២០១៥
សួរ​សំណួរ​ត្រឹមត្រូវ​តាម​របៀប​ដែល​ត្រឹមត្រូវ
December 2015


សួរសំណួរ ត្រឹមត្រូវ​តាម​របៀប​ដែល​ត្រឹមត្រូវ

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ កាលីហ្វូញ៉ា ស.រ.អា. ។

ក្នុង​ការរៀន​ពី​របៀប​ដើម្បី​រៀបចំ បង្កើត សួរ និង ឆ្លើយ​ទៅ​នឹង​សំណួរ​នានា​អាច​មាន​ការផ្លាស់ប្តូរ​ដល់​របៀប​ដែល​យើង​រៀន និង បង្រៀន​ដំណឹង​ល្អ ។

រូបភាព
People standing in the shape of a question mark.

រូបភាព​ដោយ Digitalstorm/iStock/Thinkstock

មាន​អ្វីៗ​ជា​ច្រើន​ដែល​អ្នក​អាច​ប្រើ​បាន​ដើម្បី​បង្កើត​មេរៀនដ៏​អស្ចារ្យ ឬ ការសន្ទនា​ដ៏​អស្ចារ្យ​ក្នុង​គ្រួសារ ។ សកម្មភាព ការសិក្សា​ស្ងាត់ស្ងៀម និង ការធ្វើការ​ជា​ក្រុម​គឺ​ជា​របៀប​មួយ​ចំនួន​ដែល​គ្រូបង្រៀន​ដំណឹង​ល្អ — ទោះវា​ជា​មួយ​នឹង​អស់​អ្នក​ដែល​មាន​ការបម្រើ​ជា​ផ្លូវការ គ្រូ​បង្រៀន​ស្ម័គ្រចិត្ត​ពី​ថ្នាក់​សិក្ខាសាលា ឬ ថ្នាក់​វិទ្យាស្ថាន ឬ ឪពុក​ម្តាយ​ក្ដី — អាច​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ពង្រីក​ការបង្រៀន​របស់​ខ្លួន ។

ប៉ុន្តែ​រួមជាមួយ​នឹង​ជំនាញ​ចាំបាច់​ចម្បងៗ​ពីរ ឬ បី ដែល​គ្រូបង្រៀន​ទាំងអស់​គួរតែ​មាន​នោះ​គឺ​ជា​សមត្ថភាព​ដ៏​ពូកែ​ជាមួយ​សំណួរ ៖ បង្កើត​សំណួរ ឆ្លើយ​សំណួរ និង លើក​ទឹកចិត្ត​ឲ្យ​ឆ្លើយ​សំណួរ​ដ៏​មាន​អត្ថន័យ ។ ប្រធាន ហិនរី ប៊ី អាវរិង ទីប្រឹក្សា​ទីមួយ​ក្នុង​គណៈប្រធាន​ទីមួយ មាន​ប្រសាសន៍​ថា « ដើម្បី​សួរ និង ឆ្លើយ​សំណួរ​គឺ​ជា​ចំណុច​សំខាន់​នៃ​គ្រប់​ការរៀនសូត្រ និង ការបង្រៀន​ទាំងអស់ » ។ ដើម្បី​ក្លាយ​ជា​គ្រូ​ម្នាក់​ដ៏​មាន​ប្រសិទ្ធិភាព វា​ចាំបាច់​តម្រូវ​ឲ្យ​មាន​ជំនាញ​នេះ ។ នេះ​គឺ​ជា​យោបល់​ប្រាំ​យ៉ាង​សម្រាប់​ការធ្វើ​បែប​នោះ ។

ស្វែងរក​ចម្លើយ​ដែល​មាន​ប្រសិទ្ធិភាព​បំផុត

អង្គុយ​នៅក្នុង​ថ្នាក់​ធ្វើ​ជា​សិស្ស ហើយ​ស្តាប់​សំណួរ​អស្ចារ្យ​រំឭក​យើង​ពី​អនុភាព​នៃ​ការបង្រៀន​ដ៏​ល្អ​ឥតខ្ចោះ ។ ប៉ុន្តែ​របៀប​បង្កើត និង សួរ​សំណួរ​ដែល​មាន​ប្រសិទ្ធិភាព​គឺ​មាន​ភាព​ស្មុគស្មាញ ហើយ​អាច​មាន​ការពិបាក​ចំពោះ​គ្រូបង្រៀន​ជាច្រើន ។ សំណាង​ល្អ វា​គឺ​ជា​ជំនាញ​មួយ​ដែល​គ្រូបង្រៀន​គ្រប់រូប​អាច​រៀន​បាន ។

នៅពេល​អ្នក​បង្កើត​សំណួរ សូម​ព្យាយាម​គិត​ពី​លទ្ធផល​នៃ​ប្រភេទ​ចម្លើយ​ដែល​សំណួរ​នោះ​នឹង​មាន ។ សំណួរ​មួយ​ចំនួន​ទាមទារ​ចម្លើយ​មួយ​បែប​ដែល​ជាក់លាក់ — ជាចម្លើយ​មួយ​ដែល​ឆ្លើយតប​ចំៗ​នឹង​សំណួរ​ដែល​បាន​សួរ ។ សំណួរ​ទាំង​នោះ​ប្រើ​បាន​យ៉ាង​ល្អ​សម្រាប់​ថ្នាក់​គណិតវិទ្យា ( « តើ​ក្រឡា​ផ្ទៃ​នៃ​ការ៉េ​នេះ​មាន​ប៉ុន្មាន ? » ) ឬ នៅក្នុង​ថ្នាក់​វិទ្យាសាស្ត្រ ( តើ​ទឹកពុះ​នៅ​សីតុណ្ហភាព​ប៉ុន្មាន ? » ) ពីព្រោះ វា​មាន​តែ​ចម្លើយ​មួយ​ប៉ុណ្ណោះ​ដែល​អាច​ត្រូវបាន​រកឃើញ និង បញ្ជាក់ ។ សំណួរ​ទាំង​នោះ​ក៏​មាន​ប្រយោជន៍​ក្នុង​ការសិក្សា​ដំណឹង​ល្អ​ផងដែរ ក្នុង​របៀប​មួយ​ដែល​ទទួល​សេចក្តី​ពិត​នៅពេល​ចាប់ផ្តើម​ការពិភាក្សា​មួយ ប៉ុន្តែ​វាពុំ​សូវ​ធ្វើ​ឲ្យ​មាន​ការពិភាក្សា​ច្រើន​ឡើយ ។ ទោះជាយ៉ាងណា សំណួរ​ទាំងនោះ​មាន​ប្រយោជន៍​បំផុត​ដោយសារ​វា​ស្រួល​រៀបចំ ។

យើង​សួរ​សំណួរ​ដូច​ជា « តើ​យើង​បាន​រៀន​អ្វីខ្លះ​កាល​លើក​មុន ? » ឬ « សូម​ប្រាប់​ខ្ញុំ​ពី​ឈ្មោះ​របស់ … » ជាញឹកញាប់​សំណួរ​ទាំង​នេះ បណ្តាល​ឲ្យ​អស់​អ្នក​ដែល​អ្នក​បង្រៀន​នៅទ្រឹង​ស្ងៀម ។ ពួកគេ​គិត​ថា​ពួកគេ​ដឹង​ពី​ចម្លើយ ប៉ុន្តែ​ពុំ​ប្រាកដ ហើយ​ដូច្នេះ​ពួកគេ​ខ្លាច​មិន​ហ៊ាន​ចង់​ទាយ​ទេ ។ គ្រូបង្រៀន​តែង​យល់​ថា ភាពស្ងាត់​នេះ​គឺ​ជា​សញ្ញា​មួយ​ថា​សំណួរ​នោះ​ពិបាក​ពេក ខណៈ​ដែល​ភាពពិត​នោះ​គឺ​ថា​សំណួរ​នេះ​វា​សាមញ្ញពេក ដើម្បី​ទទួល​បាន​អ្វី​ដែល​មាន​អត្ថន័យ​កាន់តែ​ច្រើន​ពី​អ្នក​រៀន​ជាជាង​គ្រាន់តែ​បាន​ចម្លើយ​ភ្លាមៗ ។

ដើម្បី​បង្កើត​ឲ្យ​មាន​ការពិភាក្សា​ក្នុង​ថ្នាក់ សំណួរ​ដែល​មាន​ប្រយោជន៍​ខ្លាំង​ជាង​នេះ គឺជា​ការ​អញ្ជើញ​ឲ្យ​មាន​ចម្លើយ​ផ្សេងៗ​ប្រកប​ដោយ​ការសញ្ជឹងគិត ។ នៅពេល​អ្នក​សួរសំណួរ​បែប​នេះ អ្នក​អាច​ស្វែងយល់​ដឹង​ពី​ប្រធានបទ​ដែល​អស់​អ្នក​ដែល​អ្នក​សួរ​នោះ​កំពុង​គិត ឬ អ្វី​ដែល​ពួកគេ​កំពុង​ឆ្ងល់​អំឡុង​ពេល​ការពិភាក្សា​នោះ ។ ឧទាហរណ៍ មរ៉ូណៃ​ជំពូក ១ មាន​ខគម្ពីរ​បួន​ដែល​ខគម្ពីរ​និមួយៗ​ពោរពេញ​ដោយ​អារម្មណ៍​ដ៏​ជ្រាលជ្រៅ ។ តើ​មាន​អ្វី​កើតឡើង បើសិន​អ្នក​អាន​ខគម្ពីរ​ទាំងបួន​នោះ​ជាមួយ​អស់​អ្នក​ដែល​អ្នក​កំពុង​បង្រៀន ហើយ​បន្ទាប់មក​សួរ « តើ​ខគម្ពីរ​ណា​មួយ​ដែល​បណ្តាល​ឲ្យ​អ្នក​កាន់តែ​ស្លុង​អារម្មណ៍​ខ្លាំង​នោះ ? » សូម​ទុកពេល​ឲ្យ​ពួកគេ​ចាប់ផ្តើម​ជជែក​គ្នា ។ ដោយសារ​អ្នក ពុំ​សួរ​ដើម្បី​ចង់​បាន​ចម្លើយ​ជាក់លាក់ នោះ​ស្ទើរ​តែ​អ្វីៗ​ទាំងអស់​ដែល​ពួកគេ​និយាយ​គឺ​សំខាន់​ទាំងអស់ ។ ខ្ញុំ​ធ្លាប់​ប្រើ​ជំពូក​នោះ​ជាមួយ​សំណួរ​បែបនោះ ហើយ​បាន​ទទួល​ចម្លើយ​យ៉ាង​អស្ចារ្យ ដែល​បង្កើត​ឲ្យ​មាន​ការពិភាក្សា​កាន់តែ​ស៊ីជម្រៅ ។

ទាំងនោះ​គឺ​ជា​សំណួរ​ដែល​អញ្ជើញ​ឲ្យ​មាន​ការគិត និង មាន​អារម្មណ៍ វា​ផ្ទុយ​នឹង​សំណួរ​ដែល​តម្រូវ​ឲ្យ​ចាំ​អ្វី​មួយ ឬ ថ្លែងសេចក្តី​ពិត​សាមញ្ញ ។ មាន​ពេល និង កន្លែង​ដែល​ត្រូវចងចាំ ប៉ុន្តែ​គ្រូបង្រៀន​អាច​និយាយ​ច្រើន​ពី​អ្វី​ដែល​ត្រូវតែ​ចងចាំ ដូចជា « ចាំ​ថា​កាល​ពី​លើកមុន​យើង​បាន​និយាយ​គ្នា​ពី មរ៉ូណៃ ១ និង​របៀប​ដែល​ខគម្ពីរ​និមួយៗ​មាន​នូវ​មេរៀន​ដ៏​មាន​អនុភាព … » ។ គ្រាន់តែ​ខ្ញុំ​និយាយ​បែប​នេះ វា​នឹង​រំជួល​គំនិត ហើយ​អ្នក​រៀន​នឹង​ហាក់ដូច​ជា​ចង់​ចូលរួម ហើយ​បន្ត​ការពិភាក្សា​នោះ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើសិន​ខ្ញុំ​និយាយ​ថា « តើ​យើង​បាន​និយាយ​អ្វី​ខ្លះ​កាល​ពី​លើក​មុន ? » ខ្ញុំ​តែងតែ​ឃើញ​មាន​ការស្ងាត់ស្ងៀម និង ការធ្វើ​ព្រងើយ ។

សួរ​សំណួរ​ទីពីរ

រូបភាព
Dominoes arranged in the shape of a question mark. A finger is about to push over the first domino.

រូបភាព © iStock/Thinkstock

សំណួរ​ដែល​គ្រូបង្រៀន​ដំណឹង​ល្អ​ច្រើន​ប្រើ​គឺ​សំណួរ​មួយ​ចំនួន​នេះ ៖ « ដូច្នេះ តើ​សេចក្តី​ជំនឿ​សំខាន់​ប៉ុណ្ណា​នៅក្នុង​ជីវិត​អ្នក ? » ស្តាប់​ដំបូង វា​ហាក់បី​ដូចជា​សំណួរ​ដ៏​មាន​អត្ថន័យ​មួយ ប៉ុន្តែ​នៅពេល​អ្នក​គិត​អំពី​វា វា​មាន​ចម្លើយ​តែមួយ​ប៉ុណ្ណោះ​គឺ « សំខាន់​ណាស់ » ។ ពិតណាស់ សេចក្តីជំនឿ ( និង​គោលការណ៍​ផ្សេងៗ​ទៀត​នៃ​ដំណឹង​ល្អ ) គឺ សំខាន់​ណាស់ ប៉ុន្តែ​ជាទូទៅ​សំណួរ​បែប​នោះ​វា​មិន​ដឹកនាំ​ទៅណា​ទៀត​ទេ ដោយសារ​អ្នក​នៅតែ​ត្រូវការ​សួរ​សំណួរ​តាមដាន​ដូចជា ៖ « ហេតុអ្វី​បាន​ជា​សំខាន់ ? » ឬ « តើ​អ្នក​នឹង​ផ្តល់​ឧទាហរណ៍​មួយ​ដល់​យើង​ថា តើ​ពេលណា​វា​សំខាន់​នៅក្នុង​ជីវិត​អ្នក ? » សំណួរ​ទាំងនោះ​អាច​ធ្វើ​ឲ្យ​ថ្នាក់​រៀន​មាន​ការពិភាក្សា​ល្អ ដូច្នេះ​សូម​សួរ​សំណួរ​បែបនោះ​ចំៗ​តែម្ដង​ទៅ ហើយ​រំលង​សំណួរ​ដំបូង​នោះ ។ សួរ​សំណួរ​ទីពីរ​មុន​នឹង​ចំណេញ​ពេល ហើយ​រក្សា​ការពិភាក្សា​ឲ្យ​បន្ត​កាន់តែ​ល្អ ។

សូម​សរសេរ​សំណួរ​ជាមុន

វា​ពិតជា​មាន​ប្រយោជន៍​ដែល​ត្រូវធ្វើ​ចំណុច​ពីរ​យ៉ាង​នៅពេល​អ្នក​រៀបចំ​មេរៀន ។ ទីមួយ សរសេរ​សំណួរ​លើ​ក្រដាស ។ កុំគ្រាន់តែ​គិត​ពី​សំណួរ​នោះ​ឡើយ ត្រូវតែ​សរសេរ​វា ។ ជ្រើសរើស​ពាក្យ​ដោយ​យកចិត្ត​ទុក​ដាក់ ហើយ​អាន​វា​ពីរបី​ដង​ដើម្បី​ប្រាកដ​ថា​សំណួរ​ដែល​អ្នក​សួរ​នោះ​គឺ​ជា​អ្វី​ដែល​អ្នក​ចង់​សួរក្នុង​របៀប​មួយ​ដ៏​ច្បាស់លាស់ ។

ទីពីរ សួរខ្លួន​ឯង តើ​អស់​អ្នក​ដែល​ខ្ញុំ​បង្រៀន​នឹង​ធ្វើ​អ្វី​នៅពេល​ខ្ញុំ​សួរ​សំណួរ​នោះ ? មាន​ពេល​ជា​ច្រើន​ដង​ដែល​ខ្ញុំ​គិត​ថា ខ្ញុំ​ពិតជា​មាន​សំណួរ​ល្អ​មួយ​បាន​កត់ទុក បន្ទាប់​មក​ខ្ញុំ​អាន​វា​ឮៗ ហើយ​ពេល​ខ្ញុំ​គិត​ពី​សិស្ស​ក្នុង​ថ្នាក់ នោះ​ខ្ញុំ​បាន​ដឹងថា​វា​មិន​ដឹកនាំ​ឲ្យ​មាន​ការពិភាក្សា​ល្អឡើយ ។ សំណួរ​នេះ​អាច​ប្រើ​បាន​នៅក្នុង​ថ្នាក់​ផ្សេង​មួយ​ទៀត ប៉ុន្តែ​សម្រាប់​ថ្នាក់​របស់​ខ្ញុំ ខ្ញុំ​ដឹង​ថា​វា​បាន​បរាជ័យ ដូច្នេះ​ខ្ញុំ​បាន​ចាប់ផ្តើម​វា​ម្តង​ទៀត ។ ខ្ញុំ​ដឹង​ថា​នៅពេល​ខ្ញុំ​បាន​គិត​យ៉ាង​ហ្មត់ចត់​ពី​សំណួរ​ពីរ ឬ បី​នោះ ហើយ​សរសេរ​យ៉ាង​ល្អ​នៅក្នុង​ប្លង់​មេរៀន​របស់​ខ្ញុំ នោះ​ខ្ញុំ​អាច​ចាប់ផ្តើម​ការពិភាក្សា​បាន ។ សំណួរ​ផ្សេង​ទៀត​នឹង​កើត​មាន​ឡើង​ដោយ​ឯកឯង ប៉ុន្ដែ​ខ្ញុំ​ត្រូវតែ​រៀបចំ​ចំណុច​ចាប់ផ្តើម​ដំបូង​ឲ្យ​បាន​ល្អ ។

យុទ្ធសាស្ត្រ​នេះ​ក៏​អាច​ធ្វើ​នៅ​ផ្ទះ​បាន​ផង​ដែរ ។ យើង​ហាក់បី​ដូចជា​មាន​ការពិភាក្សា​អំពី​ដំណឹង​ល្អ​ដោយ​ឯកឯង​ជាច្រើន​នៅក្នុង​ផ្ទះ​របស់​ខ្ញុំ នៅពេល​ដែល​សំណួរ និង ចម្លើយឆ្លងឆ្លើយ​គ្នា ប៉ុន្តែ​ក៏មាន​ពេល​ខ្លះ​ដែល​មាន​អ្វី​មួយ​ដែល​ប្រាកដប្រជា និង ចំៗ​ដែល​ត្រូវ​និយាយ​ចំពោះ​កូន​ណា​ម្នាក់ ។ នៅក្នុង​ករណី​ទាំង​នោះ​ខ្ញុំ​បាន​រៀន​ថា បើសិន​ខ្ញុំ​បាន​រៀបចំ​សំណួរ​ជាក់លាក់ អនុវត្ត​ការសួរ​សំណួរ​ទាំងនោះ ហើយ​ធ្វើតាម​ស្ថានភាព​ដែល​លទ្ធផល​អាច​ទទួលបាន នោះ​អ្វីៗ​នឹង​បាន​ល្អ​ប្រសើរ​ច្រើន ។ សំណួរ​ទាំងនោះ​ពុំបាន​សរសេរ​លើ​ក្រដាស​ទេ សំណួរ​ទាំងនោះ​ត្រូវបាន​សរសេរ​នៅក្នុង​ដួងចិត្ត​ខ្ញុំ ហើយ​ខ្ញុំ​អាច​ប្រើ​វា​នៅពេល​ដែល​ចាំបាច់ ។

សូម​កុំ​ខ្លាច​ចំពោះ​ការស្ងៀមស្ងាត់

រូបភាព
Illustration depicting a pencil drawing a speech bubble.

រូបភាព © iStock/Thinkstock

បើសិន​អ្នក​បាន​បង្កើត​សំណួរ​ដែល​ពិតជា​ល្អ​មែននោះ ជា​សំណួរ​ដែល​បណ្តាល​ឲ្យ​មាន​គំនិត ហើយ​ធ្វើ​ឲ្យ​មាន​ចម្លើយ​ដ៏ទូលំទូលាយ នោះ​សូម​កុំ​ភ្ញាក់ផ្អើល​ឡើយ បើសិន​វា​ត្រូវ​ចំណាយ​ពេល​បន្តិច​ដើម្បីឲ្យ​មនុស្ស​ឆ្លើយ​នោះ ។ គួរតែ​មាន​ភាពស្ងៀមស្ងាត់ សូម​កុំ​បារម្ភ ។ សំណួរ​ស្រាលៗ — សំណួរ​ដែល​គ្រាន់តែ​តម្រូវ​ឲ្យ​មាន​ចម្លើយ​ជាក់លាក់ ( ឧទាហរណ៍ « តើ​មាត្រា​នៃ​សេចក្តី​ជំនឿ​មាន​ប៉ុន្មាន​ខគម្ពីរ ? » ) — ទទួល​បាន​ចម្លើយ​ភ្លាមៗ ។ សំណួរ​ពិបាកៗ — សំណួរ​ទាំងនោះ​តម្រូវ​ឲ្យមាន​ចម្លើយ — ជាញឹកញាប់​វា​ត្រូវការ​ពេលវេលា​ឲ្យ​សិស្ស​គិត​មុន​នឹង​ឆ្លើយ ។ នៅក្នុង​ករណីនេះ ភាពស្ងៀមស្ងាត់​មាន​ប្រយោជន៍​សម្រាប់​អ្នក ។ ចូរ​ឲ្យ​កើត​ឡើង​ចុះ ហើយ​នៅពេល​អស់​អ្នក​ដែល​អ្នក​កំពុង​បង្រៀន​ចាប់ផ្តើម​ឆ្លើយ នោះ​អ្នក​នឹង​ភ្ញាក់ផ្អើល​ដោយ​ក្ដី​រីករាយ​ចំពោះ​ចម្លើយ​ដែល​ពួកគេ​ឆ្លើយ ។

សូម​សួរ​អំពី​ខគម្ពីរ​ទាំងឡាយ

បើសិន​អ្នក​ពិតជា​ចង់​ពង្រីក​សមត្ថភាព​របស់​ខ្លួន​ដើម្បី​បង្កើត ហើយ​សួរសំណួរ​ប្រកបដោយ​ប្រសិទ្ធិភាព នោះ​អ្នក​ត្រូវតែ​រៀន​សួរសំណួរ​អស្ចារ្យ​នានា​ពី​ខគម្ពីរ​អំឡុង​ពេល​ការសិក្សា និង ការរៀបចំ​របស់​អ្នក ។

របៀប​មួយ​នៃ​វិធីសាស្ដ្រ​ក្នុង​ការ​អាន​ខគម្ពីរ គឺ​ធ្វើ​វា​សម្រាប់​ជា​ការបំផុសគំនិត​ផ្ទាល់ខ្លួន ។ យើង​អាន​ជំពូក និង ខគម្ពីរ​ទាំងឡាយ​ដើម្បី​រីករាយ​នឹង​ភាពអស្ចារ្យ​ដែល​មាន​នៅក្នុង​នោះ ហើយ​ដើម្បី​ត្រូវបាន​ស្អាង​ឡើង​ជាមួយ​គោលលទ្ធិ និង សេចក្តីពិត ។ វិធីសាស្ត្រ​ផ្សេង​មួយ​ទៀត ដែល​កាន់តែ​ល្អ​សម្រាប់​ឪពុក​ម្តាយ ឬ គ្រូបង្រៀន​ដែល​រៀបចំ​មេរៀន គឺ​អាន​ខគម្ពីរ និង ស្រាវជ្រាវ​ខគម្ពីរ​ជាមួយ​នឹង​សំណួរ ។ ខ្ញុំ​ធ្វើ​ដូច្នេះ​ដើម្បី​ដាស់​គំនិត​ខណៈ​ដែល​ខ្ញុំ​ព្យាយាម​សម្រេច​ពី​របៀប​ដ៏​ល្អ​បំផុត​ដើម្បី​ជួយ​អស់​អ្នក​ដែល​ខ្ញុំ​បង្រៀន​ឲ្យ​យល់​ពី​ខគម្ពីរ ។ នេះគឺ​ជា​ឧទាហរណ៍ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១០ មាន​ឃ្លា​មួយ​ដែល​ស្គាល់​ច្បាស់ និង លើក​តម្កើង​វិញ្ញាណ​របស់​យើង « ចូរ​ចាំ​ថា​តម្លៃ​នៃ​ព្រលឹង​ទាំងឡាយ គឺ​មហិមា​ណាស់​ចំពោះ​ព្រះនេត្រ​នៃ​ព្រះ » ។ ខ្ញុំ​ចូលចិត្ត​គំនិត​នោះ​ថា បើសិន​ការបំផុស​គំនិត​មាន​មក​លើ​ខ្ញុំ នោះ​វា​នឹង​មិន​មាន​ប្រយោជន៍​ចំពោះ​ថ្នាក់​រៀន​ឡើយ ។

បើសិន​ខ្ញុំ​បាន​ពិចារណា​ពី​សំណួរ​នេះ​នៅពេល​ខ្ញុំ​បាន​សិក្សា និង រៀបចំ ៖ « ដូច្នេះ​តើ​អ្វីទៅ​គឺ​ជា​តម្លៃ​នៃ​ព្រលឹង​នោះ ? ខ្ញុំ​ដឹង​ថា​វា​អស្ចារ្យ ប៉ុន្តែ​តើ​យើង​អាច​ផ្តល់​តម្លៃ​ឲ្យ​វា​បាន​ទេ ? » យប់​មួយ​ពេល​អាហារ​ល្ងាច កូនស្រី​ម្នាក់​របស់​ខ្ញុំ​បាន​សួរ​សំណួរ​នោះ ហើយ​វា​បាន​ធ្វើ​ឲ្យ​មាន​ការពិភាក្សា​យ៉ាង​ច្រើន ។ នេះ​គឺ​ជា​អ្វី​ដែល​យើង​បាន​ពិភាក្សា​គ្នា ៖ តម្លៃ​នៃ​ព្រលឹង​គឺ​ជា​អ្វី​មួយ​ដែល​បុគ្គល​ម្នាក់​នឹង​បង់ថ្លៃ​សម្រាប់​វា ហើយ​តើ​ព្រះវរបិតា​របស់​យើង​បាន​បង់ថ្លៃ​អ្វី​ខ្លះ​សម្រាប់​ព្រលឹង​យើង ? ទ្រង់​បាន​បង់​ថ្លៃ​ដោយ​ព្រះលោហិត​របស់​ព្រះរាជបុត្រា​ដ៏​ល្អ​ឥតខ្ចោះ​របស់​ទ្រង់ ។ វា​ធ្វើ​ឲ្យ​ព្រលឹង​យើង​ម្នាក់​មាន​តម្លៃ​លើស​ពី​អ្វី​ដែល​អាច​ពិពណ៌នា​បាន ។ យើង​ប្រហែល​ជា​មិន​អាច​ឈាន​មក​ដល់​ការបញ្ចប់​នោះ ដោយ​គ្មាន​សំណួរ​ផ្ទាល់​ទៅនឹង​អត្ថបទ​នោះ​ឡើយ ។

ការសន្ទនា​នៅ​តុ​អាហារ​ល្ងាច​នោះ អាច​​យក​ទៅ​ប្រើ​នៅក្នុង​ការបង្រៀន​ផ្សេង​ទៀត​ជាច្រើន​បាន ។ បើសិន​អ្នក​ចង់​សួរ​សំណួរ​កាន់តែ​ប្រសើរ​អំពី​អស់​អ្នក​ដែល​អ្នក​បង្រៀន សូម​សួរ​សំណួរ​ពិតៗ​ពី​ខគម្ពីរ​នៅពេល​អ្នក​សិក្សា និង អាន ហើយ​រៀបចំ​នោះ ។ ចូរពោរពេញ​ដោយ​ចម្ងល់ ហើយ​សូម​កុំ​ខ្លាច​នឹង​ស្រាវជ្រាវ​ឡើយ ។ ព្រះគម្ពីរ​កាន់តែ​ពិត​នៅពេល​យើង​ពិនិត្យពិច័យ​វា ។ កាលណា​អ្នក​កាន់តែ​ពូកែ​សួរ​សំណួរ​អំពី​ព្រះគម្ពីរ​ខណៈ​ដែល​អ្នក​កំពុង​សិក្សា​នោះ អ្នក​នឹង​កាន់តែ​ពូកែ​សួរ​សំណួរ​ដ៏​អស្ចារ្យ​ដូចគ្នា​នោះ​ដល់​អស់​អ្នក​ដែល​អ្នក​បង្រៀន ។

បន្ត​ពង្រីក​សមត្ថភាព​នៃ​ការបង្រៀន​របស់​អ្នក

មាន​ភាពលំអៀង​មួយ​ដែល​ឃើញ​ពី​គ្រូបង្រៀន​ល្អ ហើយ​គិត​ថា​ពួកគេ​បាន​កើត​មក​ជាមួយ​ទេពកោសល្យ​នោះ ។ ពួកគេ​មាន​អំណោយទាន​មួយ​ដែល​មនុស្ស​មធ្យមៗ​ពិបាក​ទទួល​បាន ។ ពិតណាស់ សមត្ថភាព​បង្រៀន​គឺ​ជា​អំណោយ​ទាន​មួយ​នៃ​ព្រះវិញ្ញាណ ( សូមមើល មរ៉ូណៃ ១០:៩–១០ ) ដូច្នេះ​ជំនាញ​មួយ​ចំនួន​ដែល​អ្នក​កំពុង​ឃើញ​អាច​ជា​អំណោយ​ទាន​មួយ​មក​ពី​ឋានសួគ៌ — ប៉ុន្តែ​វា​គឺ​ជា​អំណោយទាន​មួយ​ដែល​បើក​ទូលាយ​ដល់​មនុស្ស​ទាំងអស់​ដែល​ស្វែងរក​វា ។ មាន​អ្វី​ជាច្រើន​ដែល​គ្រូបង្រៀន​ដ៏​អស្ចារ្យ​ធ្វើ ក៏​មាន​សម្រាប់​អ្នក​ផងដែរ​តាមរយៈ​ការសិក្សា និង ការអនុវត្តន៍ ។ ការរៀន​សួរ​សំណួរ​ដែល​ប្រកប​ដោយ​ប្រសិទ្ធិភាព​គឺ​ជា​ជំនាញ​មួយ ។ នៅពេល​អ្នក​ស្វែងរក​សមត្ថភាព​នោះ​ប្រកប​ដោយ​ការអធិស្ឋាន ដើម្បី​ធ្វើ​ការណ៍​នេះ នោះ​អ្នក​នឹង​ឃើញ​ថា​វា​ពិតជា​មាន​តម្លៃ​ក្នុងការ​បង្កើត​សំណួរ​ដែល​ជម្រុញ​ចិត្ត​នៃ​អស់​អ្នក​ដែល​អ្នក​បង្រៀន​ឲ្យ​គិត ហើយ​សមត្ថភាព​របស់​អ្នក​ក្នុង​ការធ្វើ​ការណ៍​នេះ​នឹង​រីកចម្រើន​ឡើង ។

កំណត់​ចំណាំ

  1. អែលឌើរ ហិនរី ប៊ី អាវរិង « The Lord Will Multiply the Harvest » ( សុន្ទរកថា​ចាក់ផ្សាយ​តាម​ផ្កាយ​រណប​ទៅកាន់​គ្រូបង្រៀន​សាសនា​នៅក្នុង​ប្រព័ន្ធ​អប់រំ​សាសនាចក្រ ថ្ងៃ​ទី ៦ ខែ កុម្ភៈ ឆ្នាំ ១៩៩៨ ) ទំព័រ ៥–៦ ។