២០១៩
ការបម្រើ​ព្រះអម្ចាស់​ជា​ភាសា​អេស្ប៉ាញ
ខែ តុលា ឆ្នាំ ២០១៩


គំរូ​ក្លាហាន

ការបម្រើ​ព្រះអម្ចាស់​ជា​ភាសា​អេស្ប៉ាញ

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​យូថាហ៍ ស.រ.អា. ។

រូបភាព
Serving the Lord in Spanish

សូម​ស្រមៃ​ថា មិត្ត​ភក្ដិ​របស់​អ្នក​បាន​ឲ្យ​សៀវភៅ​ល្អ​បំផុត​មួយ​ក្បាល​ដែល​គាត់​បាន​អាន​មក​អ្នក ។ អ្នក​បើក​គម្រប​សៀវភៅ​នោះ…ហើយ​ឃើញ​ថា អ្នក​ពុំ​អាច​អាន​សៀវភៅ​នោះ​បានទេ ។ សៀវភៅ​នោះ​សរសេរ​ជា​ភាសា​ផ្សេង ! តើ​អ្នក​នឹង​ធ្វើ​ដូចម្តេច ?

នៅ​គ្រា​ដំបូង​នៃ​សាសសនាចក្រ ព្រះគម្ពីរ​មរមនត្រូវ​បាន​បោះពុម្ព​ជា​ភាសា​អង់គ្លេស ។ ប្រធាន ព្រិកហាំ យ៉ង់ បាន​ហៅ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ពីរ​នាក់​ឲ្យ​ផ្សាយ​ដំណឹង​ល្អ​នៅ​ប្រទេស​ម៉ិកស៊ិក ហើយ​បកប្រែ​ព្រះគម្ពីរ​មរមន​ជា​ភាសា​អេស្ប៉ាញ ។ ប៉ុន្តែ​ពួកគេ​ត្រូវ​ការជំនួយ​បន្ថែម​ដើម្បី​ធ្វើ​កិច្ចការ​នេះ ។ ប៉ុន្តែ​ពួកគេ​ពុំ​ដឹង​ថា​នៅ​ឯ​នាយ​សមុទ្រ ព្រះ​បាន​រៀបចំ​បុរស​ម្នាក់​ដែល​អាច​ផ្តល់​ជំនួយ​ពិតប្រាកដ​ដែល​ពួកគេ​ត្រូវការ ។

មេលីតុន ហ្គុនស្សាឡេស ត្រេហូ ជា​អ្នក​មក​ពី​ត្រកូល​ស្តុកស្តម្ភ​ម្នាក់​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ ។ គាត់​បាន​ខិតខំ​រៀន​នៅ​សាលា ហើយ​បាន​ក្លាយ​ជា​មន្ត្រី​មួយ​រូប​នៅ​ក្នុង​ជួរ​កងទ័ព​ក្នុង​ប្រទេស​អេស្ប៉ាញ ។ គាត់​ជក់ចិត្ត​នឹង​រឿង​សាសនា​ជានិច្ច ប៉ុន្តែ​គាត់​រក​ពុំ​ឃើញ​អ្វី​ដែល​គាត់​ទទួល​អារម្មណ៍​ថា​ត្រឹមត្រូវ​សោះ ។ ថ្ងៃ​មួយ គាត់​បាន​ដឹង​ថា មន្ត្រី​មួយ​រូប​ផ្សេង​ទៀត​និយាយ​អំពី​មនុស្ស​មួយ​ក្រុម​ដែល​ហៅ​ខ្លួន​ពួកគេ​ថា​ជា « ពួកបរិសុទ្ធ » ។ ពួកគេ​ជា​សមាជិក​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ហើយ​ព្យាការី​របស់​ព្រះ​បាន​ដឹកនាំ​ពួកគេ​ទៅ​ភ្នំ​រ៉ក់គី​នៅសហរដ្ឋ​អាមេរិក ។ មេលីតុន​ទទួល​អារម្មណ៍​ចង់​ជួប​ពួកគេ​ជាខ្លាំង ។ គាត់​បាន​ចូលរួម​ដំណើរ​ជាមួយ​ពួកកងទ័ព​ទៅ​ប្រទេស​ហ្វីលីពីន ដោយ​សង្ឃឹម​ថា​ ការណ៍​នេះ​នឹង​ជួយ​គាត់​ឲ្យ​ទៅ​សហរដ្ឋ​អាមេរិក​នៅពេល​ក្រោយ​ទៀត ។ ប៉ុន្តែ​មេលីតុន​មាន​ការមមាញឹក​ក្នុង​ការងារ ដែល​ធ្វើ​ឲ្យ​ការទៅ​ជួប​ពួក​បរិសុទ្ធ​នោះក្លាយ​ជា​រឿង​មិន​សូវ​សំខាន់​ចំពោះ​គាត់ ។

បន្ទាប់​មក​ មេលីតុន​បាន​ឈឺ​ជា​ទម្ងន់ ។ គាត់​បាន​ចាំ​ពី​មូលហេតុ​ដែល​គាត់​បាន​ទៅ​ប្រទេស​ហ្វីលីពីន ហើយ​គាត់​បាន​អធិស្ឋាន​ទៅ​កាន់​ព្រះ​អំពី​អ្វី​ដែល​គាត់​គួរ​ធ្វើ ។ នា​យប់​នោះ មេលីតុន​មានសុបិន​ដ៏​ពិសេស​មួយ ។ គាត់​បាន​ដឹង​ថា គាត់​ត្រូវ​ចាក​ចេញ​ទៅ​ភ្នំ​រ៉ក់គី ។

ពេ​ល​មេលីតុន​បាន​ជា​សះស្បើយ​ពី​ជំងឺ គាត់​បាន​បន្ត​ដំណើរ​របស់​គាត់​ទៅ​សហរដ្ឋ​អាមេរិក ។ គាត់​បាន​ទៅ​ដល់​រដ្ឋ​កាលីហ្វូញ៉ា​នៅ​ថ្ងៃ​ទី ៤ ខែ កក្កដា ឆ្នាំ ១៨៧៤ ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​សលត៍ លេក ។

ពេល​មេលីតុន​បាន​ទៅ​ដល់​ទីក្រុង​ សលត៍ លេក​គាត់​បាន​ជួប​បញ្ហា​មួយ ៖ គាត់​អាច​អាន​ភាសា​អង់គ្លេស​បាន ប៉ុន្តែ​គាត់​ពុំ​ធ្លាប់​និយាយ​វា​ទេ ។ គាត់​ពុំ​អាច​និយាយ​ជាមួយ​នរណា​ម្នាក់​ឡើយ ! ប៉ុន្តែ​គាត់​បាន​សម្រេច​ចិត្ត​ថា ប្រសិនបើ​គាត់​ពុំ​អាច​និយាយ​ជាមួយ​មនុស្ស​បាន នោះ​គាត់​នឹង​ធ្វើ​ឲ្យ​ពួកគេ​ចាប់​អារម្មណ៍​លើ​គាត់​តាម​របៀប​ផ្សេង​មួយ​ទៀត ។ មេលីតុន​បាន​ស្លៀកពាក់​ឯកសណ្ឋាន​ទាហាន​អេស្ប៉ាញ​របស់​គាត់ ហើយ​ដើរ​ចុះ​ឡើង​នៅ​តាម​ផ្លូវ​នៅ​ក្នុង​ទីក្រុង ។ ដូច​គាត់​បាន​រំពឹង​ទុក នោះ​មាន​មនុស្ស​ជាច្រើន​បាន​មើល​គាត់ ! ទីបំផុត​គាត់​បាន​ជួប​សមាជិក​សាសនាចក្រ​ម្នាក់​ឈ្មោះ​បងប្រុស​ប្លែនឆាដ ជា​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​ដែល​និយាយ​ភាសា​អេស្ប៉ាញ ។ បងប្រុស​ប្លែនឆាដ​បាន​ជួយ​មេលីតុន​ឲ្យ​តាំង​ទីលំនៅ​នៅ​ទីក្រុង សលត៍ លេក ហើយ​បាន​បង្រៀន​ដំណឹង​ល្អ​ដល់​គាត់ ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក គាត់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។

បងប្រុស​ប្លែនឆាដ​ក៏​បាន​ណែនាំ​មេលីតុន​ឲ្យ​ស្គាល់ប្រធាន ព្រិកហាំ យ៉ង់ ផងដែរ ។ មេលីតុន​បាន​ប្រាប់​ប្រធាន ព្រិកហាំ យ៉ង់ ថា អ្វី​ដែល​គាត់​ចង់​បានជាង​អ្វីៗ​ផ្សេង​ទៀតនោះ គឺ​ឲ្យ​ព្រះគម្ពីរ​មរមន​ត្រូវ​បាន​បកប្រែ​ជា​ភាសា​អេស្ប៉ាញ ។

ប្រធាន​យ៉ង់​បាន​សូម​មេលីតុន​ឲ្យ​ជួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​នឹង​ទៅ​ប្រទេស​ម៉ិកស៊ិក​បកប្រែ​ផ្នែក​ខ្លះ​នៃ​ព្រះគម្ពីរ​មរមន​ជា​ភាសា​អេស្ប៉ាញ ។ មេលីតុន​បាន​ចំណាយ​ពេល​ជា​ច្រើន​សប្តាហ៍​បកប្រែ​ពាក្យ​ភាសា​អង់គ្លេស​ទៅ​ជា​ភាសា​អេស្ប៉ាញ ។ គាត់​បាន​ពិនិត្យ​មើល​ការបកប្រែ​របស់​គាត់​ជាមួយ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​រៀងរាល់​យប់ ។ ពួកគេ​និយាយ​ភាសា​អេស្ប៉ាញ​ខ្លះៗ ប៉ុន្តែ​ពួកគេ​មាន​អារម្មណ៍​ថា ការបកប្រែ​ដ៏​សំខាន់​នេះ​ចាំបាច់​ត្រូវការ​អ្នក​និយាយភាសា​អេស្ប៉ាញ​ពី​កំណើត ។ ពួកគេ​បាន​ដឹង​ថា មេលីតុន​គឺ​ជា​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​ពួកគេ ។ ក្នុង​ឆ្នាំ ១៨៧៥ ការបកប្រែ​នោះ​ត្រូវបាន​បោះពុម្ព ។ វា​ត្រូវបាន​ហៅ​ថា Trozos Selectos del Libro de Mormon ( វគ្គបទគម្ពីរ​ជម្រើស​មក​ពី​ព្រះគម្ពីរ​មរមន ) ។

ឥឡូវ​នេះ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ទៅ​ប្រទេស​ម៉ិកស៊ិក ។ ពួកគេ​បាន​ដឹក​ព្រះគម្ពីរ​ដែល​បាន​បកប្រែ​រួច​ចំនួន ១៥០០ ក្បាល​នៅលើ​ខ្នងសេះ ហើយ​ចាប់ផ្តើម​ដំណើរ​របស់​ពួកគេ ។ នោះ​គឺ​ជាគ្រា​ដំបូង ដែលពួក​អ្នក​និយាយ​ភាសា​អេស្ប៉ាញ​អាច​អាន​ព្រះគម្ពីរ​មរមន​ជា​ភាសា​របស់​ពួកគេ​ផ្ទាល់ ! ទោះបីជា​មេលីតុន​បាន​រស់នៅ​រាប់​ពាន់​គីឡូម៉ែត្រ​ពី​ប្រទេស​អេស្ប៉ាញ​ក្តី ព្រះ​វរ​បិតា​សួគ៌​បាន​នាំ​គាត់​ឲ្យ​មក​កន្លែង​ពិតប្រាកដ​ដែល​គាត់​ត្រូវ​មក ។ ដោយសារ​ភាព​ក្លាហាន និង​សេចក្តីជំនឿ​របស់​មេលីតុន គាត់​បាន​ជួយ​នាំ​ព្រះបន្ទូល​របស់​ព្រះ​ទៅ​ដល់​មនុស្ស​រាប់​មិន​អស់ ។