូច​ផែនការ​នៃ​ជីវិត​របស់​ខ្ញុំ ។ ខ្ញុំ​មិន​បាន​ធើ្វ​អ្វី​ខុស​ធំដុំ​នោះទេ ប៉ុន្តែ​ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា ខ្ញុំ​គ្មាន​អ្វី​ត្រូវ​បង្ហាញ​សម្រាប់​ជីវិត​របស់​ខ្ញុំ​នោះទេ ។ ខ្ញុំ​អត់​មាន​គោលបំណង​សោះ ។ មនុស្ស​គ្រប់គ្នា​សុទ្ធតែ​បាន​ដឹងថា​ត្រូវ​ធ្វើ​អ្វី ហើយ​ខ្ញុំ​កំពុង​យំ​នៅលើ​ឥដ្ឋ​ក្នុង​បន្ទប់​គេង​របស់​ខ្ញុំ ដោយ​មាន​អារម្មណ៍​ថា​ជីវិត​របស់​ខ្ញុំ​ទាំងមូល​គឺ​បាន​ខ្ជះខ្ជាយ​ចោល​ឥត​ប្រយោជន៍ ។

ខ្ញុំ​មាន​អារម្មណ៍​ឯកោ​នៅក្នុង​ភាព​ច្របូកច្របល់ និង​អស់សង្ឃឹម​របស់​ខ្ញុំ ។ ប៉ុន្តែ​ទោះបីជា​នៅពេល​នោះក្តី ក៏ខ្ញុំ​ដឹងថា​ខ្ញុំ​មិន​អាច​ជា​យុវមជ្ឈិមវ័យ​តែ​ម្នាក់​គត់​ដែល​ពុះពារ​នឹង​ការ​ស្វែងរក​គោលបំណង​របស់​យើង​នោះទេ ។ ខ្ញុំ​បាន​និយាយ​ជាមួយ​អ្នកផ្សេងទៀត ខ្ញុំ​ឃើញថា​មាន​ជីវិត​មនុស្ស​តិចណាស់​ដែល​ធ្វើ​នូវ​អ្វី​ដូច​ដែល​ពួកគេ​បាន​គ្រោងទុក​នោះ ។ ហើយ​ការណ៍​នោះ​ជួយ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍ថា​មិនមែន​មាន​តែខ្ញុំ​ម្នាក់​នោះទេ ។

វា​ក៏​ជួយ​រំឭក​ដល់​ខ្លួន​ខ្ញុំ​ផងដែរ​ថា ព្រះវរបិតាសួគ៌​មិនសព្វព្រះទ័យ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ដូចជា​អ្នក​បរាជ័យ​នោះទេ ។ ទ្រង់​សព្វព្រះទ័យ​ឲ្យ​ខ្ញុំ « ឈាន​ទៅ​មុខ​ដោយ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ព្រះគ្រីស្ទ ដោយ​មាន​ការភ្លឺថ្លា​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ឥត​ខ្ចោះ » ( នីហ្វៃទី២ ៣១:២០ ) ។ ទ្រង់​ជឿ​ទៅលើ​សមត្ថភាព​របស់​ខ្ញុំ​ដើម្បី​ផ្លាស់ប្តូរ ហើយ​រីកចម្រើន​តាមរយៈ​ព្រះចេស្តា​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។ មានតែ​សាតាំង​ប៉ុណ្ណោះ​ដែល​ចង់​ឲ្យ​ខ្ញុំ​ប្រាប់​ខ្លួនឯងថា ខ្ញុំ​បាន​បាត់បង់​ឱកាស​របស់ខ្ញុំ​ដើម្បី​ក្លាយ​ទៅជា​បុគ្គល​ដែល​ព្រះវរបិតា​សួគ៌​ញាណ​ដឹងថា​ខ្ញុំ​អាច​ប្រែក្លាយ​បាន ។

ការយល់ដឹង​អំពី​ផែនការ​នៃ​សុភមង្គល

ពេលខ្លះពួកយើង​ភាគ​ច្រើន​មាន​អារម្មណ៍​អស់សង្ឃឹម​អំពី​អនាគត ។ ហើយ​នោះ​អាច​មកពី​យើង​មិន​យល់​ពី​ផែនការ​នៃ​សុភមង្គល​របស់​ព្រះ ។ ប្រហែលជា​យើង​គិតថា ជីវិត​របស់​យើង​ដូចជា​វីដេអូ​ហ្គេម​មួយ—ដែល​មាន​ដំណើររឿង​មួយ​ថេរ​ដែល​យើង​ត្រូវ​ធ្វើតាម​ដើម្បី​ឈ្នះ ។ ប៉ុន្តែ វា​មិនមែន​បែប​នោះ​ឡើយ ។ យើង​ត្រូវ​ធ្វើ​ការ​ជ្រើសរើស ផ្លាស់ប្តូរ និង​រីកចម្រើន​រៀងរាល់​ថ្ងៃ ។ វា​គ្មាន​អ្វី​ឋិតថេរ ឬ​ជាប់លាប់​ជានិច្ច​នោះទេ ។ ព្រះវរបិតាសួគ៌​នឹង​មិន​ភ្ញាក់ផ្អើល​ចំពោះ​ការជ្រើសរើស​របស់​យើង​ទេ ប៉ុន្តែ​ការជ្រើសរើស​ទាំងនោះ​នៅតែ​ជា​ការជ្រើសរើស របស់​យើង ដដែល ។ យើង​កំពុង​សរសេរ​ដំណើររឿង​ផ្ទាល់​របស់​យើង​ជាមួយ​ទ្រង់ កាលយើង​ធ្វើ​ដំណើរ ។

ហើយ​ប្រសិនបើ​យើង « ទុក​ឲ្យ​ព្រះគ្រីស្ទ​ធ្វើជា​មេ​ផ្តើម ហើយ​ជា​មេ​សម្រេច​នៃ​ដំណើររឿង [ របស់យើង ] » នោះ​យើង​តែងតែ​អាច​មើល​ដោយ​ទំនុកចិត្ត​ឆ្ពោះទៅរក​ទីបញ្ចប់​ដ៏​រីករាយ​អស់កល្ប​ជានិច្ច​មួយ​បាន​ជានិច្ច ។

ពេលខ្លះ​យើង​ធ្វើ​ខុស ឬ​យើង​វង្វេង​ផ្លូវ ដោយ​ទុក​ខ្លួន​យើង​ឲ្យ​ដើរ​វង្វេង​ដោយ​គ្មាន​គោលដៅ​ជារៀង​រហូតទៅ ។

ប៉ុន្តែ​នេះ​គឺជា​ដំណឹងល្អ​នៃ​សេចក្តីសង្ឃឹម ។ នៃ​ការរកឃើញ​អ្វី​ដែល​បាន​បាត់បង់ ។ វា​គឺជា​ដំណឹងល្អ​នៃ​ការរៀនសូត្រ ។ នៃ​ការអភ័យទោស ។ នៃ​ការសាកល្បង​ម្ដង​ទៀត ។ ដូច​អែលឌើរ នែល អិល អាន់ឌើរសិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា « ការប្រែចិត្ត​មិនមែនជា​ផែនការ​បម្រុងទុក​នោះទេ វា​គឺជា​ផែនការ​ចម្បង » ។

សេចក្តីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​ចំពោះ​យើង​គឺ​ល្អ​ឥតខ្ចោះ ហើយ​ផែនការ​របស់​ទ្រង់​សម្រាប់​យើង​គឺ​ល្អ​ឥតខ្ចោះ​ផងដែរ ។ វា​គឺជា​ផែនការ​ដ៏ល្អ​ឥតខ្ចោះ​សម្រាប់​មនុស្ស​ដែល​មិនល្អ​ឥតខ្ចោះ ដែល​បាន​បង្កើត​ឡើង​ដោយ​យកចិត្ត​ទុកដាក់ និង​មាន​ការយល់ដឹង​អំពី​តម្រូវការ និង​សក្តានុពល​របស់​យើង ។ នៅក្នុង​ផែនការ​របស់​ទ្រង់ មាន​កន្លែង​សម្រាប់​ការ​បរាជ័យ​របស់​យើង—កំហុស​ដ៏​ស្មោះត្រង់​របស់​យើង និង​អំពើ​បាប​ដ៏​រឹងរូស​របស់​យើង និង​ការវង្វេង​របស់​យើង​នៅក្នុង​ទីរហោស្ថាន ។ ហើយ​នៅក្នុង​ផែនការ​របស់​ទ្រង់ មាន​កន្លែង​សម្រាប់​ភាពជោគជ័យ​របស់​យើង ដែល​ធានា​ថា​មាន​ដល់យើង​​រាល់​ពេល​យើង​មើល​ទៅ​ទ្រង់ ហើយ​ព្យាយាម​ម្ដង​ទៀត ។

ការស្វែងរក​គោលបំណង​របស់​បងប្អូន

ខ្ញុំ​បាន​ចំណាយពេល​ជាច្រើន​តាំងពី​ថ្ងៃ​ខួប​កំណើត​មកម៉េ្លះ​ដើម្បី​គិត​អំពី​គោលបំណង​របស់​ខ្ញុំ ។ ខ្ញុំ​នៅ​មិនទាន់​គិត​ឃើញ​អ្វី​នៅឡើយទេ ។ ប៉ុន្តែ​ខ្ញុំ​មិនសូវ​ជា​ព្រួយបារម្ភ​ខ្លាំង​ដូច​មុន​ទេ ។  ខ្ញុំ​ដឹងថា​ព្រះ​ស្គាល់​ខ្ញុំ ហើយ​ថា​បើសិន​ជាខ្ញុំ​ងាក​ទៅរក​ទ្រង់ ទ្រង់​នឹង​ជួយខ្ញុំ​ឲ្យ​បង្កើត​អត្ថន័យ​នៅ​ចំណុច​ដែល​ខ្ញុំ​កំពុង​នៅនោះ ។

ប្រហែលជា​នៅ​ថ្ងៃ​ណាមួយ​នឹង​មាន​នរណា​ម្នាក់​រកឃើញ​វិធី​ព្យាបាល​ជំងឺ​មហារីក ឬ​បញ្ចប់​ការស្រេកឃ្លាន​ជាសកល ឬ​ទទួល​បាន​សន្តិភាព​ក្នុង​ពិភពលោក​នេះ ។ ប៉ុន្តែ​នរណា​ម្នាក់ ថ្ងៃនេះ នឹង​លួងលោម​មិត្តភិក្ត​ដែល​សោកសៅ ឬ​ជួយ​នរណាម្នាក់​ដែល​កំពុង​មាន​បញ្ហា ឬ​អធិស្ឋាន​ជាលើក​ទីមួយ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ ។ ហើយ​ខ្ញុំ​គិតថា​អ្វីៗ​ទាំងនោះ​មាន​អត្ថន័យ​អ្វី​មួយ—ឬ​ក៏​មាន​អត្ថន័យ​ទាំងស្រុង​តែម្ដង ។

ការពិត​គឺថា យើង​ទាំងអស់គ្នា​ភាគច្រើន​នឹង​មិន​ធ្វើ​រឿង​ដ៏​អស្ចារ្យ រឿង​ដែល​ធ្វើ​ឲ្យ​ផែនដី​បាក់បែក​ក្នុង​ជីវិត​នេះទេ ។ ប៉ុន្តែ​នោះ​ពុំ​មែនមាន​ន័យថា យើង​មិន​មាន​គោលបំណង​នោះ​ទេ ។ គោលបំណង​ពិតប្រាកដ​របស់​យើងក្នុង​នាម​ជា​បុត្រាបុត្រី​របស់​ព្រះ គឺ​ដើម្បី​ប្រែក្លាយ​ដូចជា​ទ្រង់ ។ ហើយ​យើង​រីកចម្រើន​នៅក្នុង​គោលបំណង​នោះ នៅពេល​យើង​ធ្វើ​រឿង​តូចតាច​រៀងរាល់ថ្ងៃ ដើម្បី​ដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ ។

ខ្ញុំ​បាន​ចាប់ផ្តើម​ស្រឡាញ់​ការបង្រៀន​របស់​ដំណឹងល្អ​ថា « ដោយ​កិច្ចការ​តូចតាច និង​ងាយ ទើប​នាំ​ឲ្យ​កើត​កិច្ចការ​ដ៏​ធំៗ​បាន » ( អាលម៉ា ៣៧:៦ ) ។ នៅពេល​ខ្ញុំ​មើល​ទៅ​ជីវិត​របស់​ខ្ញុំ ខ្ញុំ​មិន​បាន​ឃើញ​អ្វី​ដែល​ធំដុំ​អស្ចារ្យ​នោះទេ ។ ប៉ុន្តែ​ខ្ញុំ​មើល​ឃើញ « កិច្ចការ​តូចតាច ហើយ​ងាយ » ជាច្រើន​ដែល​បាន​ធ្វើ​ឲ្យ​មាន​ភាព​ខុសប្លែក​ដ៏ធំ ។ ហើយ​ខ្ញុំ​ដឹង​ថា​តាមរយៈ​ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ ការ​ខិតខំ​ដ៏ស្មោះត្រង់​តូចតាច​របស់​ខ្ញុំ​កំពុង​ត្រួសត្រាយ​ផ្លូវ​របស់​ខ្ញុំ​ដើម្បី​ក្លាយ​ដូចជា​ទ្រង់ ។

គ្មាន​ផ្លូវ​របស់​អ្នកណា​ម្នាក់​នឹង​មើល​ទៅ​ដូចជា​ផ្លូវ​របស់​បងប្អូន​ឡើយ ។ ប៉ុន្តែ​ប្រសិនបើ​បងប្អូន​ធ្វើ​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ឈាន​ទៅមុខ​ឆ្ពោះទៅរក​ព្រះគ្រីស្ទ ផ្លូវរបស់​បងប្អូន​នោះ​គឺជា​ផ្លូវ​ត្រូវ​ហើយ ។ អង្គបង្កបង្កើត​ដ៏​មាន​មហិទ្ធិឫទ្ធិ​ជឿជាក់​លើ​បងប្អូន ដូច្នោះ​ចូរ​ឈរឲ្យ​ត្រង់ ហើយ​ជឿជាក់​លើ​ខ្លួនឯង ។ ព្រះ​មាន​រឿង​អសា្ចរ្យ​ទុក​សម្រាប់​បងប្អូន ហើយ​សូម្បី​តែ​នៅពេល​បងប្អូន​មាន​អារម្មណ៍​តូចតាច ហើយ​សាមញ្ញ​ក៏​ដោយ ក៏​ទ្រង់ « នឹង​ជួយ​បងប្អូន​ក្លាយ​ជា​អ្វី​មួយ ដែល​មាន​លក្ខណៈ​កាន់តែ​អស្ចារ្យ​ជាង​អ្វី​ដែល​បងប្អូន​ធ្លាប់​គិត​ទៅ​ទៀត » ដែរ ។

កំណត់​ចំណាំ

  1. ខាំមៀល អិន ចនសុន « Invite Christ to Author Your Story » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៨២ ។

  2. នែល អិល អាន់ឌើរសិន នៅក្នុង សារ៉ា ជេន វីវើរ « Repentance Is Not a Backup Plan; It Is the Plan, Says Elder Andersen » ( ព័ត៌មាន ) ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០១៨ នៅ​លើ​គេហទំព័រ ChurchofJesusChrist.org ។

  3. ឌៀថើរ អេហ្វ អុជដូហ្វ « It Works Wonderfully! » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ២៣ ។