២០១៥
អព្ភូតហេតុ​នៃ​បុណ្យ​គ្រីស្ទម៉ាស់​របស់​ខ្ញុំ
December 2015


សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

អព្ភូតហេតុ​នៃ​បុណ្យ​គ្រីស្ទម៉ាស់​របស់​ខ្ញុំ

ចូអាន ប៊ើតុន ស្តត់ រដ្ឋ​ កាលីហ្វ័រញ៉ា ស.រ.អា.

អំឡុង​ពេល​នៃ​រដូវ​ស្លឹកឈើ​ជ្រុះ ឆ្នាំ ១៩៦៨ ប៊ីស្សព​របស់​យើង​បាន​សួរ​ឪពុក​ម្តាយ​របស់​ខ្ញុំ បើសិន​ពួកគេ​យល់​ព្រម​បរិច្ចាគ​ប្រាក់ ដើម្បី​សាងសង់​ព្រះវិហារ​បរិសុទ្ធ ប្រូវ៉ូ យូថាហ៍ ។ វួដ​ផ្សេង​ពុំ​ធ្វើ​ដូច្នេះ​ឡើយ​ក្នុង​សម័យ​យើង​នេះ ប៉ុន្តែ​សម័យ​នោះ​គឺ​គេ​ធ្វើដូច្នេះ ។ ឪពុក​ខ្ញុំ​បាន​យល់​ព្រម​បរិច្ចាគ ១០០០ ដុល្លារ​អាមេរិក ។ ទឹកប្រាក់​នោះ​ហាក់បី​ដូចជា​ពុំ​ច្រើន​ឡើយ ប៉ុន្តែ​សម្រាប់​ពួកយើង​គឺ​វា​ច្រើន​ណាស់ ។ ឪពុក​របស់​ខ្ញុំ​បាន​ធ្វើ​ការងារ​ពីរ ដើម្បី​ជួយ​ឧបត្ថម្ភ​កូនប្រុស​ម្នាក់​ឲ្យ​រៀន​មហាវិទ្យាល័យ កូនប្រុស​ម្នាក់​ទៀត​កំពុង​បម្រើ​បេសកកម្ម និង កូន​ប្រាំនាក់​ផ្សេង​ទៀត​នៅ​ផ្ទះ ។

នៅពេល​ឪពុក​ខ្ញុំ​បាន​អង្គុយ​ប្រឹក្សា​ជាមួយ​គ្រួសារ ហើយ​បាន​ប្រាប់​យើង​ថា​គាត់​បាន​យល់​ព្រម​បរិច្ចាគ​ទឹកប្រាក់ ១០០០​ដុល្លារ​ទៅកាន់​ព្រះវិហារ​បរិសុទ្ធ ខ្ញុំ​ចាំ​ថា​ខ្ញុំ​បានគិត​ថា « ប៉ា​អាច​​ត្រូវបាន​សុំ​ឲ្យបរិច្ចាគ ១ លាន​ដុល្លារ​ផងដែរ​ដោយសារ​ចំនួន​ទឹកប្រាក់​ទាំងពីរ​នេះ​ពុំ​អាច​រក​បាន​ឡើយ » ។ ខ្ញុំ​មិន​គិត​ថា​គាត់​ហ៊ាន​បរិច្ចាគ​ច្រើន​បែប​នោះ​ឡើយ ហើយ​យើង​មាន​ពេល​តិច​ជាង​បួន​ខែ​ដើម្បី​រកប្រាក់​បរិច្ចាគ​នោះ ។

យើង​បាន​រើស​យក​ផ្លូវ​បួន​យ៉ាង​ដើម្បី​ប្រមូល​ប្រាក់ ៖ យើង​នឹង​មិន​ទិញ​អំណោយ​ដែល​ត្រូវ​ជូន​នៅ​បុណ្យគ្រីស្ទម៉ាស់​ឆ្នាំ​នេះទេ ហើយ​បរិច្ចាគ​ប្រាក់​ដែល​យើង​នឹង​ចំណាយ​លើ​អំណោយ​ទាំង​នោះ ប្អូនស្រី​ខ្ញុំ និង រូប​ខ្ញុំ​ត្រូវ​បរិច្ចាគ​ប្រាក់​ដែល​រក​បាន​ពី​ការ​មើល​ក្មេង ប្អូន​ប្រុស​ពៅ​របស់​ខ្ញុំ​ត្រូវធ្វើ​ការ​ផ្សេងៗ​ដើម្បី​រក​ប្រាក់ ហើយ​យើង​នឹង​ត្រូវ​ទៅ​កសិដ្ឋាន​មួយ​កន្លែង​ក្នុង​មូលដ្ឋាន​ជា​ក្រុមគ្រួសារ បេះ​ផ្លែប៉ោម​រាល់​ថ្ងៃ​រយៈពេល​ពីរបី​សប្តាហ៍ ហើយ​បរិច្ចាគ​ប្រាក់​ដែល​រកបាន​នោះ ។

យើង​បាន​ធ្វើ​ប្រអប់​មួយ​ដាក់​អំណោយ​ដែល​អាច​ដាក់​ប្រាក់បញ្ញើ​នោះ បិទ​រូប​ព្រះវិហារ​បរិសុទ្ធ និង រូប​ព្រះ​យេស៊ូវគ្រីស្ទ​លើ​វា ហើយ​ដាក់​ប្រអប់​នោះ​នៅលើ​តុ​តូច​មួយ ។ ក្តី​រំភើប​បាន​កើត​មាន ​នៅពេល​ប្រាក់​បរិច្ចាគ​របស់​យើង​បាន​កើន​ឡើង ។ ការផ្តោត​យកចិត្ត​ទុកដាក់​របស់​យើង​បាន​ប្តូរ​ពី​អំណោយ​ដែល​យើង​ចង់​បាន​ទៅ​ជា​អំណោយ​សម្រាប់​ព្រះអង្គ​សង្គ្រោះ​វិញ ។ ខ្ញុំ​ពិត​ជា​មាន​អំណរគុណ​ចំពោះ​អំណោយ​ដែល​ទ្រង់​បាន​ប្រទាន​ដល់​កូនចៅ​របស់​ព្រះ — ជា​ព្រះជន្ម​របស់​ទ្រង់ — ដែល​ខ្ញុំ​ចង់​ថ្វាយ​អ្វី​មួយ​ត្រឡប់​ទៅ​ទ្រង់​វិញ ។

ការបេះ​ផ្លែប៉ោម​បាន​ក្លាយ​ជា​ការណ៍​មួយ​យ៉ាង​លំបាក​បំផុត និង មិនគួរ​ឲ្យ​ពេញ​ចិត្ត​ក្នុង​ការរក​ប្រាក់​ទេ ។ វា​មាន​ការនឿយហត់​ណាស់ ប៉ុន្តែ​យើង​ត្រូវបាន​ពង្រឹង និង ទទួល​រង្វាន់ នៅពេល​យើង​ចំណាយ​ពេល​ជាមួយ​គ្នា​ជា​គ្រួសារ ។ យើង​បាន​ចាប់ផ្តើម « មាន​ចិត្ត​ចងក្រង​រួម​គ្នា​ដោយ​សាមគ្គី ហើយ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក » ( ម៉ូសាយ ១៨:២១ ) ។

នៅពេល​បុណ្យ​គ្រីស្ទម៉ាស់​មក​ដល់ ខ្ញុំ​បាន​មើល​ទៅក្នុង​ប្រអប់​បរិច្ចាគ​នោះ ប៉ុន្តែ​ខ្ញុំ​តែង​ខកចិត្ត​ជានិច្ច ។ ទោះបីជា​យើង​ខិតខំ​យ៉ាង​ណា​ក្តី យើង​នៅតែ​ពុំ​មាន​ប្រាក់​គ្រប់គ្រាន់​តាម​គោលដៅ​របស់​យើង​ឡើយ ។

ប៉ុន្ដែ​ខ្ញុំ​មាន​អារម្មណ៍​ថា វា​អស្ចារ្យ​ចំពោះ​ការសម្រេច​របស់​យើង​ដើម្បី​លះបង់​អំណោយ​ទាំង​នោះ ។ ខ្ញុំ​ដឹង​ថា​ការពលិកម្ម​របស់​យើង​គឺ​តិចតួច​ណាស់ ប៉ុន្តែ​ខ្ញុំ​មាន​សេចក្តី​ជំនឿ​ថា​ព្រះអង្គ​សង្គ្រោះ​នឹង​សព្វ​ព្រះហទ័យ ។

នៅថ្ងៃ​មួយ​ឪពុក​របស់​ខ្ញុំ​បាន​ប្រកាស​ថា យើង​បាន​សម្រេច​គោលដៅ​របស់​យើង ហើយ​ថា​គាត់​បាន​បរិច្ចាគ​ប្រាក់​នោះ​ហើយ ។ ខ្ញុំ​ពុំ​បាន​ដឹង​ថា​តើ​យើង​បាន​ប្រាក់​មក​បង្គ្រប់​បាន​យ៉ាង​លឿន​ដោយ​របៀប​ណា​នោះ​ទេ ។

ការបំពេញ​តាម​ការយល់ព្រម​បរិច្ចាកគរបស់​ឪពុក​ខ្ញុំ​នៅ​បុណ្យ​គ្រីស្ទម៉ាស់​នោះ​គឺ​ជា​អព្ភូតហេតុ ។ ប៉ុន្តែ​សម្រាប់​ខ្ញុំ អព្ភូតហេតុ​ពិត​គឺ​ថា​តាមរយៈ​ការផ្តល់​ឲ្យ​ជាជាង​ការទទួល​យក ខ្ញុំ​បាន​ខិតកាន់​តែ​ជិត​ទ្រង់ ។ នោះ​គឺ​ជា​អំណោយ​នៃ​បុណ្យ​គ្រីស្ទម៉ាស់​ដែល​ល្អ​ជាង​គេ​ដែល​ខ្ញុំ​ធ្លាប់​បាន​ទទួល ។ ប្រាំពីរ​ឆ្នាំ​ក្រោយ​មក​អំណោយ​នោះ​បាន​ប្រទាន​ត្រឡប់​មក​ដល់​ខ្ញុំ​វិញ នៅពេល​ខ្ញុំ​បាន​លុតជង្គង់​ចុះ​លើ​អាសនា​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ប្រូវ៉ូ ដើម្បី​ផ្សារភ្ជាប់​សម្រាប់​វេលាកាល និង អស់​ទាំង​ភាព​ដ៏​អស់​កល្ប​ជានិច្ច​ជាមួយ​នឹង​ស្វាមី​របស់​ខ្ញុំ ។