២០២២
បញ្ជាក់​ថា​អ្នក​ជា​សាច់ញាតិ​នឹង​គ្នា
ខែ កញ្ញា ឆ្នាំ ២០២២


« បញ្ជាក់​ថា​អ្នក​ជា​សាច់ញាតិ​នឹង​គ្នា » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២២ ។

សំឡេង​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

បញ្ជាក់​ថា​អ្នក​ជា​សាច់ញាតិ​នឹង​គ្នា

ខ្ញុំ​បាន​គិតថា ព្រះអម្ចាស់​បាន​បង្គាប់​ឲ្យ​ធ្វើ​អ្វី​ដែល​មិន​អាច​ធ្វើ​បាន ប៉ុន្តែ​ខ្ញុំ​បាន​យល់​ខុស ។

រូបភាព
កែវពង្រីក និង​តារាង​ពង្សាវលី

អ្នកជិតខាង​ដែល​មាន​វ័យ​ចំណាស់​របស់ខ្ញុំ និង​កូនប្រុស​របស់​គាត់​រស់នៅ​ផ្ទះល្វែង​ពីរបី​ផ្ទះ​ពី​គ្រួសារ​របស់​ខ្ញុំ ។ យើង​ស្រឡាញ់​គាត់​ជា​ខ្លាំង ។ ក្រោយពី​កូនប្រុស​របស់​គាត់​ទទួល​មរណភាព​ទៅ គាត់​ក៏ចាប់ផ្តើម​ឈឺ ហើយ​សម្រាក​នៅ​តែលើ​គ្រែ ។ យើង​មើលថែ​គាត់​រហូត​ទាល់តែ​គាត់​បាន​ទទួល​មរណភាព​បី​ខែ​ក្រោយមក ។

ក្រោយពីពួកគេ​បាន​ទទួល​មរណភាព​ទៅ ខ្ញុំ​ចង់​ធ្វើ​ពីធីបរិសុទ្ធ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ឲ្យ​គ្រួសារ​នេះ ។ ប៉ុន្តែ​ដោយសារតែ​យើង​មិនមែន​ជា​សាច់ញាតិ​នឹងគ្នា នោះ​យើង​មិន​អាច​ធ្វើ​អ្វី​បាន​ទេ ។ ថ្ងៃ​មួយ​គំនិត​មួយ​យ៉ាង​ច្បាស់​ចូលមក​ក្នុង​ចិត្ត​របស់​ខ្ញុំ ៖ « បញ្ជាក់​ថា​អ្នក​ជា​សាច់ញាតិ​នឹង​គ្នា ហើយ​អ្នក​អាច​ធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ពួកគេ​បាន » ។ ខ្ញុំ​បាន​គិតថា ព្រះអម្ចាស់​បាន​បង្គាប់​ឲ្យ​ធ្វើ​អ្វី​ដែល​មិន​អាច​ធ្វើ​បាន ប៉ុន្តែ​ពាក្យ បញ្ជាក់ នៅតែ​មាន​នៅក្នុង​គំនិត​របស់​ខ្ញុំ ។

សាច់ញាតិ​របស់​អ្នកជិតខាង​របស់​ខ្ញុំ​បាន​ចាប់ផ្តើម​ផ្ទេរ​កម្មសិទ្ធិ​ផ្ទះ​របស់​គាត់ ប៉ុន្តែ​ពួកគេ​ខ្វះ​ឯកសារ​ដើម្បី​បញ្ជាក់ពី​ទំនាក់ទំនង​របស់​ពួកគេ សូម្បីតែ​បន្ទាប់ពី​យើង​បាន​ស្វែងរក​នៅក្នុង​បណ្ណាសារ​របស់​រដ្ឋាភិបាល​ហើយ​ក្ដី ។

ព្រះវិញ្ញាណ​បាន​ប្រាប់​ខ្ញុំ​ថា​យើង​កំពុង​ខ្វះ​អ្វីមួយ ។ ដោយ​មាន​ការ​យល់ព្រម​ពី​សាច់​ញាតិ​ទាំង​នេះ ខ្ញុំ​បាន​ពិនិត្យ​មើល​ក្នុង​ផ្ទះ​របស់​គាត់​ដើម្បី​រក​ឯកសារ ។ នៅ​ជ្រុង​មួយ​នៃ​ផ្ទះ ខ្ញុំ​បាន​រកឃើញ​កាបូប​មួយចំនួន​ពេញ​ទៅដោយ​ក្រដាស​ចាស់ៗ​ជាច្រើន ។ ខ្ញុំ​មាន​អារម្មណ៍ថា​កាបូប​នេះ​សំខាន់​ណាស់ ។

ខ្ញុំ​បាន​កកាយ​មើល​កាបូប​អស់​ពីរ ហើយ​ចាប់ផ្តើម​កកាយ​មើល​កាបូប​ទីបី ។ នៅពេល​ខ្ញុំ​កកាយ​ជិតដល់​បាត​កាបូប ពេល​នោះ​ខ្ញុំ​មាន​អារម្មណ៍​ថា​បាន​ប៉ះ​កូន​សៀវភៅ​មួយ ។ នៅក្នុង​កូនសៀវភៅ​នោះ​មាន​គម្រប​ថត​មួយ ហើយ​នៅក្នុង​ថត​នោះ​ខ្ញុំ​បាន​រកឃើញ​វិញ្ញាបនបត្រ​សំខាន់ៗ​ចំនួន​ប្រាំ ៖ សំបុត្រ​កំណើត​របស់​ស្ត្រី​អ្នកជិតខាង​របស់​ខ្ញុំ សំបុត្រ​មរណភាព និង​សំបុត្រ​អាពាហ៍ពិពាហ៍​របស់​ម្តាយ​គាត់ សំបុត្រ​មរណភាព​របស់​ជីដូន​គាត់ និង​សំបុត្រ​បញ្ចុះសព​ឪពុក​របស់​គាត់ ។

ពេល​សាច់ញាតិ​របស់​អ្នក​ជិត​ខាង​របស់​យើង និង​ខ្ញុំ​ពិនិត្យ​មើល​ឯកសារ​នោះ មាន​ពាក្យ​ពីរ​ម៉ាត់​ធ្វើឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍ ៖ « ស្រុក​វ៉ាហ្គាយស្គី » នៅ​ភាគ​ខាងលិច​ស៊ីបេរី ។ នៅ​រំពេចនោះ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​គួរតែ​មើល​នៅក្នុង​មែកធាង​គ្រួសារ​របស់​ខ្ញុំ ។ នៅពេល​ខ្ញុំ​ទៅមើល ខ្ញុំ​បាន​រកឃើញ​ថា​វ៉ាហ្គាយស្គី មាន​នៅលើ​ចុង​មែក​នៃ​មែកធាង​គ្រួសារ​របស់​ឪពុក​ខ្ញុំ ។ ការស្រាវជ្រាវ​បន្ថែម​ទៀត​បាន​បង្ហាញ​ថា អ្នក​ជិត​ខាង​របស់​ខ្ញុំ​ដែល​បាន​ទទួល​មរណភាព​នេះ និង​ខ្ញុំ​គឺជា​សាច់ញាតិ​នឹងគ្នា !

ទីបំផុត ព្រះ​អម្ចាស់​មិន​បាន​តម្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ដែល​មិន​អាច​ធ្វើ​ទៅបាន​នោះ​ទេ ។ ខ្ញុំ​មាន​សេចក្តី​រីករាយ​យ៉ាង​ខ្លាំង​ក្រៃលែង​ដែល​បាន​ដឹងថា អ្នកជិតខាង​របស់​ខ្ញុំ​គឺជា​សាច់ញាតិ​ម្នាក់​នៃ​គ្រួសារ​របស់ខ្ញុំ ។ ទំនាក់ទំនង​នេះ​នឹង​អនុញ្ញាត​ឲ្យ​ខ្ញុំ​អាច​ធ្វើ​ពិធីបរិសុទ្ធ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ជូន​គាត់​បាន​យ៉ាង​ពិតប្រាកដ​នៅពេល​អនាគត ។

ព្រះអម្ចាស់​ស្រឡាញ់​បុត្រា​បុត្រី​ទាំងអស់​របស់​ទ្រង់ ។ ទ្រង់​បាន​រៀបចំ​ផែនការ​នៃ​សេចក្តីសង្រ្គោះ​សម្រាប់​មនុស្ស​ទាំងអស់ រួម​ទាំង​អ្នកជិតខាង​របស់​ខ្ញុំ និង​កូនប្រុស​របស់​គាត់​ផងដែរ ។