២០២២
បានដឹកនាំ​ដោយ​ព្យាការី​ដែល​នៅរស់​ទាំងឡាយ
ខែ កញ្ញា ឆ្នាំ ២០២២


« បានដឹកនាំ​ដោយ​ព្យាការី​ដែល​នៅរស់​ទាំងឡាយ » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២២ ។

មូលដ្ឋាន​គ្រឹះ​នៃ​ដំណឹងល្អ

បានដឹកនាំ​ដោយ​ព្យាការី​ដែល​នៅរស់​ទាំងឡាយ

រូបភាព
ថ្នាក់ដឹកនាំ​របស់​សាសនាចក្រ​នៅ​ខាងមុខ​រូបសំណាក​ព្រះយេស៊ូវគ្រីស្ទ

ពួកព្យាការី​គឺ​ជា​ពួក​បុរស​ទាំងឡាយណា​ដែល​ត្រូវ​បាន​ហៅ​ដោយ​ព្រះវរបិតាសួគ៌​ដើម្បី​មាន​ប្រសាសន៍​ជំនួស​ទ្រង់ ។ ពួក​ព្យាការី​ទាំងឡាយ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះ​យេស៊ូវគ្រីស្ទ និង​បង្រៀន​ដំណឹង​ល្អ​របស់​ទ្រង់ ។ សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជឿ​លើ​ពួកព្យាការី​ជំនាន់​បុរាណ​ផង និង​ពួកព្យាការី​សម័យថ្មី​ផង ។

ព្រះ​មាន​បន្ទូល​តាមរយៈ​ពួកព្យាការី

ពួកព្យាការី​ទទួល​វិវរណៈ​មកពី​ព្រះ ។ នៅពេល​ដែល​ព្យាការី​បាន​បំផុសគំនិត​ឲ្យ​បង្រៀន​យើង គឺ​ដូចជា​ព្រះ​កំពុង​មាន​ព្រះបន្ទូល​មក​កាន់​យើង​ដែរ ( សូម​មើល គោលលទ្ធិ និង សេចក្តីសញ្ញា ១:៣៨ ) ។ យើង​អាច​ទុកចិត្ត​បាន​ថា ពួកលោក​កំពុង​ប្រាប់​យើង​ពី​អ្វី​ដែល​ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ដឹង ។

ពួកព្យាការី​បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ

រូបភាព
ព្យាការី​មរមន​ជាមួយនឹង​ផ្ទាំងចំណារ​មាស​ទាំងឡាយ

មរមន​កំពុង​សង្ខេប​ផ្ទាំងចំណារ​ទាំងឡាយ ដោយ ថម ឡូវេល

ព្យាការី​ទាំងអស់​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ ពួកលោក​បង្រៀន​យើង​ថា ទ្រង់​គឺជា​ព្រះរាជបុត្រា​នៃ​ព្រះ ។ ពួក​លោក​បង្រៀន​យើង​អំពី​ព្រះជន្ម គំរូ និង​ដង្វាយធួន​របស់​ទ្រង់ ។ ហើយ​ពួកលោក​បង្ហាញ​ដល់​យើង​នូវ​របៀប​ដើម្បី​ធ្វើតាម​ទ្រង់ ហើយ​គោរពតាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។

ការ​ទទួល​ខុស​ត្រូវ​របស់​ពួកព្យាការី

ពួកព្យាការី​បង្រៀន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ពួកលោក​ពន្យល់​ពី​ពរជ័យ​ដែល​យើង​ទទួល​បាន នៅពេល​យើង​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ និង​លទ្ធផល​ដែល​យើង​នឹង​ទទួល ប្រសិនបើ​យើង​មិន​ធ្វើតាម​ទេ​នោះ ។ ពេល​ខ្លះ ពួកលោក​អាច​នឹង​ត្រូវ​បាន​បំផុសគំនិត​ឲ្យ​ប្រាប់​យើង​ពី​ព្រឹត្តិការណ៍​នា​ពេល​អនាគត ។

ពួកព្យាការី​ជំនាន់​បុរាណ

រូបភាព
ម៉ូសេ​កាន់​បន្ទះថ្ម

ម៉ូសេ និង​ផ្ទាំង​ថ្ម ដោយ​ជេរី ហាស្តុន

ព្រះ​បាន​បង្រៀន​មនុស្ស​តាមរយៈ​ពួកព្យាការី​ចាប់តាំងពី​ដំបូង​មកម៉្លេះ ។ ពួកព្យាការី​ដែល​បាន​រស់នៅ​ក្នុង​សម័យ​ព្រះគម្ពីរ​សញ្ញាចាស់​រួមមាន លោក​អ័ដាម ណូអេ អ័ប្រាហាំ ម៉ូសេ អេសាយ និង​ព្យាការី​ផ្សេងៗ​ទៀត ។ ហើយ​ក៏មាន​ពួកព្យាការី​នៅក្នុង​សម័យ​ប្រជាជន​ក្នុង​ព្រះគម្ពីរ​មរមន​ផងដែរ ។ ព្យាការី​ទាំងនោះ​រួមមាន លីហៃ ម៉ូសាយ អាលម៉ា និង​មរ៉ូណៃ ។ យើង​អាច​រៀន​អំពី​អ្វី​ដែល​ពួកលោក​បាន​បង្រៀន​តាមរយៈ​ការអាន​ព្រះគម្ពីរ ។

ព្យាការី​សម័យ​ថ្មី

យ៉ូសែប ស៊្មីធ គឺជា​ព្យាការី​ដំបូង​ក្នុង​សម័យ​បច្ចុប្បន្ន​នេះ ។ លោក​បាន​ស្តារ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៅ​លើ​ផែនដី​នេះ​ឡើងវិញ ។ ប្រធាន រ័សុល អិម ណិលសុន គឺ​ជា​ព្យាការី និង​ជា​ប្រធាន​នៃ​សាសនាចក្រ​នៅ​សព្វថ្ងៃនេះ ។ ទីប្រឹក្សា​របស់​លោក​ក្នុង​គណៈប្រធាន​ទីមួយ និង​ពួក​សាវក​ដប់​ពីរនាក់​ក៏​ជា​ពួក​ព្យាការី ពួក​អ្នក​មើល​ឆុត និង​ពួក​អ្នក​ទទួល​វិវរណៈ​ផងដែរ ។

ការស្ដាប់​តាម​ព្យាការី

រូបភាព
គូស្វាមី​ភរិយា​កំពុង​ទស្សនា​សន្និសីទ​នៅលើ​ទូរសព្ទ​ដៃ

ព្យាការី​មាន​ប្រសាសន៍​មកកាន់​យើង​នៅក្នុង​សន្និសីទ​ទូទៅ ហើយ​នៅពេល​ផ្សេងៗ​ទៀត​ផងដែរ ។ លោក​បង្រៀន​យើង​ពី​អ្វី​ដែល​ព្រះ​សព្វព្រះទ័យ​ឲ្យ​យើង​ដឹង និង​របៀប​ដើម្បី​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​សព្វថ្ងៃនេះ ។ យើង​អាច​រកឃើញ​ការបង្រៀន​របស់​ពួកលោក​នៅក្នុង​ទស្សនាវដ្ដី លីអាហូណា និង​នៅ​លើ​គេហទំព័រ ChurchofJesusChrist.org ។

ពរជ័យ​នៃ​ការធ្វើ​តាម​ព្យាការី

យើង​នឹង​ទទួល​បាន​ពរជ័យ ប្រសិនបើ​យើង​ធ្វើតាម​ការបង្រៀន​ទាំងឡាយ​របស់​ព្យាការី ។ នៅពេល​យើង​ធ្វើតាម​ព្យាការី នោះ​យើង​អាច​ដឹងថា​យើង​កំពុង​ធ្វើ​អ្វី​ដែល​ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ធ្វើ ។ យើង​អាច​មាន​អារម្មណ៍​សុខសាន្ត​នៅក្នុង​ជីវិត​របស់​យើង ហើយ​ខិតទៅ​កាន់តែ​ជិត​ព្រះយេស៊ូវ​គ្រីស្ទ​ឡើង ។