២០១៥
សេចក្តីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច
December 2015


សេចក្តីសញ្ញាថ្មី ហើយ​អស់កល្ប អស់កាលជានិច្ច

នៅពេល​យើង​យល់ ហើយ​រស់នៅ​តាម​សេចក្ដី​សញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច នោះ​យើង​នឹង​គ្រង​មរតក​នៃ​ជីវិត​ដ៏​នៅ​អស់​កល្បជានិច្ច ។

រូបភាព
illustration of space and stars

រចនារូបថតនៃពិធីបញ្ជាក់ដោយ សារ៉ា ខារ៉ាប៊ីន ជេនសុន រូបថត​របស់​គូស្វាមី​ភរិយា​នៅ​មុខ​ព្រះវិហារ​បរិសុទ្ធ ឡូស អាន់ជើឡែស ដោយ ជើរី ហ្គន រូបភាពផ្ទៃខាងក្រោយមកពី ISTOCK/THINKSTOCK

គោលបំណង​នៃ​ជីវិត​នេះ

មនុស្ស​ម្នាក់ៗ​គឺ​ជា​បុត្រា ឬ បុត្រី​ដ៏​ជា​ទីស្រលាញ់​របស់​ព្រះមាតាបិតាសួគ៌ ។ ផែនការ​នៃ​សេចក្តី​សង្គ្រោះ​របស់​ព្រះវរបិតាសួគ៌ ផ្តល់​ឱកាស​ដល់​បុគ្គល​ម្នាក់ៗ​ឲ្យ​ទទួល​ជីវិត​ដ៏​នៅអស់​កល្ប​ជានិច្ច ដែល​ជា​ជីវិត​ដែល​មាន​ព្រះ​ដឹកនាំ ។ គ្មាន​អំណោយទាន​ណា​មហិមា​ជាង​នេះ​ឡើយ ។ ចំណេះដឹង​នៃ​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​ពន្យល់​ពី​គោលបំណង​នៃ​ជីវិត​នេះ បើសិន​យើង​ជ្រើសរើស​ធ្វើ​ដូច្នេះ នោះ​យើង​នឹងត្រូវ​បាន​ដឹកនាំ​ឲ្យ​ធ្វើការ​សម្រេចចិត្ត ដោយ​មាន​ទស្សនវិស័យ​អស់កល្ប​ជានិច្ច​មួយ ។

ផែនការ​នេះ និង អ្វីៗ​ដែល​ទាក់ទង​នឹង​ជីវិត​រមែង​ស្លាប់​ត្រូវបាន​ពន្យល់​ប្រកប​ដោយ​អានុភាព​នៅក្នុង​អត្ថបទ​ លីអាហូណា ខែ តុលា ឆ្នាំ ២០១៥ ស្តី​ពី​ប្រធានបទ​នេះ​ដោយ​អែលឌើរ រ៉ូបឺត ឌី ហែល នៃ​កូរ៉ុម​នៃ​ពួកដប់ពីរ​នាក់ ។ ជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​ទ្រង់ ព្រះវរបិតា​បាន​បង្កើត​សេចក្តីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់​កាល​ជានិច្ច ដែល​ធ្វើ​ឲ្យ​បុត្រា និង បុត្រី​របស់​ទ្រង់​ត្រឡប់​ទៅកាន់​វត្តមាន​របស់​ទ្រង់ ហើយ​គ្រង​មរតក​នៃ​ជីវិត​ដ៏​អស់កល្ប​ជានិច្ច ។

នៅក្នុង​បុព្វកថា​របស់​ទ្រង់​ចំពោះ​ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្តីសញ្ញា​ព្រះអម្ចាស់​មាន​បន្ទូល ៖ « ហេតុដូច្នេះហើយ យើង​ជា​ព្រះអម្ចាស់ ដោយ​ជ្រាប​នូវ​គ្រោះ​ដែល​នឹង​មាន​មកលើ បណ្តាជន​ទាំងឡាយ​នៅលើ​ផែនដី​នោះ​បានហៅ​យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ ជា​អ្នក​បម្រើ​របស់​យើង ហើយ​បាន​និយាយ​មក​កាន់​លោក​ពី​លើ​ស្ថានសួគ៌ …

« ដើម្បី​ឲ្យ​សេចក្តីសញ្ញា​ដ៏​អស់កល្ប​អស់​កាល​ជានិច្ច​របស់​យើង​អាច​បាន​តាំង​ឡើង » ។

ជាញឹកញាប់​សេចក្តីសញ្ញា​នេះ​គឺ​ព្រះអម្ចាស់​សំដៅ​លើ « សេចក្តីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច » ដែល​ដាក់​បញ្ចូល​នូវ​ភាពពោរពេញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ រួមមាន​ទាំង​ពិធីបរិសុទ្ធ និង សេចក្តីសញ្ញា​ទាំងអស់​ដែល​ចាំបាច់​សម្រាប់​សេចក្តីសង្គ្រោះ​នៃ​មនុស្ស​លោក ។ ទោះបី​ជា​ការតាំងឡើង​នូវ​សេចក្តីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច​លើ​ផែនដី​នេះ គឺ​ជា​គោលបំណង​ចម្បង​នៃ​ការស្តារឡើង​វិញ​ក្តី ក៏​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​មួយ​ចំនួន​ពុំ​យល់​ពី​សារៈសំខាន់​នៃ​សេចក្តីសញ្ញា និង ការសន្យា​អំពី​អ្វីៗ​ដែល​ល្អ​ដែល​ប្រទាន​មក​ដល់​អស់​អ្នក​ដែល​នៅជាប់​នៅក្នុង​សេចក្តីសញ្ញា​ទាំង​នោះ​ឡើយ ។ គោលបំណង​នៃ​អត្ថបទ​នេះ​គឺ​ដើម្បី​ជួយ​យើង​ម្នាក់ៗ​ឲ្យ​យល់ ហើយ​រស់នៅតាម​សេចក្ដីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច ដើម្បី​ឲ្យ​យើង​អាច​នឹង​គ្រង​មរតក​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ អត្ថបទ​នេះ​ក៏​នឹង​ពន្យល់​ផងដែរ​ពី​របៀប​មួយ​នៃ​ពិធី​បរិសុទ្ធ និង សេចក្តីសញ្ញា​នៃ​ដំណឹង​ល្អ​ដែល​សំខាន់​បំផុត — អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់​កល្បជានិច្ច — ដែល​ជា​ផ្នែក​មួយ​នៃ​សេចក្តីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច​នៃ​ដំណឹង​ល្អ ។

អត្ថន័យ និង គោលបំណង​នៃ​សេចក្តីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច

អត្ថន័យ​នៃ​សេចក្តីសញ្ញា​នៅក្នុង​ដំណឹងល្អ​មានន័យ​ថា ជា​ការព្រមព្រៀង​មួយ ជា​កិច្ចសន្យា ឬ ជា​ការយល់​ព្រម​មួយ​រវាង​ព្រះ និង មនុស្ស​ម្នាក់ ( ឬ ច្រើន​នាក់ ) ដែល​ទទួល​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​ដែល​ធ្វើ​ឡើង​ដោយ​នរណា​ម្នាក់ ដែល​មាន​សិទ្ធិអំណាច​បព្វជិតភាព ហើយ​យល់ព្រម​តាម​លក្ខខណ្ឌ​នៃ​សេចក្តីសញ្ញា​ដែល​ពាក់ព័ន្ធ ។ លក្ខខណ្ឌ​ទាំងនេះ​ត្រូវបាន​តាំង​ឡើង​ដោយ​ព្រះ ។

រូបភាព
Deacons passing the sacrament to a Filipino congregation.

សេចក្តីសញ្ញ​ថ្មី ហើយ​ដ៏​នៅ​អស់​កល្ប​អស់កាល​ជានិច្ច​នេះ « គឺ​ជា​លទ្ធផល​សរុប​នៃ​សេចក្តីសញ្ញា និង កាតព្វកិច្ច​ទំាងឡាយ​នៃ​ដំណឹង​ល្អ » ដែល​បាន​ប្រទាន​ឲ្យ​តាំង​ពី​បុរាណ ហើយ​ត្រូវបាន​ស្តារ​ឡើង​វិញ​ម្តង​ទៀត​នៅលើ​ផែនដី​នៅ​ថ្ងៃចុងក្រោយ​នេះ ។ ការណ៍​នេះ​បាន​ពន្យល់​នៅ​ក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៦:២ ៖ « យើង​បា្រប់​អ្នក​ជាប្រាកដ​ថា អ្នក​មាន​ពរ​ហើយ ដែល​បាន​ទទួល សេចក្តីសញ្ញា​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​យើង គឺជា​ភាពពោរពេញ​នៃ​ដំណឹងល្អ​របស់​យើង ដែល​បាន​ចាត់​ឲ្យ​ចេញ​ទៅ​ដល់​កូនចៅ​មនុស្ស ប្រយោជន៍​ឲ្យ​ពួកគេ​អាច​មាន​ជីវិត ហើយ​អាច​បាន​ទៅ​ជា​ពួកអ្នក​មាន​ចំណែក​ក្នុង​សិរីល្អ​ទាំងឡាយ​ដែល​នឹង​ត្រូវបាន​បើក​សម្តែង នៅក្នុង​គ្រា​ចុងក្រោយ​បង្អស់​ដូចដែល​បាន​សរសេរ​ទុក​ដោយ​ពួកព្យាការី និង ពួក​សាវក​សម័យ​បុរាណ » ។១០ ដោយសារ​សេចក្តីសញ្ញា​នេះ​ត្រូវបាន​ស្តារឡើង​វិញ​នៅក្នុង​សម័យ​កាន់កាប់​ត្រួតត្រា​ចុងក្រោយ​នេះ ដូច្នេះ​វា​គឺ​ជា​សេចក្តីសញ្ញា « ថ្មី » ហើយ​ដោយសារ​វា​គ្មាន​ទីបញ្ចប់១១ នោះ​វា​គឺ​ « នៅ​អស់កល្ប​ជានិច្ច » ។

នៅក្នុង​ព្រះគម្ពីរ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទាំង​សេចក្តីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច « នេះ » និង សេចក្តីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច​« មួយ » ។ ឧទាហរណ៍​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២២:១ទ្រង់​បាន​មាន​ព្រះបន្ទូល​សំដៅ​លើ​ពិធីបុណ្យ​ជ្រមុជទឹក​ថា​ជា​សេចក្តីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ចមួយ ដែល​មាន​តាំង​ពី​ដើម​ដំបូង​មក​ម្ល៉េះ » ។ នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:៤ព្រះអម្ចាស់​ក៏​សំដៅ​លើ​អាពាហ៍ពិពាហ៍​អស់កល្ប​ជានិច្ច​ថា​ជា « សេចក្តីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ចមួយ ដែរ » ។ នៅពេល​ទ្រង់​មាន​បន្ទូល​ពី​សេចក្តីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច « មួយ » ទ្រង់​មាន​បន្ទូល​ពី​សេចក្តីសញ្ញា​មួយ​នៃ​សេចក្តីសញ្ញា​ជាច្រើន ដែល​បាន​បញ្ចូល​ដោយ​ដំណឹង​ល្អ​របស់​ទ្រង់ ។

នៅពេល​ព្រះអម្ចាស់​មាន​បន្ទូល​ជា​ទូទៅ​អំពី សេចក្តីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច « នេះ » នោះ​ទ្រង់​កំពុង​មាន​ព្រះបន្ទូល​ពី ភាពពោរពេញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ដែល​មាន​ក្តោប​ទាំង​ពិធីបរិសុទ្ធ និង សេចក្តីសញ្ញា​ទាំងឡាយ​ដែល​ចាំបាច់​សម្រាប់​សេចក្តី​សង្គ្រោះ និង ភាពតម្កើង​ឡើង​នៃ​មនុស្ស​លោក ។ ពិធីបុណ​ជ្រមុជទឹក និង អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច​ពុំ​មែន​ជា​សេចក្តីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច « នេះ » ឡើយ ផ្ទុយ​ទៅវិញ​វា​គឺ​ជា​ផ្នែក​មួយៗ​នៃ​សេចក្តីសញ្ញា​ទាំងមូល ។

អស់​អ្នក​ទាំងឡាយ​ណា​ដែល​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត នៅក្នុង​សេចក្តីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច​នេះ​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច

ពរជ័យ​ដ៏​មហិមា និង អស់កល្ប​ជានិច្ច​ត្រូវបាន​សន្យា​ប្រទាន​ដល់​អស់​អ្នក​ណា​ដែល​ទទួល ពិធីបរិសុទ្ធ​នៃ​ដំណឹង​ល្អ​ដែល​បាន​ធ្វើ​ឡើង​ដោយ​សិទ្ធិ​អំណាច​បព្វជិតភាព​ត្រឹមត្រូវ ហើយ​ផ្សារភ្ជាប់​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្តីសញ្ញា១២ ហើយ​ជា​អ្នក​ដែល​បាន​រក្សា​សេចក្តីសញ្ញា​ដ៏​ពិសិដ្ឋ​ដែល​ទាក់ទង​ជាមួយ​ពិធីបរិសុទ្ធ​ទាំងនោះ ។ ពរជ័យ​ទាំង​នេះ​រួម​មាន​ការអភ័យទោស​ពី​អំពើបាប១៣ អំណាច​នៃ​ព្រះ១៤ និង មាន​ភាព​ជាដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ១៥ រួមគ្នា​ជាមួយ​នឹង​សេចក្តីណែនាំ ការបំផុស​គំនិត ការលួងលោម សេចក្តី​សុខសាន្ត សេចក្តី​សង្ឃឹម និង ការញែក​ចេញ​ជា​បរិសុទ្ធ​ដែល​អម​មក​ជាមួយ​នឹង​អំណោយ​នោះ ។១៦

ពរជ័យ និង អំណោយ​ទាន​ដ៏​ធំ​មហិមា​បំផុត​របស់​ព្រះ​នោះ​គឺ ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច — ដែល​វា​គឺ​ជា​ជីវិត​ដែល​ព្រះ​រស់នៅ !១៧ អំណោយ​ទាន​នេះ​ត្រូវបាន​ប្រទាន​ឲ្យ​តែ​អស់​អ្នក​ដែល​ទទួល​បាន​ពិធីបរិសុទ្ធ​ទាំងអស់​នៃ​ដំណឹង​ល្អ ហើយ​រស់នៅ​តាម​សេចក្តីសញ្ញា​ដែល​មាន​បញ្ចូល​នៅក្នុង​សេចក្តីសញ្ញា​ថ្មី ហើយ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច ។១៨ នៅក្នុង​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ៖ « សេចក្តីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច … នោះ​ត្រូវបាន​បង្កើត​ឡើង សម្រាប់​ភាពពោរពេញ​នៃ​សិរីល្អ​របស់​យើង » ។១៩ ពិតណាស់ អស់​អ្នក​ដែល​ចូលក្នុង​សេចក្តីសញ្ញា​ថ្មី ហើយ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច ហើយ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត នោះ « នឹង​ត្រូវបាន​ក្រោក​ឡើង​នៅក្នុង​ដំណើរ​រស់​ឡើងវិញ​លើក​ទីមួយ … ហើយ​នឹង​បាន​គ្រង​បល្ល័ង្ក​ទាំងឡាយ នគរ​ទាំងឡាយ ក្សត្របុរី​ទាំងឡាយ និង​អំណាច​ទាំងឡាយ អំណាច​គ្រប់គ្រង​ទាំងឡាយ គ្រប់​ទីកំពស់ និង ជម្រៅ​ទាំងអស់ » ។២០ ព្រះអម្ចាស់​ថ្លែង​យ៉ាង​ដាច់​អហង្កា​ថា « នោះ​នឹង​បាន​សម្រេច​ដល់​ពួកគេ ចំពោះ​គ្រប់​ការណ៍​ទាំងអស់ ដែល​អ្នក​បម្រើ​របស់​យើង​បាន​ភ្ជាប់​ទៅលើ​ពួកគេ ក្នុង​កាលវេលា និង រហូត​ដល់​អស់​ទាំងភាព​អស់កល្ប​ជានិច្ច​ផង ហើយ​នឹង​មាន​ប្រសិទ្ធិភាព​ពេញលេញ កាល​ពួកគេ​ចាកចេញ​ពី​លោកិយ​ទៅ ហើយ​ពួកគេ​នឹង​បង្ហួស​ទេវតា​ទាំងឡាយ និង ព្រះ​ទាំងឡាយ​ដែល​បានចាត់​ឲ្យ​នៅ​ទីនោះ ដើម្បី​ទៅ​រក​ភាព​តម្កើង​ឡើង និង សិរីល្អ​របស់​ពួកគេ ក្នុង​អ្វីៗ​គ្រប់​ទាំងអស់ ដូច​ដែល​បាន​ភ្ជាប់​លើ​ក្បាល​ពួកគេ គឺជា​សិរីល្អ​ដែល​នឹងបាន​ពូជ​ដ៏​បរិបូរ និង បន្តបន្ទាប់​ជា​រៀង​ដរាប​ទៅ ។ ខណៈនោះ​ពួកគេ​នឹង​ទៅ​ជា​ព្រះ » ។២១

សរុប​មក​វិញ អស់​អ្នក​ដែល​ចូលក្នុង​សេចក្តីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច ហើយ​ស៊ូទ្រាំ​ដោយ​ស្មោះត្រង់​រហូត​ដល់​ទីបំផុត​នោះ​នឹង ( ១ ) ទទួល​ភាពពោរពេញ​នៃ​សិរីល្អ​នៃ​ព្រះ ( ២ ) រីករាយ​នឹង​អំណាច​នៃ​ព្រះ​សម្រាប់​វេលាកាល និង អស់​ទាំងភាព​អស់កល្ប​ជានិច្ច២២ ( ៣ ) ត្រូវបាន​តម្កើង​ឡើង ( ៤ ) រីករាយ​នឹង​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច ព្រមទាំង​បន្ត​រីកចម្រើន និង ( ៥ ) ក្លាយ​ទៅ​ជា​ព្រះ ។ រួម​គ្នា​មក ពរជ័យ​ទាំងនេះ​រួម​បញ្ចូល​ដើម្បី​តម្កើង​ឡើង​អំណោយទាន​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

យើង​ត្រូវតែ​គោរព​តាម​សេចក្តីសញ្ញា​និមួយៗ​នៅក្នុង​សេចក្តីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច

ព្រះអម្ចាស់​ថ្លែង​យ៉ាង​ច្បាស់​ថា យើង​នឹង​ទទួល​នូវ​ពរជ័យ​ដ៏​ទេវភាព​ទាំងនេះ​បាន​លុះត្រា​តែ នៅពេល​យើង​ធ្វើតាម​ក្រឹត្យវិន័យ​នានា​របស់​ទ្រង់ ដែល​បាន​កំណត់​មក​នៅក្នុង​សេចក្តីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច​នេះ ៖ « សេចក្តីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច … ត្រូវបាន​បង្កើត​ឡើង​សម្រាប់​ភាពពោរពេញ​នៃ​សិរីល្អ​របស់​យើង ហើយ​អ្នកណា​ដែល​ទទួល​នូវ​ភាពពោរពេញ​នៃ​សិរី​ល្អ​នោះ នោះ​ត្រូវ​ហើយ​គួរ​នៅជាប់​នឹង​ក្រឹត្យវិន័យ បើពុំនោះ​សោត​ទេ អ្នក​នោះ​នឹង​ជាប់ទោស ព្រះអម្ចាស់​ដ៏​ជា​ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​ថា​ដូច្នោះ » ។២៣ ទ្រង់​ក៏​បាន​ថ្លែង​ដែរ​ថា « ដ្បិត​អស់​អ្នក​ណា​ដែល​បាន​ព្រះពរ​ពី​ព្រះហស្ត​របស់​យើង នោះ​នឹង​នៅជាប់​នឹង​ក្រឹត្យវិន័យ​ដែល​បាន​តាំង​សម្រាប់​ព្រះពរ​នោះ និង លក្ខខណ្ឌ​នៃ​ក្រឹត្យវិន័យ​នោះ ដូច​ដែល​បាន​បង្កើត​ឡើង​តាំង​ពីមុន​កំណើត​លោកិយ​មក​ម្ល៉េះ » ។២៤ នៅក្នុង​កណ្ឌ​ដដែល​នោះ​នៃ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ព្រះអម្ចាស់​បាន​លើក​ពី​គោលការណ៍​នេះ ៖ « ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា លើកលែង​តែ​អ្នក​រាល់គ្នា​នៅជាប់​នឹង​ក្រឹត្យវិន័យ​របស់​យើង នោះ​អ្នក​រាល់គ្នា​ពុំ​អាច​បាន​សិរីល្អ​នេះ​ឡើយ » ។២៥

តម្រូវការ​ត្រង់​នេះ ដែល​ថា​យើង​ត្រូវតែ​គោរព​ធ្វើតាម​ក្រឹត្យវិន័យ​នៃ​ព្រះ ដើម្បី​ទទួល​បាន​សិរីល្អ​ដែល​ទ្រង់​ប្រទាន​ឲ្យ​ដល់​ពួក​អ្នក​ស្មោះត្រង់​នោះ អនុវត្ត​ចំពោះ​ពិធីបរិសុទ្ធ និង សេចក្តីសញ្ញា​ទាំងអស់​នៅក្នុង​សេចក្តីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច​នេះ ។ ឧទាហរណ៍ បើសិន​ខ្ញុំ​ពុំ​ទទួល​ពិធីបរិសុទ្ធ ហើយ​រក្សា​សេចក្តីសញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជ​ទឹក​ទេ នោះ​ខ្ញុំ​នឹង​ជាប់ទោស មាន​ន័យ​ថា ខ្ញុំ​ពុំ​អាច​រីកចម្រើន — ខ្ញុំ​ពុំ​អាច​គ្រង​មរតក​ដ៏​ពេញលេញ​នៃ​សិរីល្អ​របស់​ទ្រង់​បាន​ឡើយ ។ ដូចគ្នា​នេះ​ដែរ បើសិន​ខ្ញុំ​ពុំ​បាន​ទទួល​ពិធី​បរិសុទ្ធ​នានា​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​រក្សា​សេចក្តីសញ្ញា​ដែល​ទាក់ទង ឬ​ថា​បើសិន​ខ្ញុំ​បដិសេធ​ពុំ​ព្រម​ទទួល​ពិធីបរិសុទ្ធ​ណា​មួយ​នៃ​ដំណឹង​ល្អ ឬ បើសិន​ខ្ញុំ​បដិសេធ​មិន​ព្រម​នៅជាប់​នឹង​សេចក្តីសញ្ញា​ណា​មួយ ដែល​ជាប់ទាក់ទង​នោះ​ទេ នោះ​ខ្ញុំ​នឹង​ពុំ​ត្រូវបាន​តម្កើង​ឡើង​ឡើយ ។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​នឹង​ជាប់​ទោស ដែល​មាន​ន័យ​ថា​ការរីកចម្រើន​របស់​ខ្ញុំ​នឹង​ត្រូវបាន​បញ្ចប់ ។ សរុប​មក ខ្ញុំ​ត្រូវតែ​ទទួល​គ្រប់​ពិធី​បរិសុទ្ធ​នៃ​ដំណឹង​ល្អ ហើយ​នៅជាប់​នឹង​គ្រប់​ទាំង​សេចក្តីសញ្ញា​ដែល​ទាក់ទង បើសិន​ខ្ញុំ​ប្រាថ្នា​ចង់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

ក្នុង​នាម​យើង​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ យើង​យល់​ព្រម​រស់នៅ​តាម​លក្ខខណ្ឌ​នៃ​សេចក្តីសញ្ញា​ដែល​អាច​ត្រូវបាន​ចែកជា​បួន​ក្រុម ៖ ( ១ ) លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​នៃ​ព្រះអង្គ​សង្គ្រោះ ចងចាំ​ទ្រង់​ជានិច្ច ហើយ​ធ្វើតាម​គំរូ​របស់​ទ្រង់ ( ២ ) គោរព​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ( ៣ ) មាន​ឆន្ទៈ​បម្រើ​កូនចៅ​របស់​ព្រះ​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចការ​នៃ​សេចក្តី​សង្គ្រោះ​របស់​ទ្រង់ សូម្បី​តែ​ជា​ការបូជា​ផ្ទាល់​ខ្លួន​ក្តី និង ( ៤ ) ការថ្វាយ​ខ្លួន និង អ្វីៗ​ទាំងអស់​ដែល​ជា​របស់​យើង​ចំពោះ​កិច្ចការ​របស់​ព្រះអម្ចាស់ ។

យោងតាម​ក្រឹត្យវិន័យ​របស់​ព្រះ នោះ​ដំណឹងល្អ ( និង សិរីរុងរឿង​ដែល​ដំណឹង​ល្អ​បាន​ផ្តល់​ឲ្យ ) គឺ​ត្រូវបាន​ទទួល​ដោយ​ការធ្វើ​ពិធីបរិសុទ្ធ​ពិសេសៗ​តាមរយៈ​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព ។ តាមរយៈ​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព នោះ​អំណាច​នៃ​ព្រះ​ត្រូវបាន​បើក​បង្ហាញ​នៅក្នុង​ជីវិត​របស់​យើង — ប៉ុន្តែ​លុះត្រា​តែ​យើង​រក្សា​សេចក្តីសញ្ញា​ដែល​ទាក់ទង ។ សេចក្តីសញ្ញា​ធ្វើ​ឲ្យ​មាន​អំណាច ឬ ផ្តល់​អំណាច​ដល់​ពិធីបរិសុទ្ធ គឺដូចជា​ម៉ាស៊ីន​ដែល​ធ្វើ​ឲ្យ​ឡាន​ដំណើរការ ហើយ​អាច​ដឹក​មនុស្ស​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​បាន ។ សរុប​សេចក្ដី​មក គឺ​វា​ទៅតាម​កម្រិត​ដែល​យើង​រក្សា​ដោយ​ចេះគិតគូរ និង ស្មោះត្រង់​ចំពោះ​សេចក្តីសញ្ញា​ដែល​ទាក់ទង​ជាមួយ​ពិធីបរិសុទ្ធ​ដែល​យើង​ទទួល​បាន នោះ​យើង​នឹង​រីកចម្រើន​នៅក្នុង​ចំណេះដឹង​របស់​យើង​អំពី​ព្រះ និង បទពិសោធន៍​នៃ « អំណាច​នៃ​ព្រះ »២៦ ដោយ​ព្រះគុណ​នៃ​ព្រះ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ ។២៧

តួនាទី​នៃ​អាពាហ៍ពិពាហ៍​នៅក្នុង​សេចក្តីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច

នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:៤ព្រះអម្ចាស់​បាន​ថ្លែង​ថា ទ្រង់​នឹង​បើកសម្តែង​សេចក្តីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច « មួយ » ហើយ​ទ្រង់​បាន​បន្ថែម​ថា « បើសិន​ជា អ្នក​មិន​កាន់​សេចក្តីសញ្ញា​នោះ​ជាប់​ទេ ខណៈ​នោះ​អ្នក​ជាប់​ទោស ដ្បិត​គ្មាន​អ្នក​ណា​មួយ​អាច​បដិសេធ​សេចក្តីសញ្ញា​នេះ ហើយ​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​សិរី​ល្អ​របស់​យើង​បាន​ឡើយ » ។ ព្រះបន្ទូល​ទាំង​នេះ​សំដៅលើ សេចក្តីសញ្ញា​នៃ​អាពាហ៍ពិពាហ៍​ដ៏​នៅអស់កល្ប​ជានិច្ច២៨ ដែល​ធ្វើ​ឡើង​យ៉ាង​ត្រឹមត្រូវ​ដោយ​សិទ្ធិ​អំណាច​បព្វជិតភាព២៩ ដែល​ជា​ផ្នែក​មួយ​សំខាន់ និង ចាំបាច់​នៃ​សេចក្តីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច « នេះ » ( ភាពពោរពេញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បានស្តារ​ឡើងវិញ ) ។៣០ ព្រះអម្ចាស់​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​ដ៏​ធំ​បំផុត នៃ​សេចក្តីសញ្ញា​នៃ​អាពាហ៍ពិពាហ៍​ដ៏​នៅអស់កល្ប​ជានិច្ច ដោយ​ប្រាប់​ពួកយើង​ថា អស់​អ្នក​ណា​ដែល​បដិសេធ​សេចក្តីសញ្ញា​នេះ នោះ​នឹង​ពុំ​អាច​ទទួល​ជីវិត​ដ៏​នៅអស់កល្ប​ជានិច្ច​ឡើយ ។៣១

មនុស្ស​មួយ​ចំនួន រួម​ទាំង​សមាជិក​នៃ​សាសនា​យើង​ខ្លះ​ដែរ អាន​ដោយ​យល់​ខុស​ថា គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:៤ ចង់​និយាយ​ថា​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​គឺ ចាំបាច់​សម្រាប់​ភាពតម្កើងឡើង ដែល​នាំ​ឲ្យ​ពួកគេ​ជឿ​ថា​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​គឺ​ជា​តម្រូវការ​ចាំបាច់​សម្រាប់​ភាព​តម្កើង​ឡើង​នៅក្នុង​ភាពអស់កល្ប​ជានិច្ច ។ ប៉ុន្ដែ​ចំណុច​នេះ​មិន​ត្រូវបាន​គាំទ្រ​នៅក្នុង​វិវរណៈ​ទាំងនេះ​ឡើយ ។ ដូចដែល​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣១ និង ១៣២ព្រះអម្ចាស់​បាន​ណែនាំ​ក្រឹត្យវិន័យ​នៃ​អាពាហ៍ពិពាហ៍​ដ៏​នៅអស់កល្ប​ជានិច្ច ដោយ​ការសំដៅ​យ៉ាងច្បាស់​ទៅលើ​ការផ្សារភ្ជាប់​រវាង​បុរស​ម្នាក់ និង ស្ត្រី​ម្នាក់ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:៤–៧, ១៥–២៥ ) ។ តាមរយៈ​ការដាក់​ចេញ​នូវ​ក្រឹត្យវិន័យ នៃ​អាពាហ៍ពិពាហ៍​ដ៏​នៅអស់កល្ប​ជានិច្ច​នៅក្នុង​បរិបទ​នៃ​អាពាហ៍ពិពាហ៍​ដែល​មាន​ភរិយា ឬ ស្វាមី​តែ​មួយ នោះ​ព្រះអម្ចាស់​បាន​គូសបញ្ជាក់​ថា​ពរជ័យ​នៃ​ភាពតម្កើង​ឡើង ត្រូវបាន​ប្រទាន​ដល់​បុរស និង ស្ត្រី​ម្នាក់ៗ​ដែល​សក្តិសម​ចូលទៅ​ក្នុង​សេចក្តីសញ្ញា​នៃ​អាពាហ៍ពិពាហ៍​ដ៏​នៅអស់កល្ប​ជានិច្ច ដែល​ធ្វើ​ឡើង​ដោយ​សិទ្ធិ​អំណាច​បព្វជិតភាព​ត្រឹមត្រូវ គឺ​មិន​អាស្រ័យ​លើ​ថា​តើ​វា​ជា​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ឬ ជា​អាពាហ៍ពិពាហ៍​ដែល​មាន​ភរិយា ឬ ស្វាមី​តែ​មួយ​នោះ​ឡើយ ។៣២

រូបភាព
Bride and groom exiting the temple.

រូបថត​នៅ​ឯ​ព្រះវិហារ​បរិសុទ្ធ រ៉េចប៊ើក អៃដាហូ

គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:១៩ បាន​ពន្យល់​ច្បាស់​ថា ជីវិត​ដ៏​នៅអស់កល្ប​ជានិច្ច​គឺ​ត្រូវបាន​សន្យា​ដល់ គូស្វាមី​ភរិយា​ណា​ដែល​មាន​ស្វាមី ឬ ភរិយា​តែ​មួយ​ដែល​បាន​ផ្សារភ្ជាប់​ដោយ​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព ហើយ​ជា​អ្នក​ដែល​នៅជាប់​ក្នុង​សេចក្តីសញ្ញា​នោះ — ដែល​គ្មាន​លក្ខខណ្ឌ ឬ តម្រូវការ​ណា​បន្ថែម​ទៀត​ឡើយ ។ បុរស និង ស្ត្រី​ណា​ក៏​ដោយ​ដែល​បាន​ផ្សារភ្ជាប់​តាម​របៀប​នេះ ហើយ​នៅជាប់​នឹង​សេចក្តីសញ្ញា​នោះ​នឹង​ត្រូវបាន​តម្កើង​ឡើង ។៣៣ ការអនុវត្តន៍​នៃ​អាពាហ៍ពិពាហ៍​ក្នុង​ព្រះវិហារ​យើង​ពី​បុរាណ​គឺ វា​ស្របគ្នា​ជាមួយ​នឹង​គោលលទ្ធិ​នៃ​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដូច​ដែល​បាន​ពន្យល់​នៅក្នុង​អត្ថបទ​នេះ ។៣៤ ពិធីបរិសុទ្ធ​ដែល​ផ្សារភ្ជាប់​គូស្វាមីភរិយា​សម្រាប់​ភាពអស់កល្ប​ជានិច្ច រួម​មាន​នូវ​សេចក្តីសញ្ញា និង ពរជ័យ​ដែល​ដូចគ្នា​សម្រាប់​អាពាហ៍ពិពាហ៍​ដែល​មាន​ស្វាមី ឬ ភរិយា​តែ​មួយ និង សម្រាប់​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​ដែល​បាន​អនុញ្ញាត​ដែល​ធ្វើ​ឡើង​កាល​ពី​អតីតកាល ។ សេចក្តីសញ្ញា និង ពរជ័យ​ដូចគ្នា​ទាំងនេះ នឹង​ត្រូវផ្តល់​ឲ្យ​ដល់​អ្នក​ស្មោះត្រង់​បន្ទាប់​ពី​ជីវិត​នេះ ដែល​ពុំ​មាន​ឱកាស​ផ្សារភ្ជាប់​នៅក្នុង​ជីវិត​រមែងស្លាប់ ។៣៥

បន្ទាប់​ការបើក​សម្តែង​ក្រឹត្យវិន័យ និង សេចក្តីសញ្ញា​នៃ​អាពាហ៍ពិពាហ៍​ដ៏​នៅអស់កល្ប​ជានិច្ច​រវាង​បុរស​ម្នាក់ និង ស្ត្រី​ម្នាក់ នោះ​ព្រះអម្ចាស់​បាន​បង្រៀន​យ៉ូសែប ស្ម៊ីធ​ ថា បុរស​ម្នាក់​អាច​រៀប​អាពាហ៍ពិពាហ៍​ប្រពន្ធ​ច្រើន​ជាង​ម្នាក់ ដោយ​ស្មោះត្រង់​ជាមួយ​នឹង​សេចក្តីសញ្ញា​នៃ​អាពាហ៍ពិពាហ៍​ដ៏​នៅអស់កល្ប​ជានិច្ច នៅពេល​ត្រូវបាន​អនុញ្ញាត ឬ បញ្ជា​ដោយ​ព្រះអម្ចាស់​តាមរយៈ​ព្យាការី​ដែល​បាន​តាំង​យ៉ាង​ត្រឹមត្រូវ ( ដែល​កាន់កូនសោ​បព្វជិតភាព​ដែល​ទាក់ទង​នោះ ) ។៣៦ ការអនុញ្ញាត និង ការបញ្ជា​ឲ្យ​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ត្រូវបាន​ប្រទាន​ដោយ​ព្រះអម្ចាស់​ដល់​អ័ប្រាហាំ និង​ព្យាការី​ផ្សេង​ទៀត​កាល​ពី​ជំនាន់​បុរាណ៣៧ ក៏​ដូច​ជា​បាន​ប្រទាន​ដល់​ព្យាការី​យ៉ូសែប ស្ម៊ីធ​ផងដែរ ៖ « យើង​ប្រទាន​ដល់​អ្នក​គឺ​យ៉ូសែប ជា​អ្នកបម្រើ​របស់​យើង នូវ​តំណែង​មួយ ហើយ​សាង​ឡើង​វិញ​នូវ​ការណ៍​គ្រប់​យ៉ាង » ។៣៨

ច្រើន​ឆ្នាំ​ក្រោយ​មក ព្រះអម្ចាស់​បាន​លុបចោល​នូវ​ការអនុញ្ញាត និង ការបញ្ជា​របស់​ទ្រង់​សម្រាប់​សមាជិក​សានាចក្រ​ឲ្យ​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ( ឬ និយាយ​ម្យ៉ាង​ទៀត​ថា គឺ​ពុំ​ឲ្យ​ផ្សារភ្ជាប់​លើស​ពី​ភរិយា ឬ ស្វាមី​ម្នាក់​ដែល​កំពុង​រស់នៅ​នេះ​ឡើយ ) នៅពេល​ប្រធាន វិលហ្វូឌ វូឌដ្រុព្វ ( ១៨០៧–៩៨ ) បាន​ចេញ​សេចក្តីប្រកាស​ឆ្នាំ ១៨៩០ ។៣៩ សេចក្តីប្រកាស​នេះ​បាន​នាំ​ឲ្យ​ឈប់​មាន​ការអនុវត្តន៍​អាពាហ៍ពិពាហ៍​ពហុពន្ធភាព មាន​ន័យ​ថា​គ្មាន​សមាជិក​សាសនាចក្រ​ណា​ម្នាក់​អាច​រៀប​អាពាហ៍ពិពាហ៍ ឬ ផ្សារភ្ជាប់​ជាមួយ​នឹង​ភរិយា ឬ ស្វាមី​លើស​ពី​ម្នាក់​ដែល​កំពុង​រស់នៅ​ឡើយ ។ វា​ចាំបាច់​ដើម្បី​ចាំថា សេចក្តីប្រកាស​នោះ​ពុំ​បាន​ហាមប្រាម​បុរស​សក្តិសម​ណា​ម្នាក់​ដែល​ត្រូវបាន​ផ្សារភ្ជាប់​នឹង​ភរិយា​ម្នាក់​ដែល​បាន​ស្លាប់​ទៅ​ហើយ ថា​កុំ​ឲ្យ​ផ្សារភ្ជាប់​នឹង​ភរិយា​ម្នាក់​ទៀត​ដែល​កំពុង​រស់នៅ​ឡើយ ។ គោលការណ៍​នេះ ស្រប​ជាមួយ​នឹង​គោលលទ្ធិ​ដែល​បាន​បើក​សម្តែង​ថា​ការរៀប​អាពាហ៍ពិពាហ៍​ស្វាមី ឬ​ភរិយា​មួយ​គឺ​ជា​ច្បាប់​បទដ្ឋាន​របស់​ព្រះអម្ចាស់​សម្រាប់​អាពាហ៍ពិពាហ៍ លុះត្រា​តែ​ទ្រង់​ប្រកាស ហើយ​អនុញ្ញាត​ឲ្យ​ធ្វើ​ដូច្នោះ​តាមរយៈ​អ្នក​តំណាង​ដែល​បាន​តែងតាំង​ឡើង​យ៉ាង​ត្រឹមត្រូវ​របស់​ទ្រង់ មាន​ន័យ​ថា​ជា​ប្រធាន និង​ព្យាការី​នៃ​សាសនាចក្រ ។៤០

ជំនួស​មុខ​ឲ្យ​គណៈប្រធាន​ទីមួយ និង ការឆ្លើយ​ចំពោះ​សំណួរ​ដែល​សួរ​ថា « តើ​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ឬ អាពាហ៍ពិពាហ៍​សេឡេស្ទាល​ចាំបាច់​ចំពោះ​ភាពពោរពេញ​នៃ​សិរីល្អ​នៅក្នុង​ពិភព​ខាង​មុខ​ដែរ​ឬ​ទេ ? » ប្រធាន ឆាលលេស ដ័បុលយូ ផេនរូស ( ១៨៣២–១៩២៥ ) បាន​សរសេរ ៖ « អាពាហ៍ពិពាហ៍​សេឡេស្ទាល​គឺ​ចាំបាច់​ចំពោះ​ភាពពោរពេញ​នៃ​សិរីល្អ​នៅក្នុង​ពិភព​ខាង​មុខ ដូច​ដែល​បាន​ពន្យល់​នៅក្នុង​វិវរណៈ​ទាក់ទង​នឹង​វា ប៉ុន្តែ វា​ពុំ​បាន​ថ្លែង​ថា​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​វា​ចាំបាច់​ដូច្នោះ​ឡើយ » ។៤១

នៅឆ្នាំ ១៩៣៣ គណៈប្រធានទីមួយ​បាន​ថ្លែង ៖ « អាពាហ៍ពិពាហ៍​សេឡេស្ទាល — គឺ​ជា​ការរៀបការ​សម្រាប់​វេលាកាល និង អស់​ទាំងភាព​អស់កល្ប​ជានិច្ច — ហើយ​អាពាហ៍ពិពាហ៍​ដែល​មាន​ប្រពន្ធ​ច្រើន ឬ អាពាហ៍ពិពាហ៍​ពហុពន្ធភាព​គឺ​ជា​ពាក្យ​ដែល​មិន​មាន​ន័យ​ដូច​គ្នា​នោះ​ទេ ។ អាពាហ៍ពិពាហ៍​ដែល​មាន​ភរិយា​តែ​មួយ​សម្រាប់​វេលាកាល និង អស់​ទាំងភាព​អស់កល្ប​ជានិច្ច​ធ្វើឡើង​ជា​ឱឡារិក​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​យើង​ស្រប​ទៅតាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ និង ក្រឹត្រវិន័យ​របស់​សាសនាចក្រ​គឺ​ជា​អាពាហ៍ពិពាហ៍​សេឡេស្ទាល » ។៤២

ស្របតាម​សេចក្តីថ្លែងការណ៍​ទាំង​នេះ អែលឌើរ ប្រូស អ័រ ម៉ាក់ខន់ឃី ( ១៩១៥–៨៥ ) នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​សរសេរ ៖ « អាពាហ៌ពិពាហ៌​ពហុពន្ធភាព គឺ​ពុំ​ចាំបាច់​ចំពោះ​សេចក្តីសង្គ្រោះ ឬ ភាពតម្កើងឡើង​ឡើយ ។ នីហ្វៃ និង ប្រជាជន​របស់​លោក​ត្រូវបាន​បដិសេធ​អំណាច ដើម្បី​មាន​ប្រពន្ធ​ច្រើន​ជាង​ម្នាក់ ប៉ុន្ដែ​ពួកគេ​អាច​បាន​ទទួល​គ្រប់​ពរជ័យ​ទាំងអស់ នៅក្នុង​ភាពអស់​កល្ប​ជានិច្ច​ដែល​ព្រះអម្ចាស់​ពុំ​ធ្លាប់​បាន​ប្រទាន​ដល់​មនុស្ស​ណា​ម្នាក់​ឡើយ ។ នៅក្នុង​សម័យ​របស់​យើង​នេះ ព្រះអម្ចាស់​បាន​សង្ខេប​ដោយ​វិវរណៈនៃ​គោលលទ្ធិ​ទាំងមូល​នៃ​ភាពតម្កើងឡើង ហើយ​បាន​ផ្អែក​គោលលទ្ធិ​នេះ​លើ​អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់​ជាមួយ​ស្ត្រី​ម្នាក់ ។ ( គ. និង ស. ១៣២:១–២៨ ) ។ បន្ទាប់​ពី​លើ​នេះ លោក​បាន​បន្ថែម​គោលការណ៍​ទាក់ទង​នឹង​ការមាន​ភរិយា​ច្រើន ដោយ​បង្ហាញ​ពី​លក្ខខណ្ឌ​ជាក់លាក់​ថា​ការរៀប​អាពាហ៍ពិពាហ៍​បែប​នោះ​មាន​ប្រសិទ្ធិភាព​បាន​លុះត្រា​តែ ទទួល​បាន​ការអនុញ្ញាត​ពី​ប្រធាន​សាសនាចក្រ​តែ​ប៉ុណ្ណោះ ។ ( គ. និង ស. ១៣២:៧, ២៩–៦៦ ) » ។៤៣

សព្វ​ថ្ងៃ​នេះ ដូច​ដែល​បាន​ដឹកនាំ​ដោយ​ព្រះអម្ចាស់​តាមរយៈ​ព្យាការី​របស់​ទ្រង់ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ពុំ​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​ទៀត​ឡើយ ហើយ​បុគ្គល​ម្នាក់ៗ​ដែល​អនុវត្ត​វា​នោះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម ឬ ធ្វើ​ជា​សមាជិក​នៃ​សាសនាចក្រ​នេះ​ទៀត​ទេ ។ សាសនាចក្រ​បញ្ជាក់​ថា អាពាហ៍ពិពាហ៍​ដែល​មាន​ភរិយា​តែ​មួយ​គឺ​ជា​បទដ្ឋាន​របស់​ព្រះ​សម្រាប់​អាពាហ៍ពិពាហ៍ លើកលែង​តែ​នៅពេល​មាន​ការអនុញ្ញត ឬ បញ្ជា​ដោយ​ប្រការ​ណា​មួយ​តាមរយៈ​ព្យាការី​របស់​ទ្រង់​ប៉ុណ្ណោះ ។ សាសនាចក្រ​ពុំ​បាន​បង្រៀន​ថា ការចូលរួម​ក្នុង​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​គឺ​ចាំបាច់​សម្រាប់​ភាពតម្កើង​ឡើង​ឡើយ ។

សេចក្តីបញ្ចប់

រូបភាព
A young family in New York City and sitting on a couch reading scriptures together. In some shots the couple is alone.

មាន​អ្វីៗ​ជា​ច្រើន​ដែល​យើង​ពុំ​បាន​ដឹង​អំពី​ជីវិត​បន្ទាប់​ពី​ជីវិត​នេះ ទោះជា​យ៉ាង​ណា​ក៏​ដោយ យើង​ដឹង​យ៉ាង​ច្បាស់​ថា​ការទទួល និង នៅ​ជាប់​ក្នុង​សេចក្តីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច​គឺ​ចាំបាច់​សម្រាប់​ការគ្រង​មរតក​នៃ​ជីវិត​ដ៏​នៅអស់កល្ប​ជានិច្ច ។ យើង​ក៏​ដឹង​ផងដែរ​ថា​អស់​អ្នក​ដែល « មាន​ទំនាក់ទំនង​នៅក្នុង​ចំណោម​ពួក​យើង​នៅ​ទីនេះ » — នៅក្នុង​ជីវិត​រមែង​ស្លាប់​នេះ — « នោះ​ក៏​នឹង​មាន​នៅក្នុង​ចំណោម​ពួកយើង​នៅ​ទីនោះ » — នៅក្នុង​ជីវិត​បន្ទាប់ — យ៉ាង​នោះ​ដែរ « គ្រាន់តែ​រួបរួម​ដោយ​សិរីល្អ​ដ៏​នៅ​អស់កល្ប​ជានិច្ច » ប៉ុណ្ណោះ ។៤៤

ពរជ័យ​ដ៏​ទេវភាព​ដែល​អាច​ទទួល​បាន​តាមរយៈ​សេចក្តីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច​គឺ សំខាន់​ចំពោះ​គោលបំណង​ដ៏​ធំ​នៃ​ផែនការ​របស់​ព្រះវរបិតា និង ការស្ដារ​ឡើង​វិញ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៅ​ក្នុង​ជំនាន់​ចុងក្រោយ​នេះ ។ « ដោយ​មានការភ្លឺថ្លា​នៃ​សេចក្តីសង្ឃឹម​ដ៏​ឥតខ្ចោះ »៤៥ សេចក្តីសញ្ញា​ដ៏​រុងរឿង​នេះ​បំផុស​គំនិត​ដល់​អ្នក​ស្មោះត្រង់ ផ្តល់ « ជា​យុថ្កា​មួយ​ដល់​ព្រលឹង​មនុស្ស ដែល​នឹង​ធ្វើ​ឲ្យ​ពួកគេ​ស្ថិតស្ថេរ នៅ​នឹង​ធឹង ហើយ​ខ្ជាប់ខ្ជួន គឺ​នៅក្នុង​កិច្ចការ​ល្អ​ដ៏​បរិបូរ​ជា​ដរាប​ដែលនាំ​ឲ្យ​សរសើរ​តម្កើង​ដល់​ព្រះ » ។៤៦ ដ្បិត​អស់​អ្នក​ដែល​នៅជាប់​នឹង​លក្ខខណ្ឌ​ទាំង​នោះ​នៃ​សេចក្តីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច នោះ​រង្វាន់​របស់​វា​គឺ​ជា​សេចក្តី​អំណរ និង សេចក្តី​សុខសាន្ត​នៅក្នុង​ពិភពលោក​នេះ និង ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៅក្នុង​ជីវិត​បន្ទាប់ ។៤៧

កំណត់​ចំណាំ

  1. សូមមើល « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩, សូមមើល​ផងដែរ God Loveth His Children ( កូន​សៀវភៅ ឆ្នាំ ២០០៧ ) ទំព័រ ១ ។

  2. សូមមើល រ៉ូបឺត ឌី ហែល « ផែនការ​នៃ​សេចក្តី​សង្រ្គោះ ៖ A Sacred Treasure of Knowledge to Guide Us » Liahona, ខែ តុលា ឆ្នាំ ២០១៥ ទំព័រ ៣២–៣៩ ។

  3. សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៤:៧ ។

  4. សូមមើល រ៉ូបឺត ឌី ហែល « ផែនការ​នៃ​សេចក្តី​សង្រ្គោះ ៖ A Sacred Treasure of Knowledge to Guide Us » ទំព័រ ៣២–៣៩ ។

  5. គោលលទ្ធិ និង សេចក្តីសញ្ញា ១:១៧, ២២ ។

  6. គោលលទ្ធិ និង សេចក្តីសញ្ញា ៦៦:២ ។

  7. សូមមើល Bible Dictionary « Covenant » ។

  8. យ៉ូសែប ហ្វីលឌិង ស៊្មីធ Doctrines of Salvation បាន​បោះពុម្ព ប្រូស អ័រ ម៉ាក់ខន់ឃី ភាគ​ទី ៣ ( ១៩៥៤–៥៦ ) ១:១៥៦ ។

  9. សូមមើល យេរេមា ៣២:៤០; គោលលទ្ធិ និង សេចក្តីសញ្ញា ២២:១ ។

  10. ការគូសបញ្ជាក់​ត្រូវបាន​បន្ថែម, សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្តីសញ្ញា ៣៩:១១; ៤៥:៩; ៤៩:៩; ៨៨:១៣១, ១៣៣; ១០១:៣៩ ។

  11. សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:៧ ។

  12. ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ ( ១៨៧៦–១៩៧២ ) បាន​បង្រៀន ៖ « ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្តីសញ្ញា​គឺ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​បោះត្រា​ការយល់ព្រម​លើ​គ្រប់​ពិធីបរិសុទ្ធ ៖ បុណ្យជ្រមុជទឹក ពិធីបញ្ជាក់ ពិធីតែងតាំង អាពាហ៍ពិពាហ៍ ។ ការសន្យា​នោះ​គឺ​ថា​ពរជ័យ​នានា​នឹង​ត្រូវបាន​ទទួល​តាមរយៈ​ភាពស្មោះត្រង់ ។ បើសិន​បុគ្គល​ម្នាក់​រំលង​សេចក្តីសញ្ញា​មួយ ទោះ​វា​ជា​ពិធី​បុណ្យជ្រមុជទឹក ពិធីតែងតាំង អាពាហ៍ពិពាហ៍ ឬ ពិធីបរិសុទ្ធ​ផ្សេង​ទៀត​ក៏​ដោយ​ក្តី នោះ​ព្រះវិញ្ញាណ​នឹង​ដក​ត្រា​នៃ​ការយល់​ព្រម​ចេញ ហើយ​ពរជ័យ​នានា​នឹង​មិនបាន​ទទួល​ឡើយ ។ គ្រប់​ពិធីបរិសុទ្ធ​ទាំងអស់​ត្រូវបាន​ផ្សារភ្ជាប់​មក​ជាមួយ​នឹង​ការសន្យា​មួយ​នៃ​ពរជ័យ​ដោយ​ផ្អែក​លើ​សេចក្តីស្មោះត្រង់ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ដក​ត្រា​នៃ​ការយល់​ព្រម​ចេញ​នៅពេល​ណា​សេចក្តីសញ្ញា​ត្រូវបាន​រំលង » ( Doctrines of Salvation ១:៤៥ សូមមើល​ផងដែរ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៧៦:៥២–៥៣; ១៣២:៧ ) ។

  13. សូមមើល កិច្ចការ ២:៣៨; នីហ្វៃទី ២ ៣១:១៧; មរ៉ូណៃ ៨:២៥ ។

  14. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:១៩–២១, សូមមើល​ផងដែរ មរ៉ូណៃ ១០:៣២–៣៣ ។

  15. សូមមើល យ៉ូហាន ១៤:២៦; គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៤៥–៤៦ ។

  16. សូមមើល នីហ្វៃទី ២ ៣២:៥; នីហ្វៃទី ៣ ២៧:២០; មរ៉ូណៃ ៨:២៦; គោលលទ្ធិ និង សេចក្តីសញ្ញា ១១:១៣; ម៉ូសេ ៦:៥៩–៦១ ។

  17. « Eternal life is God’s life, or life with God » ( ហារ៉ូល ប៊ី លី នៅក្នុង Conference Report ខែ តុលា ឆ្នាំ ១៩៥៦ ទំព័រ ៦១ ) ។ « អស់​អ្នក​ដែល​បាន​រៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​វេលាកាល និង អស់​ទាំងភាព​អស់កល្ប​ជានិច្ច​ទទួល​បាន​ពរជ័យ​នៃ ជីវិត​អស់កល្ប​ជានិច្ច ។ ខ្ញុំ​សង្កត់​ធ្ងន់​លើ ជីវិត​អស់កល្ប​ជានិច្ច ។ ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​គឺ​ជា​ជីវិត​របស់​ព្រះ នោះ​គឺ​ជា​ជីវិត​ដែល​ដូច​ជា​ទ្រង់ » ( យ៉ូសែប ហ្វីលឌិង ស៊្មីធ Answers to Gospel Questions ចងក្រង​ដោយ យ៉ូសែប ហ្វីលឌិង ស៊្មីធ ជុញ្ញ័រ., ភាគ​ទី ៥. [ ១៩៥៧–៦៦ ] ៤:១៩៧ ) ។

  18. សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៤:៧ ។

  19. គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:៦ ។

  20. គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:១៩ ។

  21. គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣២:១៩–២០ ។

  22. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:១៩–២១ ។

  23. គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:៦ ។

  24. គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:៥ ។

  25. គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:២១ ។

  26. គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៤:២០–២១ ។

  27. សូមមើល មរ៉ូណៃ ១០:៣២–៣៣ ។

  28. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:៤, ១៥ ។

  29. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:៧, ១៨ ។

  30. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:៦–៧; សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៦:២ ។

  31. សូម​កត់ចំណាំ​ថា ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​គឺ​ត្រូវបាន​បដិសេធ​ដល់​អស់​អ្នក​ដែល « បដិសេធ » សេចក្តីសញ្ញា​នេះ ។ ផ្ទុយ​ទៅវិញ អស់​អ្នក​ដែល​ពុំ​មាន​ឱកាស​សម្រាប់​អាពាហ៍ពិពាហ៍​ដ៏​នៅអស់កល្ប​ជានិច្ច​នៅ​ក្នុង​ជីវិត​នេះ នឹង​ត្រូវបាន​ប្រទាន​ឱកាស​សម្រាប់​អាពាហ៍ពិពាហ៍​ដ៏​នៅអស់កល្ប​ជានិច្ច​នៅ​ក្នុង​ជីវិត​បន្ទាប់ ។ សូមមើល​លេខ​យោង​ទី ៣៥ ខាង​ក្រោម​នេះ ។

  32. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:១៥–២៥ ។

  33. សម្រាប់​ឧទាហរណ៍​បន្ថែម​មួយ​ទៀត ដើម្បី​បញ្ជាក់​ថា​អាពាហ៍ពិពាហ៍​ដែល​មាន​ភរិយា ឬ ស្វាមី​តែ​ម្នាក់​ដែល​ត្រូវបាន​ផ្សារភ្ជាប់​សម្រាប់​ភាពអស់កល្ប​ជានិច្ច ហើយ​រក្សា​សេចក្តីសញ្ញា​ដែល​ទាក់ទង​នឹង​ទទួល​បាន​ភាពតម្កើង​ឡើង សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣១ ។

  34. សូមមើល​ប្រធានបទ​ដំណឹង​ល្អ « អាពាហ៍ពិពាហ៍​ពហុពន្ធភាព​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ » នៅ​គេហទំព័រ topics.lds.org ។

  35. « គ្មាន​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ណា​ម្នាក់​ដែល​ស្លាប់​ទៅ បន្ទាប់​ពី​បាន​រស់នៅ​យ៉ាង​ស្មោះត្រង់​ត្រូវ​បាត់បង់​នូវ​អ្វី​គ្រប់យ៉ាង ដោយសារ​តែ​ពុំបាន​ធ្វើ​កិច្ចការ​ជាក់លាក់​មួយ​ចំនួន​ព្រោះ​មិន​បាន​ទទួល​នូវ​ឱកាស​ដែល​គួរ​ត្រូវ​បាន​ផ្តល់​ឲ្យ​ពួកគេ​នោះ​ឡើយ ។ និយាយ​ម្យ៉ាង​ទៀត​ថា បើសិន​យុវជន ឬ យុវនារី​ណា​ម្នាក់​គ្មាន​ឱកាស​រៀប​អាពាហ៍ពិពាហ៍ ហើយ​ពួកគេ​រស់នៅ​យ៉ាង​ស្មោះត្រង់​រហូត​ដល់​ពេល​ស្លាប់ នោះ​ពួកគេ​នឹង​ទទួល​នូវ​ពរជ័យ​ទាំងអស់​នៃ​ភាពតម្កើងឡើង និង សិរីល្អ ដូចដែល​បុរស និង ស្ត្រី​រាល់​រូប​ដែល​មាន​ឱកាស​នេះ ហើយ​បាន​អភិវឌ្ឍ​វា​ដែរ ។ ការណ៍​នោះ​គឺ​ពិតប្រាកដ ហើយ​មាន​ការធានា​អះអាង » ( Teachings of Presidents of the Church: Lorenzo Snow [ ២០១១ ] ទំព័រ ១៣០ ) ។

  36. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:៣៤–៣៥, ៣៧–៣៩ ។

  37. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:៣៤–៣៩ ។

  38. គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:៤០ ។

  39. សូមមើល សេចក្តី​ប្រកាស​ជា​ផ្លូវការទី ១ ។

  40. សូមមើល យ៉ាកុប ២:២៧–៣០ ។ ទោះបីជា​ព្រះអម្ចាស់​ពុំបាន​ពន្យល់​ពី​ហេតុផល​ទាំងអស់​ចំពោះ​ការបញ្ជា ឬ ការអនុញ្ញាត​ឲ្យ​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២ ​ក្ដី ក៏ ព្រះអម្ចាស់​បាន​ប្រទាន​ហេតុផល​ពីរ​យ៉ាង ៖ ( ១ ) ដើម្បី​បំពេញ​ការសន្យា​ស្របតាម​សេចក្តីសញ្ញា​របស់​អ័ប្រាហាំ និង ( ២ ) « ដើម្បី​បង្កើត​កូន​ឲ្យ​ចម្រើន​ជាច្រើន​ឡើង ឲ្យ​មាន​ពេញពាស​លើ​ផែនដី » ( គ. និង ស. ១៣២:៦៣; សូមមើល​ផងដែរ ខ ៣៤ ) ។ យ៉ាកុប ២:៣០ ប្រហែល​ជា​ផ្តល់​សេចក្តីថ្លែងការណ៍​ដ៏​ខ្លឹម​បំផុត​នៃ​មូលហេតុ នៅពេល​ខ្លះ​ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ៖ « ដ្បិត​ព្រះអម្ចាស់​នៃ​ពួកពលបរិវារ​ទ្រង់​មាន​ព្រះបន្ទូល​ថា បើសិន​ជា​យើង​នឹង​ចិញ្ចឹម​ពូជ​មួយ​សម្រាប់​យើង នោះ​យើង​នឹង​ដាក់​បញ្ញត្តិ​ដល់​រាស្ដ្រ​យើង បើ​ពុំ​នោះ​សោត​ទេ គេ​នឹង​ត្រូវ​បុ្រង​ស្ដាប់​រឿង​ទាំងនេះ » ។ សូមមើល​ផងដែរ​ប្រធានបទ​ដំណឹង​ល្អ « អាពាហ៍ពិពាហ៍​ពហុពន្ធភាព​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ » នៅលើ​គេហទំព័រ topics.lds.org ។

  41. ឆាលលេស ដ័បុលយូ ផេនរូស « Peculiar Questions Briefly Answered » Improvement Era, ខែ កញ្ញា ឆ្នាំ ១៩១២ ទំព័រ ១០៤២ ការគូស​បញ្ជាក់​បាន​បន្ថែម ។

  42. នៅក្នុង ជេម អ ក្លាក ចងក្រង​ដោយ សារលិខិត​គណៈប្រធាន​ទី​មួយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ភាគ​ទី ៦. ( ឆ្នាំ ១៩៦៥–៧៥) ៥:៣២៩ ។

  43. ប្រ៊ូស អ័រ ម៉ាក់ខន់ឃី Mormon Doctrine បោះពុម្ព​លើក​ទី ២ ( ឆ្នាំ ១៩៦៦ ) ទំព័រ ៥៧៨–៧៩ ការ​គូស​បញ្ជាក់​បាន​បន្ថែម ។ សូម​មើល​ផងដែរ សេចក្ដីថ្លែង​ការណ៍​ខាងក្រោម​ដោយ​អែលឌើរ មែលវិន ជេ បាឡឺដ ( ១៨៧៣–១៩៣៩ ) នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖ « អស់​អ្នក​ដែល​ពុំ​អាច​ទទួល​ការរីកចម្រើន​នៃ​ភាពគ្មាន​ទីបញ្ចប់ ពុំ​អាច​ក្លាយ​ដូច​ជា​ព្រះ​ឡើយ ដោយសារ​អ្វីៗ​ដែល​ទាក់ទង​ទាំងនោះ​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​ព្រះ ។ ភាពអស់កល្ប​ជានិច្ច​នៃ​សេចក្តីសញ្ញា​អាពាហ៍ពិពាហ៍ ត្រូវតែ​បាន​យល់​ដឹង​ដោយ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ឲ្យ​បាន​ច្បាស់​ថា ពួកគេ​ត្រូវតែ​បាន​ផ្សារភ្ជាប់​យ៉ាង​ហោចណាស់​ស្ត្រី​ម្នាក់ ទៅ​នឹង​បុរស​ម្នាក់​ក្នុង​កាលវេលា និង​រហូត​ដល់​អស់​ទាំង​ភាព​អស់​កល្ប​ជានិច្ច ។ បន្ទាប់ពី​នោះ​សុំ​កុំ​យល់​ច្រឡំ​នៅលើ​ចំណុច​នោះ ហើយ​គិត​ស្រមៃ​ថា​វា​មាន​ន័យ​យ៉ាង​ចាំបាច់​ថា​ត្រូវ​មាន​ស្ត្រី​ច្រើន​ជាង​ម្នាក់​ឡើយ ។ ពិតណាស់​ប្រហែល​វា​អាច​ដូច​អញ្ចឹង ប៉ុន្តែ​វា​ពិត​ជា​មាន​ន័យ​ថា យ៉ាង​ហោចណាស់​បុរស និង ស្ត្រី​ម្នាក់​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយ​គ្នា ដោយ​អំណាច​ដ៏​បរិសុទ្ធ​នៃ​បព្វជិតភាព និង តាមរយៈ​ការផ្សារភ្ជាប់​ដែល​បាន​អនុញ្ញាត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ក្នុង​កាលវេលា និង​អស់​ទាំង​ភាព​អស់​កល្ប​ជានិច្ច ហើយ​បន្ទាប់មក​ថា​ពួកគេ​រក្សា​សេចក្តីសញ្ញា​របស់​ខ្លួន ពីមុន​ពួកគេ​អាច​នឹង​ទទួល​កម្រិត​ដ៏​ខ្ពស់​បំផុត​នៃ​សិរីល្អ​សេឡេស្ទាល ហើយ​មាន​តែ​កូនចៅ​នៃ​ព្រះវរបិតា​របស់​យើង​បែប​នេះ​ទេ​ដែល​ត្រូវបាន​សន្យា​ឲ្យ​ទទួល​បាន​ការរីកចម្រើន​ដ៏​គ្មាន​ទីបញ្ចប់ ឬ អស់កល្ប​ជានិច្ច​នេះ » ( The Three Degrees of Glory ៖ ការថ្លែង​បញ្ចេញ​យោបល់ ដោយ មែលវិន ជេ បាឡឺដ​ ថ្ងៃ​ទី ២២ ខែ កញ្ញា ឆ្នាំ ១៩២២ ទំព័រ ១០ ការគូស​បញ្ជាក់​បាន​បន្ថែម ) ។

  44. គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:២ ។

  45. នីហ្វៃទី ២ ៣១:២០ ។

  46. អេធើរ ១២:៤ ។

  47. សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៩:២៣ ។