២០១៥
ដំណើរ​រឿង​នៃ​ព្រះប្រសូតិកម្ម
December 2015


សម្រាប់​កុមារ​តូចៗ

ដំណើរ​រឿង​នៃ​ព្រះប្រសូតិកម្ម

រូបភាព
Product Shot from December 2015 Liahona
រូបភាព
Product Shot from December 2015 Liahona
រូបភាព
Product Shot from December 2015 Liahona

ជា​យូរលង់​ណាស់​មក​ហើយ មាន​ស្ត្រី​ម្នាក់​ឈ្មោះ​ថា ម៉ារី និង​មាន​បុរស​ម្នាក់​ឈ្មោះ​ថា យ៉ូសែប ដែល​នឹង​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា ។ ម៉ារី និង យ៉ូសែប គឺ​មនុស្ស​ល្អ ដែល​បាន​ធ្វើ​អ្វីៗ​ដែល​ព្រះ​បាន​មាន​ព្រះទ័យ​ចង់​ឲ្យ​ពួកគេ​ធ្វើ ។

នៅ​ថ្ងៃ​មួយ មាន​ទេវតា​មួយ​អង្គ​បាន​យាង​មក​ជួប​ម៉ារី ហើយ​ប្រាប់​គាត់​ថា គាត់​នឹង​មាន​កូន ! ទេវតា​នោះ​បាន​ប្រាប់​គាត់​ថា គាត់​គួរ​ដាក់​ឈ្មោះ​បុត្រ​នោះ​ថា​យេស៊ូវ ។ បុត្រ​នោះ​គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ជា​ព្រះអង្គ​សង្រ្គោះ ។

ម៉ារី និង យ៉ូសែប ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​មួយ​ហៅ​ថា បេថ្លេហិម ដើម្បីបង់​ពន្ធ ។

ទីក្រុង​នោះ មាន​មនុស្ស​កកកុញ ។ ដូច្នេះ​ម៉ារី និង យ៉ូសែប បាន​សម្រាក​នៅ​កន្លែង​មួយ​ដែល​គេ​ទុក​ឲ្យ​សត្វ​ដេក ។ នៅយប់​នោះ​ព្រះឱរស​យេស៊ូវ​បាន​ប្រសូត​មក !

ផ្កាយ​ថ្មី​មួយ​បាន​រះ​ឡើង​នៅ​លើ​មេឃ ។

អ្នកគង្វាល​កំពុង​ថែទាំ​ចៀម​នៅ​វាល​ជិត​នោះ ។ ទេវតា​បាន​យាង​មក ហើយ​ប្រាប់​អ្នក​គង្វាល​ថា​ព្រះអង្គសង្គ្រោះ​បាន​ប្រសូត​ហើយ ។ អ្នកគង្វាលបាន​ទៅ​ជួប ហើយ​ថ្វាយ​បង្គំ​ព្រះឱរស​យេស៊ូវ ។

នៅ​ទី​ដ៏​សែន​ឆ្ងាយ ពួកហោរា​បាន​ឃើញ​ផ្កាយ​ថ្មី​នោះ ។ ពួកគេ​បាន​ដឹង​ច្បាស់​ថា នោះ​គឺ​ជា​សញ្ញា​ដែល​បង្ហាញ​ថា​ព្រះអង្គសង្រ្គោះ​បាន​ប្រសូត​ហើយ ។ ពួកគេ​បាន​ធ្វើដំណើរ​តាម​ផ្កាយ​នោះ​រហូត​ដល់​ពួកគេ​បាន​ជួប​ព្រះយេស៊ូវ ។ ពួកគេ​បាន​ថ្វាយ​អំណោយ​ដល់​ទ្រង់ ហើយ​បាន​ថ្វាយ​បង្គំ​ទ្រង់ ។

បន្ទាប់​ពី​ពួកហោរា​បាន​ចាកចេញ​ទៅ នោះ​ទេវតា​បាន​យាង​មក​ជួប​យ៉ូសែប ។ ទេវតា​នោះ​បាន​និយាយ​ថា ស្តេច​អាក្រក់​មួយ​អង្គ​ចង់​ធ្វើ​បាប​ព្រះយេស៊ូវ ។ ទេវតា​នោះ​បាន​និយាយ​ថា គ្រួសារ​របស់​ពួកគេ​គួរតែ​ប្តូរទីលំនៅ​ទៅ​ប្រទេស​អេស៊ីប​ដើម្បី​មាន​សុវត្ថិភាព ។

យ៉ូសែប ម៉ារី និង ព្រះយេស៊ូវ បាន​រស់នៅ​ក្នុង​ប្រទេស​អេស៊ីប​រហូត​ដល់​មាន​សុវត្ថិភាព​ដើម្បី​អាច​ត្រឡប់​មក​ប្រទេស​អ៊ីស្រាអែល​វិញ​បាន ។ ព្រះយេស៊ូវ​បាន​ចម្រើន​វ័យ​ធំឡើង​នៅក្នុង​ទីក្រុង​មួយ​ហៅ​ថា ណាសារ៉ែត ។ ទ្រង់​បាន​រៀន​ដើម្បី​ជួយ​មនុស្ស មាន​ចិត្ត​សប្បុរស និង ចេះ​គោរព​ប្រតិបត្តិ ។ ទ្រង់​បាន​រៀន​អ្វីៗ​គ្រប់​យ៉ាង​ដែល​ទ្រង់​ត្រូវតែ​រៀន​ដើម្បី​ធ្វើ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​ពួកយើង ។ ទ្រង់​ធ្វើ​តាម​ផែនការ​របស់​ព្រះ​សម្រាប់​ទ្រង់​ជានិច្ច ។

នៅពេល​បុណ្យគ្រីស្ទម៉ាស់​យើង​ប្រារព្ធ​ពិធី​បុណ្យ​ប្រសូត​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ចង្អុល​រូបភាព​នៃ​មនុស្ស​ទាំង​នេះ ដែល​មាន​នៅក្នុង​រឿង​ព្រះប្រសូតិកម្ម ។

យើង​អាច​ធ្វើ​ដូចជា ម៉ារី និង យ៉ូសែប តាមរយៈ​ការធ្វើ​អ្វីៗ​ដែល​ព្រះ​មាន​ព្រះទ័យ​ចង់​ឲ្យ​ពួកយើង​ធ្វើ ។

យើង​អាច​ធ្វើ​ដូចជា អ្នកគង្វាល និង ពួកហោរា ដោយ​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ ។

យើង​អាច​ធ្វើ​ដូចជា ទេវតា តាមរយៈ​ការប្រាប់​មនុស្ស​ដទៃ​ពី​រឿង​ពិត​នៃ​បុណ្យ​គ្រីស្ទម៉ាស់ ។

ហើយ​យើង​អាច​ធ្វើ​ដូចជា ព្រះយេស៊ូវ តាមរយៈ​ការធ្វើតាម​គំរូ​របស់​ទ្រង់ !