២០១៥
សាក្សី​ម្នាក់​អំពី​ព្រះអង្គ​សង្គ្រោះ​ព្រះ​យេស៊ូវ គ្រីស្ទ
December 2015


សាក្សី​ម្នាក់​អំពី​ព្រះអង្គ​សង្គ្រោះ​ព្រះ​យេស៊ូវគ្រីស្ទ

អស់​រយៈ​ពេល ៥៤​ឆ្នាំ​ក្នុងនាម​ជា​​អ្នកមាន​សិទ្ធិអំណាច​ទូទៅ និង រយៈពេល ៤៥ ឆ្នាំ​ក្នុង​នាម​ជា​សាវក​ម្នាក់ និង​ជា​សាក្សី​ពិសេស « អំពី​ព្រះនាម​នៃ​ព្រះគ្រីស្ទ​នៅពេញ​សព្វ​ក្នុង​ពិភពលោក » ( គ. និង ស. ១០៧:២៣ ), ប្រធាន ផាកកឺ បាន​ថ្លែង​ទីបន្ទាល់​​យ៉ាង​រាបទាប ។ មិនយូរប៉ុន្មានពីមុនមរណភាពរបស់លោកនៅថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០១៥ ប្រធានផាកកឺបានស្នើសុំថាសេចក្តីដកស្រង់ខាងក្រោមមកពីការបម្រើរបស់លោកគួរតែត្រូវចែកចាយនៅក្នុងលីអាហូណា ។ នៅក្នុងវិញ្ញាណនៃរដូវកាលនៃបុណ្យគ្រីស្ទម៉ាស់នេះ ការដកស្រង់នេះសង្កត់ធ្ងន់លើទីបន្ទាល់របស់លោកអំពីព្រះអង្គសង្គ្រោះ និង សេចក្តីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទ ។

រូបភាព
Carl Bloch's painting depicting Christ with a boy. The painting is cropped to show only Christ. There is a halo of light around Christ's head.

ព័ត៌មាន​លម្អិត​ចេញពី ព្រះគ្រីស្ទ និង កុមារតូចៗ ដោយ ខាល ហៀនរីច ប្លូច

ខ្ញុំ​ស្រឡាញ់​ព្រះអម្ចាស់

« ខ្ញុំ​ចូលចិត្ត​បុណ្យ​គ្រីស្ទម៉ាស់ ។ មាន​អារម្មណ៍​ពិសេស​ក្នុង​រដូវកាល​បុណ្យ​គ្រីស្ទម៉ាស់ ។ វា​បាន​ចុះ​មក​លើពិភពលោក​នេះ — ពុំមែន​គ្រាន់តែ​សម្រាប់​សមាជិក​នៃ​សាសនាចក្រ​នេះ​ឡើយ ប៉ុន្តែ​សម្រាប់​មនុស្ស​ទូទាំង​ពិភពលោក — គឺ​ជាទីបន្ទាល់​មួយ និង សាក្សី​មួយ​ថា​ព្រះ​យេស៊ូវ គឺ​ជា​ព្រះ​គ្រីស្ទ ។ … ក្នុង​នាម​ជា​អ្នក​បម្រើ​ម្នាក់​របស់​ព្រះអម្ចាស់ ក្នុង​នាម​ជា​សាវក​ម្នាក់​ក្នុង​ពួក​ដប់ពីរ​នាក់ ខ្ញុំ​ដឹង​ថា​ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ។ …

« ខ្ញុំ​ស្រឡាញ់​ព្រះអម្ចាស់ ។ ខ្ញុំ​ស្រឡាញ់​កិច្ចការ​របស់​ទ្រង់ ។ ខ្ញុំ​ស្រឡាញ់​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ហើយ​ថ្លែង​ជា​សាក្សី​អំពី​ទ្រង់​ដែល​ជា​ចៅហ្វាយ និង មិត្តភក្តិ​របស់​យើង » ។

ខ្ញុំ​ជា​សាក្សី​ម្នាក់​របស់​ទ្រង់

« មាន​រឿង​មួយ​ចំនួន​ដែល​វា​ពិសិដ្ឋ​ជាខ្លាំង រហូត​ដល់​មិន​អាច​យក​មក​ពិភាក្សា​បាន ។ …

« វា​មិនមែន​មក​ពី​វា​ជា​ការណ៍​សម្ងាត់​នោះ​ទេ ប៉ុន្តែ​វា​ជា​រឿង​ដ៏​ពិសិដ្ឋ ដែល​មិនត្រូវ​ជជែក​វែកញែក​ឡើយ ប៉ុន្តែ​វា​តម្រូវ​ឲ្យ​ជឿ ហើយ​ត្រូវតែ​ការពារ និង កោតសរសើរ​ដោយ​គារវភាព​ដ៏​ជ្រាលជ្រៅ​បំផុត ។

« ខ្ញុំ​បាន​យល់​អ្វី​ដែល​ព្យាការី​អាលម៉ា​បាន​និយាយ ៖

« ‹ មាន​មនុស្ស​ជា​ច្រើន​ដែល​បាន​ប្រទាន​ឲ្យ​ដឹង​នូវ​សេចក្តី​អាថ៌កំបាំង​ទាំងឡាយ​នៃ​ព្រះ ទោះជា​យ៉ាង​ណា​ក៏​ដោយ គង់​តែ​គេ​បាន​ទទួល​បញ្ជា​យ៉ាង​តឹងរឹង​ថា គេ​ពុំ​ត្រូវ​ប្រាប់​នរណា​ឲ្យ​សោះ លើកលែង​តែ​មួយ​ភាគ​នៃ​ព្រះបន្ទួល​របស់​ព្រះអង្គ ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​កូន​ចៅ​មនុស្ស​ស្របតាម​ការយក​ចិត្ត​ទុក​ដាក់ និង ការ​ព្យាយាម​របស់​គេ​ចំពោះ​ព្រះអង្គ​ប៉ុណ្ណោះ ។

« ‹ ហេតុដូច្នេះ​ហើយ នរណា​ដែល​ធ្វើ​ចិត្ត​រឹងរូស អ្នក​នោះ​ហើយ​ដែល​នឹង​ទទួល​ព្រះបន្ទូល​របស់​ព្រះអង្គ​មួយ​ភាគ​តិច​ប៉ុណ្ណោះ ឯ​នរណា​ដែល​ពុំ​ធ្វើ​ចិត្ត​រឹងរូស​ទេ អ្នក​នោះ​ហើយ​ដែល​នឹង​បាន​ទទួល​ព្រះបន្ទូល​របស់​ព្រះអង្គ​មួយ​ភាគ​ច្រើន​ជាង រហូត​ដល់​អ្នក​នោះ​អាច​ដឹង​នូវ​សេចក្តី​អាថ៌កំបាំង​ទាំងឡាយ​នៃ​ព្រះ​រហូត​ដល់​អ្នក​នោះ​ដឹង​គ្រប់​សេចក្តី › ( អាលម៉ា ១២:៩–១០ ) ។ …

« ឥឡូវ​នេះ​ខ្ញុំ​ឆ្ងល់​ដូចជា​អ្នក​ដែរ​ថា ហេតុអ្វី​បាន​ជា​មនុស្ស​ដូច​ជា​រូប​ខ្ញុំ​គួរតែ​ត្រូវបាន​ហៅ​ទៅកាន់​តំណែង​នៃ​ភាព​ជា​សាវក​ដ៏​បរិសុទ្ធ​នេះ ។ មាន​លក្ខណៈសម្បត្តិ​ជាច្រើន​ដែល​ខ្ញុំ​គ្មាន ។ មាន​កិច្ចខិតខំ​យ៉ាង​ច្រើន​ក្នុង​ការបម្រើ​ដែល​ខ្ញុំ​កំពុង​តែ​ចង់​ធ្វើ ។ នៅពេល​ខ្ញុំ​បាន​គិត​អំពី​រឿង​នេះ ខ្ញុំ​មាន​ចំណុច​តែ​មួយ​គត់ គឺគុណសម្បត្តិ​មួយ​ដែល​អាច​ជា​ហេតុផល ដែល​នោះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​មាន​នូវ​សាក្សី នោះ ។

« ខ្ញុំ​សូមប្រកាស​ដល់​អ្នក​ថា ខ្ញុំ​ដឹង​ថា​ព្រះយេស៊ូវ គឺ​ជា​ព្រះគ្រីស្ទ ។ ខ្ញុំ​ដឹង​ថា​ទ្រង់​មាន​ព្រះជន្ម​រស់ ។ ទ្រង់​បាន​ប្រសូត​មក​នៅ​ក្នុង​កាល​ដ៏​ខ្ពង់ខ្ពស់​បំផុត ។ ទ្រង់​បាន​បង្រៀន​ដំណឹងល្អ​របស់​ទ្រង់ បាន​ទទួល​ការសាកល្បង និង​ត្រូវបាន​គេ​ឆ្កាង ។ ទ្រង់​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទីបី ។ ទ្រង់​គឺ​ជា​ផល​ដំបូង​នៃ​ការ​រស់ឡើងវិញ ។ ទ្រង់​មាន​រូបកាយ​ជា​សាច់ និង ឆ្អឹង ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​នេះ ។ ខ្ញុំ​ជា​សាក្សី​ម្នាក់​អំពី​ទ្រង់ » ។

ទ្រង់​បាន​ទទួល​យក​ទារុណកម្ម

រូបភាព
Jesus Christ depicted leaning on a rock in the Garden of Gethsemane. The image depicts the Atonement of Christ.

ព័ត៌មានលម្អិតមកពី ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ ដោយ ហារី អែនឌើរសុន

« ពីមុន និង​ក្រោយ​ការឆ្កាង មនុស្ស​ជា​ច្រើន​បាន​លះបង់​ជីវិត​ខ្លួន ប្រកប​ដោយ​សុឆន្ទៈ​មិន​គិត​ពី​ការធ្វើ​ជា​វីរជន​អ្វី​ឡើយ ។ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​បាន​ជួប​ដូច​អ្វី​ដែល​ព្រះគ្រីស្ទ​បាន​ស៊ូទ្រាំ​ឡើយ ។ បន្ទុក​នៃ​អំពើរំលង​របស់​មនុស្ស​ទាំងអស់ ទោស​របស់​មនុស្ស​ទាំងអស់​ត្រូវ​ធ្លាក់​លើ​ទ្រង់ ។ ហើយ​ត្រូវបាន​ព្យួរឡើង​ដែល​ជា​ដង្វាយធួន​ដ៏​អស្ចារ្យ ។ តាមរយៈ​ព្រះឆន្ទៈ​របស់​ព្រះអង្គ សេចក្តី មេត្តា ករុណា និង សេចក្តី យុត្តិធម៌​អាច​ត្រូវបាន​ដោះស្រាយ ក្រឹត្យវិន័យ​ដ៏​អស់កល្ប​ត្រូវបាន​បំពេញ ហើយ​ការសម្រប សម្រួល​បាន​សម្រេច​ថា​គ្មាន​មនុស្ស​ណា​ម្នាក់​នឹង​មិន​អាច​ត្រូវបាន​ប្រោសលោះ​ឡើយ ។

« ទ្រង់​បាន​ជ្រើស​ទទួល​យក​ទារុណកម្ម ជំនួស​មនុស្ស​លោក​ទាំងអស់ ចំពោះ​អំពើ​ទុច្ចរិត​ទាំងអស់ និង ចំពោះ​អំពើ​ពុករលួយ អំពើ​ឃោរឃៅ ភាពអសីលធម៌ អំពើ​ខូច​អាក្រក់ និង អំពើ​ស្មោកគ្រោក ចំពោះ​ការញៀន ចំពោះ​ការកាប់សម្លាប់ និង ទារុណកម្ម ព្រមទាំង​ភាព​ចលាចល — ចំពោះ​អ្វីៗ​ទាំងអស់​ដែល​ធ្លាប់​កើត​ឡើង ឬ អ្វីៗ​ទាំងអស់​ដែល​កើត​មាន​ឡើង​នៅលើ​ផែនដី​នេះ ។ ក្នុងការជ្រើសរើស​នោះ ទ្រង់​បាន​ស៊ូទ្រាំ​នឹង​អំណាច​ដ៏​ខ្លាំងក្លា​របស់​អារក្ស​ដែល​វា​មិនមាន​នៅក្នុង​ដែនកំណត់​នៃ​សាច់ឈាម ហើយ​ក៏​មិន​ចុះចូល​នឹង​ការឈឺចាប់​នៃ​ជីវិត​រមែង​ស្លាប់​ដែរ ។ អ្វី​ដែល​ខ្ញុំ​រៀបរាប់​នេះ​គឺ​កើត​នៅ​សួន​គែតសេម៉ានី !

« ដង្វាយធួន​បាន​សម្រេច​ទៅបាន​យ៉ាង​អស្ចារ្យ​ដោយ​យើង​មិន​បាន​ដឹង​ឡើយ ។ គ្មាន​ជីវិត​រមែងស្លាប់​ណា​ដែល​ត្រូវបាន​មើល​ថា​អាក្រក់​បាន​បែរ​ចេញ ឬ លាក់បាំង​ដោយ​អាម៉ាស់​នៅចំពោះ​ពន្លឺ​ដែល​ជា​តួអង្គ​ដ៏​បរិសុទ្ធ​នោះ​ឡើយ ។ មនុស្ស​ទុច្ចរិត​ទាំងអស់​ពុំ​ស្រេកឃ្លាន​ពន្លឺ​នោះ​ឡើយ ។ នៅពេល​អ្វី​ដែល​ត្រូវធ្វើ បាន​ធ្វើ​រួច​ហើយ​នោះ តម្លៃលោះ​ត្រូវបាន​បង់ ។ ទាំងសេចក្តី​ស្លាប់ និង ស្ថាននរក​បាន​បោះបង់​ការទាមទារ​យក​អស់​អ្នក​ដែល​បាន​ប្រែចិត្ត ។ នៅទីបំផុត​មនុស្ស​មាន​សេរីភាព ។ បន្ទាប់មក​ទៀត គ្រប់​ព្រលឹង​ដែល​ធ្លាប់​បាន​រស់នៅ​អាច​ជ្រើសរើស​ធ្វើតាម​ពន្លឺ​នោះ ហើយ​ត្រូវបាន​សង្គ្រោះ ។

« តាមរយៈ​ការបូជា​ដ៏​និរន្តរ​នេះ ‹ តាមរយៈ​ដង្វាយធួន នៃ​ព្រះគ្រីស្ទ [ នេះ ] នោះ​មនុស្ស​លោក​ទាំងអស់​អាច​បាន​សង្គ្រោះ ដោយសារ​ការគោរពតាម​ក្រឹត្យវិន័យ និង ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹង​ល្អ › ( មាត្រានៃសេចក្តីជំនឿ ១:៣ ) » ។

គ្រូបង្រៀន​ដ៏​ឆ្នើម

« នៅក្នុង​ដំណើរការ​នៃ​កិច្ចខិតខំ​របស់​ខ្ញុំ ដើម្បី​បង្រៀន​ដំណឹង​ល្អ​របស់​ទ្រង់ ខ្ញុំ​បាន​ស្គាល់​ទ្រង់​ថា​ជា ព្រះយេស៊ូវគ្រីស្ទ ព្រះរាជបុត្រា​នៃ​ព្រះ ជា​បុត្រ​បង្កើត​តែ​មួយ​របស់​ព្រះវរបិតា ។ ខ្ញុំ​មាន​គារវភាព​ចំពោះ​ទ្រង់ ដោយ​មាន​ការកោត សរសើរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អ្វី​ដែល​ទ្រង់​បាន​បង្រៀន និង របៀប​ដែល​ទ្រង់​បង្រៀន ។ វា​មិនមែន​មិន​ល្អ​ទេ​ ចំពោះ​យើង​ម្នាក់ៗ​ដែល​ព្យាយាម​បង្រៀន​ដូច​ដែល​ទ្រង់​បាន​បង្រៀន ។ វា​មិនមែន​មិន​ល្អ​ទេ ចំពោះ​យើង​ម្នាក់ៗ​ដែល​ប្រាថ្នា​ឲ្យ​បាន​ដូចជា​ទ្រង់ ។ ទ្រង់​មិនមែន​គ្រាន់តែ​ជា​គ្រូបង្រៀន​ទេ ទ្រង់​គឺ​ជា​គ្រូបង្រៀន​ដ៏​ឆ្នើម » ។

ការ​ដឹង​ពីសេចក្ដីពិត​ដ៏​មាន​តម្លៃ​បំផុត​

« ព្រោះ​យើង​ជា​មនុស្ស​រមែង​ស្លាប់ យើង​អាច​មិន​យល់​ទាំង​ស្រុង​ពី របៀប ដែល​ព្រះ​អង្គ​សង្គ្រោះ​ទ្រង់​បាន​បំពេញ​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់​នោះទេ ។ ប៉ុន្តែ​សម្រាប់​ពេល​ឥឡូវនេះ របៀប ដែល​ទ្រង់​រងទុក្ខ​គឺ​មិន​សំខាន់​ដូចជា មូលហេតុ ដែល​ទ្រង់​រងទុក្ខ​នោះទេ ។ តើ​ហេតុអ្វី​ទ្រង់​ធ្វើ​ការណ៍​នោះ​សម្រាប់​អ្នកសម្រាប់​ខ្ញុំ សម្រាប់​មនុស្ស​គ្រប់​រូប ? ទ្រង់​បាន​ធ្វើ​បែបនេះ ដោយ​ព្រោះ​ក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​ជា​ព្រះវរបិតា និង​ចំពោះ​មនុស្ស​គ្រប់​គ្នា ។ ‹ គ្មាន​អ្នក​ណា​មាន​សេចក្ដី​ស្រឡាញ់​ធំ​ជាង​នេះ គឺ​ដែល​អ្នក​ណា​នឹង​ប្ដូរ​ជីវិត​ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះទេ › ( យ៉ូហាន ១៥:១៣ ) ។

« ក្នុង​សួន​គែតសេម៉ានី ព្រះគ្រីស្ទ​បាន​ចេញ​ពី​ពួក​សាវក​របស់​ទ្រង់​ទៅ​អធិស្ឋាន ។ អ្វី​ដែល​បាន​កើតឡើង​គឺ​ហួស​ពី​អំណាច​របស់​យើង​ដើម្បី​យល់ដឹង ! តែ​យើង​ពិត​ជា​ដឹង​ថា ទ្រង់​បាន​សម្រេច​នូវ​ដង្វាយធួន ។ ទ្រង់​ព្រម​លើក​ដាក់​មក​លើ​អង្គ​ទ្រង់​នូវ​អស់​ទាំង​កំហុស និង​អំពើបាប មន្ទិល​សង្ស័យ និង​ការភ័យ​ខ្លាច​នៃ​ពិភពលោក​ទាំងមួល ។ ទ្រង់​បាន​រងទុក្ខ​ជំនួស​យើង ដើម្បី​យើង​មិន​បាច់​ត្រូវ​រងទុក្ខ ។ មនុស្ស​រមែង​ស្លាប់​ជាច្រើន​បាន​រង​ទារុណកម្ម ហើយ​ស្លាប់ ដែល​ជា​ការ​ស្លាប់​ដ៏​ឈឺចាប់ និង​គួរឲ្យ​ខ្លាច​ក្រៃលែង ។ តែ​ការ​ឈឺចាប់​របស់​ទ្រង់​លើស​ពី​ការឈឺចាប់​ទាំងអស់​នោះ​ទៅ​ទៀត ។ …

« ការរងទុក្ខ​របស់​ទ្រង់ គឺ​ខុស​ពី​ការ​រងទុក្ខ​ផ្សេងទៀត​ទាំងអស់​ពីមុន​មក ឬ​តាំង​ពី​នោះ​មក ដោយ​ព្រោះ​ទ្រង់​បាន​លើក​ដាក់​មក​លើ​អង្គ​ទ្រង់ នូវ​ទោស​ទាំងអស់​ដែល [ ធ្លាប់ ]​ មាន​លើ​គ្រួសារ​មនុស្ស​ជាតិ ។ សូម​ស្រមៃ​ពី​ការណ៍​នោះ ! ទ្រង់​គ្មាន​ជំពាក់​បំណុល​ដើម្បី​នឹង​សងសោះ​ឡើយ ។ ទ្រង់​ពុំ​បាន​ធ្វើ​ខុសសោះឡើយ ។ ទោះ​យ៉ាងណា បន្សំ​នៃ​អស់​ទាំង​កំហុស ទុក្ខព្រួយ ការឈឺចាប់ និង​សេចក្ដី​ប្រមាថ ទារុណកម្ម​ទាំង​ខាង​ផ្លូវចិត្ត អារម្មណ៍ និង ផ្លូវកាយ​ទាំងអស់​ដែល​មនុស្សលោក​ស្គាល់ — គឺ​ទ្រង់​បានភ្លក់​នូវ​បទ​ពិសោធន៍​ទាំងអស់ ។ មាន​តែ​មួយ​អង្គ​គត់​នៅ​ក្នុង​កំណត់​ត្រា​ប្រវត្តិសាស្រ្ត​មនុស្ស​ទាំងអស់ ដែល​គ្មាន​ទោស​សោះ​ដែល​មាន​អំណាច​នឹង​ធ្វើ​ឲ្យ​ធួន​ដល់​បាប និង​ការ​រំលង​របស់​មនុស្ស​ទាំងអស់ ហើយ​អាច​ស៊ូ​នឹង​ការឈឺចាប់ ដែល​បាន​បង្រ្គប់បន្ថែម​ដោយ​ការបង់​ថ្លៃ​ជំនួស​ពួកគេ ។

« ទ្រង់​ព្រម​លះបង់​ជីវិត​ទ្រង់ ហើយ​មាន​បន្ទូល​ដ៏​មាន​ខ្លឹមសារ​ថា « គឺ​យើង​នេះ​ហើយ ដែល​ទទួល​យក​អំពើ​បាប​ទាំងឡាយ នៃ​មនុស្ស​លោក​មកលើ​ខ្លួន » ( ម៉ូសាយ ២៦:២៣ ) ។ ទ្រង់​ត្រូវ​បាន​គេ​ឆ្កាង ទ្រង់​បាន​សុគត ។ ពួកគេ​មិន​អាច​ដក​យក​ជីវិត​ពី​ទ្រង់​បាន​ឡើយ ។ គឺ​ទ្រង់​ទេ​តើ​ដែល​ព្រម​សុគត​នោះ ។ …

« បើសិន​អ្នក​បាន​ដួលចុះ ឬ​សូម្បី​តែ​វង្វេង​មួយ​រយៈ បើសិន​អ្នក​មាន​អារម្មណ៍​ថា​ឥឡូវ​នេះ​បច្ចាមិត្ត​សង្កត់​អ្នក​ជាប់​នោះ អ្នក​អាច​ឈាន​ទៅ​មុខ​ដោយ​ជំនឿ និង​ដោយ​មិន​វង្វេង​ទៅមក​ក្នុង​លោកិយ​នេះ​ទៀត​ឡើយ ។ មាន​ពួក​អ្នក​ដែល​ត្រៀម​រួច​ជា​ស្រេច ដើម្បី​ដឹកនាំ​អ្នកឲ្យ​ត្រឡប់​ទៅ​ភាព​សុខសាន្ត និង​សុវត្ថិភាព​វិញ ។ ដូចដែល​បាន​សន្យា​ក្នុង​ព្រះគម្ពីរ​ថា សូម្បី​ព្រះគុណ​នៃ​ព្រះ​បានមក ‹ បន្ទាប់ពី​អ្វីៗ​ទាំងអស់​ដែល​យើង​អាច​ធ្វើ​បាន › ( នីហ្វៃទី ២ ២៥:២៣ ) ។ ចំពោះ​ខ្ញុំ លទ្ធភាព​ក្នុង​ការ​សម្រេច​បាន​នូវ​ការណ៍​នេះ គឺ​ជា​ការដឹង​ពី​សេចក្ដី​ពិត​ដ៏​មាន​តម្លៃ​បំផុត​ ។

« ខ្ញុំ​សូម​សន្យា​ថា ព្រឹកព្រលឹម​ដ៏​ស្រស់​បំព្រង​នៃ​ការ​អភ័យទោស អាច​កើត​មាន ។ ពេលនោះ​‹ សេចក្ដី​សុខសាន្ត​របស់​ព្រះ​ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត › ( ភីលីព ៤:៧​ ) ចូល​មក​ក្នុង​ជីវិត​អ្នក​ម្ដង​ទៀត ជា​អ្វី​មួយ​ដែល​ដូច​ជា​ព្រះអាទិត្យ​រះ ហើយ​អ្នក​ដូចជា​ទ្រង់​ដែរ ‹ នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប​របស់​អ្នក​ទៀត​ជា​ដរាប​ទៅ › ( យេរេមា ៣១:៣៤ ) ។ តើ​អ្នក​នឹង​ដឹង​ដោយ​របៀប​ណា ? អ្នក​នឹង​ដឹង ! ( សូមមើល ម៉ូសាយ ៤:១–៣ ) » ។

ទីបន្ទាល់​របស់​ខ្ញុំ

« បន្ទាប់ពី​រាប់​ឆ្នាំ​កន្លង​ទៅ​ដែល​ខ្ញុំ​បាន​រស់នៅ និង​បាន​បង្រៀន និង​បាន​បម្រើ បន្ទាប់ពី​រាប់រយ​គីឡូម៉ែត្រ​ដែល​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក ដោយ​បានពិសោធន៍នូវ​អ្វីៗ​ទាំងអស់​នោះ​វា​មាន​សេចក្ដីពិត​មួយ​ដ៏​អស្ចារ្យ​ដែល​ខ្ញុំ​ចង់​ចែកចាយ ។ នោះ​គឺ​ជា​ទីបន្ទាល់​របស់​ខ្ញុំ​អំពី​ព្រះអង្គ​សង្គ្រោះ​ព្រះ​យេស៊ូវគ្រីស្ទ ។

« យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បាន​កត់ត្រា​ដូចខាងក្រោម បន្ទាប់ពី​មាន​បទពិសោធន៍​ដ៏​ពិសិដ្ឋ​មួយ ៖

« ‹ ហើយ ឥឡូវនេះបន្ទាប់ពីទីបន្ទាល់ជាច្រើនដែលបានថ្លែងអំពីទ្រង់នេះគឺជាទីបន្ទាល់ចុងក្រោយបង្អស់ដែលយើងខ្ញុំសូមថ្លែងអំពីទ្រង់ ៖ ថា​ទ្រង់មាន​ព្រះជន្ម​រស់នៅ !

« ‹ ដ្បិត​យើង​បាន​ឃើញ​ទ្រង់ › ( គ. និង ស. ៧៦:២២–២៣ ) ។

« ប្រសាសន៍​របស់​ពួកលោក​គឺ​ជា​ពាក្យ​ពេចន៍​របស់​ខ្ញុំ » ។

« នេះ​ពិត​ជា​ឯកសិទ្ធិ​ដ៏​អស្ចារ្យ ដែល​ខ្ញុំ​មាន​ពេញ​មួយ​ជីវិត​ខ្ញុំ ដើម្បី​ថ្លែង​ទីបន្ទាល់​ជា​ពិសេស ថា​ព្រះយេស៊ូវ គឺ​ជា​ព្រះគ្រីស្ទ ព្រះរាជាបុត្រា​របស់​ព្រះ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដោយ​រាបសារ​បំផុត តែ​ដោយ​ភាពជឿជាក់​ទាំងស្រុង​ថា ទ្រង់​គឺ​ជា​ព្រះរាជបុត្រា​បង្កើត​តែ​មួយ​របស់​ព្រះ​វរបិតា ។ នេះ​គឺ​ជា​សាសនាចក្រ​របស់​ទ្រង់ ទ្រង់​ជា​អធិបតី​លើ​សាសនាចក្រ​នេះ ហើយ​ដឹកនាំ​កិច្ចការ​នេះ ។ ទ្រង់​គឺ​ជា​ព្រះប្រោស​លោះ​របស់​យើង ។ ខ្ញុំ​ដឹង​ថា​ទ្រង់​មាន​ព្រះជន្ម​រស់នៅ ហើយ​ខ្ញុំ​ស្គាល់​ទ្រង់ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ការណ៍​នេះ​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន » ។

កំណត់​ចំណាំ

  1. « Our Witness of the Lord » General Authority training ថ្ងៃ​ទី ៥ ខែ ធ្នូ ឆ្នាំ ១៩៧៤ ។

  2. « The Spirit Beareth Record » Ensign, ខែ មិថុនា ឆ្នាំ ១៩៧១ ទំព័រ ៨៧ ៨៨ ។

  3. « តើ​ព្រះយេស៊ូវគ្រីស្ទ​ជា​នរណា ? » Liahona, ខែ មិនា ឆ្នាំ ២០០៨ ទំព័រ ១៥ ។

  4. Mine Errand from the Lord: Selections from the Sermons and Writings of Boyd K. Packer ( ឆ្នាំ ២០០៨ ) ទំព័រ ៣៣៧ ។

  5. « The Savior’s Selfless and Sacred Sacrifice » Liahona, ខែ មេសា ឆ្នាំ ២០១៥ ទំព័រ ៣៧–៣៨; សូមមើល​ផងដែរ « Truths Most Worth Knowing » Church Educational System Devotional, ថ្ងៃ​ទី ៦​ខែ វិច្ឆិកា ឆ្នាំ ២០១១ ។

  6. « សាក្សី » Liahona, ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៩៧ ។

  7. ប្រធានផាកកឺបានសរសេរទីបន្ទាល់ចុងក្រោយនេះពីមុនមរណភាពរបស់លោក ។