២០១៩
ជិត​បង្កើយ​ពេល​អធិស្ឋាន
ខែ តុលា ឆ្នាំ ២០១៩


ជិត​បង្កើយ​ពេលអធិស្ឋាន

ប្រូឌី​ខ្លាច​មិន​ហ៊ាន​ចូល​គេង​វិញ ។ តើនឹង​មាន​អ្វី​កើត​ឡើង​ បើសិន​គាត់​មានសុបិន​អាក្រក់​ទៀត​នោះ ?

« ចូរ​អធិស្ឋាន នោះ​ទ្រង់​នឹង​ស្តាប់​អ្នក » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១២ ) ។

រូបភាព
Just a Prayer Away

ប្រូឌី​ក្រោក​អង្គុយ​លើ​គ្រែ​យ៉ាង​លឿន ។ បេះ​ដូង​គាត់​លោត​ញាប់​ខុស​ចង្វាក់ ។

ដំណក់​ភ្លៀង​បាន​ធ្លាក់​លើ​ដំបូល​ផ្ទះ ពេល​គាត់​ក្រោក​អង្គុយ​ក្នុង​បន្ទប់​ងងឹត​នោះ ។ គាត់​អាច​ស្តាប់​ឮ​សំឡេង​ដំណក់​ទឹក​ភ្លៀង​ធ្លាក់​លើ​ដើម​ល្វា​នៅ​ខាង​ក្រៅ​បង្អួច​គាត់ ហើយ​មាន​ខ្យល់​ក្តៅ​ស្អុះស្អាប់ ។ ប្រូឌី​បាន​ដក​ដង្ហើមធំ ហើយ​ព្យាយាម​សម្រាក​វិញ ។ វា​គ្រាន់តែ​ជាសុបិន​ប៉ុណ្ណោះ ។

គាត់​បាន​ងើប​ចេញ​ពី​គ្រែ ហើយ​បាន​ចូល​ទៅ​ក្នុង​បន្ទប់​របស់​ឪពុក​ម្តាយ​គាត់ ។ ម៉ាក់ និង​ប៉ា​កំពុង​សម្រាន្ត​យ៉ាង​ស្កប់ស្កល់ ។ សេលៀយ៉ា​ប្អូន​ស្រី​របស់​គាត់​ចំកោង​ខ្លួន​នាង​នៅលើ​គ្រែ​គេងផងដែរ ។ អ្វី​គ្រប់​យ៉ាង​ដំណើរការល្អ ។ គ្រួសារ​គាត់​មាន​សុវត្ថិភាព ។

ប្រូឌី​បាន​ឡើង​លើ​គ្រែ​វិញ ហើយ​ព្យាយាម​ចូល​គេង​វិញ ។ គាត់​ប្រែខ្លួន​ចុះ​ឡើង ហើយ​គាត់​រសាប់រសល់កាន់តែ​ខ្លាំង​ឡើង ។ គាត់​បាន​ដឹង​ថា សុបិន​គាត់​មិន​ពិត​ទេ ប៉ុន្តែវា​គួរ​ឲ្យ​ភ័យ​ខ្លាច​ណាស់ ! ទោះបី​ជា​គាត់​មាន​ការនឿយហត់​ក្តី គាត់​ខ្លាច​នឹង​ការដេក​លក់​ម្តង​ទៀត ។ តើ​នឹង​មាន​អ្វី​កើត​ឡើង បើសិន​គាត់​មាន​សុបិន​អាក្រក់​ទៀត​នោះ ?

ប្រូឌី​បានតម្រេត​ខ្នង​គាត់ ហើយ​សម្លឹង​មើលពិដាន ។ គាត់​បាន​ខំគិត​ពី​គំនិត​រីករាយ ។ « ព្រះ​វរបិតាសួគ៌ ទ្រង់​គង់​ទី​នោះ​ឬ ? តើទ្រង់ឮហើយឆ្លើយការអធិស្ឋានកូនឬទេ ? ភាព​កក់ក្តៅ​បាន​គ្រប់​ដណ្តប់​លើ​ប្រូឌី ពេល​គាត់​បាន​គិត​ពី​ទំនុក​បទ​នៃ​ចម្រៀង​កុមារ​ដែល​គាត់​ពេញចិត្ត ។ អ្នក​គ្រូ​គីអូស្កា​បាន​បង្រៀន​ពួកគេ​ថា ព្រះ​វរ​បិតា​សួគ៌​កំពុង​មើល​ថែ​ពួកគេ​ជានិច្ច ។ ពួកគេ​អាច​អធិស្ឋាន​ទៅ​កាន់​ទ្រង់​គ្រប់​ពេល គ្រប់​ទីកន្លែង ។

ប្រូឌី​បាន​ដឹង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ ។ គាត់​បាន​ងើប​ចេញ​ពី​គ្រែ ហើយ​បាន​លុត​ជង្គង់​អធិស្ឋាន ។

គាត់​បាន​អធិស្ឋាន​ថា « ឱ​ព្រះវរបិតា​សួគ៌​អើយ ទូល​បង្គំ​ខ្លាច​ណាស់ ។ សូម​ជួយ​រក្សា​គ្រួសារ​ទូលបង្គំ​ឲ្យ​មាន​សុវត្ថិភាព​ផង ។ ហើយ​សូម​ជួយ​ទូលបង្គំ​ឲ្យ​ចូល​ដេក​វិញ ហើយ​កុំ​ឲ្យ​មាន​សុបិន​អាក្រក់​ទៀត » ។

ប្រូឌី​បាន​បញ្ចប់​ការអធិស្ឋាន​គាត់ ហើយ​ឡើង​ទៅលើ​គ្រែ​គាត់​វិញ ។ គាត់​បាន​សម្រាក ហើយ​ចិត្ត​គាត់​ក៏​មាន​ភាព​សុខសាន្ត ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក គាត់​បាន​គេង​លក់​ស្កប់ស្កល់ ។

ពេល​ព្រឹក​ឡើង ប្រូឌី​បាន​ភ្ញាក់​ឡើង​ពេលពន្លឺ​ព្រះអាទិត្យ​ចាំង​តាម​បង្អួច ។ គាត់​អាច​ស្តាប់​ឮ​សំឡេងឆ្នាំង​ខ្ទរ​ក្នុង​ផ្ទះ​បាយ ហើយ​បាន​ក្រោក​ទៅ​រក​ម៉ាក់ ។ សេលៀយ៉ា​កំពុង​អង្គុយ​នៅ​ឯ​តុបាយ ញ៉ាំ​ដំឡូង​ឈើ​ស្ងោរ​ដែល​នៅសល់ ។ ម៉ាក់​កំពុង​កម្តៅ​ដំឡូង​ឈើ​ស្ងោរ​ខ្លះ​ឲ្យ​ប្រូឌីញ៉ាំ​ផងដែរ ។

ម៉ាក់​បាន​និយាយ​ថា « Bonjour ។ តើ​កូន​គេង​លក់​ស្រួល​ទេ ? »

ប្រូឌី​តប​ថា « ខ្ញុំ​បាន​សុបិន​អាក្រក់​ណាស់ ។ ប៉ុន្តែ​កូន​បាន​អធិស្ឋាន ។ ព្រះវរបិតាសួគ៌​បាន​ជួយ​កូន​ឲ្យ​មាន​អារម្មណ៍​សុវត្ថិភាព » ។

ម៉ាក់​បាន​និយាយ​ថា « ម៉ាក់​ស្តាយ​ណាស់​ដែល​កូន​សុបិន​អាក្រក់ » ។ គាត់​បាន​ឱប​ប្រូឌី​យ៉ាង​ណែន ហើយ​ពុំ​លែងសោះ​អស់​ពេល​យ៉ាង​យូរ ។ « ប៉ុន្តែម៉ាក់​សប្បាយ​ចិត្ត​ណាស់​ដែល​កូន​បាន​អធិស្ឋាន ។ ឃើញ​ថា ព្រះវរបិតាសួគ៌ពិតជាបាន​ជួយ​កូន​មែន » ។

ប្រូឌី​និយាយ​ថា « ទ្រង់​បាន​ជួយ​កូន​មែន ។ កូន​អាច​គេង​លក់​ស្កប់ស្កល់​ម្តង​ទៀត ហើយ​ពុំ​សុបិន​អាក្រក់​ទៀត​ទេ » ។ ប្រូឌី​បាន​ឱប​ម៉ាក់យ៉ាង​ណែន ។ គាត់​បាន​រីករាយ​ដែល​បាន​ដឹង​ថា ទោះ​គាត់​មាន​អារម្មណ៍​ភ័យ​ខ្លាច​ប៉ុណ្ណា​ក៏​ដោយ ព្រះ​វរ​បិតា​សួគ៌​នឹង​គង់​នៅ​ក្បែរ ប្រសិនបើ​គាត់​អធិស្ឋាន ។