២០១៥
ប្រាក់​ស្លឹង​របស់​ស្ត្រី​មេម៉ាយ​នា​សម័យ​ទំនើប​នេះ
December 2015


សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ប្រាក់​ស្លឹង​របស់​ស្ត្រី​មេម៉ាយ​នា​សម័យ​ទំនើប​នេះ

ស្ទេហ្វានី អេច អូលសិន រដ្ឋ​យូថាហ៍ ស.រ.អា.

រូបភាព
illustration of a gift jar with money in it

រូបគំនូរ​ដោយ អេលែន ហ្គាន

កម្រាលតុ​ពណ៌ស និង រូប​មនុស្ស​ព្រិល​ដាក់​តាំង​លើ​តុ​ដែល​ខ្ចី​គេ​នោះ បាន​ធ្វើ​ឲ្យ​សាល​វប្បធម៌​ក្លាយ​ជា​កន្លែង​អធិកអធម​មួយ ដែល​ត្រូវបាន​រៀបចំ​នាទីចុងក្រោយ​សម្រាប់​ពិធី​ជប់លៀង​បុណ្យ​គ្រីស្ទម៉ាស់​របស់​គ្រួសារ​យើង ។

ខណៈ​យើង​កំពុង​រង់ចាំ​ភ្ញៀវ​នោះ ខ្ញុំ​បាន​ឃើញ​ប្រអប់​ទទេ​មួយ​នៅលើ​តុ — ដោយ​មាន​ដាក់​អក្សរ​ថា — « ប្រអប់​ជំនួយ​សម្រាប់​លោកតាណូអែល » ។ ខ្ញុំ​បាន​អធិស្ឋាន​ថា​នៅ​ចុងបញ្ចប់​នៃ​យប់​នោះ សូម​ឲ្យ​មាន​ប្រាក់​ពេញ​ប្រអប់​នោះ ។

អំឡុង​ពេល​ការរៀបចំ​ពិធី​ជប់លៀង នោះ​យើង​បាន​ដឹង​ថា ស្វាមី​របស់​បងប្អូន​ជីដូន​មួយ​ខ្ញុំ​គ្មាន​ការងារ​ធ្វើ​ជាង​មួយ​ឆ្នាំ​កន្លះ​ហើយ ។ ធនធាន​ដែល​ជា​ចំណូល​ចម្បង​របស់​គ្រួសារ​គាត់ រួមមាន​ជា​ភ្នាក់ងារ​ចែកចាយ​កាសែត​អាន​ចំនួន​ប្រាំ​ផ្លូវ ដែល​តម្រូវ​ឲ្យ​ពួកគេ​ចាប់ផ្តើម​ធ្វើការ​រាល់ថ្ងៃ​នៅ​ម៉ោង ៣:៣០ នាទី​ព្រឹក ។ ប្រាក់​ចំណូល​ចម្បង​របស់​ពួកគេ​ត្រូវ​ចំណាយ​លើ​ប្រាក់​កម្ចី និង អ្វីៗ​ដែល​ចាំបាច់​ផ្សេង​ទៀត សល់​ប្រាក់​តិចតួច​សម្រាប់​អ្វី​ដែល​ពួកគេ​ចង់​បាន ដូចជា​អំណោយ​បុណ្យ​គ្រីស្ទម៉ាស់​ជាដើម ។

គ្រួសារ​ជីដូន​មួយ​របស់​ខ្ញុំ​នេះ​បាន​មក​ដល់​កម្មវិធី​មុន​គេ ។ ខ្ញុំ​បាន​មើល​ពួកគេ​នៅពេល​ពួកគេ​ដើរ​ឆ្ពោះ​ទៅកាន់​តុ​អាហារ ដែល​នៅ​ហួស​ពី​ប្រអប់​បុណ្យ​គ្រីស្ទម៉ាស់​នោះ ។ នៅពេល​ពួកគេ​ទៅ​ដល់​តុ​នោះ ស្វាមី​របស់​ជីដូន​មួយ​​ខ្ញុំ​បាន​ឈប់ ដើម្បី​អាន​ស្លាក​នៅ​លើ​ប្រអប់​នោះ ។ ដោយ​ពុំ​ស្ទាក់ស្ទើរ គាត់​បាន​ដក​យក​កាបូប​ប្រាក់​កញ្ចាស់​របស់​ខ្លួន​ចេញ​មក ហើយ​ដក​ប្រាក់​ពីរបី​ដុល្លារ រួចដាក់​វា​ទៅក្នុង​ប្រអប់​នោះ ដោយ​ភ្លេច​ថា​ខ្លួន​ឯង​នេះហើយជា​គ្រួសារ​ដែល « ខ្វះខាត » នោះ ។

ខ្ញុំ​មាន​អារម្មណ៍​អួលដើម​ក ហើយ​ភ្លាម​នោះ​ធ្វើ​ឲ្យ​ចាំ​ពី​ដំណើរ​រឿង​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​អំពី​ស្ត្រី​មេម៉ាយ និង ប្រាក់​ពីរ​ស្លឹង​របស់​គាត់ ។ មាន​អ្នក​មាន​ជា​ច្រើន បាន​បង្អួត​ការបរិច្ចាគ​ដ៏​ច្រើន​របស់​ខ្លួន​ទៅ​ក្នុង​ឃ្លាំង​នៅពេល « មាន​ស្រ្តី​មេម៉ាយ​ក្រ​ម្នាក់ មក​ដាក់​តែ​២​ស្លឹង ដែល​ត្រូវ​ជា​កន្លះ​សេន » ( សូមមើល ម៉ាកុស ១២:៤១–៤២ ) ។

បន្ទាប់​មក​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ទៅ​ពួក​សិស្ស​របស់​ទ្រង់ ៖

« ស្រី​មេម៉ាយ​ក្រ​នេះ បាន​ថ្វាយ​លើស​ជាង​អ្នក​ទាំងអស់ ដែល​ដាក់​ក្នុង​ឃ្លាំង ៖

« ដ្បិត​គេ​សុទ្ធ​តែ​យក​ពី​របស់​ជា​សំណល់​ខ្លួន​មក​ថ្វាយ តែ​ស្រ្តី​នេះ​បាន​យក​ពី​សេចក្តី​កំសត់​ខ្លួន​មក​ថ្វាយ​វិញ គឺ​ជា​របស់​ដែល​នាង​មាន​ទាំង​ប៉ុន្មាន​សម្រាប់​ចិញ្ចឹម​ជីវិត​ខ្លួន​ផង » ( ម៉ាកុស ១២:៤៣–៤៤ ) ។

ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​មាន​ព្រះ​បន្ទូល​ថា​ស្ត្រី​នោះ​បាន​ផ្តល់​ពី « សេចក្តី​កំសត់​របស់​ខ្លួន » ហើយ​ថ្វាយ « របស់​ដែល​នាង​មាន​ទាំង​ប៉ុន្មាន​សម្រាប់ចិញ្ចឹម​ជីវិត​ខ្លួន » ។ គាត់​គួរតែ​បង់​តែ​មួយ​ស្លឹង​ប៉ុណ្ណោះ ។ នោះ​ប្រហែល​ជា​អ្វី​ដែល​បំពេញ​ទៅតាម​តម្រូវការ​ឲ្យ​ធ្វើ ប៉ុន្តែ​ដួងចិត្ត​ដ៏​ស្មោះត្រង់ និង ឆន្ទៈ​លះបង់​របស់​គាត់​ទាំងអស់​នេះ​បាន​ទាក់​ព្រះទ័យ​របស់​ព្រះរាជបុត្រា​នៃ​ព្រះ ។

គ្មាន​នរណា​ម្នាក់​នឹង​ស្តី​បន្ទោស​ស្វាមី​របស់​ជីដូន​មួយ​​ខ្ញុំ​ឡើយ បើសិន​គាត់​ដើរ​ហួស​ប្រអប់​នោះ​ដោយ​គិត​ថា « បើសិន​ខ្ញុំ​មាន​ខ្ញុំ​នឹង​ផ្តល់​ឲ្យ » ( ម៉ូសាយ ៤:២៤ ) ។ គំរូ​ដ៏​អស្ចារ្យ​របស់​គាត់​អំពី​សេចក្តី​សប្បុរស និង សេចក្តី​ស្រឡាញ់​ចំពោះ​បងប្អូន​របស់​ខ្លួន​ពុំ​គ្រាន់តែ​ដក់​ជាប់​ក្នុង​ដួងចិត្ត​ខ្ញុំ​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជាមួយ​នឹង​សមាជិក​ផ្សេង​ទៀត​នៃ​គ្រួសារ​ខ្ញុំ​ដែល​បាន​មើល​គាត់ ។ ខ្ញុំ​បាន​ដឹង​ថា​គ្រួសារ​របស់​គាត់​នឹង​មិន​កើត​អ្វី​ឡើយពីព្រោះ « សេចក្ដី​សប្បុរស​គឺ​ជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ … ហើយ​អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​សប្បុរស​នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ​បង្អស់ នឹង​បាន​ស្រួល​ដល់​អ្នក​នោះ​ហើយ » ( មរ៉ូណៃ ៧:៤៧ ) ។

យើង​សង្ឃឹម​ថា​ផ្តល់​អ្វីមួយ​ដល់​គ្រួសារ​គាត់​នៅ​យប់នោះ ប៉ុន្តែ​យើង​បាន​ឲ្យ​គាត់​នៅពេល​ក្រោយ ​ដោយ​ផ្តល់​ឲ្យ​នៅ​ចំពេល​ដែល​គាត់​ត្រូវការ នោះ​គាត់​បាន​បង្ហាញ​យើង​ថា​វា​ជាពេល​ដែល​សំខាន់​បំផុត គាត់​គឺ​ជា​អ្នក​មាន​ម្នាក់​រួច​ទៅ​ហើយ ។