២០២២
យើង​អាច​ជួយ​អ្នក​ដទៃ​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់ និង​ការរាប់អាន
ខែ កញ្ញា ឆ្នាំ ២០២២


« យើង​អាច​ជួយ​អ្នក​ដទៃ​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់ និង​ការរាប់អាន » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២២ ។

គោលការណ៍​ទាំងឡាយ​នៃ​ការងារ​បម្រើ

យើង​អាច​ជួយ​អ្នក​ដទៃ​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់ និង​ការរាប់អាន

ព្រះអង្គ​សង្គ្រោះ​បាន​ដក​ពិសោធន៍​ការបដិសេធ ហើយ​បង្រៀន​យើង​ពី​របៀប​ដើម្បី​ឈោង​ទៅជួយ ។

រូបភាព
ម៉ាស៊ីន​កាត់ស្មៅ

សាសហ្សា គឺជា​យុវនារី​នៅលីវ​ម្នាក់​នៅក្នុង​វួដ​គ្រួសារ​មួយ​ដែល​ពុំ​តែងតែ​ងាយ​ស្រួល​នោះ​ទេ ។ នាង​មាន​អារម្មណ៍​សប្បាយ​រីករាយ និង​ពេញចិត្ត ប៉ុន្តែ​មាន​អារម្មណ៍​ខុស​ប្លែក​គេ​ជាញឹកញាប់—ហើយ​ទទួល​ការចាប់​អារម្មណ៍​បន្តិច​បន្ដួច—ពី​ចំណោម​សមាជិក​ក្នុង​វួដ​ផ្សេង​ទៀត ។ ដូច​ពួក​យើង​ភាគច្រើន​ដែរ នាង​ចង់​បាន​ការទទួល​យក និង​ការមាន​ចំណែក ។

ថូម៉ាស គឺជា​បុរស​ចំណាស់​ម្នាក់​នៅក្នុង​វួដ ដែល​ត្រូវ​បាន​ចាត់តាំង​ឲ្យ​ធ្វើ​ជា​បងប្រុស​ផ្ដល់​ការងារ​បម្រើ​របស់​នាង ហើយ​ថ្ងៃ​មួយ​គាត់​បាន​មកលេង សាសហ្សា ជាមួយ​ភរិយា​របស់​គាត់​ដើម្បី​ស្គាល់​នាង ។ ការជួប​នោះ​ហាក់ដូចជា​ចម្លែក​ក្នុង​ចិត្ត​បន្តិច នៅពេល​ដែល​ការសន្ទនា​បាន​ប្រែជា​ទៅជា​និយាយ​ដល់រឿង​នាង​នៅលីវ​ទៅវិញ ។ ប៉ុន្តែ​នៅពេល​ពួកគេ​និយាយ​គ្នា សាសហ្សា អាច​ដឹង​បានថា ថូម៉ាស និង​ភរិយា​របស់​គាត់​កំពុង​ព្យាយាម​ដើម្បី​យល់​ពី​ស្ថានភាព​របស់​នាង និង​ពី​របៀប​ដែល​ពួកគេ​អាច​ជួយ​បាន ។

នៅពេល​មួយ ថូម៉ាស​បាន​និយាយ​ថា « ខ្ញុំ​ឃើញថា​ទីធ្លាផ្ទះ​របស់​ប្អូន​ដូចជា​ត្រូវការ​ការ​ថែទាំ​បន្ដិច ។ ខ្ញុំ​ចង់​ជួយ​ប្អូន​ក្នុង​ការងារ​នោះ » ។

អាជីព​របស់ សាសហ្សា ធ្វើឲ្យ​នាង​មាន​ភាព​មមាញឹក​ខ្លាំង ដែល​ការថែទាំ​ទីធ្លាផ្ទះ​មិន​មែន​ជា​អាទិភាព​ចម្បង​របស់​នាង​ឡើយ ។ ហើយ​ម្យ៉ាងវិញទៀត នាង​មិនចូលចិត្ត​ធ្វើ​វា​ទេ ។ នាង​ដឹងពី របៀប ធ្វើ​ស្មៅ ហើយ​នាង​ដឹង​ថា​នាង អាច ធ្វើ​វា​បាន ។ ប៉ុន្តែ​នោះ​ពុំ​ផ្លាស់ប្ដូរ​ការពិត​ដែល​ថា នាង​មិន​ចូលចិត្ត​ធ្វើការងារ​នេះ​នោះទេ ។

មានពេល​មួយ​សំណួរ​របស់​គាត់​ហាក់​ដូចជា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​របស់​នាង ។ ប៉ុន្តែ​ថូម៉ាស​បាន​លើក​ឡើងថា គាត់​ធ្លាប់​ជាយោធា ហើយ​បាន​យល់​ពី​អ្វី​ដែល​ស្តី្រ​ម្នាក់​ត្រូវ​ធ្វើ​ជាញឹកញាប់ នៅពេល​ស្វាមី​របស់​នាង​មិននៅ​ជិត ។ នាង​បាន​ដឹងថា ថូម៉ាស​គ្រាន់តែ​ចង់​រក​វិធី​ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​របស់​ពួកគេ​តែ​ប៉ុណ្ណោះ ។ ថូម៉ាស បាន​ព្យាយាម​ដាក់​បញ្ចូល​បទពិសោធន៍​របស់​គាត់ ជាមួយ​នឹង​បទពិសោធន៍​របស់​នាង ហើយ​ស្វែងរក​ចំណុច​ស្រដៀង​គ្នា ។

ផ្នែក​ទាំង​សងខាង​នៃ​ទំនាក់ទំនាក់​ការងារ​បម្រើ​នេះ ដែល​ត្រូវរៀន​ស្រឡាញ់ និង​ទទួល​យក​គ្នា​ពី​អ្វី​ដែល​ពួកគេ​មាន ហើយនិង​ទំនាក់ទំនង​ពិត​ដ៏​ស្និទ្ធស្នាល​មួយ​ចាប់ផ្ដើម​កើតឡើង ។

ហើយ​ស្មៅ​របស់ សាសហ្សា មើលទៅ​កាន់តែ​ល្អឡើង ។

គំរូ​ដ៏​ឥតខ្ចោះ​នៃ​ការរាប់អាន

នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ អេសាយ​បាន​ព្យាករ​ថា ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ញាណ​ដឹង​យ៉ាង​ច្បាស់​ពី​ភាពខុស​ប្លែកគ្នា​ពី​មនុស្ស​ដទៃ ។ ទ្រង់​បាន​ដកពិសោធន៍​ពេល​គ្មាន​គេ​រាប់អាន និង​ត្រូវ​គេ​ធ្វើ​បាប ។ « ទ្រង់ត្រូវ​គេ​មើល​ងាយ ហើយ​ត្រូវ​មនុស្ស​បោះ​បង់​ចោល ទ្រង់​ជា​មនុស្ស​ទូទុក្ខ ហើយ​ក៏​ធ្លាប់​ស្គាល់​ពី​សេចក្ដី​ឈឺចាប់ » ( អេសាយ ៥៣:៣ ) ។ តាមរយៈ​សេចក្តីស្រឡាញ់​ដ៏​ឥតខ្ចោះ​របស់​ទ្រង់ ទ្រង់​ជ្រាបពី​អារម្មណ៍​របស់​យើង ហើយ​ជ្រាប​ពី​របៀប​ដើម្បី​ជួយ​សង្រ្គោះ​យើង ( សូម​មើល អាលម៉ា ៧:១២ ) ។ ទ្រង់​គឺជា​គំរូ​ដ៏ល្អ​ឥតខ្ចោះ​ពី​របៀប​ដែល​យើង​អាច​ឈោង​ទៅ​ជួយ​ដោយ​សេចក្ដីស្រឡាញ់​ដើម្បី​រាប់អាន​មនុស្សដទៃ​បាន ទោះបីជា​ពួកគេ​មាន​កាលៈទេសៈ និង​អាការ​យ៉ាងណា​ក៏ដោយ ។

គោលការណ៍​ដែល​ត្រូវ​ពិចារណា

ពេលដែល​បងប្អូន​រកវិធី​ដើម្បី​ជួយ​អ្នកដទៃទៀត​ឲ្យមាន​អារម្មណ៍​ថា​ពួកគេ​មានចំណែក សូម​ពិចារណា​នូវ​គោលការណ៏​ទាំង​នេះ​ដែល​ព្រះអង្គសង្រ្គោះ​បាន​បង្រៀន និង​រស់នៅ ៖

  • សូម​មាន​ចិត្ត​ចង់​ជួប​ជាមួយនឹង​មនុស្ស​ដទៃ​ទៀត​ដែល​បងប្អូន​មិន​ធ្លាប់​ស្គាល់ ( សូម​មើល ម៉ាថាយ ៥:៤៣–៤៨ ) ។

  • សូម​កុំ​ខ្លាច​ក្នុង​ការសេព​គប់​ជាមួយ​អស់អ្នក​ដែល​អាច​រស់នៅ ឬ​ជឿ​ខុសគ្នា​ពី​បងប្អូន​ឡើយ ប្រសិនបើ​វា​មិន​ប៉ះពាល់​ដល់​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​ទេនោះ ( សូម​មើល ម៉ាកុស ២:១៤–១៧; លូកា ៧:៣៨–៥០ ) ។

  • គ្រប់គ្នា​គួរ​មាន​អារម្មណ៍​ថា​យើង​ស្វាគមន៍​ពួកគេ​នៅ​ព្រះវិហារ ( សូម​មើល នីហ្វៃទី៣ ១៨:២២–៣២ ) ។ ការ​នៅ​ត្រង់​កន្លែង​ដែល​ពួកគេ​អាច​រៀន​ពី​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ និង​ទទួល​អារម្មណ៍​ពី​សេចក្ដីស្រឡាញ់​របស់​ទ្រង់​អាច​ផ្លាស់ប្ដូរ​មនុស្ស​ម្នាក់​បាន ។

  • ព្រះអង្គ​សង្គ្រោះ​ជ្រាប​ពី​អ្វី​ដែល​យើង​ត្រូវការ ដោយសារ​ទ្រង់​ជ្រាប​ពី​អារម្មណ៍​របស់​យើង ( សូម​មើល អាលម៉ា ៧:១១–១២ ) ។ យើង​អាច​បង្ហាញ​សេចក្ដីស្រឡាញ់​តាមរយៈ​ការស្វែង​យល់​នូវ​បទពិសោធន៍​របស់​មនុស្ស​ដទៃ និង​ការ​ដាក់​ខ្លួន​របស់​យើង​ទៅក្នុង​ស្ថានភាព​របស់​ពួកគេ ។

  • ព្រះអង្គ​សង្គ្រោះ​បាន​ចំណាយ​ពេលវេលា​ដើម្បី​ឆ្លើយ​តប​ទៅនឹង​សេចក្ដីត្រូវការ​របស់​មនុស្ស​ដែល​នៅ​ជុំ​វិញ​ទ្រង់ ។ ទ្រង់​បាន​ឈប់​ដើម្បី​មើលថែ​មនុស្សដទៃ សូម្បី​តែ​នៅពេល​ទ្រង់​មាន​ផែនការ​ត្រូវ​ទៅ​កន្លែង​ផ្សេងទៀត​ក៏ដោយ ( សូម​មើល ម៉ាកុស ៥:២២–៤៣ ) ។

តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ ?

រូបភាព
ស្រ្តី​ពីរនាក់

សូម​កុំ​ឲ្យ​ភាព​ខុសគ្នា​រារាំង​បងប្អូន​ពី​ការ​ស្គាល់​អ្នក​ទាំងនោះ​ដែល​បងប្អូន​ផ្ដល់​ការងារ​បម្រើ​ឡើយ ។ ទោះបីជា​យើង​មាន​ភាពខុសគ្នា​យ៉ាងណា​ក៏ដោយ ក៏​វា​មាន​រឿង​ដូចគ្នា​ដើម្បី​ស្វែងយល់​ដែរ ។