២០២២
ជ្រើសរើស​ដើម្បី​មាន​គំនិត​ខាងវិញ្ញាណ
ខែ កញ្ញា ឆ្នាំ ២០២២


« ជ្រើសរើស​ដើម្បី​មាន​គំនិត​ខាងវិញ្ញាណ » លីអាហូណា ​ខែ កញ្ញា ឆ្នាំ ២០២២ ។

ជ្រើសរើស​ដើម្បី​មាន​គំនិត​ខាងវិញ្ញាណ

ការរក្សា​នូវ​ការរីកចម្រើន​ខាងវិញ្ញាណ​របស់​យើង​ឲ្យ​នៅលើ​ផ្លូវ​នៃ​ដំណឹងល្អ គឺ​ដូចជា​ការជិះកង់​អ៊ីចឹង—ទាំងពីរ​គឺ​ទាមទារ​ឲ្យ​មាន​ការខិតខំ​ប្រឹងប្រែង​ដោយ​ឧស្សាហ៍​ព្យាយាម ។

រូបភាព
កង់

រចនា​រូបភាព​ដោយ ឌីលីន ម៉ាស្ស

ការប្រឈមមុខ​ទៅនឹង​ការផ្លាស់​ប្តូរ និង​ការដឹង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ​ក្នុង​គ្រា​មាន​បញ្ហា គឺជា​ពរជ័យ​ដ៏​អស្ចារ្យ​មួយ​នៃ​ការ​ធ្វើ​ជា​សមាជិក​ដ៏​ស្មោះត្រង់​ម្នាក់​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។ អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺជា​ឯកសិទ្ធិ​ក្នុងការ​ទទួល​បាន​ការណែនាំ និង​ការបំផុស​គំនិត​ជាបន្តបន្ទាប់ នៅពេល​យើង​រក្សា​នូវ​ភាព​ស្មោះត្រង់ ។

ជីវិត ភាពសុខសាន្ត ការណែនាំ និង​ការការពារ

សាវក​ប៉ុ​បាន​មាន​ប្រសាសន៍​ថា « ឯ​គំនិត​នៃ​ព្រះវិញ្ញាណ នោះ​ទើប​ជា​ជីវិត និង​សេចក្តី​សុខ​សាន្ត​វិញ » ( រ៉ូម ៨:៦; សូម​មើល​ផងដែរ ខទី ៥ ) ។

ការជ្រើសរើស​ដើម្បី​មាន​គំនិត​នៃ​ព្រះវិញ្ញាណ តាមរយៈ​ការរស់នៅ​ឲ្យ​មាន​ភាពស័ក្តិសម​នឹង​ការបញ្ចុះបញ្ចូល​ដ៏​ទន់ភ្លន់​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ នឹង​ផ្ដល់​ការណែនាំ​ដល់​បងប្អូន​នៅក្នុង​ការសម្រេចចិត្ត និង​ការការពារ​ពី​គ្រោះថ្នាក់​ទាំង​ខាង​រូបកាយ និង​ខាងវិញ្ញាណ ។ តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ បងប្អូន​អាច​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​ដើម្បី​ជា​ប្រយោជន៍​ដល់​បងប្អូន និង​ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​ដែល​បងប្អូន​ស្រឡាញ់ និង​បម្រើ ។ ការប្រាស្រ័យ​ទាក់ទង​របស់​ទ្រង់​ទៅកាន់​ព្រលឹង​វិញ្ញាណ​របស់​បងប្អូន​ផ្តល់​ភាពជាក់លាក់​ជាង​ការប្រាស្រ័យ​ទាក់ទង​ណាៗ​ទាំងអស់ ដែល​បងប្អូន​អាច​ទទួល​បាន​តាមរយៈ​អារម្មណ៍​ពី​ធម្មជាតិ​របស់​បងប្អូន​ទៅទៀត ។

តើ​យើង​អាច​រស់នៅ​ដោយ​មាន​គំនិត​នៃ​ព្រះវិញ្ញាណ ហើយ​មាន​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​កាន់តែ​សន្ធឹកសន្ធាប់​ឡើង​ដោយ​របៀបណា ?

១. ចូរ​ធ្វើតាម​ព្រះវរបិតាសួគ៌ និង​ព្រះអង្គសង្រ្គោះ​របស់​យើង ។

នៅពេល​យើង​ស្រប​ទៅតាម​ព្រះទ័យ​របស់​ព្រះវរបិតាសួគ៌ នោះ​យើង​មាន​ព្រះវិញ្ញាណ​របស់​ទ្រង់​ជា​ដៃគូ​របស់​យើង ។ នៅពេល​យើង​ដាក់​ការសម្រប​តាម​ព្រះ​ទៅជា​អាទិភាព​នៅក្នុង​ជីវិត​របស់​យើង នោះ​យើង​ចូល​ទៅ​ជិត​ទ្រង់ និង​ព្រះរាជបុត្រា​ទ្រង់ « ព្រះ​យេស៊ូវ​គ្រីស្ទ​ដែល​ទ្រង់​បាន​ចាត់មក » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:២៤ ) ។

២. ចូរ​ស្រឡាញ់​ព្រះ ។

ការស្រឡាញ់​ព្រះវរបិតាសួគ៌ និង​ការបង្កើត​ទំនាក់ទំនង​ជាមួយ​ទ្រង់​តាមរយៈ​ការអធិស្ឋាន​នឹង​បន្ដ​ឲ្យ​យើង​ចងចាំ​ទ្រង់​នៅក្នុង​គំនិត និង​ដួងចិត្ត​របស់​យើង ។

ជាមួយ​ទីបន្ទាល់​របស់​សាវក​យ៉ូហាន​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​យើង ហើយ​ជា​សាក្សី​ផ្ទាល់​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​លោក​បាន​បដិសេធ​នូវ​ជំនឿ​ខុសឆ្គង​ដែលថា សេចក្តី​សង្គ្រោះ​អាច​សម្រេច​បាន​តាម​មធ្យោបាយ​ផ្សេង ក្រៅ​ពី​ការមាន​សេចក្ដី​ជំនឿលើ​ព្រះយេស៊ូវ​គ្រីស្ទ ។ យ៉ូហាន​បាន​អញ្ជើញ​អ្នក​អាន​របស់​លោក​ឲ្យ​ដកបទពិសោធន៍​នូវ​សេចក្តីអំណរ​ដែល​កើត​មកពី​ការស្រប​តាម​ព្រះវរបិតា និង​ព្រះរាជបុត្រា ( សូម​មើល យ៉ូហាន ទី១ ១:៣ ) ។ លោក​បាន​បន្ថែម​ទៀត ៖

« កុំ​ឲ្យ​ស្រឡាញ់​លោកីយ៍ ឬ​របស់​អ្វី​ដែល​នៅ​ក្នុង​លោកីយ៍​នេះ​ឲ្យ​សោះ ។ បើ​អ្នកណា​ស្រឡាញ់​លោកីយ៍ ​អ្នក​នោះ​គ្មាន​សេចក្តីស្រឡាញ់​របស់​ព្រះវរបិតា​នៅក្នុង​ខ្លួនឡើយ ។ …

ឯ​លោកីយ៍​នេះ និង​សេចក្តី​ប៉ងប្រាថ្នា​របស់វា​នោះ​កំពុង​កន្លង​ទៅ តែ​អ្នកណា​ដែល​ធ្វើតាម​ព្រះហឫទ័យ​ព្រះ នោះ​នឹង​នៅជាប់​អស់កល្ប​ជានិច្ច​វិញ » ( យ៉ូហាន ទី១ ២:១៥, ១៧ ) ។

នៅក្នុង​ជីវិត​នេះ យើង​អាច​មាន​អារម្មណ៍​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​តាមរយៈ​ភាពជាដៃគូ​នៃ​ព្រះវិញ្ញាណ​របស់​ទ្រង់ ។ នៅពេល​យើង​ធ្វើ​តាម​ព្រះរាជបំណង​របស់​ព្រះវរបិតា​ដែល​គង់នៅ​ស្ថានសួគ៌​របស់យើង ហើយ​ខិតខំ​ព្យាយាម​ដើម្បី​នៅលើ​ផ្លូវ​ដែល​នាំយើង​ទៅ​រក​ទ្រង់ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ដឹកនាំ​យើង​បាន ។​

៣. ចូរ​ចងចាំ​នូវ​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បានធ្វើ​សម្រាប់​យើង ។

រូបភាព
យុវជន​កំពុងចែក​សាក្រាម៉ង់

ការសន្យា​ដែល​មាន​នៅក្នុង​ការអធិស្ឋាន​ពិធីសាក្រាម៉ង់​ទាំងពីរ​គឺ « ពួកគេ​ [ ដែល​ទទួល​ទាន ] អាច…​មាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់នៅ​ជាមួយនឹង​ពួកគេ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៧, ៧៩ ) ។ យើង​ទទួល​ទាន​សាក្រាម៉ង់​រៀងរាល់​សប្ដាហ៍ ​ពីព្រោះ​យើង​ចង់​រក្សា និង​បីបាច់​ខាង​ព្រលឹង​វិញ្ញាណ​របស់​យើង ។

ប្រធាន ដាល្លិន អេក អូក ទីប្រឹក្សា​ទី​មួយ​ក្នុង​គណៈប្រធាន​ទី​មួយ បាន​បង្រៀនថា ៖ « កាល​យើង​នៅ​កាន់តែ​ឆ្ងាយ​ពី​ភាព​ខាងលោកិយ នោះ​យើង​មាន​អារម្មណ៍​កាន់តែ​ជិតស្និទ្ធ​ទៅនឹង​ព្រះវរបិតា​សួគ៌ ហើយ​កាន់តែ​អាច​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​របស់​ទ្រង់​បាន ។ យើង​ហៅ​ការណ៍​នោះ​ថា​គុណភាព​នៃ​ជីវិត ខាងវិញ្ញាណ » ។ ប្រធាន អូក បាន​បន្ថែម​ទៀតថា « របៀប​ដែល​យើង បកស្រាយ បទពិសោធន៍​របស់​យើង​ក៏​ជា​មុខងារ​នៃ​កម្រិត​ខាងវិញ្ញាណ​របស់​យើង​ផងដែរ ។ … យើង​ដែល​ជាអ្នក​មាន​សក្ខីភាព​ទៅលើ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​គួរ​បកស្រាយ​បទពិសោធន៍​របស់​យើង​នៅក្នុង​លក្ខខណ្ឌ​នៃ​ចំណេះដឹង​របស់​យើង​អំពី​គោលបំណង​នៃ​ជីវិត បេសកកម្ម​របស់​ព្រះអង្គសង្គ្រោះ​របស់​យើង និង​ជោគវាសនា​ដ៏​នៅ​អស់កល្ប​របស់​បុត្រាបុត្រី​ទាំងអស់​នៃ​ព្រះ » ។

៤. ចូរ​ចេះ​ស្គាល់​រឿង​ខាង​វិញ្ញាណ ។

ខ្ញុំ​សូម​បញ្ជាក់​ថា ជីវភាព​ខាង​វិញ្ញាណ​គឺ​ជា​ពរជ័យ​មួយ​នៃ​ការខិតខំ​ព្យាយាម​ដ៏​ខ្ជាប់ខ្ជួន​នៅក្នុង​ផ្នែក​របស់​យើង ។ នៅពេល​យើង​ព្យាយាម​រៀនសូត្រ និង​ធ្វើតាម​ការបំផុស​គំនិត​នៃ​ព្រះវិញ្ញាណ នោះ​យើង​អាច​បែងចែក​បាន​យ៉ាង​ងាយស្រួល​រវាង​អ្វី​ដែល​មកពី​ព្រះ និង​អ្វីដែល​ជា​របស់​លោកិយ ។

អែលឌើរ ឃ្វីនថិន អិល ឃុក នៃ​កូរ៉ុម​ពួកសាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍​ថា « ដូចជា​ការខិតខំ​ដ៏​ខ្ជាប់ខ្ជួន​ដដែលៗ​គឺជា​តម្រូវការ​ដើម្បី​មាន​សមត្ថភាព​រូបកាយ ឬខាង​ផ្លូវចិត្ត​ដែរ នោះ​គឺ​ជា​រឿង​ដូចគ្នា​ទៅនឹង​រឿង​ខាង​វិញ្ញាណ​ផងដែរ » ។​

អភិវឌ្ឍ​ជីវភាព​ខាង​វិញ្ញាណ​របស់​បងប្អូន

ដោយសារ​តែ​ការមើលឃើញ​ទុកជាមុន​របស់​ថ្នាក់ដឹកនាំ​ក្នុង​សាសនាចក្រ នោះ​យើង​មាន​ឧបករណ៍​ល្អៗ​ជាច្រើន​ដើម្បី​ជួយ​ដល់​យើង​នៅក្នុង​ការពង្រឹង​ជីវភាព​ខាងវិញ្ញាណ​របស់​យើង ។ សូម​គិត​អំពី​ការអភិវឌ្ឍន៍​នៃ​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ដែល​អនុញ្ញាត​ឲ្យ​អានុភាព​នៃ​ព្រះគម្ពីរ និង​ការសិក្សា​ដំណឹងល្អ​មាន​នៅក្នុង​ហោប៉ៅ​របស់​បងប្អូន​គ្រប់​ពេលវេលា ។ សូម​គិត​អំពី​ការ​ផ្លាស់ប្តូរ​ទាក់ទង​ទៅនឹង​ការងារបម្រើ​ដែល​លើកទឹកចិត្ត​ឲ្យ​ប្រើប្រាស់​បច្ចេកវិទ្យា នៅពេល​យើង​ឈោងទៅ​ជួយ​ដល់​អ្នកដទៃ​ទៀត ។ សូម​ពិចារណា​អំពី​ការផ្តោតលើ​គេហដ្ឋាន​ដែលមាន​ការគាំទ្រ​ពី​សាសនាចក្រ​ដើម្បី​រៀនសូត្រ និង​កម្មវិធី​សិក្សា ចូរ​មក​តាម​ខ្ញុំ ដែល​អាច​លើក​កម្ពស់​ជីវភាព​ខាង​វិញ្ញាណ​របស់​យើង​នៅ​គ្រប់​ទីកន្លែង​ដែល​យើង​រស់នៅ ។

យើង​មិន​ចាំបាច់​ត្រូវ​នៅ​ដាច់​ដោយ​ឡែក​ខាង​វិញ្ញាណ​ជាមួយ​នឹង​ធនធាន​ដែល​មាន​ទាំង​អស់​នេះ​ទេ ! យើង​អាច​ធ្វើការ​រួមគ្នា​បាន ដោយ​ជ្រើសរើស​យក​គ្រប់​ឱកាស​ដើម្បី​មាន​គំនិត​នៃ​ព្រះវិញ្ញាណ ដោយ​លើក​ទឹកចិត្ត​ដល់​ជីវិត និង​សន្តិភាព និង​ការមាន​មនសិការ​ធ្វើ​ឲ្យ​ជីវភាព​ខាងវិញ្ញាណ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅក្នុង​ជីវិត​របស់​យើង ។ បទគម្ពីរ​បង្រៀនថា « ផលផ្លែ​នៃ​ព្រះវិញ្ញាណ​នោះ​គឺ​សេចក្តីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត [ និង ] ដឹងខ្នាត » ( កាឡាទី ៥:២២–២៣ ) ។

បង្កើត និង​រក្សា​គោលដៅ​ខាងវិញ្ញាណ

បុគ្គល​ដែល​មាន​គំនិត​នៃ​ព្រះវិញ្ញាណ​ព្យាយាម​ពង្រឹង​ស្មារតី​របស់​គាត់ ឬ​នាង ហើយ​នៅពេល​កំណត់​គោលដៅ បុគ្គល​នោះ​សួរ​ថា « តើ​គោលដៅ​របស់​ខ្ញុំ​ផ្តល់​ការ​យកចិត្ត​ទុកដាក់​គ្រប់គ្រាន់​ចំពោះ​សេចក្តី​ត្រូវការ​ខាងវិញ្ញាណ​របស់​ខ្ញុំ​ដែរឬទេ ? »

បុគ្គល​ដែល​មាន​គំនិត​នៃ​ព្រះវិញ្ញាណ​ព្យាយាម​ដឹង​ពី​របៀប​ដើម្បី​ធ្វើតាម​ការបំផុសគំនិត​ខាងវិញ្ញាណ ហើយ​បន្ទាប់មក​ធ្វើ​តាម​ការបំផុសគំនិត​ទាំងនោះ ។ ហេតុដូច្នោះហើយ ការដាក់គោលដៅ​សម្រាប់​ការរីកចម្រើន​ខាងវិញ្ញាណ​គឺ​មាន​សារៈសំខាន់​ណាស់ ។

អែននី ចៅស្រី​របស់យើង​អាយុ​ប្រាំ​ឆ្នាំ បាន​ដាក់​គោលដៅ​មួយ​ដើម្បី​រៀន​ជិះកង់ ។ នាង​បាន​រៀន​ជិះកង់ ហើយ​ចេះជិះ​កង់​យ៉ាងឆាប់រហ័ស ឃើញដូចនោះ​ឪពុកម្តាយ​របស់​នាង​បាន​នាំ​នាង​ទៅ​ជិះកង់​ជា​លក្ខណៈ​គ្រួសារ​មួយ ។

នៅពេល​ពួកគេ​កំពុង​ជិះកង់ ម្តាយ​របស់ អែននី បាន​សម្តែង​ការភ្ញាក់​ផ្អើល​ចំពោះ​ការដែល អែននី អាច​ជិះកង់​ឡើង​ទួល និង​ឆ្លង​ស្ពាន​បាន​យ៉ាង​ល្អ ។ អែននី បាន​ចែកចាយ​អាថ៌កំបាំង​នៃ​ភាព​ជោគជ័យ​របស់​នាង​ថា « ម៉ាក់ កូន​គ្រាន់តែ​ទប់ខ្លួន ហើយ​ចេះតែ​បន្ត​ធាក់​ឈ្នាន់​ទៅមុខ​ប៉ុណ្ណោះ » ។

យើង​ត្រូវតែ​ធ្វើ​ដូចគ្នា​នេះដែរ ។ តាមរយៈ​ការបន្ត​ធាក់​ឈ្នាន់​ទៅមុខ ទើប​ធ្វើឲ្យ​យើង​រក្សា​លំនឹង​របស់​យើង​បាន ។ សកម្មភាព​សាមញ្ញៗ​ប្រចាំ​ថ្ងៃ​នៃ​ការអធិស្ឋាន ការសិក្សា​បទគម្ពីរ និង​ការធ្វើតាម​ដំបូន្មាន​របស់​ព្យាការី រក្សា​ជីវភាព​ខាងវិញ្ញាណ​របស់​យើង​ឲ្យ​ឆ្ពោះ​ទៅមុខ ទោះបីជា​មាន​ភ្នំ ជំងឺរាតត្បាត​សាកល និង​ការ​ផ្លាស់ប្តូរ​នៃ​ជីវិត​យ៉ាងណា​ក៏ដោយ ។

រូបភាព
ក្រុម​គ្រួសារ​កំពុង​មើល​បទគម្ពីរ​ជាមួយគ្នា

ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍ថា « នៅពេល​បំណងប្រាថ្នា​ដ៏ធំបំផុត​របស់​បងប្អូន​គឺ​ទុកឲ្យ​ព្រះឈ្នះ ដើម្បី​ធ្វើ​ជាផ្នែក​មួយ​នៃ​អ៊ីស្រាអែល នោះ​ការសម្រេច​ចិត្ត​ជាច្រើន​នឹង​កាន់តែ​ងាយស្រួល ។ បញ្ហា​ជាច្រើន​នឹង​ក្លាយ​ជា​គ្មាន​បញ្ហា ! … បងប្អូន​ដឹង​អ្វី​ដែល​បងប្អូន​ចង់​សម្រេច​បាន ។ បងប្អូន​ដឹង​ថា​បងប្អូន​ចង់​ក្លាយជា​មនុស្ស​បែបណា » ។

នៅពេល​ដែល​បងប្អូន​ផ្តោត​ទៅលើ​អ្វី​ដែល​សំខាន់ នោះ​បងប្អូន​នឹង​មើលឃើញ​ថា​ដំណើរការ​នៃ​ការ​ពង្រឹងជីវភាព​ខាងវិញ្ញាណ​របស់​បងប្អូន និង​ការក្លាយជា​មនុស្ស​មាន​គំនិត​នៃ​ព្រះវិញ្ញាណ អាច​ជា​ការ​ងាយស្រួល ទោះបី​ជាវា​ទាមទារ​ឲ្យមាន​ការខិតខំ​ប្រឹងប្រែង និង​ការឧស្សាហ៍​ព្យាយាម​ក៏ដោយ ។ ដូច្នេះ​ហើយ សូម​ទប់​លំនឹង ហើយ​បន្ត​ធាក់​ទៅមុខ​ទៀត !

ចិញ្ចឹម​បីបាច់​លីអាហូណា​ខាងវិញ្ញាណ​របស់​បងប្អូន

បងប្អូន​ត្រូវបាន​រុញ ចាក់ និង​អូសទាញ​ទៅ​គ្រប់​ទិសដៅ​ទាំងអស់​ដោយសារ​សំឡេង​ជា​ច្រើន​នៅលើ​ពិភពលោក​នេះ ដែល​ជួនកាល​បងប្អូន​អាច​មាន​អារម្មណ៍​ស្ទាក់ស្ទើរ​ពី​ទិសដៅ​ណាមួយ​ដែលត្រូវ​ទៅ ។ សូម​ចាំថា លីអាហូណា​ខាងវិញ្ញាណ​របស់​បងប្អូន​ធ្វើការ​ល្អបំផុត នៅពេល​ដែល​បងប្អូន​ចេះ​បែងចែក​សំឡេង​នៃ​ព្រះវិញ្ញាណ​ចេញពី​សំឡេង​នៃ​លោកិយ ។

ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​ស្ងប់ស្ងាត់ ច្បាស់លាស់ និង​លួងលោម ។ ទ្រង់​ផ្តល់​ការណែនាំ​ច្បាស់លាស់​ដើម្បី​ផ្តល់​ឲ្យ​បងប្អូន​នូវ​សេចក្តីសុខសាន្ត និង​សេចក្តីសង្ឃឹម ។ ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើការ​នៅក្នុង​សាមគ្គីភាព​ដ៏​ល្អ​ឥតខ្ចោះ​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ដោយ​បំពេញ​តួនាទី​ជាច្រើន​ដើម្បី​ជួយ​បងប្អូន​ឲ្យ​រស់នៅ​ដោយ​សុចរិត និង​ទទួល​ពរជ័យ​នៃ​ដំណឹងល្អ ។

ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​ថា « ប្រភព​ដ៏ខ្ពស់​នៃ​ព្រះចេស្តា​ខាងវិញ្ញាណ​គឺ​ព្រះជាបិតា​របស់​យើង ។ អ្នកនាំសារ​នៃ​ព្រះចេស្តា​នេះ​គឺ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ព្រះចេស្ដា​ដែល​ជា​ថាមពល​នេះ​ខុសពី​ថាមពល​អគ្គិសនី ។ ឧបករណ៍​អគ្គីសនី​មួយ ប្រើប្រាស់ ថាមពល ។ ការប្រើប្រាស់​ព្រះចេស្ដា​ខាងវិញ្ញាណ​របស់​ទ្រង់ បំពេញ ដល់​ថាមពល​របស់​យើង ។ នៅពេល​ដែល​ថាមពល​អគ្គីសនី​អាច​ប្រើ​សម្រាប់​វាស់វែង​តែ រយៈពេល ប៉ុណ្ណោះ នោះ​ព្រះចេស្ដា​ខាងវិញ្ញាណ​អាច​ប្រើ​សម្រាប់​ពេល​នេះ និង​នៅដ៏ អស់កល្ប​ជានិច្ច បាន ! »​

ដើម្បី​ក្លាយ​ជា​មនុស្ស​មាន​គំនិត​នៃ​ព្រះវិញ្ញាណ សូម​ទប់​លំនឹង បន្ត​ធាក់​ឈ្នាន់​ទៅមុខ ហើយ​ដាក់​គោលដៅ​ខាងវិញ្ញាណ ។ សូម​ប្រើ​នូវ​ធនធាន​ទាំងឡាយ​ដែល​មាន​សម្រាប់​បងប្អូន​ដើម្បី​ពង្រឹង​វិញ្ញាណ​របស់​បងប្អូន ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ការធ្វើ​ជា​មនុស្ស​មាន​គំនិត​នៃ​ព្រះវិញ្ញាណ គឺ​ពិត​ជា​ជីវិត និង​សេចក្តី​សុខសាន្ត​មែន ( សូម​មើល នីហ្វៃទី​២ ៩:៣៩ ) ថា​គុណភាព​នៃ​ជីវិត​របស់​យើង​នឹង​ប្រសើរ​ឡើង នៅពេល​យើង​ស្រប​ទៅតាម​ព្រះវរបិតា និង​ព្រះរាជបុត្រា ហើយ​ថា​ព្រះ​ស្រឡាញ់​យើង ហើយ​គិត​អំពី​យើង និង​តម្រូវការ​របស់​យើង ។

ដកស្រង់​ចេញ​មកពី​សុន្ទរកថា​ការប្រជុំធម្មនិដ្ឋាន « To Be Spiritually Minded Is Life and Peace » ដែល​បាន​ថ្លែង​នៅ​សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់ នៅថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០២១ ។ សម្រាប់​សុន្ទរកថា​ទាំងមូល សូម​ចូល​ទៅ​គេហទំព័រ speeches.byu.edu ។

កំណត់​ចំណាំ

  1. អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខនឃី ( ឆ្នាំ ១៩១៥–៨៥ ) បាន​បង្រៀន​ថា « ដើម្បី​មាន​ចំណង​មិត្តភាព​ជាមួយនឹង​ព្រះអម្ចាស់​នៅក្នុង​ជីវិត​នេះ គឺ​ត្រូវ​រីករាយ​នឹង​ភាពជា​ដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់ » ( Doctrinal New Testament Commentary [ ឆ្នាំ ១៩៧៣ ] ៣:៣៧៤ ) ។

  2. ដាល្លិន អេក អូក « Spirituality » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៥ ទំព័រ ៦១ ។

  3. ឃ្វីនថិន អិល ឃុក « Foundations of Faith » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ១២៩ ។

  4. រ័សុល អិម ណិលសុន « Let God Prevail » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩៤ ។

  5. សូម​មើល រ័សុល អិម ណិលសុន « Protect the Spiritual Power Line » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៤ ទំព័រ ៣១ ។