២០២២
គ្រាន់តែ​ព្យាយាម​ម្តងទៀត
ខែ កញ្ញា ឆ្នាំ ២០២២


« គ្រាន់តែ​ព្យាយាម​ម្តងទៀត » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២២ ។

សំឡេង​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

គ្រាន់តែ​ព្យាយាម​ម្តងទៀត

ខ្ញុំ​រវល់តែ​ធ្វើ​រឿង​ល្អៗ ប៉ុន្តែ​ទំនាក់ទំនង​របស់​ខ្ញុំ​ជាមួយនឹង​ព្រះអម្ចាស់​មិន​ល្អ​ទេ ដោយសារ​តែ​ខ្ញុំ​បាន​ធ្វេសប្រហែស​អ្វីមួយ​ដែល​សំខាន់​ជាង​នេះ ។

រូបភាព
បើក​ព្រះគម្ពីរ

នៅពេល​ដែល​ខ្ញុំ​បាន​បញ្ចប់​បេសកកម្ម​របស់​ខ្ញុំ​នៅ​ខែ មករា ឆ្នាំ ២០១៩ ខ្ញុំ​បាន​ប្រាកដថា ខ្ញុំ​នឹង​បន្ត​ការសិក្សា​ព្រះគម្ពីរ​ប្រចាំថ្ងៃ​របស់​ខ្ញុំ​បាន​យ៉ាង​ងាយស្រួល ។ ដំបូង នោះ​ជា​ការពិត ។ ក្រោយពី​ធ្វើការ​ហើយ ខ្ញុំ​ត្រឡប់​មក​ផ្ទះវិញ ហើយ​អាន​ព្រះគម្ពីរ​យ៉ាង​ទៀងទាត់ ។ ខ្ញុំ​រីករាយ​ណាស់​ដែល​នៅតែ​ស្មោះត្រង់​ចំពោះ​ការអាន​ព្រះគម្ពីរ និង​ការរៀន​អំពី​ព្រះអង្គសង្គ្រោះ ។

វា​បាន​ផ្លាស់ប្តូរ​នៅ​ខែ មិថុនា ឆ្នាំ ២០១៩ នៅពេល​ដែល​មិត្តប្រុស​របស់​ខ្ញុំ​ត្រឡប់​មកពី​បេសកកម្ម​របស់​គាត់​វិញ ។ យើង​បាន​ចាប់ផ្តើម​ណាត់ដើរលេង​ជាមួយគ្នា​ភ្លាមៗ ហើយ​យើង​ក៏បាន​ភ្ជាប់​ពាក្យ​ប្រាំមួយ​សប្តាហ៍​ក្រោយមក ។

ក្នុង​ភាព​ដ៏​មមាញឹក​នៃ​ការ​រៀបចំ​ផែនការ​អាពាហ៍ពិពាហ៍ ការងារ ការទៅ​រៀន​នៅ​មហាវិទ្យាល័យ និង​ការចំណាយ​ពេល​ជាមួយ​គូ​ដណ្តឹង​របស់​ខ្ញុំ នោះ​ការ​សិក្សា​ព្រះគម្ពីរ​របស់​ខ្ញុំ​បាន​ថយចុះ​មក​ត្រឹម​ពីរបី​ដង​ក្នុង​មួយ​សប្តាហ៍ ។ ដោយសារ​ខ្ញុំ​រវល់​ជាមួយ​នឹង​រឿង​ល្អៗ ខ្ញុំ​បាន​ធ្វេសប្រហែស​ដោយ​អចេតនា​ចំពោះ​ទំនាក់ទំនង​របស់​ខ្ញុំ​ជាមួយ​នឹង​ព្រះអម្ចាស់ ។

ស្វាមីខ្ញុំ និង​ខ្ញុំ​បាន​រៀបការ​នៅក្នុង​ខែ វិច្ឆិកា ឆ្នាំ ២០១៩ ។ បន្ទាប់ពី​ថ្ងៃ​ឈប់​សម្រាក ខ្ញុំ​បាន​ព្យាយាម​ចាប់ផ្ដើម​អាន​ព្រះគម្ពីរ​បន្ត​ពី​កន្លែង​ដែល​ខ្ញុំ​បាន​ទុកចោល​ពីមុន​ឡើងវិញ​ម្ដងទៀត ។ អស់រយៈ​ពេល​ប៉ុន្មាន​ខែ ស្វាមីខ្ញុំ និង​ខ្ញុំ​បាន​សិក្សា​ព្រះគម្ពីរ​ជាមួយគ្នា​ដោយ​ជោគជ័យ ។ រៀងរាល់​ព្រឹក​រយៈពេល​ពីរបីនាទី យើង​នឹង​អាន​ព្រះគម្ពីរ ហើយ​ពិភាក្សា​មេរៀន ចូរ​មក​តាម​ខ្ញុំ មួយ​ពីមុនពេល​យើង​ប្រញាប់ប្រញាល់​ចេញ​ទៅ​ធ្វើការ ឬ​ទៅសាលា​រៀន ។

បន្ទាប់មក ជំងឺ​រាតត្បាត​សាកល​កូវីដ-១៩ បាន​វាយលុក ។ ដោយ​គ្មាន​កាលវិភាគ​ការងារ និង​សាលា​តឹងរឹង នោះ​យើង​បាន​បាត់បង់​ទម្លាប់​នៃ​ការ​សិក្សា​ព្រះគម្ពីរ​នៅពេល​ព្រឹក​របស់​យើង ។ យើង​សិក្សា​តែ​ម្តងម្កាល ហើយ​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះអម្ចាស់​បាន​មាន​បញ្ហា ។ សូម្បីតែ​បន្ទាប់ពី​ការរឹតបន្តឹង​ត្រូវ​បាន​ដកចេញ ហើយ​យើង​បាន​ត្រឡប់​ទៅ​ព្រះវិហារ​វិញ​ហើយ​ក្តី ក៏យើង​នៅតែ​មាន​បញ្ហា​ក្នុង​ការសិក្សា​ដដែល ។

ជារឿយៗ សមាជិក​សាសនាចក្រ​មាន​ពេល​ដែល​ពួកគេ​មាន​ការលំបាក​ក្នុង​ការអាន​ព្រះគម្ពីរ​របស់​ពួកគេ​ជា​ទៀងទាត់​ផងដែរ ។ ជីវិត​របស់​យើង​គឺ​រវល់​ណាស់ ហើយ​យើង​ប្រឈមមុខ​នឹង​បញ្ហា​រៀងរាល់ថ្ងៃ ។ វា​មិនដែល​យឺតពេល​ទេ​ដើម្បី​ចាប់ផ្តើម​ម្តងទៀត​នោះ ។

ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា « ព្រះអម្ចាស់​ពុំ​រំពឹង​ភាពល្អ​ឥតខ្ចោះ​ពី​យើង អំឡុង​ពេល​នៃ​ការរីកចម្រើន​អស់កល្ប​ជានិច្ច​របស់​យើង​នេះ​ឡើយ » ។ ប៉ុន្តែ លោក​បាន​បន្ថែមថា « យើង​ទាំងអស់​គ្នា​អាច​ធ្វើ​បានល្អ​ប្រសើរ ហើយ​ជា​មនុស្ស​ល្អ​ប្រសើរ​ជាង​ពី​មុន » ។

ស្វាមី​ខ្ញុំ និង​ខ្ញុំ​ថ្មីៗ​នេះ​បាន​ចាប់ផ្ដើម​ប្តេជ្ញាចិត្ត​ជាថ្មី​ដើម្បី​អាន​ព្រះគម្ពីរ​របស់​យើង ។ យើង​នៅតែ​មិន​ទាន់​ល្អ​ឥតខ្ចោះ​នោះទេ ប៉ុន្តែ​យើង​ព្យាយាម​រៀងរាល់ថ្ងៃ​ដើម្បី​ពង្រឹង​នូវ​ទីបន្ទាល់​របស់​យើង ។ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ឱកាស​ជាច្រើន​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់យើង​ដើម្បី​ប្រែចិត្ត ធ្វើ​បានល្អ​ប្រសើរ ហើយ​ជា​មនុស្ស​ល្អ​ប្រសើរ​ជាង​ពី​មុន ។

កត់​ចំណាំ

  1. រ័សុល អិម ណិលសុន « We Can Do Better and Be Better » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦៨ ។