២០១៥
បុណ្យ​គ្រីស្ទម៉ាស់​ដ៏​ពិត
December 2015


លុះ​ត្រា​ជួប​ទៀត

បុណ្យ​គ្រីស្ទម៉ាស់​ដ៏​ពិត

ដកស្រង់​ចេញ​ពី « The Real Christmas » Liahona, ខែ ធ្នូ ឆ្នាំ ២០០៥ ទំព័រ ១២–១៥ ។

បុណ្យគ្រីស្ទម៉ាស់​ដ៏​ពិត​មាន​ដល់​អស់​អ្នក​ដែល​បាន​យាង​ព្រះគ្រីស្ទ​មក​ក្នុង​ជីវិត​របស់​ខ្លួន ។

នៅក្នុង​សំបុត្រ​ខ្លី​មួយ​របស់​ប៉ុល​ទៅកាន់​ពួក​កាឡាទី លោក​បាន​បង្ហាញ​ពី​កង្វល់​យ៉ាង​ធំ​លើ​ការបង្ហាញ​ក្តី​ឥតជំនឿ​របស់​ពួកគេ និង ការបោះបង់​ចោល​នូវ​ការបង្រៀន​នានា​របស់​លោក​អំពី​ព្រះគ្រីស្ទ ។ លោក​បាន​សរសេរ​ទៅ​ពួកគេ​ថា « គួរ​ឲ្យ​មាន​សេចក្តី​សង្វាត ខាង​ការល្អ​ជា​ដរាប​ទៅ មិនមែន​តែ​ក្នុង​កាល​ដែល​ខ្ញុំ​នៅ​ជាមួយ​ប៉ុណ្ណោះ​ឡើយ ។ កូនចៅ​អើយ ខ្ញុំ​លំបាក​ក្នុង​ចិត្ត​ជា​ពន់ពេក ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ម្តង​ទៀត ទាល់​តែ​ព្រះគ្រីស្ទ​បានក​មាន​រូប​រាង ក្នុង​អ្នក​រាល់​គ្នា​ឡើង » ( កាឡាទី ៤:១៨–១៩ ) ។ និយាយ​ម្យ៉ាង​ទៀត​ថា ប៉ុល បាន​បញ្ជាក់​ថា​ខ្លួន​គាត់​មាន​ការឈឺចាប់ ហើយ​ព្រួយ​បារម្ភ​រហូត​ដល់​ព្រះគ្រីស្ទ​បាន « ក​មាន​រូបរាង » ក្នុង​ពួកគេ ។ នេះ​គឺ​ជា​របៀប​មួយ​ផ្សេង​ទៀត​នៃ​ការនិយាយ​ថា « នៅក្នុង​ព្រះគ្រីស្ទ » ដូច​ដែល​បាន​បង្ហាញ​នេះ​ត្រូវបាន​ប៉ុល​ប្រើ​វា​ដដែលៗ​នៅក្នុង​ការសរសេរ​របស់​លោក ។

វា​អាច​ធ្វើ​បាន​ដើម្បី​ឲ្យ​ព្រះគ្រីស្ទ​ប្រសូត​នៅក្នុង​ជីវិត​របស់​មនុស្ស​ទាំងឡាយ ហើយ​នៅពេល​បទពិសោធន៍​បែប​នោះ​ពិតជា​កើត​ឡើង​មែន នោះ​មនុស្ស​ម្នាក់​គឺ​« នៅក្នុង​ព្រះគ្រីស្ទ » — ព្រះគ្រីស្ទ​គឺបាន « ក​មាន​រូបរាង » នៅ​ក្នុង​ខ្លួន​បុគ្គល​នោះ ។ នេះ​ត្រូវសន្មត់​ជាមុន​ថា យើង​យក​ព្រះគ្រីស្ទ​ដាក់​មក​ក្នុង​ដួងចិត្ត​របស់​យើង ហើយ​ធ្វើ​ឲ្យ​ទ្រង់​មាន​ឥទ្ធិពល​រស់រវើក​នៅក្នុង​ជីវិត​របស់​យើង ។ ទ្រង់​មិន​គ្រាន់តែ​ជា​សេចក្តីពិត​ទូទៅ​មួយ ឬ ជា​រឿង​ពិត​នៅក្នុង​ប្រវត្តិសាស្ត្រ​ឡើយ ប៉ុន្តែ​ទ្រង់​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​មនុស្ស​គ្រប់​ទីកន្លែង និង​គ្រប់​ពេល​ទាំងអស់ ។ នៅពេល​យើង​ព្យាយាម​ប្រែក្លាយ​ដូចជា​ព្រះគ្រីស្ទ នោះ​ទ្រង់ « ក​មាន​រូបរាង » នៅក្នុង​ខ្លួន​យើង បើសិន​យើង​បើក​ទ្វារ នោះ​ទ្រង់​នឹង​ចូលមក បើសិន​យើង​ស្វែងរក​ការទូន្មាន​របស់​ទ្រង់ នោះ​ទ្រង់​នឹង​ទូន្មាន​យើង ។ ដើម្បី​ឲ្យ​ព្រះគ្រីស្ទ « ក​មាន​រូបរាង » ក្នុង​យើង នោះ​យើងត្រូវតែ​មាន​ជំនឿ​លើ​ទ្រង់ និង ដង្វាយធួន​របស់​ទ្រង់ ។ ការមាន​ជំនឿ​បែប​នោះ​លើ​ព្រះគ្រីស្ទ និង ការរក្សា​ព្រះបញ្ញត្តិ​របស់​ទ្រង់​គឺ មិន​ពុំ​ដាក់​កំហិត​លើ​យើង​ឡើយ ។ តាមរយៈ​ព្រះបញ្ញត្តិ​ទាំង​នេះ មនុស្ស​ទទួល​បាន​សេរីភាព ។ ម្ចាស់​នៃ​មេត្រីភាព​នេះ​រង់ចាំ​ប្រទាន​នូវ​ភាពសុខសាន្ត​នៃ​ដួងចិត្ត ដែល​ធ្វើ​ឲ្យ​យើង​ម្នាក់ៗ​អាច​ចែកចាយ​នូវ​ភាពសុខសាន្ត​នោះ ។

បុណ្យគ្រីស្ទម៉ាស់​ដ៏​ពិត​មាន​ដល់​អស់​អ្នក​ដែល​បាន​យាង​ព្រះគ្រីស្ទ​មក​ក្នុង​ជីវិត​របស់​ខ្លួន ជា​កម្លាំង​ចលករ ថាមពល និង ភាពក្លៀវក្លា ។

ក្នុង​ការអង្កេត​មើល​របស់​ខ្លួន​អំពី​រដូវកាល​បុណ្យ​គ្រីស្ទម៉ាស់ ជេម វ៉លីងហ្វត បាន​សរសេរ​ឃ្លា​នេះ ៖

បុណ្យគ្រីស្ទម៉ាស់​មិនមែន​មួយ​ថ្ងៃ ឬ មួយ​រដូវ​ឡើយ ប៉ុន្តែ​វា​ជា​លក្ខខណ្ឌ​នៃ​ដួងចិត្ត និង គំនិត​ទៅវិញ​ទេ ។

បើសិន​យើង​ស្រឡាញ់​អ្នក​ជិតខាង​របស់​យើង​ដូច​យើង​ស្រឡាញ់​ខ្លួន​ឯង

បើសិន​យើង​មាន​ទ្រព្យ​សម្បត្តិ តែ​យើង​មាន​សេចក្តី​កំសត់​ខាង​វិញ្ញាណ ហើយ​បើសិន​យើង​ក្រ​ទ្រព្យ​សម្បត្តិ តែ​យើង​មាន​ព្រះគុណ​យ៉ាង​ច្រើន

បើសិនយើង​មាន​សេចក្តី​សប្បុរស​ដោយ​ពុំ​ចេះ​អួត​ខ្លួន តែ​ជា​ដែល​សេចក្តី​ស្រឡាញ់​អត់ធ្មត់ ហើយ​សប្បុរស

បើសិន​នៅពេល​បងប្អូន​របស់​យើង​សុំ​អាហារ​បរិភោគ តែ​យើង​ចំអែត​តែ​ខ្លួន​ឯង​នោះ បើសិន​រាល់​ថ្ងៃ​ចាប់ផ្តើម​ជាមួយ​នឹង​ឱកាស ហើយ​បញ្ចប់​ទៅវិញ​ដោយ​សម្រេច​បាន​ស្នាដៃ ទោះជាវា​តិចតួច​ក្តី —

នោះ​រាល់ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​របស់​ព្រះគ្រីស្ទ ហើយ​បុណគ្រីស្ទម៉ាស់​គឺ​នៅ​ក្បែរ​យើង​ជានិច្ច ។

( នៅក្នុង Charles L. Wallis, បាន​បោះពុម្ព Words of Life [ ឆ្នាំ ១៩៦៦ ] ទំព័រ ៣៣ ) …

រូបភាព
An older couple sitting on their bed in Thailand praying together.

បើសិន​អ្នក​មាន​បំណង​ប្រាថ្នា​ស្វែងរក​វិញ្ញាណ​ពិត​នៃ​បុណ្យគ្រីស្ទម៉ាស់ ហើយ​ទទួលទាន​នូវ​ភាពផ្អែមល្ហែម​របស់​វា សូម​ឲ្យ​ខ្ញុំ​ផ្តល់​យោបល់​នេះ​ដល់​អ្នក ។ អំឡុង​ពេល​ដ៏​ខ្លី​នៃ​ឱកាស​បុណ្យគ្រីស្ទម៉ាស់​នេះ សូម​ឆ្លៀត​ពេល​បង្វែរដួងចិត្ត​របស់​អ្នក​ទៅ​កាន់ព្រះ ។ ប្រហែល​ជា​នៅក្នុង​ពេល​ដ៏​ស្ងប់ស្ងាត់​ជាច្រើន​ម៉ោង និង ក្នុង​ទីកន្លែង​ដ៏​ស្ងាត់ និង ដោយ​លុតជង្គង់​របស់​អ្នក — តែឯង ឬ ជាមួយ​មនុស្ស​ជាទីស្រឡាញ់​របស់​ខ្លួន — ថ្លែង​អំណរគុណ​ចំពោះ​រឿង​ល្អៗ​ដែល​មាន​ក្នុង​ជីវិត​របស់​អ្នក ហើយ​សុំ​ឲ្យ​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​នៅក្នុង​ខ្លួន​អ្នក នៅពេល​អ្នក​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​បម្រើ​ទ្រង់ និង កាន់តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។ ទ្រង់​នឹង​ដឹក​ដៃ​អ្នក ហើយ​ការសន្យា​នានា​របស់​ទ្រង់​នឹង​ត្រូវបាន​រក្សា​ទុក ។