២០១៥
មនុស្ស​ចំណូល​ថ្មី
December 2015


មនុស្ស​ចំណូល​ថ្មី

ខ្ញុំ​ជា​សង្ឃ​តែ​ម្នាក់​ឯង​គត់​ដែល​សកម្ម​នៅក្នុង​វួដ​ថ្មី​របស់​ខ្ញុំ ។ តើ​ខ្ញុំ​នឹង​នាំ​ពួកសង្ឃ​ផ្សេង​ទៀត​ឲ្យ​មក​ព្រះវិហារ​ដោយ​របៀប​ណា ?

រូបភាព
A young man holding a volleyball and standing next to a net. A group of young men are standing together in the distance.

រូបគំនូរ​ដោយ ហ្គ្រេក ញ៉ូវបូល

នៅពេល​គ្រួសារ​របស់​ខ្ញុំ​បាន​ផ្លាស់ប្តូរ​ទីលំនៅ​ពីរបីខែ​ក្រោយ​ពី ខ្ញុំ​ចូល​អាយុ ១៨ ឆ្នាំ នោះ​ខ្ញុំ​បាន​ឃើញ​ថា ខ្ញុំ​គឺ​ជា​អ្នក​ចំណូល​ថ្មី​ក្នុង​វួដ ហើយ​ជួប​នឹង​ឧបសគ្គ​មួយ ។ អំឡុង​ពេល​ពីរ​សប្តាហ៍​បន្ទាប់​ពី​ខ្ញុំ​បាន​ផ្លាស់ចូល​ទៅ​នៅនោះ ពួក​សង្ឃ​ស្ទើរតែ​ទាំងអស់​ត្រូវបាន​ក្លាយជា​អែលឌើរ ។ ខ្ញុំ​ក៏​ត្រូវបាន​ហៅ​បម្រើ​ធ្វើ​ជា​ជំនួយ​ការ​ទីមួយ​នៅក្នុង​កូរ៉ុម​សង្ឃ ។

នៅក្នុង​ការផ្តល់​ការហៅបម្រើ​នេះ ប៊ីស្សព​បាន​ពន្យល់​ថា​មាន​សង្ឃ​ជា​ច្រើន​នៅ​លើ​បញ្ជី​ឈ្មោះ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​បាន​មក​ព្រះវិហារ​ឡើយ ។ យើង​មាន​កិច្ចការ​ជាច្រើនដែល​ត្រូវ​ធ្វើ​ដើម្បី​លើក​ទឹកចិត្ត​ឲ្យ​ពួកគេ​ចូលរួម ។

គាត់​បាន​និយាយ​ថា « គឺ​ត្រូវ​អញ្ជើញ​ពួកគេ​ឲ្យ​មក​ព្រះវិហារ » ។

មាន​សង្ឃ​ម្នាក់​ទៀត​តែ​ប៉ុណ្ណោះ​ដែល​បាន​មក​ព្រះវិហារ គាត់​ឈ្មោះ​រ៉ាយអែន ដែល​មក​ព្រះវិហារ​ពីរ​បី​ម្តង​រាល់​ខែ ។ ខ្ញុំ​បាន​សម្រេច​ចិត្ត​ទៅ​គោះទ្វារ​របស់​សមាជិក​កូរ៉ុម​ដែល​មិន​សូវ​សកម្ម​របស់​យើង ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ចូលរួម​សកម្មភាព​របស់​យើង ។ ខ្ញុំ​មាន​ការព្រួយ​បារម្ភ ភ័យ​ខ្លាច​ថា​ពួកគេ​អន់​ចិត្ត​នឹង​ខ្ញុំ​ដែល​បាន​អញ្ជើញ​ពួកគេ​ឲ្យ​មក​ព្រះវិហារ ។ ខ្ញុំ​បាន​ដឹង​ថា ពួកគេ​ពុំ​មក​ព្រះវិហារ​ដោយសារ​ពួកគេ​មិន​ចូលចិត្ត​ព្រះវិហារ ។ ប៉ុន្តែ​ខ្ញុំ​ក៏​បាន​ឃើញ​ថា វា​ជា​ការណ៍​ល្អ​សម្រាប់​ខ្ញុំ​ដើម្បី​អនុវត្ត​សម្រាប់​បេសកកម្ម​នា​ពេល​ខាង​មុខ​របស់​ខ្ញុំ ដើម្បី​ព្យាយាម​អញ្ជើញ​មនុស្ស ដូច្នេះ​ខ្ញុំ​បាន​តាំងចិត្ត​ដោយ​អំណត់ ហើយ​បាន​ចាប់ផ្តើម​ទូរសព្ទ​ទៅ​សង្ឃ​ដទៃ​ផ្សេង​ទៀត ឬ បាន​ឈប់​ចូល​លេង​ផ្ទះ​របស់​ពួកគេ ។ ខ្ញុំ​បាន​អញ្ជើញ​ពួកគេ​មក​ការប្រជុំ​ពិសេស សកម្មភាព​នានា និង​មក​ព្រះវិហារ ។

អ្វី​ដែល​គួរ​ឲ្យ​រំភើប​នោះ​គឺ​ថា​ពួកគេ​មួយ​ចំនួន​បាន​ឆ្លើយ​តប ហើយ​បាន​ត្រឡប់​មក​វិញ ។ ទីបំផុត​យើង​មាន​ក្រុម​មួយ​ដែល​មាន​សង្ឃ​បួន​នាក់ ដែល​បាន​ចាប់ផ្តើម​មក​ព្រះវិហារ​ទៀងទាត់ ។ វា​ពុំ​មែន​ដោយសារ​តែ​ពួកគេ​ពុំ​ចូលចិត្ត​ព្រះវិហារ​នោះ​ឡើយ — តែ​ពួកគេ​បាន​រង់ចាំ​ឲ្យ​មាន​ការអញ្ជើញ​ដើម្បី​ត្រឡប់​មក​វិញ ។ ពួកគេ​ព្រួយ​បារម្ភ​អំពី​ស្ថានភាព​ថ្មី — ការចូលរួម​ព្រះវិហារ — ដូច​ដែល​ខ្ញុំ​ធ្លាប់​បារម្ភ​ផងដែរ ។

សកម្មភាព​មួយ​ចំនួន​មាន​ភាពជោគជ័យ​ជាង​សកម្មភាព​ផ្សេង​ទៀត ។ ពួកគេ​បាន​មក​ចូលរួម​លេង​បាល់ទះ ប៉ុន្តែ​ខ្ញុំ​ពិបាក​នាំ​ពួកគេ​ចូលរួម​សកម្មភាព​ផ្សេងៗ​ទៀត ។

សន្និសីទ​យុវវ័យ​នា​ឆ្នាំ​នោះ​បាន​ទទួល​លទ្ធផល​ជា​ពិសេស នៅពេល​ខ្ញុំ​បាន​មើល​ពួកយុវជន​ទាំង​នេះ​បាន​ក្រោកឡើង ហើយ​ថ្លែង​ទីបន្ទាល់​របស់​ពួកគេ ។ ខ្ញុំ​បាន​មាន​អារម្មណ៍​ថា​ខ្ញុំ​បាន​ផ្លាស់ប្តូរ​ជីវិត​របស់​ពួកគេ ។

អ្វី​ដែល​ប្លែក​នោះ​គឺ​ថា​ខ្ញុំ​បាន​ឃើញ​ថា រ៉ាយអែន បាន​មក​ចូលរួម​ព្រះវិហារ​រាល់​សប្តាហ៍ ហើយ​យើង​បាន​ក្លាយ​ជា​មិត្តភក្តិ​ល្អ​នឹង​គ្នា ។

រ៉ាយអែន និង ខ្ញុំ​បាន​ទទួល​បព្វជិតភាព​មិលគីស្សាដែក​​ប្រហែល​ប្រាំមួយ​ខែ បន្ទាប់​ពី​ខ្ញុំ​បាន​ផ្លាស់ទៅ​រស់នៅ​ទីនោះ ។ ខ្ញុំ​បាន​ជ្រើសរើស​រង់ចាំ​រហូត​បន្ទាប់​ពី​ចប់​បេសកកម្ម​ទើប​ចូលរៀន​មហា​វិទ្យាល័យ ដូច្នេះ​ខ្ញុំ​អាច​ធ្វើការ​សំន្សំ​ប្រាក់​ដើម្បី​បម្រើ​បេសកកម្ម​របស់​ខ្ញុំ ។ រ៉ាយអែន​មាន​ការងារ​មួយ​ធ្វើ​រួចទៅ​ហើយ ហើយ​គាត់​បាន​សម្រេច​ចិត្ត​ពុំ​ទាន់​រៀន​មហា​វិទ្យាល័យ​ផងដែរ ។ បន្ទាប់​ពី ការងារ​យើង​ឧស្សាហ៍​ដើរលេង​ជាមួយ​គ្នា ។

មានគ្រា​មួយ​នោះ យើង​បាន​នៅ​រហូត​ដល់​យប់​ជ្រៅ​ព្យាយាម​អាន​គម្ពីរ​អាលម៉ា ខណៈដែល​រ៉ាយអែន​អាន​ព្រះគម្ពីរ​មរមន​ជា​លើក​ដំបូង ។ យើង​អស់​កម្លាំង​ខាង​រាងកាយ​ណាស់ ប៉ុន្តែ​វា​ពោរពេញ​ដោយ​កម្លាំង​ខាង​វិញ្ញាណ ។ វា​អស្ចារ្យ​ណាស់​ដែល​ឃើញ​រ៉ាយអែន​ធ្វើ​ការផ្លាស់ប្តូរ​ក្នុង​ជីវិត​របស់​គាត់ ។ គាត់​បាន​បោះបង់​ទម្លាប់​ចាស់​របស់​គាត់​ចោល បង្កើត​ទម្លាប់​កាន់តែ​ប្រសើរ​ឡើង ហើយ​គាត់​បាន​ផ្លាស់ប្តូរ​មិត្តភក្តិមួយ​ចំនួន​របស់​គាត់ ដូច្នេះ​គាត់​អាច​នៅ​ជាមួយ​មនុស្ស​ដែល​មាន​បទដ្ឋាន​ដូច​គាត់ ។

ខ្ញុំ​បាន​រំពឹង​ដើម្បី​ទៅ​បម្រើ​បេសកកម្ម​របស់​ខ្ញុំ តាំងតែ​ពី​ខ្ញុំ​បាន​ចាប់ផ្តើម​ទៅ​ព្រះវិហារ​ពីរបីឆ្នាំ​មុន​ម្ល៉េះ ។ រ៉ាយអែន​ពុំប្រាកដ​ថា​គាត់​នឹង​ទៅ​បម្រើ​បេសកកម្ម​ដែរ​ឬ​អត់​ទេ ។ នៅពេល​ដើរ​លេង​ជាមួយ​គ្នា​នោះ យើង​បាន​ពិភាក្សា​ពី​បេសកកម្ម​របស់​ខ្ញុំ និង ក្តីរំភើប​របស់​ខ្ញុំ​ដើម្បី​បម្រើ ។ នៅពេល​ខ្ញុំ​បាន​លើក​ទឹកចិត្ត​គាត់ ហើយ​ឆ្លើយ​សំណួរ​នៃ​ដំណឹង​ល្អ នោះ​ខ្ញុំ​បាន​ទទួល​ទំនុកចិត្ត​កាន់តែ​ច្រើន​លើ​សមត្ថភាព​របស់​ខ្ញុំ​ដើម្បី​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។ រ៉ាយអែន​មាន​អាយុ​គ្រប់​ល្មម​ដើម្បី​បម្រើ ប៉ុន្តែ​គាត់​ពិបាក​សម្រេច​ចិត្ត ។

គាត់​បាន​និយាយ​ថា « ខ្ញុំ​ពុំ​ប្រាកដ​ថា តើ​ទីបន្ទាល់​របស់​ខ្ញុំ​រឹងមាំ​ល្មម​ដែរ​ឬ​អត់​នោះទេ ទោះ​ជា​ខ្ញុំ​មាន​អារម្មណ៍​ល្អ​អំពី សាសនាចក្រ​នៅពេល​នេះ​ក្តី » ។ « ខ្ញុំ​ពិត​ជា​ចង់​ទៅ​បេសកកម្ម​ណាស់ ប៉ុន្តែ​វា​ពិបាក​ណាស់​ដើម្បី​ចាកចេញ​ពី​គ្រួសារ​របស់​ខ្ញុំ » ។

ទីបំផុត​ថ្ងៃ​ដែល​ខ្ញុំ​អាច​បំពេញ​ឯកសារ​សម្រាប់​បេសកកម្ម​របស់​ខ្ញុំ​បាន​មក​ដល់ ។ នៅពេល​ខ្ញុំ​បាន​ប្រាប់​រ៉ាយអែន នោះ​គាត់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល ដោយ​គាត់​បាន​និយាយ​ថា​គាត់​នឹង​ទៅ​បម្រើ​បេសកកម្ម​ដែរ ។ ការហៅបម្រើ​បេសកកម្ម​របស់​ពួក​យើង​បាន​ដល់​នា​យប់​តែ​មួយ​ដូចគ្នា ។ រ៉ាយអែន បាន​ចាកចេញ​ទៅ​បម្រើ​នៅ​ប្រទេស​កាណាដា​មួយ​ខែ មុន​ខ្ញុំ​ចាប់​ផ្តើម​បេសកកម្ម​របស់​ខ្ញុំ​នៅ​ប្រទេស​បារាំង ។

នៅពេល​ខ្ញុំ​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ក្រោយ​ពី​រយៈពេល​ពីរឆ្នាំ ខ្ញុំ​បាន​រកមើល​ពួកសង្ឃ​ដែល​ខ្ញុំ​ធ្លាប់​បាន​ជួយ​ពួកគេ ។ វា​ធ្វើ​ឲ្យ​ខ្ញុំ​កើតទុក្ខ​ដោយ​ដឹង​ថា ពួកគេ​មួយ​ចំនួន​បាន​ឈប់​ទៅ​ព្រះវិហារ​មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ខ្ញុំ​បាន​ចេញ​ទៅ​បម្រើ ប៉ុន្តែ​ខ្ញុំ​រីករាយ​ដើម្បី​ឃើញ​រ៉ាយអែន​ម្តង​ទៀត ។ គាត់​បាន​បម្រើ​បេសកកម្ម​ដោយ​មាន​កិត្តិយស ហើយ​ដូច​ជា​អាលម៉ា និង បុត្រា​នៃ​ម៉ូសាយ​ដែរ ខ្ញុំ​មាន​សេចក្តី​អំណរ​យ៉ាង​ខ្លាំង​ដែល​ឃើញ​ថា គាត់​នៅតែ​ជា​បងប្អូន​របស់​ខ្ញុំ​នៅក្នុង​ព្រះអម្ចាស់ ( សូមមើល អាលម៉ា ១៧:២ ) ។