២០១៥
ល្បែង​ផ្គុំរូប​​ការស្តារឡើងវិញ
December 2015


ល្បែង​ផ្គុំរូប ការស្តារឡើងវិញ

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ យូថាហ៍ ស.រ.អា ។

តើ​ពាក្យ​ថា ការស្តារ ឡើងវិញ មាន​ន័យ​ដូចម្តេច ?

« ដ្បិត​យើង​បាន​ដាក់​មក​លើ​អ្នក​នូវ​កូនសោ​ទាំងឡាយ និង អំណាច​នៃ​បព្វជិតភាព ដែល​យើង​សាង​ឡើងវិញ​នូវ​ការណ៍​គ្រប់យ៉ាង » ( គ. និង ស. ១៣២:៤៥ ) ។

រូបភាព
Product Shot from December 2015 Liahona

នៅតាម​ផ្លូវ​ពី​ព្រះវិហារ​ត្រឡប់​ទៅ​ផ្ទះ​វិញ អាណា​បាន​ចាំ​ពី​ក្រដាស​តូច​មួយ​ដែល​គ្រូ​របស់​នាង​បាន​ឲ្យ​នាង ។ « ម៉ាក់ សូម​ទាយ​មើល ! ខ្ញុំ​នឹង ឡើង​និយាយ​នៅក្នុង​ថ្នាក់​បឋមសិក្សា​នៅ​ថ្ងៃ​អាទិត្យ​ក្រោយ » ។

ម៉ាក់​បាន​តប​ថា « ល្អ​ណាស់ » ។ « និយាយ​ពី​អ្វី​ទៅ​កូន ? »

« កូន​ត្រូវ​និយាយ​អំពី​ការស្តារ​ឡើងវិញ ។ ប៉ុន្តែ​កូន​មិន​ប្រាកដ​ថា​តើ​ការស្តារឡើងវិញ​នោះ​ជា​អ្វី​ឡើយ » ។

ម៉ាក់​បាននិយាយ​ថា « ការស្តារឡើងវិញ មានន័យ​ថា​ព្រះ​បាន​នាំត្រឡប់​មក​វិញ ឬ ស្តារ​ឡើងវិញ នូវ​អ្វី​គ្រប់យ៉ាង​ដែល​ទ្រង់​ចង់​ឲ្យ​សាសនាចក្រ​ទ្រង់​មាន » ។ « តាមរយៈ​ព្យាការី​យ៉ូសែប ស្ម៊ីធ ទ្រង់​បាន​នាំ​ត្រឡប់​មក​នូវ​ព្រះវិហារ​បរិសុទ្ធ បព្វជិតភាព បុណ្យ​ជ្រមុជ​ទឹក និង អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ បើ​គ្មាន​ការស្តារឡើងវិញ​ទេ នោះ​យើង​នឹង​គ្មាន​សាសនាចក្រ​នេះ​ឡើយ ! »

អណា​បាន​ងក់​ក្បាល ។ « កូន​គិត​ថា​កូន​យល់​វា​ហើយ ។ ប៉ុន្តែ​កូន​គិត​ថា កូន​ពុំ​អាច​ពន្យល់​វា​ដូច​ម៉ាក់​ពន្យល់​ឡើយ » ។

ម្តាយ​បាន​និយាយ​នៅពេល​ពួកគេ​មកដល់​ផ្ទះ​ថា « កូន ម៉ាក់​មាន​យោបល់​មួយ » ។ « តោះ​មកតាម​ម៉ាក់ » ។

អាណា បាន​ដើរ​តាម​ម្តាយ​ទៅកាន់​បន្ទប់​គ្រួសារ ។ ពួកគេ​បាន​ចាប់ផ្តើម​លេង​ល្បែង​ផ្គុំរូប​យប់​មិញ ហើយ​បំណែក​ទាំង​នោះ​នៅ​រប៉ាត់រប៉ាយ​នៅលើ​តុតូច​នោះ ។

« សូម​គិត​អំពី​ដំណឹង​ល្អ​ឲ្យ​ដូច​ជា​ល្បែង​ផ្គុំ​រូប​ដែល​រៀប​ហើយ » ។ ម៉ាក់​បាន​រើសយក​បំណែក​មួយ​ឡើង ។ « បំណែក​ជាច្រើន​នៃ​រូបភាព​នេះ​នៅលើ​ផែនដី​ក្នុង​សម័យ​កាល​ផ្សេងៗ​គ្នា ។ ប៉ុន្តែ បន្ទាប់​ពី​ព្រះយេស៊ូវគ្រីស្ទ និង ពួកសាវក​របស់​ទ្រង់​បាន​ទទួល​មរណភាព​ទៅ សេចក្តីពិត​នៃ​ដំណឹង​ល្អ​ជា​ច្រើន​ត្រូវបាន​បាត់បង់ ឬ​ផ្លាស់ប្តូរ ។ បំណែក​នៃ​សេចក្តីពិត​ទាំង​នោះ​ត្រូវតែ​នាំ​ត្រឡប់​មក​វិញ » ។

« ដូច្នេះ​តើ​អ្វី​បាន​កើត​ឡើង​បន្ទាប់​ពី​នោះ ? » អាណា​បាន​សាប់​បំណែក​មួយ​ចំនួន​ដែល​បាត់​នោះ ។

« ជាច្រើន​ឆ្នាំ​ក្រោយ​មក​ព្រះ​បាន​ហៅ​ក្មេង​ប្រុស​នៅ​កសិដ្ឋាន​ម្នាក់ ឲ្យ​នាំ​យក​បំណែក​ទាំងអស់​ត្រឡប់​មក​វិញ ហើយ​ដាក់​វា​ជាមួយ​គ្នា​ដូច​កាល​ព្រះយេស៊ូវ​បាន​គង់​នៅលើ​ផែនដី ។ តើ​កូន​គិតថា​ម្នាក់​នោះ​គឺ​ជា​នរណា ? »

« យ៉ូសែប ស៊្មីធ ! » អាណា​បាន​និយាយ ដោយ​ញញឹម ។ « កូន​គិត​ថា​​ចាប់ផ្តើម​យល់​វា​ហើយ » ។ នាង និង ម្តាយ​បាន​និយាយ​គ្នា​បន្ថែម​ពី យ៉ូសែប ស៊្មីធ និង បំណែក​ផ្សេង​ទៀត​នៃ​ដំណឹង​ល្អ​ដែល​ព្រះ​បាន​នាំ​ត្រឡប់​មក​វិញ​តាមរយៈ​លោក ។

អាណា​បាន​សរសេរ ហើយ​អនុវត្ត​ការឡើង​និយាយ​របស់​ខ្លួន​នៅ​ប៉ុន្មាន​ថ្ងៃ​នោះ ។ នាង​បាន​អធិស្ឋាន​ទៅ​កាន់​ព្រះ​វរបិតា​សួគ៌​ថា​នាង​អាច​មាន​ភាព​ក្លាហាន ហើយ​ចែកចាយ​សារលិខិត​របស់​នាង​នៅក្នុង​ថ្នាក់​បឋមសិក្សា ។

នៅថ្ងៃ​អាទិត្យ នៅពេល​ដល់​ម៉ោង​ដែល​អាណា​និយាយ នាង​បាន​ក្រោកឡើង ដក​ដង្ហើម​ធំ ហើយ​បាន​កាន់​រូបផ្គុំ​ដាក់​លើ​ក្តារខៀន​ដូច្នេះ​មនុស្ស​គ្រប់គ្នា​អាច​មើល​ឃើញ ។ បំណែក​ទាំងអស់​នៅ​ជាមួយគ្នា​ក្នុង​រូបផ្គុំ​នោះ ។

« ជាយូរយារ​មក​ហើយ មាន​បំណែក​នៃ​ដំណឹង​ល្អ​ដ៏​សំខាន់ៗ​លើ​ផែនដី​នេះ ។ បន្ទាប់​ពី​ព្រះយេស៊ូវ និង សាវក​របស់​ទ្រង់​បាន​ទទួល​មរណភាព នោះ​បំណែក​មួយ​ចំនួន​បាន​បាត់បង់ » ។ អាណា បាន​យក​បំណែក​មួយ​ចំនួន​ចេញ​ពី​រូបផ្គុំ ហើយ​ដាក់​វា​ចុះ ។ « បន្ទាប់មក​ព្រះ​វរបិតា​សួគ៌ និង ព្រះយេស៊ូវ បាន​ហៅ​យ៉ូសែប ស្ម៊ីធ ជា​ព្យាការី​ឲ្យ​នាំ​ត្រឡប់​មក​វិញ​នូវ​បំណែក​នៃ​ដំណឹង​ល្អ​ដែល​បាន​បាត់​នោះ ។ នេះ​គឺ​ហៅថា​ការស្តារ​ឡើងវិញ » ។ នាង​បាន​ចាប់យក​បំណែក​នៃ​រូបផ្គុំ​ដើម្បី​បង្ហាញ​ថ្នាក់​បឋម​សិក្សា ។ នៅ​ខាង​ខ្នង​វា​មាន​ពាក្យ « អំណាច​បព្វជិតភាព » ។

បន្ទាប់មក​អាណា បាន​បង្ហាញ​បំណែក​ទាំងអស់​ដែល​នៅសល់ ។ នាង​បាន​អាន​នៅ​ខ្នង​បំណែក​និមួយៗ ពីមុន​នាង​ដាក់​វា​ចូល​ទៅ​ក្នុង​កន្លែង​វា​ក្នុង​រូបផ្គុំ ។ « ព្យាការី​ដែល​រស់នៅ … សាវក​ដប់​ពីរ​នាក់ … កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​គ្រួសារ​អស់កល្ប​ជានិច្ច … បុណ​ជ្រមុជទឹក​ដោយ​ការពន្លិច … ការដាក់​ដៃ​លើ​ក្បាល​សម្រាប់​អំណោយ​ទាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ » ។

អាណា បាន​ចាប់​រូបផ្គុំ​ដែល​រៀប​ហើយ​នោះ​ឡើង ។ « ឥឡូវ​នេះ​យើង​មាន​បំណែក​ទាំងអស់​នៃ​ដំណឹង​ល្អ​ហើយ ។ នោះ​មាន​ន័យ​ថា យើង​អាច​ឃើញ​យ៉ាង​ច្បាស់​ពី​របៀប​ដែល​យើង​អាច​រីករាយ ហើយ​រស់នៅ​ជាមួយ​នឹង​ព្រះ​វរបិតា​សួគ៌​នៅ​ថ្ងៃ​ណា​មួយ​ម្ដង​ទៀត ។ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ការស្តារ​ឡើងវិញ ។ នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ អាម៉ែន » ។