២០២២
សេចក្តីសង្ឃឹម និង​ការលួងលោម​នៅក្នុង​ព្រះគ្រីស្ទ
ខែ កញ្ញា ឆ្នាំ ២០២២


« សេចក្តីសង្ឃឹម និង​ការលួងលោម​នៅក្នុង​ព្រះគ្រីស្ទ » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២២ ។

សេចក្តីសង្ឃឹម និង​ការលួងលោម​នៅក្នុង​ព្រះគ្រីស្ទ

សូម​យើង​តោង​ឲ្យជាប់​ទៅនឹង​សេចក្តីសន្យា​ថា ព្រះអម្ចាស់​ចងចាំ និង​ប្រទានរង្វាន់​ដល់​ពួកបរិសុទ្ធ​ដ៏​ស្មោះត្រង់​របស់​ទ្រង់ ។

រូបភាព
រូបសំណាក​ព្រះហស្ត​របស់​ព្រះគ្រីស្ទ

យើង​អាច​ចាក់គ្រឹះ​នៃ​សេចក្តីសង្ឃឹម​ដ៏​មោះមុត​របស់​យើង​នៅលើ​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយ​ធួន​របស់​ទ្រង់​បាន ។

រូបថត​នៃ​ព្រះហស្ត​មកពី​រូប​សំណាក ព្រះគ្រីស្ទ ដោយ ស្តត ឡ

យ៉េនស៍ និង អាន ខាធើរីន អាន់ឌើរសិន មាន​ទីបន្ទាល់​ដ៏​ជ្រាលជ្រៅ និង​ខ្ជាប់ខ្ជួន​មួយ​អំពី​សេចក្តីពិត​ដ៏​ពេញលេញ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ពួកគេ​បាន​ចូលរួម​នឹង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃចុង​ក្រោយ​ក្នុង​ឆ្នាំ ១៨៦១ ទោះបី​ជា​មាន​ក្រុម​មនុស្ស​អាក្រក់​ខឹង​សម្បារ និង​មាន​ការបៀតបៀន​ពី​សហគមន៍ និង​ខាង​វិហារ​ផ្សេង​ក៏ដោយ ។

នៅ​និទាឃ​រដូវ​ឆ្នាំ​បន្ទាប់ ពួកគេ​បាន​ធ្វើតាម​ការអំពាវនាវ​នៃ​ក្រុង​ស៊ីយ៉ូន ដោយ​ប្តូរ​លំនៅ​ទៅ​រស់នៅ​ឆ្ងាយ​ពី​ផ្ទះ​គេ​ចម្ងាយ ៥,០០០ ម៉ែលស៍ ( ៨,០០០ គីឡូម៉ែត្រ ) នៅ​ជ្រលងភ្នំ​សលត៍ លេក ។ ការប្រមូល​ផ្តុំគ្នា​ទៅ​ទីក្រុង​ស៊ីយ៉ូន មាន​ន័យថា​ត្រូវ​ចាកចោល​នូវ​ជីវិត​ស្រណុកស្រួល​នៅ​ប្រទេស​ដាណឺម៉ាក—រួមទាំង មិត្តភិក្ត ញាតិ​សន្តាន និង​កសិដ្ឋាន​ដ៏​ស្រស់ស្អាត​ដែល​ជា​កេរតំណែល​តពី​ឪពុក​ទៅ​កូនប្រុស​ច្បង​ផងដែរ ។ កសិដ្ឋាន​នេះ​មាន​ទំហំ​ធំ និង​ទទួល​បាន​ភោគផល​ដ៏​ច្រើន ហើយ​មាន​ទីតាំង​នៅក្នុង​ភូមិ​មួយ​ឈ្មោះ វីឌដុម នៅជិត អាល់បឺហ្គ នៅលើ​ឧបទ្វីប ជូតឡែន ដ៏​មាន​ជីវជាតិ​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ដាណឺម៉ាក ។ វា​បាន​ផ្តល់​ការងារ​ដល់​មនុស្ស​ជាច្រើន និង​នាំ​មកនូវ​កិត្តិយស និង​ប្រាក់ចំណូល​ជាច្រើន​ដល់​ក្រុមគ្រួសារ អាន់ឌើរសិន ។

ដោយ​ចែកចាយ​នូវ​ប្រាក់ចំណូល​ទាំងនោះ​ជាមួយនឹង​អ្នក​ប្រែចិត្ត​ជឿ​ដូចគ្នា​របស់​ពួកគេ យ៉េនស៍ និង អាន ខាធើរីន បាន​បង់​ថ្លៃ​សម្រាប់​ការ​ធ្វើ​ចំណាកស្រុក​ឲ្យ​ពួកបរិសុទ្ធ​ចំនួន ៦០ នាក់​ផ្សេងទៀត ដើម្បី​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ស៊ីយ៉ូន ។ នៅ​ថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៨៦២ គ្រួសារ​អាន់ឌើរសិន​ជាមួយ​កូនរបស់​ពួកគេ​ដែល​មាន​អាយុ ១៨ ឆ្នាំ អេនឌ្រូ បាន​ចូលរួម​ជាមួយ​ពួកបរិសុទ្ធ​ដាណឺម៉ាក ៤០០ នាក់​ផ្សេងទៀត​នៅលើ​កប៉ាល់​ប្រើ​ចំហាយទឹក​តូច​មួយ ដែល​មាន​ឈ្មោះ​ថា អាល់ប៊ីន ហើយ​បាន​ជិះ​ទៅកាន់​ទីក្រុង​ហាំប៊ួក ប្រទេស​អាល្លឺម៉ង់ ។ ពេល​មក​ដល់​ទីក្រុង​ហាំប៊ួក​ពីរ​ថ្ងៃ​ក្រោយមក ពួកគេ​បាន​ចូលរួម​ក្នុងការ​ប្រមូលផ្តុំ​ពួកបរិសុទ្ធ​បន្ថែមទៀត​នៅលើ​នាវា​ដ៏​ធំ​មួយ ដើម្បី​ចាប់ផ្តើម​ការធ្វើ​ដំណើរ​ឆ្លងកាត់​មហាសមុទ្រ​អាត្លង់ទិក ។

ប៉ុន្តែ​មិនយូរ​ប៉ុន្មាន សេចក្តីរីករាយ​នៃ​ការ​ប្រមូលផ្តុំ​ទៅ​ស៊ីយ៉ូន​បាន​ក្លាយ​ទៅជា​ទុក្ខ ។ កុមារ​មួយចំនួន​ដែល​ធ្វើ​ដំណើរ​លើ​កប៉ាល់ អាល់ប៊ីន បាន​ផ្ទុក​មេរោគ​កញ្ជ្រឹល ។ នៅពេល​ដែល​ជំងឺ​នេះ​បាន​រីករាល​ដាល​ពេញ​ក្រុម​អន្តោប្រវេសន៍​ទាំងនោះ កុមារ​ចំនួន ៤០ នាក់ និង​មនុស្ស​ពេញវ័យ​ជាច្រើន​នាក់​បាន​ស្លាប់ ហើយ​ត្រូវបាន​គេ​បោះចូល​ទៅក្នុង​ទឹកសមុទ្រ ។ នៅក្នុង​ចំណោម​នោះ​មាន យ៉េនស៍ អាន់ឌើរសិន អាយុ ៤៩ ឆ្នាំ ដែលជា​ជីតាលួត​របស់​ខ្ញុំ​ផងដែរ ។

សេចក្តីស្រមៃ​របស់ យ៉េនស៍ អំពី​ការទៅដល់ និង​ការ​កសាង​ទីក្រុង​ស៊ីយ៉ូន​ជាមួយ​គ្រួសារ​របស់​គាត់ និង​ពួកបរិសុទ្ធ​ដាណឺម៉ាក​ត្រូវ​បាន​បញ្ចប់​ត្រឹមតែ ១០ ថ្ងៃ​ក្រោយពី​បាន​ចាកចេញ​ពី​ទីក្រុង​ហាំប៊ួក​ប៉ុណ្ណោះ ។ មាន​អ្នក​ប្រវិត្តវិទូ​មា្នក់​បាន​សរសេរ​ថា « អ្នក​រំដោះ​ដែល​ដូចជា ម៉ូសេ មិន​ដែល​បាន​ទៅដល់​ដែនដី​សន្យា​នោះ​គឺ​លោក យ៉េនស៍ អាន់ឌើរសិន មកពី [ វីឌដុម ] អាល់បឺហ្គ ដែល​លោក​បាន​ជួយ​អ្នក​សំណាកស្រុក​មិន​តិច​ជាង​ហុកសិប​នាក់​នោះ​ទេ លោក​បាន​ទទួល​មរណភាព​នៅលើ​សមុទ្រ​ខាងជើង​នៅក្នុង​ឆ្នាំ ១៨៦២ មិនយូរ​ប៉ុន្មាន​បន្ទាប់ពី​បាន​ចាកចេញពី [ ប្រទេស​អាល្លឺម៉ង់ ] » ។

ការសាកល្បង​នៃ​ជីវិត​រមែង​ស្លាប់

តើ​ការ​លះបង់​របស់​គ្រួសារ អាន់ឌើរសិន—ការ​ចាក​ចេញ​ពី​កសិដ្ឋាន​ដ៏​សុខ​ស្រួល​របស់​ពួក​គេ និង​ការ​បាត់​បង់​ស្វាមី និង​ឪពុក​ជា​ទី​ស្រឡាញ់​របស់​ពួក​គេ—មាន​តម្លៃ​ដែរឬ​ទេ ? ខ្ញុំ​ប្រាកដចិត្ត​ណាស់​ថា ពិភពលោកនឹង​និយាយថា​អត់ទេ ។ ប៉ុន្តែ​ពិភពលោក​នេះ​ខ្វះ​សេចក្តីជំនឿ ការដឹងមុន និង « ទស្សនវិស័យ​អស់​កល្បជានិច្ច » ដែល​ទទួល​បាន​ពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដែលបាន​ស្តារឡើងវិញ ។

ទស្សនវិស័យ​នោះ​ជួយ​យើង​ឲ្យ​យល់​ពី​ជីវិត​រមែងស្លាប់​របស់​យើង និង​ការ​សាកល្បង​ជាច្រើន​នៅក្នុង​ជីវិត​នេះ ។ យើង​ប្រឈមមុខ​នឹង​សេចក្តីភ័យខ្លាច ការក្បត់ ការល្បួង អំពើបាប ការបាត់បង់ និង​ភាពឯកោ ។ ជំងឺ គ្រោះមហន្តរាយ ការបាក់ទឹកចិត្ត និង​សេចក្តីស្លាប់​ដែល​បំផ្លាញ​ក្តីសុបិន​របស់​យើង ។ ពេលខ្លះ បន្ទុក​របស់​យើង​ហាក់​ដូច​ជា​ធ្ងន់​ជាង​អ្វី​ដែល​យើង​អាច​រែក​ពន់​បាន​ទៅទៀត ។

អែលឌើរ នែល អិល អាន់ឌើរសិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍ថា « ទោះជា​សេចក្ដីលម្អិត​នឹង​ខុសគ្នា​ក្ដី ក៏​សោកនាដកម្ម ការសាកល្បង និង​ការល្បួង​ដែល​មិន​បាន​គ្រោង​ទុក​នេះ កើតឡើង​ដល់​យើង​ទាំង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​ដែរ ដោយសារ​នេះ​ជា​ជីវិត​រមែង​ស្លាប់ » ។ លោក​បាន​បន្ថែមទៀតថា ៖ « យើង​ស្វែងរក​សុភមង្គល ។ យើង​ចង់​បាន​ភាពសុខសាន្ត ។ យើង​សង្ឃឹម​ថា​មាន​ក្ដីស្រឡាញ់ ។ ហើយ​ព្រះអម្ចាស់​ចាក់​ស្រោចព្រះពរ​ដល់​យើង​ដោយ​នូវ​ពរជ័យ​មហិមា​ដ៏​បរិបូរណ៍ ។ ប៉ុន្តែ​ទន្ទឹម​នឹង​អំណរ និង​សុភមង្គល អ្វី​មួយ​ដែល​ប្រាកដ​នោះ​គឺ ៖ នឹង​មាន​គ្រា ម៉ោង ថ្ងៃ ពេល​ខ្លះ​ឆ្នាំ​ដែល​ព្រលឹង​យើង​នឹង​ត្រូវ​រង​របួស » ។

យើង​ភ្លក់​ភាពល្វីង ទើប​យើង​អាច​យល់​ពី​ភាពផ្អែម​បាន ( សូម​មើល គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៣៩ ) ។ នៅក្នុង​ពាក្យពេចន៍​របស់​ព្យាការី​អេសាយ យើង​ទាំងអស់គ្នា​បាន​បន្សុទ្ធ—និង​ត្រូវបាន ជ្រើសរើស—« នៅក្នុង​ឡ​នៃ​សេចក្តី​វេទនា » ( អេសាយ ៤៨:១០ ) ។

សេចក្តីសន្យា​នៃ​ដង្វាយ​ធួន

រូបភាព
រូបសំណាក​ព្រះគ្រីស្ទ

រូបថត​រូប​សំណាក ព្រះគ្រីស្ទ ដោយ អាឡេន ប្រីនធ៍ ហាដឌឺ

ការរងទុក្ខ​គឺជា​ផ្នែក​មួយ​នៃ « ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា » របស់​ព្រះវរបិតា ( អាលម៉ា ៤២:៨; សូម​មើល​ផងដែរ នីហ្វៃ​ទី​២ ២:១១ ) ។ ប៉ុន្តែ​ចំណុច​សំខាន់​នៃ​ផែនការ​នោះ គឺ​ការលួងលោម និង​សេចក្តី​សង្ឃឹម​ដែល​កើត​ចេញ​មកពី​ដង្វាយធួន​ដ៏​មហិមា និង​រុងរឿង​បំផុត » ។ តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ​បាន​យាង​មក​ជួយ​សង្រ្គោះ​យើង ។ ( សូម​មើល អាលម៉ា ៣៦:៣ ) ។

ព្រះអង្គសង្រ្គោះ​បាន « យាង​ចុះ​ក្រោម​គ្រប់​ទាំងអស់ » ( គោល​លទ្ធិ និង សេចក្ដីសញ្ញា ៨៨:៦ ) ដើម្បី​ទ្រង់​អាច​លើកដាក់​មកលើ​អង្គ​ទ្រង់​នូវ​ទុក្ខលំបាក និង​កំហុស​ទាំងឡាយ​របស់​យើង ។ ទ្រង់​ញាណ​ដឹង​ពី​របៀប​ដើម្បី​ធ្វើការងារ​បម្រើ​ដល់​យើង​ដោយ​មាន​ការយល់ដឹង​ទាំងស្រុង​ពី​ទីកន្លែង និង​មូលហេតុ​ដែល​ឈឺចាប់ ។

ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ( ឆ្នាំ ១៩២០–២០០៧ ) ទីប្រឹក្សាទីពីរ​នៅក្នុង​គណៈប្រធានទីមួយ​បាន​មាន​ប្រសាសន៍​ថា « ដោយ​ព្រោះ​ព្រះអង្គ​សង្គ្រោះ​បាន​រងទុក្ខ​គ្រប់​បែប​យ៉ាង និង​អ្វី​គ្រប់​យ៉ាង​ដែល​យើង​ធ្លាប់​មាន​អារម្មណ៍ ឬ​មាន​បទពិសោធន៍ នោះ​ទ្រង់​អាច​ជួយ​មនុស្ស​កម្សោយ​ឲ្យ​ប្រែ​ជា​ខ្លាំងក្លា​ជាង​មុន​បាន ។ ទ្រង់​បាន​ដក​ពិសោធន៍​អ្វីៗ​ទាំងនេះ​ដោយ​ផ្ទាល់ ។ ទ្រង់​ជ្រាប​នូវ​ការ​ឈឺចាប់​របស់​យើង ហើយ​នឹង​យាង​ទៅ​ជាមួយនឹង​យើង​សូម្បីតែ​នៅក្នុង​គ្រា​យើង​ជួបទុក្ខ​លំបាក​ក៏ដោយ » ។

នោះ​ហើយ​ជា​មូលហេតុ​ដែល​យើង​អាច​ចាក់គ្រឹះ​នៃ​សេចក្តី​សង្ឃឹម​ដ៏​មោះមុត​របស់​យើង​នៅលើ​ទ្រង់ និង​នៅលើ​ដង្វាយ​ធួន​របស់​ទ្រង់​បាន ។

ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍ថា « ពិភព​លោក​របស់​យើង​គឺជា​ពិភព​ដែល​មាន​ទុទិដ្ឋិនិយម និង​លោភលន់—ពិភព​មួយ​ដែល​គ្មាន​សេចក្តីសង្ឃឹម​លើ​ព្រះយេស៊ូវ​គ្រីស្ទ ឬ​លើ​ផែនការ​របស់​ព្រះ​សម្រាប់​សុភមង្គល​របស់​មនុស្សលោក​ឡើយ ។ ហេតុអ្វី​បាន​ជា​មាន​ការឈ្លោះ​ប្រកែក និង​ភាព​អាប់អួរ​ជា​សាកល​យ៉ាង​ដូច្នេះ ? មូលហេតុ​នោះ​គឺ​សាមញ្ញ​បំផុត ។ ប្រសិនបើ​គ្មាន​សេចក្តីសង្ឃឹម​នៅក្នុង​ព្រះគ្រីស្ទ​ទេ នោះ​ក៏គ្មាន​ការទទួល​ស្គាល់​ផែនការ​ដ៏ទេភាព​សម្រាប់​សេចក្តីប្រោសលោះ​ដល់​មនុស្សលោក​ដែរ ។ បើគ្មាន​ចំណេះដឹង​នេះទេ នោះ​មនុស្ស​នឹង​ជឿ​ខុស​ថា កើត​ថ្ងៃ​នេះ ហើយ​ថ្ងៃស្អែក​ក៏​ត្រូវ​ផុត​រលត់​ទៅ—ថា​ទំនាក់ទំនង​សុភមង្គល និង​ក្រុមគ្រួសារ​គឺ​គ្រាន់តែ​បណ្តោះអាសន្ន និង​មិន​សំខាន់​តែ​ប៉ុណ្ណោះ » ។

ខ្ញុំ​រកឃើញ​សេចក្តីសង្ឃឹម និង​ការ​ព្យាបាល​នៅក្នុង​ព្រះគ្រីស្ទ នៅពេល​ខ្ញុំ​ទៅ​ព្រះវិហារ​បរិសុទ្ធ និង​ស្តាប់​ប្រសាសន៍​របស់​ព្យាការី​ដែល​នៅរស់ ។ ខ្ញុំ​រកឃើញ​ការលួងលោម នៅពេល​ខ្ញុំ​សិក្សា​ព្រះគម្ពីរ​ដែល​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់ និង​ដង្វាយធួន​របស់​ទ្រង់ ។ នៅពេល​ដែល​ជីវិតរមែង​ស្លាប់​គំរាម​គំហែង « សេចក្តី​សុខ​យើង​ចោល » សូម​ងាក​ទៅរក​អ្វី​ដែល​ខ្ញុំ​ហៅ​ថា « ការការពារ​មកពី​ព្រះគម្ពីរ » ។ ទាំងនេះ​គឺជា​បទគម្ពីរ​ខ្លះ​ដែល​ខ្ញុំ​ចូលចិត្ត ៖

ព្រះគម្ពីរ​សញ្ញា​ចាស់

  • « ទ្រង់​នឹង​បំផ្លាញ​សេចក្តី​ស្លាប់​ឲ្យ​សូន្យ​បាត់​ទៅ​ជា​ដរាប នោះ​ព្រះអម្ចាស់យេហូវ៉ា​ទ្រង់​នឹង​ជូត​ទឹក​ភ្នែក​ពី​មុខ​មនុស្ស​ទាំង​អស់ » ( អេសាយ ២៥:៨ ) ។

  • « ទ្រង់​បាន​ទ្រាំទ្រ​រង​អស់ទាំង​សេចក្ដី​ឈឺចាប់​របស់​យើង ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្ដី​ទុក្ខព្រួយ​របស់​យើង​ពិត ។… តែ​ទ្រង់​ត្រូវ​របួស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង ក៏​ត្រូវ​វាយ​ជាំ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ទេ ឯ​ការ​វាយផ្ចាល​ដែល​នាំ​ឲ្យ​យើង​បាន​ជា​មេត្រី នោះ​បាន​ធ្លាក់​ទៅ​លើ​ទ្រង់ ហើយ​យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា ដោយសារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់ » ( អេសាយ ៥៣:៤–៥ ) ។

ព្រះគម្ពីរ​សញ្ញា​ថ្មី

  • « អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សម្រាក » ( ម៉ាថាយ ១១:២៨ ) ។

  • « ដោយសារ​ខ្ញុំ​នៅ​លោកិយ​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែ​ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកិយ​ហើយ » ( យ៉ូហាន ១៦:៣៣ ) ។

ព្រះគម្ពីរ​មរមន

  • « ហើយ​ទ្រង់​នឹង​យក​ដាក់​លើរូបអង្គ​ទ្រង់​នូវ​សេចក្តីស្លាប់ ដើម្បី​ទ្រង់អាច​ស្រាយចំណង​ទាំងឡាយ​នៃ​សេចក្តីស្លាប់ ដែល​ចងរាស្រ្ត​ទ្រង់ ហើយ​ទ្រង់​នឹងដាក់​លើរូបអង្គ​ទ្រង់​នូវ​ជំងឺ​ឈឺចាប់​របស់​ពួកគេ ដើម្បីឲ្យ​ព្រះហឫទ័យ​ទ្រង់​បាន​ពោរពេញ​ទៅដោយ​សេចក្តី​មេត្តាករុណា ស្រប​តាម​សាច់ឈាម ដើម្បី​ទ្រង់អាច​ដឹង​ស្របតាម​សាច់ឈាម​ថាតើ​ត្រូវ​ជួយ​រាស្ត្រទ្រង់​បែបណា​តាម​ជំងឺ​​របស់គេ » ( អាលម៉ា ៧:១២ ) ។

  • « ហើយ​តើ​អ្វី​ទៅ​ដែល​អ្នក​រាល់​គ្នា​សង្ឃឹម​ចង់​បាន ? មើលចុះ ខ្ញុំ​ប្រាប់​អ្នក​ថា អ្នក​រាល់គ្នា​នឹង​មាន​សេចក្តីសង្ឃឹម តាមរយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ និង​អំណាច​នៃ​ដំណើរ​រស់ឡើងវិញ​របស់​ទ្រង់ ដើម្បី​ឲ្យ​បាន​ប្រោស​ឲ្យ​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ហើយ​នេះ​ក៏​មក​ពី​សេចក្តី​ជំនឿ​របស់​អ្នក​ដល់​ទ្រង់ ស្រប​តាម​ពាក្យ​សន្យា » ( មរ៉ូណៃ ៧:៤១ ) ។

គោលលទ្ធិ និង សេចក្តី​សញ្ញា

  • « ហេតុដូច្នោះ​ហើយ ចូរសង្ឃឹម​ឡើង ហើយ​ចូរ​កុំ​ខ្លាច​ឡើយ ដ្បិត​យើង​ជា​ព្រះអម្ចាស់ គង់​នៅ​ជាមួយនឹង​អ្នក ហើយ​នឹង​ឈរ​នៅ​ក្បែរ​អ្នក ហើយ​អ្នក​នឹង​ថ្លែង​ទីបន្ទាល់​អំពី​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ថា​យើង​ជា​ព្រះរាជបុត្រា​នៃព្រះ​ដ៏មាន​ព្រះជន្ម​រស់នៅ ថា​យើង​គង់នៅ​តាំង​ពីដើម ហើយ​យើង​នៅ​ឥឡូវនេះ ហើយ​ថា​យើង​ត្រូវ​យាង​មក​ទៀត » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៨:៦ ) ។

  • « ហេតុដូច្នោះ​ហើយ ចូរ​កុំ​ខ្លាច​ទោះ​ជា​ដល់​ការ​ស្លាប់​ក៏​ដោយ ដ្បិតនៅ​ក្នុង​ពិភពលោក​នេះ អំណរ​របស់​អ្នក​ពុំបាន​ពោរពេញ​ទេ ប៉ុន្តែ​នៅ​ក្នុងយើង ទើប​អំណរ​របស់​អ្នកបាន​ពោរ​ពេញ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០១:៣៦ ) ។

នៅក្នុង​ប្រសាសន៍​របស់​ប្រធាន ប៊យដ៍ ឃេ ផាកកឺ ( ឆ្នាំ ១៩២៤–២០១៥) នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍​ថា ទាំងនេះ និង​ខ្សែ​នៃ​ខគម្ពីរ​ផ្សេងទៀត​ធ្វើ​ទីបន្ទាល់​ឲ្យ « សេចក្តី​សន្យា​នៃ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ » ។

ការអង្វរ​របស់​ព្យាការី

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

នៅពេល​យើង​យល់​អំពី​តួនាទី​ដ៏​សំខាន់​ដែល​ព្រះអង្គសង្រ្គោះ​មាន​នៅក្នុង​សុភមង្គល​របស់​យើង​នាពេល​ឥឡូវ​នេះ និង​ក្នុង​ពិភព​ខាង​មុខ នោះ​យើង​យល់​ពី​មូលហេតុ​ដែល​ប្រធាន​ណិលសុន អង្វរ យើង​ឲ្យ​ដាក់​ទ្រង់​ជា​គ្រឹះ​ខាងវិញ្ញាណ​នៅក្នុង​ជីវិត​របស់​យើង ៖

« ខ្ញុំ​សូម​អង្វរ​បងប្អូន សូម​ឲ្យ​មាន​ពេលវេលា​សម្រាប់​ព្រះអម្ចាស់ ! សូម​ធ្វើ​ឲ្យ​គ្រឹះ​ខាងវិញ្ញាណ​ផ្ទាល់ខ្លួន​របស់​បងប្អូន​រឹងមាំ ហើយ​អាច​ទប់ទល់​នឹង​ការសាកល្បង តាមរយៈ​ការធ្វើ​នូវ​រឿងទាំងឡាយ​ដែល​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​គង់នៅ​ជាមួយ​បងប្អូន ជានិច្ច » ។ ប្រធាន ណិលសុន បាន​បន្ថែម​ទៀតថា ការមាន​ពេលវេលា​សម្រាប់​ព្រះអម្ចាស់ រួមបញ្ចូល​ទាំង​ការធ្វើ​ឲ្យ​មាន « ពេល​សម្រាប់​ព្រះអម្ចាស់​នៅក្នុង​ព្រះដំណាក់​របស់​ទ្រង់​ផងដែរ » តាមរយៈ​ការ​បម្រើ និង​ការថ្វាយបង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

« ចំពោះ​បងប្អូន​ម្នាក់ៗ​ដែល​បានធ្វើ​សេចក្ដី​សញ្ញា​ក្នុង​ព្រះវិហារ​បរិសុទ្ធ ខ្ញុំ​សូម​អង្វរ​បងប្អូន​ឲ្យ​ខិតខំ​ខ្នះខ្នែង—ប្រកបដោយ​ការអធិស្ឋាន និង​ដោយ​ខ្ជាប់ខ្ជួន—ដើម្បី​យល់ដឹង​ពី​សេចក្ដីសញ្ញា និង​ពិធីបរិសុទ្ធ​ទាំងឡាយ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ …

… នៅពេល​ភាពចលាចល​ណា​មួយ​កើតឡើង​ក្នុង​ជីវិត​របស់​បងប្អូន កន្លែង​ដែលមាន​សុវត្ថិភាព​បំផុត​ដើម្បី​មាន ជីវិត​ខាង​វិញ្ញាណ គឺ​ការរស់នៅ តាម សេចក្ដី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ​របស់​បងប្អូន !

សូម​ជឿ​ខ្ញុំ​ចុះ​នៅពេល​ខ្ញុំ​និយាយ​ថា គ្រឹះ​ខាង​វិញ្ញាណ​របស់​បងប្អូន​ត្រូវ​បានសង់​យ៉ាង​រឹងមាំ​លើ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​បងប្អូន មិន​ត្រូវ​ភ័យ​ខ្លាចឡើយ » ។១០

ឆ្លាក់​នៅលើ​ព្រះហស្ត​របស់​ទ្រង់

រូបភាព
គ្រួសារ

អេនឌ្រូ ជាមួយនឹង​សមាជិក​គ្រួសារ​របស់​គាត់

តើ​មានអ្វី​បាន​កើតឡើង​ចំពោះ អាន ខាធើរីន និង​កូនប្រុស​របស់​គាត់ អេនឌ្រូ ? តើ​ពួកគេ​បាន​អស់​សង្ឃឹម ហើយ​ត្រឡប់​ទៅ​ប្រទេស​ដាណឺម៉ាក​វិញ​បន្ទាប់ពី​ការធ្វើ​ដំណើរ​រយៈពេល​ប្រាំមួយ​សប្តាហ៍​ដ៏​សោកសៅ​របស់​ពួកគេ​ទៅកាន់​ទីក្រុង​ញូវយ៉ក​ដែរ​ឬ​ទេ ? អត់​ទេ ។ ដោយ​ពឹង​ផ្អែកទៅលើ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះអង្គសង្រ្គោះ និង​ផែនការ​នៃ​សេចក្តីសង្រ្គោះ និង​ការជឿ​ទុកចិត្ត​លើ​ព្រះ នោះ​ពួកគេ​បន្តទៅ​មុខ​ដោយ​អង់អាច​ក្លាហាន​នៅលើ​រទេះភ្លើង កប៉ាល់​ប្រើ​ចំហាយទឹក និង​តាម​រទេះ ។ ពួកគេ​បាន​ទៅដល់​ជ្រលង​ភ្នំ​សលត៍ លេក នៅ​ថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ១៨៦២ ហើយ​បាន​ចូលរួម​ក្នុង​ការស្ថាបនា​ស៊ីយ៉ូន ។

ពួកគាត់​បាន​តាំង​លំនៅ​ក្នុង​ក្រុង​អេប្រាអិម រដ្ឋ​យូថាហ៍ ដែល​ជា​កន្លែង អេនឌ្រូ បាន​រៀបការ និង​ចាប់ផ្តើម​គ្រួសារ​មួយ ។ ក្រោយមក អេនឌ្រូ បាន​នាំ​គ្រួសារ​របស់​គាត់ រួមទាំង​ម្តាយ​របស់​គាត់​ផងដែរ ដើម្បី​ទៅ​រស់នៅ​ទីក្រុង​លីហៃ រដ្ឋ​យូថាហ៍ ដែល​ជា​កន្លែង​ដែល​គាត់​បាន​ក្លាយ​ទៅជា​កសិករ ជា​ធនាគារិក និង​ជា​អភិបាលក្រុង​ដ៏​ជោគជ័យ​ម្នាក់ ។ គាត់​បាន​បម្រើ​បេសកកម្ម​រយៈពេល​បី​ឆ្នាំ​នៅក្នុង​ប្រទេស​កំណើត​របស់​គាត់ ធ្វើ​ការបម្រើ​នៅក្នុង​គណៈប៊ីស្សព​អស់​ជាង​ពីរ​ទសវត្សរ៍ និង​នៅក្នុង​ក្រុមប្រឹក្សា​ជាន់ខ្ពស់ ឬ​ក្នុង​កូរ៉ុម​សង្ឃ​ជាន់ខ្ពស់​អស់​ជាង​បី​ទសវត្សរ៍ ។ កូន​ប្រុស​បីនាក់​របស់​គាត់​បាន​បម្រើ​បេសកកម្ម​នៅ​ប្រទេស​ដាណឺម៉ាក និង​ប្រទេស​ន័រវែស ។

ដោយ​មាន​កែវ​ភ្នែក​នៃ​ជីវិត​រមែង​ស្លាប់​នេះ យើង​មិន​អាច​មើលឃើញ​ទីបញ្ចប់​ដ៏​រុងរឿង​ចេញពី​ការចាប់ផ្ដើម​ដ៏​វេទនា​នោះ​ទេ ។ ប៉ុន្តែ​ដោយ​មាន​សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ យើង​អាច​មើល​ទៅ​អនាគត​ដោយ​មាន​សេចក្តីសង្ឃឹម​បាន ។ ហើយ​យើង​អាច​តោងជាប់​ទៅនឹង​សេចក្តីសន្យា​ដែលថា ព្រះអម្ចាស់​ចងចាំ និង​ប្រទានរង្វាន់​ដល់​ពួកបរិសុទ្ធ​ដ៏​ស្មោះត្រង់​របស់​ទ្រង់ ដោយ​រួមមាន​ទាំង យ៉េនស៍, អាន ខាធើរីន និង​អេនឌ្រូ ផងដែរ ។ ព្រះអម្ចាស់​បាន​ចងចាំ​ពួកគេ ហើយ​ទ្រង់​ក៏​ចងចាំ​យើង​ផងដែរ ។ ទ្រង់​បាន​សន្យា ៖

« ប៉ុន្តែ​យើង​មិន​ដែល​ភ្លេច​ឯង​ឡើយ ។

« មើល​យើង​បាន​ចារឹក​ឯង​ទុក​នៅ​ផ្ទៃ​បាត​ដៃ​របស់​យើង​ហើយ » ( អេសាយ ៤៩:១៥–១៦ ) ។

កំណត់​ចំណាំ

  1. វិលលាម ម៉ូលឌ័រ Homeward to Zion: The Mormon Migration from Scandinavia ( ឆ្នាំ ១៩៥៧ ) ទំព័រ ១៤៩–៥០ ។ ព័ត៌មាន​លម្អិត​បន្ថែម​ពី​ដំណើររឿង​របស់​គ្រួសារ អាន់ឌើរសិន បាន​មកពី អេនឌ្រូ ប៊ី អាន់ឌើរសិន History of Andrew Rasmus Anderson, Pioneer of 1862 and Wife Nelsina M. Pederson, Pioneer of 1868, Daughters of the Utah Pioneers Biographical Collection; យ៉េនស៍ គ្រីស្ទីនសិន Rural Denmark, 1750–1980បាន​បកប្រែ​ដោយ អេល ប៊េកវល គ្រីស្ទីនសិន ( ឆ្នាំ ១៩៨៣ ); ហេមីលតុន ហ្គាដណឺ History of Lehi: Including a Biographical Section ( ឆ្នាំ ១៩១៣ ); ហ្វឺន ហ្គ្រេ Life Sketch of Andrew R. Anderson​ Daughters of the Utah Pioneers Biographical Collection; អេនឌ្រូ ជិនសិន​ « Narratives of the Emigration from the Scandinavian Mission 1852–1868 » History of the Scandinavian Mission ( ឆ្នាំ ១៩៧៩ ) ។

  2. សូម​មើល រ័សុល អិម ណិលសុន « Let God Prevail » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩៣ ។

  3. នែល អិល អាន់ឌើរសិន « Wounded » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨៤ ។

  4. នែល អេ ម៉ាក់ស្វែល « Testifying of the Great and Glorious Atonement » Liahona ខែ មេសា ឆ្នាំ ២០០២ ទំព័រ ១២ ។

  5. ជេមស៍ អ៊ី ហ្វោស្ត « The Atonement: Our Greatest Hope » Liahona ខែ មករា ឆ្នាំ ២០០២ ទំព័រ ២២ ។

  6. រ័សុល អិម ណិលសុន « A More Excellent Hope » Ensign ខែ កុម្ភៈ ឆ្នាំ ១៩៩៧ ទំព័រ ៦២ ។

  7. « យើង​អរគុណ​ទ្រង់​ចំពោះ​ព្យាការី » ទំនុក​តម្កើង ល.រ. ១០ ។

  8. ប៊យដ៍ ខេ ផាកគឺ « The Brilliant Morning of Forgiveness » Ensign ខែ វិច្ឆិកា ១៩៩៥ ទំព័រ ២០ ។

  9. រ័សុល អិម ណិលសុន « Make Time for the Lord » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ១២០, ១២១ ។

  10. រ័សុល អិម ណិលសុន « The Temple and Your Spiritual Foundation » Liahona ខែវិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៩៦ ។