២០១៥
ការអភិវឌ្ឍន៍​ខ្លួន​ជាមួយ​កម្មវិធី​មែកធាង​គ្រួសារ​របស់​ខ្ញុំ
December 2015


ការអភិវឌ្ឍន៍​ខ្លួន​ជាមួយ កម្មវិធី​មែកធាង​គ្រួសារ​របស់​ខ្ញុំ

អ្នក​និពន្ធ​រស់នៅ​ម៉ាណាអុស ប្រទេស​ប្រេស៊ីល ។

បងប្រុស​ខ្ញុំ និង ខ្ញុំ​គឺ​ជា​សមាជិក​សាសនាចក្រ​តែ​ពីរនាក់​ក្នុង​គ្រួសារ​របស់​ខ្ញុំ — យ៉ាងហោចណាស់​ នោះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​បាន​គិត​ពី​មុន​ការចាប់ផ្តើម​កិច្ចការ​ពង្សប្រវត្តិ​របស់​ខ្ញុំ ។

រូបភាព
Illustration of a girl reaching out to ancestors on her family tree

ខ្ញុំ​បាន​ពន្យាពេល​ធ្វើ​ពង្សាវតា​របស់​ខ្ញុំ​ជានិច្ច ។ ប៉ុន្តែ​បំណងប្រាថ្នា​របស់​ខ្ញុំ​ដើម្បី​បម្រើ​បេសកកម្ម​បាន​នាំ​ខ្ញុំ​ឲ្យ​ដាក់​គោលដៅ​ជួយ​រៀបចំ​ខ្លួន​ខ្ញុំ​ឲ្យ​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​ល្អ ។ ដោយ​មាន​ជំនួយ​ពី​ប៊ីស្សព​ដ៏បំផុស​គំនិត ខ្ញុំ​បាន​សម្រេចចិត្ត​បំពេញ​សៀវភៅ ការអភិវឌ្ឍន៍ខ្លួន ។ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​ជាក់លាក់ ព្រម​ទាំង​គម្រោង​កិច្ចការ​ល្អ នោះ​ខ្ញុំ​ត្រូវតែ​ធ្វើ​កិច្ចការ​ពង្សាវតា ។ ដូច្នេះ​ខ្ញុំ​បាន​ទៅ​ធ្វើ​កិច្ចការ​នោះ ។

ខ្ញុំ​ដឹង​ថា​ព្រះវិញ្ញាណ​បាន​ដឹកនាំ​ខ្ញុំ ដោយសារ​នៅ​យប់​ថ្ងៃ​អាទិត្យ​មួយ​នោះ បន្ទាប់​ពី​ធ្វើកិច្ចការ​នោះ​អស់​បី​ម៉ោង​មក មាន​ហេតុ​ដ៏​អស្ចារ្យ​មួយ​បាន​កើត​ឡើង ។

នៅពេល​ខ្ញុំ​បាន​ចាប់ផ្តើម ខ្ញុំ​បាន​ចាំ​ថា​ជីតាលួត​របស់​ខ្ញុំ​គឺ​ជា​អភិបាល​​រដ្ឋ អាម៉ាហ្សូនណាស់ ប្រទេស​ប្រេស៊ីល ។ ដូច្នេះ​ខ្ញុំ​បាន​វាយ​ឈ្មោះ​របស់​គាត់​លើ​អ៊ិនធើរណែត​ស្រាវជ្រាវ​រកគាត់ ហើយ​ខ្ញុំ​មាន​ការភ្ញាក់ផ្អើល ខ្ញុំ​បាន​ឃើញ​គេហទំព័រ Wikipedia ទាំង​អំពី​ជីតាលួត និង​ជីដូនលួត​ខ្ញុំ​ផងដែរ ! ភ្លាម​នោះ​ខ្ញុំ​បាន​ដឹង​ពី​ទេពកោសល្យ និង អំណោយ​ទាន​ដែល​ខ្ញុំ​មាន​ពី​ពួកលោក ហើយ​ខ្ញុំ​មាន​អារម្មណ៍​ក្តុកក្តួល​ក្នុង​ចិត្ត​ឡើង ។ ប៉ុន្តែ មាន​អ្វី​ជា​ច្រើន​ទៀត​ដែល​ខ្ញុំ​បាន​រកឃើញ ។

ដោយ​ការមើល​តាម​តំណ​ភ្ជាប់​នៃ​គេហទំព័រ​នោះ ខ្ញុំ​បាន​ឃើញ​ថា​មាន​តំណភ្ជាប់​មួយ​ដាក់​ថា « មែកធាង​គ្រួសារ » ។ ខ្ញុំ​បាន​ចុច​លើ​វា ហើយ​ខ្ញុំ​បាន​ឃើញ​មែកធាង​នៃ​គ្រួសារ​របស់​ខ្ញុំ​ដែល​ខ្ញុំ​មិន​ធ្លាប់​ដឹង​ថា​មាន​សោះ ។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់អារម្មណ៍​បំផុត​នោះ​គឺ​ឈ្មោះ​របស់​យាយ​ខ្ញុំ​គឺ រ៉ូសាលីណា មើរេលេស បាន​បង្ហាញ​ថា​បាន​រស់នៅ​រដ្ឋ យូថាហ៍ ។

ខ្ញុំ​មាន​ការភ្ញាក់ផ្អើល​ណាស់ ។ ខ្ញុំ​បាន​គិត​ថា​មាន​តែ​បងប្រុស​ខ្ញុំ និង ខ្ញុំ​ប៉ុណ្ណោះ ដែល​ជា​សមាជិក​សាសនាចក្រ ។ តើ​អាច​មាន​សមាជិក​ផ្សេង​ទៀត​ក្នុង​គ្រួសារ​របស់​ខ្ញុំ​ជា​សមាជិក​សាសនាចក្រ​ដែរ​ឬ​អត់ ? នៅពេល​ខ្ញុំ​បាន​ចុច​លើ​ឈ្មោះ​របស់​គាត់ ខ្ញុំ​បាន​ឃើញ​តំណភ្ជាប់​មួយ​ទៅ​គេហទំព័រ Facebook ដូច្នេះ​ខ្ញុំ​បាន​ទាក់ទង​គាត់ ។ ក្នុងពេល​តែ​ពីរថ្ងៃ​ប៉ុណ្ណោះ ខ្ញុំ​បាន​ទទួល​សារ​មួយ​ពី​គាត់ ដោយ​បញ្ជាក់​ថា​យើង​គឺ​ជា​សាច់ញាតិ​នឹង​គ្នា ហើយ​ថា​គាត់​ក៏​ជា​សមាជិក​សាសនាចក្រ​ផងដែរ ។

ខ្ញុំ​មាន​អំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ​ព្រះ​វរបិតា​សួគ៌​ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​នូវ​សេចក្តី​អំណរ​ដ៏​ធំ​បែប​នេះ​នៅក្នុង​ពេល​នោះ ។

ខ្ញុំ​បាន​ចាប់ផ្តើម​ស្វែងរក​ជីដូនជីតា​របស់​ខ្ញុំ​ដែល​បាន​ស្លាប់​ទៅ ហើយ​ព្រះ​វរបិតា​សួគ៌​បាន​ប្រទាន​ពរ​ខ្ញុំ​ដោយ​បាន​ឃើញ​ឈ្មោះ​គ្រួសារ​ជាច្រើន​ទៀត​ដែល​ខ្ញុំ​អាច​យក​ទៅ​ព្រះវិហារ​បរិសុទ្ធ ។ ប៉ុន្តែ​ទ្រង់​ក៏​បាន​ជួយ​ខ្ញុំ​ឲ្យ​រកឃើញ​សមាជិក​គ្រួសារ​ដែល​កំពុង​រស់នៅ​ផងដែរ​ដែល​ស្មោះត្រង់​នៅក្នុង​ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​ដែល​ត្រូវ​បាន​ស្តារ​ឡើង​វិញ ។ ហើយ​ខ្ញុំ​ជំពាក់​គុណ​ទាំងនេះ​ចំពោះ​សៀវភៅ​ការអភិវឌ្ឍន៍​ខ្លួន កិច្ចការ​ពង្សប្រវត្តិ និង បំណង​ប្រាថ្នា​របស់​ខ្ញុំ​ដើម្បី​បម្រើ​បេសកកម្ម ។