២០១៩
ខ្ញុំ​មិន​ចង់​ខុស​គេ​នោះ​ទេ !
ខែ តុលា ឆ្នាំ ២០១៩


ខ្ញុំ​មិន​ចង់ ខុស​គេនោះ​ទេ !

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​យូថាហ៍ ស.រ.អា. ។

« ចូរ​ចាំ​ចុះ​ថា តម្លៃ​នៃ​ព្រលឹង​ទាំង​ឡាយ​គឺ​មហិមា​ណាស់​ចំពោះ​ព្រះនេត្រ​នៃ​ព្រះ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:១០ ) ។

រូបភាព
I Dont Want to Be Different

មីកា​ទន្ទឹង​ចាំ​ដល់​ម៉ោង​រៀន​រាំ​ជានិច្ច ។ នាង​ចូល​ចិត្ត​ស្តាប់​តន្ត្រី​ណាស់ ។ នាង​ចូលចិត្ត​ហាត់​រាំ​លោត​ក្បាច់​មេអំបៅ​របស់​នាង ហើយ​ធ្វើ​វា​ឲ្យ​បាន​ត្រូវ ។ ហើយ​នាង​ពិតជា​ចូលចិត្ត ពេល​សិស្ស​ក្នុង​ថ្នាក់​ទាំងអស់​រាំ​ជាមួយ​គ្នា ។ ពេល​ពួកគេ​រាំ​ជាមួយ​គ្នា វា​ទំនង​ថា អ្នក​រាំ​ទាំងអស់​គឺ​ដូច​គ្នា ។ នាង​មាន​អារម្មណ៍​ថា នាង​មិន​មែន​ជា​មនុស្ស​ម្នាក់​គត់​ដែល​មាន​ជំងឺ​វិបត្តិ​ក្រូម៉ូសូម​នោះ​ទេ ។

ថ្ងៃ​នេះ​ពួកគេ​បាន​រៀន​ក្បាច់​រាំ​ថ្មី​មួយ​ ។ មីកា​បាន​មើល​គ្រូ​បង្ហាត់​នាង​លោត​ផ្លោះ​ទៅលើ​អាកាស ។ នាង​បានមើល​ក្មេង​ស្រី​ផ្សេងៗ​ទៀត​សាកល្បង​លោត ។ អ្នក​ខ្លះ​អាច​លោត​បាន​ត្រូវ​ភ្លាម ។ អ្នក​ខ្លះ​ទៀត​ព្យាយាម​ពីរ​បី​ដង ។ មីកា​បាន​ព្យាយាម​ហើយ​ព្យាយាម​ទៀត ប៉ុន្តែ​នាង​ពុំ​អាច​ធ្វើ​វា​ត្រូវ​បាន​ទេ ។

មីកា​និយាយ​ថា « តើ​អ្នក​គ្រូ​នឹង​ជួយ​បង្រៀន​ខ្ញុំ​ដែរ​ឬ​ទេ ? »

ក្មេង​ស្រី​នៅ​ក្បែរ​មីកា​បាន​មើល​មក​នាង ។ បន្ទាប់មក ​នាងបាន​ផ្អៀង​ខ្លួន​ទៅ​រកមិត្តនាង ។ នាង​បាន​និយាយ​ខ្សឹប​ថា « ម៉េច​បាន​នាង​និយាយ​ដូច្នេះ ? » ក្មេង​ស្រី​ទាំងពីរ​បាន​ងាក​មើល​មីកា ។

ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​តឡប់​ទៅ​ផ្ទះ​វិញ មីកា​នៅ​ស្ងាត់ស្ងៀមតាមផ្លូវ​រហូត​ដល់​ផ្ទះ ។

នៅពេល​ពួកគេ​ទៅដល់​ផ្ទះវិញ ម៉ាក់​កំពុ​ង​ច្របាច់​ម្សៅ​នំបុ័ង​នៅ​ក្នុង​ផ្ទះ​បាយ ។ ម្សៅ​ប្រឡាក់​ថ្ពាល់​គាត់ ។ ជួនកាល​ការប្រឡាក់​នោះ​ធ្វើ​ឲ្យ​មីកា​សើច ។ ប៉ុន្តែ​ថ្ងៃ​នេះ នាង​គ្រាន់តែ​ទម្លាក់​កាតាប​របស់​នាង​ទៅ​កម្រាល​ឥដ្ឋ ហើយអង្គុយ​ចុះ​លើ​កៅអី​ដែល​នៅឯ​តុ​បាយ ។

ម៉ាក់​បាន​សួរ​ថា « តើ​ការរៀន​រាំ​របស់​កូន​យ៉ាង​ម៉េច​ដែរ ? »

មីកា​បាន​និយាយ​ថា « អត់ល្អ​ទេ ។ ខ្ញុំ​បាន​សូម​ជំនួយ ហើយ​ក្មេង​ស្រី​ម្នាក់​បាន​និយាយ​ថា ខ្ញុំ​និយាយ​កំប្លែង ។ បន្ទាប់​មក​នាង​បាន​សម្លឹង​មើល​មុខ​ខ្ញុំ » ។ មីកា​បាន​ឈ្ងោក​មុខ​ចុះ ។ « កូន​មិន​ចង់​ទៅ​រៀន​រាំ​ទៀត​ទេ » ។

ម៉ាក់​បាន​និយាយ​ថា « អូ៎ មីកា ! ម៉ាក់​ស្តាយ​ណាស់ ។ ប៉ា និង​ម៉ាក់​ចូលចិត្ត​មើល​កូន​រាំ​ណាស់ ។ ម៉ាក់​មាន​មោទនភាព​ដែល​កូន​ខិតខំ​ហាត់​រាំ​យ៉ាង​ខ្លាំង ! »

មីកា​មាន​អារម្មណ៍​ចាប់ផ្តើមហូរ​ទឹក​ភ្នែក ។ « កូន​អត់​ចង់​មាន​ជំងឺ​វិបត្តិ​ក្រូម៉ូសូម​ក្នុង​ខ្លួន​កូន​ទេ ។ កូន​មិន​ចង់​មាន​មុខ​ខុស​ពី​គេ​ទេ ។ កូន​ប្រាថ្នា​ថា វា​មិន​ពិបាក​ខ្លាំង​សម្រាប់​កូន ដើម្បីរៀន​អ្វី​ថ្មី​ទេ ។ កូន​ត្រូវតែ​រៀន​ហាត់​និយាយ​ផងដែរ ! »

ប៉ា​បាន​អង្គុយ​ក្បែរ​មីកា ហើយ​ដាក់​ដៃ​គាត់​លើ​ស្មា​នាង ។ « មីកា​អើយ ប៉ា និង​ម៉ាក់​ស្រឡាញ់​កូន ខ្លាំង​ណាស់ ។ យើង​ពុំ​ផ្លាស់ប្តូរ​ក្តីស្រឡាញ់​នោះ​ទេ » ។

ប៉ុន្តែ​មីកា​គ្រាន់តែ​គ្រវី​ក្បាល​នាង ហើយ​ឈ្ងោក​មុខ​ក្នុង​រង្វង់​ដៃ​នាង ។ « កូន​មិន​ចង់​ខុស​គេ​នោះ​ទេ ។ កូន​ចង់​ឲ្យ​ជំងឺ​វិបត្តិ​ក្រូម៉ូសូម​នោះ​ចេញ​ឆ្ងាយ​ពី​កូន​ទៅ ! »

ម៉ាក់ និង​ប៉ា​បាន​ស្ងៀម​មួយ​សន្ទុះ ។

ម៉ាក់​បាន​និយាយ​ថា « ម៉ាក់​មាន​យោបល់​មួយ ។ មីកា​បាន​ងើប​មុខ​ចេញ​ពី​រង្វង់​ដៃ​នាង ។ « ហេតុអ្វី​កូន​មិន​អធិស្ឋាន ហើយ​ទូល​សួរ​ព្រះវរបិតាសួគ៌​ពី​ព្រះទ័យ ទ្រង់ ​ចំពោះ​កូន​ទៅ ? »

មីកា​បាន​គិត​អំពី​រឿង​នោះ ។ នាង​ចូល​ចិត្ត​អធិស្ឋាន ។ នាង​បាន​ងក់​ក្បាល​យល់​ព្រម​ដោយ​យឺតៗ ។ « តើ​ម៉ាក់​អាច​កត់​សំណួរ​បាន​ទេ ដើម្បី​ខ្ញុំ​អាច​ចាំ​សំណួរ​ដែល​ខ្ញុំ​ត្រូវ​សួរ ? »

ម៉ាក់​បាន​កត់​សំណួរ​នោះ ។ បន្ទាប់​មក​ មីកា​បាន​យក​ក្រដាស​នោះ ហើយ​ទៅ​បន្ទប់​របស់​នាង​ដើម្បី​អធិស្ឋាន ។

ពេលនាង​ដើរ​ចូល​ទៅក្នុង​ផ្ទះ​បាយ​រយៈពេល​ពីរបីនាទី​ក្រោយ​មក ទឹកមុខ​របស់​មីកា​បាន​ស្រស់ស្រាយ ហើយ​ញញឹម​ឡើង​វិញ ។ នាង​បាននិយាយ​ថា « ព្រះវរបិតាសួគ៌​បាន​ឆ្លើយតប​ហើយ ! »

ម៉ាក់​បាន​សួរ « តើ​ទ្រង់​បាន​មាន​បន្ទូល​ដូចម្តេច​ខ្លះ ? »

នាង​បាន​តប​ថា « ទ្រង់​មាន​បន្ទូល​ថា ‹ មីកា​ យើង​ស្រឡាញ់​អ្នក​ ទោះអ្នក​ជា​មនុស្ស​បែប​ណា​ក៏​ដោយ › ។ ហើយ​ទ្រង់​មាន​បន្ទូល​ដោយ​ព្រះសូរសៀង​ខ្លាំងៗ ! »

នៅ​សប្តាហ៍​បន្ទាប់​នៅ​ពេល​រៀន​រាំ មីកា​ពុំ​ព្រួយ​បារម្ភ​ពី​អ្វី​ដែល​ក្មេង​ស្រី​ផ្សេង​ទៀត​គិត​អំពី​ជំងឺ​វិបត្តិ​ក្រូម៉ូសូម​របស់​នាង​ឡើយ ។ ផ្ទុយទៅវិញ នាង​បាន​សម្គាល់​ឃើញ​ក្មេង​ស្រី​ម្នាក់​ទៀត​ឈ្មោះ​សារ៉ា​មាន​ទឹកមុខ​ស្រងូត​ស្រងាត់ ។ សារ៉ា​កំពុង​តែ​ពិបាក​ចិត្ត​រៀន​ក្បាច់​រាំ​ថ្មី​មួយចំនួន​ផងដែរ ។

ពេលមីកា​បាន​ទៅ​ដល់​ផ្ទះ​វិញ នាង​បាន​សម្រេច​ចិត្ត​សរសេរ​សំបុត្រ​ខ្លី​មួយ​ទៅ​សារ៉ា ។ នាង​បាន​គូរ​រូប​បេះ​ដូង​ជាច្រើន ។ ម៉ាក់​បាន​ជួយ​នាង​ប្រកប​ពាក្យ​សរសេរ ។

មីកា​បាន​សរសេរ​ថា « សួស្តី​សារ៉ា ឯង​ជា​មនុស្ស​ពូកែ​រាំ​ ។ ខ្ញុំ​ចង់​ធ្វើ​ជា​មិត្ត​របស់​ឯង ។ ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ឯង​ជា​សិស្ស​ក្នុង​ថ្នាក់​រៀន​រាំ​ជាមួយ​ខ្ញុំ​ដែរ » ។

មីកា​ទន្ទឹង​រង់ចាំ​ឲ្យ​សំបុត្រ​ខ្លី​នោះ​ទៅ​សារ៉ា ។ នាង​ចង់​ឲ្យ​សារ៉ា​មាន​អារម្មណ៍​សប្បាយ​រីករាយ ហើយ​ចូលចិត្ត​ការរាំ​ដែរ ។