២០១៥
អ្វីៗ​ដែល​ខ្ញុំ​បាន​រៀន​ក្នុង​នាម​ជា​អ្នក​ប្រែចិត្តជឿ​វ័យ​ក្មេង​ម្នាក់
December 2015


អ្វីៗ​ដែល​ខ្ញុំ​បាន​រៀន​ក្នុងនាម​ជា អ្នក​ប្រែចិត្តជឿ​វ័យក្មេង

កាល​ខ្ញុំ​ទើប​តែ​ក្លាយ​សមាជិក​ថ្មី​នៅ​ក្នុង​សាសនាចក្រ ខ្ញុំ​បាន​ឃើញ​គំរូ​អស្ចារ្យ​នៃ​ពលិកម្ម​ពី​យុវវ័យ​ផ្សេង​ទៀត​នៅក្នុង​វួដ​របស់​ខ្ញុំ ។ ចាប់តាំង​ពី​នោះ​មក ខ្ញុំ​បាន​រៀន​មេរៀន​ដ៏​អស្ចារ្យ​ជា​ច្រើន ។

រូបភាព
Photo illustration depicting young Jorg Klebingat at a church meeting for prospective seminary students.

រចនាលម្អ​រូបថត​ដោយ ដេវីត ស្តូកឃើរ

ខ្ញុំ​បាន​ចូលរួម​សាសនាចក្រ​កាល​ខ្ញុំ​អាយុ ១៧ ឆ្នាំ ។ មាន​ពួក​អាមេរិក​ដែល​មក​ពី​បន្ទាយទាហាន​នៅក្នុង​ទីក្រុង​របស់​ខ្ញុំ​ក្នុង​ប្រទេស​អាល្លឺម៉ង់ បាន​ណែនាំ​ខ្ញុំ​ឲ្យ​ស្គាល់​ព្រះវិហារ​នេះ ។ គ្មាន​វួដ​ដែល​និយាយ​ភាសា​អាល្លឺម៉ង់​នៅក្នុង​តំបន់​របស់​ខ្ញុំ ឡើយ ដូច្នេះ​ខ្ញុំ​បាន​ចូលរួម​ព្រះវិហារ​ជាមួយ​ពួកអាមេរិកាំង​នោះនៅ​ឯ​បន្ទាយ​ទាហាន​នៅក្នុង​សាលាជំនុំ​ពហុនិកាយ​សាសនា​ដ៏​តូច​មួយ​របស់​ពួកទាហាន ។

នៅថ្ងៃ​អាទិត្យ​មួយ​មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី ខ្ញុំ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក នៅចប់​ម៉ោង​ប្រជុំ ប៊ីស្សព បាន​ក្រោក​ឡើង ហើយ​និយាយ​ថា « តើ​ឪពុក​ម្តាយ​ទាំងអស់​ដែល​មាន​កូន​រៀន​ក្នុង​សិក្ខាសាលា​សូម​អង្គុយ​សិន​បាន​ទេ ? » គាត់​ក៏​បាន​សុំ​ឲ្យ​ខ្ញុំ​ចូលរួម​ជាមួយ​ពួកគេ​ផងដែរ ។

នៅពេល​មាន​តែ​គ្រួសារ​ទាំងនេះ ប៊ីស្សព និង ខ្ញុំ​ដែល​បន្ត​នៅក្នុង​សាលា​ជំនុំ ប៊ីស្សព​បាន​ពន្យល់​ថា​ខ្ញុំ​អាច​ចូលរួម​ថ្នាក់​សិក្ខាសាលា​របស់​ពួកគេ​នៅ​ឆ្នាំ​ក្រោយ ។ ប៉ុន្តែ​ខ្ញុំ​បាន​ចូលរៀន​សាលា​អាល្លឺម៉ង់​ក្នុង​មូលដ្ឋាន ដែល​ចាប់ផ្តើម​ជាង​មួយ​ម៉ោង​មុន​សាលា​អាមេរិកាំង ដែល​មាន​យុវវ័យ​ទាំងអស់​មក​ពី​បន្ទាយ​ទាហាន​ចូលរួម​រៀន ។ ដើម្បី​ឲ្យ​ខ្ញុំ​មាន​ពេល​គ្រប់គ្រាន់​ធ្វើដំណើរ​ទៅ​សាលា​រៀន​ទាន់ពេល ពួកគេ​ត្រូវតែ​ប្តូរ​ថ្នាក់​សិក្ខាសាលា​ទៅ​ម៉ោង ៦ ព្រឹក​វិញ គឺ​មួយ​ម៉ោង​មុន​ពួកគេ​ប្រជុំ ។

ក្រោយ​មក​ប៊ីស្សព បាន​សូម​ឲ្យ​ពួកគេ​បោះឆ្នោត​ថា តើ​ពួកគេ​ព្រម​ធ្វើពលិកម្ម​នេះ​ដែរ​ឬ​ទេ ដើម្បី​ឲ្យ​ខ្ញុំ​អាច​ចូលរួម​ថ្នាក់​នោះ​បាន ។ ភ្លាម​នោះ ឪពុក​ម្ដាយ និង សិស្ស​ទាំងអស់​បាន​លើក​ដៃ​ពួកគេ​ឡើង​ហើយ​និយាយ​ថា​យល់​ព្រម ។

នោះ​គឺ​ជា​ពេល​មួយ​ដ៏​រំភើប​ចំពោះ​ខ្ញុំ ។ វា​បាន​បង្រៀន​ខ្ញុំ​នូវ​មេរៀន​នៃ​ការលះបង់ ។ សិស្ស​វ័យ​ក្មេង​ទាំង​នេះ​មាន​ឆន្ទៈ​លះបង់​ផ្ទាល់ខ្លួន​នូវ​ភាពស្រណុក​សុខស្រួល​របស់​ខ្លួន — មិនមែន​តែ​មួយ​ថ្ងៃ ឬ មួយ​សប្តាហ៍​ឡើយ ប៉ុន្តែ​គឺ​សម្រាប់​មួយ​ឆ្នាំ​ពេញ — ជំនួស​ឲ្យ​អ្នកប្រែចិត្ត​ជឿ​ថ្មី​ម្នាក់​ដែល​ពុំ​អាច​នឹង​ចូលរួម​ថ្នាក់​សិក្ខាសាលា​បាន​ឡើយ បើ​គ្មាន​ការលះបង់​នោះ ។

ខ្ញុំ​នៅតែ​មាន​អំណរគុណ​ចំពោះ​ការលះបង់​របស់​ពួកគេ ដោយ​ដឹង​ថា មួយ​ឆ្នាំ​សិក្សា​នៃ​ថ្នាក់​សិក្ខាសាលា ( សិក្សា​គោលលទ្ធិ និង សេចក្តី​សញ្ញា ) សំខាន់​ខ្លាំង​ប៉ុណ្ណា​សម្រាប់​ជីវិត​នៃ​ការចូល​ព្រះវិហារ​ដំបូង​របស់​ខ្ញុំ ។ បើគ្មាន​ថ្នាក់​សិក្ខាសាលា​ទេ ខ្ញុំ​ពុំ​មាន​ការទាក់ទង​ជាមួយ​សាសនាចក្រ​ឡើយ​លើកលែង​តែ​ថ្ងៃ​អាទិត្យ ។ ថ្នាក់​សិក្ខាសាលា​ប្រចាំថ្ងៃ​គឺ​ជា​ការរៀបចំ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​បេសកកម្ម ។ វា​បាន​បង្រៀន​ខ្ញុំ​ជា​ច្រើន​អំពី​ការដាក់​វិន័យ ហើយ​ពិតមែន​ហើយ វា​បាន​ប្រទាន​ពរ​ដល់​ខ្ញុំ​នូវ​ចំណេះ​ដឹង​យ៉ាង​ច្រើន​អំពី​ដំណឹង​ល្អ និង ព្រះគម្ពីរ ។ បើសួរ​ខ្ញុំ​ពី​ចំណេះចំណាន​ខគម្ពីរ​ទាំង​អស់​នៃ​គោលលទ្ធិ និង សេចក្តី​សញ្ញា តាំង​ពីមុន​មក​ដល់​ឥឡូវ​នេះ​ខ្ញុំ​នៅតែ​ចេះ​ខគម្ពីរ​ទាំង​នោះ ។ បទពិសោធន៍​ទាំងនេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ខិតកាន់តែ​ជិត​ទៅ​ព្រះវរបិតាសួគ៌ ហើយ​ក៏​បាន​ជួយ​ខ្ញុំ​ឲ្យ​ដោះស្រាយ​ឧបសគ្គ​នានា ដោយសារ​ខ្ញុំ​គឺ​ជា​សមាជិក​សាសនាចក្រ​តែ​ម្នាក់​ឯង​គត់​ដែល​និយាយ​ភាសា​អាល្លឺម៉ង់​នៅក្នុង​ទីក្រុង​របស់​ខ្ញុំ ។

ទំនាក់ទំនង​ជាមួយ​ព្រះ

រូបភាព
Photo illustration depicting Jorg Klebingat in military uniform. He is praying.

បន្ទាប់​ពី ខ្ញុំ​រៀន​ចប់ ហើយ​ពីមុន​ខ្ញុំ​បាន​ទៅ​បេសកកម្ម ខ្ញុំ​បាន​បញ្ចប់​វគ្គ​បម្រើ​ទាហាន​ដែល​តម្រូវ​ដោយ​ច្បាប់ ។ ខណៈដែល​ខ្ញុំ​នៅក្នុង​ជួរ​ទាហាន ខ្ញុំ​បាន​ចាប់​យក​ទម្លាប់​មួយ​ធ្វើ​មក​ដល់​សព្វថ្ងៃ​នេះ ៖ គឺ​អធិស្ឋាន​ជានិច្ច ។

ពិតណាស់ ស្ថានភាព​នៅ​ក្នុង​ជួរកងទ័ព​ពុំ​មាន​បទពិសោធន៍​ខាង​វិញ្ញាណ​ជានិច្ច​នោះ​ទេ — ទូរ​ដាក់ខោអាវ រូបភាព ការនិយាយ​ស្តី និង​រឿង​កុន​នានា​ដែល​ពួកគេ​មើល​នៅពេល​យប់ ។ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​នឹង​បាន​ទៅ​បម្រើ​បេសកកម្ម ។ ខ្ញុំ​ចង់​បន្តនៅតែ​រឹងមាំ ។ ខ្ញុំ​មិន​ចង់​ទន់ជ្រាយ​ឡើយ ។ ខ្ញុំ​មិន​ចង់​បណ្តោយ​ខ្លួន​ទៅតាម​សំពាធ​នៃ​មនុស្ស​ជុំ​វិញ​ខ្លួន​ឡើយ ។ ដូច្នេះ​ខ្ញុំ​បាន​បង្កើន​ទម្លាប់​នៃ​ការអធិស្ឋាន​នៅក្នុង​ចិត្ត​ខ្ញុំ​គ្រប់ពេល ។

ដោយ​ដើរ​ពី​អគារ​មួយ​ទៅ​អគារ​មួយ​ទៀត ដើរចុះ​ឡើង​លើ​កូនភ្នំ​នៅក្នុង​ព្រៃ ដេក​នៅក្នុង​ត្រង់សេ លេង​ល្បែង​សង្គ្រាម — គ្រប់​កន្លែង​ដែល​ខ្ញុំ​នៅ​នោះ ខ្ញុំ​បាន​ទំនាក់ទំនង​ជាមួយ​ព្រះវរបិតាសួគ៌​ក្នុង​ការអធិស្ឋាន​តាម​ដែល​ខ្ញុំ​អាច​ធ្វើ​បាន ទោះ​គ្រប់​នាទី ហើយ​ពេល​ខ្លះ​ជា​ច្រើន​ម៉ោង ដោយ​ទាក់ទង ឬ ទូល​ទៅ​ព្រះវរបិតាសួគ៌​ដើម្បី​ខិតកាន់តែ​ជិត​ទ្រង់ ហើយ​បន្ត​រឹងមាំ ។ ភាគច្រើន​ខ្ញុំ​បាន​អធិស្ឋាន​ថ្លែង​អំណរគុណ ។

ទម្លាប់​នេះ​នៅ​ជាប់​នឹង​ខ្ញុំ​នៅឡើយ ។ នៅពេល​ខ្ញុំ​បើកបរ​ទៅ​ទីណា ឬ អង្គុយ​ក្នុង​ឡាន​ក្រុង ឬ​ដើរ​ទៅ​កន្លែង​ផ្សេងៗ វា​ក្លាយ​ជា​រឿង​សាមញ្ញ​សម្រាប់​ខ្ញុំ​ដើម្បី​អធិស្ឋាន​រហូត​នៅក្នុង​ចិត្ត ឬ « អធិស្ឋាន​ជានិច្ច » ដូច​ដែល​ខគម្ពីរ​និយាយ ( ឧទាហរណ៍​សូមមើល នីហ្វៃទី ២ ៣២:៩ ) ។ នោះ​គឺ​ជា​ទម្លាប់​ល្អ​មួយ​ដើម្បី​បង្កើត​វា​តាំង​ពី​នៅ​ក្មេង​មក ។

យើង​ដឹង​ថា​យើង​គួរតែ​អធិស្ឋាន ប៉ុន្តែ​នោះ​ពុំ​មែន​គ្រាន់តែ​មាន​ន័យ​ថា​ជា​ការលុតជង្គង់​មួយ​សន្ទុះ​នៅពេល​ព្រឹក និង ពេល​យប់​ដើម្បី​បំពេញ​ព្រះទ័យ​ព្រះវរបិតា​នោះ​ទេ ។ ការអធិស្ឋាន​គួរតែ​ជា​ការធ្វើ​វា​ដោយ​ស្មោះត្រង់ ជ្រាលជ្រៅ និង ជា​ទំនាក់ទំនង​ឥត​ដាច់​ជាមួយ​ព្រះវរបិតា​របស់​អ្នក ដែល​ជា​រឿយ​នឹង​ជួយ​អ្នក​ខិតកាន់តែ​ជិតទ្រង់ ។ ការបង្កើត​ទម្លាប់​នៃ​ការអធិស្ឋាន​នេះ នឹង​ជួយ​អ្នក​ឲ្យ​ដោះស្រាយ​ការល្បួង​ទាំងអស់​​នៅក្នុង​ពិភពលោក​នេះ ( សូមមើល នីហ្វៃទី ៣ ១៨:១៥, ១៨ ) ។ ដូច្នេះ​នៅពេល​អ្នក​ចេញ​ពី​ចំណុច​ក ទៅ ចំណុច​ខ ឬ នៅពេល​ណា​ដែល​អ្នក​ទំនេរ សូម​គិត​ចំណាយ​ពេល​តិចតួច​បាន​ហើយ​ដើម្បី​ស្តាប់​តន្ត្រី ឬ ផ្ញើសារ ហើយ​បន្ថែម​ពេល​ខ្លះ​ទៀត​ដើម្បី​អធិស្ឋាន​ក្នុង​ចិត្ត​របស់​អ្នក ។

អនុវត្ត​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​គ្រប់​ពេលវេលា​ទាំងអស់

រូបភាព
Jesus Christ depicted kneeling at the base of a tree in the Garden of Gethsemane during the Atonement. Christ has His hands clasped as He prays.

នៅពេល​យើង​បន្ត​អធិស្ឋាន ហើយ​រៀន​ពី​ដំណឹង​ល្អ នោះ​យើង​នឹង​ឃើញ​ថា​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​មាន​សម្រាប់​យើង​គ្រប់​ពេល​រាល់​ថ្ងៃ​ដើម្បី​ជួយ​អ្នក « ទទួល​ការផ្តាច់បាប​ទាំងឡាយ​របស់​អ្នក » ( សូមមើល ម៉ូសាយ ៤:១១–១២ ) ។ អ្នក​អាច​ទាក់ទង​ទ្រង់​ដើម្បី​ទទួល​បាន​អំណាច​នេះ ហើយ​ធ្វើ​ឲ្យ​ខ្លួន​បាន​ជ្រះស្អាត​គ្រប់ពេល​ទាំងអស់ មិនមែន​គ្រាន់តែ​ថ្ងៃ​អាទិត្យ​នោះ​ទេ មិនមែន​គ្រាន់តែ​នៅពេល​ពេល​អ្នក​ទៅ​ជួប​ប៊ីស្សព​សារភាព​កំហុស​ធ្ងន់ៗ​នោះទេ ។

ព្រះអម្ចាស់​ផ្តល់​ផ្លូវ​នានា​សម្រាប់​អ្នក​ឲ្យ​ផ្តោត​លើ​ដង្វាយធួន​រាល់​ថ្ងៃ ដូច្នេះ​អ្នក​អាច​ប្រែកាន់តែ​ជ្រះស្អាត ហើយ​សក្តិសម ទទួល​អារម្មណ៍​នៃ​ព្រះវិញ្ញាណ ព្រមទាំង​ត្រូវបាន​ដឹកនាំ​គ្រប់ពេល ជាជាង​ម្តង​មាន ម្តង​គ្មាន​ព្រះវិញ្ញាណ​ទ្រង់ ។ តាមរយៈ​ការផ្តោត​លើ​ដង្វាយធួន​រាល់ថ្ងៃ នោះ​អ្នក​អាច​មាន​ពរជ័យ​នេះ​មិន​ថា​អ្នក​មាន​កំហុស​អ្វី ដែល​អ្នក​បាន​ធ្វើ​កាល​ពី​អតីតកាល​នោះទេ ។ យុវវ័យ​ជាច្រើន​មាន​អារម្មណ៍​ថា​ការប្រែចិត្ត​គឺ​គ្រាន់តែ​ជា​ការទៅ​ជួប​ប៊ីស្សព ហើយ​ប្រាប់​គាត់​ពី​អំពើ​បាប​ធ្ងន់ធ្ងរ​នោះ​ប៉ុណ្ណោះ ។ ប៉ុន្តែ​ការប្រែចិត្ត​មាន​អត្ថន័យ​ច្រើន​ជាង​នេះ​ឆ្ងាយ​ណាស់ ។ វា​មាន​ន័យ​ថា​ជា​ការខិតខំ​រាល់ថ្ងៃ​ដោយ​បន្ទាបខ្លួន ភាពខ្ជាប់ខ្ជួន ពោរពេញ​ដោយ​ការអធិស្ឋាន ខិតខំ​រាល់​ថ្ងៃ​ដើម្បី ( ១ ) សិក្សា​ព្រះគម្ពីរ ជាពិសេស ខគម្ពីរ​ដែល​បង្រៀន​អំពី​ដង្វាយធួន​របស់​ព្រះគ្រីស្ទ ហើយ​បន្ទាប់​មក ( ២ ) រៀន​ពី​របៀប​ដើម្បី​អនុវត្ត​វា​ដោយ​ពិតប្រាកដ​នៅក្នុង​ជីវិត​របស់​អ្នក​គ្រប់​ពេលវេលា​ប្រចាំ​ថ្ងៃ ។ នោះ​គឺ​ជា​អ្វី ដែល​យើង​ត្រូវ​ធ្វើ ។ សូម​ឲ្យ​ព្រះវរបិតាសួគ៌​ជ្រាប​រាល់​ថ្ងៃ​ថា​នេះ​គឺ​ជា​អ្វី​ដែល​អ្នក​ចង់​បាន — គឺ​ក្លាយ​ខ្លួន​កាន់តែ​ប្រសើរ​ជាង​ពី​ថ្ងៃ​ម្សិលមិញ ។

សូម​កុំ​បណ្តោយ​ឲ្យ​ឧបសគ្គ​ធ្វើ​ឲ្យ​អ្នក​មាន​គម្លាត​ពី​ព្រះវរបិតាសួគ៌​ដោយ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​អ្នក​មិន​ល្អ​គ្រប់គ្រាន់​ឡើយ ថា​មាន​មនុស្ស​ផ្សេង​ទៀត​ល្អប្រសើរ​ជាង​ខ្លួន — ឬ​ថា​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ និង សេចក្តីស្រឡាញ់​របស់​ទ្រង់ ព្រមទាំង​ការពេញចិត្ត​របស់​ទ្រង់​ដែល​មាន​នៅចំពោះ​មុខ​អ្នក ប៉ុន្ដែ​អ្នក​ពុំ​អាច​ឈោង​ចាប់​បាន ។ នោះ​គឺ​ពុំ​ពិតទេ ។ ព្រះវរបិតាសួគ៌​ស្រឡាញ់​អ្នក​ដូច​ដែល​អ្នក​ជា​ខ្លួន​អ្នក​នា​ពេល​នេះ ប៉ុន្តែ​ពិតណាស់ អ្នក​ត្រូវតែបន្ត​កែលម្អ និង ព្យាយាម​គោរព​តាម​ព្រះបញ្ញត្តិ ជានិច្ច ហើយ​អនុវត្ត​ដង្វាយធួន​រាល់​ថ្ងៃ គ្រប់​ពេល​វេលា​ទាំងអស់ ។ ដូច​សាវក​ប៉ុល​បាន​និយាយ « ពិចារណា​ខ្លួន​ឯង​មើល » ( កូរិនថូសទី ២ ១៣:៥ ) ។ ប៉ុន្តែ​នៅពេល​អ្នក​រៀន​ពី​ដង្វាយធួន និង របៀប​ផ្តោត​លើ​វា នោះ​អ្នក​នឹង​ឃើញ​ថា​អ្នក​អាច​មាន​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះអម្ចាស់​ទោះបី​ជា​អ្នក​មាន​កំហុស​ក៏​ដោយ ។

សូម​ស្គាល់​ខ្លួន​ឯង​ឲ្យ​ច្បាស់ ហើយ​ស្គាល់​ថា​ព្រះគ្រីស្ទ​ជា​នរណា ហើយ​ថា​ទ្រង់​បាន​ធ្វើ​អ្វី​ខ្លះ​សម្រាប់​អ្នក ។ បន្ទាប់​មក​ដាក់​ចំណុច​ទាំង​ពីរ​នោះ​ជាមួយ​គ្នា ដូច្នេះ​អ្នក​អាច​ត្រូវបាន​ជ្រះស្អាត​គ្រប់ពេល ហើយ​មាន​ទំនុកចិត្ត​លើ​ខ្លួន​ឯង និង លើ​ព្រះវរបិតាសួគ៌ និង ព្រះអង្គ​សង្គ្រោះ ។ បន្ទាប់ពី​នោះ​អ្នក​នឹង​មាន​អារម្មណ៍​ល្អ​នៃ​ភាពសក្តិសម​ផ្ទាល់​ខ្លួន និង មាន​ទំនុកចិត្ត​លើ​ខ្លួន​ឯង ។

ទាំងនេះ​គឺ​ជា​អ្វីៗ​ដែល​ខ្ញុំ​បាន​ចាប់ផ្តើម​រៀន​កាល​ខ្ញុំ​នៅជា​អ្នកប្រែចិត្ត​ជឿ​វ័យក្មេង ហើយ​វា​បាន​ប្រទាន​ពរ​យ៉ាង​ច្រើន​ដល់​ជីវិត​ខ្ញុំ ។ នៅពេល​អ្នក​ធ្វើ​ការលះបង់ សិក្សា ហើយ​ព្យាយាម​នៅ​ជិត​ព្រះវរបិតាសួគ៌ នោះ​ទ្រង់​នឹង​ប្រទាន​ពរ​ដល់​អ្នក​ផងដែរ ។ សូម​កុំ​ចុះចាញ់​ឡើយ !