២០២២
ចម្លើយ​នៅក្នុង​ព្រះគម្ពីរ​មរមន​របស់​ខ្ញុំ
ខែ កញ្ញា ឆ្នាំ ២០២២


« ចម្លើយ​នៅក្នុង​ព្រះគម្ពីរ​មរមន​របស់​ខ្ញុំ » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២២ ។

សំឡេង​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ចម្លើយ​នៅក្នុង​ព្រះគម្ពីរ​មរមន​របស់​ខ្ញុំ

ខ្ញុំ​បាន​ព្យាយាម​យ៉ាងខ្លាំង​ដើម្បី « ជួយ » អ្នកម្តាយ វ៉ុង ប៉ុន្តែ​អ្វី​ដែល​គាត់​ត្រូវការ​នោះ​គឺ​ព្រះបន្ទូល​ដ៏​សាមញ្ញ និង​មាន​ឥទ្ធិពល​របស់​ព្រះ​តែ​ប៉ុណ្ណោះ ។

រូបភាព
ម្ដាយ និង​កូនស្រី

អ្នកម្តាយ វ៉ុង និង​អានី

រូបថត​ផ្តល់​សិទ្ធិ​ដោយ​អ្នកនិពន្ធ

បន្ទាប់ពី​ខ្ញុំ​បាន​ជ្រមុជទឹក​នៅ​ខែ មិថុនា ឆ្នាំ ២០០២ ខ្ញុំ​បាន​ចែកចាយ​សេចក្តីជំនឿ​របស់​ខ្ញុំ​ជាមួយ​ម្តាយ​ខ្ញុំ ។ ទោះបីជា​អ្នកម្តាយ វ៉ុង​បាន​ទៅ​ព្រះវិហារ​ជាមួយ​ខ្ញុំ​ជាញឹកញាប់​ក៏ដោយ ​ក៏​គាត់​មិនចង់​រៀន​បន្ថែមទៀត​ដែរ ។

១០ ឆ្នាំ​ក្រោយមក នៅទីបំផុត អ្នកម្តាយ វ៉ុង​បាន​ជ្រើសរើស​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ។ ខ្ញុំ​មាន​ចិត្ត​រំភើប​ណាស់ ។ ពីរបីឆ្នាំ​ក្រោយមក គួរឲ្យ​ស្តាយណាស់​ដែល​គាត់​បាន​ឈប់​ពង្រឹង​ទីបន្ទាល់​របស់​គាត់ ហើយ​បាន​យក​លេស​ជាច្រើន​ដើម្បី​មិនទៅ​ព្រះវិហារ ។

ខ្ញុំ​បាន​ជំរុញ​គាត់​ឲ្យ​ទៅ​ព្រះវិហារ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​មាន​តែ​ការឈ្លោះប្រកែក​គ្នា​ប៉ុណ្ណោះ ។ នៅទីបញ្ចប់ ខ្ញុំ​បាន​ឈប់​បង្ខំ​គាត់ ដើម្បី​កុំឲ្យ​ទំនាក់ទំនង​របស់​យើង​មាន​បញ្ហា ។

នៅអំឡុងពេល​សន្និសីទទូទៅ ខែ តុលា ឆ្នាំ ២០១៩ ប្រធាន រ័សុល អិម ណិលសុន បាន​អញ្ជើញ​សមាជិក​ឲ្យ « រៀបចំ​ផែនការ [ របស់​យើង ] ផ្ទាល់ » ដើម្បី​ពង្រឹង​ទីបន្ទាល់​របស់​យើង​អំពី​ការស្តារ​ឡើងវិញ ។ ពេល​ខ្ញុំ​គិត​អំពី​ការអញ្ជើញ​របស់​លោក ខ្ញុំ​មាន​អារម្មណ៍​ជឿជាក់​ថា ខ្ញុំ​គួរតែ​ធ្វើ​អ្វី​មួយ ដើម្បី​ធ្វើ​ឲ្យ​អ្វីៗ​បាន​ប្រសើរ​ឡើង​រវាង​អ្នកម្តាយ វ៉ុង និង​ខ្ញុំ ។

សម្រាប់​ផែនការ​ឆ្នាំថ្មី​របស់​ខ្ញុំ ខ្ញុំ​បាន​ប្តេជ្ញា​ចិត្ត​ដើម្បី​អាន​ព្រះគម្ពីរ​មរមន​ជាមួយនឹង​អ្នកម្តាយ វ៉ុង ។ នៅពេលណា​ដែល​គាត់​និយាយ​ថា ភ្នែក​របស់​គាត់​ឈឺ ខ្ញុំ​និយាយ​ថា « ម៉ាក់​គ្រាន់តែ​ស្តាប់​ក៏បាន » ។ នៅពេល​គាត់​និយាយថា គាត់​ត្រូវ​ទៅ​លាងចាន ខ្ញុំ​ទៅតាម​គាត់​ដល់​ផ្ទះបាយ ហើយ​បន្ត​អានឲ្យ​ឮៗ ។

ជាលទ្ធផល​អ្នកម្តាយ វ៉ុង​បាន​ស្តាប់​យ៉ាង​ប្រុងប្រយ័ត្ន ហើយ​បាន​ចាំពីអ្វី​ដែល​ខ្ញុំ​បាន​អាន ។ យូរៗទៅ គាត់​បាន​ជ្រើសរើស​ដើម្បី​អាន​ដោយ​ខ្លួន​ឯង ។ ក្រោយ​មក​គាត់​បាន​ប្រាប់​ខ្ញុំថា មនុស្ស​សាមញ្ញ​ម្នាក់​មិន​អាច​សរសេរ​ព្រះគម្ពីរ​មរមន​បានទេ ។ គាត់​គ្មាន​ការសង្ស័យ​សោះថា ព្រះគម្ពីរ​នេះ​គឺ​ជា​ព្រះបន្ទូល​នៃ​ព្រះ ។ សម្រាប់​ខ្ញុំ ការ​មើលឃើញ​គាត់​ចេញ​ពី​ការមិន​ចាប់​អារម្មណ៍​ទៅ​ជា​ការចង់​អាន ហើយ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគម្ពីរ​មរមន គឺជា​អព្ភូតហេតុ​មួយ ។

ក្រោយពី​អ្នកម្តាយ វ៉ុង​បាន​ជ្រមុជទឹក​ហើយ ខ្ញុំ​ព្រួយថា​គាត់​ចូល​សាសនាចក្រ​ដោយសារ​តែ​ខ្ញុំ ។ ប៉ុន្តែ​នៅពេល​នេះ គាត់​មាន​ទីបន្ទាល់​មួយ​សម្រាប់​ខ្លួនឯង​ហើយ ។ អស់​រយៈពេល​ជាច្រើន​ឆ្នាំ ខ្ញុំ​បាន​ព្យាយាម​ដើម្បី « ជួយ » គាត់ ប៉ុន្តែ​អ្វី​ដែល​គាត់​ត្រូវការ​នោះ​គឺជា​ព្រះបន្ទូល​ដ៏​សាមញ្ញ និង​មាន​ឥទ្ធិពល​របស់​ព្រះ​តែ​ប៉ុណ្ណោះ ។

ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ព្យាការី​នៅរស់ ដែល​តែងតែ​ផ្តល់​ការណែនាំ​ឲ្យ​យើង​ទាន់​ពេលវេលា ។ ប្រសិនបើ​យើង​ធ្វើតាម​អ្វី​ដែល​លោក​បាន​បង្រៀន នោះ​ពរជ័យ​ជា​ច្រើន​នឹង​កើតមាន​ឡើង ។ បទពិសោធន៏​នេះ​បាន​បង្ហាញ​ខ្ញុំ​ពីរបៀប​ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ប្រទានពរ​ដល់យើង ។ អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​នោះ​គឺ​គ្រាន់តែ​អាន​ពីរបី​ជំពូក​ទៅ​កាន់​ម្តាយ​របស់​ខ្ញុំ​ចេញពី​ព្រះគម្ពីរ​មរមន​ប៉ុណ្ណោះ ។ បន្ទាប់មក ព្រះអម្ចាស់​បាន​គង់​នៅ​ជាមួយ​នឹង​គាត់ !

កត់​ចំណាំ

  1. សូម​មើល រ័សុល អិម ណិលសុន « Closing Remarks » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ១២២ ។