២០១៥
យប់​មុន​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់​ជាមួយ​គ្រួសារ​គ័រដូបាស់
December 2015


យប់​មុន​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់ ជាមួយ​គ្រួសារ​គ័រដូបាស់

អ្នក​និពន្ធ​រស់នៅ​ប្រទេស​ប៉េរូ ។

ម៉ារី​សេឡូ និង ខ្ញុំ​មាន​តែ​អំណោយ​មួយ​គត់ ។ តើ​យើង​អាច​ចែក​គ្នា​យ៉ាង​ដូចម្តេច​ទៅ ?

« ដែល​អ្នក​រាល់​គ្នា​ធ្វើ​ការទាំងនោះ ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បងប្អូន​យើង​នេះ នោះ​ឈ្មោះ​ថា​បាន​ធ្វើ​ដល់​យើង​ដែរ » ( ម៉ាថាយ ២៥:៤០ ) ។

រូបភាព
Product Shot from December 2015 Liahona

នៅយប់​មុន​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់​មាន​អំណោយ​តែ​ពីរគត់​នៅក្រោម​ដើម​គ្រីស្ទម៉ាស់​តូច​របស់​យើង ។ មួយ​សម្រាប់​ប្អូនស្រី​អាយុ​ពីរ​ឆ្នាំ​របស់​ខ្ញុំ ម៉ារីសេឡូ ហើយ​មួយ​ទៀត​សម្រាប់​ខ្ញុំ ។ ម្តាយ​ខ្ញុំ​បាន​និយាយ​ថា គាត់​មាន​លុយ​តិច ដូច្នេះ​មាន​អំណោយ​តែ​ប៉ុណ្ណឹង​ដែល​យើង​មាន ។

នៅយប់​នោះ​ម្តាយ​យើង​បាន​អាន​រឿង​មួយ​ក្នុង លីអាហូណា អំពី​បុណ្យ​គ្រីស្ទម៉ាស់​មួយ​ដោយ​គ្មាន​អំណោយ​អ្វី​សោះ ។ នៅពេល​គាត់​បាន​អាន ខ្ញុំ​មាន​អារម្មណ៍​រីករាយ និង មាន​ភាព​សុខសាន្ត​ក្នុងចិត្ត ។ ប្រហែល​ជា​ការមាន​អំណោយ​តែ​មួយ​នោះ​វា​មិន​អន់​នោះ​ឡើយ ។ បន្ទាប់មក​ម្តាយ​បាន​និយាយ​ថា « ជំនួស​ឲ្យ​ការលេង​ល្បែង​កម្សាន្ត​ដូច​ដែល​យើង​ធ្លាប់​ធ្វើ​សម្រាប់​យប់​មុន​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់ តើ​យើង​អាច​យក​អំណោយ​មួយ​ទៅ​ឲ្យ​គ្រួសារ​មួយ​នៅក្នុង​វួដ​របស់​យើង​វិញ​យ៉ាង​ម៉េច​ដែរ ? »

« ប៉ុន្តែ​តើ​យើង​អាច​ឲ្យ​អ្វី​ដល់​ពួកគេ ? » ខ្ញុំ​បាន​សួរ ។

« យើង​មាន​អំណោយ​ដែល​អាច​លៃលក​បាន » ។

ខ្ញុំ​បាន​ក្រឡេក​មើល​ទៅ​អំណោយ​ទាំង​ពីរ​របស់​យើង បន្ទាប់មក​មើល​រូប​ព្រះយេស៊ូវ​នៅលើ​ជញ្ជាំង ។ « ខ្ញុំ​គិត​ថា​ព្រះយេស៊ូវ​នឹង​ចែកចាយ​អ្វី​ដែល​ទ្រង់​មាន » ។

ពួក​យើង​បាន​អធិស្ឋាន​អំពី​គ្រួសារ​ដែល​យើង​គួរ​ទៅ​សួរសុខទុក្ខ ។ គ្រួសារ​ជាច្រើន​ដែល​យើង​ស្គាល់​ពុំ​សូវ​មាន​អ្វី​ច្រើន​ឡើយ ។ បន្ទាប់​ពី​អធិស្ឋាន​ហើយ យើង​មាន​អារម្មណ៍​ថា​យើង​គួរ​ទៅ​សួរសុខទុក្ខ​គ្រួសារ​គ័រដូបាស់ ។ ពួកគាត់​មាន​កូន​បីនាក់ ហើយ​ឪពុក​របស់​ពួកគាត់​គ្មាន​ការងារ​ធ្វើ​ឡើយ ។

យើង​បាន​ទៅ​ហាង ហើយ​ទិញ ប៉ាណេតុន ( ជា​នំបុ័ង​នៅ​រដូវ​បុណ្យ​នោះ ) មាន់ដុត​មួយ ព្រមទាំង​អំណោយ​តូចៗ​បី ។ យើង​សប្បាយ​ចិត្ត​ដែល​បាន​ទិញ​វា​មក ។ ម៉ាក់​បាន​ចំណាយ​ប្រាក់​ទាំងអស់​ដែល​គាត់​មាន​ប្រហែល ៣០ ពេរ៉ូ តែឯង ( ប្រហែល​១០ ដុល្លារ​ស. រ. អា. ) ។

ពេលយើង​បាន​ទិញ​វា​រួច​ហើយ យើង​បាន​ជិះ​ឡាន​ទៅ​ផ្ទះ​គ្រួសារ​គ័រដូបាស់ ។ ខ្ញុំ​បាន​កាន់ដៃ​របស់​ម៉ារីសេឡូ នៅពេល​យើង​ដើរ​ទៅ​មាត់​ទ្វារ ។

បងស្រី គ័រដូបាស់ បាន​ឃើញ​ពួក​យើង ហើយ​បាន​ចេញ​មក​ឱប​យើង ។ « ឱ​ជា​ការរំភើប​អ្វី​ម្ល៉េះ ! សូម​ចូល​មក ! គាត់​បាន​និយាយ​ថា សូម​អង្គុយ​មក » ។ នៅពេល​យើង​ដើរ​ចូល​ក្នុង​ផ្ទះ គាត់​បាន​ក្តាប់​ដៃ​របស់​ម្តាយ ហើយ​បាន​អង្អែល​ស្មា​របស់​ខ្ញុំ ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា « រ៉ូឡែនដូ និង ពួក​ស្រីៗ​នឹង​សប្បាយ​ចិត្ត​ពេល​ឃើញ​អ្នក​ទាំងអស់​គ្នា » ។

ផ្ទះ​គ្មាន​កម្រាល​ឥដ្ឋ​ឡើយ​គឺ​ជា​កម្រាល​ដី ។ គ្មាន​ភ្លើង​អគ្គិសនី​ឡើយ មាន​តែ​ភ្លើង​ទាន​ទេ ។ ខ្ញុំ​មាន​អារម្មណ៍​អាណិត​គ្រួសារ​គ័រដូបា​ស់ ។ ខ្ញុំ​ប្រាថ្នា​ថា​យើង​អាច​ធ្វើ​អ្វី​ជា​ច្រើន​ទៀត​ដើម្បី​ជួយ​ពួកគេ ។ ប៉ុន្តែ​ម្តាយ​ខ្ញុំ​ហាក់បីដូចជា​ពុំ​ចាប់​អារម្មណ៍​នឹង​ដី ឬ ភ្លើង​ទាន​ឡើយ ។ គាត់​សប្បាយចិត្ត​ណាស់ ដែល​បាន​នៅ​ទីនេះ​ជាមួយ​បងស្រី គ័រដូបាស់ ។

« ពួកយើង​មក​ជូនពរ​អ្នក ហ្វែលីស្ស ណាវីដាដ ( រីករាយថ្ងៃបុណ្យណូអែល ) ! » ម៉ាក់​បាន​និយាយ ។ « យើង​រីករាយ​ណាស់​ដែល​យើង​គឺ​ជា​មិត្តភក្តិ​នឹង​គ្នា » ។ គាត់​បាន​ជូន​អាហារ និង អំណោយ​ដល់​បងស្រី គ័រដូបាស់ ដែល​គាត់​បាន​ញញឹម​យ៉ាង​ខ្លាំង ហើយ​បាន​ថ្លែង​អរគុណ ។

រ៉ូឡែនដូ ម៉ាដេលីន និង រ៉ាឃ្វី បាន​រត់ចេញ​ពី​បន្ទប់​ផ្សេង​ចូលមក​ហើយ​និយាយ​ថា​សួស្តី ។ ម៉ារីសេឡូ បាន​រេរាក្បែរ​ជើង​របស់​ខ្ញុំ​ហើយ​ញញឹម ។ នាង​បាន​សើច​នៅពេល​រ៉ូឡែនដូ​បាន​ធ្វើ​មុខ​កំប្លែង​ដាក់​នាង ។ មិន​យូរ​ប៉ុន្មាន​គ្រប់​គ្នា​បាន​ជជែក​គ្នា និយាយ​រឿង​កំប្លែង ហើយ​សើច​សប្បាយ ។

ខ្ញុំ​បាន​គិត​ថា « នេះ​វា​សប្បាយ​ជាង​ការលេង​ល្បែង​កម្សាន្ត​តែ​ខ្លួន​យើង​ទៅ​ទៀត » ។ ខ្ញុំ​សប្បាយ​ចិត្ត​ដែល​យើង​បាន​មក​ទីនោះ ។ វា​គ្មាន​បញ្ហា​អ្វី​ឡើយ​ទោះបី​ជា​យើង​ពុំ​មាន​អ្វី​ច្រើន​ចែកចាយ​ជាមួយ​ពួកគេ​ក្តី ។ ហើយ​វា​គ្មាន​បញ្ហា​អ្វី​ឡើយ ទោះបី​ជា​វា​ជា​កម្រាល​ដី​ក្តី ។ បុណ្យគ្រីស្ទម៉ាស់​គឺ​ពុំមែន​ពី​​អ្វី​ដែល​យើង​មាន​នោះ​ឡើយ ។ វា​គឺ​ជា​ការជួបជុំ​គ្នា​ទាំងអស់​គ្នា ។

នៅពេល​យើង​រៀប​នឹង​ចេញ​មកវិញ បងស្រី គ័រដូបាស់ បាន​ឱប​យើង​ម្តង​ទៀត ។ គាត់​ពោល​ថា « អរគុណ​ខ្លាំង​ណាស់ » ។ សំឡេង​របស់​គាត់​ញ័រ ហើយ​ខ្ញុំ​បាន​ឃើញ​ថា​គាត់​បាន​យំ ។ ខ្ញុំ​បាន​ឈរ​ចំអើត​ជើង ហើយ​ថើប​ថ្ពាល់​បងស្រី គ័រដូបាស់ ។

ខ្ញុំ​បាន​និយាយ​ថា « ហ្វែលីស្ស ណាវីដាដ ( រីករាយ​ថ្ងៃ​បុណ្យណូអែល ) » ។