២០២២
ភាពស្រស់ស្អាត​នៃ​ការមាន​វ័យ​ចំណាស់
ខែ កញ្ញា ឆ្នាំ ២០២២


« ភាពស្រស់ស្អាត​នៃ​ការមាន​វ័យ​ចំណាស់ » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២២ ។

ចម្រើន​វ័យ​ដោយ​ស្មោះត្រង់

ភាពស្រស់ស្អាត​នៃ​ការមាន​វ័យ​ចំណាស់

ខ្ញុំ​សុខចិត្ត​មាន​មុខ​ជ្រួញ​ដោយសារ​ស្នាម​សើច និង​ទឹកភ្នែក ។

រូបភាព
ជីដូន​ឱប​ចៅ​ប្រុស

កាល​នៅ​ក្មេង ខ្ញុំ​ចាំថា​បាន​មើល​ទៅ​ស្នាម​ជ្រួញ​លើ​ថ្ពាល់​របស់​លោក​យាយ​ខ្ញុំ ។ ស្នាម​ជ្រួញ​នៅ​ចុង​កន្ទុយ​ភ្នែក​របស់​គាត់ និង​ស្នាម​ជ្រួញ​តូចៗ​នៅតាម​បបូរមាត់​ខាង​លើ​របស់​គាត់​ផងដែរ ។ ខ្ញុំ​បាន​សួរ​ទៅ​លោក​យាយ​ពី​របៀប​កុំ​ឲ្យ​មាន​ស្នាមជ្រួញ​ទាំងនោះ ។

លោក​យាយ​បាន​មាន​ប្រសានសន៍​ថា « កុំ​ញញឹម ។ ហើយ​កុំ​យំ » ។

ខ្ញុំ​បាន​ធ្វើ​តាម​ពាក្យ​លោក​យាយ—អស់​ពេញ​មួយថ្ងៃ ។ បន្ទាប់មក ខ្ញុំ​បាន​ឈប់​ធ្វើ ។ តើ​មាន​នរណា​ម្នាក់​ដែល​អាច​រស់នៅ​ដោយ​មិន​សើច ឬ​យំ​បាន​នោះ​ ? ខ្ញុំ​សុខចិត្ត​មាន​មុខ​ជ្រួញ​ដោយសារ​ស្នាម​សើច និង​ទឹកភ្នែក​វិញ ។

នៅក្នុង​ព្រះគម្ពីរ​មរមន លីហៃ​បាន​បង្រៀន​កូន​ប្រុស​របស់​លោក យ៉ាកុប​ថា យើង​នៅក្នុង​ជីវិត​រមែង​ស្លាប់​នេះ​ដើម្បី​មាន​អំណរ ( សូម​មើល នីហ្វៃ​ទី​២ ២:២៥ ) ។ ប៉ុន្តែ​លោក​ក៏បាន​បង្រៀន​ផងដែរ​ថា​ដើម្បី​ស្គាល់​អំណរ យើង​ត្រូវ​ដកពិសោធន៍​នូវ​ទុក្ខ​ព្រួយ​សិន ( សូម​មើល នីហ្វៃ​ទី​២ ២:២២–២៣ ) ។ ខ្ញុំ​បាន​មើល​ឃើញ​ភស្តុតាង​ទាំង​សេចក្តី​អំណរ និង​ទុក្ខ​ព្រួយ ដូច​ដែល​វា​បាន​ឆ្លាក់​នៅលើ​ផ្ទៃមុខ​អ្នក​ទាំងឡាយ​ដែល​បាន​រស់​នៅ ។ ផ្ទៃមុខ​របស់​ពួកគេ​ផ្ទុក​ទៅដោយ​រឿងរ៉ាវ​នៃ​ជីវិត​របស់​ពួកគេ ។

ខ្ញុំ​យល់ស្រប​ជាមួយ​បុគ្គល​ដែល​បាន​និយាយ​ថា « ភាពស្រស់ស្អាត​របស់​មនុស្ស​ចាស់​គឺជា​ស្នាដៃ​សិល្បៈ » ។ មនុស្ស​មួយ​ចំនួន​អភិវឌ្ឍ​ចរិត​លក្ខណៈ​ទៅតាម​វ័យ​ដែល​ធ្វើ​ឲ្យ​ពួកគាត់​ក្លាយជា​មនុស្ស​ដ៏អស្ចារ្យ ។ ជាឧទាហរណ៍ ខ្ញុំ​បាន​មើល​ទៅ​កែវភ្នែក​របស់​អ្នក​ធ្វើការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​សក់ស ស្លៀកពាក់ស ហើយ​បាន​ប៉ះ​ដោយ​ពន្លឺ​ដ៏​អស្ចារ្យ​ដែល​ចាំង​ចេញពី​កែវភ្នែក​របស់​ពួកគាត់ ហើយ​បំភ្លឺ​នៅលើ​ទឹកមុខ​ដ៏​ញញឹម​របស់​ពួកគាត់ ។

ឥឡូវ​ពេល​ខ្ញុំ​ក្លាយ​ជាស្ត្រី​ចំណាស់​ម្នាក់ នោះ​ខ្ញុំ​រៀន​ថា​មាន​អំណរ​មួយ​ចំនួន ពេល​យើង​មាន​វ័យ​ចំណាស់ ។ ឧទាហរណ៍ ខ្ញុំ​កាន់តែ​មាន​ទំនុកចិត្ត​លើ​រាងកាយ​របស់​ខ្ញុំ ។ ខ្ញុំ​មាន​អំណរ​គុណ​ជា​ខ្លាំង​ដែល​រាងកាយ​ខ្ញុំ​នៅ​តែ​ធ្វើការ​បាន​នៅឡើយ ! ខ្ញុំ​ប្រហែលជា​ដើរ និង​និយាយ​កាន់តែ​យឺតទៅៗ​ជាង​ពេលមុន ។ ភ្លៅ​របស់​ខ្ញុំ​រាងធំ​ជាងមុន​បន្តិច ហើយ​ដើមដៃ​របស់​ខ្ញុំ​កាន់តែ​ជ្រាយ​ជាងមុន ។ ប៉ុន្តែ​ខ្ញុំ​ក៏​គិត​ថា ការប៉ះ​របស់​របរ​អ្វី​ក៏​កាន់តែ​ថ្នម​ជាងមុន​ផងដែរ ។

ខ្ញុំ​ដឹងថា​ខ្ញុំ​នៅតែ​អាច​បន្ត​រីកចម្រើន និង​រៀនសូត្រ​បាន​ដដែល ថា « គោលការណ៍​នៃ​បញ្ញា​ណា​ក៏​ដោយ ដែល​យើង​បាន​នៅ​ក្នុង​ជីវិតនេះ នោះ​នឹង​នៅ​ជាប់​នឹង​យើង​ក្នុង​ដំណើរ​រស់​ឡើងវិញ » ( គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣០:១៨ ) ។ ហេតុដូច្នោះហើយ ខ្ញុំ​ទន្ទឹង​រង់ចាំ​មេរៀន​ដែល​ខ្ញុំ​នៅតែ​អាច​រៀន​បាន ។ អ្វី​ដែល​លើសពីនេះ​ទៅទៀត​នោះ គឺ​ខ្ញុំ​អាច​ជួយ​អ្នកដទៃ​បាន—ដូចជា​ចៅៗ​របស់​ខ្ញុំ—ឲ្យ​រៀន​ពី​រឿងរ៉ាវ​ទាំងឡាយ​នៅក្នុង​ជីវិត​របស់​ខ្ញុំ​ដែល​ខ្ញុំ​អាច​ចែកចាយ​ជាមួយ​ពួកគេ ។

រូបភាព
ភរិយា និង​ស្វាមី​កំពុង​អង្គុយ​ជាមួយ​គ្នា

បាន​ថត​ដោយ​តួសម្តែង

ស្វាមី​ខ្ញុំ និង​ខ្ញុំ​កាន់តែ​អាច​ទទួល​យក​គ្នា​ទៅវិញ​ទៅមក​បាន ហើយ​កាន់តែ​ដឹងថា​យើង​នៅតែ​អាច​រៀន និង​រីកចម្រើន​ជាមួយគ្នា​បាន​ផងដែរ ។ ចំណង​អាពាហ៍ពិពាហ៍​របស់​យើង​កាន់តែ​ល្អ​ប្រសើរឡើង​ដោយសារតែ​ព្យុះ​ភ្លៀង​ទាំងឡាយ​ដែល​យើង​បាន​ដើរឆ្លង​ជាមួយ​គ្នា ។ កូនៗ​របស់​យើង​ធំឡើង ពេលខ្លះ​ពួកគេ​ធ្វើ​ឲ្យ​យើង​មាន​មោទនភាព ឬ​ពេលខ្លះ​ពួកគេ​ធ្វើ​ឲ្យ​យើង​ព្រួយបារម្ភ ។ ចៅៗ​ពិតជា​នាំមក​នូវ​សេចក្ដីអំណរ និង​សេចក្តីរីករាយ​មែន ។

ហើយ​ការកាន់តែ​មាន​វ័យ​ចំណាស់​ក៏​ធ្វើ​ឲ្យ​ដឹង​ផងដែរថា ជីវិត​រមែង​ស្លាប់​នេះ​មិន​ឋិតថេរ​នោះទេ ។ ឥឡូវ​នេះ​គឺជា​ពេល​ដើម្បី​ធ្វើ​រឿង​ទាំងនោះ​ដែល​ខ្ញុំ​ចង់​ធ្វើ​ហើយ ។ បើ​មិន​ធ្វើ​ឥឡូវ​នេះទេ អ៊ីចឹង​ពេលណា​ទៅ ? « មើល​ចុះ ពេលវេលា​នៃ​ជីវិត​នេះ គឺជា​ពេលវេលា​សម្រាប់​ឲ្យ​មនុស្ស​ប្រព្រឹត្ត​ការងារ​ទាំងឡាយ​របស់​ខ្លួន » ( អាលម៉ា ៣៤:៣២ ) ។ សង្ឃឹមថា ដោយសារ​វ័យ​កាន់តែ​ចាស់ យើង​ដឹងថា នេះ​គឺជា​ពេលវេលា​ដើម្បី​និយាយ​អ្វី​ដែល​មិន​ទាន់​បាន​និយាយ ព្យាបាល​ទំនាក់ទំនង ហើយ​សម្រេច​គោលដៅ​ដែល​នៅ​សេសសល់​ទាំង​ប៉ុន្មាន ។

ពេល​ខ្ញុំ​កាន់តែ​ចាស់​ឡើង ខ្ញុំ​គិត​អំពី​កេរដំណែល​ដែល​ខ្ញុំ​នឹង​បន្សល់​ទុក​ឲ្យ​កូនចៅ​របស់​ខ្ញុំ ។ ខ្ញុំ​សង្ឃឹមថា​ផ្នែក​មួយ​នៃ​កេរដំណែល​នោះ នឹងជា​ការទទួល​បាន​នូវ​ប្រាជ្ញា កាល​ដែល​ខ្ញុំ​បាន​ដក​ពិសោធន៍​នូវ​អំណរ និង​ទុក្ខ​ព្រួយ ។ ហើយដោយសារ​មូលហេតុ​នោះ ខ្ញុំ​បាន​រកឃើញ​ភាពស្រស់ស្អាត​នៃ​ការ​មាន​វ័យ​ចំណាស់ ។

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​កាលីហ្វូញ៉ា ស.រ.អា. ។

កត់​ចំណាំ

  1. ជា​របស់ Eleanor Roosevelt; សូម​មើល A–Z Quotes, azquotes.com ។