២០២២
ទុក​ឲ្យ​ព្រះអម្ចាស់​ដឹកនាំ​ជីវិត​របស់​បងប្អូន
ខែ កញ្ញា ឆ្នាំ ២០២២


« ទុក​ឲ្យ​ព្រះអម្ចាស់​ដឹកនាំ​ជីវិត​របស់​បងប្អូន » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២២ ។

យុវមជ្ឈិមវ័យ

ទុក​ឲ្យ​ព្រះអម្ចាស់​ដឹកនាំ​ជីវិត​របស់​បងប្អូន

ខ្ញុំ​មិន​បាន​ដឹង​ថា តើ​លទ្ធផល​នៃ​ទង្វើ​របស់ខ្ញុំ​នឹង​ទៅជា​យ៉ាងណា​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​ខ្ញុំ​ធ្វើ​សកម្មភាព​ដោយ​សេចក្តី​ជំនឿ នោះ​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​ខ្ញុំ ។

រូបភាព
បុរស​ម្នាក់​ឈរ​លើ​ភ្នំ ហើយ​មើល​ថ្ងៃ​រៀប​លិច

រយៈពេល​ដែល​ខ្ញុំ​ធំ​ដឹងក្ដី​ឡើង គ្រួសារ​របស់​ខ្ញុំ​មិនសូវ​និយាយ ឬ​គោរព​សាសនា​ប៉ុន្មាន​នោះទេ—ទោះបីជា​ឪពុកម្ដាយ​របស់​ខ្ញុំ​ធ្លាប់​ជឿ​យ៉ាង​មុតមាំ​លើ​សាសនា​ស្ទើរតែ​មួយជីវិត​របស់​ពួកគាត់​ក៏ដោយ ប៉ុន្តែ​ដោយសារ​រោគ​វិនិច្ឆ័យ​ដ៏​ធ្ងន់ធ្ងរ​របស់​ឪពុក​ខ្ញុំ ព្រម​ទាំង​ការសាកល្បង​ផ្សេងៗទៀត វា​បាន​ធ្វើ​ឲ្យ​ពួកគាត់​ចាកចេញ​ពី​សាសនា​ដែល​ពួកគាត់​បាន​ធំឡើង ។ ខ្ញុំ​មាន​អាយុ ៤ ឆ្នាំ​នៅពេល​ដែល​ឪពុក​ខ្ញុំ​ស្លាប់​ដោយសារ​ជំងឺ​មហារីក ហើយ​ក៏ជា​កូនពៅ​ក្នុង​ចំណោម​កូន ១៣ នាក់​ផងដែរ ហើយ​ម្តាយ​មេម៉ាយ​របស់​ខ្ញុំ​មិន​អាច​ជឿថា ព្រះ​ទុក​ឲ្យ​មាន​រឿង​បែបនេះ​កើត​ឡើង​ចំពោះ​គ្រួសារ​របស់​យើង​នោះទេ ។

ប៉ុន្តែ​នៅពេល​ខ្ញុំ​អាយុ ១៤ ឆ្នាំ ខ្ញុំ​មាន​អារម្មណ៍​ថា​ដូចជា​ខ្វះ​អ្វីម៉្យាង​នៅក្នុង​ជីវិត​របស់​ខ្ញុំ ។ ខ្ញុំ​ឆ្ងល់​ថា​តើ​ខ្ញុំ​មាន​គោលបំណង​ធំ​ជាងនេះ​ដែល​ខ្ញុំ​មិន​បាន​ដឹង​មែនទេ ។ ខ្ញុំ​មាន​អារម្មណ៍​ដូចជា​ព្យាការី យ៉ូសែប ស្ម៊ីធ​ថា « ខ្ញុំ​មាន​គំនិត គិត​ពិចារណា​ដ៏​ជ្រាលជ្រៅ ហើយ​មាន​ចិត្ត​ខ្វល់ខ្វាយ​ជា​ខ្លាំង » ( យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៨ ) ។ ទោះបីជា​ខ្ញុំ​មិនដែល​ស្គាល់ យ៉ូសែប ស្ម៊ីធ​នៅពេល​នោះ​ក៏ដោយ ក៏​ខ្ញុំ​បាន​ចាប់ផ្តើម​ស្វែងរក​អ្វី​មួយ​ស្រដៀង​នឹងលោក​ដែរ ពេលខ្ញុំ​ចូលរួម​ព្រះវិហារ​ជាច្រើន​ដោយ​សង្ឃឹមថា ខ្ញុំ​នឹង​រកឃើញ​នូវ​សេចក្ដីពិត ។

ហើយ​ខ្ញុំ​បាន​រកឃើញ​ពិតមែន គឺ​ថ្ងៃមួយ​ពេល​ដែល​ខ្ញុំ​ឃើញ​យុវជន​ពីរ​នាក់​ពាក់​អាវធំ​ទៅ​ផ្ទះ​អ្នកជិត​ខាង​របស់​ខ្ញុំ ។ ខ្ញុំ​ចង់ដឹង ហើយ​បាន​សួរ​ទៅពួកគេ​ថា តើ​ខ្ញុំ​អាច​ចូលរួម​ក្នុង​ការណាត់​ជួប​របស់​ពួកគេ​បាន​ឬ​អត់ ។ ក្រោយពី​ទទួល​បាន​ការអនុញ្ញាត​របស់​ម្តាយ​ខ្ញុំ ខ្ញុំ​បាន​ចាប់ផ្តើម​រៀន​ជាមួយ​អ្នកផ្សព្វផ្សាយសាសនា ហើយ​ទីបំផុត​បាន​ចូលជា​សមាជិក​សាសនាចក្រ ។

ការចូល​ជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ បាន​ជួយ​ខ្ញុំ​ឲ្យរកឃើញ​គោលបំណង​របស់​ខ្ញុំ ជាពិសេស​នៅក្នុង​វ័យ​យុវមជ្ឈិមវ័យ​របស់ខ្ញុំ នៅពេល​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ការសម្រចចិត្ត​ជាច្រើន​ដែល​មនុស្ស​នៅជុំវិញ​ខ្លួនខ្ញុំ​មិនយល់ស្រប​ជាមួយ​នឹង​ខ្ញុំ ។ ប៉ុន្តែ​ទោះបីជា​ខ្ញុំ​មាន​គោលបំណង និង​ទិសដៅ​មួយ​ក៏ដោយ ក៏​ខ្ញុំ​មិន​ប្រាកដ​ថា​អ្វីៗ​នឹង​ដំណើរការ​ទៅ​ដោយ​របៀបណា​នោះដែរ ។

ប៉ុន្តែ​នៅពេល​ខ្ញុំ​ប្រឈមមុខ​នឹង​ភាព​មិនច្បាស់ ភាពមិន​ប្រាកដប្រជា និង​ការផ្លាស់ប្តូរ​ជាច្រើន នោះ​ការណែនាំ​របស់​ព្រះវរបិតា​សួគ៌​គឺ​មិន​ប្រែប្រួល​ឡើយ នៅពេល​ខ្ញុំងាក​ទៅ​រក​ទ្រង់ ។ ខ្ញុំ​បាន​រៀន​នូវ​របៀប​មួយ​ចំនួន​ដើម្បី​ពឹងផ្អែក​ទៅលើ​ទ្រង់ និង​ទៅលើ​សេចក្តី​ជំនឿ​របស់​ខ្ញុំ ដែល​បាន​ជួយ​ខ្ញុំ​ឲ្យ​ឈាន​ទៅមុខ ហើយ​បន្ត​ស្វែងរក​គោលបំណង​របស់​ខ្ញុំ ។

ឆ្ពោះ​ទៅ​មុខ​ដោយ​មាន​បេសកកម្ម​មួយ

នៅក្នុង​វ័យ​ដែល​មិត្តភក្តិ​ខ្ញុំ​ភាគច្រើន​រៀបចំ​ទៅ​រៀន​នៅ​មហាវិទ្យាល័យ ខ្ញុំ​កំពុង​ស្វែងយល់​ពី​របៀប​ដែល​ខ្ញុំ​អាច​ចេញ​បេសកកម្ម ។ នៅ​ប្រទេស​ឈីលី មនុស្ស​គ្រប់គ្នា​ត្រូវ​ប្រលង​ពីមុន​ពួកគេ​អាច​ចូលរៀន​នៅក្នុង​សាកលវិទ្យាល័យ​បាន ។ គេ​ប្រលង​តែម្តងគត់​ក្នុង​មួយ​ឆ្នាំ ដូច្នេះ​ប្រសិនបើ​ខ្ញុំ​ចេញ​បេសកកម្ម ខ្ញុំ​មិនត្រឹមតែ​ពន្យារ​ពេល ២ ឆ្នាំ​ប៉ុណ្ណោះទេ ប៉ុន្តែ​ត្រូវ​រងចាំ​មួយ​ឆ្នាំទៀត​ទើប​អាច​ចូល​រៀនបាន ។

គ្រួសារ​របស់​ខ្ញុំ ជាពិសេស​ម្ដាយ​របស់​ខ្ញុំ​បាន​ជំទាស់​ទៅនឹង​ការចេញ​បេសកកម្ម​នេះ ។ វា​សំខាន់​សម្រាប់​គាត់​ណាស់​ដែល​ខ្ញុំ​ទៅរៀន​នៅ​មហាវិទ្យាល័យ ។ ប៉ុន្តែ​ខ្ញុំ​បាន​ជឿថា ព្រះអម្ចាស់​នឹង​ជួយ​ខ្ញុំ​ឲ្យ​ធ្វើ​អ្វី​ដែល​ចាំបាច់ ដូច្នេះ​ទោះ​យ៉ាង​ណា​ក៏​ដោយ ក៏​ខ្ញុំ​បាន​ចាប់ផ្តើម​រៀបចំ​ខ្លួន​ដោយ​មាន​ការអធិស្ឋាន​ដែរ ។

នៅពេល​ប៊ីស្សព​របស់​ខ្ញុំ​មក​ផ្ទះ​របស់​ខ្ញុំ​ព្រម​ជាមួយ​ឯកសារ​បេសកកម្ម​ដែល​ខ្ញុំ​បាន​បំពេញ​រួចរាល់​ហើយ ហើយ​បាន​សូម​ហត្ថលេខា​ពី​ម្តាយ​ខ្ញុំ នោះ​ម្ដាយ​ខ្ញុំ​បាន​មាន​ការភ្ញាក់ផ្អើល ដែលខ្ញុំ​មិនបាន​ជម្រាប​គាត់​ថា ខ្ញុំ​បាន​បន្ត​ធ្វើ​កិច្ចការ​នោះ ។ ការណ៍​នេះ​ត្រូវការ​ការជឿជាក់​បន្តិច ប៉ុន្តែ​ព្រះអម្ចាស់​បាន​បន្ទន់​ចិត្ត​គាត់ ហើយ​ជួយ​គាត់​ឲ្យ​យល់​ថា ខ្ញុំ​ចង់​ទៅ​បម្រើ​បេសកកម្ម ។

ដំណឹងល្អ​បាន​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​ការ​ធានា​មួយ​ថា ខ្ញុំ​កំពុង​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ ប៉ុន្តែ​វា​សម្រេច​ទៅបាន​ដោយ​ការឆ្ពោះទៅមុខ​មួយ​ជំហាន​ម្តងៗ​ដោយ​មាន​សេចក្ដី​ជំនឿ—ទោះបី​ជា​ខ្ញុំ​មាន​ចម្ងល់ និង​ភាព​មិន​ច្បាស់លាស់​ជាច្រើន​ប៉ុណ្ណា​ក្ដី—ទើប​ខ្ញុំ​បន្ត​រីកចម្រើន​បាន ។

ការធ្វើ​តាម​វិវរណៈ​មួយ​ហើយ​មួយ​ទៀត

ការត្រឡប់​មក​ផ្ទះ​វិញ​ពី​បេសកកម្ម​របស់ខ្ញុំ​ក៏មាន​ន័យថា ការត្រឡប់​ទៅរក​ភាពមិន​ប្រាកដ​ប្រជា​ផងដែរ ។ នៅពេល​ខ្ញុំ​ស្វែងរក​ការណែនាំ​ពី​ព្រះវរបិតា​សួគ៌​តាមរយៈ​ការអធិស្ឋាន និង​ការតម​អាហារ ខ្ញុំ​បាន​ទទួល​វិវរណៈថា ខ្ញុំ​ត្រូវ​ផ្លាស់ទៅ​នៅ​សហរដ្ឋ​អាមេរិក ហើយ​ចូលរៀន​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ដែល​កិច្ចការ​នោះ​ហាក់ដូចជា​មិន​អាច​ទៅ​រួច​នោះទេ ។

ខ្ញុំ​បាន​ធ្វើ​ដោយ​អស់ពី​សមត្ថភាព ហើយ​ធ្វើ​ជំហាន​បន្ទាប់​ដ៏ល្អ​បំផុត ។ ពេលខ្លះ ខ្ញុំ​មាន​អារម្មណ៍​ដូចជា​ខ្ញុំ​មិន​រីកចម្រើន​ទៅណា​សោះ—ខ្ញុំ​បាន​ធ្វើ​ការ​ដោយ​អស់ពី​លទ្ធភាព ប៉ុន្តែ​ខ្ញុំ​មិនដឹង​ប្រាកដ​ថា ការខិតខំ​របស់​ខ្ញុំ​នឹង​ជួយ​ខ្ញុំ​ឲ្យ​សម្រេច​គោលដៅ​របស់​ខ្ញុំ​ដែរឬអត់​នោះទេ ។ ប៉ុន្តែ គោលដៅ​ចម្បង​របស់​ខ្ញុំ​គឺ​ធ្វើ​តាម​អ្វី​ដែល​ព្រះ​អម្ចាស់​សព្វព្រះទ័យ​ឲ្យ​ខ្ញុំ​ធ្វើ ហើយ​គោលដៅ​នោះ​មាន​តម្លៃ​ចំពោះ​ខ្ញុំ ។

នៅពេល​ដែល​ខ្ញុំ​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ទាំងនោះ មាន​ថ្ងៃមួយ ខ្ញុំ​ទទួល​បាន​ការបំផុស​គំនិត​ឲ្យ​ទាក់ទង​ទៅ​មិត្តភក្តិ​របស់​ខ្ញុំ​ដែល​ត្រឡប់​មកពី​សហរដ្ឋ​អាមេរិក​វិញ ហើយ​កំពុង​រស់នៅ​ក្នុង​ស្រុកកំណើត​ជាមួយ​ខ្ញុំ ។ ខ្ញុំ​មិន​ដឹង​រឿង​គ្រប់​យ៉ាង​នឹង​ទៅជា​បែប​ណា​នោះ​ទេ​នៅពេល​នោះ—ខ្ញុំ​បាន​ស្វែងរក​ជំនួយ​តាម​ធម្មតា ពីព្រោះ​ព្រះវិញ្ញាណ​បាន​ដឹកនាំ​ខ្ញុំ​ឲ្យ​ធ្វើ​ដូច្នោះ—ប៉ុន្តែ​មិត្ត​របស់ខ្ញុំ និង​ឪពុក​របស់​គាត់​បាន​ក្លាយជា​ឧបករណ៍​ក្នុង​ការជួយ​ខ្ញុំ​ឲ្យ​ដឹង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ​ដើម្បី​ដាក់​ពាក្យ​ចូលរៀន និង​ទទួល​បាន​ទិដ្ឋាការ​ដែល​ខ្ញុំ​ត្រូវការ​ដើម្បី​សិក្សា​នៅ​សាកល​វិទ្យាល័យ ប៊ី.វាយ.យូ. ។ ដោយ​មាន​ជំនួយ​ពី​ពួកគាត់ និង​ដោយ​មាន​ការលះបង់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ពី​ម្តាយ​របស់​ខ្ញុំ​ដើម្បី​បង់​ថ្លៃ​ធ្វើ​ដំណើរ​របស់​ខ្ញុំ ខ្ញុំ​បាន​ទៅដល់​ទីនោះ ។ វា​គឺជា​អព្ភូតហេតុ​មួយ ។

ជីវិត​របស់​ខ្ញុំ​បាន​បន្ត​រីកចម្រើន​តាម​របៀប​ដូចគ្នា​នេះដែរ ។ ខ្ញុំ​បាន​ខិតខំ​ឲ្យ​អស់ពី​លទ្ធភាព​របស់​ខ្ញុំ ហើយ​បន្ទាប់​មក​ទទួល​ការបំផុស​គំនិត​ម្តង​មួយៗ សម្រាប់​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​បន្ទាប់ ។ ដោយ​មធ្យោបាយ​នោះ​ហើយ ខ្ញុំ​បាន​ធ្វើការ​នៅ​មជ្ឈមណ្ឌល​បំពាក់​បំប៉ន​អ្នកផ្សព្វផ្សាយ​សាសនា បាន​មាន​កម្រៃ​ដើម្បី​បង់​ថ្លៃ​សិក្សា​របស់​ខ្ញុំ បាន​សម្រេចចិត្ត​រើស​ជំនាញ​សិក្សា ទីបំផុត​បាន​បញ្ចប់​ការសិក្សា ហើយ​បាន​រៀបការ ។

ចម្លើយ​ដែល​ខ្ញុំ​បាន​ទទួល​មិនតែងតែ​មក​ភ្លាមៗ​នោះទេ ហើយ​ខ្ញុំ​ក៏​មិន​ដែល​ទទួល​បាន​នូវ​ផែនការ​លម្អិត​ដ៏​ឥតខ្ចោះ​នោះដែរ ប៉ុន្តែ​ខ្ញុំ​បាន​ទទួល​ការ​ធានា​ថា ព្រះអម្ចាស់​សព្វព្រះទ័យ​នឹង​ទិសដៅ​ដែល​ខ្ញុំ​ឆ្ពោះទៅ​នោះ ។

រូបភាព
បុរស​មើល​ទៅ​ក្រៅ​បង្អួច

នៅពេល​វិវរណៈ​មិន​សមហេតុផល

ពីរបី​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​រៀន​អំពី​ការលះបង់​ដ៏​សំខាន់​ដើម្បី​រស់នៅ​តាម​ដំណឹល្អ ។ ប្រសិនបើ​យើង​ចង់​ឲ្យ​ព្រះអម្ចាស់​ប្រទាន​ឲ្យ​យើង​នូវ​គោលបំណង និង​ទិសដៅ នោះ​យើង​ត្រូវតែ​ហ៊ាន​ទទួល​យក​នូវ​ទិសដៅ​នោះ ។

ក្រោយ​ពី​រៀន​ចប់ អ្វីៗ​មិន​បាន​ដំណើរការ​ទៅតាម​ផែនការ​ជាមួយ​ក្រុមហ៊ុន​ដែល​ខ្ញុំ​កំពុង​ធ្វើការ​ឲ្យ​នោះទេ ដូច្នេះហើយ​ភរិយា​របស់ខ្ញុំ និង​ខ្ញុំ​មាន​ជម្រើស​ពីរ ៖ បន្ត​នៅ​សហរដ្ឋ​អាមេរិក​ទៀត ឬ​ត្រឡប់​ទៅ​ប្រទេស​ឈីលី​វិញ ។ យើង​ទាំងពីរនាក់​មាន​អារម្មណ៍​ថា យើង​ត្រូវ​ត្រឡប់ទៅ​ប្រទេស​ឈីលី​វិញ ។ វា​ប្រហែលជា​ធម្មតា​ក្នុង​ការចង់​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ ប៉ុន្តែ​ពេល​នេះ​គឺ​ចំ​ពេល​ដ៏​លំបាក​បំផុត​មួយ ។ នៅប្រទេស​ឈីលី​មិនសូវ​មាន​ការងារ​ធ្វើទេ ។ ខ្ញុំ​ពិបាក​លក់​ផ្ទះ​របស់​យើង ។ ផ្នែក​ហិរញ្ញវត្ថុ និង​ផ្នែក​ដឹកញ្ជូន វា​មិនមែន​ជារឿង​ងាយ​ស្រួល​ធ្វើ​នោះ​ទេ សូម្បីតែ​ក្រុមគ្រួសារ​របស់​យើង​ក៏​គិត​ថា​យើង​មិន​ឈ្លាសវៃ​ដែរ ។

តើ​យើង​ត្រូវ​ធ្វើ​យ៉ាងម៉េច​នៅពេល​ដែល​វិវរណៈ​ផ្ទុយ​ទៅនឹង​ភាពជាក់ស្តែង​នោះ ? ទោះ​បី​វា​ពិបាក​ក៏​ដោយ ខ្ញុំ និង​ភរិយា​របស់​ខ្ញុំ​បាន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា ។ យើង​បាន​រំឭក​ខ្លួនឯងថា ដំណឹងល្អ​បាន​នាំយើង​មកដល់​ចំណុច​នេះ ។ បើ​គ្មាន​ព្រះអម្ចាស់​ទេ នោះ​ខ្ញុំ​មិន​អាច​មាន​ការ​បំផុស​គំនិត​ដែល​បាន​ជួយ​ខ្ញុំ​ឲ្យ​បម្រើ​បេសកកម្ម ទទួល​បាន​ការ​អប់រំ​របស់​ខ្ញុំ និង​បាន​ជួប​ភរិយា​របស់​ខ្ញុំ​នោះ​ទេ ។ យើង​គ្រាន់តែ​ត្រូវ​ជឿជាក់​ថា ទោះជា​មាន​ហេតុផល​អ្វីក៏ដោយ ប្រទេស​ឈីលី​ត្រូវការ​យើង​នៅទីនោះ ។

យើង​បាន​ទុក​ផ្ទះ​របស់​យើង​ទៅឲ្យ​ប៊ីស្សព​របស់​យើង ដើម្បី​អាច​ជួល​វា​រហូត​ដល់​គាត់​អាច​លក់​វា​បាន ហើយ​យើង​បាន​រើ​ចេញ​ទៅ ។ វា​គឺជា​ការពិបាក ប៉ុន្តែ​យើង​ទទួល​បាន​នូវ​ពរជ័យ និង​អព្ភូតហេតុ​​ជាច្រើន នៅពេល​យើង​ធ្វើតាម​ការហៅ​របស់​ព្រះអម្ចាស់ ។ ព្រះអម្ចាស់​ដឹង​ពី​កន្លែង​ដែល​ត្រូវការ​យើង និង​កន្លែង​ដែល​យើង​អាច​បម្រើ​តាម​ព្រះរាជបំណង​របស់​ទ្រង់​បាន​ប្រសើរ​បំផុត ហើយ​ទ្រង់​នឹង​ប្រទានពរ​ដល់​យើង​សម្រាប់​ការគោរព​ប្រតិបត្តិ​របស់​យើង ។

ការស្វែងរក​ដំណោះស្រាយ​ជាមួយនឹង​ព្រះអម្ចាស់

ខ្ញុំ​សង្ឃឹមថា យុវមជ្ឈិមវ័យ​សព្វថ្ងៃ​នេះ​នឹង​ធ្វើតាម​គំរូ​បងប្រុស​របស់​យ៉ារេឌ ។ ថ្វីបើ​ពួកសាសន៍​យ៉ារេឌ​បាន​ដឹង​ថា ពួកគេ​ត្រូវ​ធ្វើ​ដំណើរ​ទៅកាន់​ដែនដី​សន្យា​ក៏ដោយ ក៏​ពួកគេ​មិន​ច្បាស់​ដែរថា ពួកគេ​ត្រូវ​ទៅ​ទីនោះ​ដោយ​របៀប​ណា​នោះ​ទេ ។ នៅពេល​ដែល​បង​របស់​យ៉ារេឌ « បាន​អំពាវនាវ​ដល់​ព្រះ​នាម​នៃ​ព្រះ​អម្ចាស់ » ( អេធើរ ២:១៥ ) ទ្រង់​បាន​ប្រទាន​ដល់​លោក​នូវ​ដំណោះស្រាយ​មួយចំនួន ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅ​លោក​ឲ្យ​សាងសង់​ភេត្រា ហើយ​ប្រទាន​ការណែនាំ​ដល់​លោក​ពី​របៀប​ដើម្បី​ឲ្យមាន​ខ្យល់​នៅក្នុង​ភេត្រា​ទាំងនោះ ។

ប៉ុន្តែ​បន្ទាប់មក​ព្រះអម្ចាស់​បាន​សួរទៅ​បងប្រុស​របស់​យ៉ារេឌ​នូវ​សំណួរ​នេះ « តើ​អ្នកចង់​ឲ្យ​យើង​ធ្វើអ្វី ដើម្បី​ឲ្យ​អ្នក​មាន​ពន្លឺ​នៅក្នុង​ភេត្រា​ទាំងឡាយ​របស់អ្នក ? » ( អេធើរ ២:២៣ ) ។ ជំនួស​ឲ្យ​ការប្រាប់​ទៅ​បងប្រុស​របស់​យ៉ារេឌ​ឲ្យ​ច្បាស់​ពី​អ្វី​ដែល​ត្រូវធ្វើ ព្រះអម្ចាស់​បាន​បង្គាប់​លោក​ឲ្យ​ទៅ​រក​ដំណោះស្រាយ​ដោយ​ខ្លួន​ឯង ។

នោះ​គឺជា​អ្វី​ដែល​បាន​កើតឡើង​នៅក្នុង​ជីវិត​របស់​ខ្ញុំ ។ ពេលខ្លះ​ព្រះអម្ចាស់​ប្រទាន​ដល់​ខ្ញុំ​នូវ​ការណែនាំ​ច្បាស់ៗ ។ ពេលខ្លះ​ទៀត ទ្រង់​រង់ចាំ​ឲ្យ​ខ្ញុំ​មករក​ទ្រង់​ដោយ​មាន​គំនិត​ខ្ញុំ​ផ្ទាល់ ។ ប៉ុន្តែ​ទោះ​តាម​របៀបណា​ក៏ដោយ វា​សំខាន់​ណាស់​ដែល​ខ្ញុំ​មាន​ទ្រង់​នៅក្នុង​ដំណើរ​នោះ ។ ការតម​អាហារ ការអធិស្ឋាន និង​ការប្រឹក្សា​ជាមួយ​ព្រះអម្ចាស់​គឺជា​ជំហាន​ចាំបាច់​សម្រាប់​មនុស្ស​គ្រប់គ្នា ដែល​កំពុង​ធ្វើការ​សម្រេចចិត្ត​អំពី​ជីវិត​របស់​ពួកគេ ។

សម្រាប់​យុវមជ្ឈិមវ័យ​ទាំងឡាយ​ដែល​កំពុង​ខិតខំ​ពង្រីក​គោលបំណង ខ្ញុំ​សូម​ផ្តល់​ដំបូន្មាន​នេះ ៖ សូម​ងាក​ទៅរក​ព្រះអម្ចាស់​ដើម្បី​ទទួល​បាន​វិវរណៈ​ផ្ទាល់​ខ្លួន ។ សូម​មើល​ពរ​របស់​លោក​អយ្យកោ​របស់​បងប្អូន​ឡើងវិញ​ឲ្យ​បាន​ញឹកញាប់ ។ ហើយ​សុខចិត្ត​លះបង់​អ្វី​ដែល​មិន​សូវ​សំខាន់​នៅក្នុង​ជីវិត​របស់​បងប្អូន ប្រសិនបើ​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​បងប្អូន​ថា ទ្រង់​មាន​គោលបំណង​ធំ​ជាង​នេះ​សម្រាប់​បងប្អូន​នោះ ។

ខ្ញុំ​ស្រឡាញ់​ព្រះអម្ចាស់ ។ ដំណឹងល្អ​គឺជា​អ្វីៗ​ទាំងអស់​សម្រាប់​ខ្ញុំ ។ ខ្ញុំ​ដឹង​ថា ព្រះអម្ចាស់​មើល​ឃើញ​នូវ​សក្តានុភាព​របស់​បងប្អូន ហើយ​សព្វ​ព្រះទ័យ​ជួយ​បងប្អូន​ឲ្យ​សម្រេច​បាន​នូវ​គោលបំណង​ដ៏​ទេវភាព​របស់​បងប្អូន ។