២០២២
មាន​សេចក្ដីសង្ឃឹម !
ខែ កញ្ញា ឆ្នាំ ២០២២


« មាន​សេចក្ដីសង្ឃឹម » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២២

សូម​ស្វាគមន៍​មក​កាន់​ច្បាប់​នេះ

មាន​សេចក្ដីសង្ឃឹម !

រូបភាព
ឪពុកម្តាយ​កំពុង​និយាយ​ជាមួយ​កូនស្រី​របស់​ពួកគាត់

មិនថា​យើង​ប្រឈមមុខ​នឹង​ឧបសគ្គ​អ្វី​នោះ​ទេ ព្រះ​យេស៊ូវ​គ្រីស្ទ​គឺជា​សេចក្តី​សង្ឃឹម​របស់​យើង ។ អែលឌើរ រ៉ូណល អេ រ៉ាសបាន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​បង្កើត​ប្រធានបទ​សម្រាប់​ច្បាប់​ប្រចាំ​ខែ​នេះ​ជាមួយ​នឹង​សេចក្តីពិត​ដ៏​ស្រស់​ស្អាត​នោះ​នៅក្នុង​អត្ថបទ​ថ្មី​របស់​លោក « សេចក្ដី​សង្ឃឹម និង​ការលួងលោម​នៅក្នុង​ព្រះគ្រីស្ទ » ( ទំព័រ ៤ ) ។

ចំពោះ​ឪពុកម្តាយ​ជាច្រើន សារលិខិត​នៃ​សេចក្ដីសង្ឃឹម​នោះ​គឺជា​សេចក្តី​ត្រូវការ​ជាពិសេស​កាល​ដែល​ពួកគាត់​ខិតខំ​អស់ពី​សមត្ថភាព​ដើម្បី​ចិញ្ចឹម​បីបាច់​កូនៗ​របស់​ពួកគាត់​នៅក្នុង​ពិភពលោក​ដ៏​លំបាក​មួយ​នេះ ។ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖ « មារសត្រូវ​កំពុង​បង្កើន​ការ​វាយ​ប្រហារ​របស់​វា​ទៅ​លើ​សេចក្ដីជំនឿ​មក​លើ​យើង និង​ក្រុមគ្រួសារ​ក្នុង​អត្រា​ដ៏​លឿន ។ ដើម្បី​រស់រាន​ខាង​វិញ្ញាណ យើង​ត្រូវ​ការ​យុទ្ធសាស្ត្រ​វាយ​បក និង​ផែនការ​ទុក​ជា​មុន » ( « Opening Remarks » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៧ ) ។ ដើម្បី​ជួយ​គាំទ្រ​ដល់​ការងារ​ដ៏​ពិសិដ្ឋ​របស់​ឪពុកម្តាយ សាសនាចក្រ​បន្ត​ខិតខំ​ដើម្បី​ផ្តល់​ជូន​នូវ​ធនធាន​ទាំងឡាយ​ដែល​ពាក់ព័ន្ធ និង​មាន​អត្ថប្រយោជន៍ ។

នៅក្នុង​ច្បាប់​ខែ​នេះ សហនិពន្ធ​របស់​ខ្ញុំ និង​ខ្ញុំ​សូម​ចែកចាយ​គំរូ​សម្រាប់​ឪពុកម្តាយ​ដែល​នាំមក​នូវ​គោលការណ៍​ដំណឹងល្អ និង​យុទ្ធសាស្រ្ត​អនុវត្ត​ជាក់ស្តែង​ដែល​អាច​ជួយ​ឪពុក​ម្តាយ​ឲ្យ​បង្កើត​ទំនាក់ទំនង​ដ៏​រឹងមាំ​ជាមួយ​កូនៗ​របស់​ពួកគាត់ ចិញ្ចឹម​បីបាច់​សេចក្តី​ជំនឿ​របស់​ពួកគេ និង​ស្ថាបនា​សាមគ្គីភាព ( សូម​មើល « គំរូ​ដ៏​មាន​អានុភាព​សម្រាប់​ការធ្វើ​ជា​ឪពុកម្តាយ » នៅលើ ទំព័រ ១០ ) ។

ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ដឹកនាំ​យើង​ទៅ​រក​សេចក្ដីសង្ឃឹម និង​ជំនួយ ដែល​យើង​ត្រូវការ ។ អែលឌើរ ហូសេ អេ តិក្សេរ៉ា នៃ​ពួកចិត​សិបនាក់​បង្រៀន​អំពី​របៀប​ដែល​យើង​អាច​ទទួល​សេចក្តី​ណែនាំ​ដ៏​សន្ធឹក​សន្ធាប់​ថែមទៀត​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង « ជ្រើសរើស​ដើម្បី​មាន​គំនិត​ខាងវិញ្ញាណ » ( ទំព័រ ៤០ ) ។

ពួកយើង​សង្ឃឹមថា ច្បាប់​នេះ​ជួយ​បងប្អូន និង​គ្រួសារ​របស់​បងប្អូន​ឲ្យ​រកឃើញ​សេចក្តីសង្ឃឹម មាន​អារម្មណ៏​នៃ​សេចក្តីស្រឡាញ់​កាន់តែ​ច្រើន​ឡើង ហើយ​ដក​ពិសោធន៍​នូវ​អំណរ​ដ៏​កាន់តែ​មហិមា ។

ដោយ​ក្ដី​ស្មោះស្ម័គ្រ

ម៉ារីន ដេនស៍ បណ្ឌិត​ផ្នែក​ច្បាប់

អ្នក​ជំនាញ​ផ្នែក​គោលនយោបាយ​ក្រុមគ្រួសារ​ពិភពលោក និង​កម្មវិធី​អភិវឌ្ឍ