២០២២
គំរូ​មួយ​ដើម្បី​ចៀសវាង​ពី​ការមាន​អារម្មណ៍​ជាប់គាំង
ខែ កញ្ញា ឆ្នាំ ២០២២


« គំរូ​មួយ​ដើម្បី​ចៀសវាង​ពី​ការមាន​អារម្មណ៍​ជាប់គាំង » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២២ ។

គំរូ​មួយ​ដើម្បី​ចៀសវាង​ពី​ការមាន​អារម្មណ៍​ជាប់គាំង

« ព្រះយេស៊ូវ​ក៏​កាន់​តែ​ធំ ប្រកប​ដោយ​ប្រាជ្ញា​រឹត​តែ​ច្រើន​ឡើង ហើយ​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ព្រះ និង​ចិត្ត​មនុស្ស​ផង » ( លូកា ២:៥២ ) ហើយ​យើង​ក៏​អាច​ធ្វើ​បាន​ដូចគ្នា ។

រូបភាព
បុរស​មើល​ព្រះអាទិត្យ​រៀប​លិច

រូបថត​ដោយ យូឌីត អាន បេក

ការមាន​អារម្មណ៍​ជាប់​គាំង

ខណៈពេល​កំពុង​ព្យាយាម​រស់នៅ​តាម​ដំណឹងល្អ​ពេល​នៅជា​មជ្ឈិមវ័យ​នៅលីវ​ម្នាក់ វា​អាច​ជាការ​លំបាក​ក្នុងការ​មិន​ផ្តោត​ទៅលើ​រឿងមួយ​ចំនួន​នៃ​ជីវិត​របស់​យើង ដែល​យើង​ប្រាថ្នា​ថា​ឲ្យ​វា​ខុស​ពីនេះ ។ ពេលខ្លះ​វា​មាន​អារម្មណ៍​ដូចជា​យើង​ធ្លាក់​ដល់​ចំណុច​ដែល​គ្មាន​ការរីកចម្រើន​ទាល់តែសោះ​អ៊ីចឹង ។ សម្រាប់ខ្ញុំ អារម្មណ៍​ជាប់គាំង​នៅក្នុង​រឿង​មួយ​ចំនួន​ទាំងនោះ​ហាក់បីដូចជា​ខ្លាំង ហើយ​ខ្សោយ​នៅពេល​ខុសៗគ្នា ហើយ​អារម្មណ៍​ទាំងនោះ​អាច​ដក់ជាប់​នឹង​ខ្ញុំ​រាប់​ថ្ងៃ រាប់​ខែ ហើយ​យូរ​ដល់​រាប់​ឆ្នាំ​ទៀតផង ។ ខ្ញុំ​តែងតែ​មាន​មូលហេតុ​ជាច្រើន​ដើម្បី​រីករាយ និង​មាន​អារម្មណ៍​ល្អ​អំពី​ជីវិត ប៉ុន្តែ​នៅពេល​មួយ អារម្មណ៍​ជាប់គាំង​នេះ​ប៉ះទង្គិច​ដល់​ផ្លូវចិត្ត​ខ្ញុំ​យ៉ាងខ្លាំង ។

នៅ​អំឡុង​ពេលនោះ ក្មួយ​ប្រុស​ជំទង់​របស់​ខ្ញុំ​បាន​សូម​ចំណាយ​ពេល​លេង​ជាមួយនឹង​ខ្ញុំ ។ គាត់​ដឹង​ថា គាត់​ត្រូវមាន​គោលដៅ​នៅក្នុង​ជីវិត​របស់​គាត់ ហើយ​បាន​មកសុំ​យោបល់​ពីខ្ញុំ ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មិនមែន​ជា​មនុស្ស​ដែល​អាច​ផ្ដល់​ដំបូន្មាន​ល្អៗ​ដល់​គាត់​បាន​ទេ​នៅពេល​នោះ ប៉ុន្តែ​ខ្ញុំ​បាន​ស្តាប់​គាត់ ។ ខ្ញុំ​បាន​ដឹងថា​ខ្ញុំ​អាច « អំពាវនាវ​ដល់ » ព្រះ​ដើម្បី​សូម​ជំនួយ ( សូម​មើល អាលម៉ា ៣៤:១៧–២៧ ) ហើយ​បាន​អធិស្ឋាន​ដើម្បី​អាច​និយាយ​អ្វី​ដែល​មាន​អត្ថន័យ​ប្រាប់​គាត់ ។ ជាការឆ្លើយតប ខ្ញុំ​បាន​ចងចាំ លូកា ២:៥២ ៖ « ព្រះយេស៊ូវ​ក៏​កាន់​តែ​ធំ ប្រកប​ដោយ​ប្រាជ្ញា​រឹត​តែ​ច្រើន​ឡើង ហើយ​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ព្រះ និង​ចិត្ត​មនុស្ស​ផង » ។

ពេល​ខ្ញុំ​ខិតខំ​ផ្តោត​ទៅលើ​សេចក្តី​ត្រូវការ​របស់​ក្មួយប្រុស​ខ្ញុំ ជាជាង​លើ​សេចក្តីត្រូវការ​របស់​ខ្ញុំ នោះ​មាន​អ្វី​មួយ​បាន​ចាប់ផ្តើម​ផ្លាស់ប្តូរ​នៅក្នុង​ខ្លួនខ្ញុំ ។ ក្មួយប្រុស​របស់​ខ្ញុំ និង​ខ្ញុំ​បាន​និយាយ​អំពី​របៀប​ព្រះគ្រីស្ទ​បាន​រីកចម្រើន​ខាងវិញ្ញាណ ខាង​សង្គម ខាង​រូបកាយ និង​ខាងបញ្ញា ហើយ​យើង​ក៏​អាច​រីកចម្រើន​បាន​ដូច​ទ្រង់​ផងដែរ ។ ទោះបីជា​សេចក្តី​ត្រូវការ​របស់​ក្មួយប្រុស​ខ្ញុំ​ខុស​ពី​ខ្ញុំ​ក្តី ក៏​ចំណុច​រីកចម្រើន​ទាំងបួន​នេះ​គឺ​ទាក់ទង​នឹង​ពួកយើង​ទាំងពីរ​នាក់​ដែរ ។ ខណៈពេល​កំពុង​និយាយ​អំពី​ខគម្ពីរ​នេះ ខ្ញុំ​បាន​ដឹងថា វា​បាន​ឆ្លើយ​ទៅនឹង​សំណួរ​ផ្ទាល់ខ្លួន​របស់​ខ្ញុំ​អំពី​របៀប​ដើម្បី​កុំឲ្យ​ជាប់​គាំង​នោះ ។

ការផ្លាស់ប្តូរ​ការផ្តោត​អារម្មណ៍​របស់​ខ្ញុំ ការធ្វើ​សកម្មភាព​តាម​ផែនការ​ទាំងនោះ

នៅពេល​ខ្ញុំ​ខិតខំ​ដើម្បី​រីកចម្រើន​ដូចជា​ព្រះអង្គសង្រ្គោះ​បាន​រីកចម្រើន នោះ​ការផ្តោត​អារម្មណ៍​របស់​ខ្ញុំ​បាន​ផ្លាស់ប្តូរ ហើយ​ការផ្លាស់ប្តូរ​នោះ​បាន​នាំ​មក​នូវ​ពរជ័យ​បន្ថែមទៀត ។ ដូច​ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា « អំណរ​ដែល​យើង​មាន​នោះ វា​មិនសូវ​ទាក់ទង​នឹង​កាលៈទេសៈ​នៃ​ជីវិត​យើង​ទេ ប៉ុន្តែ​វា​ទាក់ទង​យ៉ាងខ្លាំង​លើ​អ្វី​ដែល​យើង​ផ្តោត​ទៅលើ​នៅក្នុង​ជីវិតយើង » ។ ការខិតខំ​របស់​ខ្ញុំ​ដើម្បី​រីកចម្រើន​ដូច​ព្រះយេស៊ូវគ្រីស្ទ​បាន​ជួយទាញ​ការយកចិត្ត​ទុកដាក់​ឲ្យ​ឆ្ងាយ​ពី​កាលៈទេសៈ​ដែល​បាន​បំផ្លាញ​ការផ្តោត​អារម្មណ៍​របស់ខ្ញុំ ហើយ​បង្វែរ​ការយកចិត្ត​ទុកដាក់​របស់ខ្ញុំ​ទៅលើ​រឿង​ទាំងឡាយ​ដែល​ខ្ញុំ​អាច​ធ្វើបាន ហើយ​ផ្ដល់​ជា​លទ្ធផល​ដល់​ខ្ញុំ ។ ខ្ញុំ​អាច​ផ្លាស់ប្តូរ​ពី​ការសញ្ជឹងគិត​នៅ​ខាងក្នុង ទៅជា​សកម្មភាព​នៅ​ខាងក្រៅ​វិញ ។

ខ្ញុំ​បាន​ពិចារណា​ដោយ​ស្មោះ​អស់ពីចិត្ត​ពី​របៀប​ដែល​ខ្ញុំ​អាច​រីកចម្រើន​នៅក្នុង​ផ្នែក​នីមួយៗ​ដែល​បាន​លើកឡើង​នៅក្នុង លូកា ២:៥២ ពី​ការ​ចូលរួម​នៅក្នុង​ព្រះវិហារបរិសុទ្ធ​យ៉ាង​ជាប់លាប់​រហូត​ដល់​ការបញ្ចប់​នូវ​ការ​ប្រណាំង​កង់​ដ៏​ឆ្ងាយ​មួយ ។

រូបភាព
ព្រះវិហារ​បរិសុទ្ធ មែមហ្វីស ថែនណេស៊ី

រូបថត​ព្រះវិហារ​បរិសុទ្ធ មែមហ្វីស ថែនណេស៊ី ដោយ ជេមស៍ វីតនី យ៉ង់

នៅក្នុង​ចំណុច​នីមួយៗ​នៃ​គោលដៅ​របស់​ខ្ញុំ ខ្ញុំ​បាន​ធ្វើ​ការសង្កេត​មួយ​ចំនួន ៖

  1. នៅ​ខណៈពេល​កំពុង​ធ្វើការ​លើ​គោលដៅ​មួយ ជានិច្ចជាកាល​ខ្ញុំ​មាន​អារម្មណ៍​ថា ព្រះគ្រីស្ទ​បាន​ពង្រឹង​ខ្ញុំ​ខាង​វិញ្ញាណ ខាង​សង្គម ខាង​រូបកាយ និង​ខាង​បញ្ញា​ទាំងអស់​នៅក្នុង​គោលដៅ​តែ​មួយ​នោះ ។

  2. កម្រណាស់​ដែល​គោលដៅ​មួយ​នៅដាច់ដោយ​ឡែក​ពីផ្នែក​ផ្សេងៗ​ទៀត​នៃ​ការរីក​ចម្រើន​នេះ—វា​ហាក់​ដូចជា​មាន​ឥទ្ធិពល និង​ពង្រឹង​គ្នា​ទៅវិញ​ទៅមក ។ ការកែលម្អ​នៅ​ក្នុង​ផ្នែក​មួយ​នាំ​ឲ្យ​មានការ​ប្រសើរឡើង​ក្នុង​គ្រប់​ផ្នែក​ផ្សេងទៀត​ដែរ ។ ការព្រងើយ​កន្តើយ​ចំពោះ​ផ្នែក​ណាមួយ ក៏​អាច​ប៉ះពាល់​ដល់​ផ្នែក​ផ្សេងៗទៀត​ផងដែរ ។ ខ្ញុំ​បាន​ដឹងថា ផ្នែក​នីមួយៗ​សម​នឹង​ទទួល​បាន​នូវ​ការយកចិត្ត​ទុកដាក់ ។

  3. ស្ទើរតែ​គ្រប់​គោលដៅ​ទាំងអស់​រួម​បញ្ចូល​មនុស្ស​ដទៃ​ទៀត—ទាំង​ការរៀន​ពី​ពួកគេ ឬ​ការចែកចាយ​គំនិត និង​បទពិសោធន៍​ជាមួយ​ពួកគេ—ហើយ​ធ្វើ​ឲ្យ​ចំណង​ទំនាក់ទំនង​របស់​យើង​កាន់តែ​ស៊ីជម្រៅ ។

ការស្វែងរក និង​ការ​ចែកចាយ​សេចក្តី​រីករាយ​នៅក្នុង​ព្រះគ្រីស្ទ

ខ្ញុំ​បន្ត​មាន​ឱកាស​មើល​ឃើញ និង​ទទួល​បាន​បំផុស​គំនិត​តាមរយៈ​ការរីកចម្រើន​របស់​មនុស្ស​ដទៃ​ទៀត ហើយ​ខ្ញុំ​សង្ឃឹមថា ខ្ញុំ​អាច​ធ្វើ​ដូចគ្នា​សម្រាប់​ពួកគេ​ផងដែរ ។ ថ្មីៗ​នេះ​ខ្ញុំ​បាន​និយាយ​ជាមួយ​មិត្ត​នៅលីវ​របស់​ខ្ញុំ​មា្នក់​ដែល​មាន​អារម្មណ៍​ជាប់គាំង ហើយ​ខកចិត្ត​ទៅនឹង​ស្ថានភាព​មួយ​ចំនួន​នៅក្នុង​ជីវិត ។ ខ្ញុំ​បាន​ស្តាប់​ដើម្បី​យល់ ហើយ​បន្ទាប់មក​ខ្ញុំ​អាច​ចែកចាយ​បទពិសោធន៍​ដែល​បាន​ជួយ​ដល់​ខ្ញុំ ហើយ​ក៏បាន​ចង្អុល​បង្ហាញ​ផ្នែក​នីមួយៗ​នៃ​ការរីកចម្រើន​ត្រឡប់​ទៅកាន់​ព្រះអង្គសង្រ្គោះ​វិញ​ផងដែរ ។

មិនមែន​គ្រប់​ផ្នែក​ទាំងអស់​នៃ​ជីវិត​ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍ថា​ជាប់គាំង​ជាច្រើន​ឆ្នាំ​កន្លង​មកនេះ​បាន​ផ្លាស់ប្តូរ​ទាំងអស់​នោះទេ ប៉ុន្ដែ​ខ្ញុំ​បាន​ផ្លាស់ប្តូរ នៅពេល​ដែល​ខ្ញុំ​បាន​រៀន​ផ្តោត​ទៅលើ​ព្រះអង្គសង្រ្គោះ​បន្ថែមទៀត ហើយ​ខិតខំ​ព្យាយាម​ដើម្បី​រីកចម្រើន​ដូចជា​ទ្រង់ ។ ដូចដែល​ប្រធាន ណិលសុន បាន​ចែកចាយ​ថា « មាន​រឿង​ជាច្រើន​ដែល​យើង អាច គ្រប់គ្រង​បាន ។ យើង​ដាក់​អាទិភាព​ និង​កំណត់​ពី​របៀប​ដែល​យើង​ផ្ទាល់​អាច​ប្រើ​កម្លាំង ពេលវេលា និង​មធ្យោបាយ​របស់​យើង ។… យើង​ជ្រើសរើស​អស់អ្នក​ដែល​យើង​នឹង​ងាក​ទៅរក​ដែល​មាន​សេចក្តីពិត និង​ការដឹកនាំ » ។ មិនថា​យើង​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​នោះ​ទេ ផ្នែក​ទាំង​ប៉ុន្មាន​នៃ​ការរីក​ចម្រើន​នៅក្នុង លូកា ២:៥២ អាច​ជួយ​យើង​ឲ្យ​ផ្លាស់ប្តូរ​ការផ្តោត​អារម្មណ៍​របស់​យើង ហើយ​រកឃើញ​សេចក្តី​រីករាយ និង​ការរីកចម្រើន​បន្ថែម​ទៀត​តាមរយៈ​ព្រះវរបិតាសួគ៌ និង​ព្រះអង្គ​សង្គ្រោះ ។

អ្នកនិពន្ធ​រស់នៅ​រដ្ឋ​យូថាហ៍ ស.រ.អា. ។

កំណត់​ចំណាំ

  1. រ័សុល អិម ណិលសុន « Joy and Spiritual Survival » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨២ ។

  2. រ័សុល អិម ណិលសុន « Make Time for the Lord » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ១២០ ។