២០២២
អែលឌើរ អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​ពួកបរិសុទ្ធ​នៅ​ប្រទេស​ប៉ូឡូញ
ខែ កញ្ញា ឆ្នាំ ២០២២


« អែលឌើរ អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​ពួកបរិសុទ្ធ​នៅ​ប្រទេស​ប៉ូឡូញ » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២២ ។

ដំណើររឿង​មកពី ពួកបរិសុទ្ធ វ៉ុល ៣

អែលឌើរ អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​ពួកបរិសុទ្ធ​នៅ​ប្រទេស​ប៉ូឡូញ

រូបភាព
អែលឌើរ អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន នៅ​ទីក្រុងវ៉ាសូវី ប្រទេស​ប៉ូឡូញ

ដោយ​បាន​ចាត់តាំង​ដោយ​គណៈប្រធាន​ទីមួយ អែលឌើរ ប៊ែនសឹន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់ បាន​ទៅ​មើល​ការខុសត្រូវ​លើ​កិច្ចខិតខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​របស់​សាសនាចក្រ​នៅ​អឺរ៉ុប បន្ទាប់ពី​សង្គ្រាម​លោក​លើក​ទីពីរ ។ នៅក្នុង​រយៈពេល ១១ ខែ របស់​លោក​នៅទីនោះ លោក​បាន​ធ្វើ​ដំណើរ​ជាង ៩៦,០០០ គ.ម ( ៦០,០០០ ម៉ែលស៍ ) ។ ពីក្រោយ​លោក​គឺ​ជា​ប្រាសាទ​បុរាណ​នៃ​ទីក្រុង​វ៉ាសូវី ប្រទេស​ប៉ូឡូញ ។

ទទួល​បាន​សិទ្ធិ​អនុញ្ញាត​ប្រើប្រាស់​រូបថត​មក​ពីបណ្ណាល័យ​ប្រវត្តិ​សាសនាចក្រ​ទីក្រុង​សលត៍ លេក

នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​ដ៏​ត្រជាក់​មួយ​នៅ​រដូវក្តៅ​ក្នុង​ឆ្នាំ ១៩៤៦ អែលឌើរ អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន និង​ដៃគូ​ធ្វើ​ដំណើរ​ពីររូប​ទៀត​បាន​ធ្វើ​ដំណើរ​នៅលើ​ផ្លូវ​ដ៏​ស្ងាត់​មួយ​នៃ​ទីក្រុង​ស្សេលវ៉ាហ្គី ប្រទេស​ប៉ូឡូញ ។ ផ្លូវ​ខូច និង​ភ្លៀងធ្លាក់​ខ្លាំង​បាន​ធ្វើឲ្យ​មាន​ការលំបាក​ដល់​ពួក​អ្នកដំណើរ​ពេញ​មួយថ្ងៃ ប៉ុន្តែ​អាកាសធាតុ​ដ៏​អាក្រក់​នោះ​ក៏​បាន​ធូរស្រាល​ទៅវិញ នៅពេល​ដែល​បុរស​ទាំងនោះ​ទៅ​ជិតដល់​គោលដៅ​របស់​ពួកគាត់ ។

ស្សេលវ៉ាហ្គី ធ្លាប់​ជា​ផ្នែក​មួយ​នៃ​ប្រទេស​អាល្លឺម៉ង់ និង​ត្រូវ​បាន​គេ​ស្គាល់​ថាជា សេលបន់ហ្គិន ។ ទោះយ៉ាងណា​ក៏ដោយ ព្រំដែន​ជាតិ​ត្រូវបាន​ផ្លាស់ប្តូរ​ក្រោយ​សង្គ្រាម ហើយ​ភាគ​ច្រើន​នៃ​អឺរ៉ុប​កណ្តាល និង​ខាង​កើត​ត្រូវ​បាន​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​សហភាពសូវៀត ។ នៅក្នុង​ឆ្នាំ ១៩២៩ សាខា សេលបន់ហ្គិន ដ៏​រីកចម្រើន​បាន​បង្កើត​ឲ្យ​មាន​សាលា​ប្រជុំ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ដំបូង​គេ​បង្អស់​ក្នុង​ប្រទេស​អាល្លឺម៉ង់ ។ ប៉ុន្តែ​ក្រោយពី​សង្គ្រាម​អស់​រយៈពេល​ប្រាំមួយ​ឆ្នាំ​មក ពួកបរិសុទ្ធ​នៅក្នុង​ភូមិ​បាន​ស្លាប់​ស្ទើរតែ​ទាំងអស់ ។

តាមពិត​កាល​ដែល​អែលឌើរ ប៊ែនសឹន នៅក្នុង​ប្រទេស​ប៉ូឡូញ​នោះ មាន​អារម្មណ៍​ថា​ដូច​ជា​អព្ភូតហេតុ​មួយ​រួច​ទៅហើយ ។ ដោយ​គ្មាន​ខ្សែ​ប្រព័ន្ធ​ទូរសព្ទ​ដំណើរការ​ក្នុង​ប្រទេស​ប៉ូឡូញ លោក និង​សហការី​របស់​លោក​ពិបាក​ទាក់ទង​ទៅកាន់​មន្ត្រី​ដែល​អាច​ជួយ​ពួកលោក​ឲ្យ​ទទួល​បាន​ឯកសារ​ដើម្បី​ចូល​ប្រទេស​នេះ​ណាស់ ។ មានតែ​បន្ទាប់ពី​ការអធិស្ឋាន​ជា​ច្រើន​ដង និង​ការទាក់ទង​ម្តង​ហើយ​ម្តងទៀត​ជាមួយនឹង​រដ្ឋាភិបាល​ប៉ូឡូញ​ប៉ុណ្ណោះ ទើប​សាវក​រូប​នេះ​អាច​ទទួល​បាន​ទិដ្ឋាការ​ចាំបាច់ ។

នៅពេល​ដែល​ឡាន​ជីប​ទៅជិត​ដល់​សាលាប្រជុំ​នៅ ស្សេលវ៉ាហ្គី មនុស្ស​ភាគ​ច្រើន​នៅតាម​ដងផ្លូវ​បាន​បែកខ្ញែក​គ្នា ហើយ​បាន​លាក់ខ្លួន ។ អែលឌើរ ប៊ែនសឹន និង​ដៃគូ​របស់​លោក​បាន​ឈប់​រថយន្ត​នៅ​ខាង​មុខ​អគារ​នោះ ហើយ​បាន​ចេញ​មក ។ ពួកលោក​បាន​ណែនាំ​ខ្លួន​របស់​ពួកលោក​ទៅកាន់​ស្ត្រី​ម្នាក់​នៅក្បែរ​នោះ ហើយ​បាន​សួរថា​តើ​ពួកលោក​មកដល់​រោងជំនុំ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ហើយ​មែនទេ ។ កែវភ្នែក​របស់​ស្ត្រី​នោះ​ពោរពេញ​ទៅ​ដោយ​ទឹក​ភ្នែកនៃ​ភាពធូរស្បើយ ។ នាង​បាន​ស្រែក​ឡើង​ជា​ភាសា​អាល្លឺម៉ង់​ថា « បងប្អូន​ប្រុស​បាន​មក​ដល់​ហើយ ! »

រំពេចនោះ មនុស្ស​ជាច្រើន​បាន​ចេញពី​ក្រោយ​ទ្វារ​ដែលបិទ ដោយ​យំ​ផង និង​សើច​ផង​ដោយ​ក្ដីអំណរ ។ ពួកបរិសុទ្ធ​នៅ ស្សេលវ៉ាហ្គី មិន​អាច​ទាក់ទង​ទៅ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ទូទៅ​បាន​អស់រយៈពេល​បី​ឆ្នាំ​ហើយ ហើយ​នៅ​ព្រឹកនោះ​ពួកគេ​ជាច្រើន​នាក់​បាន​តមអាហារ និង​អធិស្ឋាន​សូម​ឲ្យ​មាន​ដំណើរ​ទស្សនកិច្ច​មួយ​ពី​អ្នកផ្សព្វផ្សាយ​សាសនា ឬ​អ្នកដឹកនាំ​សាសនាចក្រ ។ ក្នុង​រយៈពេល​ពីរបី​ម៉ោង ពួកបរិសុទ្ធ​ប្រហែល​មួយរយនាក់​បាន​ប្រមូលផ្តុំគ្នា​ដើម្បី​ស្តាប់​សាវក​មាន​ប្រសាសន៍ ។

ពេល​អែលឌើរ ប៊ែនសឹន បាន​មាន​ប្រសាសន៍​ទៅ​កាន់​ពួកបរិសុទ្ធ នោះ​មាន​ពួកទាហាន​ប៉ូឡូញ​ប្រដាប់ដោយ​អាវុធ​ពីរនាក់​បាន​ចូល​ក្នុង​រោងជំនុំ ។ ក្រុមជំនុំ​មាន​ការភ័យ​ខ្លាច ប៉ុន្តែ​សាវក​បាន​អញ្ជើញ​ឲ្យ​ពួក​ទាហាន​ទាំងពីរ​រូប​នោះ​ឲ្យ​មក​អង្គុយ​ជិត​ខាង​មុខ​បន្ទប់ ។ ក្នុង​សុន្ទរកថា​របស់​លោក លោក​បាន​លើក​ឡើង​អំពី​សារៈសំខាន់​នៃ​ឥស្សរភាព និង​សេរីភាព ។ ពួកទាហាន​នោះ​បាន​ស្តាប់​ដោយ​យកចិត្តទុកដាក់ អង្គុយ​ស្ងៀម​នៅលើ​កៅអី​របស់​ពួកគេ​រហូតដល់​ចម្រៀង​បិទ ហើយ​ក៏​ចាកចេញ​ទៅ​ដោយ​គ្មាន​រឿងអ្វី​កើត​ឡើង​ឡើយ ។ ក្រោយមក អែលឌើរ ប៊ែនសឹន បាន​ជួប​ជាមួយនឹង​ប្រធានសាខា ហើយ​បាន​ទុក​ថវិកា និង​ចំណីអាហារ​សម្រាប់​ពួកបរិសុទ្ធ ដោយ​ធានា​ដល់​ពួកគេ​ថា​នឹង​មាន​ជំនួយ​បន្ថែម​ទៀត​មក​ដល់ ។

ក្រោយ​មកទៀត​មិន​យូរប៉ុន្មាន អែលឌើរ ប៊ែនសឹន បាន​សរសេរ​សំបុត្រ​ទៅកាន់​គណៈប្រធាន​ទីមួយ ។ លោក​មាន​ទំនុកចិត្ត​ដែល​បាន​ឃើញ​ជំនួយ​របស់​សាសនាចក្រ​បាន​ទៅ​ដល់​ពួកបរិសុទ្ធ​នៅ​ទ្វីប​អឺរ៉ុប ប៉ុន្តែ​ព្រួយបារម្ភ​អំពី​ទុក្ខលំបាក​ទាំងឡាយ​ដែល​ពួកបរិសុទ្ធ​នៅតែ​បន្ត​ប្រឈមមុខ ។

លោក​បាន​សរសេរ​ថា « ប្រហែលជា​អត្ថប្រយោជន៍​ជាច្រើន​នៃ​កម្មវិធី​សុខុមាលភាព​របស់​សាសនាចក្រ​ដ៏អស្ចារ្យ​ចំពោះ​អ្នក​ទាំងនេះ និង​ពួកបរិសុទ្ធ​ផ្សេងទៀត​របស់យើង​នៅក្នុង​ទ្វីប​អឺរ៉ុប នឹង​មិន​ត្រូវ​បាន​គេដឹង​ឡើយ ប៉ុន្តែ​ជីវិត​ជាច្រើន​បាន​រួចផុត​ទុក្ខ ហើយ​សេចក្តីជំនឿ និង​ភាពក្លាហាន​របស់​សមាជិក​ជាច្រើន​ដែល​បាន​លះបង់​របស់យើង​មាន​ភាពរឹងមាំ​យ៉ាងខ្លាំង » ។

រូបភាព
មនុស្ស​បាន​ប្រមូលផ្តុំគ្នា​នៅ​ខាងក្រៅ​ព្រះវិហារ

សមាជិក​សាសនាចក្រ​នៅ សេលបន់ហ្គិន ប្រទេស​អាល្លឺម៉ង់ ( ដែល​បាន​ប្ដូរ​ឈ្មោះ​ទៅជា ស្សេលវ៉ាហ្គី ប្រទេស​ប៉ូឡូញ បន្ទាប់ពី​សង្រ្គាម ) ប្រមូល​ផ្ដុំគ្នា​នៅ​ខាងក្រៅ​រោងជំនុំ​របស់​ពួកគេ​ប្រហែល​នៅក្នុង​ឆ្នាំ ១៩៣០ ។

កំណត់​ចំណាំ

  1. អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « European Mission Report #19 » ថ្ងៃទី ៧ ខែ សីហា ឆ្នាំ ១៩៤៦ ទំព័រ ១, ៣, First Presidency Mission Files, CHL; Benson, Journal ថ្ងៃទី ១ និង ៤ ខែ សីហា ឆ្នាំ ១៩៤៦; Babbel, Oral History Interview ទំព័រ ៦; « Elder Benson Reports First Visit to Poland » Deseret News ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ១៩៤៦ Church section ទំព័រ ១, ៨, ១២; Minert, In Harm’s Way ទំព័រ ៣១០; « Selbongen during World War II » Global Histories នៅលើ​គេហទំព័រ history.ChurchofJesusChrist.org/global-histories ។

  2. Babbel, On Wings of Faith ទំព័រ ១៣១–៣៤; Benson, Journal ថ្ងៃទី ២៩ និង ៣០ ខែ កក្កដា ឆ្នាំ ១៩៤៦; សូម​មើល​ផង​ដែរ Frederick Babbel « ‹ And None Shall Stay Them › » Instructor ខែ សីហា ឆ្នាំ ១៩៤៦ ទំព័រ ១០៤:២៦៨–៦៩ ។ ប្រធានបទ ៖ ប្រទេស​ប៉ូឡូញ

  3. Benson, Journal ថ្ងៃទី ៤ ខែ សីហា ឆ្នាំ ១៩៤៦; អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន​« European Mission Report #19 » ថ្ងៃទី ៧ ខែ​សីហា ឆ្នាំ​១៩៤៦ ទំព័រ ១, First Presidency Mission Files, CHL; Ezra Taft Benson to First Presidency ថ្ងៃទី ៧ ខែ សីហា ឆ្នាំ ១៩៤៦ ទំព័រ ២, Ezra Taft Benson Correspondence Files, CHL; Selbongen Branch, General Minutes ថ្ងៃទី ៤ ខែ សីហា ឆ្នាំ ១៨៩៦ « Selbongen during World War II » Global Histories នៅលើ​គេហទំព័រ history.ChurchofJesusChrist.org/global-histories ។

  4. អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « European Mission Report #20 » ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ១៩៤៦ ទំព័រ ២, First Presidency Mission Files, CHL; សូម​មើល​ផង​ដែរ « Red Cross to Cooperate in Distribution of Supplies » Deseret News ថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ១៩៤៦ Church section ទំព័រ ១, ៩ ។