២០២២
គំរូ​ដ៏​មាន​អានុភាព​សម្រាប់​ការធ្វើ​ជា​ឪពុកម្តាយ
ខែ កញ្ញា ឆ្នាំ ២០២២


« គំរូ​ដ៏​មាន​អានុភាព​សម្រាប់​ការធ្វើ​ជា​ឪពុកម្តាយ » លីអាហូណា ខែ​កញ្ញា ឆ្នាំ ២០២២ ។

គំរូ​ដ៏​មាន​អានុភាព​សម្រាប់ ការធ្វើ​ជា​ឪពុកម្តាយ

ដោយ​ផ្អែកលើ​គោលការណ៍​នៃ​ដំណឹងល្អ និង​ជំនួយ​គាំទ្រ​ពី​ការស្រាវជ្រាវ គំរូ​សម្រាប់​ការធ្វើ​ជា​ឪពុកម្តាយ​នេះ​អាច​ជួយ​ដឹកនាំ​បងប្អូន​នៅក្នុង​ការបង្កើត​ទំនាក់ទំនង​ដ៏​មាន​អត្ថន័យ ចិញ្ចឹម​បីបាច់​សេចក្តី​ជំនឿ និង​ការរីកចម្រើន ហើយ​និង​ការ​ស្ថាបនា​សាមគ្គីភាព និង​ភាពអំណត់​នៅក្នុង​គ្រួសារ​របស់​បងប្អូន ។

រូបភាព
ឪពុក​អាន​ព្រះគម្ពីរ​ជាមួយ​កូនស្រី​របស់​គាត់

ការធ្វើ​ជា​ឪពុក ឬ​ម្តាយ​មាន​គោលបំណង​ដ៏​នៅ​អស់កល្ប​ជានិច្ច ហើយ​អាច​ជា​រង្វាន់ ការបំភ្លឺ និង​អំណរ ។ ប៉ុន្តែ​ដោយសារ​ក្រុមគ្រួសារ​មាន​គ្រប់​ទម្រង់​ទាំងអស់ ហើយ​ប្រឈមមុខ​នឹង​បញ្ហា​គ្រួសារ​ដោយឡែក​ពីគ្នា នោះ​ពេលខ្លះ​ការ​ចិញ្ចឹម​បីបាច់​កូនៗ​ក៏​អាច​ជា​គ្រា​ដ៏​លំបាក ឬ​នឿយហត់​ផងដែរ ។

សំណាង​ល្អ យើង​មិន​ចាំបាច់​ធ្វើ​កិច្ចការ​នេះ​តែ​ម្នាក់​ឯង​នោះ​ទេ ។

ដោយ​មាន​ការណែនាំ​ពី​ព្រះ​វរបិតាសួគ៌​របស់​យើង និង​ការគាំទ្រ​របស់​ព្រះអង្គ​សង្រ្គោះ និង​ដំណឹងល្អ​របស់​ទ្រង់ ហើយ​និង​ការអនុវត្ត​តាម​ការប្រឹក្សា​ដែល​បាន​បំផុសគំនិត នោះ​យើង​អាច​ទទួល​បាន​ជំនួយ និង​សេចក្តីសង្ឃឹម​សម្រាប់​ដំណើរ​ក្នុង​ការធ្វើ​ជា​ឪពុកម្តាយ​របស់​យើង ។

គំរូ​ដែល​បាន​គាំទ្រ​ដោយ​ដំណឹងល្អ​សម្រាប់​ការធ្វើ​ជា​ឪពុកម្តាយ

ដោយ​ដកស្រង់​ចេញពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​ជំនួយ​គាំទ្រ​ពី​ការស្រាវជ្រាវ​ស្តីពី​ការធ្វើ​ជា​ឪពុកម្តាយ នោះ​យើង​បាន​រកឃើញ​គោលការណ៍​ណែនាំ​ចំនួន​បី​សម្រាប់​ការចិញ្ចឹម​បីបាច់​ផ្នែក​សតិអារម្មណ៍ និង​ការអភិវឌ្ឍ​ខាង​វិញ្ញាណ​របស់​កុមារ ។ រួមសេចក្ដីមក ចំណុច​ដែល​ទាក់ទង​គ្នា​ទៅវិញ​ទៅមក​ទាំងនេះ បង្កើត​បាន​ជាគំរូ​ដ៏​មាន​ឥទ្ធិពល​មួយ ដែល​អាច​ជួយ​ក្រុមគ្រួសារ​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​បាន ។

គំរូ​នេះ​មាន​ឥទ្ធិពល​ដោយ​សារ​វា​រួម​បញ្ចូល​សេចក្ដីពិត​នៃ​ដំណឹងល្អ​ជាមួយ​នឹង​គោលគំនិត​សំខាន់ៗ​ពី​ការ​ស្រាវជ្រាវ​ពី​ការ​ធ្វើជា​ឪពុកម្តាយ និង​ការអភិវឌ្ឍ​របស់​កូន ។ ការស្វែងរក​វិវរណៈ​ផ្ទាល់​ខ្លួន​អំពី​របៀប​ដើម្បី​អនុវត្ត​គោលការណ៍​ទាំងឡាយ​តាម​គំរូ​នេះ​អាច​ជួយ​បងប្អូន​ឲ្យ​បង្កើត​ភាពភាពរឹងមាំសម្រាប់​គ្រួសារ​របស់់​បងប្អូន ហើយ​ស្ថាបនា​គេហដ្ឋាន​មួយ​ដែល​ផ្ដោត​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។

គោលការណ៍​ណែនាំ​ទាំងបី​នោះ​មាន ៖

  1. បង្កើត ទំនាក់ទំនង​គ្រួសារ​ដែល​ពេញ​ដោយ​ក្ដី​ស្រឡាញ់

  2. ចិញ្ចឹម​បីបាច់ ដល់​ការរៀនសូត្រ និង​ការរីកចម្រើន

  3. ស្ថាបនា សាមគ្គីភាព និង​ភាពខ្លាំង​តាមរយៈ​ការបម្រើ

គំរូ​នេះជួយ​យើង​ឲ្យ​ផ្ដោត​លើ​កិច្ចការ​ដែល​សំខាន់​បំផុត ។ ផ្នែក​នីមួយៗ​នៃ​គំរូ​នេះ​គឺជា​ធាតុ​ដ៏សំខាន់​ដែល​ពង្រឹង​ក្រុមគ្រួសារ​របស់​យើង ។ ដោយ​ធ្វើការ​រួមគ្នា វា​បង្កើត​ឲ្យមាន​ទំនាក់ទំនង និង​បទពិសោធន៍​វិជ្ជមាន វា​ជួយ​ក្រុមគ្រួសារ​ឲ្យ​ស៊ូទ្រាំ​នឹង​ទុក្ខវេទនា ហើយ​ស្ថាបនា​សមត្ថភាព និង​ភាពធន់ ។

ពេល​យើង​រីកចម្រើន​ក្នង​នាមជា​ឪពុកម្តាយ គំរូ​នេះ​អាច​បម្រើ​ជា​គោលការណ៍​ដ៏​មាន​អត្ថប្រយោជន៍​មួយ​ចំពោះ​ការ​រកឃើញ​របៀប​បង្រៀន និង​ចិញ្ចឹម​បីបាច់​ដ៏ល្អ​បំផុត​សម្រាប់​កូនម្នាក់ៗ ។

ខាងក្រោមនេះ​គឺជា​ទិដ្ឋភាព​សង្ខេប​មួយ​ស្ដីពី​ផ្នែក​នីមួយៗ​នៃ​គំរូ​នេះ និង​គំរូ​មកពី​ព្រះជន្ម​របស់​ព្រះអង្គសង្គ្រោះ​ដើម្បី​ដឹកនាំ​យើង​ក្នុង​ការអនុវត្ត​គំរូ​នេះ​នៅក្នុង​ជីវិត​របស់​យើង ។ ព័ត៌មាន​បន្ថែមទៀត​ស្ដីពី​ការចិញ្ចឹមបីបាច់​កូន ព័ត៌មាន​ជំនួយ​ការអនុវត្ត និង​ចម្លើយ​ចំពោះ​សំណួរ​ទូទៅ​ស្ដីពី​ការចិញ្ចឹមបីបាច់​កូន​មាននៅ​លើ​គេហទំព័រ family.ChurchofJesusChrist.org ។

១. បង្កើត​ទំនាក់ទំនង​គ្រួសារ​ដែល​ពេញ​ដោយ​ក្ដី​ស្រឡាញ់

គោលការណ៍​នេះ​រំឭក​យើង​ឲ្យ​ដាក់​អាទិភាព​លើ​ទំនាក់ទំនង​ដែល​ពេញ​ដោយ​ក្ដី​ស្រឡាញ់​ជាមួយនឹង​ព្រះវរបិតាសួគ៌ ព្រះអង្គ​សង្គ្រោះ និង​កូនៗ​របស់​យើង ។ ទំនាក់ទំនង​គ្រួសារ​ទាំងនេះ​មាន​សារៈសំខាន់​ខ្លាំងណាស់ ។ អត្តសញ្ញាណ និង​ទំនាក់ទំនង​ដ៏នៅ​អស់កល្ប​ជានិច្ច​របស់​កូនៗ​យើង​រីកចម្រើន​ចេញពី​សេចក្ដីពិត​ដ៏​សំខាន់​ដែលថា « មនុស្ស​ម្នាក់ៗ​សុទ្ធតែ​ជា​បុត្រា និង​បុត្រី​ខាង​វិញ្ញាណ​របស់​ព្រះមាតាបិតា​សួគ៌ ដូច្នេះហើយ​មនុស្ស​ម្នាក់ៗ​មាន​ចរិត និង​គោលដៅ​នៃព្រះ » ។

យើង​អាច​លើកទឹកចិត្ត​ពួកគេ​ឲ្យមក​ស្គាល់​ព្រះ និង​ព្រះយេស៊ូវគ្រីស្ទ​តាមរយៈ​សេចក្ដីជំនឿ ការអធិស្ឋាន ការសិក្សា​ព្រះគម្ពីរ និង​វិវរណៈ​ផ្ទាល់ខ្លួន​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ( សូម​មើល យ៉ូហាន ១៧:៣ ) ។ យើង​អាច​បណ្ដុះ​សេចក្ដីជំនឿ​ដោយ​ចិញ្ចឹមបីបាច់ « ការចង់ជឿ » ( អាលម៉ា ៣២:២៧ ) របស់​កូនៗ​យើង និង​ដោយ​ជួយ​ពួកគេ​ឲ្យ​ទទួល​អារម្មណ៍ពី​សេចក្ដីស្រឡាញ់​របស់​ព្រះ ។ វាគឺជា​រឿង​សំខាន់​ចំពោះ​កូនៗ​របស់​យើង​ដើម្បី​ដឹងថា ព្រះវរបិតាសួគ៌ និង​ព្រះអង្គសង្គ្រោះ​យល់​ពីពួកគេ​ទាំងស្រុង ស្រឡាញ់​ពួកគេ​យ៉ាង​ល្អឥត​ខ្ចោះ ហើយ​សព្វ​ព្រះទ័យ​ចង់​ជួយ​ពួកគេ​ឲ្យ​ទទួល​បាន​ជោគជ័យ ( សូម​មើល រ៉ូម ៨:៣៨–៣៩ ) ។​

ក្នុងនាម​ជា​ឪពុកម្តាយ វាគឺ​ជារឿង​សំខាន់​ដើម្បី​បង្កើត​ទំនាក់ទំនង​ដ៏​គួរឲ្យ​ស្រឡាញ់​ជាមួយ​នឹង​កូន​ម្នាក់ៗ​ដោយ​ពោរពេញ​ដោយ​ភាពកក់ក្ដៅ និង​ការយល់ចិត្ត ។ ការយល់​ដឹង​ពី​ទស្សនវិស័យ​របស់​កូនៗ​របស់​យើង និង​ការស្ដាប់​អ្វីដែល​ពួកគេ​និយាយ​ដោយ​ការគោរព វា​បង្កើត​ទំនាក់ទំនង​ដ៏​សុវត្ថិភាព និង​ពេញ​ដោយ​ក្ដី​ស្រឡាញ់ ។ កូនៗ​របស់​យើង​ចាំបាច់​ត្រូវដឹង​ថា យើង​មាន​ចំណាប់​អារម្មណ៍​ចំពោះ​ពួកគេ ខ្វល់ខ្វាយ​ពី​អារម្មណ៍​របស់​ពួកគេ និង​នៅក្បែរ​ដើម្បី​ជួយ​ពួកគេ ។ ការប្រាស្រ័យ​ទាក់ទង​ដ៏​យកចិត្ត​ទុកដាក់​របស់​យើង​ជាមួយ​នឹង​កូនៗ​របស់​យើង​ជួយ​ពួកគេ​ឲ្យ​អភិវឌ្ឍ​ទស្សនៈ​វិជ្ជមាន​ចំពោះ​ខ្លួន​ឯង ស្គាល់​គុណ​តម្លៃ​ដ៏នៅ​អស់កល្ប​ជានិច្ច​របស់​ខ្លួន និង​បង្កើត​ទំនាក់​ទំនង​ដ៏​ស្មោះស្ម័គ្រ​ជាមួយ​នឹង​ព្រះ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

លើសពីនេះ សមាជិក​គ្រួសារ​អាច​ជា​ការគាំទ្រ​យ៉ាងខ្លាំង​ដល់គ្នា​ទៅវិញ​ទៅមក​បាន ។ យើង​អាច​ពង្រឹង​ទំនាក់ទំនង​គ្រួសារ កាល​ដែល​យើង​ជួបជុំ​គ្នា​ដើម្បី​ភ្ជាប់​ទំនាក់ទំនង អធិស្ឋាន ប្រឹក្សា និង​កម្សាន្ត​សប្បាយ​ជាមួយគ្នា ។

មើល​ទៅ​ព្រះគ្រីស្ទ

ព្រះ​យេស៊ូវគ្រីស្ទ​បាន​ចែកចាយ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ម្តងម្នាក់ៗ តាមរយៈ​ទំនាក់ទំនង​ដែល​ផ្តល់​ឲ្យ​នូវ​ការមាន​ចំណែក សេចក្តី​សង្ឃឹម និង​ការ​ព្យាបាល ។ បន្ទាប់ពី​ព្រះ​យេស៊ូវ​បាន​បញ្ចប់​ការមាន​ព្រះបន្ទូល​ទៅ​កាន់​ពួក​សាសន៍​នីហ្វៃ​រួច​ហើយ ទ្រង់​បាន​ឈោង​ទៅជួយ និង​ផ្តល់​ការងារបម្រើ​ដោយ​ក្តី​មេត្តា និង​ដោយ​ផ្ទាល់​ដើម្បី​ព្យាបាល និង​ប្រទានពរ​ដល់​បុគ្គល​ម្នាក់ៗ ។ ទ្រង់ « បាន​យក​កូន​ក្មេង​របស់ [ ពួកគេ ] ម្ដង​ម្នាក់ៗ ហើយ​បាន​ប្រទាន​ពរ​ដល់​ពួក​វា ហើយ​បាន​អធិស្ឋាន​ដល់​ព្រះ​វរបិតា​សម្រាប់​ពួក​វា » ពេញ​ដោយ​ក្តីស្រឡាញ់ ( នីហ្វៃទី​៣ ១៧:២១ ) ។

ក្នុងនាម​ជា​ឪពុក ឬ​ម្ដាយ បងប្អូន​អាច​ផ្តល់​ពរដល់​កូនៗ​របស់​បងប្អូន​ដោយ​ការបង្កើត​ទំនាក់ទំនង​ដ៏​ពេញ​ដោយ​ក្តី​ស្រឡាញ់​ជាមួយ​ពួកគេ—ការមាន​ទំនាក់ទំនង​ដ៏​មាន​អត្ថន័យ​ម្តង​មួយៗ ។

គំនិត​សម្រាប់​ការ​បង្កើត​ទំនាក់ទំនង​គ្រួសារ​ដែល​ពេញ​ដោយ​ក្ដី​ស្រឡាញ់

  • សូម​ទាក់ទង​ជាមួយ​កូនៗ​របស់​បងប្អូន​ដោយ​ការស្តាប់​ដោយ​យកចិត្ត​ទុកដាក់ ដោយ​ឆ្លើយតប​ដោយ​ក្តី​ស្រឡាញ់ និង​ការធ្វើ​តាម​យោបល់​របស់​ពួកគេ​ដើម្បី​បំពេញ​តម្រូវការ​របស់​ពួកគេ ។

  • ពង្រឹង​សេចក្តី​ជំនឿ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ និង​លើកទឹកចិត្ត​ឲ្យ​មាន​ការអធិស្ឋាន និង​វិវរណៈ​ផ្ទាល់​ខ្លួន ដើម្បី​ពង្រឹង​ទំនាក់ទំនង​ដ៏​ទេវភាព​ទាំងនេះ ។

  • ថែរក្សា​ខ្លួន​របស់​បងប្អូន និង​អាពាហ៍​ពិពាហ៍​របស់​បងប្អូន ។ ការណ៍​នេះ​នឹង​ជួយ​បងប្អូន​ឲ្យ​មាន​ទំនាក់ទំនង​ជាមួយ​កូនៗ​របស់​បងប្អូន​កាន់តែ​ប្រសើរ និង​ដើម្បី​ធ្វើ​ជា​ម្តាយ ឬ​ឪពុក​ជាមួយ​ស្វាមី ឬភរិយា​របស់​បងប្អូន​ដោយ​សាមគ្គីភាព និង​ក្តី​ស្រឡាញ់ ក្នុងនាម​ជា​ដៃគូ​ស្មើភាព​គ្នា ។ ប្រសិនបើ​បងប្អូន​នៅ​លីវ សូម​ដឹកនាំ​គ្រួសារ​របស់​បងប្អូន​ដោយ​មាន​សេចក្តី​ជំនឿ និង​ទំនុកចិត្ត ។ សូម​ស្វែងរក​ការគាំទ្រ​បន្ថែមទៀត​ពី​អ្នកទាំងឡាយ​ដែល​បងប្អូន​ទុកចិត្ត ។

  • សូម​ពង្រឹង​សុវត្ថិភាព ការមានចំណែក និង​ភាពរីករាយ​នៅក្នុង​គេហដ្ឋាន​របស់​បងប្អូន ។

២. ចិញ្ចឹម​បីបាច់​ដល់​ការរៀនសូត្រ និង​ការរីកចម្រើន

រូបភាព
ឪពុកម្តាយ​កំពុង​និយាយ​ជាមួយ​កូនស្រី​របស់​ពួកគាត់

សូម​ចិញ្ចឹមបីបាច់​ការរីកចម្រើន​របស់​កូនៗ​របស់​បងប្អូន ដោយ​ការវាយ​តម្លៃ​លើ​បុគ្គលិកលក្ខណៈ​ពិសេស​របស់​ពួកគេ ផ្តល់​ក្តី​ស្រឡាញ់​ដែល​មិន​ប្រែប្រួល​ដល់​ពួកគេ និង​គាំទ្រ​ដល់​កិច្ចខិតខំ​របស់​ពួកគេ ។ ស្វែងយល់​ពី​ចំណុច​ដែល​កូន​របស់​បងប្អូន​កំពុង​ស្ថិតនៅ​ក្នុង​ការអភិវឌ្ឍ​របស់​ពួកគេ ហើយ​រៀបចំ​ជំនួយ​របស់​បងប្អូន​ឲ្យ​ត្រូវ​ទៅនឹង​តម្រូវការ​ជាក់លាក់​របស់​ពួកគេ ។ គំរូ ការបង្រៀន ការណែនាំ និង​ការលើកទឹកចិត្ត​គឺ​មាន​សារៈសំខាន់ ក្នុងការ​​ការចិញ្ចឹមបីបាច់​នូវ​សមត្ថភាព និង​ទំនុកចិត្ត​កូនៗ​របស់​បងប្អូន ។ សូម​ចេះឆ្ងល់ និង​មាន​ចិត្ត​អាណិត​អាសូរ នៅពេល​កូនៗ​របស់​បងប្អូន​រៀន​តាម​រយៈ​បទពិសោធន៍ ។

ការចិញ្ចឹម​បីបាច់​របស់​ឪពុកម្តាយ​ក៏​ត្រូវ​ចៀសវាង​ពី​ការទាមទារ​ពេក ការផ្តល់​សេរីភាព​ពេក ឬ​បណ្តាយ​ពេក​ផងដែរ ។ ការ​ផ្តល់​នូវ​ដែនកំណត់​សមរម្យ ទម្លាប់​ទៀងទាត់ និង​ការរំពឹងទុក​ដែល​សមហេតុផល​នឹង​ជំរុញ​ឲ្យ​មាន​ការលូតលាស់​ដល់​កូនៗ​របស់​បងប្អូន ។ ដូចជា​ព្រះវរបិតាសួគ៌​របស់​យើង​ដែរ ឪពុកម្តាយ​គួរតែ​ផ្តោត​ទៅលើ​ការជួយ​ដល់​ការរីកចម្រើន​របស់​កូនៗ​ពួកគេ ជាជាង​ផាសុកភាព​របស់​ពួកគេ ( សូម​មើល នីហ្វៃទី​២ ២៨:៣០; គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥០:២៤, ៤០ ) ។

ដឹកនាំ ណែនាំ និង​ដើរ​នៅជិត​កូនៗ​របស់​បងប្អូន​កាល​ដែល​ពួកគេ​រៀន​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​បង្រៀន​ពួកគេ​ពី​របៀប​ដើម្បី​ងាក​ទៅ​រក​ព្រះអង្គសង្គ្រោះ និង​ពឹងផ្អែក​ទៅលើ​ដង្វាយធួន​របស់​ទ្រង់​ដើម្បី​ជួយ​ពួកគេ​ឲ្យ​រីកចម្រើន ។ កូនៗ​របស់​បងប្អូន​នឹង​ស្វែងយល់​ពី​គំរូ​របស់​បងប្អូន​បន្តិចម្តងៗ និង​បទពិសោធន៍​របស់​ពួកគេ​ផ្ទាល់​ដែល​ពួកគេ « អាច​នឹង​ធ្វើ​គ្រប់​ទាំងអស់​បាន ដោយសារ​ព្រះ​គ្រីស្ទ » ដែល​ទ្រង់​ប្រទាន​ការអភ័យទោស និង​ពង្រឹង​ដល់​ពួកគេ ( ភីលីព ៤:១៣ ) ។ ការរីកចម្រើន និង​ការ​ផ្លាស់ប្តូរ​អាច​ជា​រឿង​ពិបាក និង​ត្រូវការ​ការអនុវត្ត​ជាច្រើន ។ ឪពុកម្តាយ​សុចរិត និង​ដែល​មាន​គោល​បំណង​ខិតខំ​បង្រៀន​កូនៗ​របស់​ពួកគាត់​មិនត្រឹម​តែ​ពី របៀប « ឲ្យ​ដើរ​តាម​ផ្លូវ​ទាំងឡាយ​ដែល​ពិត »​ ប៉ុណ្ណោះទេ ( ម៉ូសាយ ៤:១៥ ) ប៉ុន្តែ​ក៏​បង្រៀន​ពី មូលហេតុ ដែល​ពួកគេ​គួរតែ​ធ្វើ​ដូច្នោះ​ផងដែរ ។ សូម​ចិញ្ចឹមបីបាច់​ការយល់ដឹង​របស់​ពួកគេ និង​គាំទ្រ​ការប្រើប្រាស់​សិទ្ធិជ្រើសរើស​សុចរិត​របស់​ពួកគេ​នូវ​រាល់​ជំហាន​ដែល​ពួកគេ​ដើរ ។

មើល​ទៅ​ព្រះគ្រីស្ទ

ព្រះយេស៊ូវ​គ្រីស្ទ​ប្រទានអំណាច​ដល់​ការរីកចម្រើន​របស់​បងប្អូន ដោយ​ការមើល​ទៅ​លើ​សេចក្តីប្រាថ្នា​ដ៏​សុចរិត​នៃ​ដួងចិត្ត​របស់​បងប្អូន ហើយ​ជួយ​បងប្អូន​ឲ្យ​សម្រេច​សេចក្តី​ប្រាថ្នា​នោះ ( សូម​មើល សាំយូអែល ទី១ ១៦:៧; អេណុស ១:១២ ) ។ ព្រះអម្ចាស់​បាន​សួរ​ទៅពួកសិស្ស​របស់​ទ្រង់ « ម្ដង​ម្នាក់ៗ​ … ​តើ​អ្នក​រាល់​គ្នា​ប្រាថ្នា​អ្វី​ពី​យើង ? » ( នីហ្វៃ​ទី​៣ ២៨:១; សូម​មើល​ផងដែរ នីហ្វៃ​ទី​១ ១១:១–៣ ) ។ ការសញ្ជឹង​គិត​ពី​សំណួរ​នេះ​អាច​ជួយ​បងប្អូន​ឲ្យ​រកឃើញ និង​អភិវឌ្ឍ​អ្វី​ដែល​បងប្អូន​ឲ្យ​តម្លៃ​បំផុត ។ សូម​ពិចារណា​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ចិញ្ចឹមបីបាច់​ការរៀនសូត្រ និង​ការរីកចម្រើន​របស់​បងប្រុស​របស់​យ៉ារេឌ ដោយ​ការគោរព​សិទ្ធិ​ជ្រើសរើស​របស់​គាត់ ហើយ​សួរ​ថា « តើ​អ្នក​ចង់​ឲ្យ​យើង​ធ្វើ​អ្វី ? » ( អេធើរ ២:២៣ ) ។ ព្រះអម្ចាស់​បាន​គាំទ្រ​គាត់​ដោយ​ផ្តល់​ការណែនាំ​ដ៏​ជាក់លាក់​នៅពេល​ចាំបាច់ ប៉ុន្តែ​ក៏​ដោយ​ការលើក​ទឹកចិត្ត​គាត់​ឲ្យ​ដោះស្រាយ​រឿង​មួយ​ចំនួន​ដោយ​ខ្លួន​គាត់​ផ្ទាល់​ផងដែរ ។ ព្រះអង្គ​សង្គ្រោះ​មិន​បង្ខំ ឬ​គ្រប់គ្រង​បងប្អូន​ទេ ប៉ុន្តែ​ផ្ទុយទៅវិញ ទ្រង់បង្រៀន និង​បញ្ចុះបញ្ចូល​បងប្អូន​ឲ្យ​ប្រើ​សិទ្ធិជ្រើសរើស​របស់​បងប្អូន​រៀងៗខ្លួន​សម្រាប់​សេចក្តី​ល្អ ( សូម​មើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៨:២៦–២៨ ) ។

សូម​លើក​ទឹកចិត្ត​ដល់​ការរីកចម្រើន​របស់​កូនៗ​បងប្អូន​ដោយ​គាំទ្រ​សេចក្តី​ប៉ងប្រាថ្នា​ដ៏​សុចរិត​នៃ​ដួងចិត្ត​របស់​ពួកគេ—សំណួរ​ដ៏​ឈ្លាសវៃ​ម្តងមួយៗ ។

គំនិត​សម្រាប់​ការចិញ្ចឹម​បីបាច់​ដល់​ការរៀនសូត្រ និង​ការរីកចម្រើន

  • សូម​ចង្អុល​បង្ហាញ​កូនៗ​របស់​បងប្អូន​ទៅកាន់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បង្រៀន​ពួកគេ​ពី​របៀប​ដើម្បី​ទទួល​បាន​ព្រះចេស្តា​នៃ​ដង្វាយធួន​របស់​ទ្រង់ ។

  • សូម​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ដោយ​ផ្តល់​នូវ​សេចក្តី​ស្រឡាញ់ ការណែនាំ ការគាំទ្រ និង​សេចក្តី​មេត្តា​ករុណា នៅពេល​កូនៗ​របស់​បងប្អូន​រៀន​ធ្វើ​តាម​ទ្រង់ ។

  • សូម​បណ្តុះ​ការរីកចម្រើន​ដោយ​ការគាំទ្រ​ដល់​ការយល់ដឹង សមត្ថភាព សិទ្ធិជ្រើសរើស និង​ទំនុកចិត្ត​របស់​កូន​បងប្អូន ។

  • សូម​មក​រក​ព្រះគ្រីស្ទ​ដោយ​រៀន​ពី​ដំណឹងល្អ​របស់ទ្រង់ ហើយ​រៀន​រស់នៅ​តាម​ដំណឹងល្អ​ជាមួយគ្នា នៅពេល​បងប្អូន​រីកចម្រើន​តាម​មាគ៌ា​នៃ​សេចក្តីសញ្ញា​នេះ ។

៣. ស្ថាបនា​សាមគ្គីភាព និង​ភាពខ្លាំង​តាមរយៈ​ការបម្រើ

រូបភាព
គ្រួសារ​មួយ​កំពុង​យក​អាហារ​ទៅ​ជូន​គ្រួសារ​មួយ​ទៀត

« ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​សិស្ស​របស់​ទ្រង់​ឲ្យ « ស្រឡាញ់​គ្នា ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ » ( យ៉ូហាន ១៣:៣៤ ) ។ នៅពេល​បងប្អូន​លួងលោម លើកស្ទួយ និង​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក នោះ​បងប្អូន​កំពុង​ផ្សព្វផ្សាយ​សេចក្ដី​ស្រឡាញ់​ដ៏​បរិសុទ្ធ​របស់​ព្រះគ្រីស្ទ ហើយ​ក្លាយ​កាន់តែ​ដូចជា​ទ្រង់ ។ ព្រះ​ក៏​ប្រទាន​ឱកាស​ដ៏​មាន​តម្លៃ​ជា​ច្រើន​សម្រាប់​កូនៗ​របស់​បងប្អូន​ដើម្បី​រៀន និង​រីកចម្រើន​ដោយ​ការ​ចូលរួម​ក្នុង​កិច្ចការ​របស់​ទ្រង់ និង​បំពេញ​ការ​សន្យា​របស់​ពួកគេ​ក្នុង​ការបម្រើ​អ្នក​ដទៃ​ផងដែរ ( សូម​មើល ម៉ូសេ ១:៣៩; ម៉ូសាយ ១៨:៧–១១ ) ។ ការចែកចាយ​សេចក្តី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ និង​ការបញ្ចេញ​ពន្លឺ​របស់​ទ្រង់ ផ្លាស់ប្តូរ​ពួកគេ និង​អស់អ្នក​ដែល​ពួកគេ​បម្រើ ។

គ្រួសារ​របស់​បងប្អូន​ក៏​ទទួល​បាន​អត្ថប្រយោជន៍​ផងដែរ​ពី​ការធ្វើ​ជា​សមាជិក​ក្នុង​វួដ ឬ​សាខា​ដែល​កូនៗ​របស់​បងប្អូន​ផ្តល់ និង​ទទួល​បាន​ក្ដីស្រឡាញ់ និង​ការគាំទ្រ ។ ចងក្រង​ចិត្ត​របស់​បងប្អូន « រួម​គ្នា​ដោយ​សាមគ្គី ហើយ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក » ( ម៉ូសាយ ១៨:២១ ) ត្បាញ​បណ្តាញ​នៃ​ទំនាក់ទំនង​គាំទ្រ និង​បទពិសោធន៍​វិជ្ជមាន​ដែល​ពង្រឹង​គ្រួសារ​របស់​បងប្អូន ។ ពេល​បងប្អូន​បម្រើ​អ្នក​ដទៃ​ដោយ​សេចក្ដី​ស្រឡាញ់​ដូច​ជា​ព្រះគ្រីស្ទ នោះ​បងប្អូន​អាច​ជួយ​ស្ថាបនា​ក្រុង​ស៊ីយ៉ូន​ក្នុង​គ្រួសារ​របស់​បងប្អូន និង​ក្នុង​សង្គម​ទាំងមូល​ផងដែរ ( សូម​មើល ម៉ូសេ ៧:១៨ ) ។

សូម​បង្រៀន​កុមារ​ថា ការបម្រើ​អាច​ជា​ការអនុវត្ត​ប្រចាំថ្ងៃ មិនមែនជា​គម្រោង​ដែល​នៅ​ដាច់​ដោយ​ឡែក​ឡើយ ។ ការខិតខំ​បម្រើ​គ្នាទៅ​វិញទៅ​មក​នឹង​ជួយ​កុមារ និង​យុវជន​ឲ្យ​រកឃើញ​ជីវិត​កាន់តែ​ពេញលេញ ពេល​ពួកគេខ្វល់ខ្វាយ​ពី​តម្រូវការ​អ្នកដទៃ ជាជាង​តម្រូវការ​ផ្ទាល់​ខ្លួន ។ របៀប​ដែល​ការ​ស្ថាបនា​ក្រុង​ស៊ីយ៉ូន​បង្កើត​ប្រជាជន​ក្រុង​ស៊ីយ៉ូន មាន​ភាពអស្ចារ្យ​ណាស់ ។

មើល​ទៅ​ព្រះគ្រីស្ទ

ព្រះអង្គ​សង្គ្រោះ​បាន​អញ្ជើញ​យើង​ម្នាក់ៗ​ឲ្យ​ចេះ​ស្រឡាញ់​គ្នា និង​បម្រើ​គ្នា​ទៅវិញ​ទៅមក ( សូម​មើល យ៉ូហាន ១៣:៣៤–៣៥  ) ។ ការ​ចូលរួម​នៅ​ក្នុង​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះវរបិតាសួគ៌​ពង្រឹង និង​ផ្លាស់ប្ដូរ​យើង ។ ការ « នៅក្នុង​កិច្ចការ​​របស់​ព្រះវរបិតា [ ទ្រង់ ] »​ ​( លូកា ២:៤៩ ) គឺជា​ផ្នែក​មួយ​នៃ​ការរីកចម្រើន​ដែល​ព្រះយេស៊ូវ​បាន​មាន​ពិសោធន៍​នៅ​ក្នុង​យុវវ័យ​របស់​ទ្រង់ កាល​ទ្រង់ « កាន់​តែ​ធំ​ប្រកប​ដោយ​ប្រាជ្ញា​រឹតតែ​ច្រើន​ឡើង ហើយ​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ព្រះ និង​ចិត្ត​មនុស្ស​ផង » ( លូកា ២:៥២ ) ។

គ្រួសារ​របស់​បងប្អូន​ចូលរួម​នៅ​ក្នុង​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ និង​ភាពតម្កើង​ឡើង​របស់​ព្រះ​ដោយ​ការ​រស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ មើលថែ​ដល់​អ្នក​ខ្វះខាត អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួល​យក​ដំណឹងល្អ និង​បង្រួប​បង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្ប​ជានិច្ច ។

សូម​ចិញ្ចឹមបីបាច់​ការរីកចម្រើន​របស់​កូនៗ​បងប្អូន​ដោយ​បង្រួប​បង្រួម​នៅ​ក្នុង « កិច្ចការ​ដ៏​ធំ » របស់​ព្រះ ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៤:៣៣ )—គឺ​ទង្វើ​នៃ​ការបម្រើ​ដែល​ពេញ​ដោយ​ក្ដី​ស្រឡាញ់​ម្តង​មួយៗ ។

គំនិត​សម្រាប់​ស្ថាបនា​សាមគ្គីភាព និង​ភាពខ្លាំង​តាមរយៈ​ការបម្រើ

  • បង្ហាញ​សេចក្ដីស្រឡាញ់​របស់​បងប្អូន​ចំពោះ​ព្រះ ហើយ​មក​ស្គាល់​ទ្រង់​កាន់​តែ​ប្រសើរ​តាមរយៈ​ការ​ស្រឡាញ់ និង​ការ​បម្រើ​ដល់​បុត្រាបុត្រី​របស់​ទ្រង់ ។

  • ស្រឡាញ់​គ្នាទៅវិញ​ទៅមក​ដោយ​ធ្វើ​ការងារ​បម្រើ​ដល់​មនុស្ស​នៅ​ជុំវិញ​ខ្លួន​របស់​បងប្អូន ហើយ​មើល​ថែ​ដល់​អស់អ្នក​ដែល​ខ្វះខាត ។

  • ប្រមូល​ផ្ដុំ​អ៊ីស្រាអែល​ដោយ​ចែកចាយ​ដំណឹងល្អ ស្រាវជ្រាវ​ពង្សប្រវត្តិ​របស់​បងប្អូន បម្រើ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ជួយ​មនុស្ស​ដទៃ​ឲ្យ​ចុះ និង​រក្សា​សេចក្ដីសញ្ញា​ដ៏​ពិសិដ្ឋ​ទាំងឡាយ ។

  • ស្ថាបនា​សាមគ្គីភាព និងភាពខ្លាំង​ដោយ​ការផ្ដល់​សេចក្ដីស្រឡាញ់ ការបង្កើត​អារម្មណ៍​នៃ​ការ​មាន​ចំណែក និង​ការគាំទ្រ​គ្នា​ទៅវិញ​ទៅមក ។

ការអនុវត្ត​គំរូ​នោះ​នៅ​ក្នុង​គេហដ្ឋាន​របស់​បងប្អូន

គោលការណ៍​ណែនាំ​ទាំងនេះ​អាច​ជួយ​​ឲ្យ​ផ្ដោត​លើ​ការចិញ្ចឹម​បីបាច់​កូនរ​បស់​បងប្អូន​ជារៀងរាល់ថ្ងៃ ។ ឧទាហរណ៍ នៅថ្ងៃ​នេះ​បងប្អូន​អាច​ពិចារណា​ពី​របៀប​ដែល​បងប្អូន​អាច បង្កើត ទំនាក់ទំនង​កាន់​តែ​ពេញ​ដោយ​ក្ដី​ស្រឡាញ់​ដោយ​ចេតនា​ពិត ចិញ្ចឹម​បីបាច់ ការរៀនសូត្រ ឬ ពង្រឹង​ មនុស្ស​ផ្សេងទៀត ។ ការអនុវត្ត​តាម​គំរូ​នេះ​អាច​ពង្រីក​ការ​រៀនសូត្រ​ដំណឹងល្អ បណ្ដុះ​ការរីកចម្រើន​ផ្ទាល់ខ្លួន​របស់​កូនៗ​បងប្អូន ហើយ​លើក​ទឹកចិត្ត​ឲ្យ​ផ្ដោត​​ទៅលើ​រឿងល្អៗ​ដែល​កំពុង​កើតឡើង​នៅជុំវិញ ដែល​នឹង​លើក​ស្ទួយ ហើយ​ផ្ដល់​ពរ​ដល់​គ្រួសារ​របស់​បងប្អូន ។ ការអនុវត្ត​គោលការណ៍​ទាំងនេះ​ក៏​អាច​កែលម្អ​ការប្រើប្រាស់​ធនធាន​សាសនាចក្រ​ដែល​ផ្ដោត​ទៅលើ​គេហដ្ឋាន​របស់​បងប្អូន​ផង​ដែរ ដូចជា ចូរ​មក​តាម​ខ្ញុំ និង​កម្មវិធី​កុមារ និង​យុវវ័យ ។

មាន​របៀប​ជាច្រើន​ដើម្បី​អនុវត្ត​គោលការណ៍​នៃ​គំរូ​នេះ ។ សូម​មាន​ភាព​បត់បែន ហើយ​ស្វែង​រក​វិវរណៈ​ផ្ទាល់​ខ្លួន​ដើម្បី​សម្រប​វា​ទៅ​តាម​តម្រូវការ​នៃ​គ្រួសារ​របស់​បងប្អូន ។ គំរូ « បង្កើត ចិញ្ចឹមបីបាច់ ស្ថាបនា » នេះ មិន​សំខាន់​ទៅ​លើ​ការ​ធ្វើ​កិច្ចការ​ច្រើន​នោះទេ ។ ខណៈដែល​មាន​រឿង​ជាច្រើន​ដែល​បងប្អូន​ទទួល​បាន​ការ​បំផុស​គំនិត​ឲ្យ​បន្ថែម​ទៅ​នឹង​អ្វី​ដែល​បងប្អូន​កំពុង​ធ្វើ​បច្ចុប្បន្ន គំរូ​នេះ​គឺ​មាន​បំណង​ដើម្បី​ជួយ​បងប្អូន​ឲ្យ​ចំណាយ​ពេល​ដែល​បងប្អូន​មាន​រួម​គ្នា ឲ្យ​មាន​ប្រយោជន៍​បំផុត ។

នៅពេល​បងប្អូន​ធ្វើ​អ្វីមួយ​ដើម្បី បង្កើត ទំនាក់ទំនង​ពេញ​ដោយ​ក្ដី​ស្រឡាញ់ ចិញ្ចឹម​បីបាច់ ដល់​ការរៀនសូត្រ និង​ការរីកចម្រើន ឬ ស្ថាបនា សាមគ្គីភាព និង​ភាពខ្លាំង​តាមរយៈ​ការ​បម្រើ នោះ​បងប្អូន​កំពុង​ចាក់​គ្រឹះ​ដ៏​រឹងមាំ​ចំពោះ​រឿង​គ្រប់យ៉ាង​ដែល​បងប្អូន​ធ្វើ​នៅក្នុង​គេហដ្ឋាន​របស់​បងប្អូន ។

ឪពុកម្តាយ​ល្អ​គឺជា​មនុស្ស​ដែល​អាច​ទុក​ចិត្ត​បាន ប៉ុន្តែ​មិនល្អ​ឥតខ្ចោះទេ

វា​ជា​ការសំខាន់​ដែលត្រូវ​ចងចាំ​ថា បងប្អូន​មិន​ចាំបាច់​ត្រូវ​មានភាព​ល្អឥតខ្ចោះ​ដើម្បី​ធ្វើ​ជា​ឪពុកម្តាយ​ល្អ​នោះទេ ។ ផ្ទុយទៅវិញ សូម​ខិតខំ​ធ្វើ​ជា​ប្រភព​នៃ​សេចក្ដី​ស្រឡាញ់ និង​ការ​គាំទ្រ​ដែល​អាច​ទុក​ចិត្ត​បាន​សម្រាប់​កូនៗ​របស់​បងប្អូន ។ ការ​ចូលរួម​យ៉ាង​សាមញ្ញ​ជាមួយ​នឹង​កូន​របស់​បងប្អូន​តាម​វិធី​តូចតាច​អាច​ធ្វើ​ឲ្យ​មាន​ភាព​ខុស​ប្លែក​ដ៏​ធំ​មួយ ។

នៅពេល​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត​ក្នុង​ការចិញ្ចឹមបីបាច់​កូន នោះត្រូវ​ដក​ដង្ហើម​មួយៗ សម្រួល​ឥរិយាបថ និង​បន្ត​ខិតខំ​តទៅទៀត ។ បងប្អូន​អាច​ឆ្ពោះ​ទៅ​មុខ​ដោយ​សេចក្ដីជំនឿ​ដោយ​ដឹង​ថា ព្រះអង្គ​សង្គ្រោះ​យក​ព្រះទ័យ​ទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​បងប្អូន និង​កូនៗ​របស់​បងប្អូន ហើយ​ទ្រង់​តម្កើង​ការខិតខំ​ដ៏​ស្មោះ និង​បំណង​ប្រាថ្នា​ដ៏​សុចរិត​របស់​បងប្អូន ។

សេចក្ដីសង្ឃឹម​នៅ​ក្នុង​ព្រះគ្រីស្ទ

ពេល​បងប្អូន​ខិតខំ​ខ្ជាប់ខ្ជួន​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​លទ្ធភាព​របស់​ខ្លួន​ដើម្បី​ស្រឡាញ់ ចិញ្ចឹម​បីបាច់ និង​ពង្រឹង​កូន​ម្នាក់ៗ ម្ដង​មួយៗ នោះ​បងប្អូន និង​គ្រួសារ​របស់​បងប្អូន​អាច​មាន​សេចក្ដីសង្ឃឹម​លើ​ព្រះគ្រីស្ទ ដោយសារ​តែ​ការសន្យា​ដ៏​នៅអស់កល្ប​ជានិច្ច​របស់​ទ្រង់​ចំពោះ​បងប្អូន​ថា « កុំ​ឲ្យ​ខ្លាច​ឡើយ កូន​ក្មេង​តូច​អើយ ដ្បិត​អ្នក​រាល់​គ្នា​ជា​របស់​ផង​យើង ហើយ​យើង​បាន​ឈ្នះ​លើ​លោកិយ​ហើយ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥០:៤១ ) ។