២០២២
មួយ​ថ្ងៃ​ម្ដងៗ
ខែ កញ្ញា ឆ្នាំ ២០២២


« មួយ​ថ្ងៃ​ម្ដងៗ » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២២ ។

សំឡេង​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

មួយ​ថ្ងៃ​ម្ដងៗ

យើង​មាន​អំណរគុណ​ចំពោះ​សមាជិក​ដ៏អស្ចារ្យ​ក្នុង​វួដ​របស់​យើង ដែល​បាន​ជួយ​យើង​ជាមួយ​កូន​ប្រុស​ដែល​មាន​អូទីស្សឹម​របស់​យើង ។

រូបភាព
យុវជន​ម្នាក់

យ៉ស អំឡុងពេល​ធ្វើ​ដំណើរ​ទៅ​ព្រះវិហារ​បរិសុទ្ធ​នាពេល​ថ្មីៗនេះ ។

រូបថត​យ៉ូស័រ ទទួល​សិទ្ធិ​អនុញ្ញាត​ពី​អ្នកនិពន្ធ

នៅពេល​កូនប្រុស​របស់​យើង យ៉ូស័រ អាយុ ១៨ ខែ យើង​បាន​ចាប់​អារម្មណ៍​ថា​អាកប្បកិរិយា​របស់​គាត់​ដូចជា​ចម្លែកៗ ។ យ៉ស អាច​សូត្រ​ស្ទើរតែ​គ្រប់​ពាក្យ​នៃ​ចម្រៀង​នីមួយៗ​នៃ​កម្មវិធី​ដែល​គាត់​មើល​នៅលើ​ទូរទស្សន៍ ប៉ុន្តែ​គាត់​យឺតយ៉ាវ​ក្នុងការ​រៀន​និយាយ ។ ថ្ងៃមួយ​ម្តាយ​ក្មេក​របស់​ខ្ញុំ​បាន​និយាយ​ថា យ៉ស បាន​បង្ហាញថា​មាន​សញ្ញា​នៃ​ជំងឺ​អូទីស្សឹម ។ អ្នកជំនាញ​ក៏បាន​ប្រាប់​យើង​ដូចគ្នា​ផងដែរ ។

ភរិយា​របស់​ខ្ញុំ អេលីហ្សាបេត ខិតខំ​ស្រាវជ្រាវ​យ៉ាងច្រើន​អំពី​ជំងឺ​អូទីស្សឹម​នេះ ។ នាង​ក៏បាន​ចុះឈ្មោះ យ៉ស ចូលទៅក្នុង​កម្មវិធី​ជាច្រើន​ដើម្បី​ជួយ​ដល់​គាត់​ផងដែរ ។ នាង​បាន​ប្តេជ្ញាចិត្ត​ថា​ឲ្យ យ៉ស មាន​ការចាប់ផ្តើម​ដ៏ល្អ​បំផុត​ក្នុង​ជីវិត តាម​អ្វី​ដែល​យើង​អាច​ផ្តល់​ឲ្យ​គាត់​បាន ។

នៅ​ថ្ងៃ​ខ្លះ​ខ្ញុំ​បាន​មាន​អារម្មណ៍​តានតឹង​ជាខ្លាំង​ពី​អនាគត ហើយ​អេលីហ្សាបេត បាន​ជួយ​លួងលោម​ខ្ញុំ ។ នាង​បាន​ប្រាប់​ខ្ញុំ​ថា យើង​ត្រូវ​គិតរឿង​មួយ​ថ្ងៃ​ម្តងៗ​ ។

នាង​បាន​និយាយថា « យើង​ត្រូវ​ដឹង​គុណ​ចំពោះ​រាល់​រឿង​ថ្មីៗ​ដែល យ៉ស រៀន ជំនួសឲ្យ​ការផ្តោត​លើ​អ្វី​ដែល​យើង​មិន​ដឹង​ពី​អនាគត » ។

នៅពេល​គាត់​ធំ​ឡើង យ៉ស ចាប់ផ្តើម​ក្លាយជា​គ្មាន​វិន័យ​នៅ​ព្រះវិហារ ។ ដើម្បី​កុំ​ឲ្យ​គាត់​រំខាន​ដល់​ថ្នាក់​កុមារ ឬ​វាយ​កុមារ​ផ្សេងទៀត ខ្ញុំ​បាន​ពរគាត់​ដាក់​នៅលើ​ភ្លៅ​របស់​ខ្ញុំ ។ គាត់​រើ គាត់​ខ្វាច ហើយ​និង​ប្រតាយប្រតប់​ជាមួយ​ខ្ញុំ​ទាំង​បី​ម៉ោង​នៅ​ព្រះវិហារ ។ ខ្ញុំ​តែងតែ​មក​ផ្ទះ​វិញ​មាន​ស្នាមជាំ និង​អស់​កម្លាំង​ជាខ្លាំង ។

ខ្ញុំ​បាន​ស្នើ​ទៅ​ភរិយា​ខ្ញុំ​ថា « ហេតុអ្វី​បាន​ជា​យើង​មិនទុក​គាត់​ឲ្យ​នៅផ្ទះ កុំ​ឲ្យទៅ​ព្រះវិហារ ហើយ​ដាក់វេន​គ្នា​នៅជាមួយ​គាត់​ទៅ ? »

អេលីហ្សាបេត បាន​តបថា « បើ​យើង​មិន​បន្ត​យក​គាត់​ទៅ​ព្រះវិហារ​ទេ នោះ​គាត់​នឹង​ដឹង​ថា​បើ​គាត់​ធ្វើ​អាកប្បកិរិយា​មិនល្អ គាត់​បាន​ចេញ​ពី​ព្រះវិហារ​ហើយ » ។ ខ្ញុំ​ដឹង​ថា ភរិយា​ខ្ញុំ​និយាយ​ត្រូវ ។

ថ្ងៃមួយ ម្តាយ​របស់​គ្រួសារ​មួយទៀត​ដែល​មាន​កូន​អូទីស្សឹម​ដែរ​បាន​ប្រាប់​ខ្ញុំថា « នៅពេល យ៉ស អាយុ​ប្រាំបី​ឆ្នាំ ហើយ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​គាត់​នឹង​ស្លូតបូត​វិញ​ហើយ ! »

ខ្ញុំ​មាន​ការសង្ស័យ​លើ​ពាក្យ​របស់​គាត់ ប៉ុន្តែ​នៅពេល យ៉ស អាយុ​ប្រាំបី​ឆ្នាំ គាត់​បាន​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ បាន​ស្លូតបូត—បន្តិច​វិញ​មែន ។

នៅពេល យ៉ស អាយុ​កាន់តែ​ច្រើន​ឡើង គាត់​បាន​ទទួល​បព្វជិតភាព ។ គាត់​បាន​ចែក​សាក្រាម៉ង់ ហើយ​គាត់​បាន​រៀន​ពី​សារៈសំខាន់​នៃ​ការបម្រើ ។ សមាជិក​នៅក្នុង​កូរ៉ុម​បព្វជិតភាព​របស់​គាត់​បាន​រៀន​រាំ​បទ​សម័យ​ឆ្នាំ ៨០ ជាមួយ យ៉ស ហើយ​បាន​សម្តែង​បទ​នោះ​នៅ​ក្នុង​កម្មវិធី​ជប់លៀង​មួយ​របស់​វួដ ។

វួដ​របស់​យើង​មាន​ចិត្ត​ល្អ​ចំពោះ យ៉ស ណាស់ ។ សមាជិក​បាន​ញញឹម​ដាក់ យ៉ស នៅពេល​គាត់​ចែក​សាក្រាម៉ង់ ហើយ​បញ្ចេញ​ក្បាច់​រាំ​សម័យ​ឆ្នាំ ៨០ ខ្លះ​ទៀត ។

ឥឡូវ យ៉ស​អាយុ ១៧ ឆ្នាំ​ហើយ ។ គាត់​គឺជា​តន្ដ្រីករ​ដ៏​ចំណាន​ម្នាក់​ដែល​អាច​និពន្ធ​បទចម្រៀង​ជាច្រើន​បាន ។ គាត់​ចូលចិត្ត​ដើរតួ​សម្តែង និង​បាន​ចូលរួម​ជាញឹកញាប់​ក្នុង​សាលសិល្បៈ​នៅក្នុង​សាលារៀន និង​សហគមន៍​ផងដែរ ។

យើង​មាន​អំណរគុណ​ដែល​ធ្វើជា​ឪពុកម្ដាយ​របស់ យ៉ស ហើយ​បាន​ចូលរួម​ក្នុង​ដំណើរ​ជីវិត​របស់​គាត់ ។ យើង​មិន​ដឹង​ថា​អ្វី​នឹង​កើតឡើង​នៅ​ពេល​អនាគត​នោះទេ ប៉ុន្តែ​យើង​ប្តេជ្ញា​ថា​នឹង​រស់នៅ​ឲ្យ​ពេញលេញ​ជាមួយ​គាត់​ជារៀង​រាល់ថ្ងៃ ។